Sunday, May 5, 2013

ទឹកអង្គបំពង់ខ្ចី


មានការយល់ច្រឡំជាហូរហែមកទល់នឹងសព្វថ្ងៃនេះ ដោយការយល់
អត្ថន័យមិនច្បាស់តៗគ្នា ពំពីពាក្យទំនៀមឱ្យពរជ័យពីមាតាបិតា ចាស់
ព្រឹទ្ធាចារ្យ ពិសេសលោកអាចារ្យតែម្ដង គឺមិនសូវចោលទេនូវពាក្យសា
ធុការពរមួយឃ្លា... «.. សូមឱ្យរកស៊ីមានបាន កើតកាលវាគុម្ព(?) ត្រជាក់
ត្រជំ ដូចទឹក(អប់)បំពង់ខ្ចី»។ មានលោកគ្រូអាចា​រ្យចំនួនតិចនាក់ណាស់
ដែលយល់​ន័យ និងអានត្រូវច្បាស់ ក្រៅអំពីនោះភាគច្រើន អានមិនចំ
ពាក្យសោះ ហើយបន្តពីមួយជំនាន់ទៅមួយជំនាន់។

ពាក្យដែលត្រឹមត្រូវនោះគឺ «ទឹក(អង្គ)បំពង់ខ្ចី» មិនមែនទឹក(អប់)​ បំពង់
ខ្ចីនោះឡើយ (( ...ត្រជាក់ត្រជំ ដូចទឹកអង្គបំពង់ខ្ចី...))។

អង្គ (អង់) គឺសំដៅដល់អង្គជាតព្រះឥសូរសិវលិង្គ។ ខ្មែរសម័យ
បុរាណហៅថ្មដែលធ្វើជារូបសិវលិង្គថា អង្គ (មកពីពាក្យអង្គជាត),
ហៅថ្មរូបឧមាយោនី (និមិត្តរបស់នាងឧមា) ថា បំពង់ខ្ចី។ គេយកទឹក
ទៅស្រោចពីលើថ្មទាំងពីរប្រភេទនោះ ពេលទឹកដែលហូរចុះមកខាង
ក្រោម គេត្រងយកទឹកនោះ មកធ្វើជាទឹកអម្រិត សម្រាប់ប្រោះព្រំឲ្យ
ពរជ័យនោះហៅថា ទឹកអង្គបំពង់ខ្ចី (ទឹកដែលចេញពីបំពង់សិវលិង្គ
«ទឹកអង្គជាតិ» របស់ព្រះឥសូរ និងបំពង់ខ្ចីគឺ ឧមាយោនី) ។

សម័យកាលដែលខ្មែរយើងនៅកាន់ព្រាហ្មញ្ញសាសនា,​ គឺគេនិយមជីក
ស្រះសាងអង្គទុកជាទីគោរពក្នុងទីប្រជុំជនមួយ នៅមានជាប់ឈ្មោះ
មកដល់សព្វថ្ងៃនេះច្រើនកន្លែងណាស់ នៅគ្រប់ស្រុកខេត្ត ក្នុងព្រះរាជា
ណាចក្រកម្ពុជា តួយ៉ាងដូចជាៈ អង្គតាសោម, អង្គស្វាយ, អង្គស្នួល,
អង្គក្ដួច អង្គតាសូរ ជាដើម។ 

«ត្រជាក់ត្រជុំទឹកអប់បំពង់ខ្ចី» ទឹកអប់ឯណាធ្វើឱ្យត្រជាក់ត្រជំនោះ?
តាមជំនឿខ្មែរ ត្រជាក់ត្រជំមានតែទឹកអម្រិត, អម្រិតនោះ ន័យម៉្យាង
គឺទឹកដែលគឹធ្វើការប្រសិទ្ធីផ្សេងៗ ដូចជាទឹកអង្គនេះជើម។

ហេតុនេះ សូមកុំច្រឡំ ពិសេសលោកអាចារ្យដែលតែងប្រើពាក្យនេះ
សូមអានឱ្យច្បាស់ (សិក្សារន័យរបស់វាផង) កុំចេះតែស្មានៗ ដូចខ្ញុំធ្លាប់
លើកឡើងអំពីអាចារ្យដែលខ្លួនឯងយល់អក្សរសាស្ត្រខ្មែរមិនច្បាស់ ទៅ
ជាថា ផ្លែឬដើមមៀន តំណាងឱ្យភាពមានបាន ព្រោះគាត់យល់ថា មៀន
គឺជា «មាន» នាំបរិស័ទឱ្យយល់ច្រឡំតាមពាសពេញប្រទេស ដូចករណី
ទឹកអង្គបំពង់ខ្ចី នេះឯង។
..............
រ័ត្នន៍ សេនា (ភូមិកាព្យ)


No comments:

Post a Comment