សម័យមួយសិរីសួស្ដី និង អព្វមង្គលជួបនិយាយគ្នា អព្វមង្គលសួរទៅសិរីសួស្ដីថា
«លោកមានរិទ្ធអំណាចដូចម្ដេចខ្លះ ?» ។ សិរីសួស្ដីប្រាប់ទៅអព្វមង្គលថា៖រិទ្ធ
អំណាចអញជាសិរីសួស្ដីនេះខ្លាំងពូកែណាស់ សូម្បីតែមនុស្សខ្ញុំគេ
គេស្អប់គេមិនមេត្តា តែអញទៅស្ថិតកាលណាឲ្យអ្នកខ្លះស្នេហា ទំនុកបម្រុងទាល់តែបានរាជសម្បត្តិ
។
ឯសិរីសួស្ដីសួរទៅអព្វមង្គលថា «រិទ្ធអំណាចឯងដូចម្ដេចខ្លះ ?» ។ អព្វមង្គលឆ្លើយថា «រិទ្ធអំណាចខ្ញុំនេះ
បើស្ថិតនៅឈ្មោះណាបណ្ដាលឲ្យគេស្អប់គេខឹង
ខូចខាតសម្បត្តិទ្រព្យវិនាសអន្តរាយ សូម្បីតែបានរាជសម្បត្តិហើយ
ក៏គង់ថ្លោះធ្លោយធ្លាក់ខ្លួនទៅជាខ្ញុំគេបាន» ។ អព្វមង្គលចង់ដឹងរិទ្ធិសិរីសួស្ដីក៏ប្រាប់ថា «ខ្ញុំឃើញខ្ញុំសេដ្ឋីម្នាក់ឈ្មោះ អាតុល សេដ្ឋីប្រើឲ្យឃ្វាលគោក្របី
សព្វថ្ងៃនេះសេដ្ឋីខឹងនឹងអាតុលជេរវាយតែសព្វថ្ងៃថា
ពុំមើលថែរក្សាក្របីឲ្យស្គមអស់។ ខ្ញុំចង់ឲ្យលោកសិរិសួស្ដីទៅសណ្ឋិតនៅអាតុលខ្ញុំសេដ្ឋីនោះ
បើវាបានរាជសម្បត្តិខ្ញុំក៏ជឿថាលោកមានរិទ្ធិខ្លាំងពូកែប្រាកដមែន»។ សិរីសួស្ដីប្រាប់ទៅអព្វមង្គលវិញថា
«ឯងចាំមកគន់មើលចុះ
ថ្ងៃស្អែកនេះអញចូលទៅស្ថិតលើរូបអាតុលខ្ញុំសេដ្ឋីហើយ
តែអញចូលទៅនៅកាលណាយូរបន្តិចទៅមុខជាអាតុលខ្ញុំសេដ្ឋីនោះ វាបានសោយរាជសម្បត្តិមិនខាន។
លុះព្រឹកឡើងដល់ពេលអាតុលបញ្ចេញគោក្របី
អំពីក្រោលយកទៅឃ្វាល នោះសិរីសួស្ដីចូលទៅស្ថិតនៅរូបអាតុលៗ
ក៏រីករាយសប្បាយក្នុងចិត្តប្លែកពីថ្ងៃមុន ។
ដល់ពេលល្ងាចកៀងគោក្របីត្រឡប់មកបញ្ចូលក្រោលនៅផ្ទះវិញ ។
សេដ្ឋីទាំងប្ដីប្រពន្ធឈរមើលគោក្របីត្រឡប់មកបញ្ចូលក្រោលឃើញ អាតុលរាំងទ្វារ ក្រោលគោក្របីជាប់ហើយ ទើបឡើងទៅអង្គុយលើផ្ទះសេដ្ឋីជាចៅហ្វាយនៅកន្លែងខ្លួនដូចសព្វដង
។ សេដ្ឋីទាំងប្ដីប្រពន្ធកាលឃើញអាតុលហើយ ក៏នឹកក្នុងចិត្តអាណិតថា «ឱអាតុលអើយ!កាលឃើញអាតុលទៅឃ្វាលក្របី
