Thursday, April 4, 2013

បោះអង្គញ់




អង្គញ់ គេឲ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ ដែលក្រៀមស្ងួត។ 
ល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬ
វេលាយប់ខែភ្លឺ នារដូវចូលឆ្នាំ ។

សកម្មភាពរបស់អ្នកលេង ដូចរូចភាពនេះ។ អង្គញ់ គេលេងបានតាំងពីគ្នា ២នាក់​​
ឡើងទៅដល់ ១០ នាក់ ដោយចែកចេញជាពីពួកមានចំនួនស្មើគ្នា ដែលមានស្រី
ម្ខាងប្រុសម្ខាងក៏បាន ចម្រុះគ្នាទាំងសងខាងក៏បាន ។ អង្គញ់ដែលគេយកមក
លេងនេះ ឲ្យឈ្មោះថា ‹កោយ› ចែកចេញជាពីរផ្នែកដែរ គេហៅថាកោយដាំមួយ
ពួកកោយបោះមួយពួក ។ កើយមួយពួកៗមានចំនួន ៣ ឬ ចំនួន ៥ គឺថាបើដាំ
កោយ ៣ ក៏បោះកោយ ៣ ,បើដាំកោយ ៥ ក៏បោះកោយ ៥ តាមចំនួនអ្នកលេង
មានតិចឬច្រើន ។ ដែលហៅថា កោយដាំ គឺគេដាំភ្ជាប់ទៅនឹងដី មានជួរបែក
កន្ធែកចេញពីកោយកណ្ដាលមួយដែលហៅថា (មេក្លោង ឬកន្លោង) ១ ឬ ២ ខាង
ស្ដាំ ១ ឬ ២ ខាងឆ្វេង មានសណ្ឋានដូចក្អែកទឹកហើរ ដែលឲ្យមេខ្យល់មួយនាំមុខ
ហើយក្អែកទឹកហ្វូងបែកគ្នាជាជួរបញ្ឆៀងៗគ្នាពីក្រោយ ។ រីឯកោយបោះ គឺកោយ
ទាំងឡាយដែលគេកាន់យកទៅទី ហើយបោះក្ដី ធ្វើអ្វីគ្រប់បែបទៀតក្ដី សម្រាប់​
រំលំកោយ ដាំទាំងប៉ុន្មាននោះ ។ ត្រង់រណ្ដៅតូចៗដែលឆ្កៀលដីយកកន្លែង​ដាំ​
កើយ​​​​ឲ្យជាប់នោះ គេហៅថា (រន្ធ ឬរន្ធកោយ) ។ គេកំណត់កន្លែងមួយពីមុខកោយ
ដាំ​ប្រមាណជា ៣ ឬ ៤ ម៉ែត្រ សន្មតហៅថា (ទី)​គឺជាទីដែលគេត្រូវបោះ ឬទៅធ្វើអ្វី
មួយ ពីត្រឹមនោះតម្រង់មកកោយដាំវិញ ។ អ្នកដែលត្រូវឡើងមុនគឺបានទៅបោះពីទី​
មុនគេនោះ សម្រេចលើការព្រមព្រៀងគ្នា,ជាធម្មតា គេច្រើនតែអនុញ្ញាតឲ្យពួកអ្នក
​ខ្សោយជាងមានសិទ្ធិទៅបោះមុនគេ ទុកដូចជាតទីឲ្យដែរ ឯការចាញ់ឈ្នះស៊ីសង​
ត្រង់នរណាធ្វើត្រូវកោយដាំចប់សព្វគ្រប់មុនគេ គឺគ្រប់បែបគ្រប់ថ្នាក់ ដែលរបៀប​
លេងអង្គញ់តម្រូវឲ្យទាំងប៉ុន្មាន ។ ប៉ុន្តែគេច្រើនសន្មតគ្នាបន្ថែមឲ្យអ្នកចាញ់ធ្វើ ៣
ឬ ៤ ក្ដារសិន ហៅថា ‹តាម› ដូច្នេះបានជាមុននឹងលេង គេសន្មតគ្នាថា តាមប៉ុន្មាន
ក្ដារ? បើគេសម្រេចគ្នាថា ប៉ុន្មានៗដល់ទីបំផុតត្រូវតែ (តាម) ប៉ុណ្ណោះក្ដារសិន ។

