Sunday, January 5, 2014

រឿង កូនបួននាក់មិនបម្រើឪពុក


ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ។ គាត់មានកូនប្រុស ៤នាក់ មាន​អាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំ យកប្រពន្ធទៀតទេ។ នៅ​ជាមួយនិងកូន ប្រុសៗអស់​​ ១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិន អាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង ហើយយកកូន ប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។
លុះរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឲ្យកូនទី២ចែកទ្រព្យមួយចំណែកឲ្យដូចគ្នា។ តមកគាត់ រៀបការ កូនទី៣ចែកទ្រព្យមួយចំណែកឲ្យទៀត។ លុះដល់ឆ្នាំជាគំរប់៤ ក៏រៀបការឲ្យកូនទី៤ចែកទ្រព្យ មួយចំណែកទៀតដែរ។ នៅសល់តែផ្ទះ១ខ្នងពុំបានចែក គាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យ របស់ឲ្យអស់រលីងពីខ្លួន ដូចេ្នះមកពីគិតថា ឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ី ចិញ្ចឹម វិញរហូតដល់ស្លាប់។ 
ប៉ុនែ្តគំនិតគាត់គិតនេះខុសស្រឡះ ។ កាលដែលគាត់នៅជាមួយកូនប្រុស ៤ នាក់ កូនទាំងនោះស្រ ឡាញ់​បងប្អូន ណាស់ ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ។ លុះបានប្រពន្ធមករៀងខ្លួនហើយ ក៏បែកចិត្តគំនិតផេ្សងៗ ពី គ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្កៀបរមាស់ បន្តិចទាស់នេះ បន្តិច ទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើត ទៅ រកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយ ឲ្យនៅតែឯកោអនាថា។ កាលកូនទាំង៤នាក់ ទើបនិងចុះ ចេញពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយហុច ចំណីតឪពុកបន្តិចបន្តួចរាល់ៗថៃ្ង។ លុះមានកូនខ្ចីគ្រប់គ្នា ជួនពេលប្តីរវល់ ដើរទៅជួញស្រុកឆ្ងាយភរិយា នៅផ្ទះអាងតែប្តីមិននៅ និងអាចមានកូនខ្ចីផង ក៏បង្អង់ជូនបាយទឹកឪពុកកេ្មក ដោយមេខ្លះ គិតថាប្រហែល ប្អូនគេឲ្យហើយ មេខ្លះគិតថា បងឯណោះគេឲ្យហើយ កូនប្រសានាំគ្នាគិតដូចេ្នះតែរៀងៗខ្លួន។ យូរៗ ថៃ្ងទៅតានោះអត់បាយ ១ពេលក៏មាន ១ពេលក៏មាន។
វេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះ បានស្តីបន្ទោសប្រពន្ធ នាងភរិយាខ្លះដោះសាថា កូនឈឺ ខ្លះថាខ្លួន ពុំនៅជាប់ រវល់ទៅជួយញាតិជិតខាង ស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណា ប្តីតាមវាទាំងអស់។ ចំណែក តា ពោះម៉ាយ អត់បាយ គ្មានសំពត់អាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគ រងទុក្ខវេទនាពន់ពេក និង លក់ផ្ទះចាស់ៗពុំបានថៃ្លប៉ុន្មានផង ហើយគ្មានជ្រកនៅផង។ 
