Saturday, April 27, 2019

«លេងក្មេងវាបាក់យស លេងពស់វាចឹក»

«លេងក្មេងវាបាក់យស លេងពស់វាចឹក»
(បទពាក្យ ៧)
ក្មេងតែងឡេះឡោះមិនអស់ចិត្ត 
ព្រោះដ្បិតគិតចង់តែក្អាកក្អាយ
ធ្វើម៉េចឲ្យមានការសប្បាយ
ពុំចេះខ្វល់ខ្វាយរឿងអ្វីទៀត។

ចាស់ថាលេងក្មេងវាបាក់យស
ក៏ព្រោះបានដឹងពីមារយាទ
បើលេងសើចម្ដងហើយម្ដងទៀត
ពុំឃ្លាតពីក្មេងបញ្ចោរជេរ។
ពេលនោះនឹងកើតក្ដីអាម៉ាស់
យ៉ាងប្រាកដណាស់មិនតិចទេ
ត្បិតអីក្មេងយំដៀលដល់មេ (១)
រមែងរែងរេយសឱនអាប់។

រីពស់អាសិរពិសកំណាច
អ្នកដែលមិនខ្លាចលូកលចាប់
ចុចចាក់ប្រឡែងលេងយូរឆាប់
គង់ពស់ចឹកប្លាប់ពុំខានឡើយ។
(១) មេ = ម៉ែ (ជេរម្ដាយ,ជេរម្រ៉ាយ)។


Wednesday, December 19, 2018

តម្រាពណ៌ប្រចាំថ្ងៃរបស់ខ្មែរ

(បទពាក្យ ៧)

ចន្ទប្រចក្សស្បាន់កាន់លឿងទុំ
អង្គារសមរម្យចំពណ៌ស្វាយ
ថ្ងៃពុធស៊ីលាបរៀបរៀងអាយ
ព្រហស្បតិ៍ស្រស់ស្រាយបៃតងស្រេច។

ថ្ងៃសុក្រនិលនាវខៀវសក្ដិសម
សៅរ៍ចំអម្ពិលទុំចាំបាច់
អាទិត្យក្រហមល្មមសម្រេច
មានស្រេចមកស្រាប់ជាប់បន្ត ។

ខេមរដូនតាចារកំណត់
គូរកត់ចំណាំចាំតំណ
ពណ៌មានប្រាំពីរស៊ីបវរ
បន្ទាប់ជាប់តល្អតាមថ្ងៃ។

លោកបានរំលែកចែកតាមថ្នាក់
លំដាប់តាមថ្នាក់ជាក់ថ្លាថ្លៃ
មិនឱ្យច្រឡំនាំសង្ស័យ
រចនាពណ៌ច្នៃលៃតាមកាល។

រីប្រើពណ៌អ្វីក្នុងថ្ងៃណា
ខុសពីតម្រាចារដំណាល
គ្មានអ្នកឯណាឆ្អន់ឈឺឆ្អាល
សម្រេចសម្រាលខ្លួនឯងចុះ។


Thursday, May 12, 2016

សូមឲ្យមានកម្លាំងដូចស្រមោច - សូមឲ្យមានឫទ្ធិដូចខ្មោច - សូម ឲ្យមានចិត្តមុតដូចមនុស្សស្រី



តើមានដឹងថា ពាក្យ ៣ ឃ្លាខាងលើនេះ មានដើមកំណើតមកពី
ណា ? ។ វាមានការទាក់ទងទៅនឹង ទីអាស្រមបទមួយកន្លែងឈ្មោះ
យោគេន្ទ្រាល័យ (តាមព្រេងនិទាន) ដែល នៅលើកំពូលភ្នំជីសូរ
នាខេត្តតាកែវ ។ អំពីប្រវត្តិនៃប្រាសាទភ្នំជីសូរ មានអំណះអំណាង
ពីរ មួយតាមសិលាចារិក និងមួយទៀតតាមរឿងព្រេងនិទាន ។

