Friday, May 24, 2013

ព្រះរាជពិធីច្រត់ព្រះនង្គ័ល


ពិធី​ច្រត់ព្រះនង្គ័ល ដែល​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​ពិសាខ
ឯ​វាល​ព្រះ មេរុ ស្ថិតនៅ​ពី​ខាងជើង​នៃ​ព្រះបរមរាជវាំង​សព្វថ្ងៃ នេះ គឺ​មាន​ប្រវត្តិ​ដ៏​យូរ
លង់​ណាស់​មកហើយ ។​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​យើង ប្រភព​ឥណ្ឌា​នៃ​ព្រះរាជ​ពិធី​នេះ​អាច​គូស
បញ្ជាក់​ប្រាប់​យើង​តាមរយៈ​រឿង​រាមា​យ​ណៈ​ឥណ្ឌា  និង​រឿង​រាមកេរ្តិ៍៑​ខ្មែរ ដែល​ជា​
ភស្តុតាង​ប្រវត្តិសាស្ត្រ​មួយ​កាត់ថ្លៃ​ពុំ​បាន​ឡើយ ។ រាល់​ការបកស្រាយ​ខុស​ពី​នេះ គឺ
ជា​ការភាន់ច្រឡំ​មួយ​យ៉ាងធ្ងន់ធ្ងរ ហើយ​វា​ក៏​មាន​លក្ខណៈ​បញ្ច្រាស​ពី​ប្រវត្តិសាស្ត្រ​ពិត
ផង​ដែ​រ ។​

​​ពិធី​ច្រត់ព្រះនង្គ័ល ​គឺជា​ព្រះរាជ​ពិធី​មួយ​យ៉ាង​សំខាន់​បំផុត បន្ទាប់​ពី​ព្រះរាជា​អភិសេក​
 ជាពិធីមួយ ស្ថិតក្នុងចំណោម​ពិធី​ផ្សេងៗ ឯទៀត​ប្រចាំឆ្នាំ ។ នៅ​ប្រទេស​ឥណ្ឌា​បុរាណ
 និងនៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​យើង ការប្រកប​របរ​កសិកម្ម​ជាមុខរបរ​ចម្បង ដោយ​ពឹង
ពាក់​ទាំងស្រុង​លើ​ស្រូវ​អង្ករ និង​ភោគ​ផល ដំណាំ​ដទៃៗ​ទៀត ។​

ចំណាស់​នៃ​ព្រះរាជ​ពិធី​នេះ​ក៏​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ តាមរយៈ​វិស័យ​បដិមា​សាស្ត្រ​បុ
រាណ​ខ្មែរដូចជា​ចម្លាក់​នា​នានៅសម័យ​បុរេ​អង្គរ និង​អង្គរ ​មានដូចជា​រូបសំណាក​តំណាង
​ព្រះរាម​កាន់​ព្រះ​នង្គ័ល​នៅ​នឹង​ដៃ ដែលគេ​ហៅ​ថា​ពល​រាម ឬ​រាម​ទេព​ ។ យើង​សូម​រំលឹក
​ថា ចម្លាក់​ពល​រាម​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​បាត​ប្រាសាទភ្នំដា ស្ថិត​ក្នុង​អំឡុង​សតវត្ស
​ទី ៥-៦ នៃ​គ្រិស្ត​សរាជ ហើយ​សព្វថ្ងៃ​នេះ​​កំពុងស្ថិតក្រោមការ​ថែរក្សា​នៅក្នុង​សារមន្ទីរ​ជាតិ
​នៅក្នុង​ទីក្រុងភ្នំពេញ​ ។ ចម្លាក់​របស់​ព្រះ​អាទិទេ​ពខាង​លើ​នេះ​ក៏​ត្រូវបាន​គេ​ឆ្លាក់​ នៅលើ​
ក្បាច់​ហោ​ជាង នៃ​ប្រាសាទ​បន្ទាយស្រី ដែល​ត្រូវបាន​សាងសង់​ឡើង​នៅក្នុង​ឆ្នាំ​៩៦៧ នៃ​
គ្រិស្តសករាជ​ដែរ ។ ទាំងនេះ​ជា​ឯកសារ ប្រយោល​នៃ​ការ​​​ ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះ
នង្គ័ល​យ៉ាង​ប្រក្ស​ត្រ ។​

