Monday, March 3, 2014

ធ្វើស្រែទាន់ក្ដៅដី..


ភ្លៀងធ្លាក់ដើមឆ្នាំ រដូវដុះដាំ ដំណាំស្រូវស្រែ
ធ្វើកសិកម្ម ប្រចាំហូរហែ និគមជនខ្មែរ
ស្រុកស្រែចម្ការ។

ដីពេញសំណើម ភ្លៀងជោគជាំសើម ចាប់ផ្ដើមកិច្ចការ
ភ្ជួររាស់ព្រោះសាប សំណាបវស្សា ឲ្យស្រេចបាច់ការ
នៅនារដូវ។

បើជ្រុលវេលា ទិន្នផលពូជធារ ក៏វាពុំសូវ
ព្រោះទឹករីងស្ងួត ហួតអស់ពីស្រូវ កណ្ដាលរដូវ
ត្រូវភ្លៀងរាំងស្បើយ។

ប្រុសៗទាំងអស់ ពេញវ័យកម្លោះ ស្ទុះចិត្តឥតល្ហើយ
ចង់បានភរិយា ជាគូកៀកកើយ បានរៀបការហើយ
ទើបស្ងប់ចិន្ដា។

ធម្មជាតិបែបហ្នឹង បើខ្លួនសម្លឹង ឃើញស្រីមួយណា
ដែលពេញហឫទ័យ លៃលកស្នេហា ឆាប់ប្រាប់មេបា
យាត្រាចូលស្ដី។

បើសិនទុកយូរ នាងនឹងដល់គូ មិនមែនអត់អី
ប្រុសច្រើនគគោក មានជោគសិរី រៀបការនឹងស្រី
លែងអីយើងអត់។

ច្នេះបើចំណង់ ចូលទាន់ចិត្តចង់ ដណ្ដឹងប្រាកដ
តាមចិត្តវាក្ដៅ កុំនៅបែនបត់ ប្រយ័ត្នវាអត់
មកសំកុកយំ។

តែកុំចង់ផ្ដាស របៀបរហ័ស ច្បាស់វីវរធំ
ទុំមុនស្រគាល នាឡិតូចជាងនំ ល្បីអស់ទាំងឃុំ
សើចយំចំអក។

រីសព្វការងារ ស្រូតទាន់វេលា ទើបវាពុំខក
ទុកយូរនៅគរ គំនរការស្កក កើនឡើងឥតស្រក
ធ្វើមិនងាយស្រេច។

រ័ត្នន៍ សេនា (ភូមិកាព្យ)


No comments:

Post a Comment