Monday, December 30, 2013

រឿង ហោរ និងតាចាស់ដូនចាស់


កាល​ពី​ព្រេង​នាយ​មាន​ហោរ​ម្នាក់​ជា​អ្នក​ទាយ គន់​គូរមើល​ឆុត​ណាស់ ហោរ​នោះ​នៅ​ស្រុក​ជា​មួយ​នឹង​តាចាស់​យាយ​ចាស់ ។ មាន​កាល​ថ្ងៃ​មួយ តាចាស់​ដូន​ចាស់​គាត់​នាំ​គ្នា​ទាំង​ពីរ​នាក់​ទៅ​នេសាទ​ត្រី​នៅ​បឹង​ក្បែរ​ភូមិ​គាត់ ។ ពេល​នោះ​គាត់​រុត​បាន​ត្រីរស់​ ១ ហើយ​និង​បាន​ទន្សាយ​លង់​ទឹក​១ ដល់​ល្ងាច​គាត់​ត្រឡប់​មក​ផ្ទះ​វិញ គាត់​យក​ទន្សាយ​គ្រប​នឹង​អង្រុត​ ទុក​នៅ​កណ្តាល​ច្បារ​បន្លែខាង​មុខ​ផ្ទះ​គាត់, ត្រី​​​រ៉ស់ គាត់​ដាក់​ទ្រុង​ប្រោះទុក​ក្នុង​ត្រពាំង​នៅ​ជិត​ច្បារ​បន្លែ​គាត់ ក្បែរ​កន្លែង​ទុក​ទន្សាយ។ ដល់​ព្រឹក​ឡើង តា​ចាស់​យាយ​ចាស់​គិត​គ្នា​ថា «យើង​ទៅ​រក​ហោរ​ទាយ​មើលថា​ព្រឹក​នេះ​យើង​បាន​ម្ហូប​អ្វី​ស៊ី? បើ​ហោរ​នោះ​ទាយ​ត្រូវ​សឹម​ជឿ​ថា​ពូកែ​មែន ព្រោះ​ចាប់​បាន​ត្រី​រ៉ស់​ ១ ទន្សាយ​១ បម្រុង​នឹង​ទុក​ធ្វើ​ម្ហូប​អា​ហារ​ស៊ី​ព្រឹក​នេះ​ហើយ»
ដល់​ព្រម​ព្រៀង​គ្នា​ស្រេច​ហើយ ក៏​ដើរ​ទៅ​លុះ​ទៅ​ដល់​មុខ​ផ្ទះ​ហោរ​នោះ តា​ចាស់​ក៏​ស្រែក​សួរ​ទៅ​ម្ចាស់​ផ្ទះ​ថា « អើ​អ្នក​អើយ! លោក​គ្រូ​នៅៗហ្នឹង​ឬ​​ ? »។ ម្ចាស់​ផ្ទះ​ក៏​ប្រាប់​មក​តា​ចាស់​ដូន​ចាស់​ថា «គាត់​នៅ​នេះមាន​ការ​អ្វី? តា​យាយ​អញ្ជើញ​ចូល​មក! »។ តា​ចាស់​យាយ​ចាស់​នោះ​គ្នា​ចូល​ទៅ​បន្តិច ហោរ​ដណ្តឹង​សួរ​មក​តា​យាយ​ថា «ចុះ​អញ្ជើញ​មក​នេះ មានការ​អ្វី ។ តា​ចាស់​យាយ​ចាស់ ជម្រាប​ទៅ​ហោរ​វិញ​ថា «ខ្ញុំ​មក​នេះ មាន​ការ​បន្តិច, សូម​លោកគ្រូ​មេត្តា​ករុណា​ចុះ» ។ ហោរ​សួរ​ថា «មាន​ការ​អ្វី? ចូរ​ថា​មក​ចុះ! » ។ តា​ចាស់​យាយ​ចាស់​ថា «ឱលោក​គ្រូ​អើយ​! យើង​ខ្ញុំ​ទាំង​ពីរ​នាក់​នេះ អត់​ម្ហូប​អាហារ​ទទួល​ទាន ពីរ​បី​ថ្ងៃ​ហើយ, តើ​ព្រឹក​នេះនឹង​បាន​អ្វី​ទទួល​ទាន​ឬ​ទេ? » ។ ហោរ​ចាប់​ក្តារ​ឆ្នួន​ឡើង វាយ​លេខ​មើល​ឲ្យ​តា​យាយ មើល​រួច​ស្រេច ក៏​ជម្រាប​តា​យាយស​ថា « ព្រឹក​នេះ តាយាយ​ឯង មុខ​តែ​លិទ្ធ​ប្រហុក​ក្នុង​ពាង!» ។ តា​យាយ​ឮ​ហោរ​ថា​ដូច្នោះក៏​នឹក​ក្នុង​ចិត្ត​ថា «ហោរ​នេះ គ្មាន​ពូកែ​ទេ ទាយ​ផ្តេស​ផ្តាស​សោះ,យើង​កុំ​ជឿ!» គិត​តែ​ប៉ុណ្ណោះ​ក៏​នាំ​គ្នា​លា​ហោរ​មក​ផ្ទះ​វិញ ហើយ​យាយ​ក៏​ប្រើ​តា​ឲ្យ​ទៅ​ចាប់​យក​ត្រី​ពី​ទ្រុងទៅ​ធ្វើ​ក្បែរ​ត្រពាំង​ជិត​ផ្ទះ តា​លូក​ចាប់​ត្រី​យក​មក​ក្រៅត្រី​វា​បម្រះ​រួច លោត​ចុះ​ត្រពាំង​ទៅ ។ តា​ក៏​ស្ទុះ​ទៅ​យក​អង្រុតដែល​គ្រប​ទន្សាយ​មក​ដេញ​រុត​ត្រី ។ ឯទន្សាយ​នៅ​ក្នុង​អង្រុត​នោះក៏​ផ្អើល​រត់​បាត់​ទៅ​ទៀត ។ យាយ​មើល​ពី​លើ​មក​ឃើញ​ទន្សាយ​រត់​ចូល​ទៅ​ក្នុងព្រៃ ក៏​ស្រែក​ប្រាប់​ថា «តាៗ! ទន្សាយ​រួច​ទៅ​ហើយ!» ។ តា​ប្រាប់​ទៅ​វិញ​ថា «ឯង សម​តែ​ស៊ី​ប្រហុក​ក្នុង​ពាង ដូច​គេ​ទាយ​ពី​ព្រឹក​ម៉ិញ​នោះ​ឯង » ។ តា​ឮ​យាយ​ថា​ដូច្នោះ ក៏​នឹក​ឃើញ​ថា «គ្រូ​ទាយ​ឆុត​មែន» ដល់​ពេល​បាយ​ព្រឹក តាម​ចាស់​ដូន​ចាស់​ក៏​នាំ​គ្នា​ស៊ី​ប្រហុក​ក្នុង​ពាង​ដូច​ហោរ​ទាយ​ឲ្យ​នោះ​ឯង ។ ទើប​តា​ចាស់ ដូន​ចាស់​ដូន​ចាស់​ជឿ​ថា «ហោរ​ចេះ​ដឹង​ត្រឹម​ត្រូវ​តាម​ក្បួន​តម្រា​ប្រាកដ​មែន»

កុំ​អាន​អួត​អាត្មា ត្មះ​តម្រា​ប្រាជ្ញ​ព្រេង​នាយ

(សៀវភៅប្រជុំរឿងព្រេងខ្មែរ)


Saturday, December 28, 2013

រឿង បុរសបងថ្លៃ និងប្អូនថ្លៃ


មាន​មនុស្ស​ពីរ​នាក់​ ជា​បង​ថ្លៃ​ ប្អូន​ថ្លៃ​នឹង​គ្នា, បង​ថ្លៃ​ជា​អ្នក​ក្រ​ ប្អូន​ថ្លៃ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ។ ថ្ងៃ​មួយ​ឪពុក​ក្មេក​ មាន​កិច្ច​រវល់​ត្រូវ​ប្រាប់​បង​ប្អូន​ កូន​ចៅ​ឲ្យ​ទៅ​ស៊ី​ផឹក​នៅ​ផ្ទះ​គាត់, ប្អូន​ថ្លៃ​នោះ​ បាន​មក​ជួប​នឹង​បង​ បបួល​ទៅ​ស៊ី​ឯ​ផ្ទះ​ឪពុក​ក្មេក, បង​ថ្លៃ​និយាយ​ប្រាប់​តាម​ត្រង់​ថា៖ «មិន​ហ៊ាន​ទៅ​ស៊ី​ទេ» ​ព្រោះ​​ខ្លួន​ជា​អ្នក​ក្រ​ មិន​ធ្លាប់​ស៊ី​ម្ហូប​ចំណី​ល្អ​ ក្រែង​មិន​ត្រូវ​បែ​បបទ​ ខ្មាស​គេ,ប្អូន​ថ្លៃ​នោះ​ជា​មនុស្ស​ចិត្ត​សប្បុរស​នឹង​បង​ ក៏​ប្រាប់​ទៅ​វិញ​ថា៖ មិន​អី​ទេ​ ទៅ​ពីរ​នាក់​ចុះ​ បើ​មិន​ដឹង​ ឲ្យ​តែ​ធ្វើ​តាម​ខ្ញុំៗ​ ស៊ី​អី​ ស៊ី​ហ្នឹង​​ទៅ​ មិន​ក្រ​ប៉ុន្មាន​ទេ​ បង​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ។ បង​ក៏​ព្រម​ទៅ, លុះ​ទៅ​បរិភោគ​នៅ​ទី​នោះ​ បបួល​គ្នា​ស៊ី​បាយ​តាម​ធម្មតា​ទៅ, ដល់​គេ​លើក​សម្ល​ខ្ចៅ​មក​ ប្អូន​ក៏​យក​ចង្កឹះ​ចាប់​មួយ​មក​ពម​ រួច​ជញ្ជក់​អស់​ ខ្ជាក់​សំបក​ខ្ចៅ​នោះ​ដាក់​នៅ​នឹង​កន្លែង​ ហើយ​គេ​ចោល​សំបក​នោះ​ទៅ ។
ឯ​បង​នោះ​មិន​ដឹង​ ដោយ​មិន​បាន​ឃើញ​គេ​ធ្វើ​ដូច្នោះ​ ក៏​ខំ​ជញ្ជក់​ហើយ​ខំ​ទាំង​ទំពា​សំបក​ខ្ចៅ​នោះ​ទាល់​តែ​ល្អិត​ ខំ​លេប​ទៅ ។ ប្អូន​ឃើញ​ដូច្នេះ​ ក៏​លែង​ស៊ី​ខ្ចៅ​នោះ​ទៅ​ចាប់​យក​ឯ​អំពៅ​ ដែល​គេ​ឡៅ​ទុក​នៅ​ចាន​នោះ​មក​ស៊ីៗ​ រួច​គេ​យក​កន្សែង​ខ្ចប់​ដាក់​ ហើយ​ចោល​ទៅ​ទៀត ។ បង​ឃើញ​គេ​ស៊ី​អំពៅ​ ក៏​យក​អំពៅ​នោះ​ មក​ស៊ី​នឹង​គេ​ទៀត​ ខំ​ទំពា​អំពៅ​ទាល់​តែ​ល្អិត​កាក​លេប​ទៅ​ទៀត ប្អូន​លែង​ស៊ី​អំ​ពៅ​ វា​ទៅ​ស៊ី​សម្ល​មីសួរ​ទៀត​ ទើប​តែ​នឹង​ពម​ចូល​ក្នុង​មាត់​ នឹក​ឃើញ​បង​ស៊ី​អំពៅ​ទាំង​កាក​នោះ​ ហើយ​អស់​​សំណើច​ទប់​មិន​ឈ្នះ​ ក៏​ចេញ​សំឡេង​មក​ឮ​តែ​ឃឹក ។ ដោយ​ហេតុ​ខ្យល់​ទប់​ឃឹក​នោះ​ មីសួរ​វា​ស្ទុះ​ឡើង​ទៅ​ចូល​ឯ​រន្ធ​ច្រមុះ​ទាំង​ពីរ​ ចេញ​មីសួរ​នោះ​មក​ក្រៅ​ដោយ​អំណាច​ខ្យល់ ។ បង​ថ្លៃ​ឃើញ​ដូច្នោះ​ ក៏​ចោល​ចង្កើះ​ទៅ​ក្នុង​ថាស​ថា «ទេ ! លែង​ស៊ី​ហើយ​ ស៊ី​ឯ​ទៀត​ធ្វើ​តាម​ សូម្បី​ខ្ចៅ​និង​អំពៅ​​​ ទាំង​សំបក​ ទាំង​កាក​ ក៏​ស៊ី​បាន​ទាំងអស់​ ដល់​មីសួរ​ ខ្លុះ​នឹង​ច្រមុះ​ដូច្នេះ​ធ្វើ​តាម​មិន​បាន​ទេ​ ប្អូន​ឯង​ស៊ី​តែ​ឯង​ចុះ​ បង​លែង​ស៊ី​ហើយ​ ស៊ី​ទៅ​ទៀត​មិន​កើត​ទេ» 

