Sunday, April 21, 2013

ភ្នំនាងកង្រី


នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភ្នំមួយខ្ពស់ជាងគេ មើលពីចំងាយ​
ទៅឃើញដូចមនុស្សដេក ផ្កាប់មុខសណ្តូកខ្លួន ។​​  នៅលើភ្នំនោះមានរុក្ខជាតិតូច​
ធំដុះជាច្រើន ​ ដូចភ្នំឯទៀតនៅជុំវិញនោះដែរ   តែប្លែកជាងគេ   នៅត្រង់ចង្កេះភ្នំ
នោះ  មានម្អមដុះច្រើនណែនតាន់តាប់ អ្នកស្រុកនៅជុំវិញនោះ  គេមិនបរិភោគ
ម្អមនោះទេ ព្រោះគេឮ ចាស់ៗ   ដំណាលថាម្អមនោះកើតពីរោមនាងកង្រីយក្ខិនី
ជាមហេសីព្រះពុទ្ធិសែន ហើយគេសន្មត់ថា  ម្អមនោះជារោម យោនីនៃនាងកង្រី
នោះឯង ។ មិនតែប៉ុណ្ណោះនៅលើជើងភ្នំនោះ មានត្បាល់ថ្មមួយធំ តាំងពីបុរាណ
មកមិនដឹងជានរណា សាងទេ ។ ពួកជនអ្នកឡើងដល់ទីនោះ លុះតែយកអង្រែថ្ម
បុកត្បាល់ថ្មនោះ ទើបមិនគ្រុនចាញ់ ហើយនិងបានសុខ សប្បាយ  (នេះជាជំនឿ
របស់អ្នកស្រុក ដែលមានតាំងពីបុរាណកាល) ។ រឿងនាងកង្រីមានសេចក្តី សង្ខេ
-បដូចតទៅនេះ

កាលពីព្រេងនាយ​ មានសេដ្ឋីម្នាក់នៅនគរមួយ ជាមនុស្សឥតកូនបាននាំប្រពន្ធ​
ទៅបន់សុំកូននៅដើមជ្រៃមួយ ។ ក្រោយពីបន់ប្រពន្ធក៏មានកូនដល់ទៅ១២នាក់
សុទ្ធតែស្រី ។  លុះបានកូនហើយ  សេដ្ឋីធ្លាក់ខ្លួនជាអ្នកទ័លក្រ  រកអាហារចិញ្ចឹម
កូនគ្មាន  ក៏បរទេសដឹកកូនទាំង  ១២  នាក់  ទៅប្រោសចោលក្នុងព្រៃជ្រៅមួយ ។
ក្រោយពីឪពុកប្រោសចោល កូនទាំង  ១២  នាក់ ក៏នាំគ្នាដើរទៅក្នុងព្រៃដល់នគរ
មួយ ជានគរយក្សស្រីឈ្មោះនាងសន្ធមារ ។យក្សស្រីនោះមានកូនស្រីមួយឈ្មោះ  
នាងកង្រី ។ នាង សន្ធមា បានឃើញនាងទាំង ១២នាក់  ក៏តំណែងខ្លួនជាមនុស្ស
ស្រី   នាំយកនាងទាំងនោះទៅទុកក្នុង   ប្រាសាទរបស់ខ្លួនឱ្យបំរើនាងកង្រីជាកូន។

កាលនាងទាំង ១២ នាក់  ដឹងថា   នគរនោះជានគរយក្ស    នាងសន្ធមាជាយក្ខិនី 
ហើយ  ក៏នាំគ្នារត់ចេញ។  នាងសន្ធមារ បានតាមរកទៅឃើញ នាងទាំង ១២ ជា មហេសីព្រះបាទ រថសិទ្ធិ នៅនគរមនុស្ស  ក៏តំណែងខ្លួនជាស្រីក្រមុំបានធ្វើជា ម-
ហេសីព្រះបាទ រថសិទ្ធិ នោះដែរ  ហើយនាង សន្ធមារ ធ្វើពុទ្ធជាឈឺធ្ងន់  ញុះញង់
ពេទ្យ  ឱ្យទូលព្រះបាទរថសិទ្ធិ  ឱ្យឆ្កៀលភ្នែកនាងទាំង ១២  មកធ្វើជាថ្នាំព្យាបាល
រោគខ្លួន  និងឱ្យយកនាងទាំង ១២ នាក់   ដែលមានគភ៌គ្រប់គ្នាទៅទុកក្នុងរណ្តៅ
មួយជាមួយគ្នាបង្អត់អាហារ ​ ហើយឲ្យយកគ្រាប់ភ្នែកនាងទាំង ១២នាក់  ទៅទុក
ក្នុងឃ្លាំងឯនគររបស់ខ្លួន ឱ្យនាងកង្រីជាកូនថែរក្សា។

