Tuesday, January 28, 2014

រឿង បុរសកម្ជិលមានប្រពន្ធគ្រប់លក្ខណ៍



មានរឿង​ព្រេង​មួយ​ដំណាល​ថាៈ មាន​បុរស​កម្ជិលម្នាក់​ មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​ មាន​កិរិយា​មារយាទ​ល្អ​
ចេះ​​គោរព​ប្រណិប័តន៍​ប្ដី។ តាំង​ពី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​មក បុរស​កម្ជិលចេះ​តែ​ពី​ដេក​ ដល់​ឃ្លាន​បាយ​ ទើប​ក្រោក​​
ឡើង​ស៊ីៗ​ រួច​ដេក​ទៅ​វិញ​ សូម្បី​ថ្នាំ​ជក់​ក៏​ប្រពន្ធ​មូរ​ឲ្យ​ដែរ។ ប្រពន្ធ​ជា​មនុស្ស​គោរព​ប្រណិប័តន៍​ប្ដី​ មិន​មាន​ពាក្យ​​
អាក្រក់​ទៅ​លើ​ប្ដី​សោះ​ លើក​បាយ​ទឹក​និង​របស់​អ្វី​ឲ្យ​ប្ដី​ សុទ្ធ​តែ​សំពះ
, ដល់​ទៅ​យូរ​ទៅ​ មាន​សេចក្ដី​ក្រីក្រ​ខ្លាំង​
ណាស់​ នាង​នោះ​រក​អ្វី​ចិញ្ចឹម​ពុំ​បាន​សោះ​ឡើយ
, ថ្ងៃ​មួយ​នាង​រៀប​ស្លា​៥​ម៉ាត់​ បារី​៥​ចូល​ទៅ​ក្រាប​សំពះ​ប្ដី​ហើយ​
ថា «ខ្ញុំ​សុំ​ទោស​​​​អ្នក​ប្ដី​ ត្បិត​យើង​សព្វ​ថ្ងៃ​ក្រ​ណាស់​ យើង​មិន​បាន​រក​ស៊ី​ គ្មាន​ទទួល​ទាន​ទេ​ សុំ​ឲ្យ​អ្នក​ទៅ​កាប់​
ឈើ​ ធ្វើ​នង្គ័ល​ រនាស់​ធ្វើ​ស្រែ​នឹង​គេ​ ត្បិត​ដល់​រដូវ​ធ្វើ​ស្រែ​ហើយ » ។ ប្ដី​ថា​ «បើ​ដូច្នោះ​ ឲ្យ​នាង​ដាំ​បាយ​ វេច​ជា​
សំណុំ​ចុះ​ ប្ដី​នឹង​ទៅ​រក​កាប់​ឈើ​ធ្វើ​នង្គ័ល​ រនាស់ » ។ ប្រពន្ធ​ក្រោក​ពី​យប់​ដាំ​បាយ​ វេច​ជា​កញ្ចប់​ មាន​ទាំង​ដឹង​
ពូថៅ​ទៅ​ផង ។ បុរស​កម្ជិលដេក​ទាល់​តែ​ថ្ងៃ​រះ​ ប្រពន្ធ​ពុំ​ហ៊ាន​ដាស់​ ចាំ​ឲ្យ​ក្រោក​ខ្លួន​ឯង
, ដល់​ក្រោក​ហើយ​ ប្រ​
ពន្ធ​ដង​ទឹក​ ទៅ​លប់​មុខ​ឲ្យ​ រួច​ស្រេច​ នាង​ក៏​ហុច​ស្លា​បារី​ នឹង​បាយ​កញ្ចប់​ ព្រម​ទាំង​គ្រឿង​ប្រដាប់​ទៅ​ឲ្យ​ប្ដី ។ បុ​
រស​នោះ​ ក៏​ចុះ​ពី​លើ​ផ្ទះ​ទៅ​ ចូល​ក្នុង​ព្រៃ​រក​ឈើ
, បាន​ឃើញ​ឈើ​មួយ​ដើម​ មាន​មែក​សាខា​ម្លប់​ត្រជាក់​ ក៏​ដាក់​
បាយ​សំណុំ​ ដឹង​ ពូថៅ​ ហើយ​ដេក​គង​អន្ទាក់​ខ្លា​ មើល​ទៅ​លើ​និយាយ​តែ​ម្នាក់​ឯង​ថា « មែក​ឈើ​នេះ​ ត្រូវ​ធ្វើ​ជា​
ផ្នៀងនង្គ័ល
, មែក​នេះ​ត្រូវ​ធ្វើ​ជា​យាម, មែក​​នេះ​ត្រូវ​ធ្វើ​ជា​ដង​ មែក​នេះ​ត្រូវ​ជា​នឹម​ មែក​នេះ​ត្រូវ​ធ្វើ​ជា​រនាស់ ។
គ្រាន់​តែ​ដេក​ថា​ប៉ុណ្ណឹង​ ពេល​ឃ្លាន​បាយ​ក្រោក​ឡើង​ស្រាយ​បាយ​សំណុំ​ស៊ីៗ​រួច​ ដេក​ថា​ដូច​មុន​ទៀត
,ថ្ងៃ​រសៀ​-
ល​​ត្រឡប់​មក​ផ្ទះ​វិញ ។ ប្រពន្ធ​ឃើញ​រត់​ទទួល​យក​គ្រឿង​ប្រដាប់​ នាំ​ប្ដី​ឡើង​ទៅ​លើ​ផ្ទះ​ យក​ទឹក​លាង​ជើង​ឲ្យ​ប្ដី​