អត់បាយទល់ល្ងាចទើបបានបាយបរិភោគម្ល៉េះសមវាឃ្លានយ៉ាងណាទៅ ?» គិតហើយក៏ដាស់តឿនខ្ញុំកំដរស្រីៗឲ្យដួសបាយស៊ីរាល់គ្នា
។ ខ្ញុំស្រីក៏ដួសភោជហារណាដែលមានឱជារសយកទៅដាក់ជូនសេដ្ឋី
ហើយប្រជុំគ្នាបរិភោគ ។
សេដ្ឋីប្ដីប្រពន្ធហៅអាតុលមកជិតចាប់ម្ហូបដែលមានឪជារស
ឲ្យបរិភោគៗរួចសេដ្ឋីប្ដីប្រពន្ធគន់មើលកិរិយាឫកពារអាតុលនោះរកទាស់ចិត្តត្រង់ណាគ្មាន
។ បណ្ដាជនទាំងស្រីប្រុស តែបានឃើញរូបអាតុលកាលណា
ក៏មានចិត្តស្នេហាមេត្តពន់ប្រមាណ ។
ឯសេដ្ឋីប្ដីប្រពន្ធជាចៅហ្វាយអាតុលនោះនិយាយគិតគ្នាថា
"យើងសព្វថ្ងៃនេះឥតកូន ទ្រព្យសម្បត្តិក៏មានច្រើន អំណឹះតទៅ
បើឥតពីយើង ទ្រព្យសម្បត្តិនឹងអន្តរាយអាសារឥតការ
គួរយើងលើកអាតុលឡើងដំកើងធ្វើជាកូន កុំឲ្យវាឃ្វាលគោក្របី
ត្បិតអាតុលនេះសាច់ឈាមឫកពារ ល្អណាស់ ល្មមសមគួរជាកូនយើងបាន" ។
ដល់ពេលល្ងាចអាតុលត្រឡប់មកពីឃ្វាលគោក្របីវិញ សេដ្ឋីទាំងប្ដីប្រពន្ធ
ឃើញអាតុលរឹតតែស្នេហាពន់ពេក ក៏ហៅឲ្យបិរភោគបាយជាមួយ
មិនឲ្យឃ្លាតឆ្ងាយពីខ្លួន គោក្របីមិនឲ្យឃ្វាលពីថ្ងៃនោះតទៅ។
សេដ្ឋីទាំងប្ដីប្រពន្ធយកសំលៀកបំពាក់ គ្រឿងមាសប្រាក់មកតុបតែង
ឲ្យអាតុលហើយប្រាប់ថា «ពីថ្ងៃនេះទៅអញទុកឯងជាកូន ទ្រព្យសម្បត្តិទាំប៉ុន្មាន អំណឹះតទៅ
នៅលើដៃកូនឯងទាំងអស់» ។ អាតុលក៏រីករាយសប្បាយចិត្តជាទីបំផុត ។
លុះអាតុលចម្រើនអាយុ ពេញរូបរាងឡើងដោយអំណាចសិរីសួស្ដី
រឹងរិតតែល្អរកបុរសឯណានឹងមកប្រៀបផ្ទឹមស្មើពុំបាន ។ សេដ្ឋី តែងចូលគាល់ព្រះមហាក្សត្រព្រឹកល្ងាច
ពុំដែលលោះខានក៏នាំយកអាតុលជាកូនទៅគាល់ផង ។ ព្រះរាជាមានបុត្រីតែមួយ
ព្រះអង្គស្ដេចចេញប្រថាប់នៅក្រឡាព្រះគំនាល់
ព្រះរាជបុត្រីក៏ដិតដោយក្រោយព្រះអង្គមក ។
កាលមហាសេដ្ឋីនាំកូនចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រធ្មៀងព្រះនេត្រឃើញសេដ្ឋីនិងកូនអង្គុយគាល់ទន្ទឹមគ្នា