បណ្តានាងទាំង១២នាក់នោះ នាងបងៗ១១នាក់ ត្រូវគេឆ្កៀល ភ្នែកទាំងសងខាង
ឯនាងពៅត្រូវគេឆ្កៀលតែម្ខាង     ដោយមកពីជាតិមុននាងពៅឆ្កៀលភ្នែកត្រីតែ
ម្ខាងដែរ    នាងទាំង ១២    ដែលមានគភ៌នោះមានពៅបានព្រះពោធិ៍សាត់មក
ចាប់ផ្ទៃ។ វេលានាងបងៗកើតកូនមកភ្លាម  គេហែកកូនចែក សាច់គ្នាស៊ីអស់  ចំ
ណែកនាងពៅ  កើតកូនមកឱ្យឈ្មោះថា  «ពុទ្ធិសែន»​ ​ហើយលាក់ទុកមិនឱ្យនាង​
បងៗដឹងទេ។ ចំណេរកាលខាងក្រោយមក វេលាពុទ្ធិសែនធំពេញជំទង់ឡើង នាង
សន្ធិមារដឹងថាជាកូននាងទី១២ ក៏ប្រើឱ្យជិះសេះ នាំសំបុត្រទៅឱ្យនាងកង្រី ដោយ
ដាក់សេចក្តីថា​  «បើពុទ្ធិសែនមកដល់យប់   ឱ្យស៊ីទាំងយប់ដល់ថ្ងៃឱ្យស៊ីទាំងថ្ងៃ»។ ​
តែជាភ័ព្វរបស់ពុទ្ធិសែន  នៅពេលជិះសេះទៅដល់ពាក់កណ្តាលព្រៃ  មហាឬស្សី
បានឃើញពុទ្ធិសែនកំពុងផ្ទុំលក់ និងឃើញសំបុត្រដែលចងនៅសេះ ក៏ហែកសំ-
បុត្រនោះចោល ហើយសរសេរសំបុត្រជាថ្មីថា «បើពុទ្ធិសែន មកដល់យប់ឲ្យរៀប
ការទាំងយប់ បើដល់ថ្ងៃរៀបការទាំងថ្ងៃ ជាមួយនាងជាកូន »។

ពេលដែលពុទ្ធិសែនទៅដល់នគរយក្សនាង កង្រីបាន ឃើញសំបុត្រក៏រៀបការ​ជា​មួយពុទ្ធិសែនភ្លាម។   ពុទ្ធិសែន   បានសោយរាជ្យនគរយក្សមិនយូរប៉ុន្មានដោយ
នាងកង្រី ​ ថ្វាយដំណឹងអំពីប្រស្រីភ្នែកមាតាលោក ​ និងអំពីថ្នាំសំរាប់ដាក់ភ្នែកឲ្យ​
ជាហើយ និងថ្នាំសំរាប់បោះទៅកើតជាទឹក សមុទ្រជាភ្នំបាន  ក៏ទ្រង់លួចរត់ចោល
នាងកង្រីទាំងអាធ្រាត   នាងកង្រី​ ក៏យំសោកស្លាប់នៅកណ្តាលព្រៃ  ហើយពុទ្ធ​
សែនមកដល់នគរវិញដោយសុវត្ថិភាព។ ទ្រង់ដាក់ថ្នាំកែភ្នែកមាតា និងមាតាធំឱ្យ
ជាឡើង ហើយទ្រង់សំលាប់នាងសន្ធមារ ទៅ ទ្រង់បានសោយរាជ្យជំនួសព្រះបិតា
ជាសុខក្សេមក្សាន្ត រហូតទ្រង់ចូលព្រះទីវង្គត។

