Friday, April 19, 2013

ភ្នំប្រុសភ្នំស្រី


បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅខេត្តកំពង់ចាម តាមផ្លូវជាតិលេខ៧ 
ទៅដល់គោលគីឡូម៉ែត្រទី​ ១១៦ ហើយចោលភែ្នកទៅទិសឥសាន ដែលនៅ​
ខាង​​ឆេ្វងដៃ ចំងាយពីថ្នល់ជាតិ​ទៅប្រមាណ ១គីឡូម៉ែត្រ យើងនិងឃើញភ្នំពីរ
នៅទន្ទឹមគ្នា មួយនៅខាងកើតខ្ពស់ មួយនៅខាងលិចទាប ភ្នំខ្ពស់ឈ្មោះថាភ្នំ
ស្រី ភ្នំទាបឈ្មោះ ភ្នំប្រុស។

រឿងព្រេងប្រចាំភ្នំនេះមានដូចតទៅ ៖
កាលពីព្រេងនាយ មានសេ្តចស្រីមួយព្រះអង្គព្រះនាម ស្រីអយុធ្យា សោយ​
រាជ្យនៅនគរខែ្មរ។ ដោយព្រះនាងជាសេ្តចសោយរាជ្យ គ្មានបុរសណាមួយ​
ហ៊ានដណ្តឹងយកជាភរិយាឡើយ។ ម៉្លោះហើយព្រះនាងរកដណ្តឹងបុរសដ៏មាន​
រូបជាទីគាប់ព្រះទ័យមកធ្វើជាព្រះស្វាមីវិញ ហើយដោយហេតុព្រះរាជិនី ស្រី​
អយុធ្យាដណ្តឹងប្រុសជាព្រះស្វាមីដូច្នោះ ស្រីៗដែលនៅក្រោមព្រះរាជឱវាទក៏​
ដណ្តឹងប្រុសៗធ្វើជាស្វាមីតាមដែរ។

ក្នុងរជ្ជកាលនោះមុខគួរឲ្យវេទនានឹងស្រីខ្លះ ដែលមានរូបអន់ៗទៅរកដណ្តឹង​
ប្រុសៗ គេនាំគ្នាប្រកែកមិនយក គេរើសតែស្រីៗមានរូបល្អៗ ទើបយកធ្វើ​ជា​
ភរិយា។ ធ្វើដូចេ្នះអស់មួយរាជ្យសេ្តចស្រីនេះ។លុះមកដល់រាជ្យសេ្តច ក្រោយៗ​
ទៀត ពួកស្រីៗជំនុំគ្នាថា«ឥឡូវនេះដូចជាមិនសមសោះ ខ្លួនយើងជាស្រីហើយ​
ដើរដណ្តឹងប្រុសៗ ធ្វើជាប្តី ដូចេ្នះយើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំ ភ្នាល់ជា​
មួយនិងពួកប្រុសៗ គឺប្រុសលើកដីធ្វើជាភ្នំមួយ យើងស្រីធ្វើជាភ្នំ មួយភ្នាល់​
គ្នា។ បើប្រុសៗចាញ់យើងត្រូវឲ្យប្រុសៗដណ្តឹងយើងជាស្រីវិញ"។ លុះគិត​ដូចេ្នះ​
ហើយ ក៏នាំគ្នាទៅបបួល ពួកប្រុសៗធ្វើភ្នំ ចុះខសន្យាភ្នាល់គ្នាដូចពោលមក
ហើយគេក៏បានចាត់មេកំណែន កេណ្ឌមនុស្សស្រីឲ្យបានច្រើន ខាងប្រុស​មាន​
មេកំណែន ខាងប្រុសដើរកេណ្ឌ ខាងស្រីមានមេកំណែន ខាងស្រីដើរកេណ្ឌ។
លុះកេណ្ឌបានគ្នាច្រើន គ្រប់ចំនួនខាងប្រុស-ខាងស្រីរួចហើយ ក៏និយាយ​និង​
គ្នាថា «យើងទាំងអស់ត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ ទើបឈប់ទាំងអស់​
គ្នា។ បើផ្កាយព្រឹកមិនរះមិនត្រូវឈប់ទេ»។ គិតព្រមគ្នាដូចេ្នះហើយ ក៏នាំគ្នា​
ជញ្ជូនដីរែកទូលតាម ថាមភាពរៀងៗខ្លួនទៅ។

ពេលនោះជាពេលរាត្រី ពួកស្រីៗមានប្រាជ្ញាជញ្ជូនដីអស់វេលាបីបួនម៉ោង ក៏​
នាំគ្នាបង្អូតគោមតូចមួយយ៉ាងខ្ពស់ នៅជ្រុងឥសានភ្នំ។ ពួកប្រុសៗក្រេឡក​
មើល​​​ទៅលើ ឃើញគោមដែលស្រីបង្អូតនិងឬស្សីមួយដើមនោះ ស្មានថាផ្កាយ​
ព្រឹករះក៏បបួលគ្នាឈប់ធ្វើការ នាំគ្នានិន្រ្ទាលក់អស់ទៅគ្មានសល់ម្នាក់។ ពួក​
ស្រីៗ​​ក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ មែនទែនទើបឈប់។ ដល់មាន់​
រងាវកឺតប្រុសៗភ្ញាក់ឡើង ឃើញផ្កាយព្រឹករះក៏លាន់មាត់ថា «យើងទាំងអស់​
គ្នាខុសហើយ។ ផ្កាយព្រឹកមែនទែនទើបតែនិងរះសោះ»។ហើយនាំគ្នាក្រឡេក​
មើលទៅភ្នំស្រីមានទំហំខ្ពស់ជាងភ្នំរបស់ខ្លួន ក៏មានសេចក្តីអៀន អន់ក្នុងចិត្ត​
ដោយចាញ់កលស្រីៗ។

តាំងពីកាលនោះមកប្រុសៗក៏ដណ្តឹងស្រីៗធ្វើជាភរិយាដរាបដល់សព្វថៃ្ងនេះ។

ភូមិកាព្យ ៤
យោងឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ

No comments:

Post a Comment