លោកអ្នកធ្លាប់ឃើញទេ?
សត្វសុនខវាកាន់ប្រពៃណីពីរប្រការគឺ ៖
១-តែកាលណាវាជួបគ្នាវានៅទីណាៗក៏ដោយ មិនថាញី
មិនថាឈ្មោលទេ វាតែងតែហិតគូថគ្នាទៅវិញទៅមក ។ កិច្ចនេះជាទៀងទាត់ខានធ្វើមិនបាន ។
២-សត្វសុនខឈ្មោល កាលណាវាបន្ទោរបង់បស្សវៈ
តែងតែលើកជើងម្ខាងជាដរាប ។ កិច្ចនោះក៏វាលះបង់មិនបានដូចគ្នា
។ លោកអ្នកយល់ទេ កិច្ចវត្តទាំងពីរប្រការ
ដែលសុនខតែងប្រព្រឹត្តមកមិនដែលខាននោះ តើបណ្ដាលមកអំពីអ្វី?
មានពីត្រឹមណាមក? កិច្ចវត្តដែលសុនខតែប្រព្រឹត្ត២ប្រការនោះគឺ ៖ កិច្ចវត្តប្រការទី
១ គឺកាលបីបឋមកប្ប ដែលទើបកើតមានមនុស្ស មានសត្វមានសាសនា ពាក្យប្រដៅ
បន្តិចបន្តួចលើផ្ទៃផែនដីនោះ មានរឿងដំណាលថា៖
ក្នុងសម័យព្រេងនាយ
មានវត្តអារាម មានអ្នកបួសកាន់សីលធម៌សុចរិត
កាន់ពាក្យសច្ចៈប្រជុំគ្នាដោយពួកៗ នៅក្នុងវត្តនីមួយៗ ។
មានសុនខជាច្រើនជ្រកកោននៅក្នុងវត្តចាំបរិភោគអាហារ
ដែលសេសសលអំពីអ្នកបួស តែកាលណាលោកប្រជុំចានចង្ហាន់នៅលើសាលា
ពួកសុនខក៏នាំគ្នាឡើងទៅ
ក្រាប់គាល់លោកចាំបរិភោគអាហារសំណល់តែរៀងរាល់ថ្ងៃ ខែ ឆ្នាំ ពុំដែលខាន ។
ឯភូមិផ្ទះអ្នកស្រុកឥតមានសុនខអាស្រ័យនៅដូចសព្វថ្ងៃនេះទេ
។ ថ្ងៃមួយនោះ បណ្ដាពួកសុនខទាំងនោះ មានសុនខមួយចេញខ្យល់អាចមន៍
"ផោម" ធុំក្លិនអាក្រក់ដល់លោកមេវត្ត ដែលលោកកំពុងឆាន់ ។
លោកក៏សួរទៅពួកសុនខដែលនៅជួបជុំគ្នានោះ ឲ្យឆ្លើយតាមពិតត្រង់
តែគ្មានសុនខណាមួយទទួលថាខ្លួនផោមសោះ ។
ឯលោកគ្រូមេវត្តលោកជ្រាបច្បាស់ថា មានសុនខមួយក្នុងចំណោមនោះ
ចេញផោមប្រាកដ ទើបលោកពោលថា
"អើបើឯងនៅតែលាក់បិទបាំងមិនសម្ដែងទោសកំហុសរបស់ខ្លួនដូច្នេះ
ចូរឯងទាំងឡាយ វិនាសចាកវត្តក្នុងកាលឥឡូវនេះចុះ"
ដោយពាក្យសច្ចរបស់លោកគ្រូ ពួកសុនខក៏អន្ដរធានចាកវត្តក្នុងបេលមួយរំពេច
ពុំអាចទប់ទល់បានឡើយ ។ តាំងអីពីពេលនោះមក
សុនខទាំងឡាយក៏ក្លាយទៅជាសត្វអនាថា
ចេញទៅលាក់ខ្លួនពួនអាត្មាដោយព្រៃខ្លះ ដោយផ្ទះសម្បែងគេខ្លះ អត់ឃ្លានពន់ពេកកើតក្ដីសង្វេគអាណិតតែរៀងខ្លួន
។ តាំងពីថ្ងៃនោះមក
