Saturday, April 27, 2019

«លេងក្មេងវាបាក់យស លេងពស់វាចឹក»

«លេងក្មេងវាបាក់យស លេងពស់វាចឹក»
(បទពាក្យ ៧)
ក្មេងតែងឡេះឡោះមិនអស់ចិត្ត 
ព្រោះដ្បិតគិតចង់តែក្អាកក្អាយ
ធ្វើម៉េចឲ្យមានការសប្បាយ
ពុំចេះខ្វល់ខ្វាយរឿងអ្វីទៀត។

ចាស់ថាលេងក្មេងវាបាក់យស
ក៏ព្រោះបានដឹងពីមារយាទ
បើលេងសើចម្ដងហើយម្ដងទៀត
ពុំឃ្លាតពីក្មេងបញ្ចោរជេរ។
ពេលនោះនឹងកើតក្ដីអាម៉ាស់
យ៉ាងប្រាកដណាស់មិនតិចទេ
ត្បិតអីក្មេងយំដៀលដល់មេ (១)
រមែងរែងរេយសឱនអាប់។

រីពស់អាសិរពិសកំណាច
អ្នកដែលមិនខ្លាចលូកលចាប់
ចុចចាក់ប្រឡែងលេងយូរឆាប់
គង់ពស់ចឹកប្លាប់ពុំខានឡើយ។
(១) មេ = ម៉ែ (ជេរម្ដាយ,ជេរម្រ៉ាយ)។