Friday, April 5, 2013

លោតអន្ទាក់




ល្បែង​លោតអន្ទាក់ ជា​ល្បែង​សំរាប់​កុមារា កុមារី ជំទង់ៗ​លេង​ក្នុង​វេលាយប់នៅ​រដូវ ចូលឆ្នាំ ឬ​នៅ​ពេលទំនេរ​ខ្លះ តាម​ដែល​គេ​ស្ម័គ្រ ។ បានជា​គេ​ហៅថា «ល្បែង​លោត អន្ទាក់​» ព្រោះ​ល្បែង​នេះ​មាន​មនុស្ស​មួយ​ពួក​អង្គុយច្រ​ហោង​ដំកង់ ចាប់​ចុងដៃ​គ្នា​ជាអន្ទាក់​ដៃ ចាំ​ស្ទាក់​អ្នក​លោត​កុំឲ្យ​លោត​ចូល​បាន​,​មួយ​ពួក​ទៀត ឈរជុំវិញ​ចាំ​លោតរំលង​ឲ្យចូល​ទៅក្នុង​អន្ទាក់​ដៃនោះ ។ របៀប​លេងល្បែង​នេះ គេ​ចែក​ពួក​អ្នកលេង​ជា២ ចំនួន​ស្មើ​គ្នា គឺ​ចាប់តាំងពី ៥ ឬ ៦ នាក់​ម្ខាង​ឡើងទៅ ។​

សកម្មភាព​អ្នកលេង​ដូច​រូបភាព​នេះ​៖

​ពួក​ទី១ អង្គុយច្រហោង​ដំ​ក​ង់គ្នា​ជា​វង់ ឃ្លាត​ពីគ្នា​ល្មម​លាត​ ឬ​កាងដៃ​ទាំង​ពីរ​ខាង​បាន ហើយ​ចាប់​ចុងដៃ​គ្នា​នឹង​គ្នា មើលទៅ​ឃើញ​ភាព​ដូចជា​អន្ទាក់ ។​

​ពួក​ទី ២ ឈរជុំវិញ ចាំ​លប​ឆ្មក់ លោត​ចូល​ក្នុង​បន្ទា​ក់ដៃ​របស់​ពួក​ទី ១ ។​

​ពេល​លេង​ពួក​ទាំង ២ នេះ សុទ្ធតែ​ប្រុងប្រយ័ត្ន​រៀងខ្លួន គឺ​មុននឹង​លោត​ចូល ពួក​អ្នក ឈរ​គេ​ធ្វើ​វ៉ៃ​រ៉ៗ​ជុំវិញ​ពួក​អ្នក​អង្គុយ ឲ្យ​ពួក​អ្នក​អង្គុយ​ភ្លេចខ្លួន ឬ​ពួក​អ្នក​លោត គេ​ចាត់​   ឲ្យ​ពួកគេ​ខ្លះ​ទៅ​ពួន​នៅ​ទី​ឆ្ងាយ ហើយ​ឲ្យ​រួចរ​ត់​ពី​ចង្ងាយ​មក​លោត​ចូល​តែ​ម្ដង​ក៏​មាន។ ចំណែក​ខាង​ពួក​អ្នក​អង្គុយ ធ្វើ​អន្ទាក់​ក៏​ប្រុង​ប្រយ័ត្ន​ដែរ ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​លោត លោត​ប្លោះ​ចូលមក​ក្នុង​រង្វង់​បាន។ ឯ​ពួក​អ្នក​អង្គុយ​គេ​លើក​ដៃ​ឡើង ដោយ​ប្រញាប់​ជា​បន្ទាន់​ដើម្បី​កុំឲ្យ​គេលោត​ចូលបាន ឬ​ដើម្បី​លើកដៃ​គះ​ឲ្យ​ប៉ះ​ជើង​អ្នក​លោត ។ បើ​អ្នក​អង្គុយ  ​គះ​ប៉ះ​ជើង​អ្នក​លោត​បាន​ហើយ គេ​ទុក​អ្នក​លោត​ជា​ចាញ់ អ្នក​ធ្វើ​អន្ទាក់​ជា​ឈ្នះហើយ​អ្នកខ្លះ​ក្រោកឈរ​ឡើង​ចាំ​លោត ឲ្យ​អ្នកចាញ់​ទៅ​អង្គុយ​ធ្វើ​អន្ទាក់​វិញ។ ឯ​ពួក​អ្នក​លោត​នោះ បើ​មាន​អ្នកណា​ម្នាក់​លោត​ចូល​បាន​ដោយ​ស្រួល​គេ​ឲ្យ​គ្នា​គេ​ទាំងអស់​គ្នា​ចូល​តាម​ទៅ​ក្នុង​រង្វង់​អន្ទាក់​នោះ ហើយ​ពួក​អ្នក​លោត​ចូល​បាន​នោះ គេ​នាំគ្នា​លោត​ចេញ​វិញ គឺ​អ្នក​លោត​ចូល​បាន​នោះ គេ​ឈរ​គ្រប់​គ្នា​គាប​ជើង​លើ​អន្ទាក់ដៃ​អ្នក​អង្គុយ​គ្រប់គ្នា ទុក​ជើង​ម្ខាង​នៅក្នុង ជើង​ម្ខាង​នៅក្រៅ​អន្ទាក់ដៃ​នោះ ។ បើ​ក្នុង​បណ្ដា​ពួក​អ្នក​លោត​នេះ មាន​អ្នក ណាម្នាក់ លោត​ចេញ​ដោយ​ស្រួល​បាន មិន​ប៉ះ​ដៃ​អ្នក​អង្គុយ គេ​នាំគ្នា​ចេញ​តាម​ទាំងអស់ ។ តែ​ការចេញ​និង​ចូល​បាន​នោះ​ត្រូវ​ចេញ​ឬ​ចូល​ឲ្យចំ​ច្រក​ដែល​លោតរំ​លងបា​ន​នោះបើ​ខុស​ច្រក​នោះទេ​ទុក​ជា​ចាញ់ ។ ហើយ​ការ​លោត​ចូល ឬ​លោត​ចេញ​នោះ​ត្រូវតែ​លោត​ម្ដងម្នាក់ បើ​ជួន​ជា​ស្រប​ពីរ​នាក់​ស្មើគ្នា ក៏​គេ​ចាត់ទុក​ជា​ចាញ់​ដែរ ។ គេ​ចេះតែ​ផ្លាស់ប្ដូរ​គ្នា​លេង​តាម​របៀប​នេះ​រៀង​ទៅ​ដរាប​ដល់​ពេល​ឈប់ ។​

ល្បែង​នេះ ជា​ល្បែង​កំសាន្ត​មួយ​យ៉ាង ដែល​ចាត់​ចូល​ក្នុង​កីឡា​ហាត់ប្រាណ គឺ​ហាត់​កាយ​ឲ្យមាន​សុខភាព មាន​កម្លាំង​កាយ​រឹងប៉ឹង ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ស្មារតី​ឲ្យ​ប្រុងប្រយ័ត្ន ចេះ​ប្រើ​គំនិត​ឲ្យ​វាងវៃ​កុំឲ្យ​អ្នក​ដទៃ​បំភ័ន្ត​បាន ៕​

ភូមិកាព្យ
(យោងឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ)

No comments:

Post a Comment