ពួកសុនខទាំងនោះក៏តាំងចិត្តស្វែងរកភស្ដុតាងឲ្យប្រាកដថា
សុនខណាវាផោមហើយលាក់បិទបាំងទុក
បណ្ដាលឲ្យពួកសុនខដែលសុចរិតស្លូតត្រង់ទទួលសេចក្ដីលំបាកវេទនា ។
ហេតុនេះបានជាពួកសុនខប្រកាន់ខ្ជាប់
ក្នុងកិច្ចវត្តនោះតាំងពីកាលនោះរៀងៗមក
តែបានជួបគ្នាវេលាណាក៏តាំងផ្ដើមកិច្ចវត្តមួយមុនកិច្ចផ្សេងទឿតៗ
គឺចូលទៅហិតគុថគ្នាទៅវិញទៅមក ហើយបានធំក្លិនអសោចិដូចគ្នា
សុនខមួយក៏ញេញធ្មេញបញ្ចេញសម្លេងឡើងថា ង៉ែងៗ សុនខម្ខាងទៀតក៏ចោទមកវិញថា
ង៉ែងៗ ដូចគ្នាទើបបង្កើតទោសឡើងព្រមគ្នា
ក៏ប្រើកម្លាំងកាយប្រយុទ្ធគ្នាទៅវិញទៅមកពេញទំហឹងឡើង ។
កិច្ចវត្តប្រការទី ២
គឺសុនខឈ្មោលមានប្រកាន់កិច្ចវត្តមួយបែបទឿត គឺពេលបន្ទោលបង់បស្សវៈ
តែងតែលើកជើងម្ខាងជាដរាប ។ រឿងទីពីរនេះ
ក៏កើតឡើងក្នុងសម័យជាមួយគ្នានឹងរឿងទី ១ ដែរ ។
កិច្ចវត្តដូចមានសេចក្ដីដំណាលតៗគ្នាមកថា សម័យនោះ
មានបុរសស្ត្រីប្ដីប្រពន្ធមួយគ្រួ
មានទីលំនៅមិនឆ្ងាយអំពីទីអារាមណាស់ណាទេ លុះដល់ខ្លួនកាន់តែចាស់ៗទៅ
មានសេចក្ដីសង្វេគ ទើបនាំគ្នាស្វាមីភរិយាគិតពិចារណាថា
"យើងចាស់ៗណាស់ហើយ ចូលក្នុងសេចក្ដីមិនទៀង
តែយើងទាំងពីរនាក់ជាអ្នកទុរគតក្រខ្សត់គ្មានអ្វីនឹងធ្វើបុណ្យឲ្យទានដល់ម្ដងសោះ
យល់ជានឹងស្លាប់ទៅទទេ ឥតផលប្រយោជន៍អ្វីឃើញនឹងបង់ជាតិកំណើតដែលបានកើតមកជាមនុស្សមនេះមិនខាន"
។ ទើបយាយចាស់ឆ្លើយតបឡើងថា "ថ្វីត្បិតតែក្រ
បើប្រឹងត្រដរទៅក៏គង់ធ្វើបានខ្លះមិនលែង
គ្រាន់តែទុគ្គតបណ្ណាការទៅចុះ" តាតបថា "អើយាយ!
យាយឯងថាធ្វើបាន តើបានអ្វីធ្វើ?" ។ យាយថា "បើគាត់តាមខ្ញុំ
ទើបធ្វើបាន" ។ ទើបយាយអធិប្បាយថា "សព្វថ្ងៃនេះ
មានស្រែគេនៅជុំវិញភូមិយើង
គេទើបនឹងច្រូតដឹកនាំយកទៅលែងអ្វីនឹងជ្រុះគ្រាប់ស្រូវខ្លះ
បើយើងនាំគ្នាទៅរើសមួយថ្ងៃ គង់ដណ្ដាំបាយបានចង្ហាន់ម្ដងដែរ" ។
តាថា "យីយាយថានេះ ហៅថាពេញជាត្រូវ ណ្ហើយយាយប្រញាប់ទៅក្រែងវាបានក្រែលបន្តិច"
។ ថាយើងយាយ និងតាកាន់ល្អីមួយម្នាក់ ចេញទៅតើសស្រូវនៅក្នុងស្រែ
ដែលគេទើបច្រូតកាត់ហើយ ។
