កាលពីព្រេងនាយ មានព្រះមហាក្សត្រិយ៍មួយព្រះអង្គ
សោយរាជសម្បត្តិនៅនគរមួយ មានអគ្គមហេសី ជាចមស្រ្តី
មានមន្រ្តីចតុស្ដម្ភ៤នាក់ មានហោរាមួយនាក់ ជាតំណាងព្រះនេត្រ
ព្រះកាណ៌ព្រះអង្គ មានមន្រ្តីនិងស្រីស្នំជារាជបរិពារ ពេញកិត្តិយសជាម្ចាស់ផែនដី
តាមព្រះរាជប្រពៃ ណីអំពីបុរាណរៀងមក ។
ប៉ុន្តែព្រះមហាក្សត្រិយ៍និងចតុស្ដម្ភទាំង៤នាក់ ពុំបានរៀនវេទមន្ត
ខាងការពិជ័យសង្រ្គាម ដូចព្រះរាជាមុនៗមកឡើយ ព្រះអង្គតែងទ្រង់ព្រួយបារម្ភនឹងព្រះមហានគរជាអនេក។
ដោយព្រះរាជានុភាពរបស់ព្រះអង្គ ចេះតែទន់ទាបចុះទ្រង់ក៏រំពឹងថា « បើប្រសិនជាមានសឹកសត្រូវ
ចូលមកលុកលុយដណ្ដើមព្រះនគរ
អញមុខជាព្រះនគរនឹងបានទៅក្នុងកណ្ដាប់ដៃនៃបច្ចាមិត្រដោយងាយពុំខានឡើយ»។
ថ្ងៃមួយ វេលាម៉ោង៨ព្រឹក
ព្រះអង្គទ្រង់យាងចេញកាន់ចុងព្រះរាជរោង ដោយមានព្រះអគ្គមហេសីគង់អែបនែបជិតព្រះអង្គ
ហើយដោយមានហោរាចតុស្ដម្ភទាំង៤នាក់ និងមន្រ្តីឯទៀត
ក្រាបបង្គំគាល់តាមធម្មតា ។ ពេលនោះទ្រង់ភ្នកព្រះទ័យ ចង់ទៅរៀនសិល្បសាស្រ្តក្នុងសំណាក់អាចារ្យទិសាបាមោក្ខ
ឯនគរតក្កសិលា ។ ទ្រង់ក៏ជំនុំជាមួយព្រះអគ្គមហេសី ក៏សុំតាមទៅផង ។
ឯហោរានិងចតុស្ដម្ភទាំង៤នាក់ ក៏សុំតាមហែព្រះអង្គទៅដែរ
ដើម្បីនឹងរៀនមន្តវិជ្ជាឲ្យជំនាញ ដើម្បីរក្សាព្រះនគរ ។
ព្រះអង្គក៏ទ្រង់ព្រះរាជានុញ្ញាត ។ ជំនុំស្រេចហើយ
មានថ្ងៃមួយព្រះអង្គនាំអគ្គមហេសី ហោរា
និងចតុស្ដម្ភទាំង៤នាក់ចេញចាកព្រះនគរ ។ គម្រប់៧ថ្ងៃ ដល់នគរតក្តសិលា
បានជួបនឹងអាចារ្យទិសាបាមោក្ខ ក៏សុំរៀនសិល្បវេទ ។
អាចារ្យទិសាបាមោក្ខទទួលភារៈបង្រៀនព្រះអង្គ ។ ព្រះអគ្គមហេសី
និងហោរាព្រមទាំងចតុស្ដម្ភបានរៀនចេះចប់សព្វគ្រប់ទោះនឹងចង់ក្លែងខ្លួនជាសត្វតិរច្ឆាន
ឬជាយក្សគន្ធព្វសុបណ្ណា ក៏បានដោយងាយ ។ រៀនចេះចប់ស្រេច
ស្ដេចសុំលាលោកអាចារ្យ វិលត្រឡប់មកព្រះនគរវិញ ។ អាចារ្យក៏អនុញ្ញាតិព្រះរាជា
