ពីព្រេងនាយ
មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន ដល់យូរទៅប្រពន្ធនោះមានសាហាយ នាំមកដេកជាមួយក្នុងផ្ទះតែសព្វថ្ងៃ។
ថ្ងៃមួយប្ដីទៅជីកដំឡូវក្នុងព្រៃដល់ថ្ងៃក្ដៅចូលអាស្រ័យនៅខ្ទមអ្នកតា មួយ។
ប្រពន្ធរៀបឥវ៉ាន់ទៅបន់អ្នកតានោះ អោយទៅធ្វើប្ដីអោយស្លាប់ នឹងយកសាហាយធ្វើប្ដី
រៀបស្រេច ហើយ ក៏យកអីវ៉ាន់នោះ ដើរចូលទៅក្នុងខ្ទមអ្នកតា។ប្ដីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថា
«ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ» គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតា
លបស្ដាប់ប្រពន្ធ ។
ឯប្រពន្ធក៏ចូលទៅអុចទៀនធូប
ហើយនិយាយបន់អ្នកតាថា៖«ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត
សូម អ្នកតាកាច់ប្ដីខ្ញុំអោយស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូក១។ប្ដីលឺដូច្នោះ
ក៏ឆ្លើយឡើងពីក្រោយ អ្នកតាថា៖ « អើបើនាង មានសាហាយ ហើយចង់អោយអញកាច់ប្ដីនាង អោយស្លាប់នោះងាយទេ
វិលទៅផ្ទះវិញត្រូវរកមាន់ក្រាប ទាំងមេទាំងពងមួយសំបុកស្ងោរអោយប្ដីនាងស៊ីទៅវាស្លាប់ហើយ»
មេនោះលឺដូច្នោះស្មានថា អ្នកតាបង្គប់ ក៏ប្រញាប់វិលទៅផ្ទះ រកទិញបានមេមាន់ក្រាបមួយសំបុកស្ងោរទុកអោយប្ដីស៊ី
ដើម្បីអោយស្លាប់ ហើយនឹង យកសហាយ ។
លុះដល់ព្រលប់ប្ដីមកពីជីកដំឡូងដល់ហើយសួរថា៖
«កេហ៍អើយ !បានអីស៊ីបាយ?»។ មេនោះឆ្លើយថា៖
«ខ្ញុំបានមាន់ក្រាបមួយសំបុកស្ងោរទុកអោយអ្នក» ប្ដីថា «រៀបបាយមកស៊ី » ។
ប្រពន្ធក៏លើកបាយទាំងមាន់ ក្រាបមកអោយប្ដីស៊ី
ប្ដីស៊ីអស់មាន់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឹៗ ។ មេនោះអរណាស់ គិតស្មានថាប្ដីឈឺមែន
ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយដ្បិតលឺថ្ងូរ ឯប្ដីក៏ធ្វើជាដេកទៅ
មេនោះគិតស្មានថាប្ដីស្លាប់ ក៏បើកទ្វារនាំយក សាហាយចូលទៅដេកជាមួយ។អ្នកទាំងពីរកំពុងតែនិយាយគ្នាប្ដីក៏ក្រោកឡើងអង្អុយហៅប្រពន្ធមក ប្រាប់ ថា៖«រងារណាស់»។
ឯបុរសសាហាយឃើញប្ដីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុង ពាងធំមួយ
នៅខាងដំនេក សំងំចាំប្ដីនោះដេកខ្លួននឹងចេញពីពាងនោះទៅដេកនឹងស្រីនោះទៀត។
ប្ដីបានឃើញតែធ្វើជាមិនឃើញមិនដឹង
ប្រាប់ប្រពន្ធថា៖ « រងារណាស់ ឯងដាំទឹកអោយគ្នាមុជបន្តិច
នឹង អាលស្លាប់ »មេនោះលឺថា ចង់ស្លាប់ដូច្នោះអរណាស់ ដ្បិតត្រូវ នឹង
ពាក្យដែលទៅបន់អ្នកតា។ លុះប្រពន្ធដាំ ទឹកពុះហើយ ប្ដីថា៖ «ទៅដងទឹកត្រជាត់បាន
១ក្អមមក យកមកលាយ នឹងទឹកក្ដៅនេះ »។
ប្រពន្ធលឺប្ដីប្រើ ដូច្នោះក៏យកក្អមចេញទៅដងទឹក។ ប្ដីឃើញប្រពន្ធទៅបាត់ក៏ក្រោកឡើង
ដើរទៅលើកទឹកពុះ១ខ្ទះនោះយក ទៅស្រោចលើសាហាយនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកធ្វើជាឈឺថ្ងូរហ៊ឹៗទៀត។
មេនោះវិលពីដងទឹកវិញ