ពាក្យសុភាសិតបីឃ្លាខាងលើ គឺមាននៅក្នុងព្រេងនិទាននេះឯង មាន
ដំណាលមកថា ៖ កាលនោះ មានក្សត្រមួយព្រះអង្គ ព្រះនាមសុរិយា-
ទេវេស បានកសាងព្រះរាជនិវេសន៍នៅក្បែរជើងភ្នំមួយ (ភ្នំជីសូរសព្វ
ថ្ងៃ), មានបឹងធំមួយហៅថា "ទន្លេឱម" នៅជាប់ពីខាងកើត ។ រាជ
និវេសន៍នេះ ស្ថិតនៅកណ្ដាលព្រៃមួយ ហៅថា ព្រៃសែនភូវាំង ក្រោយ
ពែលសាងរួចហើយ ព្រះរាជាទ្រង់ប្រារព្ធធ្វើពិធីចម្រើនព្រះកេសព្រះ
រាជឱរស (បុត្របង្កើត) របស់ព្រះអង្គ ។ មានពពួកព្រាហ្មណ៍ព្រឹទ្ធា
ចារ្យ ចូលថ្វាយសព្ទសាធុការពរ ចំពោះព្រះរាជឱរស បន្តបន្ទាប់គ្នា ។
ពេលនោះ មានព្រាហ្មណ៍ម្នាក់ ជាអធិបតីក្នុងពិធីនេះ បានចូលទៅ
ថ្វាយព្រះពរក្រោយគេ មានសេចក្ដី ៣ ប្រការថា ៖ - សូមឲ្យមាន
កម្លាំងដូចស្រមោច - សូមឲ្យមានឫទ្ធិដូចខ្មោច - សូមឲ្យមានចិត្តមុត
ដូចមនុស្សស្រី

ទ្រង់ព្រះសណ្ដាប់ឃ្លានេះចប់ ព្រះរាជាទ្រង់ក្រោធនឹងព្រាហ្មណ៍មួយ
រំពេច, ប៉ុន្តែ ព្រាហ្មណ៍ សុំព្រះរាជានុញ្ញាត ធ្វើជាពិសោធន៍យកជា
បន្ទាល់ ថ្វាយព្រះអង្គទ្រង់យល់សិន ។ ព្រះមហាក្សត្រទ្រង់ប្រោស
ប្រទានតាមសេចក្ដីសុំ ។

ដំបូង ត្រង់ពរថា « ឲ្យមានកម្លាំងដូចស្រមោច » ព្រាហ្មណ៍បង្គាប់ឲ្យ
ធ្វើរូបដែកមួយ ប៉ុនខ្លួនមនុស្សម្នាក់ ហើយហៅមនុស្សម្នាក់ ឲ្យមក
លើករូបដែកនេះល្បងមើល តែលើកមិនរួចសោះ ។ រួចព្រាហ្មណ៍
ឲ្យយកម្ជុលមួយប៉ុនខ្លួនស្រមោច មកកាត់យកប្រវែងប៉ុនស្រមោច,
ប្រឡាក់ទឹកឃ្មុំ ហើយយកទៅដាក់ឲ្យស្រមោចរោម, ពេលនោះ
ស្រមោចមួយក៏ពាំកំណាត់ម្ជុលនោះបាត់ទៅ ។ ព្រាហ្មណ៍ ក្រាប
បង្គំទូលព្រះមហាក្សត្រថា « ក្រាបទូល នេះហើយ ដែលថា កម្លាំង
ដូចស្រមោច» ។

ពរ ទី ២ ដែលថា « មានឫទ្ធិដូចខ្មោច » ព្រាហ្មណ៍ ឲ្យគេយកខ្មោច
ស្លាប់តៃហោង ៧ យ៉ាង គឺ ស្លាប់ដោយសម្រាលកូន ១, ដោយពស់
ចឹក ១, ដោយក្របីវ័ធ ១, ដោយរន្ទះបាញ់ ១, ដោយគេលបកាប់ ១,
ដោយលង់ទឹក ១, ដោយចងក ១, ហើយឲ្យយកខ្មោចទាំង ៧ នេះ ទៅ
កប់នៅឆ្ងាយពីភូមិស្រុក រួចហើយឲ្យយកផ្តិលប្រាក់ល្អៗ ទៅកប់នៅ
ចំចន្លោះក្បាលខ្មោចនេះ ។ មិនតែប៉ុណ្ណោះឲ្យយកពែរួត, ពែហ៊ុម, ពែ
ជើងត្រុំ, ពែច្រមុះជ្រូក ជាដើម ទៅតម្រៀបនៅលើកំណប់ក្បាល
ខ្មោចទាំងនោះ ដោយមានដាក់បាយស បាយក្រហម ក្បាលជ្រូក
មាន់ឆ្កាងនៅត្រង់នោះផង, លុះដល់ពេលយប់ស្ងាត់ ព្រាហ្មណ៍ក៏
ប្រើពួកអមាត្យណាម្នាក់ដែលចង់បានផ្តិលប្រាក់ ដែលកប់នោះ ឲ្យ
ទៅជីកយកចុះ ។ ពេលនោះ គ្មាននរណាម្នាក់ ហ៊ានទៅយកផ្តិល
ប្រាក់នោះសោះ (ខ្លាចខ្មោច) ។ ត្រង់នេះ ព្រាហ្មណ៍ ក្រាបទូលព្រះ
រាជាថា « នេះហើយ ដែលហៅថា ៖ មានឫទ្ធិដូចខ្មោច » ។

