Monday, January 20, 2014

រឿង ទាក់ទងនឹងពិធីបញ្ចូលម្លប់កូនស្រី


មានរឿងដំណាលថា កាលនោះមានមហាចោរម្នាក់ពុំមានភរិយា បានសង់ផ្ទះមួយខ្នងយ៉ាងល្អផ្ដាច់ នៅក្នុង
ព្រៃ​ស្មសាន ដើម្បីនឹងទុកដាក់របស់ទ្រព្យមាន មាស ប្រាក់ សំពត់ អាវសាវស្បែជាដើម ដែលខ្លួនទៅលួចប្លន់គេ
បានពីទីផ្សេងៗមក។ មហាចោរនោះលុះកាលជាចំណេរក្រោយមក ក៏រំពឹងគិតថា «អាត្មាអញមាន ទ្រព្យសម្បត្ដិ
ច្រើនដល់ម្លឹង ដែរហើយ តែទាស់ត្រង់គ្មានអ្នកណាថែរក្សា គិតសព្វគ្រប់ទៅការខំប្រឹងរបស់អញនេះ ដូចជាគ្មាន
បានការអ្វីសោះ
 ! ព្រោះថា បើកាលណាអាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះ នឹងក្លាយទៅជារបស់អាសារឥត
ការគួរឱ្យស្ដាយ បើមានកូនប្រពន្ធគ្រាន់នឹងស៊ីមរតកនោះទៅរ៉ា អាត្មាអញនិងមិនសូវជាស្ដាយពេក»។ គិតហើយ
មហាចោរក៏ដើរទៅក្រវែលភូមិអ្នកស្រុក រំពៃគយគន់មើលក្មេងស្រី-ប្រុស ដែលនាំគ្នាលេងខ្ញៀវខ្ញា នៅក្រោមម្លប់
ឈើ។ លុះគយគន់ទៅឃើញនាងតូចមួយនោះ មានរូបឆោមស្អាតសមរម្យ មានសាច់ឈាមថ្លា ថ្លៃថ្នូរគួរឱ្យស្រ​
-
លាញ់ ក៏និយាយលួងលោមកូននោះ ឱ្យបែកចេញពីហ្វូង ហើយក៏បញ្ឆោតនាំយកទៅដល់ផ្ទះផងខ្លួន។ដោយខ្លាច
កូនក្មេងនោះលួចរត់ទៅរកម៉ែឪវាវិញ ព្រមទាំងការពារកុំឱ្យម្ដាយឪពុកវាតាមទៅរកឃើញ មហាចោរក៏យកក្មេង
នោះទៅលាក់ទុកក្នុងបន្ទប់ ចាក់សោយ៉ាងខ្ជាប់ខ្ជួន។ រាល់ពេលបាយ ឬពេលបានចំណី អាហារឆ្ងាញ់មក មហា
ចោរតែងហុចតាមបង្អួចមួយតូចទៅឱ្យនាងបរិភោគ ។ ក្មេងស្រីនោះនៅក្នុងម្លប់ ក៏ចេះតែចម្រើនសាច់ឈាមរាល់
ថ្ងៃជាលំដាប់ ។ លុះនាងពេញវ័យក្រមុំ ការដែលនាងមិនមានត្រូវពន្លឺព្រះអាទិត្យ និងមិនបានជាន់ដី បណ្ដាលឱ្យ
នាងមានជំងឺស្គមស្គាំងស្លេកស្លាំង ។ មហាចោរភ័យណាស់មិនដឹងជាកូនមានជំងឺអ្វី ក៏ត្រាច់ទៅក្នុងភូមិមួយឆ្ងាយ
ទើបបានជួបនិងដូនចាស់ម្នាក់ ធ្លាប់ធ្វើឆ្មប ក៏និយាយអង្វរសុំអញ្ជើញដូនឱ្យមកជួយមើលកូនខ្លួន។យាយម៉បនោះ​
មកដល់ ចូលទៅសួរសុខទុក្ខនាងហើយយល់ការណ៍ ក៏ប្រាប់នាងថា៖ «ចៅយាយអើយ! ចូរចៅកុំព្រួយអ្វី! ចៅឈឺ
នេះគ្មានអ្វីក្រៅពីជំងឺគ្រប់ការទេ គឺពេលដែលនាងផ្លាស់វ័យនេះឯងហើយ ដែលធ្វើឱ្យនាងចេះតែរសាប់រសល់ ចុក​​
ខ្នង ចុកចង្កេះ ល្ហិតល្ហៃ ទន់ដៃទន់ជើង កុំព្រួយអ្វីណាចៅ
 ! ចាំយាយផ្សំថ្នាំសង្កូវឱ្យនាងញ៉ាំ ឱ្យបានធូរស្រាលឆាប់
