កាលពីព្រេងនាយ
មានមនុស្សពីរនាក់ ម្នាក់ខ្វាក់ ម្នាក់ខ្វិន នៅខ្ញុំចិនទាំងពីរនាក់
អស់អ្នកស្រុកគេហៅអាខ្វាក់អាខ្វិន ប៉ុន្តែនៅម្ចាស់ដោយខ្លួន
អាខ្វាក់នៅនឹងចិនផ្ទះមួយ អាខ្វិននៅនឹងចិនផ្ទះមួយទៀតជិតគ្នា ។
អាខ្វាក់អាខ្វិនយកគ្នាជាសំឡាញ់ ។ ឯអាខ្វាក់ៗ ភ្នែកទាំងពីរ
មើលមិនឃើញអាខ្វិនៗជើងទាំងពីរ ដើរមិនរួច បើនឹងទៅណាបានតែកិលនឹងគូថ។
ចិនជាម្ចាស់ប្រើអាខ្វាក់អាខ្វិន គ្មានប្រណីអាណិតថាខ្វាក់ថាខ្វិនសោះ។
អាខ្វាក់អាខ្វិននឿយលំបាក់ណាស់ ក៏គិតគ្នាថា «យើងនឿយហត់លំបាក់ណាស់
នឹងទ្រាំនៅជាខ្ញុំចិននេះមិនបានទេ មានតែយើងគិតរត់»
ហើយអាខ្វាក់សួរអាខ្វិនថា«បើដូច្នោះយើងនឹងគិតដូចម្តេច?»។អាខ្វិនឆ្លើយឡើងថា« អញឃើញទូកគេនៅកំពង់នោះមាន
យើងត្រូវរត់ទៅដោយទូកនោះ ទើបរួច»។ អាខ្វាក់អាខ្វិនគិតគ្នាព្រមហើយ
លុះយប់ក៏បបួលគ្នាចុះតៅកំពង់ហើយចេញទូកពីកំពង់ទៅ
ប៉ុន្តែអាខ្វាក់អាខ្វិន ជាមនុស្សមិនចេះអុំទូក ក៏អង្គុយម្នាក់ឯក្បាល
ម្នាក់ឯកន្សៃ ឈមមុខទល់គ្នា ប្រឹងអុំទូកទៅ ។ អាខ្វាក់មើលមិនឃើញអាខ្វិនជាមនុស្សមិនដែលអុំទូកសោះ
ហើយយប់ងងឹតមើលមិនឃើញ គិតស្មានថាទូកលឿនទៅមុខ តែទូកចេះតែវិលនៅត្រង់កំពង់នោះឯង លុះអុំយូរទៅដល់ពាក់កណ្តាលអាធ្រាត្រ
ឮសម្លេងសត្វអកយំ អាខ្វាក់អាខ្វិននិយាយគ្នាថា «យើងប្រឹងអុំទូកឡើងដល់កន្លែងអន្លង់អកហើយ»។
អាខ្វាក់អាខ្វិន ខំអុំទៅទៀត លុះដល់ពេលមាន់រងាវ ហើយនិយាយគ្នាថា
« យើងជិតដល់ស្រុកគេហើយ ប្រឹងអុំឡើងក្រែងគេតាមទាន់» ។ អាខ្វាក់អាខ្វិនក៏ប្រឹងអុំ
លុះត្រាតែមានរងាវកុះឮសម្លេងតាវ៉ៅយំភ្លឺព្រាងៗពីឯកើត អាខ្វិនក៏និយាយប្រាប់ទៅអាខ្វាក់ថា
« ដូចជាកំពង់ផ្ទះយើង» ។ លុះភ្លឺបន្តិចឡើងម្ចាស់ចុះមកដងទឹក
ឃើញអាខ្វាក់អាខ្វិនអង្គុយអុំទូកឈមមុខទល់គ្នា
ហើយគេហៅឲ្យអុំទូកចូលមក គេដឹងថា « អាខ្វាក់អាខ្វិនរត់
