Thursday, January 16, 2014

រឿង ប្រាសាទនៅឃុំស្វាយអង្គ


នៅក្នុងឃុំស្វាយអង្គ ស្រុកស្វាយរៀង ខេត្ដស្វាយរៀង ចម្ងាយប្រមាណជា ១០ គ.ម អំពីថ្នល់ជាតិលេខ១ (គឺ
ថ្នល់​​ពីភ្នំពេញទៅស្វាយរៀង) មានទួលមួយខ្ពស់មិនដែលលិចទឹកទេ ។ អ្នកស្រុកជំនាន់មុនៗមក  បានសន្មត់
ឈ្មោះ​ថា «ទួលស្វាយអង្គ» ទួលនេះហើយ ដែលជាគោលសន្មត់នាមនៃឈ្មោះឃុំនេះ។ នៅលើទួលនេះ​ មាន
កំ​ពែង និងប្រាសាទថ្មបុរាណមួយមានសណ្ឋាណជាព្រះវិហារ មានក្បាច់ចម្លាក់របៀបរចនាបុរាណ គួរឱ្យចាប់អា
រម្មណ៏ ដែលគេ តាក់តែងឡើងដោយឥដ្ឋខ្លះ
ដោយថ្មបាយក្រៀមខ្លះ មានបណ្ដោយប្រមាណជា ៨៣ម ទទឹង ៤៦ម។
សព្វថ្ងៃប្រាសាទ នេះបែកបាក់អស់ទៅហើយ នៅមានសល់តែកំទេចឥដ្ឋថ្ម និងសណ្ឋានខ្លះតែប៉ុណ្ណោះ។ នៅចំ
កណ្ដាលទួលមានដើមជ្រៃមួយដើមធំ និងពីខាងមុខប្រាសាទបាក់បែកនេះ គេឃើញមានអង្គលិង្គព្រះឥសូរ ឬ(សិវ
លិង្គ)។ អ្នកផងធ្វើដំណើរទៅកាន់បុរាណដ្ឋាននេះបានងាយស្រួលតែនៅរដូវរំហើយ គឺរដូវដែលអស់ភ្លៀង ទៅ
បានតែផ្លូវជើង និងផ្លូវលំប៉ុណ្ណោះ។ រឿងព្រេងដែលមានទាក់ទងដោយនាម «ស្វាយអង្គ» មានដូចតទៅ៖ មាន
សេចក្ដីដំណាលថា កាលពីរាជធានីនៅលង្វែកមានបុរសម្នាក់ឈ្មោះ«សំរិទ្ធ» ជាអ្នកខ្លាំងពូកែអង់អាចណាស់មាន​​​
ទំលំនៅលើទួលនេះ។ កាលដែលស្រុក កើតមានចម្បាំងជាមួយសៀម ព្រះរាជាក៏ទ្រង់អំពាវនាវដល់អាណាប្រ​ជា​​
នុរាស្រ្ដគ្រប់ខេត្ដខ័ណ្ឌ បើនរណាខ្លាំងពូកែ អង់អាចនោះ សូមឱ្យចូលខ្លួនទៅបម្រើក្នុងកងទ័ព ដើម្បីបង្ក្រាបខ្មាំង
សៀម ដែលចូលមករាតត្បាតអាណាខេត្ដខ្មែរ ឯតំបន់ប្រទល់ដែនក្នុងខេត្ដបាត់ដំបង និងសៀមរាប។ បុរសសំរិទ្ធ
ក៏ស្ម័គ្រចិត្ដចូលខ្លួនទៅតាមព្រះរាជតម្រាអំពាវនាវនោះ។ គាត់បានប្រុងប្រៀបរៀបចំខ្លួន និងប្រដាប់ប្រដា មាន
គ្រឿងសាស្រ្ដាវុធ និងអាវតេជៈជាដើមរួចស្រេច លាប្រពន្ធកូនធ្វើដំណើរឆ្ពោះទៅកាន់រាជធានីលង្វែក ដោយដំ​
ណើរថ្មើរជើងទទេ។ លុះទៅដល់លង្វែកហើយ គាត់បានទៅរកជួបមេទ័ព ដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការ។
ឯលោកមេទ័ព កាលបើបានពលរេហ៍ល្មមគ្រប់គ្រាន់ហើយ ក៏តាំងបុរសសំរិទ្ធជាមេទ័ពធំ ឱ្យលើកព្យុះហយាត្រា
ឆ្ពោះទៅបាត់ដំបង ដើម្បីកំចាត់ពួកសត្រូវ។ លុះទៅដល់សមរភូមិ បុរសសំរិទ្ធក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់ លុះ
ត្រាតែទ័ពសៀមបរាជ័យរត់ខ្ចាត់ខ្ចាយអស់។ ដោយឬទ្ធីតេជៈរបស់បុរស សំរិទ្ធ ទ័ពសៀមក៏បាក់បបខ្លបខ្លាច លែង
ហ៊ានចូលមករុករាតត្បាតទឹកដីខ្មែរតទៅទៀត  ស្រុកក៏បានសាន្ដត្រាណ។  បុរស សំរិទ្ធ ក៏លើកទ័ពមករាជធានី
លង្វែកវិញ ហើយបានទួលព្រះរាជាតាមដំណើរដែលខ្លួនបានទទួលជ័យជំនះលើទ័ពសៀម ហើយសុំព្រះរាជានុ
ញ្ញាតក្រាបទូល ត្រឡប់ទៅស្រុកកំណើតវិញ។ ព្រះរាជាទ្រង់ព្រះរាជានុញ្ញាតតាមការសុំ។ បុរស សំរិទ្ធបានធ្វើដំ​
ណើរត្រឡប់ឆ្ពោះទៅ ស្វាយរៀងវិញ មកដល់ភូមិដូនពេញុក៏ឈប់សំរាកនៅទីនោះ១យប់ ទើបធ្វើដំណើរ តទៅ