ពុត​គ្រូ​កុំ​ត្រាប់​ ច្បាប់​គ្រូ​ឲ្យ​យក​

(យោងពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)


Friday, December 27, 2013

រឿង អាប៉ាង នាងតី



ក្នុង​សម័យ​មួយ​នោះ ជា​រដូវ​ស្រូវ​ទុំ អាប៉ាង​ទៅ​ដេក​ចាំ​ស្រូវ​វា ទាំង​យប់​ទាំង​ថ្ងៃ មាន​ទាំង​ចាប៉ី​មួយ​ទៅ​ផង, វេលា​ថ្ងៃ​ឡើង ថែ​ទាំ​ស្រូវ ដល់​ពេល​យប់​ទំនេរ តែង​ដេញ​ចាប៉ី ហើយ​ស្រែក​ច្រៀង​ផង។​ លុះ​ច្រៀង​រាប់​យប់​ទៅ មាន​ខ្មោច​ស្រី​ក្រ​​​​  មុំ​ម្នាក់​ ឮ​សូរ​ចម្រៀង​ច្រៀង​ចាប៉ី​ពីរោះ​ពេក​ក៏​ដើរ​ ទៅ​ស្តាប់ ទៅ​អង្គុយ​អាំង​ភ្លើង​ក្រោម​ខ្ទម​អាប៉ាង យូរ​បន្តិច​ទៅ អាប៉ាង​ក្រឡេក​ទៅ​ក្រោម​ផ្ទះ ឃើញ​ខ្មោច​ដែល​តំណែង​ខ្លួន​នោះ​អង្គុយ​អាំង​ភ្លើង អាប៉ាង​សួរ​ទៅ​ថា « អាណា​អង្គុយ​ក្រោម​ខ្ទម​នេះ។ មេ​ខ្មោច​ប្រាប់​ថា «ខ្ញុំ» ។ អាប៉ាង​ថា «ប្រហែល​ជា​ខ្មោច​ទេ» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្មោច​ថា​មិន​ខ្មោច»។ អាប៉ាង​សួរ​ថា «ហ​ងឯង​ឈ្មោះ​អី? មក​រក​អី។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្ញុំ​ឈ្មោះ​តី, ខ្ញុំ​មក​ស្តាប់​ថា​ប៉ី»។ អាប៉ាង​ថា «ឡើង​មក! បើ​មក​ស្តាប់​ចាប៉ី » ។ មេ​ខ្មោច​ឡើង​ទៅ​អង្គុយ​ជិត​អាប៉ាងៗ ក៏​ស្រឡាញ់​គ្នា​យក​ជា​ប្តី​ប្រពន្ធ​ទៅ ។ ដល់​រួច​ស្រូវ មេ​ខ្មោច​នោះសួរ​ទៅ​អាប៉ាង​ថា «ឥឡូវ​រួច​ស្រូវ​ហើយ​ តើ​ឯង​ព្រម​យក​អញ​ឬ​ទេ? បើ​ឯង​មិន​យក​អញៗ នឹង​កាច់​យក​ឯង» ។ អញ​ព្រម​យក ប៉ុន្តែ​ចាំ​អញ​ដឹក​ស្រូវ​ទៅ​ទុក​ផ្ទះ​សិន» ។ លុះ​អាប៉ាង​ដឹក​ស្រូវ​យក​ទៅ​ទុក​រួច​ហើយ ក៏​ត្រឡប់​មក​យក​មេ​កន្តី​នោះ​វិញ ។ មេ​កន្តី ក៏​នាំ​អាប៉ាង​ទៅ​ជម្រាប​សួរ​ពួក​បង​ប្អូន​ខ្មោច​ទាំង​ប៉ុន្មាន រួច​ក៏​នៅ​ជា​មួយ​គ្នា​ទៅ ។ ប្រហែល​ជាង​មួយ​ខែ ពួក​ខ្មោច​ទាំង​ប៉ុន្មាន​បបួល​គ្នា ព្រម​ទាំង​អាប៉ាង​ឲ្យ​ទៅ​រក​បាញ់​សត្វ​មក​ធ្វើ​ជា​អាហារ ។ អាប៉ាង​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ខ្មោច​នោះ លុះ​ទៅ​ដល់​កណ្តាល​ព្រៃ​ដើម​ត្រថុក ដែល​ខ្មោច​ទាំង​ពួង​សម្គាល់​ថា ដើម​ឈើ​ទាល បាន​ប្រទេះ​នឹង​កង្កែប​មួយ ខ្មោច​ទាំង​នោះ​ស្រែក​ថា «ប្រយ័ត្ន​វ៉ី​កន​យើង! ដំរី​ធំ​ណាស់ ទៅ​ហើយ! »។ អាប៉ាង​ឮ​គេ​ស្រែក​ថា​ដំរី ក៏​ប្រឹង​រក​មើល មិន​ឃើញ​ដំរី​សោះ ឃើញ​តែ​កង្កែប​លោត​មក​ត្រង់​មុខ​អាប៉ាងៗ ក៏​ចាប់​ដាក់​ក្នុង​ថ្នក់​សំពត់​ទៅ ។ ខ្មោច​អស់​នោះ ចេះ​តែ​ស្រែក​ថា «ប្រយ័ត្ន​វ៉ី​ ដំរី​ស្ត​មួយ​ធំ​ណាស់» ហើយ​ស្រែក​សួរ​អាប៉ាង​ថា «ឃើញ​ដំរី​ឬ​ទេ។ អាប៉ាង​ស្រែក​ថា​ «មិន​ឃើញ​ទេ!» ។ ពួក​ខ្មោច​ក៏​នាំ​គ្នា​ដើរ​មក​ដល់​ជិត​អាប៉ាង​ហើយ​ថា «ទៅ​អាប៉ាង​ទៅ​ផ្ទះ​យើង រក​សត្វ​មិន​បាន​ទេ» ។ អាប៉ាង​ថា «អញ​បាន​កង្កែប​មួយ»។ ខ្មោច​ទាំង​នោះ សួរ​ទៅ​អាប៉ាង​ថា «យ៉ាង​ដូច​ម្តេច​អាប៉ាង​កង្កែប​នោះ? ឯង​ចែក​ឲ្យ​យើង​រាល់​គ្នា​ស៊ី​ផង» ។ អាប៉ាង​យក​កង្កែប​ចេញ​ពី​ថ្នក់ ហើយ​បង្ហាញ​ទៅ​ពួក​ខ្មោច​នោះ ។ ខ្មោច​អស់​នោះ​ឃើញ ក៏​នាំ​គ្នា​រត់​ព្រោង​ព្រាត​អស់​ទៅ​ហើយ​វា​មាន​វា​ចា​ថា «ទុក​ប្តី​មី​កន្តី​ឲ្យ​នៅ​មិន​បាន​ទេ ព្រោះ​វា​ខ្លាំង​ពូកែ​ណាស់ វា​ហ៊ាន​ចាប់​ដំរី​យក​ទៅ​ដាក់​ក្នុង​ថ្នក់​វា, បើ​ដូច្នោះ យើង​ឲ្យ​អាប៉ាង​នេះ​នៅ​មិន​បាន​ទេ​ ឲ្យ​វា​ទៅ​វិញ​ទៅ!» អាប៉ាង​ក៏​បាន​រួច​ខ្លួន ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ល្ងង់​មើល​តែ​ខ្មោច


