Monday, May 20, 2013

វិសាខ​បូជា



យល់ដឹងអំពីបុណ្យ វិសាខបូជា


វិសាខបូជា គឺ​ជា​ពិធី​បុណ្យ​ប្រពៃណីសាសនា ដែលពុទ្ធ​សាសនិក​ជន
ចាត់​ទុក​ថា ជាពិធីមាន​សារ​សំខាន់​បំផុត​ក្នុង​ ចំណោម​ពិធីបុណ្យ​ឯ
ទៀតដទៃ​ ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ពិធីនេះ ជា​ការ​គោរព​រំឭក​នឹក​ដល់​
ព្រឹត្តិការណ៍​ធំ​ៗ​បី​ នៃ​សម័យ​កាល​របស់​ព្រះ​សម្មាសម្ពុទ្ធ​សមណគោតម
បរមគ្រូនៃយើងៈ ​ថ្ងៃ​ដែល​ព្រះ​អង្គ​ទ្រង់​បាន​ប្រសូត, បាន​ត្រាស់​ដឹង និង​
បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ ​បានកើត​ឡើង​​ចំ​ថ្ងៃ ១៥​កើត ពេញ
​បូណ៌មី ដែល​មាន​ព្រះ​ចន្ទ្រ​ពេញ​វង់ ​ស្ថិតក្នុង​ខែ​ពិសាខ​ដូចៗ​គ្នា ខុស​តែ
​ឆ្នាំ​ប៉ុណ្ណោះ។

បើតាមសៀវភៅ « ព្រះរាជ​ពិធី​ទ្វាទស​មាស »  ដែល​ជា​ការ​បោះពុម្ព​
ផ្សាយ​របស់​វិទ្យាស្ថាន ពុទ្ធ​សាសន​បណ្ឌិត្យ ក្នុង​គ្រិស្ត​សករាជ ១៩៥១
បាន​សរសេរ​កត់ត្រា​មកថា បន្ទាប់​ពី​ព្រះ​ពុទ្ធ​ទ្រង់​បាន​រំលត់​ខន្ធ​ចូល​
កាន់​បរិនិព្វាន​អស់​រយៈពេល​ជា​ច្រើន​រយ​ឆ្នាំទៅ​ហើយនោះ ទើប​គេ​
សង្កេត​ឃើញ​មានពិធីបុណ្យ​វិសាខ​បូជា​នេះ ​ប្រារព្ធ​ឡើង​នៅ​ក្នុង​ប្រទេស
​ឥណ្ឌា។

ចំណែកឯ​ទំនៀម​ទម្លាប់​ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​ នៅ​ក្នុង
​ប្រទេស​កម្ពុជា​យើងវិញ សៀវភៅ « ព្រះ​រាជ​ពិធី​ទ្វាទស​មាស » ឬ « ពិធី​
បុណ្យ​ទាំង​១២​ខែ»  ដែល​រៀបរៀង​ដោយ​លោក​ឧកញ៉ា ឈឹម ក្រសេម
និង ឃុនឧត្តមប្រីជា ចាប ពិន ក៏​បាន​កត់ត្រា​ឲ្យ​ដឹង​ផង​ដែរ​ថា គឺ​បាន​ផ្ដើម
​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេច​ព្រះ​ហរិរក្សរាមា ឥស្សរាធិបតី ​អង្គ​ ឌួង ​គង់​
នៅ​ក្រុង​ឧដុង្គ ក្នុង​ពុទ្ធ​សករាជ ២៣៩៧ ​គ្រិស្ត​សករាជ ១៨៥៤។

១១​ឆ្នាំ​ក្រោយ​មក នៅ​ពេល​ដែល​ព្រះ​អង្គ​ បាន​លើក​ទីក្រុង​មក​តាំង​នៅ
​ភ្នំពេញ ក្នុង​ពុទ្ធ​សករាជ ២៤០៨ ពិធី​បុណ្យ​វិសាខ​បូជា ក៏​ត្រូវ​បាន​ប្រារព្ធ
​ធ្វើ​ជា​ទូទៅ​នៅ​គ្រប់​វត្ត​អារាមជាប់​ជា​ទំនៀម​មក​ដល់​បច្ចុប្បន្ន​នេះ។


រៀបរៀងៈ រ័ត្នន៍ សេនា (ភូមិកាព្យ)

No comments:

Post a Comment