Tuesday, December 3, 2013

មាយាដកខ្ញី


មានបុរសម្នាក់ និងស្ដ្រីម្នាក់ជាប្ដីប្រពន្ធ នៅក្នុងស្រុកមួយ ប្ដីជាមនុស្សចិត្តត្រង់ តែគ្មានប្រាជ្ញា ឯនាងប្រពន្ធនោះ ជាស្រីចិត្តមិនត្រង់នឹងប្ដី តែងមានមាយាច្រើន ។ ថ្ងៃមួយនាងប្រពន្ធប្រាថ្នា​ចង់​ជួបនឹងសាហាយណាស់ ដោយឃ្លាតគ្នាយូរហើយ តែមិនដឹងជាធ្វើដូចម្ដេចនឹងទៅជួបបាន​ដោយ​ភូមិនោះឆ្ងាយពីគ្នា បើដើរទៅគេថាខ្មោចលង។ នាងប្រពន្ធក៏និយាយនឹងប្ដីខ្លួនថា៖ «អ្នក! ល្ងាចនេះ​យើងគិតទៅរកទិញមាន់មួយមកធ្វើស៊ីបានម្ដង អ្នកចង់ស៊ីទេ?។ ប្ដីតបវិញថា «ចង់ស៊ីដែរ» ប្រពន្ធថា «ខ្ញុំចង់ស៊ីខួរខ្ញី »។ ប្ដីថា «អើ ! អញក៏ចង់ស៊ីខួរខ្ញីដែរ» ថាហើយក៏បបួលគ្នា​ចុះដើរទៅរកទិញ​មាន់​អ្នកស្រុកនៅភូមិជិតផ្ទះសាហាយនោះ។
ប្ដី និង ប្រពន្ធបបួលគ្នាសួររកទិញគ្រប់តែផ្ទះ។ នាងប្រពន្ធដើរបែកពីប្ដីទៅជួប នឹងសាហាយវា​និយាយកិច្ចកលផ្សេងៗ រួចមកជួបនឹងប្ដីវិញហើយប្រាប់ប្ដីថា អ្នក!ផ្ទះឯណោះគេមានមាន់លក់​គេ​ប្រាប់ខ្ញុំម៉ិញ»។ ប្ដីព្រមទៅតាមប្រពន្ធប្រាប់ក៏ទិញបានមេមាន់មួយយួរត្រលប់ទៅផ្ទះវិញ។ ពេលនោះ​​​ ជាពេលព្រលប់ ទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែនាងប្រពន្ធធ្វើមាយាគត់ទ្រូងថា «ឱ! អ្នក​អើយ​ភ្លេច​​ដូចគេលត់ទៅហើយ»។ ប្ដីសួរថា «ភ្លេចអ្វី ?»។ ប្រពន្ធថា «ភ្លេចខ្ញីទៅហើយអ្នក បើដូច្នោះ​អ្នក​អែងនៅនេះសិនចុះ ខ្ញុំរត់ទៅវាឆាប់» ហើយនាងនោះរត់ទៅ ប្ដីក៏ឈរចាំប្រពន្ធ។
ឯនាងប្រពន្ធកាលណាឃ្លាតពីប្ដីហើយ ក៏គេចទៅជួបប្រុសសាហាយខ្លួន ហេតុតែរឭកសា​​​ហាយ​ខ្លាំងណាស់ក៏ប្រះដេកទៅដី មិនរកផ្ទះសំបែងទេ ដោយប្រញាប់ទៅជួបប្ដីវិញ។ ឯប្រុស​សាហាយ​នោះក៏ទទួលភារ:នាងនោះទៅរួច នាងនោះយកខ្ញីពីសាហាយ ហើយផ្ដាំថា «ល្ងាចនេះ​អោយអ្នក​ឯងចាំមើល បើមានពេលស្រួលចូលទៅដេកម្ដងទៀតចុះ» និយាយកិច្ចការសព្វគ្រប់​  ហើយ​នាង​នោះ​ក៏ត្រលប់មកឯប្ដីដើម។