Friday, December 20, 2013

រឿង វត្តវិហារសួគ៌


វត្តវិហារសួរ ជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិមួយ ឮ​កិត្តិនាមពេញប្រទេសកម្ពុជាតាំងពីអតីតកាល រហូតមក​ដល់​​បច្ចុប្បន្នកាលនេះ អ្នក​ផង​សឹង​បាន​ជ្រាប​ជាច្រើន។ រៀងរាល់ឆ្នាំក្នុងមួយឆ្នាំៗ តែងមានមហាជនរាប់ពាន់​
នាក់ ​​​​​​​​​​ទៅបូជាបែរបន់តាមប្រាថ្នាផេ្សងៗ ទំាងព្រះរាជាព្រះរាជវង្សានុវង្ស នាម៉ឺន​សព្វមុខមន្រ្តី ក៏បានសេ្តច​យាង និងអញ្ជើញទៅបូជាបួងសួង នៅទីនោះដែរ។
វត្តវិហារសួរ មានដើមកំណើតជាព្រះរាជទ្រព្យ ដែលព្រះរាជាបក្សីចាំក្រុងទ្រង់កសាងទុកជាអនុស្សាវរីយ៍​ត្រង់ទីដែល តាគហេ កើន​ព្រះអង្គ​ឡើង​ឋាន​សួគ៌‌ សឹងមានចែងទុកជា​ប្រវត្តិនៃព្រះវិហារនោះដូចតទៅ: តាម​របារក្សត្រដែលមានចារិកទុកមក​ក្នុងព្រះរាជវង្សសាវតាប្រទេសកម្ពុជាថា: "វត្តព្រះវិហារសួរ កើតឡើងក្នុងរជ្ជ​កាលទី១៩ រជ្ជកាលព្រះបាទបក្សីចាំក្រុង ជាព្រះរាជាប្រទេសកម្ពុជា គង់នៅនគរវត្ត ក្នុងព.សរវាង១៥៧២ គ.សរវាង១០២៨ ឬ២៩ ព្រះអង្គបានផ្តើមកសាងទុក​ជាអនុស្សាវរីយ៍រំលឹកដល់ពេលព្រះអង្គរត់គេចពីកងទ័ព ជាមួយ «តាគហេ»​។
រឿងរ៉ាវដើមហេតុនាំឲ្យមានរត់គេចពីកងទ័ពនេះ មានដំណាលថា កាលដែលព្រះបាទចក្រពត្រ ព្រះរាជា​ប្រទេសកម្ពុជា រជ្ជកាលទី១៦ ទ្រង់​ព្រះ​ទិវង្គត​ទៅ បុរសម្នាក់ឈ្មោះដំបងគ្រញូង​មានមហិទ្ធិឬទ្ធិខ្លាំងពូកែ បាន​សោយរាជ្យជា រជ្ជកាលទី១៧ ឡើងឲ្យបង្គាប់ឲ្យធ្វើគុតព្រះរាជវង្សានុវង្សមុន។
កាលនោះមានព្រះម្នាងម្នាក់ទ្រង់ព្រះគ៌‌តពុំទាន់គ្រប់ខែ ភៀសខ្លួនជារាស្រ្តសាមញ្ញចេញទៅស្រុកក្រៅ សំ​ណាក់​ជាមួយ តាគហេ និង យាយលាក់ ជា​ស្វាមី​ភរិយា។ លុះព្រះគ៌‌តគ្រប់ខែ១០ ក៏សម្ភពព្រះរាជបុត្រា​មួយ​ព្រះអង្គប្រកបដោយ លក្ខណៈល្អមានលាយលក្ខណ៍កងចក្រនៅបាតព្រះហស្ត និងបាតព្រះបាទ តាគហេនិង យាយលាក់ ស្រលាញ់ណាស់ ថ្នាក់ថ្នមដូចកូនបង្កើត។
ថៃ្ងមួយតាយាយ និងព្រះម្នាងទៅច្រូតស្រូវ បានផេ្តកព្រះរាជកុមារក្រោមម្លប់ឈើមួយដើម លុះកម្ដៅថៃ្ង​ចាំង​មក ត្រូវព្រះរាជកុមារ មាន​បក្សី​មួយ​មក​កាង​ស្លាបក្រុងបាំងពីលើ មិនឲ្យត្រូវថៃ្ង។
តាគ​ហេស្មានថាសត្វចឹកចៅរត់ទៅមើល បក្សីនោះហើរទៅបាត់ទៅ។ តាគហេនឹកសរសើរថា កូននេះមាន​បុណ្យ អស្ចារ្យណាស់ក៏ថ្វាយព្រះនាមថា «បក្សីចាំក្រុង»។
តមកកាលពីព្រះបាទព្រហ្មកិល (ពញាក្រែក) រជ្ជកាលទី១៨ ទ្រង់សោយរាជ្យឡើងទ្រង់បានជ្រាបទំនាយ​តាម ពួកហោរា​ទាយថា «មាន​អ្នក​មាន​បុណ្យ​កើតក្នុងត្រកូលក្សត្រ បានព្រះជន្ម ៧ ឆ្នាំហើយ ភៀសខ្លួនជា​ប្រ​ជារាស្រ្តក្នុង អាណាចក្រនេះ អ្នក​មាន​បុណ្យ​នោះ មាន​កង​ចក្រ​នៅ​បាតដៃ បាតជើង​» ទ្រង់ក៏យកកេ្មងៗអាយុ​៧ឆ្នាំ ដែលមាននៅ ក្នុងព្រះនគរទាំងប៉ុន្មានមកផ្តិតដៃនៅលើម្សៅក្នុងចងេ្អរ ដើម្បីទ្រង់ពិនិត្យរកកងចក្រ តា​គហេ ភ័យក៏ពរបក្សីចាំក្រុងរត់ចេញ។ ព្រះរាជាទ្រង់ចាត់ទ័ពតាមចាប់។
ហេតុតែបុណ្យបរមីបក្សីចាំក្រុង កងទ័ពដេញតាមពុំទាន់ រកពុំឃើញ។ តាគហេបានបញ្ជិះបក្សីចាំក្រុងលើ​ស្មា ដើរកាត់ព្រៃទៅផ្ទះគាត់ ដល់​ផ្ទះ​ហើយ គាត់​ទូលបក្សីចាំក្រុងថា «បាគង់នៅទីនេះចុះ ចាំតាទៅកៀរគោ​បញ្ចូល ក្រោលសិន»។ ហើយគាត់ចោលដំបងដេញគោ ដំបង​បាត់​​ក្នុងទឹក​អូរ​រក​ពុំឃើញ បានជាអូរនោះ​ឈ្មោះ​​ថា «អូរដំបង» នៅក្នុងខេត្តបាត់ដំបង សព្វថៃ្ងនេះ ។
បន្ទាប់ពីនេះ តាគហេ ពរបក្សីចាំក្រុងរត់កាត់ព្រៃទៅដល់ទួលមួយមានដើមរលួសម្លប់ត្រឈៃល្អ ក៏ឈប់​សំរាកដេក នៅទីនោះបានជាទីនោះហៅថា «ភូមិរលួស» នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាបសព្វថៃ្ងនេះ។ តពីនោះតាគហេ និងបក្សីចាំក្រុង ដោយ​សារ​ទូក គេ​​ឆ្លង​កាត់​ទី​ទំនាបទឹក មក​ដល់​ខេត្ត​ជើងព្រៃ កងទ័ពលើក​តាម មកជិតទាន់ តាគហេក៏នាំបក្សីចាំក្រុងវេះពួនក្នុងព្រៃ វេលាយប់ព្រៃនោះមានមូសច្រើន​បក្សី​ចាំក្រុងបួង​សួង​​ថា «បើខ្ញុំ មានបុណ្យ សូមកុំឲ្យមានមូសនៅទីនេះ» ដោយអនុភាពព្រះរាជកុមារ មូសក៏បាត់​អស់ទៅ ទើប​ទីនោះមានឈ្មោះថា "ទួលគហេ" ក្នុងតំបន់រកាកោង ស្រុកមុខកំពូលខេត្តកណ្តាលសព្វថៃ្ងនេះ។
លុះព្រឹកឡើង តាគហេ ក៏នាំបក្សីចាំក្រុងរត់ទៅទៀត ដល់មាត់ទនេ្លប្រុងនិងឆ្លងទៅត្រើយខាងត្បូងតែរកទូក​ឆ្លង​គ្មាន បក្សីចាំក្រុងផ្សងបារមីថា «បើ​ខ្ញុំ​ត្រូវ​បានសោយរាជ្យ​ហើយបានទំនុកបំរុងពុទ្ធសាសនាមែន សូមឲ្យ​ដើម​រការនៅត្រើយ ខាងជើងកោងទៅដើមល្វានៅត្រោយខាងត្បូងទេរមក» ដើម​ឈើ​ទាំងពីរនោះក៏កោង​ទៅ​ទេមក ដូចប្រណិធាន។ តាគហេក៏ពរបក្សីចាំក្រុងឆ្លងតាមឈើទាំងពីរនោះរួចទៅ ដើមទាំងពីរក៏ឡើងដូច​ដើម​វិញ ទើប​ត្រើយ​ខាងជើងមាន ឈ្មោះថា រការកោង" នៅស្រុកមុខកំពូល ខេត្តកណ្ដាល ។
ត្រើយខាងត្បូងមានឈ្មោះថា "ល្វាទេ" នៅស្រុកស្រីសន្ធរ នៅកំពង់ចាម សព្វថៃ្ងនេះ។លុះតាគហេនាំរត់​ទៅ​ត្រើយខាងត្បូង ដល់​ទួល​មួយ ប្រប​ឆេ្នរបឹង​បានកាប់មែកជ្រៃ​ដោតធ្វើសម្រប​សំរាប់ស្រប់សំរាក កម្លាំង​នៅទីនោះ បក្សី​ចាំក្រុង ក៏និន្រ្ទា​លក់ក្រោមម្លប់សម្របនោះ។ កំពុង​តែ​លក់​ស្រួល ​ស្រាប់តែ​ហ្វូងសត្វត្រដក់ រនៀលទុង ជាច្រើនដែលចុះរកស៊ីក្នុងបឹងនោះ វាផ្អើលអ៊ូរឡើងឭសន្ធឹក ជាខ្លាំង តាគហេ​ឮ​សព្ទ​នោះ ស្មាន​ថា​កង​ទ័ព ក៏ស្ទុះតើនព្រះរាជកុមារឡើងសួរថា «នែចៅ! ឭសូរអ្វីខ្លាំងម៉េ្លះ»។ ព្រះរាជកុមារតើនឡើងភ័យ​ណាស់​ស្មាន​ថាកងទ័ព ក៏​ស្ទុះ​ឡើង​មែកជ្រៃ ដែល​ដោត​ធ្វើសម្របនោះឈរមើលគ្រប់ទិសទី មិនឃើញកងទ័ព ឃើញ​តែសត្វហើរដេរដាស់ក៏បាត់ភ័យទៅវិញ មែកឈើនោះរស់នៅរៀងដរាបមក នៅ​ខាង​ត្បូងវត្តវិហារសួរ សព្វថៃ្ង​នេះ។ លំដាប់ពីនោះ តាគហេនាំបក្សីចាំក្រុងរត់ឆ្លងទនេ្លដោយទូកទៅត្រើយខាងលិច ទៅពួនក្នុង​គុហា ភ្នំ​ប្រសិទ្ធ​ ខេត្ត​សំរោងទងចាស់ ដែលជាស្រុកពញាឮ ខេត្តកណ្ដាល សព្វថៃ្ងនេះ។ កងទ័ពតាមទៅបៀតបៀន ពុំបានឡើយ។
លុះព្រះបាទព្រហ្មកិល «ពញាក្រែក» សោយរាជ្យបាន​ ២០ឆ្នាំ ទ្រង់ចូលទីវង្គតទៅ នាម៉ឺនសព្វមុខមន្រ្តីដឹង​ថា បក្សីចាំក្រុង រាជកុមារមានបុណ្យអស្ចារ្យ​គង់នៅភ្នំប្រសិទ្ធិ៍​ ក៏អញ្ជើញទ្រង់​មកសោយរាជ្យសម្បត្តិតទៅ។ កាល​បើបក្សីចាំក្រុងរាជកុមារបានសោយរាជ្យឡើង ទ្រង់តាំងតាគហេ និង យាយ​លាក់ ជាព្រះអយ្យកោ ព្រះ​អយ្យកាធម៌‌។ ទ្រង់ឲ្យសាងប្រាសាទ​មួយត្រង់ទីដែលឃើញទង់ជ័យវែងលលៃ នៃកងទ័ពដែលលើក​ដេញ​តាម ដំបូង​ហៅថា​ «ប្រាសាទលលៃ» ទ្រង់ឲ្យសង់ប្រាសាទមួយត្រង់តាគហេហៅថា បាគងសិន ហៅថា «ប្រា​សាទបាគង់" ដែលក្លាយមកជាប្រាសាទបាគង នៅខេត្តសៀមរា សព្វថៃ្ងនេះ។
ទង់ឲ្យសាងប្រាសាទមួយទៀតនៅក្រោល គោរបស់តាគហេ ហៅថា ប្រាសាទបាគោ ខេត្តសៀមរាបសព្វ​ថៃ្ងនេះ ទ្រង់ឲ្យសាងព្រះវិហារមួយ និងព្រះពុទ្ធ បាទមួយនៅអាសន្នទុក្ខ លើកតាម៊ឹងជាចៅហ្វាយស្រុក​រក្សា​ទីនោះ។ ទ្រង់ឲ្យសាងវិហារមួយតំកល់ព្រះពុទ្ធបដិមាមួយ ព្រះអង្គ​ត្រង់​ទី ដែល​ដោតមែកជ្រៃធ្វើសម្រប គឺទី​ដែលតាគហេតើនទ្រង់​សួរពីស័ព្ទហ្វូងសត្វស្មានថាកងទ័ពនោះ ហៅថា «វត្តវិហារសួរ» ទើបមាននាមថា​«វត្ត​វិហារសួរ"» ជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិដរាបមកដល់សព្វថៃ្ងនេះ។ ឯតាគហេ និង យាយលាក់នោះ លុះចាស់​ជរា ទទួល​មរណភាព​តាមលំដាប់គ្នា​ទៅព្រះរាជាទ្រង់ឲ្យធ្វើបុណ្យរំលាយសពហើយទ្រង់ឲ្យយកធាតុតាគហេ នៅបញ្ចុះនៅទីដែលផ្សងមិនឲ្យមានមូស ទើបទីនោះមានឈ្មោះថា «ទួលគហេ»​នៅតំបន់រកាកោង ស្រុកមុខ​កំពូល ខេត្តកណ្ដាល សព្វថៃ្ងនេះ ឯធាតុយាយលាក់ ទ្រង់ឲ្យយកទៅបញ្ចុះនៅ ប្រាសាទបាគោ ក្នុងខេត្ត​សៀមរាប ព្រោះភូមិនោះជាទីភូមិរបស់គាត់រស់នៅ។