មើលទៅឃើញសាហាយត្រូវទឹកក្ដៅរួញសសៃដូចគេដកកចេញពីពាងមកក៏ អោនខ្សឹបថា៖«ថ្វីក៏មិនអោនទៅ
វាមិនទាន់ដេកទេ»។ អានោះនៅឆ្ងក់ដដែល មេនោះយកដៃទៅចាប់ច្រមុះ ទៅត្រូវស្លឹកត្រចៀករហែកជ្រុះទាំងសក់
ទើបដឹងថាប្ដីស្រេចទឹកក្ដៅស្លាប់សាហាយទៅហើយ ក៏ពុំស្ដីយក គ្របពាងមកគ្រប
ហើយយកទឹកមកអោយប្ដីងូត។ ឯប្ដីក៏មិនស្ដីទឹកក៏មិនងូត ប្រាប់ប្រពន្ធថាអញគ្រាន់បើ ហើយ
ហើយហៅប្រពន្ធចូលដេកទៅ ។
លុះព្រឹកព្រហាមឡើង
មេនោះពុំដឹងធ្វើដូចម្ដេច នឹងយកខ្មោចចេញអោយរួចផុតពីផ្ទះ ក៏នឹកឃើញថា «ក្នុងស្រុកនេះមានចោរ
៤នាក់តែងតែលបលូចអីវ៉ាន់អ្នកផងតែសព្វថ្ងៃគ្រប់ភូមិ ដូច្នេះអញនឹងគិតឲ្យចោរ ទាំង ៤នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃអោយបាន»គិត
ហើយក៏ដើរខ្ចីសំពត់ហូលអាវ ព្រែគេយកមកហាលជុំផ្ទះ។ឯចោលទាំង ៤នាក់នោះឃើញហើយគិតថា
«ជើ !មេនេះមានណាស់តើ !យប់ នេះយើង នឹងទៅលួចវាអោយបានកុំខានសព្វថ្ងៃយើងស្មានតែវាក្រ »
។
មេនោះក៏ហាលសំពត់ហាលអាវព្រែនោះ
លុះដល់ពេលល្ងាចយកទៅជួនគេវិញហើយយកខ្សែចងរិត រួចពាង
ខ្មោចនោះអោយជាប់ទុកអោយចោរចូលមកសែងយកទៅ។ ឯចោរ ៤នាក់លុះយប់ក៏បបួលគ្នាទៅ លួច
ចូលទៅរករបស់ទាំងនោះពុំឃើញៗតែពាងមួយចងមាត់ចាប់បើកពុំរួច។ ចោរទាំង
៤នាក់និយាយគ្នា ថា៖ «របស់អស់នេះវាដាក់ក្នុងពាងនេះហើយ បើដូច្នេះយើងត្រូវសែងពាងនេះ»
ថាហើយក៏នាំគ្នាសែងពាង នេះទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល។ អា១លូកដៃទៅត្រូវសក់
ថាវ៉ឹយសូត្រ ដកដៃចេញ។ អា១លូក ដៃ ទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែកច្រមុះ ស្រែកថា
វ៉ឹយខ្មោចទេ ។ អា ១ មិនជឿក៏ល្អដៃទៅទៀតត្រូវ ដើមទ្រូង ដឹងថាខ្មោចមែន ក៏ស្ទះរត់ចោល
ហើយខឹងណាស់ថាដ្បិតមេនោះបញ្ឆោតអោយសែងខ្មោចចោលបាន។ចោរទាំង ៤នាក់គិតគ្នាថា
« យើងឃ្លាំមើលមេនោះ បើឃើញវាដើរម្នាក់វាត្រូវគ្នាយើងចោមរោមចាប់វាវាយ ឲ្យវារាង
កុំអោយវាបញ្ឆោតយើងទៀត ។
ចួនជាថ្ងៃមួយ
មេនោះចុះទៅរកទិញអីវ៉ាន់ ដ្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ។មេនោះដើរដល់ ពាក់កណ្ដាលផ្លូវ
ក៏ជួបចោរទាំង ៤នាក់នេះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវា បញ្ឆោតនោះ។
មេនោះឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំក៏អិតប្រយោជន៍ដែរ
ដ្បិតខ្ញុំទៅទារប្រាក់ពីនាយ សំពៅ ដូច្នេះមក ! អញ្ជើញទៅ នឹងខ្ញុំៗ
ទារប្រាក់បានចែកគ្នាចាយលេង »។
ចោរទាំង ៤ នាក់ឮថាវាទៅទារប្រាក់ដូច្នោះ
ក៏ចូលចិត្តបបួលគ្នាទៅ ។ មេនោះផ្ដាំចោរទាំង ៤នាក់ថា៖
«អស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះអ្នកចុះទៅចុះ
បានប្រាក់ហើយ»។ មេនោះនិយាយផ្ដាំចោរទាំង៤ នាក់ហើយ ក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅលក់ចោរទាំង
៤ នាក់ វាថាចោរនោះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំពៅថា៖ « នុ៎ះហ្ន៎ !