រើសមួយថ្ងៃវាល់ស្ងាចបានស្រូវប្រមាណមួយត្រឡោកម្នាក់
យាយតាក៏នាំគ្នាវិលមកផ្ទះវិញ ។ លុះបរិភោគអាហាររួចហើយក៏បបួលគ្នារកគ្រាប់ស្រូវ
ចំណែកខាងតា គាត់យកកាំបិទស្លាកោសគ្រាប់អង្ករដែលយាយបករួចហើយនោះ
ឲ្យជ្រុះកន្ទក់ចេញ
ម្លោះហើយគ្រាប់អង្ករនោះមានសម្បុរសភ្លឺថ្លាដូចពងសង្អារ
ជិតភ្លឺយាយយកអង្គរនៅទោលាងទឹក យើងច្រកក្នុងឆ្នាំងដណ្ដាំបាយតាមធម្មតា
។
និយាយពីលោកគ្រូ លោកមានញាណយល់ការណ័ជាក់ច្បាស់ដោយអំណាចលោក
កាន់ធម៌សច្ចៈ លោកបានជ្រាបហេតុពីយាយ
និងតាប្រាថ្នាធ្វើមហាទានក៏លោកហៅភិក្ខុសាមណេរមកប្រជុំប្រាប់ថា
"យប់នេះត្រូវនាំគ្នាបោសសំអាតដោតទង់ចងស៊ុំឲ្យរុងរឿង
ព្រោះព្រឹកនេះ មានមហាទានចូលមកដល់វត្តរបស់យើង
ដូច្នេះត្រូវយើងធ្វើឲ្យគួរសមនឹងទទួលមហាទាន ។
គ្រានោះភិក្ខុសាមណេរទាំងឡាយ
ក៏ខ្វល់ខ្វាយបោសច្រាសសម្អាតវត្តសងស៊ុំដូចជាការធ្វើទានមហាកឋិនមួយ ។
លុះព្រឹកឡើងអរុណរៀបរះ ស្រាប់តែខើញយាយ និងតាបណ្ដើរគ្នាចូលទៅក្នុងវត្ត
។ ឯយាយគាត់កណ្ដៀតល្អីមួយ
មានបាយមួយចានដាក់ក្នុងល្អីដើរចូលសំដៅទៅកុដិលោកគ្រូធំៗវាយរគាំងម៉ឺងៗ
ប្រជុំភិក្ខុសាមណេរធ្វើភត្តានុមោទនា ។ នោវេលាគ្រានោះ
មានភិក្ខុមួយរូបក្ដៅចិត្តណាស់ ស្ទុះចេញទៅឈរចាំមើលផ្លូវ ។ លុះយាយ
និងតាបណ្ដើរគ្នាចេញទៅដល់ព្រំវត្ត ភិក្ខុនោះក៏និយាយថា "នែយាយ
និងតាក្រោយៗយកចង្ហាន់របស់យាយ
និងតាទៅវត្តឯណាទៀតទៅកុំនាំចូលវត្តនេះទៀត សព្វបើបាយមួយចាន
ឲ្យគេលំបាកអស់មួយយប់" ។ ថាហើយភិក្ខុនោះគេចចេញបាត់ទៅ ។ រីឯយាយ
និងតាលុះបានឮសម្ដីភិក្ខុនោះ និយាយដូច្នោះហើយ
ក៏មានសេចក្ដីវិតក្កក្នុងចិត្តពន់ពេក នាំគ្នាសង្វេគក្នុងចិត្តថា
"ឳកម្មអើយ! កម្ម! ហេតុតែយើងក្រីក្រធ្វើទានមិនដិតដល់
បានជានាំឲ្យលោកមិនសប្បាយចិត្ត" ។ តាថា
"ចុះយាយគិតយ៉ាងដូចម្ដេចទៀត?" យាយថា
"តាកុំព្រួញមិនអ្វីទេសព្វថ្ងៃខ្ញុំឃើញសុនខខ្ចាត់ភ្លាត់
មកនៅក្បែរផ្ទះយើងច្រើនណាស់ ជាន់នោះប្រហែលជាគេសម្គាល់ថា
សម្លាត់សត្វយកទៅធ្វើបុណ្យមិនបាប ត្រឡប់ទៅជាបុណ្យច្រើនទៅវិញទេដឹង?"
