មានរឿងនិទានមួយថា អណ្ដើក និងស្វា វាសុំធ្វើដន្លងគ្នា
តែគ្មានកូនចៅទៅចងព័ន្ធអ្វីទេ គ្រាន់តែនិយាយថា សុំគ្នាធ្វើដន្លង ។
សត្វទាំងពីរ ស្រឡាញ់រាប់អានគ្នា ដូចដន្លងអ្នកទាំងពួងនោះដែរ ។
លុះចំណេរយូរទៅ ដន្លងខាងស្វានោះ គេមានកូនត្រូវរៀបការ
គេហៅភ្ញៀវពួកស្វា សន្មតថ្ងៃនឹងស៊ីការ ទើបនឹកឃើញអណ្ដើកជាដន្លងថា៖ យើងការកូននេះ ហៅភ្ញៀវអស់ហើយ នៅតែអណ្ដើកជាដន្លង
មិនទាន់បានទៅប្រាប់ឥឡូវ ជិតថ្ងៃការណាស់ទៅហើយ
បើដូច្នោះឲ្យបំរើទៅអញ្ជើញគាត់ផង បំណាច់យើងរាប់អានគ្នា
យូរឆ្នាំណាស់មកហើយ! គិតហើយក៏ចាត់បំរើឲ្យទៅអញ្ជើញ ។
ថ្ងៃដែលគេប្រជុំញាតិស៊ីការនោះ អណ្ដើកក៏ទៅដល់ដែរ
តែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួច ។ ពួកស្វាបានឃើញ
ក៏ទៅប្រាប់ដន្លងស្វាថា ត្បិតដន្លងអណ្ដើកមកដល់ហើយ នៅឯក្រោមដើមឈើ !។ ដន្លងស្វាចុះមក ឃើញអណ្ដើកក៏ប្រាប់ថាដន្លងឯង
ឡើងមិនរួចនឹងគេ មានតែដន្លងឯងខាំវល្ល៍នេះចុះ យើងនឹងស្រាវឡើង
ប៉ុន្តែបើមិនទាន់ដល់ទៅកន្លែងដែលយើងអង្គុយទេ
ដន្លងឯងកុំនិយាយឲ្យសោះ ទោះបីឃើញអ្វី ឬគេថាអ្វីក៏ដោយ, តែនិយាយធ្លាក់មកស្លាប់ហើយ ។
អណ្ដើកទទួលបណ្ដាំដន្លងនោះសព្វគ្រប់ហើយ ក៏ទទួលខាំវល្លិ៍ ។
ពួកស្វាទាំងប៉ុន្មាន ក៏ស្រាវវល្លិ៍នោះឡើង នាំអណ្ដើកទៅឯថ្នាក់លើ ។
លុះទៅជិតដល់កន្លែង ដែលគេនឹងដាក់នោះ ជួនជាដន្លងស្រីស្វា ឃើញអណ្ដើក
ក៏សួរដោយរាប់អានថា « ដន្លង ! សុខសប្បាយទេឬ ?
» ។ អណ្ដើកភ្លេចពាក្យបណ្ដាំ ហាមាត់ស្ដីទៅនឹងដន្លង
ក៏របូតមាត់ ធ្លាក់ខ្លួនដល់ដីបែកស្នូកដូចគេបោកនឹងថ្ម
ស្លាប់នៅវេលានោះ ខានស៊ីការនោះទៅ ។
មាត់អណ្ដើក
(ស្រង់ពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)
No comments:
Post a Comment