ហើយ​សួរ​ថា «អ្នក​ទៅ​បាន​ការ​ដូចម្ដេច​ខ្លះ
 ? ប្ដី​ថា​មិន​ទាន់​បាន​ទេ​នាង! ចាំ​ស្អែក​សឹម​ទៅ​ទៀត​ ដល់​កន្លែង​ដើម​​
ឈើ​នោះ​ហើយ
, រុក្ខ​ទេវតា​ដែល​អាស្រ័យ​នៅ​ទី​នោះ​ ឮ​បុរស​កម្ជិលថា​ដូច្នោះ​ ក៏​ភ័យ​ ខ្លាច​រក​កន្លែង​នៅ​គ្មាន​ ក៏​
គិត​គ្នា​នឹង​តាម​ទៅ​វាយ​សម្លាប់​បុរស​កម្ជិល​នោះ​ ឲ្យ​ស្លាប់​នៅ​មាត់​ជណ្ដើរ​ផ្ទះ​ កុំ​ឲ្យ​វា​មក​កាប់​ឈើ​នេះ​បាន ។ បុ​
រស​នោះ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ រុក្ខទេវតា​ តាម​មក​ដល់​មាត់​របង​ ឃើញ​ប្រពន្ធ​រត់​ទៅ​ទទួល​ប្ដី​ដល់​មាត់​ជណ្ដើរ​
យក​ទឹក​លាង​ជើង​ប្ដី ។ ដោយ​សិរី​សួស្ដី​ប្រពន្ធ​នោះ​ ទេវតា​ចូល​មិន​ចុះ​ មិន​ហ៊ាន​វាយ។ បុរស​នោះ​រួច​ពី​អន្ត​រាយ​
ក៏​ឡើង​ទៅ​លើ​ផ្ទះ​ ប្រពន្ធ​សួរ​ និយាយ​ដូច​មុន​ទៀត​ថា «បាន​សព្វ​​គ្រប់​អស់​ហើយ​ ព្រឹក​នឹង​ទៅ​កាប់ » ។ ទេវតា​
ភ័យ​ណាស់​ថា « បុរស​នោះ​ មុខ​ជា​កាប់​ហើយ​ព្រឹក​នេះ » ក៏​នាំ​គ្នា​មក​និយាយ​អង្វរ​ថា « សុំ​កុំ​កាប់​ឈើ​នោះ»។
បុរស​ថា «អញ​មិន​ព្រម​ទេ​ ព្រឹក​នេះ​អញ​ទៅ​កាប់​ហើយ » ។ ទេវតា​ភ័យ​ណាស់​ ក៏​នាំ​គ្នា​និយាយ​សូក​ ដោយ​
ប្រាប់​ទី​កន្លែង​កំណប់​មាស​ប្រាក់​ ឲ្យ​បុរសៗ​សួរ​ថា « ឲ្យ​កំណប់​ប៉ុន្មាន​កន្លែង
 ? » ។ ទេវតា​ថា​ពីរ​កន្លែង​ បុរស​
ថា «មិន​ព្រម​ទេ
, បើ​៤​កន្លែង​ទើប​ព្រម​ ហើយ​ឲ្យ​ដាក់​ឈើ​សម្គាល់​ឲ្យ​ផង »។ ទេវតា​ក៏​ព្រម​ធ្វើ​តាម​ កុំ​ឲ្យ​តែ​កាប់​​​
ដើម​ឈើ​នោះ ។ បុរស​ថា « បើ​ដូច្នោះ​ ខ្ញុំ​លែង​កាប់
, តែ​ថា​ព្រឹក​នេះ​ ខ្ញុំ​ទៅ​គាស់​កំណប់​នោះ​ហើយ »។ ទេវតា​
ថា « ទៅ​ចុះ​ខ្ញុំ​ដោត​ឈើ​សម្គាល់​ទុក​ឲ្យ »។ ព្រឹក​ឡើង​ប្ដី​ប្រពន្ធ​ នាំ​គ្នា​ទៅ​គាស់​កំណប់​ដែល​​ទេវតា​ឲ្យ
, ក្នុង​កំ​
ណប់​មួយ​ៗ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​ជញ្ជូន​បី​ថ្ងៃ​ បាន​សុទ្ធ​តែ​មាស​និង​ប្រាក់​ចាក់​គរ​ពេញ​ផ្ទះ។នាង​​​នោះ​ ក៏​រៀប​
ចំ​ដាក់​ហិប​ ដាក់​ឡាំង​ មិន​ឲ្យ​អ្នក​ណា​ឃើញ​ ហើយ​ក៏​ជួល​ជាង​ឲ្យ​ធ្វើ​គ្រឿង​ប្រដាប់​ លក់​ជា​ជំនួញ​រឹត​តែ​មាន​​​​
ឡើង​ៗ​ បាន​ជា​សេដ្ឋី​ មាន​មនុស្ស​កុះករ​មូល​មក​នៅ​ពឹង​ពាក់​ជា​ច្រើន​ រាប់​មិន​អស់ ។
ទ្រព្យ​គង់​ត្បិត​ស្រី​ ចេះ​សំចៃ​ទុក 
​ផ្ទះ​ធំ​ស្រណុក​ ត្បិត​ល័ក្ខណ៍​ស្រី​ជា

(ស្រង់ពីប្រជុំរឿងព្រេងខ្មែរ)


No comments:

Post a Comment