កាលនោះមានបុរសម្នាក់នៅកម្លោះ មានចិត្តសប្បុរសហើយជាអ្នករៀនសូត្រ ចេះដឹងច្បាប់ទម្លាប់ ស្គាល់គុណទោស ច្រើន ផ្ទះនៅភូមិជិតគ្នាដើរមកឃើញ តានោះវេទនាដូច្នោះ មានចិត្តអាណិតក្រៃពេក ក៏សាកសួរថា «លោកតា ! ខ្ញុំធ្លាប់ ឃើញលោកតាពីដើម ជាអ្នកមានគ្រាន់បើឪពុកម្តាយក៏ធ្លាប់ទីពឹងលោក តាខ្លះដែរ ម៉េចក៏ឥឡូវលោកតា​វេទនាខ្លាំងម៉េ្លះ ។ ក្រែងលោកតាមានកូនប្រុសមានកូនប្រុសៗដល់ ទៅ៤ នាក់ដែរឫមេ្តចក៏កូននោះវាមើល បំណាំមិនថែទាំលោកតា​សោះ ? ក្រែងទ្រព្យរបស់លោកតាមានសល់ទុក ខ្លះដែរ​ឬ មេ្តចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគ ប្រើ​ប្រាស់?​​» តាចាស់ប្រាប់ទៅវិញថា "ឱ ហ្ន៎ ! លោកចៅអើយ ! លាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើ ពិតមែន​ ប៉ុនែ្តតា អាណិតស្រលាញ់កូន ពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅ។ គិតថាឲ្យវាចិញ្ចឹមតាវិញ ឥឡូវពួកវាមានប្រពន្ធ ហើយថែម ទាំងមានកូនទៀត។ វាឃើញឯងអស់ទ្រព្យរលីងពីខ្លួន វាឥតនឹកនារកតាសោះ វាតាមតែប្រពន្ធវាទាញទៅ ចូលរន្ធក្តាមក៏វាចូលដែរ។ ខ្លួនតាសព្វថៃ្ងឈឺផងនៅតែម្នាក់ឯងម៉ង់ៗ វេទនាជាទីបំផុត ដេកសម្រក់​ទឹកភែ្នក ជោក​ខ្នើយ​អស់ទៅហើយ បាយព្រឹកជាបាយល្ងាចជួនកាលអត់មួយ ពេលក៏មាន នឹងធ្វើការរកស៊ីអ្វីក៏ មិន កើតពីព្រោះ​ចាស់ជរា​គ្រាន់​​តែដើរស្ទើរតែមិនរួចទៅហើយ។ ដូចលោកចៅឃើញស្រាប់ តាដេកចាំតែដល់ ថៃ្ងស្លាប់ទេ»។ ចៅកម្លោះ​លាន់មាត់​ថា «យីអើ!កូនតាមានចិត្តអាក្រក់ ដល់ម្លឹងហ្ន៎។ បើអីចឹងលោកតាកុំ ភ័យ។ មានឧបាយមួយធ្វើឲ្យលោកតាបានសុខ​កាយ​​សប្បាយចិត្តដូចពីដើមវិញ។ លោកតាធ្វើតាម ឲ្យ លោកតារកពាងមានមាត់តូចល្មមមួយជុះអាចម៍និងនោម​ឲ្យ​ពេញ​​ហើយរក កំណាត់សំពត់រុំបិទមាត់ឲ្យជិត ជីកកប់ក្នុងដីជិតជើងសសរទ្រូងផ្ទះ ហើយបើមានអ្នកណាដើរមកឲ្យ លោកតានិយាយប្រាប់គេថា ខ្ញុំនៅ សល់កំណប់ប្រាក់មាស១ពាងកប់ទុក ពុំទាន់ចែកឲ្យកូនណានៅឡើយ ចាំមើល​កូនណាចិត្តបានដឹងគុណ បើខ្ញុំជិតស្លាប់ ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះ។ លោកតានិយាយប្រាប់មនុស្ស ដែលជួបកុំខាន ក្នុងរវាង ប៉ុន្មានថៃ្ងខែខាងមុខនេះ កុំឲ្យលោកតាដើរសុំទានគេទៀត ចាំខ្ញុំយកបាយទឹក មកជូនពិសារ កុំព្រួយ»។ តាចាស់ក៏តាំងធ្វើតាមចៅចិត្តសប្បុរសទាំងអស់។
លុះបានប្រហែល៥ថៃ្ង សំដីតានោះបានដឹងដល់កូនប្រុស និងកូនប្រសាទាំង៨នាក់។ វាមានចិត្តលោភ លន់ចង់​បាន​កំណប់ តែរៀងខ្លួន ក៏នាំគ្នាយកបាយទឹកនំចំណីផែ្លឈើទុំខ្ចីគ្រប់មុខ និងខោអាវក្រមា មក ផ្គាប់ផ្គន់ជូនតាឪពុករៀងរាល់​ថៃ្ង ពុំមានខ្វះថៃ្ងណាមួយឡើយ។ តាចាស់បានសះជារោគមានសាច់ឈាម ស្រស់បស់ មានកំលាំងពលាំង សុខ កាយ​សប្បាយចិត្ត តាំងពីថៃ្ងនោះមករហូតដល់អស់អាយុ។ លុះតា ស្លាប់ហើយ កូនក៏នាំគ្នាធ្វើបុណ្យអធិក អធមតាមទំនៀម​រួចស្រេច