កាលពីព្រេងនាយ មានបុរសកុហក៤នាក់ មកជួបជុំគ្នា រួមគំនិត
គិតដើរទៅរកឆរបោកបញ្ឆោត យកទ្រព្យសម្បត្តិគេ នៅគេហដ្ឋាន
ឆ្ងាយពីលំនៅរបស់ខ្លួន , ព្រមព្រៀងគ្នាស្រេចហើយ
ក៏នាំគ្នាដើរទៅ, លុះទៅយូរបន្តិចបានជួបប្រទះនឹងតាចាស់ដូនចាស់ពីរនាក់
ជាអ្នកធ្វើចម្ការកប្បាស នៅក្បែរមាត់ទន្លេមួយ ដាច់ឆ្ងាយពីស្រុកភូមិគេ
។ បុរសកុហក៤នាក់នោះ បានដឹងដំណឹងថា តាចាស់ ដូនចាស់
ជាអ្នកមានទ្រព្យសម្បត្តិច្រើនគ្រាន់បើ ក៏គិតគ្នាថា « យើងត្រូវនាំគ្នាឈប់ទៅទីនេះ ដើម្បីភូតកុហក
យកទ្រព្យសម្បត្តិតាចាស់ ដូនចាស់នេះឲ្យបាន » បុរស៤នាក់នោះ ទៅដល់សួរតាចាស់ដូនចាស់ថា « ឱ ! តាយាយអើយ ! យើងខ្ញុំទាំង៤នាក់នោះ មកពីស្រុកឆ្ងាយណាស់
ខំត្រាច់ដើររកអ្នកឯណាដែលចេះដឹង
ព្រោះយើងខ្ញុំចង់ដឹងរឿងព្រេងពីបុរាណនាយមក, តែវេលានេះ
បានមកជួបនឹងតាយាយៗ ប្រហែលជាចេះដឹងរឿងបុរាណមកខ្លះមិនខាន
បើដូច្នេះ សូមតាយាយមេត្តានិទានរឿងព្រេងអ្វីមួយ ឲ្យចៅស្ដាប់បន្តិច » ។ តាចាស់ដូនចាស់
ក៏ឆ្លើយតបទៅបុរសទាំង៤នាក់វិញថា « ចៅអើយ
ចៅ ! តាំងពីក្មេងដល់ចំណាស់ប៉ុណ្ណេះហើយ
តាយាយគ្មានចេះរឿងព្រេងអ្វីទេ សូមចៅអញ្ជើញទៅរកសួរអ្នកឯទៀតចុះ » ។ បុរសទាំង៤នាក់ ក៏ជម្រាបទៅតាយាយវិញថា « ឱ ! តាយាយអើយ !
បើប្រសិនជាមានគេចេះរឿងព្រេងនោះ តាយាយចង់ស្ដាប់ឬទេ ?
។ « ឱ ! ចៅអើយ !
តាយាយ ចង់ស្ដាប់ណាស់តែរកអ្នកណាចេះគ្មាន » ។ បុរសទាំង៤នាក់ ក៏ជម្រាបទៅតាយាយវិញដោយកិច្ចកល
ប៉ងនឹងបោកយកទ្រព្យសម្បត្តិ តាចាស់ដូនចាស់នោះ ឲ្យបានដោយងាយថា «យើងខ្ញុំទាំង៤នាក់នេះ ចេះខ្លះដែរ
ព្រោះបានដឹងពីជីតាខ្ញុំ គាត់និទានប្រាប់, តែរឿងនេះ
បើនិយាយទៅកាលណា តាយាយត្រូវតែជឿទើបខ្ញុំនិទានប្រាប់បាន » ។ តាយាយ ក៏ព្រមព្រៀងឲ្យបុរសទាំង៤នាក់នោះ និយាយ
។
បុរសទី១ ចាប់អធិប្បាយរឿងកុហកជាដំបូងឡើងថា :
កាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន៣ខែ ម្ដាយខ្ញុំ
គាត់ចង់ពិសាផ្លែធុរេននៅមុខផ្ទះខ្ញុំ ដើមវា មានកំពស់ប្រហែល៨ព្យាម
ហើយមានផ្លែតែមួយផង គាត់មិនដឹងជាគិតដូចម្ដេច
នឹងបានផ្លែឈើនោះមកពិសា ។ លុះខ្ញុំបានដឹងថា
គាត់ចង់ពិសាផ្លែនោះខ្ញុំក៏ចេញពីផ្ទៃគាត់ តាមទ្វារមាស
ទៅឡើងបេះធុរេននោះ យកមកជូនគាត់ពិសា, រួចស្រេច
ខ្ញុំត្រឡប់ចូលទៅក្នុងផ្ទៃគាត់វិញ។
បុរសទី២ថា ៖ កាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំ
បានចំនួន៦ខែ ឃើញគាត់នឿយហត់លំបាកនឹងធ្វើស្រែ ចម្ការ ច្បារដំណាំពេក
ខ្ញុំចេញពីផ្ទៃគាត់មក នៅធ្វើស្រែចម្ការ ឃ្វាលគោ ក្របី ដណ្ដាំបាយ
