Monday, March 3, 2014

ចូលព្រៃទាន់នៅព្រឹក


(បទពាក្យ ៧)

វេលាព្រហាមចូលព្រឹក្សា
ផលានុផលមានមិនខ្វះ
បុប្ផាផ្កាព្រៃរីកស្អេកស្កេះ
ច្រើនណាស់ឥតខ្វះសព្វផ្លែឈើ។

កន្លងព្រឹកទៅកម្ដៅខ្លាំង
ចែងចាំងចំចូលពីខាងលើ
នឹងស្លោកស្វិតក្រៀមជ្រុះរង្គើ
អនុផលឈើច្រើនអន្តរាយ។

ការងារទាំងពួងមនុស្សប្រុសស្រី
គប្បីខំប្រឹងប្រែងចិត្តកាយ
ស្វះស្វែងគំនិតគិតខ្វល់ខ្វាយ
ប្រែក្លាយប្រយោជន៍ជាចាំបាច់។

ដំបូងបើសិនមិនខិតខំ
រៀបចំចាត់ចែងឲ្យរួចស្រេច
ថ្ងៃក្រោយក៏ពុំបានសម្រេច
ដូច្នេះចាំបាច់ប្រឹងខ្មីឃ្មាត។

បព្វជិតអ្នកបួសក្នុងសាសនា
នឹងចាកសិក្ខាវិលវិញញាតិ
រស់ក្នុងជីវភាពសង្គមជាតិ
មិនឃ្លាតអំពីរកភរិយា។

អាយុនៅក្មេងកបប្រសើរ
ដើរហើររកស៊ីធ្វើការងារ
មិនទាន់ទ្រុឌទ្រោមកាយគ្រាំគ្រា
សុខជាកូនចៅក៏នៅមាន។
..................................

(១) សឹកៈ ផ្លាស់ភេទពីបព្វជិត មកជាគ្រហស្ដវិញ,
លែនៅជាសង្ឃ (លាចាកសិក្ខាបទ)។

No comments:

Post a Comment