។ តាថា "ឳមែនហើយយាយ! មកយាយយកចន្ទាស់ទ្វារមួយមក" ។ ថាហើយ
តាដកដាវចេញពីស្រោមបណ្ដើរយាយចេញផុតបិផ្ទះទៅ ក៏ស្រាប់តែប្រទះសុនខ ៤-៥
នៅហែៗ ក្បែរព្រៃ ។ តាថា "យាយស្ទាក់ពីមុខ"
យាយស្ទុះដេញវាយត្រូវសុនខមួយដម្បង តាស្ុះទៅត្រកងនឹងដាវដាច់កសុនខមួយទៅ
។ ស្ទាក់ចុះស្ទាក់ឡើងសម្លាប់បានសុនខ ៤-៥ ក្បាល ។
យាយថា "ល្មមហើយតា! ល្មមធ្វើចង្ហាន់លោកបានហើយ"
ហើយយកខ្សែចងសែងជញ្ជូនយកទៅផ្ទះ យាយគាត់ចាត់ការបានច្រើនមុខ
គាត់ធ្វើជាសាច់ច្រនួតដោត ជាចង្កាក់ៗ ឲ្យតាអាំងគាត់ហាន់ជាដុំៗ
ដាក់ថ្លាងមួយ ហើយគាត់ហាន់តូចៗ ធ្វើជាសម្លរម្ជូរគ្រឿង ។ ក្នុងរាត្រីនោះ
លោកគ្រូធំឈ្វេងយល់ទៀត ក៏ប្រជុំភិក្ខុសាមណេរមកប្រាប់ថា
"ព្រឹកស្អែកមានទានមកដល់វត្តយើងទៀតហើយ ប៉ុន្តែទាននោះថាធំក៏បាន
ថាតូចក៏បាន មិនចាំបាច់រៀបវត្តទទួលទេ" ។
លុះព្រឹកឡើងភ្លឺច្បាស់ឃើញយាយទូលថ្លាងមួយ
តារែកអម្រែកមួយចូលទៅក្នុងវត្ត ។
លោកគ្រូក៏វាយរគាំងម៉ឺងៗបីបទប្រជុំភិក្ខុ សាមណេរធ្វើភត្តានុមោទនា
រួចហើយលោកគ្រូហាមថា "ភិក្ខុក្ដី សាមណេរក្ដីបើបាន ទទួលចង្ហាន់មានដុំសាច់
កុំអាលឆាន់ត្រូវនាំយកសម្លដែលមានដុំសាច់នោះមកប្រគល់ឲ្យអាត្មាកុំខាន"
។ លុះធ្វើភត្តានុមោទនារួចហើយ យាយ និងតាក៏ដួសសម្លចែកលោកគ្រប់កុដិ ។
ឯភិក្ខុសាមណេរកាលបានទទួលម្ហូបស្រេចហើយ ពិចារណមើលពុំឃើញមានត្រី
មានសុទ្ធតែសាច់ក៏នាំគ្នាយកម្ហូបនោះទៅប្រគេនលោកគ្រូធំអស់ទៅ
នៅសល់តែភិក្ខុមួយរូប ពុំបានយកសម្លទៅប្រគេនលោកគ្រូធំ
សម្លទុកឆាន់តែម្នាក់ឯង ។ ឯលោកគ្រូធំស្មានថា អស់លោកយកមកជុំគ្នាហើយ
ក៏សូត្រគាថាផ្សំធាតុកើតឡើងជាសុនខ ។ ឯសុនខដែលកើតដោយអំណាចគាថានោះ
កើតឡើងជារូបសុនខសុទ្ធសាធតែមានតែជើងបី ។
ទើបលោកគ្រូធំចាត់លោកគ្រូសូត្រឲ្យដើររកមើលគ្រប់កុដិទៅឃើញភិក្ខុមួយរូបនោះ
មានសាច់ច្រនួត មានខ មានសម្លម្ជូរគ្រឿង សុទ្ធតែសាច់
ក៏បង្គាប់ឲ្យភិក្ខុនោះនាំយកទៅប្រគេនលោកគ្រូធំ ។
លុះលោកគ្រូធំបានទទួលម្ហូបថ្មីទៀត ក៏លោកសែកផ្លុំម្ដងទៀត
ទើបកើតជាសុនខមានជើងបួនគ្រប់ទាំងបួនដូចដើមវិញ ។ តាំងពីថ្ងៃនោះ
សត្វសុនខកើតមានសេចក្ដីកតញ្ញូដល់លោកគ្រូជាប់ជានិច្ចក្នុងចិត្ត
តែកាលណាបន្ទោរបង់បស្សវៈ ក៏នឹងរឮកដល់គុណរបស់លោកគ្រូថា
កុំតែបានលោកគ្រូកុំអីយើងខ្វះជើងមួយ
គិតហើយក៏លើកជើងក្រោយម្ខាងឡើងគំនាប់រំឭកគុណ នៅពេលបន្ទោរបង់បស្សាវៈ
គឺលើកជើងដែលលោកគ្រូបង្កើតឲ្យលើកក្រោយបង្អស់នៅឯង ។
ភូមិកាព្យ ៤
យោងឯកសារប្រជុំរឿងព្រេងខ្មែរ
No comments:
Post a Comment