(បទពាក្យ ៧)
អ្នកឃ្លានមានចិត្តគិតទាន់ហន់
ចង់បានឆ្អែតឆ្អន់បន្ទាន់ភ្លាម
ដៃជើងឆ្លេឆ្លាមិននៅស្ងៀម
លូកលរវាមទាមទារឆី។
បើឲ្យដាំបាយច្បាស់ជាយ៉ាប់
ព្រោះចង់ឆ្អិនឆាប់គ្មានគិតអ្វី
រោចរុកឧសភ្លើងចង្រ្កានដី
ឃ្មាតខ្មីបង្ខំឲ្យឆាបឆេះ។
បើកគ្របចុះឡើងមើលពិនិត្យ
ខ្វល់គិតថាម៉េចក្រពុះម៉្លេះ
រុញភ្លើងបន្ថែមរិតតែឆេះ
អង្កររីកប្រេះប្រែឆៅខ្លោច។
ពេលវាល់អង្ករកំពប់ខ្ចាយ
ពុំគិតខ្វល់ខ្វាយធ្លាក់ជ្រុះហោច
ព្រោះចិត្តរហន់ទាញរោចបោច
ប្រយោជន៍ខាតបង់ពុំខានឡើយ។
កំពុងកំហឹងខឹងទោសា
ចិន្ដាមិនស្ងប់ស្ងៀមល្ហែល្ហើយ
ប្រើឲ្យលាងចានពុំកើតឡើយ
ទង្គិចបែកស្បើយអស់អន្តរាយ។
ទ្រគោះបោះបោកទង្គិចច្រាន
បែកស្រាំពុំខានចានហូបបាយ
របស់ងាយបែកទុកឲ្យឆ្ងាយ
ដល់ពេលរសាយចាំគិតទៀត។
រីមនុស្សទោសៈទាំងប្រុសស្រី
ធ្វើអ្វីក៏តែងចិត្តចង្អៀត
-ចង្អល់មួរម៉ៅខ្លៅជូរជាតិ
ចោលម្សៀតរមែងតែងទុក្ខា។
អ្នកដែលស្រេកឃ្លានល្មោភលោភលន់
មិនស្កប់គ្រប់គ្រាន់វេលាណា
អំពើធ្វើតាមតម្រូវការ
សម្រាប់អាត្មាអញតែម្នាក់។
ពុំគិតប្រយោជន៍អ្នកដទៃ
លកលៃបន្លំកេងលួចលាក់
បណ្ដាលទៅតាមចិត្តលោភ
លង់ក្នុងអន្ទាក់នៃចំណង់។
No comments:
Post a Comment