ចំណែកពរទី ៣ ដែលថា « មានចិត្តមុតដូចមនុស្សស្រី » នោះ,
ព្រាហ្មណ៍បានធ្វើការពិសោធន៍ ដូចតទៅនេះ ។ ដំបូងហៅបុរស
កម្សត់ម្នាក់ មកនិយាយថា ៖ មើល៍ ! សព្វថ្ងៃនេះ អ្នកឯងកម្សត់
តោកយ៉ាក, បើខ្ញុំបង្គាប់ឲ្យអ្នកសម្លាប់ប្រពន្ធអ្នកឯងចោល, ក្នុង
រយៈបីថ្ងៃទៀត ខ្ញុំនឹងតាំងឲ្យអ្នកធ្វើជាមន្ត្រីធំ តើសុខចិត្តឬទេ ?
បុរសសញ្ជឹងគិតមួយសន្ទុះ ក៏ងើបឡើងឆ្លើយថា "ខ្ញុំមិនអាចធ្វើបាន
ទេលោក ! ព្រោះភរិយាខ្ញុំនេះ បានរួមសុខ-ទុក្ខ កម្សត់កម្រនឹងគ្នា
យូរមកហើយ ខ្ញុំមិនងាយបំភ្លេចសេចក្ដីកម្សត់នេះបានទេ ហើយ
មួយទៀត ភរិយាខ្ញុំជាមនុស្សស្រី គ្នាតែងទន់ភ្លន់ជានិច្ច ដូច្នេះហើយ
បានជាខ្ញុំរកដាច់ចិត្តសម្លាប់មិនកើត" ។ ឮសូរឆ្លើយដូច្នេះ ព្រាហ្មណ៍
ក៏ប្រើឲ្យបុរសនេះត្រឡប់ទៅផ្ទះវិញ ។ ថ្ងៃបន្ទាប់មក ព្រាហ្មណ៍ ឲ្យ
អាមាត្យទៅលបហៅនាងជាភរិយាមកសួរម្ដង ។ នាងនោះ មកដល់
ភ្លាម, ព្រាហ្មណ៍ ក៏ចាប់សួរថា ៖ "នែនាង" ប្ដីនាងជាមនុស្សក្រណាស់
អនាគតនាងក៏ពុំមានសង្ឃឹមអ្វីដែរ, ដូច្នេះ ខ្ញុំស្នើស្ងាត់ៗ ជាមួយនាង
ថា បើនាងហ៊ានសម្លាប់ប្ដីនាង ក្នុងរយៈពេលបីថ្ងៃទៀត ខ្ញុំនឹងលើក
នាងជាប្រពន្ធពេញយស ហើយខ្ញុំប្រគល់ដាក់ដៃនាង នូវទ្រព្យសម្បត្តិ
មានតម្លៃទាំងអស់ ។ នាងស្រីនោះ នៅស្ងៀមមួយសន្ទុះ ពុំចេញស្ដី
សោះ, ព្រាហ្មណ៍ព្រឹទ្ធាចារ្យ ក៏អនុញ្ញាតឲ្យនាងយកទៅរេគិតមួយ
ថ្ងៃសិនចុះ ចាំដល់ថ្ងៃស្អែក សឹមមកប្រាប់វិញ ។ នាងស្រីក៏លាចេញ
ទៅ, លុះដល់ថ្ងៃស្អែក ត្រឡប់នាំចម្លើយមកវិញ ។ នាងឆ្លើយជម្រាប
ព្រាហ្មណ៍ នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រថា "ខ្ញុំព្រមធ្វើតាម
លោកហើយ ព្រោះខ្ញុំគ្មានសង្ឃឹមលើប្ដីខ្ញុំទេ បើរកស៊ីនេសាទត្រី
យ៉ាងនេះ" ។