ទៀត ទៅដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់ស្រាយសំពាយរបស់គាត់មើល។ លុះស្រាយទៅទើបដឹងថា សំពាយនេះ មិនមែនជារបស់គាត់ទេ នៅក្នុងបង្វិចនេះឃើញមានតែសំពត់១ និងផ្លែស្វាយទុំ២-៣តែប៉ុណ្ណោះ។ គាត់ក៏ដឹងថា
បង្វិចនេះច្រឡំក្នុងពេលដែលមកពីច្បាំង ហើយឈប់សម្រាកនៅអង្គរនោះហើយព្រោះពេលនោះមានការច្រឡូក
ច្រឡំគ្នាខ្លះ ហើយផ្លែស្វាយនេះទៀត ក៏ជាផ្លែស្វាយដែលបានពីអង្គរដែរ។ បុរសសំរិទ្ធក៏ខំរូតរះធ្វើដំណើរទៅដល់
លំនៅ អាត្មាដោយសុខសាន្ដ។ កាលដែលបានទៅដល់ហើយប្រពន្ធគាត់បានយកគ្រាប់ស្វាយដែលទុំរលួយសាច់
អស់នៅក្នុងបង្វិចគាត់ ទៅកប់ដាំនៅជាយរបង មិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធាង មានផ្កាផ្លែជាហូរហែ
រៀងមក។ ស្វាយនេះអ្នកស្រុក នាំគ្នាហៅថា «ស្វាយអង្គរ» ព្រោះជាពូជស្វាយបានមកពីអង្គរ ប៉ុនែ្ដតៗមកពាក្យ
«អង្គរ» ហៅកាត់ខ្លីមកនៅត្រឹម«អង្គ» បានជាជាប់ពាក្យថា «ស្វាយអង្គ» ដល់សព្វថ្ងៃ។ ខាងក្រោយមកបុរសសំរិទ្ធ
និងភរិយាក៏ស្លាប់បាត់ទៅ នៅតែតំណកូនចៅរបស់គាត់។ កូនចៅនេះខ្លះក៏ទៅនៅឯនោះ ខ្លះក៏ទៅនៅឯនេះ បែក​​
គ្នាទៅនៅតាមប្ដីតាមប្រពន្ធ លុះយូរៗទៅទីភូមិរបស់គាត់នេះ ក៏លែងមានមនុស្សនៅ។ អ្នកស្រុកក៏នាំគ្នាសាងជា
វត្ដអារាមមួយឡើង ដាក់នាមថា «វត្ដស្វាយអង្គ» ដោយមានលោកគ្រូចៅអធិការជាអ្នកគ្រប់គ្រង ព្រមទាំងមាន
ភិក្ខុ-សាមណេរគង់នៅជា ច្រើន។ កន្លងមកទៀតដោយមានការទទើសទទែងក្នុងទីវត្ដផង មានសត្វស្លាបផ្សេងៗ
ទុំនៅលើដើមស្វាយនោះ នាំឱ្យមិនស្អាតផង មានការខ្វះខាតគ្រឿងសេនាសនៈផង លោកគ្រូចៅអធិការក៏ឱ្យភិក្ខុ-
សាមណេរ កាប់រលំដើមស្វាយនោះ
  តែដោយឫទ្វដើមស្វាយធំនោះ   ភិក្ខុ-សាមណេរកាប់ ១ថ្ងៃ បានតែពាក់​
កណ្ដាល​​ដើម នៅសល់ប៉ុន្មាននឹងកាប់ថ្ងៃខាងមុខទៀត លុះព្រឹកឡើងស្រាប់តែស្នាមកាប់ទាំងប៉ុន្មាន ដែលបាន
កាប់ខ្លះទៅហើយនោះក៏ដុះសាច់ ដុះសំបកគ្រប់ជិតដើមវិញ។ គួរឱ្យអស្ចារ្យណាស់ លោកគ្រូក៏ឱ្យលោក ភិក្ខុ-សា​
មណេរកាប់ទៀត។ កាប់១ថ្ងៃ ទល់ល្ងាច ដោយខំយ៉ាងណាក៏បានត្រឹមតែពាក់កណ្ដាលដើម លុះព្រឹកឡើង ឃើញ​​
ដុះសាច់ ដុះសំបកដូចដើមដដែលទៀត។ លោកគ្រូចង់ទាល់គំនិត។ ថ្ងៃមួយលោកបានឱ្យភិក្ខុ-សាមណេរយ៉ាង
ច្រើន ដោយមានពូថៅនឹងដឹងគ្រប់ដៃ ហើយលោកប្រាប់ថា នាំគ្នាកាប់ឱ្យរលំក្នុងថ្ងៃនេះឱ្យហើយស្រេចតែម្ដង។
ដើមស្វាយទ្រាំមិនបាននឹងពូថៅ-ដឹងច្រើនពេកក៏រលំ។ រលំហើយ ស្លឹកវាក៏មិនស្រពាប់ស្រពោនទៀត បែរទៅជា
ដុះមែកខ្នែងចេញផ្លែផ្កា ដូចធម្មតា។ នៅពេលយប់គេឮសូរតែសព្ទភ្លេងពិណពាទ្យ ប្រគុំយ៉ាងលន្លងលន្លោច ធ្វើឱ្យ
អ្នកស្រុកស្ងើចអស្ចារ្យ មិនយូរប៉ុន្មាន លោកគ្រូចៅអធិការក៏កើតជំងឺឈឺជាខ្លាំង រវើរវាយរហូតដល់ក្លាយទៅជាឆ្កួត
វង្វេងអស់។ ចំណែកភិក្ខុ-សាមណេរ កាលបើឃើញហេតុអស្ចារ្យដូច្នេះ ក៏រត់ចោលអារាមនោះអស់ទៅ។ ឧបា​
-