យោងពីសៀវភៅប្រជុំរឿងព្រេងខ្មែរ


Tuesday, December 17, 2013

រឿង បុរសចេះថ្នាំពិសពស់


មាន​ថ្ងៃ​មួយ​ បុរស​ឈ្មោះ​​ សុខ​ ធ្វើ​ដំណើរ​ទៅ​កាប់​ឧស​ក្នុង​ព្រៃ ។ លុះ​ទៅ​ដល់​ព្រៃ​ ជា​កន្លែង​កាប់​ឧស​នោះ​ហើយ​ ឃើញ​ខ្លា​ធំ​មួយ​ដេកស្លាប់​នៅ​ជើង​ដំបូក​ក្បែរ​ច្រក​ផ្លូវ​ចូល ។ ចៅ​សុខ​ពិនិត្យ​មើល​ហេតុ​សព្វ​គ្រប់​ទៅ​ឃើញ​ថា​ ខ្លា​នេះ​ស្លាប់​ដោយ​ពស់​ចឹក​ ព្រោះ​នៅ​ខាង​ក្រោម​ខ្លា​នោះ​មាន​រន្ធ​ពស់​មួយ ។ បុរស​នោះ​មាន​ចិត្ត​សប្បុរស​ចំពោះ​សាកសព​សត្វ​នោះ​ណាស់​ ក៏​ស្រាយ​ថង់​យាម​យក​ថ្នាំ​មក​ដុះ​លាប​ស្រឡាប​ឲ្យ ។ លុះ​បាន​មួយ​ស្របក់​ខ្លា​ដឹង​ខ្លួន​ឡើង​ឃើញ​ខ្លួន​ប្រ​ឡាក់​សុទ្ធ​តែ​ថ្នាំ​ល​លាប​ ក៏​មាន​សេចក្ដី​ទោមនស្ស​នឹង​បុរស​ដែល​លាប​ថ្នាំ​ឲ្យ​ ហើយ​ស្ដី​ឲ្យ​ថា​ហេតុដូចម្ដេច​បាន​ជា​អ្នក​ឯង​ហ៊ាន​យក​អ្វី​មក​ប្រឡាក់​ខ្លួន​អញ​យ៉ាង​នេះ ! ។ បុរស​នោះ​ឆ្លើយ​ថា​យើង​ដើរ​មក​ បាន​ឃើញ​បង​ឯង​ស្លាប់​ដោយ​ពស់​ចឹក​ ហើយ​យើង​ដុះ​ថ្នាំ​ស្រឡាប​លាប​ឲ្យ​បង​ឯង​រស់​តើ ! ។ ខ្លា​ថា​អញ​មាន​ស្លាប់​អី​ ពស់​ចឹក​អញ​កាលណា ! អញ​កំពុង​ដេក​លក់​ស្រួល​ទេ​តើ ! បើ​ដូច្នោះ​ អញ​ត្រូវ​ប្រហារ​ជីវិត​ឯង​ធ្វើ​ជា​អាហារ ។ ចៅ​សុខ​មាន​សេចក្ដី​តក់​ស្លុត​ នឹង​សេចក្ដី​ស្លាប់​ជា​ខ្លាំង​ ក៏​អង្វរ​ខ្លា​ថា​បង​អើយ ! អាណិត​យើង​ផង​ កុំ​អាល​ពិឃាដ​យើង​ក្នុង​គ្រា​នេះ​ ចាំ​យើង​ទៅ​រក​អ្នក​ប្រាជ្ញ​ណា​ឲ្យ​​គេ​ជំនុំ​ជម្រះឲ្យ​ បើ​រក​ទៅ​ឃើញ​ថា​យើង​ខុស​ សឹម​បង​ប្រហារ​ជីវិត​យើង​ បើ​យើង​ត្រូវ​ត្រូវ​ទុក​ជីវិត​យើង ។ ខ្លា​ក៏​ព្រម​តាម​សេចក្ដី​អង្វរ​របស់​ចៅ​សុខៗ​វិល​មក​វិញ​ ប្រទះ​សេះ​នឹង​ក្របី​នៅ​ក្បែរ​ផ្លូវ​ក៏​និយាយ​ថា​ បង​ទាំង​ពីរ​អាណិត​ជួយ​យក​អាយុ​យើង​ផង​ ព្រោះ​ខ្លា​ដែល​ពស់​ចឹក​បាន​រស់​ឡើង​ ដែល​យើង​ដាក់​ថ្នាំ​ឲ្យ​ តែ​វា​ប្រាថ្នា​ប្រហារ​ជីវិត​យើង​ ថា​យើង​ធ្វើ​ឲ្យ​វា​ភ្ញាក់​ ហើយ​ធ្វើ​ឲ្យ​ប្រឡាក់​ខ្លួន​វា​អស់ ។ សត្វ​ទាំងពីរ​ដឹង​សេចក្ដី​សព្វគ្រប់​ ក៏​ពិចារណា​ទៅ​ឃើញ​ថា​ តាម​ពិត​ត្រូវ​តែ​ទៅ​កាត់​សេចក្ដី​ឲ្យ​បុរស​នេះ​ឈ្នះ​ខ្លា​ ប៉ុន្តែ​បើ​អញ​ឲ្យ​បុរស​នេះ​ឈ្នះ​ទៅ​ មុខ​ជា​ខ្លា​គុំ​អញ​ ស៊ី​អញ​ជា​អាហារ​ពុំ​លែង​ ក៏​ប្រាប់​ទៅ​ចៅ​សុខ​ថា​ បង​ឯង​ខុស​មែន​ហើយ​ត្រូវ​ឲ្យ​ខ្លា​ស៊ី​ទៅ ។ ចៅ​សុខ​រឹត​តែ​ភ័យ​ឡើង​ក៏​លា​សេះ​និង​ក្របី​ ដើរ​យ៉ាង​លឿន​ទៅ​ទៀត​ លុះ​ប្រទះ​និង​សុភាទន្សាយ​ ចៅ​សុខ​ក៏​ប្ដឹង​តាម​ដំណើរ ។ សុភា​ទន្សាយ​ដឹង​រឿង​សព្វគ្រប់​ ក៏​ប្រាប់​សុខ​ថា​ឲ្យ​ទៅ​និយាយ​អង្វរ​ខ្លា​ទៀត​ទៅ​ សឹម​យើង​ទៅ​ជួប ។
គ្រា​ដែល​បុរស​នោះ​ កំពុង​ជជែក​នឹង​ខ្លា​ សុភាទន្សាយ​ទៅ​ដល់​ ក៏​ធ្វើ​ជា​សួរ​ថា​បង​ឯង​ទាំងពីរ​នាក់​ទាស់​គ្នា​ពី​រឿង​អ្វី ! ។ ខ្លា​និង​ចៅ​សុខ​ ក៏​បាន​ប្ដឹង​តាម​ដំណើរ​រៀងៗ​ខ្លួន ។
សុភាទន្សាយ​ កាត់​សេចក្ដី​ថា​ បើ​ដូច្នេះ​ត្រូវ​បង​ខ្លា​ឯង​ទៅ​ដេក​នៅ​ត្រង់​កន្លែង​ដដែល​ ឲ្យ​យូរ​ដូច​ពី​មុន​ បើ​ដល់​ពេល​​ ត្រូវ​ភ្ញាក់​ហើយ​ពុំ​ស្លាប់​ទេ​ សឹម​បង​ឯង​មក​ពិឃាដ​មនុស្ស​នេះ​​ធ្វើ​ជា​អាហារ​ចុះ ។
ខ្លា​ទៅ​ដេក​តាម​បង្គាប់, ពស់​ក៏​ចេញ​ពី​រន្ធ​មក​ចឹក​ខ្លា​នោះ​ស្លាប់​ទៅ ។ សុភាទន្សាយ​ឃើញ​ខ្លា​ស្លាប់​ហើយ​ក៏​ប្រាប់​ទៅ​បុរស​នោះ​ថា​ បង​ឯង​កុំ​លាប​ថ្នាំ​ឲ្យ​វា​ទៀត​ប្រាប់​ហើយ​ក៏​លា​ចៅ​សុខ​ទៅ​លំនៅ​វិញ ។

