Thursday, January 30, 2014

វត្ត សំពៅប្រាំ


វត្ដសំពៅប្រាំ ស្ថិតនៅទីខ្ពង់់រាបនៃភ្នំបូកគោ ដែលសព្វថ្ងៃនេះរាជការបានតាំងជាទីក្រុងទេសចរណ៏មួយយ៉ាង
សំខាន់សម្រាប់យកខ្យល់អាកាសស្អាតស្អំនៅមាត់សមុទ្រ។ ភ្នំនេះឋិតនៅក្នុងពួកភ្នំកំចាយ ពីដើមនៅក្នុងឃុំកោះ
តូច ស្រុកកំពត ខេត្ដកំពត ប៉ុន្ដែសព្វថ្ងៃគេកាត់ចេញដោយឡែកជាបុរីមួយ ដោយមានការគ្រប់គ្រងពិសេសដាច់
ចេញពីខេត្ដកំពត ។  សព្វថ្ងៃទីក្រុងថ្មីនេះ បានរៀបចំជាថ្មីឱ្យទាន់សម័យ  ឯផ្ងូវថ្នល់ដែលលូនក្រវេចក្រវៀនតាម
ចង្កេះ​ភ្នំ កាត់ជ្រោះឡើងទៅខ្ពង់បុព្វតានេះ ក៏បានក្រាលថ្មចាក់ជ័រយ៉ាងស្អាតបាត រថយន្ដតូចគ្រប់ធុនបើកបរគ្មាន
លំបាកទេ  លើកលែងតែរថយន្ដធំវែងៗបើកបរពុំបាន  ត្បិតបត់បែនពុំកើត ព្រោះផ្លូវនេះក្ងិកក្ងក់ពេក។  ផ្លូវឡើង
នេះ​មានចម្ងាយចាប់ តាំងពីត្រង់បែកចេញពីផ្លូវជាតិលេខ៣ (ផ្លូវនៅកំពតវាលរិញ) ទៅមាន៣២គ.ម ប៉ុនែ្ដដោយ
ផ្លូវបត់បែន ហើយត្រូវឡើងជាដ៏រាបផង រថយន្ដបើកពុំសូវលឿនប៉ុន្មានទេ។ ពីដើមខ្ពង់រាបបូកគោជាកន្លែងយក
ខ្យល់អាកាសសម្រាប់ជនជាតីអ៊ឺរ៉ុប ដែលជាអាណាព្យាបាលស្រុកយើង គឺលោកហ្វ្រង់ស្វា-បូដ្វាំង ជារេស៊ីដង់សុ
ប៉េរេយើ
 នៅប្រទេសកម្ពុជាបានចាត់កសាង  ហើយសម្ពោធផ្លូវការកាលពីឆ្នាំ១៩២៥។ ​​​ កាលពីសម័យកសាង
នោះដោយទ្រង់ថា បារាំងរៀបចំធ្វើទីសំណាក់អាស្រ័យយកធាតុត្រជាក់សម្រាប់ពួកគេ ដូច្នេះព្រះមហាក្សត្រខ្មែរ
យើង ក៏ព្រះអង្គទ្រង់ព្រះតំរិះដល់ព្រះពុទ្ធិសាសនាភ្លាមដែរ គឺព្រះអង្គទ្រង់សាងអារាមមួយ ដោយមានកូនវិហារ
តូចមួយនិងចេតិយឡើងមួយដែរ ។  សំណង់់វត្ដនេះតាំងលើដីខ្ពស់  ជាកំពូលភ្នំដ៏មានផែនថ្មធំៗនៅពាសពេញ
ចម្លែក​ជាងគេគឺផែនថ្មជាបន្ទះៗ មានទំហំបណ្ដោយប្រមាណជាជាង១០មែត្រ និងកំពស់ប្រហែលជិត១០មែត្រ
ដែរ។ ទ្រង់ទ្រាយផែនថ្មនេះ មានភាពសំប៉ែតខ្ពស់ ទ្រទុងនៅតំរៀបគ្នា ជាប្រាំសន្លឹក មានសណ្ឋានដូចក្ដោងសំ​
