មានបុរសឳពុកនិងកូនបរទេះចេញទៅជួញជួបនិងក្រពើមួយដែលភ្លើងព្រៃ
រោលរលាកជើងទាំង៤ និងដើររកចំណីឆីពុំបានអត់អាហារស្គមរីងរៃ។ បុរសឳពុក
និងកូនបានឃើញក្រពើនោះរលាកជើងទាំង ៤
ស្គមទាំងខ្លួននិងវាពុំបានដូច្នោះហើយ បុរសនោះអាសូរក្រពើ
បានកាប់ឈើមកចងអមក្រពើនោះរឹងជាប់ លើកដាក់លើរទេះបរទៅ
លុះដល់បឹងមួយធំជាទីសុខសប្បាយ
បុរសនោះដាក់ក្រពើចុះក្នុងទឹកក្រពើនោះបានផឹកទឹកអកភក់ឆ្អែតហើយ គិតនឹងខាំបុរសនោះវិញ
បុរសនោះថា៖ «ព្រះស្ដែងកុំខាំអញៗ មានគុណលើព្រះស្ដែង» ក្រពើនោះថា៖ «មានគុណនឹងអញឯណា
បើចងអញស្ទើរស្លាប់ដូច្នោះ អញឆីព្រះស្ដែងឲ្យទាល់តែបាន» ។
ឯបុរសថា៖ «ព្រះស្ដែងកុំអាលខាំអញ
មកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញ លោកកាត់សេចក្ដីនេះឲ្យយើង»។
ទើបបុរសនិងក្រពើ នាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រ ដោយនូវដំណើរទីទៃៗ
។ ក្រពើក្រាបបង្គំថា៖ «ខ្ញុំព្រះបាទអម្ចាស់នៅទីមួយស្ងៀមៗ ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់
លើកដាក់លើរទេះបរទៅ ខ្ញុំព្រះបាទអម្ចាស់បម្រះពុំរួច
ព្រោះតែធ្វើទុក្ខខ្ញុំព្រះបាទអម្ចាស់បានជាខ្ញុំព្រះបាទអម្ចាស់ខាំបុរសនេះឆី»។
បុរសក្រាបបង្គំថា៖«ក្រពើនេះភ្លើងព្រៃរោលរលាកជើងទាំង ៤ វារពុំរួច បានខ្ញុំព្រះបាទអម្ចាស់អាសូរ
ទើបយកឈើចងអបហើយលើកដាក់លើរទេះបរទៅដល់បឹងទើបស្រាយលែង ហើយក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកអកភក់មានកម្លាំងហើយគិតខាំខ្ញុំព្រះបាទអម្ចាស់វិញ
ហេតុនេះបានជាខ្ញុំព្រះបាទអម្ចាស់ ទាំង ២
នាំគ្នាមកក្រាបបង្គំទូលព្រះអង្គ សូមទ្រង់កាត់សេចក្ដីនេះ
បើព្រះអង្គពុំជឿសុំទ្រង់ទតជើងក្រពើទាំង ៤ ចុះ» ។
ព្រះមហាក្សត្រទ្រង់ពិចារណាថា
«ក្រពើនេះឥតធម៌ពុំដឹងគុណគេឡើយ»
ទើបព្រះអង្គកាត់ថា៖«បើដូច្នេះមានតែព្រះស្ដែង ឲ្យគេចង់ព្រះស្ដែងដូចអំពីមុននោះសិនហើយ
សឹមអញពិចារណាឲ្យព្រះស្ដែង»
ទើបព្រះអង្គឲ្យបុរសនោះទៅចងក្រពើនោះជាប់ដូចអំពីមុន
ហើយទ្រង់មានព្រះបន្ទូលថា៖«ព្រះស្ដែងនាំទៅផ្ទះចុះ
ថ្ងៃក្រោយព្រះស្ដែងកុំធ្វើគុណនឹងសត្វតិរច្ឆាន ព្រោះលោកថាពុំត្រូវទុកចិត្តសត្វមានចង្កូមមានពិសទេ»
។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះបុរសនោះចូលចិត្តហោង ។
យោងតាម សៀវភៅប្រជុំរឿងព្រេងខ្មែរ
No comments:
Post a Comment