ធ្វើ​គុណ​ បាន​ទោស​

យោងពីសៀវភៅប្រជុំរឿងព្រេងខ្មែរ

Sunday, December 15, 2013

រឿង បុរសពីរនាក់ចង់បានប្រពន្ធគេ


មាន​រឿង​មួយ​ថា​ មាន​បុរស​ម្នាក់​ មាន​ប្រពន្ធ​ល្អ​ ទើប​តែ​រៀប​ការ​ថ្មីៗ​ បណ្ដើរ​គ្នា​ទៅ​សួរ​ញាតិ​ មាន​កម្លោះ​ពីរ​នាក់​ បាន​ឃើញ​ ក៏​ស្រឡាញ់​ចង់​បាន​ វា​គិត​ថា «យើង​ធ្វើ​ដូចម្ដេច​នឹង​បាន​អេះ ? »។ ចៅ​ម្នាក់​ ឆ្លើយ​ថា​ «ងាយ​ទេ​ ឯង​គិត​ទៅ​រក​ខ្ចី​រទេះ​គោ​មក​បរ​ ប៉ុន្តែ​ឯង​មិន​ស្គាល់​អញ​ បើ​អញ​សួរ​ឯងៗ​ កុំ​ប្រាប់​ថា​រទេះ​ ចូរ​ឯង​ប្រាប់​ថា​ចន្ទោល​ ថា​នឹម​ទៅ​វិញ »។ ទើប​កម្លោះ​ម្នាក់​ទៅ​ខ្ចី​រទេះ​គេ​មក​បរ​ឲ្យ​ជួប​នឹង​បុរស​បណ្ដើរ​ប្រពន្ធ​ នោះ​ដើរ​មក​ដល់, ក៏​កម្លោះ​ម្នាក់​នោះ​វា​សួរ​ថា «នែ​អ្នក ! អញ្ជើញ​មក​អាយ​ ឈប់​និយាយ​គ្នា​លេង​បន្តិច​សិន » ។ បុរស​ការ​ប្រពន្ធ​ថ្មី​ ក៏​ចូល​ទៅ​អង្គុយ​លេង ។ លុះ​កម្លោះ​ម្នាក់​ បររទេះ​មក​ដល់​វា​ធ្វើ​ជា​សួរ​ថា « នេះ​ហៅ​អ្វីអ្នក?»។ បុរស​ប្ដី​ប្រពន្ធ​ ឆ្លើយ​ប្រាប់​ថា «​ គេ​ហៅ​រទេះ»។ មែន​ឬ​អ្នក ? បុរស​នោះ​ថា មែន  «បើ​មែន​អ្នក​ហ៊ាន​ភ្នាល់​នឹង​ខ្ញុំ​ទេ»។បុរស​នោះ​សួរ​ថា «អ្នក​ឯង​មាន​ទ្រព្យ​អ្វី​ភ្នាល់​នឹង​យើង ? ។ កម្លោះ​នោះ​ថា បើ​ខ្ញុំ​ចាញ់​ ខ្ញុំ​នៅ​ជា​ខ្ញុំ​អ្នក​ បើ​ខ្ញុំ​ឈ្នះសុំ​តែ​ប្រពន្ធ​អ្នក ។ បុរស​នោះ​គិត​ថា​ ប្រាកដ​ជា​គេ​ហៅ​រទេះ​មែន​នឹង​ខ្លាច​អ្វី​ ក៏​ព្រម​ភ្នាល់​នឹង​គេ​ទៅ ។ ទើប​កម្លោះ​ដែល​ឈរ​ សួរ​ទៅ​អ្នក​បររទេះ​ចង្អុល​ទៅ​សួរ​ទៅ​ចន្ទោល, កម្លោះ​អ្នក​បររទេះ​ប្រាប់​ថានេះ​គេ​ហៅ​ចន្ទោល។ ចង្អុល​សួរ​ទៅ​នឹម​ថា នេះ​គេ​ហៅ​នឹម  «នេះ​គេ​ហៅ​ទូក ,នេះ​គេ​ហៅ​ទ្រាយ,នេះ​គេ​ហៅ​ប្រែក, នេះ​គេ​ហៅ​កង់, នេះ​គេ​ហៅខ្នង​កង់, នេះ​គេ​ហៅ​ត្រពង។ ដល់​ឆ្លើយ​រួច​សព្វគ្រប់​ កម្លោះ​នោះ​សួរ​ទៅ​បុរស​ជា​ប្ដី​ថា ឥឡូវ​ គេ​មិន​ហៅ​រទេះ​ទេ​ បើ​ដូច្នោះ​តើ​អ្នក​ឯង​ព្រម​ចាញ់​យើង​ឲ្យ​ប្រពន្ធ​មក​យើង​ឬ​ម្ដេច ? បុរស​ជា​ប្ដី​នោះ​មិន​ព្រម, ដល់​ប្រកែក​ទៅ​មិន​ឈ្នះ​គេៗ​ ដណ្ដើម​យក​ប្រពន្ធ​ទៅ​បាន ។ បុរស​នោះ​មិន​សុខ​ចិត្ត​ទៅ​ប្ដឹង​ចៅ​ក្រមៗ​ ឲ្យ​ទៅ​កោះ​ចៅ​ទាំង​ពីរ​នោះ​មក​ជំនុំ, កម្លោះ​ទាំង​ពីរ​នាក់​នោះ​វា​សូក​ចៅ​ក្រមៗ​កាត់​សេចក្ដី​ថា ត្រូវ​ចាញ់​គេ​ហើយ​ ត្រូវ​ឲ្យ​ប្រពន្ធ​ទៅ​គេ​ហើយ ។ បុរស​នោះ​ខឹង​ណាស់​ ត្បិត​គេ​យក​ប្រពន្ធ​ទៅ​បាន​ ដើរ​ផង​ យំ​ផង, ដើរ​បន្តិច​ទៅ​ប្រទះ​សុភាទន្សាយៗ​សួរ​ថា ថ្វី​បាន​ជា​យំ​បង ? ៗ បុរស​នោះ​ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់ ។ សុភាទន្សាយ​ថា បើ​ដូច្នោះ​បង​ឯង​កុំ​ភ័យ​ រក​តែ​ចេក​មក​ឲ្យ​យើង​ស៊ី​សិន​ យើង​ទៅ​ជួយ​ជំនុំ​ឲ្យ​បាន​ប្រពន្ធ​មក​វិញ ។ បុរស​នោះ​អរណាស់​ ខំ​ទៅ​រក​ចេក​មក​ឲ្យ​សុភាទន្សាយៗ​ ស៊ី​ចេក​រួច​ហើយ​ ដើរ​ទៅ​ជាមួយ​បុរស​នោះ​ ទៅ​ដល់​សួរ​ចៅក្រម​ថា លោក​កាត់​សេចក្ដី​គេ​នោះ​ តើ​ដូចម្ដេច​ខ្លះ ? ។ ចៅក្រម​ ឆ្លើយ​ប្រាប់​តាម​ដំណើរ​សព្វគ្រប់ ។ សុភាទន្សាយ​ថា លោក​កាត់​សេចក្ដី​ មិន​ទាន់​អស់​ទេ​ បើ​ដូច្នេះ​ខ្ញុំ​សូម​កាត់​សេចក្ដី​នេះ​ផង​ ឲ្យ​សុខ​ចិត្ត​ទាំងពីរ​ខាង។ សុភា​ទន្សាយ​ សួរ​កម្លោះ​ដែល​យក​ប្រពន្ធ​គេ​មក​នោះ​ថា អ្នក​ទាំងពីរ​នាក់​កាល​ភ្នាល់​គ្នា​ថា​ដាក់​អ្វី ? ។ បុរស​នោះ​ឆ្លើយ​ថា ដាក់​ប្រពន្ធ ។ សុភាទន្សាយ​ សួរ​ទៅ​កម្លោះ​នោះ​ថា ត្រង់​ណា​ហៅ​ប្រពន្ធ បើ​អ្នក​រក​ឃើញ​យក​ទៅ​ចុះ​ បើ​រក​មិន​ឃើញ​ទេ​ ឲ្យ​ប្រពន្ធ​ទៅ​គេ​វិញ​ទៅ។ កម្លោះ​នោះ​ចាប់​ត្រង់​ដៃ, សុភាទន្សាយ​ប្រាប់​ថា​ នេះ​គេ​ហៅ​ថា​ដៃ​ទេ​ វា​ចាប់​ត្រង់​ជើង​ សុភា​ទន្សាយ​ថា នេះ​គេ​ហៅ​ជើង​ទេ វា​ចាប់​ត្រង់​នេះ​ ក៏​ថា​មិនមែន, ត្រង់​នោះ​ក៏​ថា​មិនមែន​ ហើយ​ប្រាប់​ថា​រួម​ទាំងអស់​គ្នា​ទៅ​ទើប​គេ​ហៅ« ប្រពន្ធ » ឯ​រទេះ​ក៏​ដូច​គ្នា​គឺ​គេ​ហៅ​ចន្ទោល​ នឹម​ ទូក​ ទ្រាយ​ ប្រែក​ ធ្នង់​ ត្រពង​ រួម​ទាំងអស់​នេះ​ទៅ​ ទើប​ហៅ​ថា​« រទេះ» បើ​ដូច្នេះ​ ឯង​យក​ប្រពន្ធ​គេ​ មិន​បាន​ទេ​ ឲ្យ​មក​គេ​វិញ ។ សុភាទន្សាយ​ឲ្យ​កម្លោះ​នោះ​ យក​ប្រពន្ធ​មក​វិញ។ សុភាទន្សាយ​ស្ដី​ឲ្យ​លោក​ចៅក្រម​ថា បង​កាត់​សេចក្ដី​នេះ​ស៊ី​តែ​សំណូក​គេ​ គ្មាន​ត្រង់​តាម​ព្រះ​ច្បាប់​សោះ។ បុរស​នោះ​ប្រាប់​ប្រពន្ធ​មក​វិញ​ ក៏​អរណាស់​ លើក​ដៃ​សំពះ​សុភាទន្សាយ​ថា លោក​បង​កាត់​សេចក្ដី​នេះ​ ពេញ​ហៅ​ត្រង់​ហើយ​ ឲ្យ​លោក​បាន​សម្បត្តិ​សួគ៌​និព្វាន 

ប្រាជ្ញ​ឯង​ ឲ្យ​ក្រែង​ប្រាជ្ញ​គេ

យោងពីប្រជុំរឿងព្រេងខ្មែរ

Friday, December 13, 2013

រឿង ដង្កូវ និងក្អែក


មាន​និទាន​មួយ​ថា​ សត្វ​ដង្កូវ​កំពុង​ស៊ី​ស្លឹក​ឈើ​ មាន​សត្វ​ក្អែក​មួយ​ហើរ​រក​ចំណី​​ទៅ​ប្រទះ​នឹង​ដង្កូវ​នោះ ។ ក្អែក​ថា «ពេល​នេះ​ មាន​លាភ​បាន​ដង្កូវ​ស៊ី» ក៏​ហើរ​ទៅ​ជិត​ដង្កូវ ។ ដង្កូវ​ក្រឡេក​ឃើញ​ក្អែក​ក៏​នឹក​ថា «ខ្លួន​អា​ក្អែក​នេះ​ ចិត្ត​ឃោរ​ឃៅ​នឹង​ចឹក​អញ​ស៊ី​ឥឡូវ​ហើយ»។ ដង្កូវ​សួរ​ក្អែក​ថា «មក​រក​អ្វី ?»។ ក្អែក​ប្រាប់​ទៅ​ដង្កូវ​វិញ​ថា «អញ​មក​ស៊ី​ដង្កូវ​ឯង»។ ដង្កូវ​ថា «លុះ​តែ​ក្អែក​ឯង​ រក​ប្រស្នា​អញ​ឃើញ​ទើប​ស៊ី​អញ​បាន, បើ​រក​ប្រស្នា​អញ​មិន​ឃើញ​ ស៊ី​អញ​មិន​បាន​ទេ»។ ក្អែក​សួរ​ថា « ប្រស្នា​ដង្កូវ​ឯង​យ៉ាង​ដូចម្ដេច​សួរ​មក​ចុះ​​អញ​នឹង​រក​ឲ្យ​ឃើញ» ។ ដង្កូវ​សួរ​ទៅ​ក្អែក​ ដូច​មាន​ត​ទៅ​នេះ៖
១  ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ផ្អែម​ជាង​គេ​បំផុត ?
២  ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ជូរ​ចត់​ជាង​គេ​បំផុត ?
៣ ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ស្អុយ​ជាង​គេ​បំផុត ?
៤  ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ក្រអូប​ជាង​គេ​បំផុត ?

កាល​បើ​ក្អែក​ បាន​ឮ​ដង្កូវ​សួរ​ប្រស្នា​ទាំង​៤​បទ​នេះ​ហើយ​ មាន​សេចក្ដី​ត្រេកអរ​ជា​ទី​បំផុត​ ក៏​ស្រែក​ហ៊ោ​កញ្រ្ជៀវ​លេង​ ដោយ​គិត​ថា «ប្រស្នា​ដង្កូវ​ទាំង​៤​បទ​នេះ​ អញ​មុខ​ជា​រក​ឃើញ​ឥឡូវ​ហើយ​ នឹង​បាន​​ស៊ី​ដង្កូវ​នេះ​មិន​ខាន » ទើប​ក្អែក​ឆ្លើយ​ដោះ​ស្រាយ​ប្រស្នា​ដូច​មាន​ត​ទៅ​នេះ ។
១ -ដែល​គេ​ហៅ​ថា​ផ្ងែម​នោះ​ គឺ​មាន​ស្ករ​ និង​ឃ្មុំ​ ផ្អែម​ជាង​អ្វី​ទាំង​ពួង ។
 - ដែល​គេ​ហៅ​ថា​ជូរ​ចត់​នោះ​ គឺ​មាន​ម្ជូរ​ក្រូច​ឆ្មារ,អម្ពិល,ម្ជូរ​សណ្ដាន់,ម្ជូរ​ក្រសាំង,និង​ទឹក​ខ្មេះ ។
៣-ដែល​គេ​ហៅ​ថា​ស្អុយ​ជាង​គេ​នោះ​ គឺ​អាចម៍​ និង​គម្រង់​ខ្មោច​សត្វ​ទាំង​ពួង ។
៤- ដែល​គេ​ហៅ​ថា​ ក្រអូប​ជាង​គេ​នោះ​ គឺ​ផ្កា​រំដួល​ ផ្កា​ម្លិះ​ និង​ទឹក​អប់ ។

