Friday, April 5, 2013

ល្បែងស្ដេចចង់



ល្បែង​ស្ដេចចង់ ជា​ល្បែង​មួយ​យ៉ាងដែល​ពួក​កុមារាកុមារី ជំទង់ៗ​គ្រប់​ភូមិ​​ស្រុកទូ​ទាំង
​កម្ពុជរដ្ឋ តែង​លេង​នៅ​ពេលទំនេរ ក្នុង​វេលា​យប់​ខែ​ភ្លឺ ។ អ្នកលេង​មាន​ប្រុស មាន​ស្រី​
ច្រើន​នាក់​មិន​កំណត់ ។ ពេល​លេង​គេ​ចែក​គ្នា​ជា ២ ពួក ប្រុស​មួយ​ពួក ស្រី​មួយ​ពួក ។
ក្នុង​បណ្ដា​អ្នក​ទាំង​ពីរ​ពួក​នោះ គេ​តាំង​ប្រុស​ឬ​ស្រី​ម្នាក់​ឲ្យធ្វើ​ជា​ស្ដេច ឲ្យ​អង្គុយ​នៅ​ទី​មួយ​
ចំ​កណ្ដាល​ទី លើ​កៅអី ឬ​លើ​វត្ថុ​អ្វីមួយ មាន​ត្បាល់​ជាដើម ។ សកម្មភាព​របស់​អ្នកលេង
​ដូច​រូបភាព​នេះ​៖
 ​ ​ ​ ​
ការ​អ្នកធ្វើ​ស្ដេច​អង្គុយ​លើ​ទី​ដី​សមគួរ​មួយ​ហើយ ខាង​ស្រី​គេ​ឲ្យ​ស្រី​ម្នាក់​ដើរ​ចូល​ទៅ​ខ្សឹប​នឹង​ស្ដេច​ថា ខ្លួន​ស្រលាញ់​ឈ្មោះ​ណា​មួយ ឧបមារ​ថា​ឈ្មោះ ក ឬ ខ ខ្សឹប​ហើយ​គេ​ថយ​មក​អង្គុយ ឬ​ក៏​មក​ឈរ​នៅ​កន្លែង​ដើម​វិញ ។ ខាង​ប្រុស​គេ​ឲ្យ​ប្រុស​ម្នាក់​ដើរ​ចូល​ទៅ​រក​ស្ដេច​ដែរ ប្រសិន​ជា​មិន​ចំ​ឈ្មោះ​ដែរ​គេ​ខ្សឹប​ទុកជា​មុន​ទេ ក៏​ហី​ទៅ តែបើ​ប្រុស​ដែល​មក​នោះ ចំ​លើ​ឈ្មោះ​ដែល​ស្រី​គេ​បាន​ខ្សឹប​នោះ​មែន ស្ដេច​ស្រែកថា «អៀ​វៗ​» ហើយ​ឲ្យ​ស្រី​នោះ​ជិះ​ប្រុស​នោះ​តម្រង់​ទៅ​រក​កន្លែង​គេ កំពុង​ជិះ​គេ​ស្រែក​ថា «​អៀ​វៗ​» ហើយ​គេ​បញ្ជិះ​ទៅ​ចុះ​នៅ​កន្លែង​ខាង​ស្រី ។ រួច​ហើយ​ខាង​ប្រុស​គេ​ឲ្យ​ខាង​ប្រុស គេ​ម្នាក់​ចូល​ទៅ​ខ្សឹម​ម្ដង បើ​ប្រុស​នោះ​ចូល​ខ្សឹម​ថា ខ្ញុំ​ស្រលាញ់​នាង​ណា​មួយ ឧបមា​ថា​ឈ្មោះ ខ ខ្សឹប​ហើយ​គេ​ថយ​ទៅវិញ​ បើ​ស្រី​ម្នាក់​ឈ្មោះ ខ ចូល​ទៅ​មែន ស្ដេច​ស្រែកថា «​អៀ​វៗ​» ហើយ​ឲ្យ​ប្រុស​នោះ​ជិះ​ស្រី​នោះ ស្រែកថា «​អៀ​វៗ​» ដូចគ្នា ។ បានសេចក្ដីថា បើ​ខាង​ណា​ចូលទៅ​ខ្សឹប​ថា ខ្លួន​ស្រលាញ់​ឈ្មោះ ក ហើយ​បែរជា​ឈ្មោះ ខ ចូល​មក​រក​ស្ដេច​វិញ នោះ​ស្ដេច​មិន​ឲ្យ​អ្នក​ខ្សឹប​ជិះ​ឬ អៀវ​គេ​ទេ អ្នក​ខ្សឹប​នោះ​ត្រូវ​ថយ​ទៅវិញ ហើយ​គេ​ឲ្យ​ម្ខាង​ចូល​ទៅ​ខ្សឹប​ជាថ្មីទៀត ។ ចេះ​តែ​ផ្លាស់​គ្នា​តាម​របៀប​នេះ​រហូតដល់​ពេលយប់ ។​ ​