គ្រាន់តែនាងនេះឆ្លើយចប់ភ្លាម, ព្រាហ្មណ៍ព្រឹទ្ធាចារ្យ ក៏ងាកបែរ
យ៉ាងប្រញាប់ ទៅក្រាបទូលព្រះរាជាមួយរំពេចថា « ក្រាបទូល នេះ
ហើយជាបន្ទាល់ ដែលទូលព្រះបង្គំក្រាបទូលថា មានចិត្តមុតដូចស្រី» ។

ព្រះមហាក្សត្រ កាលបើព្រះអង្គបានយល់សព្វគ្រប់បន្ទាល់ តាម
ពាក្យព្រាហ្មណ៍ព្រឹទ្ធាចារ្យរួចហើយ ព្រះអង្គក៏តម្កល់ព្រាហ្មណ៍
នេះជាអ្នកប្រាជ្ញធំ ហើយប្រទានពរតាមសេចក្ដីប្រាថ្នា ។ ពេលនោះ
ព្រាហ្មណ៍ក៏សុំព្រះអង្គអនុញ្ញាតសាងអាស្រមបទ សម្រាប់ពួកព្រា
ហ្មណ៍ ឲ្យបានស្ដុកស្ដម្ភនៅលើកំពូលភ្នំ ដែលជាប់នឹងព្រះរាជនិ
វេសនដ្ឋាននេះ ។ ដោយចង់តបស្នង សងគុណព្រាហ្មណ៍នេះផង, ព្រះ
អង្គ ក៏ទ្រង់ប្រោសព្រះរាជានុញ្ញាត តាមបំណងព្រាហ្មណ៍ ហើយក៏
តាំងជាព្រះគ្រូនៃព្រះរាជបុត្រាតរៀងទៅ ។

ខាងលើនេះ ជាការនិទានមកតៗគ្នា ហើយត្រូវបានចងក្រងបោះពុម្ព
នៅក្នុងសៀវប្រជុំរឿងព្រេងខ្មែរ ភាគទី៦ ។ ចំណែកឯ សិលាចារឹក
របស់បណ្ឌិតសិវាចារ្យ ​សរសេរអំពីការកសាងអាស្រមបទ (ប្រាសាទ
នៅលើភ្នំជីសូរសព្វថ្ងៃ) ថា កាលនោះ ៩៣៩ ស័ក (. . ១០១៧)
ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី ១, លោកបណ្ឌិតសិវាចារ្យ បានចូល
បព្វជ្ជាក្នុងសាសនាព្រាហ្មណ៍ ស្ថិតក្នុងទីអាស្រមបទមួយកន្លែងឈ្មោះ
 យោគេន្ទ្រាល័យ ដែលពពួកអ្នកមានសទ្ធាជំនាន់នោះ បានរួបរួមគ្នា
កសាងឡើង នៅលើកំពូលភ្នំ (គឺជីសូរនេះឯង) ។ បន្ទាប់មក មានមន្ត្រី
ជាន់ខ្ពស់ម្នាក់នាម គម្ដែងអញ ស្រីវិរិន្ទ្រ ដែលជាអ្នកឧបត្ថម្ភអាស្រម
បទ « យោគេន្ទ្រាល័យ»  និងជាឧបដ្ឋាករបស់បណ្ឌិតសិវាចារ្យផង
លោកបានផ្ដើមគំនិត រើតាក់តែងទីអាស្រមនេះ ឲ្យបានធំថ្កុំថ្កើងរុង
រឿងទៀត (....) ។