វាទាំង ៤ នាក់បើវាចុះមក ខ្ញុំ ឡើង ទៅលើគោក សូមអ្នកចាប់វាដាក់ច្រវាក់អោយជាប់ទៅ
កុំអោយវារត់រួចបាន»។ នាយសំពៅព្រម ហើយ សួរថា៖ «ខ្ញុំនាងអែងទាំង ៤ នាក់លក់ថ្លៃប៉ុន្មាន?»។
មេនោះថា៖«ម្នាក់ថ្លៃ២ ណែន»។ នាយសំពៅ អោយ ១ណែនកន្លះ វាក៏ព្រមលក់ ហើយចេញមកក្រៅ
បក់ដៃហៅចោរទាំង ៤នាក់។ ចោរទាំងនាក់គិត ស្មានថាវាហៅអោយទៅយកប្រាក់ក៏នាំគ្នាចុះទៅ
ដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សអោយចាស់ ដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នា។
មេនោះក៏យកប្រាក់ឡើងមកបាត់ ។
បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញ
ដល់កណ្ដាលផ្លូវចូលចួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើង ទៅដេកលើដើមឈើធំមួយនៅប្របផ្លូវនោះ។ឯចោរ
៤នាក់នាយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នា ថា៖«ជើ!មេនោះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតអោយយើងសែងខ្មោចទៅចោលក្នុងព្រៃ
ហើយឥលូវវាលក់ យើងបានទៀត» ។
ចោរទាំង៤នាក់ខឹងណាស់កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មក ទាំងយប់នោះ
ចួនជាយប់យូរណាស់ក៏នាំគ្នាឡើង ទៅដេកលើដើមឈើធំ ដែលមេនោះដេក ។
ចោរបីនាក់ ឡើងដេកលើមែកដោយខ្លួន ។ ចោរម្នាក់ឡើងទៅក៏ជួបមេនោះ នៅលើចុងឈើ ។ អាចោរនោះថា៖
«អើហង ឯងស្លាប់ហើយម្ដងនេះ ហងឯងធ្លាប់តែបញ្ឆោតយើងអិលូវហងឯងរត់ចុះបើរួច ។
មេនោះលើកប្រាក់បង្ហាញហើយខ្សឹបថា៖«ណ្ហើយអ្នកកុំស្ដី កុំអោយអ្នកទាំង
៣នាក់ដឹងយើងត្រូវយកគ្នាជាប្ដីប្រពន្ធហើយយកប្រាក់ នេះទៅចាយរកស៊ីស្រួលជាង
អ្នកកុំធ្វើបាបខ្ញុំធ្វើអី» ។ អាចោរដូច្នេះក៏មិន ស្ដីខិតចូលទៅជិតលូកដៃអោប កៀកមេនោះថា៖
«អើ! ប្អូនឯងហៅប្រាជ្ញធំ បញ្ឆោតបងពីរដងហើយ ឥលូវបងបាននាងជាប្រពន្ធដោយ សារព្រេងសំណាងយើង»
និយាយហើយក៏អោបថើបៗ ។ មេនោះពុំប្រកែហើយថា៖
«ខ្ញុំក្រែងអ្នកស្រលាញ់ ខ្ញុំមិនស្មោះ ឯខ្ញុំស្រលាញ់អ្នកស្មោះចិត្តមួយហើយ»។
អាចោរនោះថា៖ «បងស្រលាញ់ស្មោះហើយនាងពុំ ដឹងចិត្តបងចង់អោយបងស្បថរឺអោយបងធ្វើម្ដេច?»។
មេនោះថា៖ «បើស្រលាញ់ចិត្តមួយនឹងគ្នា មានតែ លិទ្ធ អណ្ដាតគ្នា»ទើបមេនោះលៀនអណ្ដាតហើយអោនទៅរកអាចោរនោះ។
ឯអាចោរលិទ្ធអណ្ដាតមេនោះ ហើយលៀនអណ្ដាតឲ្យមេនោះលិទ្ធវិញ។
មេនោះខាំអណ្ដាតអាចោរនោះដាច់អស់មួយកំណាត់ ហើយច្រាន ទំលាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកលឺតែឡុលៗ។
ឯចោរ៣នាក់គិតស្មានថានាយសំពៅចោមចាប់ ក៏ លោតពីរមែកឈើរត់ទៅហើយស្រែកហៅគ្នាថា៖«វ៉ើយគ្នាយើងរត់នាយសំពៅដេញហើយ»។
អាចោរដែល ដាច់អណ្ដាតនោះស្រែកហៅគ្នាវាថា៖«មេនោះ នៅលើចុងឈើត្រូវមកចាប់»ប៉ុន្ដែវាដាច់អណ្ដាតនិយាយមិន ច្បាស់ឮតែឡុលៗ
គ្នាវាគិតស្មានថាគេដេញចាប់ចេះតែរត់យកប្រាសអាយុរៀងៗខ្លួន ។
ឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះអោយប្ដី
នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយទៅ ។
យោងពីសៀវភៅប្រជុំរឿងព្រេងខ្មែរ
No comments:
Post a Comment