​អ្នក​ដែល​ធ្វើ​ស្ដេច​ត្រូវ​មើល​ការខុសត្រូវ​ក្នុង​រឿងនេះ ដោយ​សច្ចៈ និង​យុត្តិធម៌ ។​ ​ ​ល្បែង​នេះ​ស្រេច​លើ​អ្នក​ធ្វើ​ស្ដេច បើ​អ្នក​ធ្វើ​ស្ដេច​ប្រកបដោយ​អគតិ ចង់​ឲ្យ​អ្នកណាជិះ​អ្នកណា ក្រៅពី​ឈ្មោះ​ដែល​គេ​ខ្សឹប​ក៏បាន គឺថា បើ​ម្នាក់​ចូល​ទៅ​ខ្សឹប​ថា ស្រលាញ់​ឈ្មោះ ក ហើយ​ទោះបី​ឈ្មោះ ខ ចូលមក ស្ដេច​ស្រែកថា «​អៀ​វៗ​» ក៏​ចេះតែ​បាន ព្រោះ​អ្នក​ចូល​ទៅ​ក្រោយ​មិន​បាន​ឮ​អ្នក​មុន​ចូល​ទៅ​ខ្សឹប​ថា ស្រលាញ់​ឈ្មោះ​ណាៗ​ទេ ។ តែបើ​មាន​របៀប​លេង​លំអៀង​បែបនេះ អ្នកលេង​ណា​ដែល​ចាប់​ថ្នាក់​បាន​តវ៉ា​ឡើង អាច​សុំ​គេ​ឲ្យ​សុំ​ប្ដូរ​អ្នក​ធ្វើ​ស្ដេច​បាន ប្រសិនបើ​អ្នក​ធ្វើ​ស្ដេច​ប្រកប​ដោយ​សច្ចៈ​និង​យុត្តិធម៌ នោះ​ការលេង​នោះ​ទៀងទាត់​ណាស់ ។​ 
​ល្បែង​នេះ​ជា​ល្បែង​កំសាន្ត​ក៏​មែន តែ​ជា​ល្បែង​ហាត់​ចិត្ត​មនុស្ស​ឲ្យ​ប្រកប​ដោយ​សច្ចៈ​និងយុត្តិធម៌ មិន​ឲ្យ​ប្រកប​ដោយ​អគតិ (​សេចក្ដី​លំអៀង​) ៤ យ៉ាង​គឺ សច្ចៈ​គតិ លំអៀង​ព្រោះ​ស្រលាញ់​, ទោសាគតិ លំអៀង​ព្រោះ​ខឹង​,​ភយាគតិ លំអៀង​ព្រោះ​ខ្លាច​,​មោហោ​​​    ​គតិលំអៀង​ព្រោះ​ភ័ន្តច្រឡំ ។ ម្យ៉ាងទៀត ជា​ការបង្ហាត់​មនុស្ស​ឲ្យ​ចេះ​ជ្រើស​តាម​គ្នា ឲ្យធ្វើ​ជា​តំណាង​ភ្នែក​ច្រមុះ​ខ្លួន​ផង គឺ​ត្រូវ​ចេះ​ជ្រើសរើស​រក​នរណា ដែល​គេ​យល់ថាជា​មនុស្ស​ត្រឹមត្រូវ​បរិសុទ្ធ ធ្វើការ​បាន​ល្អ​តាម​គន្លង​ធម៌​ពិតៗ ៕​

ភូមិកាព្យ
(យោងឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ)

No comments:

Post a Comment