បើផុតកំណត់ហើយ នៅតែមិនបានធ្វើ ត្រូវអស់ទៀតនោះទើបទុកជាចាញ់ ហើយ​ពួក
ខាងឈ្នះ ត្រូវជោះពួកខាងចាញ់តាមចំនួនដែលគេសន្យាគ្នា ឧបមារថា គេសន្យា
ថា កោយមួយជោះ ១០ ដូច្នេះនរណាកាន់កោយបោះមួយ បើឈ្នះត្រូវបានជោះគេ
១០ តែបើចាញ់ក៏ត្រូវគេជោះ ១០ ដែរ ។

ល្បែងនេះមានលក្ខខណ្ឌតឹងរ៉ឹងណាស់ បើធ្វើខុសបទវិន័យណាមួយនឹងត្រូវទទួល
ពិន័យ​ភ្លាមមួយរំពេច។លក្ខខណ្ឌទាំងនេះ យើងនិងបរិយាយរបៀបលេងខាងក្រោម
នេះ ។

ល្បែងអង្គញ់ចែកចេញច្រើនជាន់ថ្នាក់ជាសង្កាត់ៗមាន៖
១- បោះ (កាន់បោះមកពីទី តម្រង់កោយដាំ)
២- ស៊ីគោល (បាញ់ដោយម្រាមដៃដាក់លើក្បាលជង្គង់)
៣- ស៊ីប៉ារ៉េត (បាញ់ដោយម្រាមដៃដាក់ផ្ទាល់នឹងដី)
៤- ត្រកង (ប្រមៀលអង្គញ់មកពីទី)
៥- ចាក់ខ្ទែក (ដាក់អង្គញ់លើខ្នងជើងដើរបីជំហាន)
៦- បោះជោះ (បោះសម្រេចជាចុងក្រោយបំផុត)

របៀបលេងក្នុងសង្កាត់នីមួយៗមានដូចតទៅ៖
ថ្នាក់ទី​ ១ បោះ
= ពួកអ្នកដែលត្រូវឡើងទៅបោះ គេបោះតម្រង់ទៅកោយដែលដាំ​
ណាមួយ,កាលបោះទៅត្រូវកោយដាំនោះហើយ កោយនោះក៏ខ្ទេចចេញពីរន្ធទៅ
 កោយបោះក៏នៅក្នុងរន្ធកោយដាំ, ហើយអ្នកដាំទះកោយបោះនោះបង្កប់ថែមទៀត
យ៉ាងនេះគេហៅថា (ស្អុយ) ។ បើបោះត្រូវកោយណាមួយហើយ បើបោះកោយមួយ
​ក្រោយ ទៅត្រូវកើយដដែលទៀតគេហៅថា (ម៉ាយ)។ បើអ្នកបោះប្រព្រឹត្តខុស​វិន័យ
​ទាំងនេះហើយ ត្រូវអ្នកដាំទៅបោះ អ្នកបោះមកដាំវិញម្ដង ។ កាលណាបោះទៅ
​ត្រូវកោយដែលដាំដួលទាំងអស់រួចហើយ អ្នកបោះត្រូវចាប់បន្តធ្វើស៊ីគោលតទៅ
ទៀត ។