​សេចក្តី​កត់សម្គាល់​ខាងលើ​នេះ​មិន​បាន​ធ្វើឲ្យអ្នក​បុរាណវិទ្យា ​យើង​ភ្ញាក់ផ្អើល​នោះ ទេ ។
ពីព្រោះ​លទ្ធិ​ព្រហ្មញ្ញសាសនា ដែល​បាន​ចាក់​ឫសគល់​យ៉ាងជ្រៅ​ទៅ​ហើយ​នៅ ក្នុង​ព្រះរាជា
ណាចក្រ​នគរ​ភ្នំ (​ហ្វូណន​) ប្រមាណ​ជា ២.០០០ ឆ្នាំ​មកហើយ​នោះ បាន​នាំមក​នូវ​ប្រពៃណី​
ពី​ឥណ្ឌា ដែល​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​សាសនា និង​របប​គ្រប់គ្រង​រៀបចំ​ប្រទេស​តាម​បែប​រាជា
ធិបតេយ្យ ៘ ប្រពៃណី​បែប​ឥណ្ឌា​និយម​ទាំងនោះ​ក៏​បាន​ក្លាយទៅជា​ប្រពៃណី​ខ្មែរ​សុទ្ធ
សាធ ដោយ​មាន​ការ​វិវឌ្ឍន៍​បន្តិច​ម្តងៗ តាម​ផ្នត់គំនិត​ខ្មែរ​រហូត​ដល់​បច្ចុប្បន្ន ។​

​សេចក្តី​ដែល​បាន​អះអាង​ខាងលើ​នេះ​​ជា​សក្ខីកម្ម​មួយ​​ ចង្អុលបង្ហាញ​នូវ​ឥទ្ធិពល​នៃ​លទ្ធិ​
ព្រហ្មញ្ញសាសនា និង​ពិធី​កម្ម​មួយចំនួន​បែប​ព្រាហ្មណ៍​និយម​របស់​ឥណ្ឌា​លើ​សង្គម​ខ្មែរ
​យើង ។​

​​នៅក្នុង​សម័យ​បុរេ​អង្គរ ឬ​អង្គរ ​ជាពិសេស​ក្រោយមកនៅសម័យ​ឧដុង្គ គេ​ឃើញ​ព្រះមហា
ក្សត្រ​ខ្មែរ ដែល​ជា​ម្ចាស់​ដែនដី​នៃ​កម្ពុជ​រដ្ឋ ទ្រង់​ប្រារព្ធ​ព្រះរាជ​ពិធី​ដ៏​សំខាន់​ខាងលើ​នេះ​
ផ្ទាល់​ហើយ​មុន​គេ​នៅ​ក្នុង​ខែ​ពិសាខ គឺ​ក្នុង​ពេល​ដែល​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​តិចៗ ជា​បណ្តើរៗ
​លើ​ប្រថពី ។ ថ្វី​ត្បិត​តែ​ការ​ប្រារព្ធ​ពិធី​នេះគ្រាន់តែ​ជា​និមិត្តរូប​ក៏ពិត មែន (ពីព្រោះ​ព្រះរាជា
​យាង​ច្រត់ព្រះនង្គ័ល​តែ​បី​ជុំ​នៅលើ​វាល​ព្រះ​ស្រែ​តែប៉ុណ្ណោះ) ក៏ប៉ុន្តែ​ពិធី​នេះ​បង្កប់​ទៅ​ដោយ
​នូវ​អត្ថន័យ​យ៉ាង​ស៊ីជម្រៅ​គួរឲ្យ​ចាប់អារម្មណ៍​ក្រៃលែង ។​