ភូមិកាព្យ ៤ 
ឯកសារយោងសៀវភៅរឿង​ព្រេង​ខ្មែរ
ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ


Saturday, April 20, 2013

ប្រាសាទនាងខ្មៅ




ប្រាសាទនាងខ្មៅ ជាប្រាសាទបុរាណខ្មែរដែលត្រូវបានសាងសង់ឡើង
អំពី​ថ្ម​ភក់ និងឥដ្ឋតាមរចនា​បទកោះកែ ក្នុងសម័យអង្គរសតវត្សទី
១០​ក្នុងរាជ​ព្រះ​បាទជ័យវរ្ម័នទី៤ នៃគ្រឹស្គសករាជដើម្បី​ឧទ្ទិស​ថ្វាយដល់​​​
ព្រះឥសូរក្នុង​ព្រហ្ម​មញ្ញសាសនា។ប្រាសាទនេះមានទីតាំងស្ថិតនៅ
ឃុំរវៀងស្រុកសំរោងខេត្ត​តាកែវ ក្បែរផ្លូវជាតិលេខ២ ចំងាយប្រមាណ 
៥២ គីឡូម៉ែត្រ​ពីភាគខាងត្បូង ក្រុងភ្នំពេញ២៧ គីឡូ​ម៉ែត្រ​ពីទីរួមខេត្ត
តាកែវ និង៣គីឡូម៉ែត្រពីភ្នំជីសូរ។ បានជាហៅថាវត្ដប្រាសាទខាងខ្មៅ 
ព្រោះក្នុងវត្ដនោះ មានប្រាសាទបុរាណ​ពីរឈ្មោះប្រាសាទនាងខ្មៅនៅ
ខាងលិចវិហារចំក្លោងទ្វារវត្ដទិសបស្ចឹម​។ ប្រាសាទទាំងពីរនោះធ្វើពីថ្ម
ផង ដ្ឋផង ទំហំ៤ម៉ែត្រ៤ជ្រុង កំពស់១០ម៉ែត្រ កំពូលស្រួចដូចចេតិយ
ខ្ពស់ត្រដែត។

រឿងព្រេងទាក់ទងដើមកំណើតនៃប្រាសាទ
រឿងព្រេងទាក់ទងដើមកំណើត នៃប្រាសាទនោះមានដំណាលថា៖
ក្នុងអតីតកាលកន្លងយូរទៅហើយ មានស្ដេចមួយព្រះអង្គទ្រង់មាន

ព្រះនាម​ព្រះបាទសុរិយោវង្ស គង់នៅភ្នំជីសូរ ជាស្ដេចមានមហិទ្ធិរិទ្ធិ
មានបុណ្យច្រើន ទ្រង់បានសាងប្រាសាទប្រាំ និងទ្រង់ឲ្យ​ជីក​ស្រះបួ​ន
នៅលើភ្នំនោះ គ្រប់​​ជ្រុង​​​​​បា្រសាទ ទ្រង់មានបុត្រីមួយព្រះអង្គព្រះនាម
នាងខ្មៅ។​  ភ្នំជីសូរ​​ អំពីកំពូលចុះមកដល់ដី ជំរាលជើងភ្នំខាងក្រោម 
ប្រហែល ៧០០ ម៉ែត្រ មានទន្លេ៤ គ្រប់ជ្រុងទាំង៤ គឺ  ទន្លេអុំមួយទន្លេ
ស្ងួតមួយ   ទន្លេប្រទ្រុនមួយ​   និង​ទន្លេទ្រុនមួយ ។  ទន្លេទាំង៤នោះជា
កន្លែង សម្រាប់​​​ក្រសាលរបស់ស្ដេចអង្គនោះ។​លុះព្រះបុត្រីមានវ័យ
វឌ្ឍនាការចំរើនឡើងបានព្រះជន្ម១៦ឆ្នាំ  ព្រះ​នាង​មាន​រូបឆោម​លោម​
ពណ៌​ល្អ​ដាច់​ស្រី​ក្នុង​ព្រះ​នគរ ។ ថ្ងៃមួយ ព្រះនាងនឹកភ្នកចង់ទៅ​លេង​
ទន្លប្រទ្រុន បានចូលទៅថ្វាយបង្គំលាព្រះវរបិតា សុំទៅលេងទន្លេនោះ។​
ព្រះរាជា ក៏ទ្រង់ព្រះរាជានុញ្ញាត ហើយ​ទ្រង់​ចាត់​មនុស្ស​បម្រើឲ្យរៀបចំ
ហែ​ហមព្រះរាជ ដំណើរព្រះនាងទៅក្រសាល ក្នុងវេលាថ្ងៃ​​រសៀល។
 