ថ្នាក់ទី ២ ស៊ីគោល= កាលបើបោះត្រូវអស់ហើយគេយកកោយរបស់គេដែលសំដៅ
ទៅ ‹ទី› ហើយអង្គុយច្រហោងរុញក្បាលជង្គង់ម្ខាងទៅមុខបន្តិច យកកោយដាក់លើ​
ក្បាលជង្គង់នោះ ទាត់កោយដោយមេដៃឬចង្អុកដៃ តម្រង់ទៅកើយដាំណាមួយ ។
បើកោយធ្លាក់ទៅនោះ ធ្លាក់ជិតកោយដាំពេកប្រមាណជាមួយចំអាម ឬកន្លះចំអាម
នោះ, អ្នកស៊ីគោលគេសួរអ្នកដាំថា​ (វ័ធឬណាប់?) បើអ្នកដាំឆ្លើយថា (វ័ធ) អ្នកស៊ី
គោល​ត្រូវវ៉ាស់ជាចំអាមដោយយកមេដៃដាក់លើកើយរបស់ខ្លួន ចង្អុលដៃវ័ធកោយ
​ដាំឲ្យដួលតែម្ដង ។ បើអ្នកដាំឆ្លើយថា (ណាប់) អ្នកស៊ីគោលគេលើកកោយរបស់​
គេគប់ទៅកោយដាំនោះឲ្យដួលតែម្ដង ។ ដូចនេះកោយដែលស៊ីគោលធ្លាក់ជិតពេក
នោះ គេឲ្យឈ្មោះថា (វ័ធ-ណាប់) ។ បើកោយដែលស៊ីគោលទៅហើយធ្លាក់​ឆ្ងាយពី​
កោយដាំជាងមួយចំអាមនោះ អ្នកស៊ីគោលត្រូវលុតជង្គង់ ហើយយកកើយនោះ មក
​ដាក់លើក្បាលជង្គង់ផ្ទាត់តម្រង់ទៅកោយដាំបន្តទៅម្ដងទៀត ទាល់តែអស់កើយរបស់
ខ្លួន ។ បើកោយស៊ីគោលនោះរត់ទៅប៉ះដូចជាកើយស៊ីគោលទៅមុនធ្លាក់ត្រង់កន្លែង
ណាមួយ ហើយកើយទៅក្រោយរត់ទៅប៉ះកោយមុននោះ ដល់ពេលអ្នកបាញ់ពេល
​ទៅបាញ់ម្ដងទៀតនោះ អ្នកដាំគេត្រូវពិន័យដូច្នេះ គឺកោយមុនគេឲ្យផ្ទាត់ដោយ​ស្រ​
លៀងភ្នែកម្ខាង គឺឲ្យធ្មេចភ្នែកម្ខាង ឯកោយក្រោយគេឲ្យផ្ទាត់ដោយខ្វាក់ភ្នែក គឺឲ្យ​
ធ្មេចភ្នែកទាំងសងខាង ។ ដូច្នេះទើបគេឲ្យឈ្មោះ កើត ២ នេះថា កោយខ្វាក់ និង
ស្រ​លៀងតាមទណ្ឌកម្មដែលគេពិន័យ ស៊ីគោលដូចបានរៀបរាប់មកនេះត្រូវកោយ
​ដាំដួលអស់ហើយ គេត្រូវធ្វើស៊ីប៉ារ៉េតតទៅទៀត ។

ថ្នាក់ទី ៣ ស៊ីប៉ារ៉េត= ពួកអ្នកស៊ីគោលនោះ កាលបានធ្វើស៊ីគោលរួចហើយគេនាំគ្នា
យកកោយទៅដាក់ផ្ទាល់នឹងដី ហើយបាញ់ដោយម្រាមដាំមួយម្ដងៗ តម្រង់ទៅរក
​កោយដាំ រហូតដល់អស់កើយ ការពិន័យមាន វ័ធ ណាប់ ស្រលៀង ខ្វាក់ របៀបដូច
ស៊ី​គោលដែរ ខុសគ្នាត្រង់ស៊ីគោលគេធ្វើលើក្បាលជង្គង់ , ចំណែកស៊ីប៉ារ៉េត ដាក់
កោយ​ផ្ទាល់នឹងដីតែប៉ុណ្ណោះ ។ លុះធ្វើស៊ីប៉ារ៉េតរួចហើយគេធ្វើត្រកងតទៅទៀត ។

