Wednesday, June 5, 2013

បឹងទុំលែង


បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង ដល់ទៅឃុំគួយជីកដី ក្នុងស្រុក មោងឫស្សី ហើយចុះពីថ្នល់ជាតិតាមផ្លូវខាងជើង​ចេញពីសាលាស្រុកមោងឫស្សី ឈម មុខទៅទិសអាគេ្នយ៍​ចម្ងាយប្រហែលជា ១០ គីឡូម៉ែត្រ ឬដើរចុះពីថ្នល់ជាតិកាត់ត្រង់ស្ថានីយ៍រថ ភ្លើងទៅស្វាយព្រៃ ដែលនៅខាង​កើតសាលាស្រុក មោងឫស្សី ៧ គីឡូម៉ែត្រ រួចឈមមុខ​ទៅទិស ទក្សិណ ចម្ងាយប្រហែលជា ៤គីឡូម៉ែត្រ​យើងនឹងបានឃើញបឹងមួយហៅបឹងទុំលែង មានទទឹង ប្រវែង ១០០ម៉ែត្រ បណ្តោយ ៤០០ម៉ែត្រ។ បឹង​នោះ​សព្វថៃ្ងជាបឹងសក្តិសិទ្ធមានមច្ឆាជាតិ គឺត្រី អណ្ដើក ជាដើម ច្រើនណាស់ ដោយហេតុអ្នកស្រុកពុំហ៊ាន ទៅមក​រកធ្វើនេសាទកម្ម ហើយមាន ទាំងម្រឹគជាតិគឺ ប្រើស ក្ដាន់ ឈ្លូស រមាំង ជាដើម នៅក្នុងព្រៃជុំវិញបឹងនោះផង ជាទីចូលចិត្តដល់ ពពួកអ្នកបរបាញ់ក្រៃពេក។
រឿងព្រេងទាក់ទងនិងដើមកំណើតនៃបឹងនោះ មានដំណាលដូចតទៅ៖
កាលពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គ មានបុណ្យបរមីអស្ចារ្យណាស់។ ថៃ្ងមួយ​ព្រះអង្គគង់​លើសត្វរមាស ជាព្រះរាជយានជាមួយនិងទម័កម្នាក់ឈ្មោះនាយទុំ​ ដើម្បីទៅក្រសាល​និងស្រ្តីម្នាក់ឈ្មោះ ​នាង​   មុខរាហ៍។  លុះទ្រង់ធ្វើព្រះគមនាការទៅដល់ភូមិមួយបានទតព្រះនេត្រ​ទៅឃើញស្រ្តីម្នាក់មានលំនាំ​ប្រហែល​នាងមុខរាហ៍ តែទ្រង់ទតបញ្ជាក់​ទៅទើបទ្រង់ជ្រាបច្បាស់ថា មិនមែននាងមុខរាហ៍ទេ ក៏ទ្រង់យាងចាកចេញពី​ទីនោះហួសទៅទៀត។ កាលទ្រង់យាងហួសទៅ ទ្រង់កាត់សំដៅគេហដ្ឋាន នាងមុខរាហ៍ លុះដល់ហើយសេ្តច​ចុះពីខ្នងរមាស ឲ្យនាយទុំចងរមាស នោះ នៅក្រោមដើមក្រសាំងមួយ ហើយសេ្តចយាងទៅក្រសាលនឹង​នាង​មុខរាហ៍ទៅ។ ឯនាងមុខ រាហ៍ កាលបានសំណេះសំណាលនិងព្រះមហាក្សត្រតាមកាលលោកិយ ហើយក្រាប​បង្គំទូលសួរ ព្រះមហាក្សត្រថា «ព្រះអង្គសេ្តចយាងមកនេះ ដោយយានអ្វី?» ព្រះរាជា ទ្រង់តបថា៖ «បង​​​    