(....) ដោយមានដំណើរដូច្នេះ ទើបសិលាចារឹកទាំងឡាយនៅលើ
ភ្នំជីសូរ មានចែងអំពីព្រះនាមព្រះរាជាទាំង ៣ អង្គនេះ ។ កាលបើ
បានជាបូជនីយដ្ឋានស្ដុកស្ដម្ភហើយ ពពួកព្រាហ្មណ៍ ដែលទទួល
ភារៈក្នុងកិច្ចការស្ថាបនានេះ បន្តមកពី គម្ដែងអញស្រីវរិន្ទ្រ នោះ
មក ក៏កសាងជាបដិមាករសំខាន់ៗ តម្កល់នៅក្នុងទីនេះ ធ្វើជាទី
សក្ការបូជា សម្រាប់អ្នកផងទូទៅ ។ បដិមាករសំខាន់ជាងគេ ថ្វាយ
នាមថា "វ្ឫសធ្វជ" ដែលជាតំណាងព្រះឥសូរ ហើយមានព្រះនាម
មួយទៀត ដែលនិយាយក្នុងសិលាចារឹកជាញឹកញាប់ ហៅថា

« គម្ដែង ជគត ស្រី សុរ្យវរ្ម័ន ទេវៈ » ។

រ័ត្នន៍ សេនា រៀបរៀង

Saturday, July 26, 2014

«គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ»


(បទកាកគតិ)

គោដំបៅខ្នង ចេញវាលរាល់ដង ចេះតែរអែង
ឃើញបក្សីសត្វ ហើរឆ្វាត់នឹកក្រែង ចុះមកទុំក្លែង
ប្រឡែងដំបៅ។

កុកក្រកក្រសា សេកសារិកា បក្សាក្អែកខ្មៅ
តែងទុំខ្នងគោ ក្រោមថ្ងៃកម្ដៅ សម្លឹងវាលស្មៅ
ចាំចឹកចំណី។

ហេតុនេះសត្វគោ គំនិតគិតធ្លោ គ្មានក្រៅពីអ្វី
បារម្ភចំពុះ របស់បក្សី ខ្វេះខ្វាយក្រញី
ចឹកឆីដំបៅ។

ដូច្នេះពេលណា មានសត្វបក្សា ហើរលើសំដៅ
វាសាយកន្ទុយ បក់រុយបង្អៅ បំបាត់ហ្មងសៅ
នៅក្នុងចិត្តវា។

អ្នកមានកំហុស ដែលធ្លាប់ធ្វើខុស បើទោះបីជា
គ្មានអ្នកណាដឹង គង់នឹងរេរា ចិត្តច្របល់គ្នា
ជារៀងរាល់ថ្ងៃ។

អារម្មណ៍ពិភាល់ គំនិតគិតយល់ សម្គាល់ស្រមៃ
ចេះតែរអៀស រង្កៀសចិត្តក្រៃ រសើបរាល់ថ្ងៃ
ម៉ៃមិនឈប់ឈរ។

ឮគេស្ដីថា រឿងផ្សេងឯណា តវ៉ាបន្ទរ
ការពារខ្លួនឯង ក្រែងកើតវឹកវរ បញ្ជាក់ជំហរ
រក៍លេសគ្រប់យ៉ាង។

ស្ដាប់ពាក្យចាស់ផ្ដាំ ងាយនឹងចំណាំ ចាំជាសម្អាង
ធ្វើការសង្កេត យកហេតុភស្ដុតាង អំណះអំណាង
រូបរាងអ្នកខុស។

រ័ត្នន៍ សេនា (ភូមិកាព្យ)

Tuesday, July 22, 2014

អាទិត្យ


គោបាត់ទើបធ្វើរបង...


(បទពាក្យ ៨ បន្ទាប់ធម្មតា)

វេលាគោបាត់ចាត់ធ្វើរបង
ដល់រៀបប្រឡងទើបប៉ងខ្វល់ខ្វាយ
ពាក្យចាស់បូរាណបានបរិយាយ
ដល់សម័យអាយវាក្លាយជាត្រូវ។

កាលខ្លួននៅរៀនឃ្លានតែដើរលេង
វីវក់វង្វេងលេងហ្គេមដងផ្លូវ
មេរៀនសាលាគឺថាមិនសូវ
សម្ដីម៉ែឪពុំសូវស្ដាប់ទេ។

ប្រឡងមកដល់អំពល់ពេកពិត
ដូចភ្នែកងងិតឥតយល់អ្វីទេ
ជើងត្បូងលិចកើតអើតលបមើលគេ
លួចលាក់គ្នាន់គ្នេសំណេរចម្លង។

គប្បីប្រយ័ត្នមធ្យ័តរៀងរាល់
ទើបផុតអំពល់កង្វល់សៅហ្មង
ស្ថិតស្ថេរគង់វង្សឥតបាត់បង់ផង
ខកខានបំណងម្ដងវេលាណា។

ឧស្សាហ៍រៀនសូត្ររហូតបានចេះ
ជំនាញចំណេះតម្រិះប្រាជ្ញា
មានភាពងាយស្រូលសម្រួលអាត្មា
មិនលំបាកការនាអនាគត។
...................................