គ្រានោះមានបុរសម្នាក់ឈ្មោះបណ្ឌិតស្រី ទើបនឹងសឹកពីសាមណេ​មាន
រូប​ឆោមល្អល្អះស្អាតបាតជាងប្រុសឯទៀតចេះមន្ដអាគមវិជ្ជាការ។​បណ្ឌិត​
នេះ​មានទី​លំនៅ​​ ៗ​ភូមិ​មួយ​ខាង​លិចភ្នំជំសូរ ជិតផ្លូវដែលចុះទៅទន្លេ
ប្រទ្រុន។ថ្ងៃ​នេះបណ្ឌិតស្រី មានសេចក្ដីអផ្សុកចេញទៅលេងជិតផ្លូវនោះ
បានឃើញព្រះ​នាងខ្មៅចុះពីលើភ្នំ ជាមួយនឹងស្រីជាបរិវារ ក៏មានសេចក្ដី
ប្រតិព័ទ្ធជាប់ចិត្ដនឹង​ព្រះនាង ក្រៃពេក។បណ្ឌិតនោះពិចារណាថា «ថ្ងៃនេះ
ជាថ្ងៃមានលាភធំណាស់ ដោយបានជួប​​នឹងស្រីគ្រប់លក្ខណ៍  តែអាត្មា
អញជាកូនរាស្រ្ដកំសត់  ធ្វើម្ដេច​នឹងបាននាងនោះហ្ន៎?! នាងនេះមិនមែន
ជាស្រីសាមញ្ញទេ​ គឺជាព្រះរាជបុត្រី​របស់ស្ដេច អាត្មានឹងនាងនេះពុំសម
សក្ដិគ្នាសោះ បើដូច្នេះអញត្រូវធ្វើ​យ៉ាង​ណាទៅអែះ?»​។  បណ្ឌិតចេះតែ
ស្រលាញ់ខ្លាំងឡើងៗ គិតថា  «នឹងចូលស្ដី​ដណ្ដឹង​តាម ច្បាប់ ក៏ពុំសមនឹង
ប្រព្រឹត្ដខុស ក៏មុខជាស្ដេច យកទោសដល់ស្លាប់»។

ទើបនឹកដល់មន្ដវិជ្ជាការ ដែលខ្លួនចេះទាំងប៉ុន្មាន ក៏បេះស្លឹកឈើយក
មក សូត្រផ្លុំមន្ដវិជ្ជាការនោះហើយឡើងដើមឈើផ្លុំស្លឹកបន្លឺឡើង។ ឯ​សូរ​
ម្លេង​ស្លឹកដែលបណ្ឌិតផ្លុំ នោះ​ទៅចុចចំបេះដូងព្រះនាងនោះព្រះនាង
ក៏ភ័នភាំង​ស្មារតី លុះភ្ងារឡើងគិតថា «អាត្មាអញកូនស្ដេច ធ្លាប់ស្ដាប់
ភ្លេងតូរ្យតន្រ្ដី​ស​ព្វ​ថ្ងៃ ដែលពុំមានភ្លេងអ្វីធ្វើចិត្ដអញអោយស្លុតដូច
សំលេងស្លឹកនេះសោះ»។