ពៅត្រដាង។ ដោយឃើញរូបភាពនៃថ្មទាំងប្រាំផែននេះ មានសណ្ឋានដូចសំពៅ៥ កំពុងបើកក្ដោង ហើយការក
សាងក៏ត្រូវធ្វើនៅជាប់ផែនថ្មនេះទៀត ទើបអ្នកផងហៅទីនេះតាមសន្មត់ថា«វត្ដសំពៅប្រាំ»។ កាលបើបានឈ្មោះ​
នេះហើយ អ្នកផងក៏ប្រឌិតបានជារឿងព្រេងមួយឡើង ដែលដកស្រង់ពីរឿងមានស្រាប់មកហើយ គឺរឿង «ព្រះ​
ថោង​នាងនាគ»
នោះឯង ៖
 ក្នុងកាលកន្លងយូរមកហើយ កាលនោះមានសេ្ដចខ្មែរយើងមួយអង្គ ព្រះនាមព្រះថោង។ រឿងដើមនៃក្សត្រ
អង្គនេះ គឺព្រះអង្គជាព្រះអង្គម្ចាស់មួយព្រះអង្គ មានការតូចព្រះទ័យនិងបិតា ដែលតម្រូវឱ្យព្រះអង្គគោរពបូជាព្រះ
អនុជពៅ ម្ល៉ោះហើយទ្រង់យាងចាកចេញពីព្រះរាជវាំងជាមួយស្ម័គ្របក្សពួកចេញ ឆ្ងាយពីរាជវាំងទៅដល់ឆ្នេរ
ខ្សាច់​មួយ មានដើមធ្លកមួយដើមដុះនាកណ្ដាលវាលខ្សាច់នោះ។ ព្រះអង្គបញ្ឈប់ពលរេហ៍ នៅទីនោះសម្រាក
ព្រះកាយនៅក្រោមដើមធ្លក។ ពេលព្រលឹមស្វាងឡើង ព្រះអង្គយាងមួយព្រះអង្គឯង លំហែរកាយ តាមមាត់ស
មុទ្រកាន់តែឆ្ងាយទៅៗ ស្រាប់តែឮសំលេងមនុស្សអ៊ូអរ ព្រះអង្គក៏យាងទៅជិតបានជួបនឹងនាងនាគ ដែលកំពុង
នាំភិលៀងមកកំសាន្ដឆ្នេរសមុទ្រនេះ។ ព្រះអង្គបានលួងលោមប្រតិព័ទ្ធ នាងនាគក៏យល់ព្រម តែសូមឱ្យព្រះអង្គ
តោងកន្ទុយនាគ ដើម្បីជ្រែកទឹកទៅកាន់ឋាននាគ ថ្វាយបង្គំព្រះភុជង្គនាគជាព្រះបិតា។ លុះព្រះអង្គតាមព្រះនាង
ទៅដល់ឋាននាគអស់រយៈ៧ថ្ងៃ ក៏សូមលាព្រះបិតាក្មេកនាំមហេសីមកឋានមនុស្សវិញ។ កាលនោះព្រះបាទភុជ​
ង្គនាគ បានរៀបចំប្រដាប់ប្រដា ជាទ្រព្យមានតំលៃចំនួន៥សំពៅ ដើម្បីដង្ហែព្រះរាជបុត្រមកគ្រប់គ្រងរាជ្យនៅឋាន
មនុស្សលោក។ សំពៅទាំង៥នោះ បើកក្ដោងសំដៅមាត់សមុទ្រជាយដែនប្រទេស ហើយក៏ចូលចតតម្រៀមគ្នា
រើប្រដាប់ប្រដាចេញពីសំពៅ ហើយដឹកជញ្ជូនយកទៅរកទីណាមួយមានទីទួលខ្ពស់រៀបចំកសាងជាទីក្រុងឡើង​