សក ឧបាសិកា ក៏នាំគ្នាទៅកសាងវត្ដថ្មីទៀតនៅចម្ងាយប្រមាណជា១គ.ម អំពីវត្ដស្វាយអង្គ ចាស់នេះ ដែលសព្វ
ថ្ងៃគេឱ្យឈ្មោះថា «វត្ដស្វាយផ្អែម » វិញ។ ឯកន្លែងវត្ដចាស់នោះវិញ សព្វថ្ងៃនៅមានដើមស្វាយ ជំនាន់ក្រោយៗ
មក និងដើមឈើព្រមទាំងកូនឈើឯទៀតៗ ជាច្រើនដុះស៊ុបទ្រុបទៅវិញ។ រឿងរ៉ាវនេះហើយជាប្រភព នៃបុរាណ
ដ្ឋានទាំងនេះ តាមបែបរឿងព្រេងតែ បើសង្កេតតាមប្រវត្ដិទីកន្លែងផ្ទាល់ទៅវិញ ឃើញពាក្យថា «អង្គ» នេះពុំសម
ក្លាយមកពីពាក្យអង្គរទេ គឺមកពីទិនេះជាសរណដ្ឋានបុរាណ ខាងសាសនាព្រាហ្មណ៏ ដោយមានសាងជាសិវលិង្គ
តម្កល់ធ្វើជាវត្ថុសក្ការៈក្នុងគ្រានោះ។ សីវលិង្គនេះហើយដែលអ្នកស្រុកហៅថា «អង្គ» បានជាក្រោយៗមក គ្រា
ដែល យើងវិលត្រឡប់មកគោរពព្រះពុទ្ធសាសនាវិញ ទីសក្ការៈរបស់លទ្ធិព្រាហ្មណ៏ទាំងអម្បាលនេះ ក៏ត្រូវផ្លាស់
ប្ដូរជាអារាម ពុទ្ធសាសនាទៅវិញ តែនៅសល់ជាប់ឈ្មោះទីនោះៗថា «អង្គៗ» រហូតមកដូចនេះដែរ ដូចជាអង្គប្រា​
សាទ អង្គប្រិយ អង្គស្នួល។ ល។


(សម្រង់ពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)


No comments:

Post a Comment