ក្អែក​បាន​ដោះ​ស្រាយ​ប្រស្នា​ទាំង​៤​បទ​នេះ​ ប្រាប់​ទៅ​ដង្កូវ ។ ដង្កូវ​ថា « ក្អែក​ ដោះ​ប្រស្នា​នេះ​ មិន​ត្រូវ​ទេ » ។ ក្អែក​ក៏​ដាក់​មុខ​ស្រងូត​ និយាយ​ទៅ​ដង្កូវ​វិញ​ថា « បើ​ដង្កូវ​ឯង​ថា​ខុស​ សុំ​ឲ្យ​ដង្កូវ​ប្រាប់​ប្រ​ស្នា​នេះ​មក​អញ​ឲ្យ​បាន​ដឹង​ផង »។ ដង្កូវ​ប្រាប់​ទៅ​ក្អែក​វិញ​ថា « ប្រាប់​បាន​ តែ​ក្អែក​ឯង​កុំ​ស៊ី​អញ​​ទើប​អញ​ប្រាប់» ។ ក្អែក​ថា «ឲ្យ​តែ​ប្រាប់​ចុះ​ អញ​មិន​ស៊ី​ដង្កូវ​ឯង​ទេ» ។ លុះ​បាន​ខ​សន្យា​ព្រម​ព្រៀង​គ្នា​យ៉ាង​ហ្នឹង​ហើយ, ដង្កូវ​ក៏​ដោះ​ស្រាយ​ប្រស្នា​ប្រាប់​ទៅ​ក្អែក​ ដូច​មាន​ពាក្យ​ត​ទៅ​នេះ៖
១​ - ដែល​គេ​ហៅ​ថា​ ផ្អែម​នោះ​ មិន​មែន​ផ្អែម​ស្ករ​ទឹក​ឃ្មុំ​នោះ​ទេ​ គឺ​ផ្អែម​ពាក្យ​សម្ដី​ ដែល​និយាយ​ទៅ​មក​រក​គ្នា​ ដោយ​ពាក្យ​ពិរោះ​ស្មោះ​ត្រង់​រក​គ្នា, នេះ​ហើយ​ហៅ​ថា​ ផ្អែម​ជា​ទី​បំផុត ។
២ - ដែល​គេ​ហៅ​ថា​ ជូរ​ចត់​នោះ​ មិន​មែន​ជូរ​ចត់​ អម្ពិល​ សណ្ដាន់​ ក្រូចឆ្មារ​ ទឹក​ខ្មេះ​នោះ​ទេ​ គឺ​ពាក្យ​ផរុសវាទ​ ឃោរឃៅ​ ឥត​គួរ​ ឥត​សម​ ដែល​និយាយ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក, នេះ​ហើយ​ហៅ​ថា «ជូរ​ចត់​លើស​ជូរ​ចត់​អ្វី​ទាំង​ពួង» ។
៣ - ដែល​គេ​ហៅ​ថា​ ស្អុយ​នោះ​ មិន​មែន​ស្អុយ​អាចម៍​ ឬ​ស្អុយ​គម្រង់នោះ​ទេ​ គឺ​ស្អុយ​កេរ្ត៍​ ស្អុយ​ឈ្មោះ​ ដែល​ប្រព្រឹត្ត​អាក្រក់​ក្នុង​លោក , នេះ​ហើយ​ហៅ​ថា « ស្អុយ​ច្រាស​ខ្យល់»
៥ - ដែល​គេ​ហៅ​ថា​ ក្រអូប​នោះ​ គឺ​មិន​មែន​ក្រអូប​ក្លិន​ផ្កា​ ឬ​ទឹក​អប់​នោះ​ទេ​ គឺ​ក្រអូប​កេរ្ត៍​ឈ្មោះ​ ដែល​ប្រតិបត្តិ​ល្អ, នេះ​ហើយ​ហៅ​ថា «ក្រអូប​ជាង​គ្រឿង​ក្រអូប​ទាំងពួង »
ក្អែក​បាន​ស្ដាប់​ប្រស្នា​ទាំង​នេះ​ហើយ​ ឈប់​ស៊ី​ដង្កូវ​ទៅ ។

យោងពីសៀវភៅប្រជុំរឿងព្រេងខ្មែរ...


Tuesday, December 10, 2013

រឿង ចចក


កាលពីព្រេងនាយមានចចកត្រោសធំមួយ។ ដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹក ដើម្បី​​​​ ចាប់ត្រីស៊ី។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយ ឃើញសុទ្ធតែភក់ មានត្រី កំពឹស បង្កង ក្តាមជាច្រើនណាស់ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា «ថៃ្ងនេះអញ មានលាភធំណាស់ ជាលាភចម្លែកជាងសព្វថៃ្ង»។ ឯកំពឹសមានប្រាជ្ញាឮចចកថា​ដូចេ្នះហើយ ក៏និ យាយលួងលោមចចកថា «យើង​ទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុនែ្ត យើង ប្រឡាក់ភក់ណាស់ បងឯងស៊ីយើង​ទាំងប្រឡាក់ភក់ ដូចេ្នះមិនធ្ងាញ់ពិសាទេ»។​ ចចកធ្លើយ  ថា «ធើ្វដូចមេ្តចនឹងឆ្ងាញ់ពិសា?» កំពឹសថា «ត្រូវ បងចចកឯងយកយើងទៅលាងទឹកឲ្យជ្រះស្អាត ហើយសឹមស៊ីទើបឆ្ងាញ់ពិសា»។  ចចកថា «ធើ្វដូចមេ្តច នឺងយកទៅលាងទឹកបាន​ បើច្រើនដល់ មេ្លះ?» កំពឹសថា «បងចចកកុំព្រួយចិត្ត ខ្ញុំធានាគិតឲ្យ បងឯងបាន ស្រួលប៉ុនែ្តត្រូវបងឯងតាមខ្ញុំ» ចចកឆ្លើយថា «បងឯងធ្វើដូចមេ្តចក៏ខ្ញុំតាមទាំងអស់» កំពឹសថា «បើដូចេ្នះ ចូរបងឯងចុះមកដេក ននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឺងបានតោងខាំរោមបងឯង​ បងនាំ យើងទៅរកស្ទឹង បឹងបួរ ឯណាមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត ហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ ពិសា តាមចិត្តចុះ»។
ឯចចក ជាសត្វល្មោភហើយល្ងង់ ក៏ធ្វើតាមពាក្យកំពឹស កំពឹស នឹងត្រីបបួលគ្នា តោងរោមចចក ទៅ។ លុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រី និងកំពឹសលោតទៅ ក្នុងទឹក​បឹង​​​ប្រាប់​ថា «បងចចកឯង ទៅជញ្ជូនមកឲ្យអស់សិនសិមមកស៊ីឲ្យឆែ្អតតែម្តង យើងនៅចាំ បងនៅទីនេះ»។​ ចចក​ក៏ទៅជញ្ចូនត្រីនឹងកំពឹសមក​លុះត្រាតែអស់ពីត្រពាំងនោះ។ ពួកត្រី ក្តាម ខ្ចង ដឹងថាចចកជញ្ចូនអស់​ហើយ នាំគ្នា មុជក្នុងទឹកជ្រៅបាត់អស់។ ឯចចកដឹងថាកំពឹស បពោ្ឆតដូចេ្នះ ខឹងណាស់ ដើរទៅបបួល​អស់​សត្វធំតូច ដំរី រមាសខ្លា គ្រប់ភាសាសត្វទាំងពស់ថ្លាន់ ពស់ធំ ពស់  តូច ទាំងអស់បបួលគ្នាមកបាច​ ទឹកបឹង​នោះឲ្យរីង នឹងចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់។ ចចកបាន ឲ្យពស់ថ្លាន់ធើ្វទំនប់ទឹក។ អស់សត្វឯ ទៀតក៏​បបួលគ្នាបាច សត្វក្នុងបឹងដឹងថា ចចកបបួលគ្នាបាច ទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថា  «ខ្ញុំឮគេ​និយាយថា បង សុភា ទន្សាយជាអ្នកមានប្រាជ្ញា​ចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់។  បើដូចេ្នះ​ខ្ញុំនិងទៅពឹងបង សុភាទន្សាយឲ្យមកជួយ ដោះទុក្ខអស់យើង»
ពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទន្សាយ។ ត្រីក្រាញ់ប្រឹងននៀលទៅ លុះ ដល់​​ត្រូវ​ ថៃ្ងកៀ្រមស្រកាអស់។ ដល់យប់សុភាទន្សាយចេញមករកស៊ី បានឃើញត្រីក្រាញ់ននៀល ដូច្នោះក៏សួរថា  «បងត្រីក្រាញ់ទៅណា?»​ ត្រីក្រាញ់ឃើញសុភាទន្សាយហើយ  មានចិត្តត្រេកអរ ណាស់ និយាយអង្វរថា «បង​សុភាទន្សាយអាណិត ដ្បិតត្រីទាំងអស់ក្នុងបឹង គេប្រើឲ្យខ្ញុំអញ្ជើញ  បង សុភាទៅដ្បិតឮទាំង មនុស្សនិយាយ​​​ ថា បងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខគេ បើ អ្នកឯណាកើតទុក្ខបងតែងទៅ ជួយដោះទុក្ខគេមិន ដែលខាន។ ឥឡូវមាន ដំរី ក្របី គោ រមាស  រមាំង ជ្រូក ពស់ធំ ពស់តូច ទាំងសត្វ ហើរគឺ កុក ក្រៀល ​ចង្ក្រៀល ខ្យង ទុកង ទោម ក្អែកទឹក    ប្រវឹក ស្មោញ ទាំងប៉ុន្មាន បានបបួលគ្នាមកបាច ទឹកបឹង ឲ្យរីងនឹង បានចាប់អស់ត្រី អណ្ដើក កន្ធាយ ស៊ីជាចំណីឲ្យអស់ពីក្នុងបឹងនេះ។ គេឲ្យពស់​ថ្លាន់ ពស់តូច ធ្វើជាទំនប់ទប់បឹងនេះឯង។ បើ ដូចេ្នះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់បងប្អូន ឲ្យបានរួចពីភ័យ ម្តងនេះនឹង បានល្បី កេរ្តិ៏ឈ្មោះតទៅ។ អស់យើង នឹងតបគុណបង សុភាទន្សាយឯង យើងមិនភេ្លចគុណដ៏រាបអស់ ជីវិត»។ ឯទន្សាយលឺត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយ ថា »បងត្រី​ក្រាញ់ទៅមុនចុះ ទៅប្រាប់ បងប្អូន កុំឲ្យភ័យភិតចាំជួយដោះឲ្យរួចកុំបារម្ភឡើយ»
ត្រីក្រាញ់ក៏ត្រឡប់ទៅវិញ។ ឯទន្សាយលុះព្រឹកព្រហ៊ាមឡើងទៅមាត់បឹងទៅឃើញអស់សត្វ កំពុងតែបាចទឹក ក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះៗមកធ្វើជាសំបុត្រហើយស្រែកហៅ​អស់សត្វ ទាំងនោះថា «នែ! បងប្អូន ទាំងអស់គ្នា ចាំស្តាប់ខ្ញុំ។ ដ្បិតព្រហ្មឥន្រ្ទឲ្យខ្ញុំនាំសំបុត្រមកប្រាប់គ្រប់គ្នា​​ ថា ព្រះឥន្រ្ទលោកនឹងមកកាច់ជើង ត្រុំ ប្រមុំ ជើងអក កាច់ក្បាលចចក ដកភ្លុកដំរីស» អស់សត្វឮ​​   ថា សំបុត្រព្រះឥន្រ្ទដូច្នោះ ភ័យ ណាស់ផ្អើល ជាន់លើគ្នា ដំរី ក្របី រមាស រមាំង ស្ទុះបោលទៅជាន់ លើពស់ថ្លាន់ជាទំនប់ ដាច់ខ្លួនជាពីរបីកំណាត់ ធ្លាយ ទំនប់លិចទឹកស្លាប់អស់។ សត្វទាំងនោះក៏ជា ចំណីត្រីវិញ។ តាំងអំពីថៃ្ងនោះមកអស់សត្វ ទាំងពួងកោត ខ្លាចប្រាជ្ញាសុភាទន្សាយសុភាទន្សាយ ជាគ្រូបាអាចារ្យ ជាគ្រូបាអាចារ្យទាំងអស់គ្នា។