ថ្នាក់ទី ៤ ត្រកង ឬ ត្រឡងកង= ក្រោយដែលធ្វើស៊ីប៉ារ៉េតត្រូវអស់ហើយ គេចាប់​
ធ្វើបន្តទៅទៀត គឺត្រកង ។ ត្រកងនេះ គឺគេប្រមៀលកោយ (គ្រាប់អង្គញ់Wink
ឲ្យរមៀលដូចបរកង់ ហេតុនេះបានជាគេហៅថា (ត្រកងឬត្រឡងកង) ។ ត្រកង
​មានពីរបែប,គេយកបែបណាមួយមកលេង ក៏បានតាមតែគេណាត់គ្នា ហៅថា ត្រ
កងទប់ និងត្រកងធា។ ត្រកងទប់,គឺគេប្រមៀលកោយទៅហើយត្រូវរត់តាមទៅ
យក​ដៃខ្ទប់ឲ្យទាន់ មុនកោយនោះដួល ហើយមិនឲ្យហួសមេក្លោងផង តែបើទប់មិន
ទាន់ បណ្ដោយឲ្យកោយដួលស្លៀមខ្លួនវា ឬទប់ដែរតែមិនបានយកដៃខ្ទប់ឲ្យជិតល្អ
លើកោយនោះទេ នោះគេទុកជាស្អុយមិនបានការ, ពួកខាងម្ខាងត្រូវឡើងធ្វើម្ដង ។
បើកើយនោះ រត់លឿនពេកទៅហួសមេក្លោងឬមួយក៏ទង្គិចដួលកោយដាំណាមួយ
ក៏ទុកជាស្អុយត្រូវគេ ‹ឡើង› ដែរ ។ ឯត្រកងធាវិញ ពុំពិបាករត់តាមខ្ទប់ទេ តែត្រូវ​មានវិន័យមិនឲ្យហួសមេក្លោង និងទង្គិចកោយដាំឡើយ ។ របៀបត្រកង ក៏ដូចជា
ស៊ីគោល ឬ ស៊ីប៉ារ៉េតដែរ គឺធ្វើបានពីដំណាក់ គឺត្រកងពីទីទៅដល់ត្រង់ណាហើយ
អាចតាមទៅបាញ់ដល់ម្រាមដៃផ្ទាល់នឹងដីតម្រង់ទៅកោយដាំម្ដងទៀត ប្រសិនជា
​មានរះដួលកោយដាំម្ដងពីរឬ បី, ម៉ាយ,ងីងើមិនដួល កោយដាំនោះ គ្រាន់តែរង្គើ​
ក៏ត្រូវទទួលបទពិន័យដូចមុនៗដែរ ។

ថ្នាក់ទី ៥ ចាក់ខ្ចែក= ចាក់ខ្ចែកមានរបៀបប្លែកពីមុនៗ គឺគេឈានមួយជំហានគំនិត
ពីទី រួចយក​​អង្គញ់ដាក់លើខ្នងជើង ហើយឈានពីរជំហានទៅមុខទៀត ទើបរលាស់​
ចុងជើង គ្រវាត់គ្រាប់អង្គញ់ទៅឲ្យត្រូវកោយដាំ ។ កាលណាមិនត្រូវក៏ស្អុយកោយ
​បោះនោះ ចោលទៅ កាលណាត្រូវអាចយកកោយដដែលនោះមកធ្វើសារជាថ្មីបាន​
ម្ដងទៀត ។ ប្រសិនជាដាក់កោយខ្នងជើង ហើយឈានពុំទាន់ដល់កោយដាំស្រាប់តែ
​ជ្រុះកោយទៅ នោះគេទុកជាបាក់កលៀនអណ្ដាត គឺគេឲ្យយកទៅធ្វើម្ដងទៀតតែ​ឲ្យ​
អ្នកនោះ ងើយកឡើងលើលៀនអណ្ដាត មិនឲ្យមើលទៅកោយដាំទេគឺថាធ្វើប្រថុយៗ​
តាមស្មាន ។ ចាក់ខ្ចែក ឥតធ្វើពីដំណាក់ឈើតាមទៅផ្ទាត់បាននៅជិតកោយ ដាំដូច
​ត្រកង ស៊ីគោល-ស៊ីប៉ារ៉េតទេ គេធ្វើយកត្រូវពីទីតែម្ដង ។ កាលបើមានរះ ,មាយ,កប់
គេពិន័យដូចធ្វើអ្វីៗពីមុនមកដែរ ។

