Tuesday, January 7, 2014

រឿង ចៅសុក្រ និងចៅសៅរ៍


កាលពីព្រេងនាយមានមានបុរស២នាក់សម្លាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅ វត្ដមួយជាមួយគ្នា។ បួសយូរបន្ដិចក៏សឹកមកវិញ ហើយក៏ជាសំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា «បើអ្នកណាក្រត្រូវ ជួយគ្នា » ហើយបុរសទាំងពីនាក់ក៏មានប្រពន្ធកូននៅរកស៊ីទីទៃពីគ្នា។ ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន។ ឯចៅ សៅរ៍ល្ងង់ខ្លៅក្រលំបាកហើយប្រពន្ធមានសហាយផង។ ចៅសុក្រដឹងថាប្រពន្ធចៅសៅរ៍មានសហាយ ហើយក្រលំបាក ដូច្នោះ ទៅសួរចៅសៅរ៍ ទៅដល់ឃើញចៅសៅរ៍ក្រលំបាកមែនក៏បបួលចៅសៅរ៍ទៅរកស៊ី ហើយនិយាយថា ត្រូវឯងតាមពាក្យអញ។ ចៅសៅរ៍ក៏ព្រមតាមពាក្យចៅសុក្រ។ ចៅសុក្រក៏បបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើក្ដារមឈូសលក់។ ចៅសៅរ៍តាមពាក្យចៅសុក្រក៏ព្រមទៅជាមួយគ្នា។ ឯកូនសេដ្ធីដែលមានសហាយនឹងនាងប៉ិចជាប្រ​ពន្ធ ចៅសៅរ៍ឃើញ ចៅសៅរ៍មិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរ៍ រួចហើយវិលមកផ្ទះវិញ។ ចៅសុក្រនិងចៅសៅរ៍ ធ្វើបានក្ដារមឈូស មួយក៏យកមកដាក់ក្នុងផ្ទះហើយទៅធ្វើក្ដារមឈូសទៀត។ កូនសេដ្ធីក៏ទៅដេកនឹងនាងប៉ិចទៀត។ ដល់ពាក់កណ្ដាលផ្លូវ អាធ្រាតចៅសុក្រ និងចៅសៅរ៍មកផ្ទះវិញ។ ចៅសុក្រខំដើរប្រញាប់មកមុន ស្រែកហៅប្រពន្ធចៅសៅរ៍ឱ្យបើកទ្វារ។ ឯកូនសេដ្ធីក៏ភិតភ័យរត់ពុំរួច។ នាងប៉ិចឱ្យសហាយចូលដេកក្នុងក្ដារមឈូស ហើយទៅបើកទ្វារឱ្យចៅសុក្រ ចៅសៅរ៍ ចូលទៅក្នុងផ្ទះ។ នាងប៉ិចសួរថា «ដូចម្ដេចបានជាវិលមកវិញ»​។ ចៅសៅរ៍ប្រាប់ថា ចៅសុក្រឈឺក្បាលហៅវិលមក វិញ។ ហើយចៅសៅរ៍ប្រាប់ទៅនាងប៉ិចឱ្យដណ្ដាំបាយស៊ី ស៊ីបាយរួចហើយ ដោយចៅសុក្រដឹងថាសហាយនាងប៉ិចដេក ក្នុងក្ដារមឈូសក៏ប្រាប់ទៅចៅសៅរ៍ថា « រកផ្ដៅចងក្ដារមឈូសទុកក្រែងចោរលួច » ចៅសៅរ៍ក៏យកផ្ដៅមកចងក្ដារ មឈូសទុកក្រែងចោរលួច ចៅសៅរ៍ក៏យកផ្ដៅទៅចងរួចស្រេច ហើយយកដែកគោលបោះថែមទៀត។ ឯចៅសៅរ៍ពុំ ដឹងថាប្រពន្ធមានសហាយ ក៏ធ្វើតាមពាក្យចៅសុក្របង្គាប់។ លុះព្រឹកឡើងចៅសៅរ៍ ប្រើប្រពន្ធឱ្យទៅទិញឥវ៉ាន់ ហើយនាងប៉ិចហួសទៅប្រាប់សេដ្ធីថា «ឱ្យឪពុកម្ដាយចាំទិញមឈូស ត្បិតកូនសេដ្ធីនៅដេកនឹងខ្ញុំ ប្ដីខ្ញុំមកទាន់វារត់ទៅ ដេកក្នុងមឈូស ឥឡូវនេះប្ដីខ្ញុំសែងយកមកព្រឹកនេះហើយ»។ ប្រាប់ហើយនាងប៉ិចក៏ត្រឡប់ទៅផ្ទះវិញ។ ចៅសុក្រនិង​​ចៅសៅរ៍ស៊ីបាយរួច ក៏សែងមឈូសយកទៅលក់។ សេដ្ធីឱ្យខ្ញុំមួយនាក់ចាំមើលផ្លូវផ្ដាំថា « បើឃើញអ្នកណាសែង ក្ដារមឈូសមកលក់ឱ្យរត់ទៅហៅយើង»។ ចៅសុក្រនិងចៅសៅរ៍សែងក្ដារមឈូសទៅដល់ផ្ទះសេដ្ធី ស្រែកពពាយ នាយថា «អ្នកណាទិញក្ដារមឈូសទេ? »។ សេដ្ធីឮសួរថា « លក់តម្លៃប៉ុ​ន្មាន?»។ ចៅសុក្រប្រាប់ថា ឱ្យចាក់ប្រាក់ពីដី ឡើងស្មើនឹងមឈូស។ សេដ្ធីសុំតម្លៃ ចៅសុក្រមិនព្រម​។ សេដ្ធីក៏ប្រើខ្ញុំកំដរឱ្យទៅយកប្រាក់មកចាក់ស្មើនឹងមឈូស ហើយចៅសុក្រនិងចៅសៅរ៍យកប្រាក់ទៅផ្ទះចែកគ្នា។ សេដ្ធីគាស់មឈូសយកកូនចេញ។ ក្រោយមក ចៅសៅរ៍យក នាងប៉ិចធ្វើប្រពន្ធដូចដដែល​វិញ។


ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងនិទានខ្មែរ

No comments:

Post a Comment