ប៉ុន្តែគេគិតថា វានឹងរត់ទៅឯណា បើវាខ្វាក់ខ្វិនដូច្នេះ»
គេក៏ឲ្យឡើងទៅផ្ទះវិញ គេមិនបានជេរវាយទេ ។ អាខ្វាក់អាខ្វិនទៅនៅដូចពីដើមវិញ
។
លុះនៅយូរទៅ អាខ្វាក់អាខ្វិនបបួលគ្នារត់ទៀត អាខ្វិននិយាយនឹងអាខ្វាក់ថា
« យើងរត់ម្តងនេះទៀត កុំឲ្យម្ចាស់គេតាមទាន់ យើងកុំទៅជើងទឹក
ទៅចើងគោកវិញ» ។ អាខ្វាក់ឆ្លើយថា «ទៅដូចម្តេចនឹងបានជើងគោកនោះ
បើអញខ្វាក់ ឯងខ្វិននឹងរត់ទៅឯណារួច» ។ អាខ្វិនឆ្លើយឡើងថា
« ឯងកុំព្រួយចិត្ត ឯងឲ្យអញជិះលើឯង ហើយអញបង្ហាញផ្លូវ» ។
អាខ្វាក់អាខ្វិនគិតគ្នាព្រមហើយ លុះដល់យប់ស្ងាត់គេដេកលក់អស់អាខ្វាក់លើកអាខ្វិនឲ្យជិះលើស្មាដើម្បីឲ្យបង្ហាញផ្លូវនឹងដើរទៅ
។ ឯម្ចាស់លុះព្រឹកឡើង មិនឃើញអាខ្វាក់អាខ្វិន ដឹងថាអាខ្វាក់អាខ្វិនរត់
ប៉ុន្តែគិតថា« មនុស្សខ្វាក់ខ្វិនវានឹងរត់ទៅណារួច»
គេក៏មិនទៅតាម ។ អាខ្វាក់អាខ្វិនខំរត់ទៅពីរបីថ្ងៃបានដល់ស្រុកមួយ
ស្រុកនោះ មានខ្លាសាហាវអ្នកស្រុកគេហាមប្រាម កូនចៅគេថា
« ព្រលប់យប់ងងឹតហើយកុំលេងនៅដីខ្លាចខ្លា» ។
អាខ្វាក់អាខ្វិនទៅដល់ស្រុកនោះ ជួនជាព្រលប់យប់ងងឹតហើយគិតគ្នាថា
« យើងដល់ស្រុកគេហើយ បើដូច្នេះ យើងគិតធ្វើស្រែ តើយើងបាននង្គ័លរនាស់ក្របីគោពីណា
នឹងធ្វើស្រែនឹងគេមានតែយើងគិតលួចគេទើបបាន»។ អាខ្វិនបញ្ចេះអាខ្វាក់ឲ្យដើរចូលទៅភូមិគេ
អស់អ្នកស្រុកគេឃើញ គេប្រាប់ថា « ស្រុកនេះមានខ្លាសាហាវខ្លាំងណាស់»។
អាខ្វិនឆ្លើយឡើងថា « ឃ្លេមិនខ្លាចទៅខ្លាចខ្លា»។ ខ្លាក៏ជួនជាមកលបខាំគោពេលនោះដែរ
ដល់ឮអាខ្វាក់ថា « ឃ្លេមិនខ្លាចទៅខ្លាចខ្លា» ក៏គិតគ្នាថា
« ពីដើមគេខ្លាចតែអញ ឥឡូវមានឃ្លេផ្សេង គេខ្លាចជាងអញទៅទៀត
អញមិនដែលឃើញមិនដែលឮសោះទេឃ្លេនោះ បើដូច្នេះអញចាំលបមើលឲ្យឃើញច្បាស់ប្រាកដ»។
អាខ្វិនឃើញក្រោលគោគេ ហើយប្រាប់អាខ្វាក់ថា « ឯងទៅលួចគោចុះ
អញចាំឯងនៅក្រោយរបងនេះ» ។ អាខ្វាក់ដាក់អាខ្វិនចុះ ហើយដើរស្ទាប!