ទ្រង់ត្រាសសួរថា ៖ កូនសេដ្ឋីឬ ? សេដ្ឋីទូលថា៖ កូនទូលព្រះបង្គំជាខ្ញុំ
។ ស្ដេចទ្រង់សសើរថា៖ កូនសេដ្ឋីមានរូបមានឫកល្អណាស់ ។ ព្រះរាជបុត្រីក៏នឹកក្នុងព្រះទ័យថា៖«កូនសេដ្ឋីនេះមានលំអនឹងរកបុរសណាមកផ្ទឹមពុំបាន
ធ្វើម្ដេចនឹងបានជាស្វាមីអញ ?» ។
ដល់ពេលគួរ ស្ដេចនិងរាជបុត្រីនោះយាងចូលទៅខាងក្នុងវិញ
សេដ្ឋីក្រាបថ្វាយបង្គំលានាំកូនត្រឡប់មកផ្ទះ។ ដល់ផ្ទះកូននិយាយនឹងសេដ្ឋីថា
សូមលោកឳលោកម៉ែមេត្តា កូន
ទៅដណ្ដឹងព្រះរាជបុត្រីស្ដេចឲ្យខ្ញុំត្បិតកាលខ្ញុំចូលគាល់ជាមួយ
លោកឳពុក នោះខ្ញុំបានឃើញច្បាស់ ព្រះរាជបុត្រីនោះល្អណាស់
បើមិនដណ្ដឹងឲ្យខ្ញុំទេ ខ្ញុំមុខជាស្លាប់មិនខាន។
សេដ្ឋីប្ដីប្រពន្ធដោយស្នេហាកូនពេក ក៏ប្រថុយខ្លួនរៀបតុមាសប្រាក់ដាក់គ្រឿងបណ្ណការជាដង្វាយ
សុទ្ធតែពេជ្រពេញពាសច្រើនតុ ។
លុះព្រឹកឡើងនាំដង្វាយនោះទៅរៀបចំក្នុងទីព្រះរាជរោង ។
ព្រះមហាក្សត្រស្ដេចចេញមកឲ្យនាហ្មឺនធំតូចគាល់ នៅជិតគ្រឿងបណ្ណាការដង្វាយនោះ
ស្ដេចត្រាស់សួរថា សេដ្ឋីដង្វាយនេះប្លែកណាស់ មានការអ្វី ?។ សេដ្ឋីប្ដីប្រពន្ធក្រាបបង្គំទូលថា
សូមព្រះតេជះតម្កល់លើត្បូង
សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ
សូមទ្រង់ប្រោសព្រះរាជទានព្រះរាជបុត្រីផ្សំនឹងកូនប្រុសទូលព្រះបង្គំជាខ្ញុំ
។ ស្ដេចទ្រង់ជ្រាប ទ្រង់ព្រះរាជានុញ្ញាត
ទ្រង់ចាត់មុខក្រសួងឲ្យរៀបព្រះរាជពិធីសមរម្យ ហោរាថ្វាយឫក្ស
ទ្រង់ផ្សំព្រះរាជបុត្រីនិងកូនសេដ្ឋី
ហើយផ្ទេរទាំងរាជ្យសម្បត្តិឲ្យគ្រប់គ្រងផង ។ ស្ដេចតុលនិងព្រះនាងមហេសី
លុះបានរាជសម្បត្តិហើយ ក៏បានប្រកបដោយសេចក្ដីសុខឥតទុក្ខា
មហាប្រសើររៀងទៅ ។
និយាយពីរឿងអព្វមង្គលវិញ កាលជួបនិងសិរីសួស្ដីក៏សួរថា លោកសិរីសួស្ដីខ្ញុំជឿហើយ
ឃើញថាលោកមានរិទ្ធិជួយស្ដេចតុលឲ្យបានរាជសម្បត្តិមែន