ដងទឹក ជំនួសគាត់ ពីព្រឹកព្រហាម លុះល្ងាច, អស់ការធ្វើ
ខ្ញុំចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញ ជារៀងរាបដរាបមក ។
បុរសទី៣ថា៖ ឱ ! តាយាយអើយ ខ្លួនខ្ញុំនេះ ជាទេវបុត្រ
ច្បុតចុះមកចាប់បដិសន្ធិនឹងម្ដាយខ្ញុំសព្វថ្ងៃនេះ
ខ្ញុំចេញពីទ្វារមាសវេលាណា បានមកបម្រើគាត់សព្វសារពើ, ដល់ខ្ញុំចាស់ទៀបនឹងស្លាប់
ខ្ញុំសុំចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញ ដើម្បីកុំឲ្យស្លាប់ទាន់
ហើយកើតម្ដងទៀតឲ្យបានជាក្មេងឡើងវិញ ។
បុរសទី៤ថា : ខ្លួនខ្ញុំនេះ
ចាប់តាំងតែចេញពីផ្ទៃម្ដាយកាលណាមក ខ្ញុំរក្សាសីល៥ ចាំសីល៨
តែសីលខ្ញុំ ប្លែកពីសីលអ្នកទាំងពួងចង់ផឹកស្រា ជក់អាភៀន
សម្លាប់ជីវិតគេក៏បាន , លុះដល់ខ្ញុំស្លាប់ទៅៗ
កើតជាទេវតា សោយរាជសម្បត្តិនៅឋានសួគ៌ ។
បុរសទាំង៤នាក់នោះ និយាយភូតកុហកគ្រប់គ្នាហើយ
ក៏សួរទៅតាចាស់ដូនចាស់ថា ៖ រឿងខ្ញុំនិទានជំរាបទាំងប៉ុន្មាននេះ
តើតាយាយជឿឬទេ ? តាយាយ ឆ្លើយតបទៅវិញថា « រឿងនោះតាយាយ ជឿហើយចៅ ! » ។ តែក្នុងគំនិតគាត់ទាំង២នាក់ គិតឃើញជាស្រេចថា « បុរសទាំងនេះ សុទ្ធតែនិយាយកុហកទាំងអស់ » ។
ដល់បុរសទាំង៤នាក់នោះ ទាល់ប្រាជ្ញា ក៏ឲ្យតានោះ
និយាយរឿងប្រាប់ម្ដងវិញ, ប៉ុន្តែមុននឹងនិយាយរឿងតាចាស់នោះ
គាត់បានសន្យាដូចបុរសទាំង៤នាក់នោះដែរ , លុះព្រមព្រៀងទាំងអស់គ្នា
ទើបតាចាស់និយាយ ។
តាថា « ឱ ! ចៅអើយ ! កាលតានិយាយ
មកធ្វើចម្ការកប្បាសនេះបាន ៥ - ៦ ឆ្នាំ មានទ្រព្យសម្បត្តិប្រាក់មាស
ល្មមនឹងចិញ្ចឹមចៅទាំង៤នាក់នេះបាន , តែនៅឆ្នាំមួយមុននោះ
កប្បាសមិនផ្លែសោះ មិនដឹងជារឿងហេតុអ្វី, មានមួយថ្ងៃ
តាដើររុកក្នុងចម្ការទៅ ឃើញដើមកប្បាស១ដើម ទំហំប៉ុនដើមត្នោត មានផ្លែមួយធំ
តាក៏ឡើងបេះយកមកផ្ទះ, ដល់តានិងយាយនាំគ្នាមកមើល
ឃើញមានគ្រាប់៤ ក្នុងមួយគ្រាប់ៗ មានកុមារ ម្នាក់ៗ គ្រប់គ្រាប់ទាំង៤,
តាបានឲ្យយាយគាត់បំបៅបីបាច់រក្សា, លុះដល់កុមារទាំង៤នាក់នោះ
ធំវេលា ណាឡើង ក៏នាំគ្នារត់ចោលតានិងយាយទាំងអស់ទៅ, ឥឡូវតាឃើញចៅទាំង៤នាក់នេះត្រឡប់មកវិញហើយ ។
បុរសទាំង៤នាក់ ភិតភ័យខ្លាំង
ក៏នាមគ្នាឆ្លើយប្រកែកទៅនឹងតាចាស់ ដូនចាស់វិញថា ` មិនមែនទេ » ។
តាយាយសួរទៅវិញថា « ហេតុអ្វី ក៏ចៅថាមិនមែន,
បើចៅចេះតែប្រកែកយ៉ាងនេះ
នុះឃើញថាទាស់ខុសនឹងកិច្ចសន្យាហើយ, បើដូច្នេះ
ត្រូវចៅទាំង៤នាក់ មកនៅបម្រើតា ទើបត្រូវនឹងពាក្យសន្យា » ។ បុរសកុហក៤នាក់ គេចមិនរួច ក៏នៅបម្រើតាយាយទៅ ។
ពាក្យច្រើនភូត ចាញ់អាត្មា
(យោងពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)
No comments:
Post a Comment