ចូលទៅជួនជាជួបនឹងខ្លា ។ ខ្លាឃើញអាខ្វាក់ គិតស្វានថាជាឃ្លេ
ក៏ខ្លាចមិនហ៊ានកំរើកខ្លួនអាខ្វាក់ស្ទាប់អស់ទាំងខ្លួនខ្លាគិតស្មានថាគោ
ហើយស្ទាបទៅលើក្បាលខ្លា មិនឃើញស្នែងនឹកអរថា
«គោនេះស្នែងនប់ធាត់ល្អណាស់ អញទុកជាអានប់កូនក្រោល»
អាខ្វាក់ក៏ចាប់ទាញខ្លាដឹកយកមកនឹងខ្លុះ ។
ឯខ្លាគិតខ្លាចអាខ្វាក់ដោយស្មានថាឃ្លេ អាខ្វាក់ធ្វើម្តេចក៏ចេះតែទៅតាមអាខ្វាក់ដឹកមកដល់ក្រៅរបង
ហើយប្រាប់ទៅអាខ្វិន ឲ្យយកកន្លុះមកនឹងខ្លុះអានប់កូនក្រោល
អាខ្វិនឃើញហើយប្រាប់អាខ្វាក់ថា «អាខ្វាក់! ខ្លាទេ! »។
អាខ្វាក់ឆ្លើយថា « បើឯងខ្លាច ឯងឲ្យកន្លុះមកអញៗ
នឹងចាក់ច្រមុះយកទៅភ្ជួរស្រែ» ។ អាខ្វិនក៏ហុចកន្លុះទៅឲ្យអាខ្វាក់ ។ បានកន្លុះហើយចាក់ច្រមុះខ្លា។
ខ្លាឈឺច្រមុះទ្រាំមិនបាន ក៏ស្ទុះច្រឡោតស្រែកឮតែរ៉ូមៗ ហើយរត់ទៅ។
ក្នុងពេលនោះ អាខ្វិនខ្លាចស្ទើរនឹងស្លាប់
ប៉ុន្តែអាខ្វាក់មិនព្រមចេះតែទន្ទេញថា«ស្តាយអានប់កូនក្រោលអញធាត់ល្អណាស់ »
ហើយក៏ទៅតាម ។ លុះទៅដល់កណ្តាលស្រែ បានឃើញខ្ទមស្រែគេមួយ
មានទាំងរនាស់ហើយ ឃើញអណ្តើកមួយ អាខ្វិនឃើញហើយនិយាយប្រាប់អាខ្វាក់ថា
« វ៉ីយអាខ្វាក់មានខ្ទមស្រែគេ ហើយមានខ្សែពួរ និងចង្អេរ
សន្ធឹកផង » ។ អាខ្វាក់ថា « ចេះតែយកឲ្យអស់ » ។
អាខ្វិនប្រកែកថា « យកធ្វើអ្វីធ្ងន់ឥតអំពើ » ។ អាខ្វាក់ថា
« ធ្ងន់អីឯង ធ្ងន់តែអញទេ ចេះតែយកទៅ»។
ហើយអាខ្វាក់អាខ្វិនយករបស់ទាំងអស់មានបាយមួយឆ្នាំដែលគេដាំតុកនៅជើងក្រានផង
អាខ្វិនលាលកាន់យករបស់សព្វគ្រប់អស់ហើយ ក៏ឡើងជិះលើអាខ្វាក់ទៀត ។
អាខ្វាក់ជាមនុស្សមានកម្លាំងខ្លាំងក៏យករបស់ទាំងអស់ទៅ
លុះដើរចូលព្រៃលេចវាលទៅត្រាតែភ្លឺ បានជួបមនុស្សម្នាក់គេមកយកឃ្មុំ
។ អាខ្វិនឃើញប្រាប់អាខ្វាក់ថា « នៃវើយមានគេមកយកឃ្មុំ»
អាខ្វាក់ឮហើយស្រែកហៅទៅអ្នកយកឃ្មុំថា « វើយចែកឃ្មុំគ្នាស៊ីផង»
