Monday, January 13, 2014

រឿង ដើមកំណើតសត្វផ្សោត


កាលពីព្រេងនាយជាយូរអងែ្វងណាស់មកហើយ មានដើមជ្រៃធំមួយមានមែកត្រសុំត្រសាយសាខា មហាជនទូទៅនៅភូមិជិតខាងគេរាប់​អានកោតខ្លាចរុក្ខជាតិនេះណាស់ក្នុងសម័យនោះ។ គេធ្វើខ្ទមរូបចំលាក់ថ្មជាភេទប្រុសមួយស្រីមួយ ដាក់អោយអង្គុយលើផែនថ្មក្នុងខ្ទមនោះ។ គេតែងបួងសួង បន់ស្រន់ ថ្វាយក្រយ៉ាបូជាសុំសេចក្តីសុខ ក៏ធ្លាប់បានសុខរៀងមក គេសន្មត់ថា អ្នកតាម្ចាស់ស្រុក។
មានរុក្ខទេវតាមួយមានអាយុវែងមិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេ ស្ថិតនៅលើដើមជ្រៃធំនោះជាសេ្តចនៃឈើ។ យូរទៅមានស្រីម្នាក់មក​ចាប់​បដិសន្ធិជាកូនអ្នកស្រុក ដែលរាប់អានដើមរុក្ខជាតិនោះ។ លុះធំពេញ វ័យជំទង់ដល់រដូវត្រូវសែនព្រេនថ្វាយក្រយ៉ាបូជាជូនអ្នកតាម្ចាស់ស្រុក នាងនោះក៏ទូលថាសបាយនំចំណី ទៅសែនជួសឪពុកម្តាយ។ រុក្ខទេវតាក្រឡេកឃើញដូចេ្នះចេះតែមានចិត្តអាណិតអាសូរស្រលាញ់នាងនោះ ហាក់ដូចជាព្រាត់គ្នាពីកាលណាមកហើយ ទើបបាននឹងបានជួបមុខគ្នាថ្មីៗ។ រុក្ខទេវតានោះកាន់តែវិតក្កចិត្ត អាណិតនាងខ្លាំងណាស់ ទ្រាំពុំបាន​ក៏ហោះទៅទូលសួរព្រះឥន្ធតាមដំណើរ។ ព្រះឥន្ធទ្រង់រំពឹងដោយ ញាណទិព្វទៅឃើញថា នាងនោះកាលពីជាតិមុនជាប្រពន្ធរុក្ខទេវតានេះ បាន​សាងប្រាថ្នាជាមួយគ្នាមកថា «ទោះបីទៅកើតជាតិណា ភពណាសូមឲ្យជួបបានជាប្តីប្រពន្ធនិងគ្នា កុំឃ្លាតគ្រប់ៗជាតិ» លុះចាស់រៀងខ្លួន រុក្ខ​ទេវតានោះសុំលា​ទៅបួសជាតាបសអស់​ជីវិតដោយខ្លួនពីគ្នាទៅ។ តាបសមកកើតជារុក្ខទេវតានេះ ប្រពន្ធទៅកើតជានាងទេពធីតា បែកគ្នា ទៅ​ឆ្ងាយមិនជួបជុំ នាងប្រពន្ធច្យុតពីទេពធីតាមកកើតជិតទីកនែ្លង ដែលទេវតាជាប្តីនៅ។
មកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះ ទើបបណ្តាលឲ្យរុក្ខទេវតាចេះតែស្រលាញ់អាណិតអាសូរនាង។ តែមកពីរុក្ខទេវតានោះមានពៀរ​ដែល​​គេចទៅបួសចោលប្រពន្ធ ឲ្យព្រួយទុក្ខវេទនាអស់សង្ខារទៅមិនឲ្យជួបមុខ បានជាច្យុតទៅកើតជាមនុស្សវិញមិនជួបគ្នា។ ព្រះឥន្ធសមែ្តង​ប្រាប់រុក្ខទេវតា ដូចរៀបរាប់មកនេះ រុក្ខទេវតាបានដឹងសព្វគ្រប់ហើយ ក៏លាព្រះឥន្ធមកវិញគិតពិចារណាថា៖ «ឥឡូវនឹងទៅថ្វាយបង្គំលាព្រះ​ឥន្រ្ទា ធិរាជសុំច្យុតទៅកើតជាមនុស្សឃើញថាការមិនគួរ ព្រោះប្រពន្ធទៅកើតធំពេញក្រមុំទៅហើយ ហើយ សង្ខាររបស់មនុស្សខ្លីណាស់​មិន​ដូចទេវតាទេ»។ ទេវតាគិតចុះគិតឡើងមិនធ្លុះធ្លាយត្រង់ណាសោះ។ ហេតុដែលមានពៀរដែលគេចទៅបួសជាតាបសមិនឲ្យឃើញមុខ​លុះត្រា​តែ​សូន្យសង្ខារ​រៀងខ្លួន។ រុក្ខទេវតា ព្រួយខ្លាំងណាស់ក៏ប្រថុយប្រាណ ប្រថុយប្រាណប្រថានព្រេងថា «ណ្អើយចុះអញទៅប្រាប់ប្រពន្ធ​ឲ្យដឹង​ខ្លួន អញជាប្តីគូព្រេងទៅចាប់ជាតិជារុក្ខទេវតា នាងឥតមានគូព្រេងទៀតទេ បើនាងបានដឹងថា ខ្លួនអញជាប្តី នាងមុខជាលែងយកប្តីអស់មួយ​ជាតិ​នេះហើយ»។ គិតស្រេចពេលរាត្រីស្ងាត់ក៏និមិ្មតខ្លួនធ្វើជាពស់ថ្លាន់ ចូលទៅឱបរឹតនាង។ នាងភ្ញាក់ឡើងបម្រះពុំរួច ពស់ថ្លាន់និយាយ​លួង​លោមសព្វគ្រប់មិនជឿថា បើប្តីជារុក្ខទេវតា ហេតុមេ្តចក៏មកជាពស់ថ្លាន់ដូចេ្នះវិញ។ រុក្ខទេវតាជាប្តីថា »បើនាងមិនជឿបង បងនឹងប្រែរូបឲ្យ​នាងមើល»។ រុក្ខទេវតាក៏ផ្លាស់រូបជាទេវតាវិញភ្លាមៗ នាងក្រេឡកឃើញក៏ស្រលាញ់ពេញចិត្ត ជឿជាក់ថាប្តីខ្លួនជាទេវតាមែន ព្រោះរកមនុស្ស​ណានិងឲ្យល្អដូចពុំបាន។ រុក្ខទេវតានិយាយប្រាប់នាងថាខ្លួនបងបើមិននិម្មិត ខ្លួនជាសត្វបែបនេះទេ មិនអាចមកនៅជិតនាងបានឡើយ​ត្រូវតែ​និម្មិត​រូបជាសត្វផេ្តសផ្តាស់ទើបនៅជាមួយនាងបាន។ និយាយរួចក៏និម្មិត​ខ្លួនជា​ពស់ថ្លាន់វិញ។ ពស់ថ្លាន់នេះគ្រាន់តែនៅជាមួយនាងប៉ុណ្ណោះទេ ប៉ុនែ្តមិនដែលរួមសង្វាស់ជាមួយនិងនាងនោះឡើយ ហើយហាមប្រពន្ធថាកុំនិយាយប្រាប់ម៉ែឪបងប្អូននិង អ្នកស្រុកឲ្យថាជាទេវតា ឲ្យថាតែពស់​ថ្លាន់ ពេលថៃ្ងបងមិននៅជាមួយនាងទេ បងមកលេងតែយប់ៗ សឹមផ្លាស់រូបជាទេវតាឲ្យឃើញម្តងៗ។ ជិតភ្លឺហើយលឺមាត់និយាយគ្នា ឪពុក​ម្តាយ​​​ចូលទៅមើលឃើញពស់ថ្លាន់ពេនទ្រេលពេញលែ្វងផ្ទះ ក៏ភ្ញាក់ច្រេឡាតស្រែក រុក្ខទេវតាភៀសខ្លួនបាត់ទៅ។ ឪពុកម្តាយហៅកូនស្រី​មក​សួរ​​កូននិយាយសារស័ព្ទប្រាប់រឿងពីដើមចប់ដល់ចុង។
ឪពុកទាល់ប្រាជ្ញមិនដឹងធ្វើមេ្តចក៏ដកដង្អើមធំសួរកូនថា ឥឡូវពស់ថ្លាន់ទេវតានោះទៅណាបាត់ហើយ។ កូនប្រាប់ថា ពេលថៃ្ងមិនមកទេ យប់​ទើបមក។ នាងប្រាប់ឪពុកម្តាយថា ទេវតាជាប្តីហាមមិនឲ្យប្រាប់គេថា ទេវតាទេ ឲ្យថាតែពស់ថ្លាន់បានហើយ។ លុះពេលរាត្រីស្ងាត់ រុក្ខទេវតាក៏មកដល់ ប្រពន្ធនិមិ្មតរូបជាទេវតា ឲ្យនាងមើលតាមសេចក្តីសន្យា។ នាងក៏អុជភ្លើងភ្លឺឡើងស្ទុះទៅអោបប្តី ដោយសេចក្តី​មេត្រី​សេ្ន​ហា។ លឺមាត់និយាយគ្នាឪពុកម្តាយចូលទៅលបមើលឃើញទេវតាល្អណាស់ ក៏ស្រលាញ់ពេញចិត្តនិងរុក្ខទេវតានោះ ក្រៃលែង រុក្ខទេវតា​ដឹង​ថាឪពុកម្តាយលបមើលផ្លាស់រូបទៅជាពស់ថ្លាន់វិញភ្លាម ឃើញធំទ្រេលពេញ បន្ទប់ផ្ទះ។
ទៀបភ្លឺរុក្ខទេវតាប្រាប់ប្រពន្ធឲ្យនាំឪពុកម្តាយទៅជីកយកកំណប់ក្នុងដំបូកមួយ មានមាសប្រាក់ ពេជ្រ កែវកង តុ ថាស ចាន ជញ្ជូនមក​ដាក់ពេញផ្ទះ ឡើងទៅជាអ្នកមានធំ។ យូរទៅដឹងជ្រួតជ្រាប​ដល់អ្នក ស្រុកមកមើលឈូរឆរ ពិតជាពស់ថ្លាន់ពេនទ្រេលនៅជាមួយនិងនាង។ និយាយពីបុរសប្តីប្រពន្ធ មានកូនក្រមុំមួយនៅភូមិផេ្សងពីនាងមានប្តីពស់ថ្លាន់ ទេវតានោះចេះតែរំភើបក្នុងចិត្ត នាំប្តីប្រពន្ធសរសើរថា «វាសនា​អ្វីគេក៏ល្អមេ្លះ ពីដើមជាអ្នកក្រដូចគេឯងសោះ ឥឡូវមានផ្ទះធំខ្វាត់ខែ្វងត្រឈឹងត្រឈៃ មានគោក្របី ដំរី សេះ ខ្ញុំកំដរប្រើគគ្រឹកគគ្រេងល្បីឈ្មោះ​ថា ចៅសួស្តិ៏សេដ្ឋី នេះមកពីកូនគេមានប្តីពស់ ថ្លាន់ ពស់ថ្លាន់ឲ្យកំណប់ព្រេង »។ បុរសនោះតូចចិត្តនិងខ្លួនឯងណាស់ចេះតែដកដង្អើមធំ ចេះតែ​ទនេ្ទញទាំង យប់ទាំងថៃ្ង។ ប្រពន្ឋឃើញប្តីកើតទុក្ខដូចេ្នះ ក៏និយាយប្រាប់ប្តីថា «ខ្ញុំបានលឺចាស់ទុំនិយាយរៀងៗមកថា សត្វពស់ថ្លាន់មិនដូច​ពស់​ទាំងពួងទេ តែមានដម្បូកធំៗក្នុងព្រៃ ហើយច្រើនមានពស់ថ្លាន់ទៅព័ទ្ធពេននៅ ទីនោះ។ គេថាពស់រក្សាកំណប់ព្រេង»។ ប្តីថា «បើដូចេ្នះព្រឹក​សែ្អក​​ឯង​​ដាំបាយឲ្យបងពីព្រឹកកុំឲ្យអ្នកណាដឹង បងនឹងដើរសែ្វងរកពស់ថ្លាន់ព័ទ្ធដំបូកក្នុងព្រៃធំៗ បើឃើញបងនិងចាប់យកមកធ្វើជា​ប្តីកូន​យើង »។ ប្រពន្ធពេញចិត្តក៏ព្រមពៀ្រងគ្នា ព្រឹកឡើងដាំបាយវិចជាសំណុំ ព្រមទាំងទឹកបំពង់ប្រគល់ឲ្យប្តី ប្តីក៏ដើរសែ្វងរកពស់ថ្លាន់។ បុរស​នោះចូលក្នុងព្រៃធំមិនយូរប៉ុន្មាន​ក៏បានប្រទះដំបូក​មួយធំក្នុងព្រៃទួល មានបន្លាស្អិតនិងវល្លិ៏រវីមរវាម វារពាក់ព័ន្ធលើគ្នា។ បុរសចូលទៅអើត​ឈ្ងោកមើលឃើញពស់ថ្លាន់ពេនទ្រេលលើក្បាលដំបូក។ ពស់នោះរស់នៅក្នុងព្រៃដំបូកនោះ អស់កាលជាយូរអងែ្វងណាស់មកហើយ វាមិន​ដែលទៅកាន់ទីណាសោះ ទោះបីអត់ឃ្លានយ៉ាងណា ក៏ស៊ូរទ្រាំនៅក្នុងទីនោះ។ ពស់ក៏មិនរើប៉ុន្មានព្រោះវាស្គាំងស្គមអស់កំលាំងស្ទើរតែ កម្រើក​ខ្លួនមិនរួច។ បុរសយកឈើគោះមើលក៏មិនទាំងកំរើកខ្លួនផង។ បុរសនោះនឹកត្រេកអរក្នុងចិត្តណាស់ គិតថា ពស់ថ្លាន់នេះ ពិតជាមានកំណប់​ហើយបានជាស្លូតម៉េ្លះ ក៏បោចវល្លិ៏ស្រាក់ស្រួតជាប់។ បុរសលើកស្ពាយទាំងភែ្ននមក។ 
ដោយធ្ងន់ខ្លាំងពេកក៏ឈប់សំរាកតាមផ្លូវទល់ព្រលប់ទើបមកដល់ផ្ទះ ស្រែកហៅប្រពន្ធនិងកូនក្រមុំពីក្រៅរបងឲ្យ ទៅជួយទទួល។ ប្រពន្ធ​និងកូនក្រមុំក៏ចុះទៅទទួលប្តី ឪពុកស្ពាយពស់ថ្លាន់ទាំងភេ្ននក៏ត្រេកអរឥតឧបមា។ លុះយកមកដាក់ ដល់លើផ្ទះអួតប្រាប់ប្រពន្ធថា «ពស់នេះ​ស្លូត​​ណាស់ត្រូវចិត្តបងហើយ។ បើភានឯងមិនជឿទៅចាប់ស្ទាប អងែ្អលមើលចុះ ស្ទើរតែមិនកំរើកខ្លួនប្រាណផង»។ ប្រពន្ធលូកដៃទៅពាល់​មើលឃើញមិនកំរើកមែន ក៏ចេះតែបបោសអងែ្អលសរសើរថា «កូនអើយ! ពណ៌‌សំបុរអ្នកអីក៏ល្អម៉េ្លះ ដូចគេទើបនិងទីបមាសថ្មីៗ ទោះបីជា​ហូល​​​​ដែលជាងចេះចងគាតយ៉ាងណា ក៏មិនល្អមិនដូចអ្នកដែរ»។ ពស់ថ្លាន់ដោយជាប់ចំណងផង​ហើយហេវអស់កំលាំង​និងអត់អាហារយូរថៃ្ង​ផង ក៏ធ្វើតែភែ្នកភ្លឹះៗ លិទ្ធអណ្តាតភែ្លមៗ ប្រហែលជាក្នុងចិត្តវាដែលឃ្លានប្រុងតែលេបមនុស្ស។ ប្តីតាំងបង្គាប់ប្រពន្ធនិងកូនក្រមុំឲ្យវាយមាន់ ស្លដណ្តាំបាយឲ្យឆាប់ និងរៀបសែនព្រេន ប្តឹងជីដូនជីតារៀបផ្សំផ្គុំឲ្យកូនយកប្តីពស់ថ្លាន់។ ប្តីរត់ទៅទិញស្រាបានមក ប្រពន្ធដាំបាយស្លឆ្អិន​ដួស​ដាក់តុថាស ហៅបងប្អូនជិតខាងឲ្យមកជួយសែនព្រេន បង្គាប់កូនក្រមុំឲ្យរៀបចំដំណេកបង្គុយអ្នកស្រុកជិតខាងដែលមានបញ្ញាវាងវៃ។ គេ​លាន់​មាត់និងបុរសនោះ ថាឆ្កួត ថាព្រើលគ្រប់ៗគ្នា អ្នកខ្លះក៏រកពុទ្ធោ អ្នកដែលត្រូវស្រា អរឲ្យតែគេហៅឲ្យចូលទៅជួយសែន និងបាន​ស៊ីផឹក​សប្បាយ ។
លុះទៅជួបជុំគ្នា លើកពស់ថ្លាន់ដាក់លើកំរាលសំពត់ស ស្រាយចំណងឲ្យកូនក្រមុំទៅអង្គុយទន្ទឹម ពស់នោះ ក៏នៅស្ងៀមដោយគ្នាអត់​អាហារមកយូរថៃ្ងហើយ។ បុរសបង្គាប់ឲ្យគេលើកបាយសម្លរ ទៅដាក់អុជ ទៀនធូប សំបូងសង្រូងប្តឹងជីដូនជីតា ច្រូចស្រា៣ដងរួចសែន​ចាប់សំណែននំចំណី បាយសម្លរគ្រប់មុខ ដាក់ច្រឡូកចូលគ្នាមួយចាន យកទៅចាក់នៅមុខផ្ទះ ហៅពួកអង្រឹង​ជើងសែ្នងឲ្យស៊ី ព្រោះជីដូន​ជីតាពិសា រួចហើយ ហើយលើកតុ ថាស ចេញមកក្រៅ លត់ភ្លើងទុកកូនក្រមុំឲ្យនៅជាមួយពស់ថ្លាន់ក្នុងបន្ទប់។ នាងនោះប្រហែលជាខ្លាច​ពស់ដែរ ប៉ុនែ្តនិងចេញមកក្រៅខ្លាចឪពុកម្តាយ ព្រោះផ្សំដំណេកឲ្យពស់ថ្លាន់ហើយ ក៏ចេះតែអត់ទ្រាំទៅ។ ចំណែកឪពុកម្តាយនាំញាតិ​មិត្តស៊ី​មាន់ផឹកស្រាឯលែ្វងខាងក្រៅ។ ពស់នោះកាលមនុស្ស​នៅស៊ីផឹកមាត់អ៊ូអែវានៅតែស្ងៀមធ្វើហាក់ដូចជាមិនដឹងខ្លួន។