ថ្នាក់ទី ៦ បោះជោះ = បោះជោះក៏ដូចជាបោះពីដំបូងដែរ វិន័យគ្រប់បែបគ្រប់យ៉ាង
​ដូចគ្នាទាំងអស់សុទ្ធសាធ ។ គិតទៅបោះជួសនេះ ហាក់ដូចជាគ្រាន់តែជាវិញ្ញាសារ
​មួយសម្រាប់រង់ចាំពួកខាងយឺតជាង ឲ្យបានឱកាសដេញតាមតែប៉ុណ្ណោះ។ បានជា​
ហៅថា បោះជោះព្រោះបន្ទាប់តែពីបោះនេះទៅ ត្រូវបានជោះហើយ (គ្រាន់តែរង់ចាំ​
ឲ្យគេតាមប៉ុន្មានក្តារ ដែលបានសន្មត់តែប៉ុណ្ណោះ) ។

របៀបជោះ គឺគេយកអង្គញ់មួយផ្ទាប់ទៅដល់ក្បាលជង្គង់ ហើយយកអង្គញ់មួយទៀត
​វាយជួយពីលើ រាប់ចំនួនតាមដែលគេត្រូវជួស ។ ធ្វើបែបនេះហៅថា (ជោះបាយត្រ
ជាក់) ។ មួយបែបទៀតហៅថា ‹ជោះបាយក្ដៅ› របៀបនេះគេផ្គុំអង្គញ់ពីរតម្រួតគ្នា
គឺមួយផ្តេក មួយបញ្ឈរ ហើយជោះខ្លាំងៗទៅលើក្បាលជង្គង់មួយៗឡើងក្រហម
សាច់ ទំរាំតែអស់ចំនួន ៣០-៤០ សឹងតែហើមក្បាលជង្គង់តែម្ដង ជួនកាល គេយក
​បំពង់ឫស្សីមកខោកក្បាលជង្គង់ធ្វើជាជោះជំនួសគ្រាប់អង្គញ់ ក៏មាន ។

ឯឈ្មោះពិន័យដែលប្រើក្នុងល្បែងអង្គញ់នេះមាន ៩ បែប៖
១- ស្អុយ (គឺធ្វើខុសទុកកោយនេះ ជាអាសារបង់)
២- មាយ (ត្រូវម្ដងហើយ ត្រូវដដែលម្ដងទៀត)
៣- រះ (កោយបោះមួយ ត្រូវកោយដាំម្ដងពីរ)
៤- ងីងើ (កោយបោះរត់ប៉ះកោយដាំឲ្យរង្គើមិនដួល)
៥- ស្រលៀង -ខ្វាក់ (ព្រោះកើយបោះទង្គិចគ្នា)
៦- វ័ធ-ណាត់ (កោយបោះជិតកោយដាំពេក)
៧- បាក់កលៀនអណ្ដាត (ចាក់ខ្ទាតធ្លាក់កើយកណ្ដាលទី)
៨- កប់ទះ (កោយដាំខ្ទេចចេញ កោយបោះនៅក្នុងរន្ធដាំ)
៩- ហួសមេដំបូល (សម្រាប់ត្រកងកុំឲ្យហួសមេក្លោង)

