ក្នុងសម័យមួយនោះ ជារដូវស្រូវទុំ អាប៉ាងទៅដេកចាំស្រូវវា
ទាំងយប់ទាំងថ្ងៃ មានទាំងចាប៉ីមួយទៅផង, វេលាថ្ងៃឡើង
ថែទាំស្រូវ ដល់ពេលយប់ទំនេរ តែងដេញចាប៉ី ហើយស្រែកច្រៀងផង។
លុះច្រៀងរាប់យប់ទៅ មានខ្មោចស្រីក្រ មុំម្នាក់ ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរ
ទៅស្តាប់ ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាង យូរបន្តិចទៅ
អាប៉ាងក្រឡេកទៅក្រោមផ្ទះ ឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើង
អាប៉ាងសួរទៅថា « អាណាអង្គុយក្រោមខ្ទមនេះ?» ។ មេខ្មោចប្រាប់ថា «ខ្ញុំ» ។ អាប៉ាងថា «ប្រហែលជាខ្មោចទេ» ។ មេខ្មោចឆ្លើយថា «ខ្មោចថាមិនខ្មោច»។ អាប៉ាងសួរថា «ហងឯងឈ្មោះអី? មករកអី?» ។ មេខ្មោចឆ្លើយថា «ខ្ញុំឈ្មោះតី, ខ្ញុំមកស្តាប់ថាប៉ី»។ អាប៉ាងថា «ឡើងមក! បើមកស្តាប់ចាប៉ី »
។ មេខ្មោចឡើងទៅអង្គុយជិតអាប៉ាងៗ ក៏ស្រឡាញ់គ្នាយកជាប្តីប្រពន្ធទៅ
។ ដល់រួចស្រូវ មេខ្មោចនោះសួរទៅអាប៉ាងថា «ឥឡូវរួចស្រូវហើយ
តើឯងព្រមយកអញឬទេ? បើឯងមិនយកអញៗ នឹងកាច់យកឯង»
។ អញព្រមយក ប៉ុន្តែចាំអញដឹកស្រូវទៅទុកផ្ទះសិន» ។ លុះអាប៉ាងដឹកស្រូវយកទៅទុករួចហើយ ក៏ត្រឡប់មកយកមេកន្តីនោះវិញ
។ មេកន្តី ក៏នាំអាប៉ាងទៅជម្រាបសួរពួកបងប្អូនខ្មោចទាំងប៉ុន្មាន
រួចក៏នៅជាមួយគ្នាទៅ ។ ប្រហែលជាងមួយខែ ពួកខ្មោចទាំងប៉ុន្មានបបួលគ្នា
ព្រមទាំងអាប៉ាងឲ្យទៅរកបាញ់សត្វមកធ្វើជាអាហារ ។
អាប៉ាងក៏ទៅជាមួយនឹងពួកខ្មោចនោះ លុះទៅដល់កណ្តាលព្រៃដើមត្រថុក
ដែលខ្មោចទាំងពួងសម្គាល់ថា ដើមឈើទាល បានប្រទេះនឹងកង្កែបមួយ
ខ្មោចទាំងនោះស្រែកថា «ប្រយ័ត្នវ៉ីកនយើង!
ដំរីធំណាស់ ទៅហើយ! »។ អាប៉ាងឮគេស្រែកថាដំរី
ក៏ប្រឹងរកមើល មិនឃើញដំរីសោះ ឃើញតែកង្កែបលោតមកត្រង់មុខអាប៉ាងៗ
ក៏ចាប់ដាក់ក្នុងថ្នក់សំពត់ទៅ ។ ខ្មោចអស់នោះ ចេះតែស្រែកថា «ប្រយ័ត្នវ៉ី ដំរីស្តមួយធំណាស់» ហើយស្រែកសួរអាប៉ាងថា
«ឃើញដំរីឬទេ?» ។ អាប៉ាងស្រែកថា
«មិនឃើញទេ!» ។
ពួកខ្មោចក៏នាំគ្នាដើរមកដល់ជិតអាប៉ាងហើយថា «ទៅអាប៉ាងទៅផ្ទះយើង
រកសត្វមិនបានទេ» ។ អាប៉ាងថា «អញបានកង្កែបមួយ»។ ខ្មោចទាំងនោះ សួរទៅអាប៉ាងថា «យ៉ាងដូចម្តេចអាប៉ាងកង្កែបនោះ?
ឯងចែកឲ្យយើងរាល់គ្នាស៊ីផង» ។
អាប៉ាងយកកង្កែបចេញពីថ្នក់ ហើយបង្ហាញទៅពួកខ្មោចនោះ ។ ខ្មោចអស់នោះឃើញ
ក៏នាំគ្នារត់ព្រោងព្រាតអស់ទៅហើយវាមានវាចាថា «ទុកប្តីមីកន្តីឲ្យនៅមិនបានទេ
ព្រោះវាខ្លាំងពូកែណាស់ វាហ៊ានចាប់ដំរីយកទៅដាក់ក្នុងថ្នក់វា, បើដូច្នោះ យើងឲ្យអាប៉ាងនេះនៅមិនបានទេ ឲ្យវាទៅវិញទៅ!»
អាប៉ាងក៏បានរួចខ្លួន ហើយត្រឡប់ទៅផ្ទះវិញ ។
ល្ងង់មើលតែខ្មោច
No comments:
Post a Comment