អ្នកយកឃ្មុំឆ្លើយថា «គ្នាស៊ីតែទឹកទេ ទុកកាកឲ្យឯង»
ហើយអ្នកយកឃ្មុំដោះទុក្ខសត្វធំដាក់បំពង់ចុកជិតយកទៅឲ្យអាខ្វាក់អាខ្វាក់កាន់យកទៅ
លុះដើរលេចវាលចូលព្រៃ ថ្ងៃណាស់ហើយឃ្លានបាយ ទើបនិយាយគ្នាថា
«យើងស៊ីបាយសិន ឲ្យមានកម្លាំងសឹមទៅទៀត» ។ អាខ្វាក់ដាក់អាខ្វិនចុះ
ហើយដាក់របស់ចេញពីខ្លួន យកបំពង់ឫស្សីដែលអ្នកយកឃ្មុំឲ្យនោះ
ដោយស្មានថាជាសាច់ឃ្មុំមកស៊ីនឹងបាយ ដល់ដកឆ្នុកឡើងធំស្អុយលាមក
អាខ្វាក់ថា កន្លែងសំណាក់នេះស្អុយលាមកហើយយើងទៅរកដំណាក់ឈប់ឯមុខទៀត» ។
អាខ្វាក់ចុកបំពង់លាមកហើយ
ក៏បបួលអាខ្វិនទៅឈប់ឯមុខទៀតដល់បន្តិចទៅអាខ្វាក់ថា
« អស់កម្លាំងឃ្លានបាយណាស់ រកកន្លែងឈប់ស៊ីបាយ»
អាខ្វិនក៏មើលឃើញម្លប់ល្អ ហើយមានទឹកត្រពាំងល្មមស៊ីបាយបានអាខ្វិនទះកំភ្លៀងអាខ្វាក់ឲ្យតម្រង់ចូលទៅកន្លែងម្លប់ឈើនោះឯង
ដល់ហើយអាខ្វាក់ដកឆ្នុកបំពង់នោះឡើង ធុំស្អុយទៀត
អាខ្វាក់ប្រាប់ទៅអាខ្វិនដូចមុន
អាខ្វាក់អាខ្វិនចេះតែស្អុយដូច្នេះឯងពីរបីដង ។
ក្រោយទៀតអាខ្វាក់ឃ្លានបាយណាស់បបួលអាខ្វិនឈប់
ហើយដកឆ្នុកបំពង់យកដៃលូកទៅធុំស្អុយលាមកដឹងថាលាមកក៏ប្រាប់ទៅអាខ្វិនថា
«វ៉ីយអាខ្វិន!អាដែលយកឃ្មុំនោះវាបញ្ឆោតយើង ជុះលាមកដាក់បំពង់ហើយចុកមាត់បំពង់ឲ្យមកយើង»។
អាខ្វាក់ខឹងណាស់លាងដៃរួចហើយស៊ីបាយពីរនាក់នឹងអាខ្វិននិយាយគ្នាថា»
យើងស៊ីបាយឲ្យមានកម្លាំង រួចហើយយើងទៅតាមសម្លាប់អាចង្រៃ
ដែលវាបញ្ឆោតឲ្យលាមកយើង ឲ្យវាស្លាប់កុំឲ្យវាធ្លាប់
តែបញ្ឆោតយើងដូច្នេះ» ។
អាខ្វាក់អាខ្វិនស៊ីបាយហើយប្រញាប់ទៅរកអ្នកយកឃ្មុំនោះ
លុះទៅវង្វេងផ្លូវមិនដឹងជាទៅឯណា ។
អាខ្វាក់ឮសត្វសសេះចោះដើមឈើយកកណ្ឌៀស៊ី គិតស្មានថាអ្នកយកឃ្មុំ
ក៏ស្រែកហៅថា « ឯងមានចិត្ត ឯងចុះពីលើដើមឈើមក។
លុះដើរទៅដល់អាខ្វិនប្រាប់ថា «សត្វសសេះចោះដើមឈើទេ មិនមែនមនុស្សទេ» ។
អាខ្វាក់អាខ្វិនដើរលេចវាលចូលព្រៃ
លេចព្រៃចូលវាល ទៅឆ្ងាយណាស់ក៏បានដល់ស្រុកគេមួយ ស្រុកនោះឯង
មានស្តេចគង់នៅនោះហើយមានយក្ខតែងមកស៊ីមនុស្សនៅសាលា។
ថ្ងៃដែលអាខ្វាក់អាខ្វិនទៅដល់នោះ
ស្តេចឲ្យយកនាងពៅជាព្រះរាជបុត្រីក្រមុំតែមួយ ជាបុត្រីសម្លាញ់
ប៉ុន្តែយក្ខវាចង់ស៊ី បើមិនឲ្យនាងពៅទៅយក្ខស៊ី
នោះយក្ខវានឹងស៊ីមនុស្សក្នុងនគរ ទាំងនាហ្មឺនទាំងស្តេច ។
នាងពៅអាណិតអស់រាស្រ្ត នូវនាហ្មឺននិងស្តេច បានជាមកឲ្យយក្ខស៊ី ។
ជួនជាថ្ងៃនោះឯងអាខ្វាក់ខ្វិនទៅដល់សាលានោះ ហើយអាខ្វិនប្រាប់អាខ្វាក់ថា
« យើងដល់សាលាសំណាក់ដែលគេឈប់ យើងក៏ល្មមពេលនឹងឈប់»
ហើយអាខ្វាក់អាខ្វិនចូលទៅក្នុងសាលា ។ ឯនាងពៅនៅក្នុងស្គរ
ឮមាត់អាខ្វាក់អាខ្វិនចូលទៅក្នុងសាលា ។ ឯនាងពៅនៅក្នុងស្គរ
ឮមាត់អាខ្វាក់អាខ្វិននិយាយហើយសួរទៅថា «អ្នកមកពីណា ត្បិតសាលានេះ
ស្តេចធ្វើសម្រាប់ដាក់មនុស្សឲ្យយក្ខវាស៊ីសព្វថ្ងៃ
តែដល់ព្រលប់យក្ខវាហោះមកឮសន្ទឹកដូចជាផ្គរ វាមកស៊ីមនុស្សនៅសាលានេះ
ឯខ្លួនខ្ញុំមកឲ្យជាចំណីយក្ខ ដូច្នេះចូរអ្នកចេញទៅជាឆាប់
ខំតែនៅមុខជាយក្ខវាស៊ីជាចំណីវាមិនខានទេ» ។ ឯអាខ្វាក់ហេតុតែជាមនុស្សខ្វាក់ពីកំណើតមិនចេះខ្លាចអ្វីផង
មានកម្លាំងមានកម្លាំងមានរឹទ្ធិផង ឮហើយក៏ឆ្លើយថា ខ្លាចអីយក្ខនោះ
បើវាមក យើងមិនចេះកាប់វាឲ្យស្លាប់ទៅនាងឯងនៅឲ្យតែស្ងៀម
យកបាយចំណីចំណុកមកឲ្យយើងស៊ី មានកម្លាំងនឹងកាប់យក្ខនោះឲ្យស្លាប់
នាងឯងរកតែដាវឲ្យមុតល្អ យើងនឹងកាប់យក្ខនោះ» ។
នាងពៅឮអាខ្វាក់ថាដូច្នោះ ក៏ប្រាប់ទៅថា «បើអ្នកសម្លាប់យក្ខនោះបាន
របស់ទ្រព្យទាំងប៉ុន្មានដែលគេយកឲ្យយក្ខនោះ ខ្ញុំជូនអ្នកទាំងអស់» ។
អាខ្វាក់បានឮដូច្នោះអរណាស់ បង្គាប់ទៅអាខ្វិនថា
«ឲ្យយកបាយចំណីចំណុកមកស៊ីឲ្យមានកម្លាំងនឹងអាលសម្លាប់យក្ខ»។អាខ្វិនឮនាងពៅថា«យក្ខវានឹងមកស៊ី»ក៏ភ័យស្ទើរនឹងស្លាប់។
អាខ្វាក់ស៊ីបាយឆ្អែតហើយ បិទទ្វារសាលាទាំងអស់។
លុះដល់ព្រលប់ងងឹតបន្តិច