យោងឯកសារប្រជុំរឿងព្រេងខ្មែរ


Tuesday, December 3, 2013

មាយាដកខ្ញី


មានបុរសម្នាក់ និងស្ដ្រីម្នាក់ជាប្ដីប្រពន្ធ នៅក្នុងស្រុកមួយ ប្ដីជាមនុស្សចិត្តត្រង់ តែគ្មានប្រាជ្ញា ឯនាងប្រពន្ធនោះ ជាស្រីចិត្តមិនត្រង់នឹងប្ដី តែងមានមាយាច្រើន ។ ថ្ងៃមួយនាងប្រពន្ធប្រាថ្នា​ចង់​ជួបនឹងសាហាយណាស់ ដោយឃ្លាតគ្នាយូរហើយ តែមិនដឹងជាធ្វើដូចម្ដេចនឹងទៅជួបបាន​ដោយ​ភូមិនោះឆ្ងាយពីគ្នា បើដើរទៅគេថាខ្មោចលង។ នាងប្រពន្ធក៏និយាយនឹងប្ដីខ្លួនថា៖ «អ្នក! ល្ងាចនេះ​យើងគិតទៅរកទិញមាន់មួយមកធ្វើស៊ីបានម្ដង អ្នកចង់ស៊ីទេ?។ ប្ដីតបវិញថា «ចង់ស៊ីដែរ» ប្រពន្ធថា «ខ្ញុំចង់ស៊ីខួរខ្ញី »។ ប្ដីថា «អើ ! អញក៏ចង់ស៊ីខួរខ្ញីដែរ» ថាហើយក៏បបួលគ្នា​ចុះដើរទៅរកទិញ​មាន់​អ្នកស្រុកនៅភូមិជិតផ្ទះសាហាយនោះ។
ប្ដី និង ប្រពន្ធបបួលគ្នាសួររកទិញគ្រប់តែផ្ទះ។ នាងប្រពន្ធដើរបែកពីប្ដីទៅជួប នឹងសាហាយវា​និយាយកិច្ចកលផ្សេងៗ រួចមកជួបនឹងប្ដីវិញហើយប្រាប់ប្ដីថា អ្នក!ផ្ទះឯណោះគេមានមាន់លក់​គេ​ប្រាប់ខ្ញុំម៉ិញ»។ ប្ដីព្រមទៅតាមប្រពន្ធប្រាប់ក៏ទិញបានមេមាន់មួយយួរត្រលប់ទៅផ្ទះវិញ។ ពេលនោះ​​​ ជាពេលព្រលប់ ទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែនាងប្រពន្ធធ្វើមាយាគត់ទ្រូងថា «ឱ! អ្នក​អើយ​ភ្លេច​​ដូចគេលត់ទៅហើយ»។ ប្ដីសួរថា «ភ្លេចអ្វី ?»។ ប្រពន្ធថា «ភ្លេចខ្ញីទៅហើយអ្នក បើដូច្នោះ​អ្នក​អែងនៅនេះសិនចុះ ខ្ញុំរត់ទៅវាឆាប់» ហើយនាងនោះរត់ទៅ ប្ដីក៏ឈរចាំប្រពន្ធ។
ឯនាងប្រពន្ធកាលណាឃ្លាតពីប្ដីហើយ ក៏គេចទៅជួបប្រុសសាហាយខ្លួន ហេតុតែរឭកសា​​​ហាយ​ខ្លាំងណាស់ក៏ប្រះដេកទៅដី មិនរកផ្ទះសំបែងទេ ដោយប្រញាប់ទៅជួបប្ដីវិញ។ ឯប្រុស​សាហាយ​នោះក៏ទទួលភារ:នាងនោះទៅរួច នាងនោះយកខ្ញីពីសាហាយ ហើយផ្ដាំថា «ល្ងាចនេះ​អោយអ្នក​ឯងចាំមើល បើមានពេលស្រួលចូលទៅដេកម្ដងទៀតចុះ» និយាយកិច្ចការសព្វគ្រប់​  ហើយ​នាង​នោះ​ក៏ត្រលប់មកឯប្ដីដើម។
កាលដែលនាងប្រះដេកនោះ ដីក៏នៅប្រលាក់ជាប់ នឹងខ្នងមិនទាន់បោសនៅឡើយ ព្រោះដើរមក​​​ដោយប្រញាប់ លុះដើរមកដល់ប្ដីខ្លួនហើយក៏សើចក្អាកក្អាយ និយាយទៅកាន់ប្ដីខ្លួនថា «អ្នក​ឃើញ​ម៉ិញប្រហែលជាសើចដាច់ខ្យល់ហើយ»។ ប្ដីសួរថា «សើចអី ?»។ ប្រពន្ធតបថា «ឯអ្នកមើល​ខ្នងខ្ញុំ បោសអោយបន្តិចណា! ហ្នឹងហើយខ្ញុំដកខ្ញីទៅ វារបូតដៃទាំងអស់មក ខ្ញុំដួលផ្ងារទៅក្រោយ​បះ​ជើងច្រោង បានជាប្រលាក់ខ្នងខ្ញុំអស់»។ 
ប្ដីមិនដឹងក៏បោសខ្នងអោយប្រពន្ធទៅរួចហើយនាំគ្នាដើរទៅផ្ទះ ធ្វើបាយ និងធ្វើមាន់ស៊ី ធ្វើរួច​ហើយពេល​ងងឹតស៊ីបាយរួច​ប្រពន្ធនិយាយនឹងប្ដីថា «អ្នកផ្លុំប៉ីទៅខ្ញុំនឹងស្ដាប់» ប្ដីក៏យកប៉ីមកផ្លុំ។ ប្រពន្ធដេកស្ដាប់ៗ បន្តិចទៅក៏កិលមកដេកលើភ្លៅប្ដីហើយថា «ពិរោះណាស់អ្នក ! អ្នកផ្លុំប៉ី​មើលរន្ធ​ដែររឺទេ ? បើអ្នកមិនមើលរន្ធ ធ្វើម្ដេចនឹងចាប់បើកបិទត្រូវទំនុក ?»។ ប្ដីតបថា «ទេមិនបាច់មើលរន្ធទេ ព្រោះដៃចាំស្ទាត់ហើយ ចំនាំរន្ធផង»។ ប្រពន្ធថា «បើដូច្នេះខ្ញុំបិទភ្នែកអ្នកទាំងពីរមើល​អ្នកនៅ​តែផ្លុំ​ពិរោះដដែលរឺទេ?។ ប្ដីតបថា «បិទចុះ ផ្លុំក៏នៅពិរោះដូចមុនដែរ»។ 
ប្រពន្ធយកដៃបិទភ្នែកប្ដីខ្លួនទាំងពីរ រួចហើយក៏កន្ធែកជើងអោយសាហាយនោះឃើញ។ ប្រុស​សាហាយឃើញ សាហាយខ្លួនបិទភ្នែកប្ដីបានហើយ កន្ធែកជើងអោយសញ្ញាដូច្នោះ ក៏ចូលទៅ​រួម​សង្វាសនឹងនាងនោះទៀត ។ លុះសាហាយនោះថយចេញ ទើបប្រពន្ធលែងបិទភ្នែកប្ដី។ ប្ដីនោះ​ក៏មិនដឹងដល់ កិច្ចកលនោះឡើយ ។ ព្រោះហេតុនេះ បានជាមានពាក្យបុរាណថា មាយាដកខ្ញីមាន​​ទាំងទំនុកច្រើនផងថា ៖
 «ស្រីអើយនាងស្រី ស្រស់ទៅដកខ្ញី ដកដួលទាំងខ្លួន
កាលដកលើកមុន តូចតន់លាក់ខ្លួន ដកក្រោយសំនួន
ផ្ទួនឲ្យប្ដីស្ដាប់។ ប្ដីនាងអ្នកផ្លុំ នាងសុំធ្វើត្រាប់
បន្ទរអឺងអាប់ ចប់បទអុំទូក»

កុំពត់ស្រលៅ កុំប្រដៅស្រីខូច


(សម្រង់ចេញពី សៀវភៅប្រជុំរឿងព្រេងខ្មែរ)

Monday, December 2, 2013

រឿង ចៅអាចម៍សេះ


មាន​បុរស​ម្នាក់​ អ្នក​ស្រុក​គេ​ហៅ​ថា ចៅ​អាចម៍​សេះ ព្រោះ​នៅ​ខ្ញុំ​សេដ្ឋី​គេ​ឲ្យ​ឃ្វាល​សេះ​ប្រហែល​​​​ ជា​៥០​ក្បាល​ គេ​ឲ្យ​ទៅ​សង់​ខ្ទម​នៅ​បៀត​មាត់​ទន្លេ ។ បុរស​នោះ​ព្យាយាម​រំឭក​គុណ​ព្រះ​ពុទ្ធ​ ទោះ​ឃ្វាល​សេះ​ក្ដី​ ធ្វើ​ការ​អ្វី​ក្ដី​ តែង​ទន្ទេញ​ជាប់ «អញ​ទៅ​ដេញ​សេះ​ សម្មា​សម្ពុទ្ធោ​, អញ​ទៅ​លើក​អាចម៍​សេះ​ សម្មា​សម្ពុទ្ធោ» ធ្វើ​ការ​អ្វី​ៗ​ក៏​ទន្ទេញ​ថា​ «សម្មា​សម្ពុទ្ធោ​»​ ដូច្នេះ​ដរាប​ទៅ ។ ឯ​អាចម៍​សេះ​នោះ​ទៀត​បុរស​មិន​លើក​ចោល​ទេ​ តែង​កើប​ច្រក​ការុង​ទុក​ បាន​ជា​ច្រើន ។