ដូច្នេះលោកមើលរិទ្ធិខ្ញុំម្ដង សូមលោកលែងសណ្ឋិតរូបស្ដេចតុលទៅ ។
សិរីសួស្ដីក៏ថយចេញពីរូបស្ដេចតុលៗចេះតែមួម៉ៅក្ដៅក្រហាយ ព្រះនាងមហេសី
ស្រីបរិវាក៏ពុំសូវយកចិត្តទុកដាក់គោរពប្រណិបត្តិ
បណ្ដាលចិត្តឲ្យខឹងស្អប់ស្ដេចតុល អស់លោកចតុស្ដម្ភទាំងប៉ុន្មាន
ក៏ពុំសូវចូលចិត្ត គិតចង់ឲ្យព្រះរាជបិតាក្មេកយករាជសម្បត្តិវិញ ។ ចំណែក
ស្ដេចតុលចេះតែក្ដៅក្រហាយ
អន្ទះអន្ទែងចង់ទៅក្រសាលទីទំនាបមាត់បឹងក្រៃពេក
ក៏នាំព្រះនាងមហេសីស្រីបរវាចេញទៅក្រសាល
លុះទៅដល់ក៏ចាត់ឲ្យធ្វើព្រះពន្លាស្នាក់ក្រសាល ។
ទីមាត់បឹងនោះឮតែសព្ទត្រដោកក្របី ស្ដេចតុលក៏ភ្នកនឹកអាណិតខ្លួនកាលនៅជាខ្ញុំមហាសេដ្ខីដែលគេប្រើ
ឲ្យឃ្វាលក្របីហើយទ្រង់ព្រះកន្សែងខ្សឹកខ្សួល ។ ព្រះនាងមហេសីសួរថា ម្ចាស់បងហេតុអ្វីក៏ទ្រង់ខ្សឹកខ្សួលម្ល៉េះ ? ស្ដេចតុលប្រាប់ព្រះនាងមហេសីតាមត្រង់ថា៖ លាក់បាំងអីអ្នកអូនអើយ ខ្លួនបងនេះមិនមែនជាកូនសេដ្ឋីទេ
ពីដើមបងជាខ្ញុំសេដ្ឋីៗគេប្រើឲ្យឃ្វាលគោក្របី ឥឡូវឮត្រដោកក្របី
បងនឹកស្រងេះស្រងោចអាណិតខ្លួនបានជាបងយំ។ ព្រះនាងមហេសីបានឮហើយ
ក៏នឹកទោមនស្សក្នុងព្រះទ័យជាពន់ពេកថា៖ ឱព្រះបិតា ពុំគួរផ្សំផ្គុំកូនផ្ទេរទាំងរាជសម្បត្តិឲ្យទៅខ្ញុំគេសោះ
ខ្ញាល់ហើយក៏នាំស្ដេចតុល និងស្រីបរវាដែលទៅតាមហែទាំងប៉ុន្មាន
ត្រឡប់ចូលព្រះរាជវាំងវិញ ចូលក្រាបទូលព្រះវររាជបិតាមាតាវិញ
តាមរឿងដែលស្ដេចតុលយំគ្រប់ការ ។ សម្ដេចវរបិតាទ្រង់ជ្រាបហើយ ទ្រង់ព្រះក្រោធពន់ប្រមាណ
ទ្រង់ត្រាស់ឲ្យសេដ្ឋីទាំងប្ដីប្រពន្ធមកដៀលត្មះជាទម្ងន់
ហើយប្រគល់ស្ដេចតុលឲ្យទៅសេដ្ឋីប្ដីប្រពន្ធនាំយកទៅផ្ទះវិញ ។
ឯរាជសម្បត្តិស្ដេចទ្រង់គ្រប់គ្រងវិញ ។
សេដ្ឋីប្ដីប្រពន្ធនាំអាតុលទៅដល់ផ្ទះ ហើយជេរវាយត្មិះតិះដៀលលែងរាប់អានជាកូន
ឲ្យអាតុលឃ្វាលគោក្របីទុកជាខ្ញុំដូចដើម ។
មាយាទថ្លៃឲ្យយក មាយាទថោកឲ្យវៀរ
No comments:
Post a Comment