ល្មមវេលាយក្ខមកស៊ីមនុស្ស យក្ខហោះមកឮសន្ធឹកដូចព្យុះលាន់ខ្ទរទាំងដី
។ អាខ្វិនភ័យណាស់ ស្ទើរនឹងលេចអាចម៍លេចនោម, នាងពៅក៏សន្លប់នៅក្នុងស្គរ
។ អាខ្វាក់ឮសន្ធឹកយក្ខមកមិនខ្លាចសោះ អង្គុយចាំនៅមាត់ទ្វារ
លុះដល់យក្ខមកហើយ ឃើញទ្វារសាលាបិទ យក្ខស្រែកសន្ទាប់ដូចរន្ទះថា
« នរណាបិទទ្វារសាលាអញ? ។ អាខ្វាក់គ្មានខ្លាចស្រែកតបវិញថា
«អញបិទទ្វារសាលាអញខ្លាចអីឯង» ។ យក្ខឆ្លើយថា
«មនុស្សមកពីណាចិត្តធំដល់ម្ល៉េះ? » អញសុំមើលថ្លើមឯងប៉ុនណា
បានជាឯងចិត្តធំដល់ម៉្លេះ? » ។ អាខ្វាក់បោះចង្អេរគ្រាងធំទៅឲ្យ
យក្ខវាមើលខើញចង្អេរគ្រាងហើយ គិតក្នុងចិត្តថា « ថ្លើមអានេះធំណាស់
សមខ្លួនវាធំជាងខ្លួនអញ «ហើយយក្ខថា
« បើថ្លើមឯងធំប៉ុណ្ណេះចៃឯងធំប៉ុនណា? ។
អាខ្វាក់បោះអណ្តើកទៅឲ្យយក្ខមើល ។ យក្ខស្មានថា ជាចៃមែន
ហើយគិតក្នុងចិត្តថា « ចៃវាធំប៉ុណ្ណេះសមខ្លួនវាធំមែន»
យក្ខសួរទៅទៀតថា «រោមជើងឯងធំប៉ុនណា»? ។
អាខ្វាក់បោះពួរដែលគេទាក់ក្របីទៅឲ្យយក្ខមើលហើយថា«រោមជើងអញប៉ុណ្ណេះ»
។ យក្ខភិតភ័យរត់ត្រឡប់ទៅវិញ ។ អាខ្វាក់អាខ្វិនប្រាប់ទៅនាងពៅថា
« យក្ខវាត្រឡប់ទៅវិញ ។
ត្បិតវាខ្លាចយើងបើដូច្នេះនឹងមានយក្ខមកទៀតឬទេ? » ។
នាងពៅក្រោកពីភ័យសន្លប់ឡើង ប្រាប់ទៅអាខ្វាក់ថា
« នៅមានយក្ខញីមួយទៀត យប់បន្តិចវានឹងមក» ។
អាខ្វាក់ឮនាងពៅប្រាប់ដូច្នោះ ក៏ប្រាប់ទៅអាខ្វិនថា «ឯងទៅរើសថាវមួយ
ឲ្យមុតធំវែងល្មមនឹងកម្លាំងអញ» ។ អាខ្វិនទៅរើសដាវឲ្យអាខ្វាក់ ។
លុះយប់យូរបន្តិចទៅ យក្ខញីវាហោះមកឮសន្ធឹកដូចផ្គរ ។
អាខ្វាក់ឮសន្ធឹកយក្ខមកដូច្នោះ ក៏ឈរកាន់ដាវចាំនៅមាត់ទ្វារ
ហើយបិទទ្វារទុក លុះយក្ខនោះមកដល់ហើយ វាច្រានទ្វារអើតកចូលមក
អាខ្វាក់ឮសន្ធឹកយក្ខច្រានទ្វារកាប់ស្មានទៅ
ត្រូវយក្ខដាច់កស្លាប់នៅទីនោះឯង ។
អាខ្វាក់អាខ្វិនដឹងថា
យក្ខស្លាប់ហើយក៏បបួលគ្នាយកទ្រព្យមាសប្រាក់នោះទៅ ។
