មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ
ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកម្លោះពីរនាក់ បានឃើញ
ក៏ស្រឡាញ់ចង់បាន វាគិតថា «យើងធ្វើដូចម្ដេចនឹងបានអេះ ? »។ ចៅម្នាក់ ឆ្លើយថា «ងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ
បើអញសួរឯងៗ កុំប្រាប់ថារទេះ ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ »។
ទើបកម្លោះម្នាក់ទៅខ្ចីរទេះគេមកបរឲ្យជួបនឹងបុរសបណ្ដើរប្រពន្ធ
នោះដើរមកដល់, ក៏កម្លោះម្នាក់នោះវាសួរថា «នែអ្នក ! អញ្ជើញមកអាយ
ឈប់និយាយគ្នាលេងបន្តិចសិន » ។
បុរសការប្រពន្ធថ្មី ក៏ចូលទៅអង្គុយលេង ។ លុះកម្លោះម្នាក់
បររទេះមកដល់វាធ្វើជាសួរថា « នេះហៅអ្វីអ្នក?»។ បុរសប្ដីប្រពន្ធ
ឆ្លើយប្រាប់ថា « គេហៅរទេះ»។ មែនឬអ្នក ?
បុរសនោះថា មែន ។ «បើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេ»។បុរសនោះសួរថា «អ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើង ?
។ កម្លោះនោះថា បើខ្ញុំចាញ់
ខ្ញុំនៅជាខ្ញុំអ្នក បើខ្ញុំឈ្នះសុំតែប្រពន្ធអ្នក ។ បុរសនោះគិតថា
ប្រាកដជាគេហៅរទេះមែននឹងខ្លាចអ្វី ក៏ព្រមភ្នាល់នឹងគេទៅ ។
ទើបកម្លោះដែលឈរ សួរទៅអ្នកបររទេះចង្អុលទៅសួរទៅចន្ទោល, កម្លោះអ្នកបររទេះប្រាប់ថានេះគេហៅចន្ទោល។ ចង្អុលសួរទៅនឹមថា នេះគេហៅនឹម ។ «នេះគេហៅទូក ,នេះគេហៅទ្រាយ,នេះគេហៅប្រែក, នេះគេហៅកង់, នេះគេហៅខ្នងកង់, នេះគេហៅត្រពង។ ដល់ឆ្លើយរួចសព្វគ្រប់
កម្លោះនោះសួរទៅបុរសជាប្ដីថា ឥឡូវ
គេមិនហៅរទេះទេ
បើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេច ? បុរសជាប្ដីនោះមិនព្រម, ដល់ប្រកែកទៅមិនឈ្នះគេៗ
ដណ្ដើមយកប្រពន្ធទៅបាន ។ បុរសនោះមិនសុខចិត្តទៅប្ដឹងចៅក្រមៗ
ឲ្យទៅកោះចៅទាំងពីរនោះមកជំនុំ, កម្លោះទាំងពីរនាក់នោះវាសូកចៅក្រមៗកាត់សេចក្ដីថា ត្រូវចាញ់គេហើយ ត្រូវឲ្យប្រពន្ធទៅគេហើយ
។ បុរសនោះខឹងណាស់ ត្បិតគេយកប្រពន្ធទៅបាន
ដើរផង យំផង, ដើរបន្តិចទៅប្រទះសុភាទន្សាយៗសួរថា ថ្វីបានជាយំបង ? ៗ បុរសនោះប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា បើដូច្នោះបងឯងកុំភ័យ រកតែចេកមកឲ្យយើងស៊ីសិន
យើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញ ។
បុរសនោះអរណាស់ ខំទៅរកចេកមកឲ្យសុភាទន្សាយៗ ស៊ីចេករួចហើយ
ដើរទៅជាមួយបុរសនោះ ទៅដល់សួរចៅក្រមថា លោកកាត់សេចក្ដីគេនោះ
តើដូចម្ដេចខ្លះ ? ។ ចៅក្រម
ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា លោកកាត់សេចក្ដី មិនទាន់អស់ទេ បើដូច្នេះខ្ញុំសូមកាត់សេចក្ដីនេះផង
ឲ្យសុខចិត្តទាំងពីរខាង។ សុភាទន្សាយ
សួរកម្លោះដែលយកប្រពន្ធគេមកនោះថា អ្នកទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អ្វី ? ។ បុរសនោះឆ្លើយថា ដាក់ប្រពន្ធ ។ សុភាទន្សាយ សួរទៅកម្លោះនោះថា ត្រង់ណាហៅប្រពន្ធ បើអ្នករកឃើញយកទៅចុះ
បើរកមិនឃើញទេ ឲ្យប្រពន្ធទៅគេវិញទៅ។
កម្លោះនោះចាប់ត្រង់ដៃ, សុភាទន្សាយប្រាប់ថា
នេះគេហៅថាដៃទេ វាចាប់ត្រង់ជើង សុភាទន្សាយថា នេះគេហៅជើងទេ វាចាប់ត្រង់នេះ
ក៏ថាមិនមែន, ត្រង់នោះក៏ថាមិនមែន
ហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅ« ប្រពន្ធ » ឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោល នឹម ទូក ទ្រាយ
ប្រែក ធ្នង់ ត្រពង រួមទាំងអស់នេះទៅ ទើបហៅថា« រទេះ» បើដូច្នេះ ឯងយកប្រពន្ធគេ
មិនបានទេ ឲ្យមកគេវិញ ។ សុភាទន្សាយឲ្យកម្លោះនោះ
យកប្រពន្ធមកវិញ។ សុភាទន្សាយស្ដីឲ្យលោកចៅក្រមថា បងកាត់សេចក្ដីនេះស៊ីតែសំណូកគេ គ្មានត្រង់តាមព្រះច្បាប់សោះ។ បុរសនោះប្រាប់ប្រពន្ធមកវិញ ក៏អរណាស់
លើកដៃសំពះសុភាទន្សាយថា លោកបងកាត់សេចក្ដីនេះ
ពេញហៅត្រង់ហើយ ឲ្យលោកបានសម្បត្តិសួគ៌និព្វាន ។
ប្រាជ្ញឯង ឲ្យក្រែងប្រាជ្ញគេ
យោងពីប្រជុំរឿងព្រេងខ្មែរ
No comments:
Post a Comment