ថ្ងៃ​មួយ​ មាន​សំពៅ​ ៥០០​ មក​​​ពី​ស្រុក​ចិន​ នាំ​ទំនិញ​មក​លក់ ។ បុរស​ស្រែក​ហៅ​ថា ឲ្យ​ចូល​មក​ នេះ​សិន។ លុះ​សំពៅ​ចូល​មក​សួរ​ថា « អ្នក​រាល់​គ្នា​ បើក​សំពៅ​មក​ពី​ណា ? »។ នាយ​សំពៅ​ថា «មក​​​​​​  ពី​ស្រុក​ចិន»។ បុរស​ថា « អ្នក​ស្គាល់​ស្ដេច​ក្រុង​ចិន​ទេ ? »។ នាយ​សំពៅ​ថា « ស្គាល់​ ព្រោះ​ខ្ញុំ​នៅ​ជិត​​ព្រះ​រាជ​វាំង​ដែរ »។ បុរស​ថា «ស្ដេច​ក្រុង​ចិន​នោះ​ ជា​ក្លើអញ​ ហើយ​ជា​មិត្រ​សម្លាញ់​ថ្ងៃ​មុន​រៀង​មក​ ​​​​     បើ​អ្នក​ត្រឡប់​ទៅ​ស្រុក​ចិន​វិញ​ អញ​ផ្ញើរ​របស់​ទៅ​ក្លើ​អញ​ផង » ។ នាយ​សំពៅ​នោះ​ឆ្លើយ​ថា​ បាទ ! ហើយ​នាំ​គ្នា​ចេញ​សំពៅ​ទៅ​លក់​ដូរ, មិន​យូរ​ប៉ុន្មាន​ នាយ​សំពៅ​ត្រឡប់​មក​វិញ​ ចូល​ទៅ​រក​បុរស​​​ ​​​​ នោះ​ សួរ​ថា «អ្នក​ឯង​បាន​អ្វី​ផ្ញើរ​ទៅ? យក​មក​ខ្ញុំ​ទៅ​ឥឡូវ​ហើយ » ។ បុរស​ថា​«ខ្វះ​អ្វី​ ខ្ញុំ​រៀប​ដាក់​ក្នុង​ការុង​បម្រុង​ផ្ញើរ​ទៅ»។ នាយ​សំពៅ​ក៏​ប្រើ​ជើង​ឈ្នួល​ឲ្យ​ជញ្ជូន​ដាក់​សំពៅ​ នូវ​របស់​ប្រហែល​​ ៤០០​ការុង​ ដែល​សុទ្ធ​តែ​ការុង​ពេញ​ដោយ​អាចម៍​សេះ​ ហើយ​ក៏​លា​បុរស​នោះ​ ចេញ​សំពៅ​ទៅ​ស្រុក​ចិន, ដល់​ទៅ​ដំណាក់​ផែ​ស្ដេច​ក្រុង​ចិន​ ហើយ​ក៏​បោះ​យុថ្កា​ ឡើង​ទៅ​ក្រាប​ទូល​ថា « មាន​ក្លើ​ព្រះ​អង្គ​ ផ្ញើរ​របស់​ពី​ស្រុក​ខ្មែរ​មក​ថ្វាយ​ ដាក់​នឹង​ការុង​ច្រើន​ណាស់ » ។ ស្ដេច​ក្រុង​ចិន​ឆ្ងល់​ថា » អញ​មិន​ដែល​​​   ទៅ​ស្រុក​ខ្មែរ​ទេ​ អញ​មាន​ក្លើ​ឯ​ណា​នៅ​ស្រុក​ខ្មែរ ? » ក៏​មាន​ព្រះ​បន្ទូល​ឲ្យ​ទៅ​ជញ្ជូន​ការុង​អាចម៍​សេះ​នោះ​ មក​ដាក់​គរ​នៅ​មុខ​ព្រះ​លាន​ ទ្រង់​ឲ្យ​ស្រាយ​មាត់​ការុង​ចាក់​មើល​ តើ​ជា​របស់​អ្វី​ខ្លះ​ ដល់​​​  ស្រាយ​ទៅ​ ឃើញ​សុទ្ធ​តែ​ដុំ​មាស​គ្រប់​ការុង ។ ស្ដេច​មាន​ព្រះ​ទ័យ​ត្រេកអរ​រក​ទី​បំផុត​គ្មាន​ ក៏​ទ្រង់​​  គិត​ក្នុង​ព្រះ​ចិន្ដា​ថា «នឹង​បាន​អ្វី​ផ្ញើរ​ទៅ​គេ​វិញ, មាន​តែ​ព្រះ​រាជ​បុត្រី​មួយ​ ព្រះ​ជន្ម​ ១៨​ ឆ្នាំ​ ព្រះ​រូប​      ព្រះ​ឆោម​ល្អ​លើស​ស្រី​ទាំង​អស់​ គិត​ផ្ញើរ​ទៅ​ឲ្យ​គេ, ហើយ​ក៏​ទ្រង់​ចាត់​ឲ្យ​ជាង​ធ្វើ​ស្គរ​មួយ​យ៉ាង​ធំ​​  ពាស​ស្បែក​សត្វ​ទាំង​សង​ ខាង​ តែ​ឲ្យ​មាន​កន្លែង​បើក​ចេញ​ចូល​ម្ខាង​បាន​ ហើយ​ក៏​ដាក់​ព្រះ​រាជ​   បុត្រី​នោះ​ទៅ​ក្នុង​ស្គរ​ មាន​ទាំង​កន្សែង​បក់​បោយ​មួយ​ផង​ ហើយ​ចាត់​បម្រើ​ឲ្យ​បើក​សំពៅ​យក​ទៅ​   ​ ឲ្យ​ចៅ​អាចម៍​សេះ, បម្រើ​ទៅ​ដល់​ហើយ​ ក៏​ស្រែក​ហៅ​បុរស​នោះ​ថា « ស្ដេច​ក្រុង​ចិន​ជា​ក្លើ​ ផ្ញើ​រស្គរ​ មួយ​មក​ឲ្យ​អ្នក​ឯង​វាយ​លេង » ។ បុរស​ឮ​ដូច្នោះ​ក៏​ត្រេកអរ​ណាស់ ។ អ្នក​បម្រើ​យក​ស្គរ​ទៅ​ចង​ ក្នុង​រោង​សេះ​នោះ ។ បុរស​នោះ​ក៏​ចេះ​តែ​វាយ​លេង​ទាំង​និយាយ​ផង​ថា « ក្លើ​អញ​ ស្រឡាញ់​អញ​ផ្ញើរ​    ស្គរ​នេះ​មក​ឲ្យ​អញ​វាយ​លេង » ។ ថ្ងៃ​មួយ​ បុរស​នោះ​វាយ​ស្គរ​ ហើយ​ចេញ​ទៅ​ឃ្វាល​សេះ ។ នាង​ដែល​នៅ​ក្នុង​ស្គរ​ចេញ​មក​ រៀប​បាយ​ទឹក​ទុក​បម្រុង​ឲ្យ​បុរស​នោះ​ ហើយ​ចូល​ទៅ​ក្នុង​ស្គរ​​វិញ ​ពេល​បុរសនោះត្រលប់មក​វិញ​ឃើញ​បាយ​គិត​ថា «នរណា​អេះ​ មក​រៀប​បាយ​ឲ្យ​អញ​ៗ​ឃ្លាន​បាយ​ អញ​  ស៊ី​ហើយ »។ ឯ​នាង​នោះ​​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ ។ បុរស​នោះ​សង្ស័យ​នឹក​ថា «នរណា​ យក​បាយ​ឲ្យ​អញ​ស៊ី​រាល់​ថ្ងៃ​ម្ល៉េះ ? » ចាំ​លប​មើល​ ក៏​ឃើញ​នាង​ដ៏​មាន​រូប​ល្អ​ឯក​ ចេញ​ពី​ក្នុង​ស្គរ​មក​ ហើយ​បក់​បោយ​កន្សែង​ ឲ្យ​កើត​ជា​អាហារ​ឡើង​មួយ​រំពេច ។ បុរស​នោះ​ក៏​ភ័យ​ស្រែក​ថា «សម្មា​សម្ពុទ្ធោ​ មក​    ពី​ណា​ល្អ​ម្ល៉េះ ? ហើយ​ក៏​រត់​ទៅ ។ នាង​នោះ​ចេញ​តាម​ បុរស​នោះ​ស្រែក​ថា « សម្មា​សម្ពុទ្ធោ​ កុំ​ចាប់​អញ​ អាណិត​អញ​ លែង​អញ​ទៅ » ។ នាង​ថា « ខ្ញុំ​មិន​លែង​ទេ​ អ្នក​ឯង​ជា​ប្ដី​ខ្ញុំ​ហើយ​ ឪពុក​ខ្ញុំ​ ឲ្យ​ខ្ញុំ​   មក​នៅ​ធ្វើ​ជា​ប្រពន្ធ​អ្នក​ឯង​ ព្រោះ​អ្នក​ឯង​បាន​ផ្ញើ​រមាស​ប្រាក់​ ទៅ​ឲ្យ​ឪពុក​ខ្ញុំ​ច្រើន​ណាស់ » ។ បុរស​ ថា «ទេ ! ខ្ញុំ​មិន​យក​ទេ » ។ នាង​នោះ​និយាយ​លួង​លោម​ច្រើន​ដង​ បុរស​ក៏​ស្ងៀម, នាង​ដឹក​ដៃ​បុរស​នោះ​មក​រោង​សេះ​វិញ ។ ក្នុង​វេលា​យប់​នោះ​ នាង​អធិដ្ឋាន​កន្សែង​បក់​បោយ​ ហើយ​បក់​ទៅ​ កើត​ជា​ប្រាសាទ​រាជ​វាំង​ មាន​មនុស្ស​គឹក​កង​រំពង​នៅ​ក្នុង​នោះ។ ចៅ​អាចម៍​សេះ​ ហើយ​និង​នាង​នោះ​ ក៏​នៅ​លើ​ប្រាសាទ​ មាន​មនុស្ស​បម្រើ​ឆ្វេង​ស្ដាំ ។ អ្នក​ស្រុក​ទាំង​ពួង​ឃើញ​ហើយ​ ភ្ញាក់​ផ្អើល​គ្រប់​គ្នា​ ក៏​រត់​ ទៅ​ប្រាប់​សេដ្ឋី​ជា​ចៅហ្វាយ​បុរស​នោះ​ថា « មាន​កើត​ប្រាសាទ​រាជ​វាំង​ ត្រង់​ខ្ទម​ចៅ​អាចម៍​សេះ​នោះ​ច្រើន​ណាស់ » ។ សេដ្ឋី​សង្ស័យ​ រត់​ទៅ​មើល​ឃើញ​ហើយ​ក៏​ភិត​ភ័យ​ រត់​ទៅ​ទូល​ស្ដេច​តាម​រឿង ។

ស្ដេច​ទ្រង់​ជ្រាប​ ទ្រង់​ចាត់​បម្រើ​ ឲ្យ​ទៅ​ពិនិត្យ​មើល​ ឃើញ​ពិត​ដូច្នោះ​មែន​ ក៏​មាន​ព្រះ​ទ័យ​ទោម​នស្ស​ជា​ខ្លាំង​ថា « ឈ្មោះ​ណា​ ហ៊ាន​មក​សាង​ប្រាសាទ​រាជ​វាំង​ក្នុង​នគរ​អញ​ មាន​តែ​អញ​ទេ​ជា​ស្ដេច​ក្នុង​នគរ​នេះ » ទើប​ទ្រង់​ប្រជុំ​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ មាន​ព្រះ​បន្ទូល​ចាត់​ឲ្យ​រៀប​រេហ៍​ពល​ លើក​ទៅ​ ចាប់​ទាំង​ព្រះ​អង្គ​ក៏​ស្ដេច​យាង​ជា​មួយ​ផង ។ វេលា​នោះ​មាន​បម្រើ​ទៅ​ប្រាប់​ចៅ​អាចម៍​សេះ​ហើយ​   នឹង​ប្រពន្ធ​ចៅ​អាចម៍​សេះ​បាន​ឮ​ ក៏​មាន​សេចក្ដី​ភិត​ភ័យ​ណាស់ ។ នាង​ប្រាប់​ប្ដី​ថា « កុំ​ឲ្យ​ភ័យ​ទុក​    ងារ​ឲ្យ​ខ្ញុំ​ច្បាំង​នឹង​ស្ដេច​នេះ​វិញ​ នាង​ក៏​រៀប​ខ្លួន​ចេញ​ទៅ​ ហើយ​អធិដ្ឋាន​កន្សែង​បក់​ កន្សែង​បោយ​  ឲ្យ​ស្ដេច​បរាជ័យ​ ព្រម​ទាំង​រេហ៍ពល ។
ចៅ​អាចម៍​សេះ​និង​នាង​នោះ​ បាន​សោយ​រាជ្យ​ជា​ស្ដេច​ ដោយ​អំណាច​ដឹង​គុណ​ព្រះ​ពុទ្ធ ។

«ការ​ខំ​ប្រឹង​ប្រែង​ តែង​មាន​ផល​ច្រើន » ​

(ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)

រដូវ