លុះព្រឹកឡើងអាខ្វាក់ដាក់អាខ្វិនលើកហើយដើរទៅ
ឃើញដើមក្រសាំងមួយប្រាប់អាខ្វាក់ឲ្យចូលទៅនឹងចែករបស់គ្នា លុះដល់ហើយ
អាខ្វាក់ដាក់អាខ្វិនចុះពីលើកយករបស់មកចែកគ្នា
អាខ្វិនជាមេចំណែករើសរបស់ល្អនៅមុខខ្លួន អាក្រក់ដាក់នៅមុខអាខ្វាក់
ហើយសួរទៅអាខ្វាក់ថា «ឯងយករបស់ខាងមុខឯង ឬរបស់ខាងមុខអញ?» ។
អាខ្វាក់មានប្រាជ្ញាគិតថា អាខ្វិនវាយករបស់អាក្រក់ដាក់មុខខ្លួន
ក៏ប្រាប់ទៅអាខ្វិនថា «អញយករបស់នៅមុខឯង» ។
អាខ្វិនដឹងថាអាខ្វាក់យករបស់ល្អក៏ប្រាប់ទៅអាខ្វាក់ថា «ចែកម្តងទៀត
ចែកមុននោះមិនស្មើទេ» ហើយអាខ្វិនយករបស់ចែកម្តងទៀត ដល់ចែកក្រោយទៀត
អាខ្វិនយករបស់ល្អដាក់នៅមុខអាខ្វាក់ហើយសួរថា
«អាខ្វាក់ឯងយករបស់ខាងណា?» ។ អាខ្វាក់គិតថា
«ម្តងនេះអាខ្វិនយករបស់ល្អមកដាក់នៅមុខខ្លួន»
ហើយយកដៃស្ទាប់របស់នៅមុខនោះក៏ប្រាប់អាខ្វិនថា «អញយករបស់នៅមុខអញ» ។
អាខ្វិនឃើញអាខ្វាក់បានរបស់ល្អក៏ឆ្លើយឡើងថា «ចែកមិនត្រូវទេ
ចែកម្តងទៀត»។អាខ្វាក់ឆ្លើយថា «ឯងចែកខ្លួនឯងហើយឯងថាមិនត្រូវ» ។
អាខ្វិនយករបស់ចែកជាថ្មីទៀត ហើយឲ្យអាខ្វាក់ថាដូចពីមុន ។
អាខ្វាក់ថាត្រូវតែលើរបស់ល្អ ។ អាខ្វិនប្រាប់អាខ្វាក់ថា «មិនត្រូវទេ
ចែកម្តងទៀត» ។ អាខ្វាក់អាខ្វិនប្រកែកគ្នាទៅវិញតៅមក
ពេលនោះផ្លែក្រសាំងជ្រុសមកត្រូវក្បាលអាខ្វាក់ៗគិតស្មានថាអាខ្វិនវាយក៏ឆ្លើយថា
«និយាយតែត្រឹមមាត់មិនអស់ចិត្ត
ដៃដល់ផងទៀត»ហើយអាខ្វាក់ស្ទុះទៅធាក់ដាល់អាខ្វិនទាល់តែទាខ្វិនត្រង់ដៃត្រង់ជើងទាំងអស់
ឯអាខ្វិនស្ទុះទៅដាល់អាខ្វាក់ត្រូវភ្នែកៗក៏ជាភ្លឺទាំងពីរឡើង
អ្នកទាំងពីរក៏បបួលគ្នាចែករបស់តាមល្អតាមអាក្រក់ស្មើគ្នាទាំងពីរនាក់
ហើយបបួលគ្នាដើរទៅទៀត ។
និយាយពីនាងពៅ
កាលក្រោយអាខ្វាក់អាខ្វិនទៅ ដល់ព្រឹកភ្លឺមែនទែនឡើងអស់មនុស្សម្នាគេមកមើលនាងពៅនៅសាលា
ឃើញនាងនៅរស់ យក្ខពុំស៊ីបានឃើញឯយក្ខស្លាប់ចង្រ្គាងនៅមាត់ទ្វារ