។ ឯសំពៅទាំងប្រាំនោះក៏បញ្ឈរទុក សម្រាប់ព្រះអង្គមានដំណើរទៅណាមកណា ទ្រង់គង់ក្រសាលតាមព្រះចិន្ដា​
។ ពលរេហ៍ទាំង៥០០នាក់ ក៏ដង្ហែព្រះថោងនិងនាងនាគ ទៅចាប់ស្ថាបនាទីក្រុងរាជនិវេសន៏ទាំងអស់គ្នាទៅ នៅ
សល់តែសំបកសំពៅ លុះអស់កាលជាយូរលង់ក្រោយមក ឆ្នេរសមុទ្រចេះតែស្រុតស្រកឆ្ងាយទៅៗ ដីក៏កាន់តែ
ដុះខ្ពស់ឡើងៗ សំពៅទាំងប្រាំនោះក៏ កឿងនៅជាប់នឹងច្រាំង ហើយយូរៗទៅក៏រឹងទៅជាថ្មលិចបាត់តួសំពៅទៅ
ក្នុងដី នៅសល់តែក្ដោងទាំង៥ ដែលគេ ឃើញសព្វថ្ងៃនេះ។ នេះហើយជារឿងព្រេងដែលអ្នកស្រុកប្រឌិត ភ្ជាប់
នឹងស្ថានភាពវត្ដនៅលើភ្នំបូកគោ។
ប៉ុនែ្ដបើតាមការស្រាវជ្រាវវិញ វត្ដនេះពុំមែនជាវត្ថុបុរាណណាស់ណាទេ ក៏ជាវត្ដថ្មីមួយដែលព្រះករុណាព្រះ​
បាទព្រះស៊ីសុវត្ថិមុនីវង្ស ព្រះចៅប្រទេសកម្ពុជាទ្រង់កសាងឡើងកាលពី គ.ស ១៩២៤ គឺនៅគ្រាដែលរាជការ
អាណាព្យាបាលបារាំង គេស្ថាបនាទីតំបន់បូកគោធ្វើជាទីលំម្ហែ សម្រាប់យកខ្យល់ត្រជាក់តាមធាតុអាកាសស្រុក​
អ៊ឺរ៉ុប។ កាលនោះរាជការបារាំង គេបានថ្វាយចំពោះព្រះកុរណាជាអង្គម្ចាស់ជីវិត នូវទីកន្លែងមួយសម្រាប់ព្រះអង្គ
ស្ថាបនាជាព្រះដំណាក់មួយនៅបូកគោនោះ ដូច្នោះហើយព្រះអង្គក៏ផ្ដួចផ្ដើមព្រះទ័យកសាងជាវត្ដមួយនេះឡើង
ដោយជ្រើសរើសយកទីទួលដែលជាប់នឹងផែនថ្ម៥សន្លឹកធំៗនោះ សង់ជាព្រះវិហារមួយតូចតែស្អាតស្អំ និងចេតិ​
យមួយទៀតនៅពីមុខព្រះវិហារនេះ ហើយសន្មត់យកនាភាភិធេយ្យថា «វត្ដសំពៅប្រាំ» គឺយកតាមលំនាំទីកន្លែង
លើទួលនោះ ដែលមានសន្លឹកផែនថ្មធំៗ ដូចជាក្ដោងសំពៅប្រាំផ្ទាំង ឋិតនៅត្រង់នោះស្រាប់។ សព្វថ្ងៃបូកគោជា
ទីមនោរម្យមួយសម្រាប់ទេសចរណ៏ ធ្វើដំណើរទៅលម្ហែ សម្រាកកាយនៅគ្រប់ពេលឈប់សម្រាក ម្លោះហើយវត្ដ
សំពៅប្រាំ ក៏ទៅជារមណីយដ្ឋានមួយដែលគេស្គាល់ច្រើនដែរ។
(សម្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)


No comments:

Post a Comment