(បទពាក្យ ៩ បែបជាប់ទង)

ដល់គោបាត់ចាត់ចែងឈើធ្វើរបង
ពេលកន្លងម្តងមិនខ្វល់ដល់វាឡើយ
ប្រហែសណាស់ចាស់បានផ្តាំចាំទុកហើយ
បែរកន្តើយស្បើយប្រយ័ត្នបាត់គោស្ញេញ។

កាលនៅរៀនឃ្លានតែដើរអើអូនបង
ជិតប្រឡងហ្មងសៅចិត្តគិតមិនចេញ
ខំខ្នះខ្នែងស្វែងរៀនរកយកចំណេញ

ដល់ពេលចេញវិញ្ញាសារហាចង្គ្រុង។ 

Wednesday, July 16, 2014

«សូវស្លាប់បាកុំឱ្យតែស្លាប់មេ សូវលិចទូកកណ្ដាលទន្លេកុំឱ្យតែភ្លើងឆេះផ្ទះ»


((បទពាក្យ ៧))

កូនតូចកូនធំជុំក្នុងគ្រួ
គាប់គួរកក់ក្ដៅនៅនឹងម្ដាយ
ក្រសាវក្រសោបឱបជាប់កាយ
ទោះទីជិតឆ្ងាយខ្វាយខ្វល់ណាស់។

ដូចមេមាន់ប្រុងក្រុងក្រួញក្រាប
ខ្លាចក្រែងខ្លែងឆាបចាប់យកច្បាស់
មេខំតតាំងឃាំងលោតច្រាស
បម្រះស៊ូប្ដូរនឹងសត្រូវ។

ម្ដាយលោកថ្នាក់ថ្នមបីបមស្និទ្ធ
តែងនៅកៀកកិតជិតជាងឪ
ការងារពុកឆ្ងាយចម្ងាយផ្លូវ
តម្រូវអ្នកម្ដាយកាយចិត្តក្បែរ។

ពួកកូនកក់ក្ដៅនៅជិតម្ដាយ
ចំណាយវេលាការពារថែ
ត្រកាលស្នាលស្និទ្ធត្បិតក្ដីស្នេហ៍
ព្រោះអីអ្នកម៉ែនៅក្បែរជាប់។

ឯទូកលិចលង់ក្នុងទន្លេ
ក៏ទេសូន្យសោះអស់ធនទ្រព្យ
យ៉ាងហោចសេសសល់ផលគួរគាប់
នៅជាប់នឹងខ្លួនចួនទីផ្សេង។

បើសិនផ្ទះឆេះផេះផង់ហើយ
គ្មានសល់អ្វីឡើយរលីងធេង
ពេញដោយកង្វល់កលវង្វេង
មិនមែនលេងៗដូចលិចទឹក។

តែសុំចៀសវាងឃ្លៀងទាំងពីរ
សុខដុមរមណីរាល់ល្ងាចព្រឹក
គ្រោះអគ្គីភ័យទូកលិចទឹក
អាសន្នពន្លឹកកុំនឹកនា។

ទាំងមេទាំងបាមហាក្រៃ
គុណលោកថ្លាថ្លៃស្មើៗគ្នា
តោងប្រណិប័តណ៍ថ្វាត់វន្ទា
សួគ៌ាពុំស្មើអើគុណលោក។

រ័ត្នន៍ សេនា

Tuesday, July 15, 2014

ខ្លះៗ អំពី សុភាសិត ពាក្យទំនឹមទំនៀម របស់ខ្មែរ!!