អស់មនុស្សម្នាគេទៅក្រាបទូលស្តេចតាមដំណើរ
ស្តេចទ្រង់ឲ្យទៅយកនាងពៅពីក្នុងស្គរមក ទ្រង់មានព្រះទ័យត្រេកអរណាស់ព្រោះព្រះរាជធីតាបានរួចពីស្លាប់
ទ្រង់មានព្រះបន្ទូលសួរនាងពៅថា «ដូចម្តេចបានជាកូនរួចពីស្លាប់
ហើយឃើញឯយក្ខស្លាប់ទៅវិញ?» ។
នាងពៅក្រាបទូលព្រះបិតាតាមដំណើរសព្វគ្រប់ ។ ព្រះរាជបិតាបានឮព្រះរាជធិតាក្រាបទូលដូច្នេះទ្រង់ឲ្យប៉ាវគងរកអ្នកណាដែលសម្លាប់យក្ខនោះ
ទ្រង់នឹងព្រះរាជទានព្រះរាជធិតាជាប្រពន្ធ ហើយឲ្យសោយរាជ្យ ។
ឯអ្នកប៉ាវគងទៅក្នុងស្រុកតូចធំជួបនឹងចៅខ្វាក់ចៅខ្វិន ហើយចៅខ្វាក់ចៅខ្វិនសួរថា
« មានកលយុគកលិយាកអីបានជាស្តេចឲ្យប៉ាវគង?» ។ អ្នកប៉ាវគងប្រាប់ថា
«ស្តេចឲ្យប៉ាវគងរកអ្នកសម្លាប់យក្ខនឹងយកទៅឲ្យសោយរាជ្យ» ។
ចៅខ្វាក់ចៅខ្វិនឮក៏ត្រេកអរណាស់ប្រាប់ថា
« ខ្ញុំនេះហើយសម្លាប់យក្ខ កាលដើមខ្ញុំខ្វាក់ខ្វិន ឥឡូវជាហើយ
មិនជឿសោតមានទាំងរបស់ដែលខ្ញុំយកមកជាសម្គាល់ផង» ។
អ្នកប៉ាវគងនាំចៅខ្វាក់ចៅខ្វិនទៅថ្វាយស្តេចលុះទៅដល់ហើយចៅខ្វាក់ចៅខ្វិន
យកទាំងរបស់ដែលយកអំពីសាលាចូលទៅគាល់ស្តេចគ្រាន់ជាសម្គាល់ៗ
ចៅខ្វាក់ចៅខ្វិនក្រាប់ថ្វាយបង្គំស្តេច ស្តេចទ្រង់មានព្រះបន្ទូលសួរថា
«ចៅឯងឬដែលសម្លាប់យក្ខ? » ។
ចៅខ្វាក់ចៅខ្វិនក្រាបទូលតាមដំណើរសព្វគ្រប់ ។
ស្តេចទ្រង់ឲ្យហៅនាងពៅមកឲ្យមើល ហើយទ្រង់សួរថា
«ចៅនេះឬដែលសម្លាប់យក្ខ?»។ នាងពៅក្រាបទូលថា
«អ្នកនេះហើយដែលសម្លាប់យក្ខ ប៉ុន្តែកាលពីមុខគាត់ខ្វាក់ខ្វិន
ឥឡូវនេះមិនខ្វាក់ទេ»។ ស្តេចទ្រង់ជ្រាប
ទ្រង់ផ្សំនាងពៅឲ្យជាជាយាចៅខ្វាក់ ឲ្យសោយរាជ្យជំនួសព្រះអង្គ ។
ដល់ចៅខ្វាក់បានសោយរាជ្យហើយ ឲ្យចៅខ្វិនធ្វើជាឧបរាជ
ត្បិតជាមនុស្សកំសត់កម្រផងគ្នា ក៏បានសេចក្តីសុខរៀងរាបដរាបទៅ ។
ភ្នែកសាច់មិនសម្រេចដូចភ្នែកប្រាជ្ញា
យោងពីប្រជុំរឿងព្រេងខ្មែរ
No comments:
Post a Comment