លុះគេស៊ីផឹករួចទៅស្ងាត់អស់ប្រហែលពាក់កណ្តាល អាធ្រាតវាលាខ្លួនខ្សាក។ វាឥតរឹតរួតនាងនោះទេ ព្រោះពស់នោះវាធំល្មមលេប​នាង​នោះបានតែម្តង។ វាគ្រាន់តែយកកន្ទុយស៊ករុំកដៃ​នាងនោះជាប់ងាកក្បាលមកក្រោមកៀវជើងប្រមូលផ្ទឹមគ្នា វាហារមាត់ ប្រញ្ចកជើងនាងទាំង​ពីរតែម្តង។ ពីដំបូងនាងនោះស្មានថា ពស់ថ្លាន់ប្រុងរួមបវេណីនិងខ្លួនបានជានាងនៅ ស្ងៀមមិនមាត់ ព្រោះដេកជាមួយគ្នាតាំងពីល្ងាចមិនអីសោះ បែបជាទុកចិត្តពស់បន្តិចទៅហើយ។ លុះវាលេបស្រឺតៗដល់ក្បាលជង្គង់នាងនឹកសង្ស័យថា ពស់ថ្លាន់ច្បាស់ជាលេបអញពិតហើយ គិតនិង​ក្រោក ក៏ក្រោកមិនរួច កន្ទុយពស់វារឹតដៃនាងជាប់ នាងភ័យណាស់ស្រែកហៅម្តាយថា «ពស់ថ្លាន់វាលេបហើយ»។ ម្តាយលឺមាត់កូន​ស្រែក​ហៅ ក៏ស្រែកសន្ធាប់ទៅវិញថា «ខ្មោចមេចំកួត ប្តីប្រលែងផងបានតែព្រើលៗ»។ ឪពុកស្រវឹងស្រាដេកសន្លប់ហៀរទឹកមាត់កក្លាក់ លុះពស់​លេបដល់ចងេ្កះនាងស្រែកហៅម្តាយថា «ម៉ែៗ ជួយកូនផង ពស់លេបដល់ចងេ្កះហើយ»។ ម្តាយរឹតតែបញ្ជោរពីក្រៅមកស្តីបន្ទោសថា «កូន​អីក៏ចង្រៃ មិនចេះខ្មាស់គេឯង មិនច្រឡំនិងអ្នកស្រុក តិចអញចូលទៅវាយក្បាលក្នុងដំណេកបែកឥឡូវ»។ នាងនោះចេះតែស្រែកថា «ម៉ែអើយ​ជួយកូនផង ពស់លេបដល់ចុងដង្អើមហើយ» បន្តិចស្រែកថា «លេបដល់កហើយ»
ម្តាយលឺកូនស្រែកញយៗពេកមិនខ្ចីទាំងតបផង គិតតែពីសង្ងំដេក។ លុះលេបដល់បបូរមាត់ក៏ស្រែកលា ឪពុកម្តាយថា «បើឪម៉ែមិន​ជួយ​កូនទេ កូនសូមលាស្លាប់ហើយ»។ ម្តាយស្តាប់ទៅលឺមាត់កូនង៉ុលៗ ក្នុងមាត់ពស់ថ្លាន់ដែលវាលេបគ្របបបូរមាត់ទៅហើយនោះ។ លុះបាត់ឮ​មាត់កូន ម្តាយសង្ស័យក៏អុជភ្លើង ចូលទៅមើល បាត់កូនឃើញតែពោះពស់ធំកំពីង តាំងពីក្រោមរហូតដល់ជិតពាក់កណ្តាលខ្លួន។ នាងម្តាយ​នោះក៏ស្រែកទួញងោង ផ្អើលឆោឡោដល់អ្នកស្រុកអ្នកភូមិ ផ្ទះអ្នកជិតខាងទាំងពាក់កណ្តាលអាធ្រាត។ ឪពុកភ្ញាក់ឡើង​ហៅអ្នកស្រុកមកជួបជុំ ចោមចាប់ពស់ថ្លាន់ទាក់កចងសន្ធឹង យកកាំបិតព្រា វះយកកូនបានមកសន្លប់សូន្យឈឹងដូចជាស្លាប់។ តែខ្លួននៅក្តៅប្រឡាក់សុទ្ធតែរំអិល​ពស់​ពេញទាំងខ្លួនទាំង