បទពាក្យ ៨ (បន្ទាប់ធម្មតា)

ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ
មានផ្លូវប្រឡាយទើបទឹកហូរលក
ត្រឡាចវារទៅទើបល្ពៅវារមក
មានកើតពីរកសន្សំទុកនៅ។

កុំស៊ីតាមឃ្លានកុំហ៊ានតាមចង់
ផ្លូវវៀចកុំបង់ផ្លូវត្រង់កុំទៅ
ទីទឹកត្រជាក់ត្រីកុំកុះនៅ
ភ្លើងឆេះឆាបទៅតម្រូវមានផ្សែង។

ខិតខំធ្វើគុណមួយរយសំពៅ
ទោសមួយចូលនៅអាស្រូវជាក់ស្ដែង
កាំបិតមិនអាចចិតដងខ្លួនឯង
ហារស្លាក់ខ្ជាក់ស្លែងស្តោះហើយលេបវិញ។

សំណាបយោងដីស្រីយោងបុរស
គុណច្រើនមិនអស់បានទោសទោម្នេញ
មាយាដកខ្ញីគេស្តីជម្រេញ
ទុកមិនចំណេញដកចេញមិនខាត។

ភូតនៅលើហោរចោរនៅលើជាង
ពាក្យចាស់រៀបរៀងទំនៀមបទបាទ
ដំរីជើងបួនគង់មានពេលប្លាត
អ្នកប្រាជ្ញពេញខ្នាតភ្លេចបង់អសារ។

គោលឿនសឹកកស្រីល្អសឹកគូថ
អ្នកពោលពាក្យភូតច្រើនចាញ់អាត្មា
ស្រមោចក៏អាចផ្ដួលដំរីសា
មិនកាន់ច្រវារាទឹករំខាន។

សម្តីសរជាតិមាយាទសរពូជ
មិនអាចគេចរួចពីភ្នែកសណ្តាន
លេងក្មេងបាក់យសលេងពស់មិនខាន
ពស់ចឹកក្ស័យប្រាណលែងបានរស់នៅ។

(បទជាប់ទង)

ខ្មែរភាសិត ស្ថិតនៅនា ជាបន្ទាល់
គ្រប់រូបរាល់ ស្គាល់អត្ថន័យ នៃពាក្យពេចន៍
បុរាណប្រៀប ធៀបសេចក្ដី ស្ដីរំលេច
ន័យជានិច្ច ពេចន៍ឃ្លោងឃ្លា ជាប្រយោគ។

ពាក្យទំនឹម ទឹមទំនៀម បៀមខ្លឹមសារ
ពីដូនតា ចារលៃលក មកគគោក
ជីកកកាយ ស្រាយបញ្ជាក់ គតិលោក
ជាទ្រព្យភោគ លោកបន្សល់ ដល់សព្វថ្ងៃ។


រ័ត្នន៍ សេនា (ភូមិកាព្យ)

ដើរឲ្យមានបី ស្រីដីឲ្យមានបួន


(បទពាក្យ ៧)

ដើរឲ្យមានបីន័យម៉្យាងថា
អាត្មាសម្របស្របទង្វើ
តាមបីមជ្ឈដ្ឋានលំអានធ្វើ
សំដៅទៅលើអំពើខ្លួន។

ទីមួយគោរពមនុស្សថ្នាក់ខ្ពស់
មានទ្រព្យធនយសខ្ពស់មាំមួន
បើប្រណិប័តណ៍បានសមសួន
គាប់ជួនថ្ងៃក្រោយឲ្យអាស្រ័យ។

ទីពីរគឺអ្នកថ្នាក់កណ្ដាល
ស្និទ្ធស្នាលសប្បុរសស្មោះដួងចៃ
រាប់អានឲ្យច្រើនកើនរាល់ថ្ងៃ
អាសន្នយប់ថ្ងៃជួយអាសា។

ទីបីថ្នាក់ទាបក្រោមបង្គាប់
តោងរាប់អានគ្នាជាធម្មតា
ផ្ដល់ឲ្យរង្វាន់គ្រាន់ប្រើការ
កាន់តែឧស្សាហ៍ធ្វើការងារ។

ស្រដីមានបួនជូនបន្ទាប់
គួរគាប់រាប់ដល់រាល់វេលា
កាលៈទេសៈត្រូវសន្ទនា
នេះជាទង្វើធ្វើឲ្យបាន។

ទីមួយចេះស្ដីសសើរគេ
ទីពីរតោងរេគិតប៉ាន់ស្មាន
ហ៊ានស្ដីជំទាស់ដោយក្លាហាន
ឲ្យបានប្រពៃលៃតាមកាល។

ទីបីស្រដីឲ្យងាយយល់
គេអស់ពិភាល់រាល់តំណាល
ទីបួនចេះស្ដីស្របតាមកាល
សម្របសម្រាលកាលជាក់ស្ដែង។
...........................................