ព្រះនាងសញ្ជឹងគិតយូរៗទៅ សម្លេងនោះរិតតែពិរោះឡើងៗព្រះនាងអត់​
ទ្រាំ​មិនបានក៏លាន់ព្រះ​ឱស្នថា «យីអីហ្ន៎!សម្លេងនេះជាសំលេងប្លែកណាស់
គួរ​តែអញទៅតាមស្ដាប់មើលឲ្យឃើញច្បាស់តើអ្នកនោះដូចម្ដេចបាន
ចេះ​ផ្លុំពិរោះដល់ម្លឹង?»។​ព្រះនាងក៏ទៅមើលអោយឃើញដោយ​ព្រះអង្គ
ឯង។លុះនាងទៅជួប​ឃើញ​រូបឆោមបណ្ឌិតនោះ ក៏រិតតែមានសេចក្ដី
ប្រតិ​ព័ទ្ធ​ខ្លាំងឡើងបាន​សាកសួរ​​​​​សន្ទនា​គ្នា​ ទៅវិញទៅមកតាមប្រពៃណី
របស់ប្រុស​និង​ស្រីដែលស្រលាញ់គ្នា។អ្នកទាំងពីរបាន​និយាយនាត់នឹង
គ្នាថា «ថ្ងៃក្រោយ​យើង​នឹងមកជួបគ្នាទៀត» ហើយបែកគ្នារៀងខ្លួន។

ចំណែកព្រះនាងតាំងពីបែកបណ្ឌិតនោះទៅ មានព្រះភក្រ្ដប្លែកពីប្រក្រតី ចេះតែក្រៀមក្រមពុំរួសរាយរកពួកបរិវារពួកបរិវារមានសន្ទិះសង្ស័យ។ 
ថ្ងៃ​ក្រោយមក ព្រះនាងចូលលាព្រះរាជាម្ដងទៀត ព្រះរាជាក៏ទ្រង់អនុញ្ញាត
ឲ្យព្រះ​នាងទៅ ទ្រង់ចាត់មនុស្សបម្រើហែហមជូនដំណើរព្រះនាង​ដូចថ្ងៃ​
មុន លុះទៅដល់កន្លែងនោះ ព្រះនាងនិយាយប្រាប់បរិវារថា«អ្នករាល់គ្នា
ត្រូវឈប់​ចាំខ្ញុំ ខ្ញុំមាន​​កិច្ច​ការទៅនោះបន្ដិច»។ និយាយប្រាប់ហើយព្រះ
នាងដើរសំដៅ​ទៅកន្លែងដែលបណ្ឌិត​​ស្រីមកជួបលុះបានជួបគ្នាហើយ
ទាំងពីររូបក៏សម្រេច​សេចក្ដីប្រាថ្នារបស់ខ្លួន។ ពួកបរិវារសង្ស័យក៏ទៅ​លប​
មើលឃើញ​កិរិយាមិនល្អ មានសេចក្ដីភិតភ័យ ក្លាចក្រែងស្ដេចយក
ទោសដល់ជីវិត ក៏ជំនុំពិគ្រោះ​ គ្នាថា «យើងគួរតែក្រាបទូលស្ដេចកុំខាន»។

លុះត្រលប់ទៅវិញពួកបរិវារ ក៏ចូលទៅគាល់ទូលស្ដេចសព្វគ្រប់តាមដំនើរ។​ស្ដេចទ្រង់ខ្ញាល់ជា​ខ្លាំង​ក៏ទ្រង់ហៅពេជ្ឈឃាតមកប្រាប់ថា «ត្រូវយកកូន
អញ​ទៅសម្លាប់អោយឆាប់»។​ព្រះអគ្គមហេ​សីជាមាតា ក្រាបទូលសុំទោស​
ព្រះស្វា​មីថា «សូមព្រះករុណាទ្រង់ព្រះមេត្ដាប្រោស ព្រះរាជទាន​ទោសដល់
កូនយើង​តែមួយ បើទុកជាមានទោសខុសយ៉ាងណាៗ សូមព្រះអង្គកុំ
សម្លាប់ គ្រាន់តែ​ បំបរបង់ចេញអំពីទីនេះចុះសូមទ្រង់អនុញ្ញាតអោយទាន»។