ក្បាលនិងដៃជើងឆ្អាបកខ្វក់ នាំគ្នាដងទឹកមកលាង លាងមិនជ្រះ ដាំទឹកក្តៅយកមកលាងក៏មិនជ្រះ លុះគេ ស្រោចទឹកក្តៅអ៊ុនៗ​លាងឲ្យមួយស្របក់ នាងក៏ដឹងខ្លួនឡើងវិញ។ មើលឃើញបងប្អូនមាមីងជួបជុំតៀ្របត្រា មើលមកខ្លួនឯងសុទ្ធតែរំអិលពស់ឆ្អាបគគ្រុក។ ក្រោកឡើងកន្រ្តាក់បានផ្តិលទឹកមួយ លើកគ្របទទូលក្បាល​ដើរទៅមាត់សមុទ្រដងទឹកងូតលាងដូចមេ្តច​ក៏មិនជ្រះរំអិលពោះនោះគិតថា ឱ​ខ្លួន​អញអើយម៉េ្លះទៅហើយ នៅជាមនុស្សក៏ខ្មាស់គេ បើស្លាប់ទៅវិញប្រសើរជាង ក៏យកផ្តិលទទួលក្បាលដើរទៅត្រង់មាត់​ច្រាំងអន្លង់ជ្រៅនឹកប៉ង​ក្នុងចិត្តថា «អញនឹងលោតទឹកសំលាប់ខ្លួនឯងចោល»។ គិតដូច្នោះហើយក៏លោតប្រូងទៅ ក្លាយខ្លួនទៅកើតជាផ្សោតញីភ្លាម មុជក្នុងទឹកហែល​ចាប់ត្រីស៊ីព្រងើយ។ ឪពុកម្តាយរត់តាមទៅមើលកូន ឯមាត់កំពង់ទឹករកពុំឃើញ ក៏នាំគ្នាយំសោកអាឡោះអាល័យរៀបរាប់​រឿងផេ្សងៗ​នៅ​មាត់ទឹក។ 
លុះត្រលប់មកផ្ទះវិញបបួលប្តីប្រពន្ធអូសពស់ថ្លាន់យកទៅចោលក្នុងព្រៃធំមួយដោយស្មានថា ពស់ថ្លាន់វាស្លាប់ ព្រោះវះពោះរយះជាពីរ​ទៅហើយតែធម្មតាពស់ថ្លាន់តែងមានប្រមាត់រស់គ្រាន់តែវះពោះប៉ុណ្ណឹងមិនស្លាប់ទេ។ លុះត្រាតែកាប់ដាច់ជាពីរជាបីកំណាត់ទើបស្លាប់។ យូរៗ​ទៅពស់ថ្លាន់សះជារស់ឡើងវិញហើយតាំងចិត្តលែងស៊ីមនុស្ស និងសត្វណាដែលគ្មានរោម គ្មានមមីស ការដែលពស់ថ្លាន់លែងស៊ីមនុស្ស និង​សត្វគ្មាន​រោមក៏ជាទំនៀមទំលាប់​ពីត្រឹមនោះមករហូតដល់ឥឡូវនេះ។ ឯផ្សោតក៏កើតមានពីត្រឹមនាងប្រពន្ធពស់ថ្លាន់ រហូតមកដល់សព្វថៃ្ងនេះ ក្បាលផ្សោតក៏ត្រងោលដូចជា របៀបទទូរផ្តិល សរីរាវៈយវៈរបស់ផ្សោត មិនខុសគ្នាពីមនុស្សប៉ុន្មានទេដូចជា ដោះ ប្រដាប់កេរខ្មាស និងសរី​រាវៈយវៈឯទៀតខ្លះសឹងតែដូចមនុស្សទាំងអស់ គ្មានតែដៃជើងប៉ុណ្ណោះទេ។

(ដកស្រង់ពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)


No comments:

Post a Comment