កូនទាំង​៤នាក់ និងកូនប្រសាគិតនាំគ្នា គាស់ពាងកំណប់ចែកគ្នា ប៉ុនែ្តក្រែងចែក មិនស្មើភាគនាំឈ្លោះប្រកែក​គ្នា ក៏ទៅរកគ្រូហ្មម្នាក់ឲ្យជួយចែក។ លោកគ្រូនោះទទួលព្រម ប៉ុនែ្តគាត់លឺថា កំណប់មាសប្រាក់ច្រើនដល់ទៅ១ពាង គាត់ចង់បានមួយ ចំ ណែកដែរ ហើយគាត់គិតក្នុងចិត្តថា «គាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផង»។ គាត់​ក៏ដើរ រូតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំជូត ក្បាលធំទើងមើងធ្វើឲ្យខូងកណ្តាល​ដូចគេទូល ជើងឆ្នាំង​ផ្ងារ ក៏តាំងអង្គុយពែនភែ្ននលើដី រាបរលីង ធេ្មចភែ្នកសង្រួមស្មឹងស្មាធិ៏ ឈរមុខត្រង់ទៅទិសខាង កើត ហើយគាត់ប្រាប់​កូនទាំង៤នាក់ឲ្យទៅ គាស់យកពាងកំណប់មក។ ប៉ុនែ្តគាត់ហាមថា កុំអាលស្រាយ មាត់ពាងក្រែងខុសត្រណមចាំគាត់​បង្គាប់សិន។ លុះយកពាងមកដល់ហើយគាត់ឲ្យកូនទាំង៤នាក់ឈរ គ្រប់ទិសទាំង៤ ធេ្មចភែ្នកយកដៃទាំងអស់គ្នាចាប់ លើកពាងទ្រស្ទួយបិទទូលលើក្បាល ហើយសឹមស្រាយ ចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់ មកលើ​ក្បាល​គាត់។ បើកំណប់ជ្រុះទៅទិសណា ប៉ុន្មានៗ ត្រូវបានទៅអ្នកឈរកំណាន់ទិសនោះ បើកំណប់ណា នៅសល់ទើរ​លើឆ្នូតក្បាលគាត់ត្រូវបានជា រង្វាន់លោកគ្រូទាំងអស់។ 
កូនទាំង៤នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យល្អៀង។ ភរិយាទាំង ៤ នាក់ឈរកាន់កញ្ជើរ រៀងខ្លួន ចាំ​កើប។ ក្នុងពេលដែលចែកកំណប់នោះ មានអ្នកស្រុកជិតខាងទៅចាំមើលផងដែរ។ និមិត្តតែ​គេលើកពាងបិទទូលរួច ស្រាយមាត់ពាង​ផ្អៀងចាក់ឈូរមក ទឹកម៉ាំត្រាំលាមកច្រើនខួប ហូរឆ​ស្រោចលើ​ក្បាលលោកគ្រូពេញកំពុង ហើយខ្ចាត់​បាចសាចចេញទៅគ្រប់ទិសប្រឡាក់ប្រឡូស ពាសពេញមុខមាត់​និងសំពត់អាវ រហូតដល់នាងប្រពន្ធទាំង៤នាក់ទៀត។ លោកគ្រូបានចំណែកច្រើនជាងគេ ធុំក្លិនខ្មោះថា​មិន​ត្រូវ គេឃើញលោកគ្រូស្រមូវៗ បាត់មុខមាត់រូបរាងអស់ ខំក្រោក​ឡើងសោះកគ្រោះ ខ្មាសអស់ពួក​បរិស័ទ​ដែលឈរចាំមើល។ ពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះ​រៀងៗខ្លួន ទើបលោក​គ្រូស្រែកជេរកែសំនួនទោកូនទាំង៤នាក់ និងកូនប្រសាថា »ខ្មោចមេដែង អាដែងទាំងអស់គ្នា អា​មេអស់​នេះ បានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅ បានជាកំណប់មាសប្រាក់អន្តរាយ ក្លាយទៅ​ជាអាចម៍​នោមប្រឡាក់ខ្លួនអញ់អស់ដូចេ្នះយី ! ខ្មោចអាផេះ មេកំផេះអស់នេះខូចមែន» លោក គ្រូនិងកូន​សិស្ស​នាំគ្នារត់រហ័ស លោតទំលាក់ខ្លួនទៅក្នុងទនេ្លប្រូងខំត្រាំទឹកលាងបាបអស់១ម៉ោងម្នាក់ៗ រួចនាំគ្នា​ឡើងទៅលើផ្ទះរៀងៗខ្លួន បាន​សេចក្តី​ក្តៅក្រហាយស្តាយក្រោយ ខ្មាសគេតកូនតចៅ។

(យោងពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)



No comments:

Post a Comment