កាលដែលនាងប្រះដេកនោះ ដីក៏នៅប្រលាក់ជាប់ នឹងខ្នងមិនទាន់បោសនៅឡើយ ព្រោះដើរមក​​​ដោយប្រញាប់ លុះដើរមកដល់ប្ដីខ្លួនហើយក៏សើចក្អាកក្អាយ និយាយទៅកាន់ប្ដីខ្លួនថា «អ្នក​ឃើញ​ម៉ិញប្រហែលជាសើចដាច់ខ្យល់ហើយ»។ ប្ដីសួរថា «សើចអី ?»។ ប្រពន្ធតបថា «ឯអ្នកមើល​ខ្នងខ្ញុំ បោសអោយបន្តិចណា! ហ្នឹងហើយខ្ញុំដកខ្ញីទៅ វារបូតដៃទាំងអស់មក ខ្ញុំដួលផ្ងារទៅក្រោយ​បះ​ជើងច្រោង បានជាប្រលាក់ខ្នងខ្ញុំអស់»។ 
ប្ដីមិនដឹងក៏បោសខ្នងអោយប្រពន្ធទៅរួចហើយនាំគ្នាដើរទៅផ្ទះ ធ្វើបាយ និងធ្វើមាន់ស៊ី ធ្វើរួច​ហើយពេល​ងងឹតស៊ីបាយរួច​ប្រពន្ធនិយាយនឹងប្ដីថា «អ្នកផ្លុំប៉ីទៅខ្ញុំនឹងស្ដាប់» ប្ដីក៏យកប៉ីមកផ្លុំ។ ប្រពន្ធដេកស្ដាប់ៗ បន្តិចទៅក៏កិលមកដេកលើភ្លៅប្ដីហើយថា «ពិរោះណាស់អ្នក ! អ្នកផ្លុំប៉ី​មើលរន្ធ​ដែររឺទេ ? បើអ្នកមិនមើលរន្ធ ធ្វើម្ដេចនឹងចាប់បើកបិទត្រូវទំនុក ?»។ ប្ដីតបថា «ទេមិនបាច់មើលរន្ធទេ ព្រោះដៃចាំស្ទាត់ហើយ ចំនាំរន្ធផង»។ ប្រពន្ធថា «បើដូច្នេះខ្ញុំបិទភ្នែកអ្នកទាំងពីរមើល​អ្នកនៅ​តែផ្លុំ​ពិរោះដដែលរឺទេ?។ ប្ដីតបថា «បិទចុះ ផ្លុំក៏នៅពិរោះដូចមុនដែរ»។ 
ប្រពន្ធយកដៃបិទភ្នែកប្ដីខ្លួនទាំងពីរ រួចហើយក៏កន្ធែកជើងអោយសាហាយនោះឃើញ។ ប្រុស​សាហាយឃើញ សាហាយខ្លួនបិទភ្នែកប្ដីបានហើយ កន្ធែកជើងអោយសញ្ញាដូច្នោះ ក៏ចូលទៅ​រួម​សង្វាសនឹងនាងនោះទៀត ។ លុះសាហាយនោះថយចេញ ទើបប្រពន្ធលែងបិទភ្នែកប្ដី។ ប្ដីនោះ​ក៏មិនដឹងដល់ កិច្ចកលនោះឡើយ ។ ព្រោះហេតុនេះ បានជាមានពាក្យបុរាណថា មាយាដកខ្ញីមាន​​ទាំងទំនុកច្រើនផងថា ៖
 «ស្រីអើយនាងស្រី ស្រស់ទៅដកខ្ញី ដកដួលទាំងខ្លួន
កាលដកលើកមុន តូចតន់លាក់ខ្លួន ដកក្រោយសំនួន
ផ្ទួនឲ្យប្ដីស្ដាប់។ ប្ដីនាងអ្នកផ្លុំ នាងសុំធ្វើត្រាប់
បន្ទរអឺងអាប់ ចប់បទអុំទូក»

កុំពត់ស្រលៅ កុំប្រដៅស្រីខូច


(សម្រង់ចេញពី សៀវភៅប្រជុំរឿងព្រេងខ្មែរ)

1 comment:

  1. អាក្រក់ណាស់នាងមាយាដកខ្ញីនេះ!

    ReplyDelete