មក​​ដោយរមាស បងចងទុកក្រោមដើមក្រសាំងឯណោះ»។ រមាសស្តាប់មិនច្បាស់ ឮតែថា​រមាស​ក្រសាំង ក៏​នឹកក្នុងចិត្តថា ព្រះមហាក្សត្រថាខ្លួនជាសត្វក្រសាំងទៅវិញ ក៏មានសេចក្តីទោមនស្ស​ដោយនឹកឃើញថា «​​​ អញមានសេចក្តីស្មោះត្រង់និងលោក យកអាសារលោក ខំជូនលោកមក​ទាំងយប់ទាំងអាធ្រាត្រ អត់ដំណេក​ស្រេកបង្គុយ លោកទៅជាថាឯងក្រសាំងទៅវិញ» នឹក​ហើយ​​រមាសក៏បោលផ្តាច់ខែ្សពីដើមក្រសាំងទៅ។ ឯ​នាយទុំក៏ខំរត់តាមជាប់ពីក្រោយរមាសទៅដែរ។
ឯព្រះមហាក្សត្រកាលបើទ្រង់ជ្រាបថា រមាសបោលផ្តាច់ខែ្សដូចេ្នះហើយ សេ្តចក៏ទ្រង់ធ្វើព្រះ​គមនាការ​យាង​ទៅតាមដែរ។ លុះនាយទុំតាមទាន់ត្រង់វាលមួយ ក៏តោងកន្ទុយរមាសជាប់ តែ​រមាសពុំព្រមឈប់សោះ។ នាយ​ទុំបានឈរជ្រែងជើងទប់ដី ដីក៏របើកទាំងផ្ទាំងៗ។​  ព្រះមហា​ក្សត្រ​​ទ្រង់ទតឃើញដូច្នោះ ក៏ទ្រង់ស្រែកទៅពី​ក្រោយ​ថា៖ «ទុំលែងៗ» ទើបនាយទុំលែងរមាស​នោះ។ ឯរមាសក៏បោលចូលព្រៃបាត់ទៅ ជាប់ទាំងអានដែល​នៅលើខ្នង នោះទៅផង។ ព្រះមហា​ក្សត្រទ្រង់ខ្ញាល់ណាស់ ទ្រង់ដាក់បណ្តាសាដល់សត្វរមាសនោះថា ពូជអា​ឯងចាប់ពីថៃ្ងនេះតទៅ ត្រូវស៊ីតែបន្លាជាអាហារ និងផឹកតែទឹកល្អក់ជាដរាប។ ព្រោះហេតុដូចោះឯង បានជានៅ​លើខ្នង​សត្វ​រមាសទាំងឡាយ សព្វថៃ្ងនេះមានស្រទាប់លើខ្នង សណ្ឋានដូចគេចងអានទុក សែ្បកក៏ក្រ​ហេង​ក្រហូងជាច្រើនស្រទាប់ ជាទីជ្រកនៅ នៃពួកសត្វកែ្អប និងខ្ទួយ ហើយស៊ីតែឈើ ឬវល្លិ៏ណា​ដែលមានបន្លា​ជា​អាហារ ផឹកតែទឹកល្អក់ ទោះបីទឹកថ្លា​ក៏វាយកជើងកូរឲ្យទាល់តែល្អក់សិន ទើប​បានផឹក។
ដោយត្រូវបណ្តាសាព្រះមហាក្សត្រ តាំងពីពេលនោះឯងត្រង់កនែ្លងដែលនាយទុំតោង​កន្ទុយ​រមាសឈរ​ជ្រែងជើងធាក់ដីនោះ ក៏ក្លាយជាបឹងមួយ មានទំហំដូចពោលខាងលើ ហៅថា «បឹងទុំ​លែងៗ» ជាប់ដរាបមក​ដល់សព្វថៃ្ងនេះ។ ឯភូមិទីលំនៅរបស់នាងមុខរាហ៍នោះ ក៏មានឈ្មោះ​ប្រា​កដជាប់មកថា ភូមិមុខរាហ៍ ជាដរាប​មកដល់សព្វថៃ្ងនេះដែរ។

យោងតាមសៀវភៅប្រជុំរឿងព្រេង របស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ!!


No comments:

Post a Comment