មានការបកស្រាយមួយបែបទៀតថា៖ ដើរឲ្យមានបីៈ ទោះបីទៅរស់នៅទីណា
ក៏ដោយ  ដើរទៅកន្លែងណាក៏ដោយ គប្បីកាន់សីលធម៌ ៣ ប្រការខាងក្រោម
ឲ្យជាប់ (កុំឲ្យដាច់) គឺ៖
- កុំកាប់សម្លាប់គេ
- កុំលួច
- កុំសេពកាមគុណ ជាមួយ «កូន-ប្រពន្ធ-ប្តី» របស់គេ ឬថា  « កុំលួចកូន-ប្រពន្ធ
ឬ ប្តី » របស់គេ ។

ស្រដីឲ្យមានបួនៈ សីលធម៌ ៣ ប្រការខាងលើ មិនទាន់គ្រប់គ្រាន់ទេយើងត្រូវកាន់
សីលធម៌ ៤ ប្រការទៀត សម្រាប់ «វាចា» របស់យើង ទើបអាចទទួល «សុខ»
ពេញលេញបាន ។ សីលធម៌ទាំង ៤ នោះគឺ៖
១- កុំនិយាយកុហក (ភូតភរបោកប្រាស)
២- កុំញុះញង់ (ឲ្យគេបែកបាក់គ្នា)
៣- កុំនិយាយដើមគេ
៤- កុំនិយាយពាក្យរោយរាយ (ពាក្យឥតខ្លឹមសារ)។


រ័ត្នន៍ សេនា (ភូមិកាព្យ)

រនាបបាក់យករនាបជួស..


Tuesday, June 24, 2014

បណ្ឌិតអក្សរសាស្ត្រ អភិធជ មហារដ្ឋ គរុ



បណ្ឌិតអក្សរសាស្ដ្រ អភិធជ មហារដ្ឋ គរុ (ប.អ.រ)

ប្រហែលជាអ្នកខ្លះ មិនធ្លាប់ឃើញពាក្យនេះទេ លើកលែងតែអ្នកដែល
ឧស្សាហ៍អានសៀវភៅ ឬឯកសារនានា ទាក់ទងនឹងសម្ដេចព្រះសង្ឃរាជ
ជួន ណាត ទើបធ្លាប់បានឃើញ ។ ជួនកាល ធ្លាប់បានឃើញ ប៉ុន្តែមិន
បានយល់អត្ថន័យនៃពាក្យនេះក៏ថាបាន។

នេះជាគោរមងារ នៃឥស្សរិយយសខ្ពស់បំផុត (លើថ្នាក់អគ្គមហាបណ្ឌិត)
ជាសមណស័ក្ដិរបស់រដ្ឋាភិបាលភូមា សម្រាប់ថ្វាយ ប្រគេន ជូនចំពោះ
ព្រះមហាថេរជាអ្នកប្រាជ្ញ។ រីឯព្រះមហាថេរ ដែលរដ្ឋាភិបាលសហភាព
មីយ៉ាន់ម៉ា (ភូមា) ចាត់ទុកជាកំពូលអ្នកប្រាជ្ញលើផ្នែកអក្សរសាស្ត្រ របស់
ប្រទេសរបស់ខ្លួន កាលពីអំឡុងពេលជិត ៦០ ឆ្នាំមុន ហើយដែលត្រូវ
ទទួលបាននូវឥស្សរិយយសដ៏កំពូលនេះ មិនមែនជាជនជាតិភូមាទេ 
នោះគឺ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ព្រះ
សង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាយើងនេះឯង (តាមឯកសារបាន
មានបញ្ជាក់ទុកមកថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ក៏ជាអ្នកជួយរៀប
ចំអក្សរសាស្ត្រ សម្រាប់ជាតិ ភូមា ផងដែរ)។

បណ្ឌិតអក្សរសាស្ដ្រ អភិធជ មហារដ្ឋ គរុ, អានថា«អៈភិធៈជៈ មៈហារ័ត
ឋៈគុរុ» បា. សំ. ស.; បា. ( ន. ) (អភិទ្ធជ + មហា + រដ្ឋ + គរុ; អភិធ្វជ + 
មហា+ រាឞ្រ្ត + គុរុ) គ្រូនៃមហារដ្ឋដូចជាទង់ដ៏ខ្ពស់។