និងព្រះអគ្គមហេសីបានធ្វើព្រះរាជដំណើរ ត្រឡប់មកវិញ ព្រមដោយហោរា
នូវចតុស្ដម្ភទាំងបួននាក់ ។ ទ្រង់ចេញចាកក្រុងតក្កសិលាមកបាន៣ថ្ងៃ
ហេតុតែផលកម្មនាំឲ្យវង្វេងផ្លូវ ទ្រង់យាងត្រាច់កាត់ព្រៃ
អស់ស្បៀងអាហារ សោយតែមើមឈើ និងផ្លែឈើ ។ ព្រះរាជាទ្រង់ស្ដាយព្រះជន្ម
ទ្រង់ក៏ជំនុំគិតជាមួយហោរា ចតុស្ដម្ភទាំង៤នាក់ព្រមទាំងព្រះអគ្គមហេសីថា
«ឥឡូវនេះ
យើងជិតដល់នូវការអស់អាយុសង្ខារគ្រប់គ្នាហើយ
ព្រោះគ្មានអាហារនឹងចិញ្ចឹមជីវិត តើអស់លោកយល់ឃើញដូចម្ដេច»? ។ ហោរាទូលព្រះអង្គថា «ទូលព្រះបង្គំជាខ្ញុំ យល់ឃើញថាមន្តវិជ្ជាដែលយើងបានរៀនមក
សឹងចេះសព្វគ្រប់ដូចគ្នា ហេតុនេះ បើកាឡាខ្លួនជាសត្វខ្លាធំ
ហើយនឹងចាប់សត្វឯទៀតធ្វើជាអាហារទំរាំតែទៅដល់ព្រះនគរ
សឹមកាឡាខ្លួនជាមនុស្សវិញក៏បាន»។ ព្រះរាជា ព្រះមហេសីនូវចតុស្ដម្ភ ក៏ព្រមតាមហោរា ។
ទ្រង់មានព្រះបន្ទូលសួរថា «
ឥឡូវរូបខ្លាទាំងមូលនេះ លោកណាត្រូវកាឡាខ្លួនធ្វើជាអ្វី?» ។ ចតុស្ដម្ភសុំធ្វើជាជើងខ្លាទាំងបួន ។
ហោរាសុំធ្វើជាកន្ទុយ ។ ព្រះអគ្គមហេសីសុំធ្វើជាខ្លួនខ្លា ។
រូបខ្លាទាំងមូលនេះឃើញនៅសល់តែក្បាល គឺតួព្រះមហាក្សត្រិយ៍ ។
ជំនុំរួចស្រេចក៏សូត្រមន្តវិជ្ជាកាឡាខ្លួនកើតជាព្យគ្ឃរាជ (ស្ដេចខ្លា)
បានដូចសេចក្ដីប្រាថ្នា ស្ទុះបោលដេញចាប់សត្វប្រើស ក្ដាន់ជាអាហារ ។
លុះអំឡុងទៅ ក៏កើតមានសេចក្ដីសប្បាយ ភ្លេចរាជសម្បត្តិ
និងព្រះមហានគរពុំស្ដាយសោះ ។
ហេតុនេះ បានជាសត្វខ្លា មានកម្លាំងជាងសត្វឯទៀត
ហើយសត្វខ្លានេះ កាលនឹងចាប់សត្វជាអាហារ
គឺដឹងដោយសារកន្ទុយជាមុនព្រោះជាហោរា ។ ដងខ្លួនដែលទន់ភ្លន់គឺព្រះអគ្គមហេសីជាស្រ្តីភាព
។ ឯក្បាលដែលមើលឃើញសម្បើមអស្ចារ្យ គឺតួអង្គព្រះមហាក្សត្រិយ៍ ដែលមានមហិទ្ធិ
ឫទ្ធិជាងគេទាំងអស់។ឯជើងទាំង៤ដែលមានកម្លាំងខ្លាំងហើយមានក្រចកមុតគឺចតុស្ដម្ភទាំង៤។
យោងពីៈ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ
No comments:
Post a Comment