បទពិន័យលើកំហុសទាំងអស់នេះមិនជាការធ្ងន់ពិបាកប៉ុន្មានទេ មានកំហុសខ្លះគេ
​គ្រាន់តែ ‹ឡើង› គឺគេទុកក្ដារនេះជាអាសាបង់ ត្រូវផ្ទេរឲ្យពួកម្ខាងទៀតឡើងទៅធ្វើ​
ម្ដងដូចយ៉ាង ម៉ាយ រះ កប់ទះ ជាដើម ប៉ុន្តែទោះជាត្រូវ (ឡើង) ក្ដី ក៏លើកក្រោយ​
គេអនុញ្ញាតឲ្យពួកនេះ ទុកជាធ្វើត្រូវទាំងអស់នេះដែរ ។ ឯបទពិន័យផ្សេងទៀត​ក៏​
គ្រាន់តែដាក់ទណ្ឌកម្ម ឲ្យលំបាកក្នុងការធ្វើតែប៉ុណ្ណោះ ពុំទាន់ចាត់ទុកឲ្យកោយ
​នោះស្អុយភ្លាមៗទេ ។
ច្នេះបទពិន័យគ្រាន់តែឲ្យបានសប្បាយបានយូរបន្តិចប៉ុណ្ណោះឯង ។

សេចក្ដីបញ្ជាក់:
គ្រាប់អង្គញ់ដូចគ្នានេះ គេអាចយកទៅលេងជាល្បែងមួយទៀតហៅថា (លេងកេល)។
​គឺថា គេយកកោយដាំប្រាំដែរ ដាំដង្ហែជាមួយជួរ ហើយមានគូសទីមួយ ជាកន្លែងសន្មត់ 
ដាក់កោយបោះ ៥ ដែរ តែដាក់ផ្ទាល់និងដី គេយកជើងកៀសគឺជើងឆ្វេងឈរស្ងៀម
លូកទៅមុខ,ជើងស្ដាំថយមកក្រោយចុចកែងឲ្យជាប់ទៅនឹងដី ហើយចុងម្រាមឆ្កើស​
យ៉ាងខ្លាំង ឲ្យកោយរត់ទៅត្រូវកោយដាំម្ដងមួយៗ ទាល់តែអស់ បើកោយណាមិន​
បានត្រូវកោយដាំទេ គេទុកជាស្អុយ តែបើបានត្រូវគេឲ្យត្រឡប់យកមកកេល (ឆ្កើស​
ចុងម្រាមជើងWink បានម្ដងទៀត ។ ពួកខាងណាធ្វើត្រូវអស់មុន ឈ្មោះថា ឈ្នះ
អាចជួសអ្នកចាញ់បាន ។របៀបលេងគ្រាប់អង្គញ់មួយយ៉ាងទៀតគេហៅ​​ ថា (បាញ់
រង) គឺមានអ្នកលេងពីរពួក ។ ពួកម្ខាងៗមានកោយ ១០ រៀងខ្លួនគឺសម្រាប់ដាំ ៥
បាញ់ ៥ ។ គេដាំជួរតម្រៀបគ្នាម្ខាងម្នាក់ ហើយ យកកោយបាញ់ បាញ់ទៅខាងពួក
​បរបក្ខម្ដងម្នាក់ ខាងណាបាញ់រំលំរបស់ពួកម្ខាងគេអស់មុនឈ្មោះថា ឈ្នះ បានជោះ
គេ ឯបាញ់នោះ គឺឈរបត់ក្បាលជង្គង់ម្ខាងដាក់ចោលលើក្បាលជង្គង់បាញ់នឹងម្រាម
ដៃ តម្រង់ទៅកោយដាំតែម្ដង ។ល្បែងអង្គញ់អាចរ៉ាប់ចូលក្នុងពួកកីឡា ហាត់ដៃឲ្យ

ត្រង់ ហាត់ភ្នែកឲ្យវៃ ហាត់ស្មារតីឲ្យមូល ៕ 

ភូមិកាព្យ ៤
(ឯកសារយោងៈ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ)





No comments:

Post a Comment