ប្រការនេះបានរំលឹក​អំពី​ទឹក​ព្រះទ័យ​របស់​ហ្លួង​ក្នុង​វិស័យ​កសិកម្ម​​ ។ការណ៍​ដែល​ព្រះមហា
ក្សត្រ​ខ្មែរ ឬក៏​តំណាង​ព្រះរាជា​(ស្តេច​មាឃ)  និង​ព្រះ​អគ្គមហេសី(​នាង​មេ​ហួ)​បើក​រដូវ​ភ្ជួរ
ស្រែ​ចម្ការ​មុនគេ​បង្អស់​នោះ ​វាគឺជា​ការបង្ហាញ​នូវ​ការ​យក​ព្រះទ័យ​ទុកដាក់​យ៉ាង​ខ្លាំងក្លា​
របស់​ទ្រង់​លើ​វិស័យ​កសិកម្ម ដែល​ជា​អាទិភាព​ចម្បង​របស់​ជាតិ​។ទោះ បីជា​ត្រូវបាន​គេ​រក
ឃើញ​នៅក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ននេះ​ក៏ដោយ វត្តមាន​របស់​គំនូរ​ខ្មែរ​​មួយចំនួននាសម័យ
បុរេអង្គរ(​សម័យ​ចេនឡា) ដែល​គេ​បាន​ឆ្លាក់​លើ​កុលាលភាជន៍​​មាន​រូប​ព្រះរាជា​កំពុង​ភ្ជួរ​ស្រែ
 ក៏​ស្ថិត​ក្នុង​បរិបទ​វប្បធម៌​បែប​ព្រាហ្មញ្ញ​សាសនា​ដែរ។ ទាំងនេះ​ជា​ទិន្នន័យ​ប្រយោល​ស្តី​ពី​
និរន្តរភាព​នៃ​ពិធីបុណ្យ​ច្រត់​ព្រះន័ង្គ​លរបស់​ជនជាតិខ្មែរ ដែល​គេ​មិន​អាច​បដិសេធ​បាន
​ជាដាច់ខាត ។ ម្យ៉ាងវិញទៀត​គេ​ក៏​ជ្រាប​ផងដែរ​ថា ទាំង​ទម្លាប់​ ទាំង​គំនូរ​បុរាណ ពោល​គឺ​
សិល្បៈ​ក្នុង​សង្គម​ខ្មែរ ដែល​ត្រូវបាន​ផលិត ឬ​សូន្យ​ឡើង​នោះគឺ​សុទ្ធសឹងតែ​ពាក់ព័ន្ធ​ទៅ
នឹង​​ជំនឿ​សាសនា ដែល​មាន​ទំនៀមទម្លាប់​ប្រជាប្រិយ​ជា​គ្រឹះ​ដ៏​រឹងមាំ ។​

ទន្ទឹមនឹងនេះ​ដែរ យើង​ក៏​ត្រូវ​ដឹង​ទៀត​ថា ជំនឿ​ប្រជាប្រិយ​ខ្មែរ រមែងតែងតែ​សង្កត់ធ្ងន់
​លើ​លក្ខណៈ​វិសេសវិសាល​របស់​ព្រះរាជា​ខ្មែរ ដែល​ប្រកបដោយ​អច្ឆរិយ​ភាព ។ ឈរ​លើ​
ទស្សនៈ​នេះ អ្នកស្រុក​ភូមិ​ដែល​ជា​កសិករ​ជឿថា ព្រះរាជា​មាន​លទ្ធភាព​នឹង​បញ្ជា​លើ​
ធម្មជាតិ​តាម​អំណាច​ស័ក្តិសិទ្ធិ ដែល​ទ្រង់មាន​ដើម្បី​នាំមក​នូវ​ភោគផល​ដ៏​ជាទី​ប្រសើរ​
បំផុត ។ ក្នុងន័យ​នេះ​ការដែល​ព្រះមហាក្សត្រ​ខ្មែរ ដែល​ជា​មហា​បុរស​រដ្ឋ​ភ្ជួរស្រែ​មុន
ដំបូង​គេ ឬ​បើ​និយាយ​ម្យ៉ាងទៀត​ការដែលព្រះអង្គប្រកាស​បើក​ពិធី​ដា​ស្រូវ​មាន ន័យថា
ព្រះអង្គ​នឹង​ធ្វើឲ្យ​ធញ្ញជាតិ​លូតលាស់​មាន​ផ្លែផ្កា ។ នោះ​គឺជា​អ្វីមួយ ដែល​ជា​សេចក្តី
ត្រូវការ និង​សង្ឃឹម​របស់​សង្គម​មនុស្ស ។​

ឯកសារយោងៈ
- ឯកសារព្រះរាជពិធីទ្វារទសមាស
- បណ្ឌិត មីសែល ត្រាណេ

រ័ត្នន៍ សេនា

No comments:

Post a Comment