ស្ដេចក៏ទ្រង់អនុញ្ញាតតាមសេចក្ដីសុំ​របស់ព្រះនាងជាព្រះមាតាទើបទ្រង់​
បង្គាប់​​សេនាបតីឲ្យធ្វើ​ប្រា​សាទពីរ  ចម្ងាយអពីព្រះដំណាក់ទៅបីយោជន៍ ។​  
ពួក​សេនា​បតីក៏ទទួលធ្វើតាមព្រះរាជបញ្ជា  រួច​ហើយ​​​ស្ដេច​ទ្រង់​បង្គាប់​ឲ្យ
នាំព្រះនាងខ្មៅ​ទៅនៅទីនោះ ប្រាសាទនោះនៅខាងលិចភ្នំជីសូរ។ តាំង
ពីថ្ងៃនេះទៅ ព្រះនាង​កើតទុក្ខជាទម្ងន់ ណាមួយព្រះបិតាបំបរបង់ចោល អោយនៅម្នាក់ឯង ណាមួយបែកពីសង្សារលែងបានមកជួបសោះដោយ
មិនបានជ្រាបទៅទីណា។

គ្រានោះមានភិក្ខុមួយអង្គឈ្មោះ
កែវ លោកនិមន្ដពីស្រុកលោក ទៅរៀន​មន្ដវិជ្ជាការនៅឯស្រុកក្រៅ លោកបានរៀនចេះពូកែណាស់ លោកត្រឡប់​
មកស្រុកវិញ គង់នៅទីមួយ (ក្នុងខេត្ដតាកែវ) ទីនោះអត់ទឹក អ្នកស្រុកនាំ
គ្នា​ជីកស្រះ មួយប្រគេនលោក។ដោយស្រះនោះជារបស់លោកគ្រូកែវ
ទើប​មាន​ឈ្មោះ​ថា​ស្រះ​កែវ​ៗ ​រហូត​ដល់​សព្វ​ថ្ងៃ​។

លោកគ្រូងអង្គនោះ គង់នៅយូរបន្ដិទៅ មានកិត្ដិសព្ទល្បីគ្រប់ស្រុកភូមិ។

ព្រះ​នាងបានឮដំណឹងថាលោកទើបនិមន្ដមកពីស្រុកក្រៅចេះមន្ដវិជ្ជា
ការល្បី​ល្បាញដូច្នោះមានបំណងចង់ជួបនឹងលោកដើម្បីចង់ដឹងអំពីទុក្ខ
របស់ព្រះ​នាងថា «តើថ្ងៃណានឹងបានស្រាកស្រាន្ដស្បើយល្ហើយ ព្រះ
នាងក៏ ប្រាប់អ្នក​បម្រើឲ្យ​រៀបព្រះទីនាំងដំរី ដើម្បីទៅថ្វាយបង្គំលោកគ្រូ
កែវ។ លុះធ្វើព្រះ​រាជដំណើរទៅ​ដល់ទីកន្លែលោកគ្រូនាះហើយ ព្រះនាង
ចូលទៅថ្វាយបង្គំលោក​តាមទំនៀម ទ្រង់បានឃើញ លក្ខណៈលោក
គ្រូនោះសព្វគ្រប់ ក៏បែកចិត្ដចេញ​ពី​សង្សាចាស់មកជាប់នឹងលោកគ្រូ
កែវនោះវិញព្រោះលោកអង្គនោះមាន​រូបឆោមស្អាត​ជាងបណ្ឌិតស្រី ពេញលក្ខណៈប្រុសគួរឲ្យស្រលាញ់ព្រះនាង​ដំណាលសេចក្ដីទុក្ខរបស់
ទ្រង់ទូលលោកគ្រូសព្វគ្រប់ហើយក៏សំដែងអាការៈស្និទស្នាលហាក់
ដូចជាទុកចិត្ដគ្នាយូរមកហើយ។ អាការដែលព្រះនាងពណ៌​នារឿងរ៉ាវ
របស់ទ្រង់នោះ នាំឲ្យលោកគ្រូ​កែវអត់ទ្រាំពុំបាន ក៏មានចិត្ដ​ទោទន់ទៅ
រកព្រះនាង ហើយមានពុទ្ធដិកាទន់ភ្លន់ទៅរក។កាលបើ​ព្រះនាង​បាន
ឮពុទ្ធដិកាលោកផ្អែមល្អែមទន់ភ្លន់មករកដូច្នោះ ក៏នឹកសង្ឃឹមថា តទៅ​
មុខអញ​នឹង​មានអាងលែងកើតទុក្ខតាំងពីថ្ងៃនេះទៅហើយ។ ចាប់​តាំង​
ពី​ថ្ងៃ​នោះ​មក ព្រះនាងមាន​ពណ៌​​សម្បុរ​ស្រស់បំព្រងដូចស្រីទេពអប្សរ។
ចំណែកឯលោកគ្រូកែវវិញ លោកខំប្រឹងពិចារណាធម៌ ដើម្បីដកចិត្ដ
អំពី​ព្រះ​នាងនោះខ្លាំងណាស់​ដែរ តែលោកដកពុំរួចសោះ។ ពេលក្រោយ
មកព្រះនាង​ត្រលប់មកថ្វាយបង្គំ សុំលោកគ្រូស្រោចទឹក ដើម្បីអោយ
មានសេរីសួស្ដី។ ពេលទៅស្រោចទឹកនោះព្រះនាងរិតតែសំដែងការរាក់
ទាក់​ទៅរក​លោកគ្រូកែវខ្លាំងឡើងថែមទៀត ហើយព្រះនាងទូលលោក
ថា សូមអោយលោកម្ចាស់គង់​នៅ​សប្បាយចុះ កាលបើឮពាក្យនោះ 
លោកគ្រូកែវ ក៏ក្រៀមក្រំស្រពោន​មុខ​កើតទុក្ខ ដោយសម្ដី​ព្រះ​នាង​ ។  
អាការៈរបស់លោក ជាអាការៈប្រាប់នាង​ឲ្យ​ជ្រាបច្បាស់ថា លោកកើត
ទុក្ខពីព្រោះព្រះ  នាង។ ព្រះនាងក៏រិតតែមានសេចក្ដី​ស្រ​​​លាញ់​ខ្លាំងឡើង
ទៀត ដល់ព្រះនាងត្រឡប់ទៅដំណាក់វិញ កើតទុក្ខផ្ទុំពុំលក់ សោយក្រ
យាស្ងោយពុំបាន អត់ទ្រាំពុំបាន ក៏ចាត់បុម្រើអោយរៀបចំព្រះ​ទីនាំងដំរី ទៅនិមន្ដលោកមកឯដំណាក់ព្រះនាង។ឯលោកគ្រូកែវកាលបើ​ឃើញ​
អ្នកបម្រើទៅនិមន្ដ ក៏សប្បាយព្រះទ័យណាស់ បានរៀបចំធ្វើដំណើរ​និមន្ដមកជាប្រញាប់។ ព្រះនាងក៏ទំនុកបម្រុង ភោជនសុទ្ធ​តែរបស់ប្លែកៗ។ លុះលោកនិមន្ដទៅដល់ព្រះនាងលើកមកប្រគេនលោកផ្ទាល់ព្រះអង្គ។ 
លោក​គ្រូ​កែវឆាន់ពុំបាន។ អាការៈដែលលោកឆាន់ពុំបាននោះ ជាអា
ការៈប្រាប់ព្រះ​នាងឲ្យ ជ្រាបរិតតែច្បាស់ ព្រះនាងក៏រិតតែកើតទុក្ខខ្លាំង
ឡើង​ ទ្រាំកេរ្ដិ៍ខ្មាស​ពុំបាន ក៏ចូលទៅទូលលោកថា សូមលោកម្ចាស់សឹក
ចាកសិក្ខាបទចុះ ហើយ​ព្រះ​នាងប្រគេនសំពត់ស្លៀកពាក់ ព្រមទាំងប្រ
ដាប់ប្រដារសព្វគ្រប់។ លោកទទួលតាមសម្ដីព្រះនាងនិមន្ដ ហើយក៏សឹក
ចាកសិក្ខាបទ ជាឃរាវាស​នៅរួមសុខទុក្ខជាមួយព្រះនាង នៅក្នុងប្រា
សាទនោះរហូតមក។ចំណេរកាលខាងក្រោយមានពុទ្ធបរិសទ្ធជ្រះថ្លា
ស្ថាបនាវត្ដនៅទីនោះឡើង វត្ដនោះមានព្រះនាមថា វត្ដប្រាសាទនាង
ខ្មៅ  រហូតដល់សព្វថ្ងៃនេះ។
ភូមិកាព្យ ៤
ឯកសារយោងៈ ប្រជុំរឿងព្រេងខ្មែរ (ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ)។