រហ័ស»។ ថាហើយ យាយម៉បក៏ទៅរកស្ទោះសំបកឈើមកផ្សំថាំ ដាំឱ្យនាងនោះអាស្រ័យ ហើយផ្ដាំថា «ចៅអើយ​
! ចៅយកថ្នាំនេះទៅហាលថ្ងៃឱ្យស្ងួត ហើយរកថូ ឬឆ្នាំងអ្វីដាក់ទុកទៅ ពេលនាងដឹងថា ជិតដល់រដូវកាលហើយ
ចូរនាងយកមួយកញ្ចប់ មកដាំញ៉ាំ ៤-៥ថ្ងៃទៅ នោះនាងនឹងបានធូរស្រាលក្នុងខ្លួន ដូចបំណង ហើយសាច់ឈាម
ពណ៌សម្បុររបស់នាង ក៏រិតតែល្អឡើងដែរ»។លុះកូនស្រីមហាចោរផឹកថ្នាំ បានធូរស្រាលស្បើយរោគហើយយាយ​​
ម៉បក៏ចូលទៅសំពះសុំលាមហាចោរ ត្រលប់ទៅមើលផ្ទះសំបែងវិញ។ មហាចោរបានយកមាសប្រាក់ជូនជាទ្រនឹប​
រង្វាន់យាយម៉ប ហើយជូនត្រឡប់ដល់ផ្ទះវិញ ។ ពេលរៀបចេញដំណើរពីផ្ទះ មហាចោរទៅយាយម៉បនឹកក្នុងចិត្ដ​
ថា «កន្លែងមហាចោរនេះ ឆ្ងាយដាច់ស្រយាលពីភូមិស្រុកគេណាស់ ឯព្រៃទៀតសោតក៏ញឹកស្ងាត់ជ្រងំ គួរឱ្យខ្លាច
ប្រសិនបើអញត្រូវការចង់ មករកទីនេះវិញ ធ្វើម្ដេចនិងរកផ្លូវមកឃើញ!» នឹកសព្វគ្រប់ហើយ គាត់ក៏រកបានគ្រប់
ឪឡឹកមួយបង្វិចយកមកតាមខ្លួន ដើរបណ្ដើរចាប់គ្រាប់ឪឡឹករោយបណ្ដើរ រហូតមកដល់ផ្ទះគាត់។
តទៅនេះ នឹងថ្លែងចាប់សារដើមបន្ដិច អំពីពេលដែលយាយម៉បបានទៅនៅថែទាំងកូនចោរនោះមក គាត់តែង​
តែសង្កេតមើលឫកពារ និងរូបឆោមកូននោះឃើញល្អ ក៏ចេះតែគួចចិត្ដទុក និងសម្លឹងរកកម្លោះរូបណាមួយឱ្យសម
គ្នានិងនាង ។ ថ្ងៃមួយអាស្រ័យបច្ច័យហេតុផលពីបុព្វេបណ្ដាលចិត្ដមាណពម្នាក់ ដែលត្រឡប់ពីរៀនវិជ្ជាការឱ្យចង់​​
ចូលទៅសុំសម្រាកនៅផ្ទះយាយម៉បនោះសិន ត្បិតថ្ងៃកាន់តែជ្រេរ កម្លាំងក៏អស់ហេវបាយ ផ្លូវទៅមុខក៏ឆ្ងាយក្រែង​​
យប់កណ្ដាលផ្លូវ ក៏រូតរះចូលទៅសំពះដូនចាស់សុំសំណាក់មួយយប់ ។ ដូនចាស់កំពុងតែរៀបចំ និងដាំបាយបរិ​
-
ភោគ ជួនក្រឡេកឃើញមាណពចូលមកសំពះសុំស្នាក់ ក៏មានចិត្ដសប្បុរសទទួលឱ្យនៅ ហើយដាំបាយបណ្ដើរ
សំណេះសំណាល់សួរអំពីពូជពង្សបណ្ដើរ។ លុះអាស្រ័យបាយរួច និងទុកដាក់ចានក្បានស្រេច យាយម៉បដែល
ចេះតែលបសង្កេតរូបឆោមមាណពនោះតាំងតែពីចូលមក ក៏បង្ហើបសំណួរថា «ចៅអើយ
 ! ពីកាលដែលចៅលា
ឪពុកម្ដាយមកស្វែងរកតម្រឹះវិជ្ជានេះ តើឪពុកម្ដាយចៅមានស្ដីដណ្ដឹងកូនចៅអ្នកឯណាទុកឱ្យ ចៅហើយឬនៅ
?»។
ចៅមាណពតបថា «មិនទាន់មាននៅឡើយទេ!» ហើយបន្ដសម្ដីថា «ខ្ញុំនឹកថា ប្រសិនបើនៅពេលដែលខ្ញុំធ្វើដំ​
ណើរកាត់ស្រុកភូមិគេនេះ បានជួបស្រីណាមួយមានលក្ខណៈសម្បត្ដិសមរម្យល្អ ខ្ញុំនឹងយកគេធ្វើប្រពន្ធហើយ!
តើលោកយាយមានបានស្គាល់កូនចៅលោកអ្នកណា ដែលល្អនៅក្នុងស្រុកភូមិរបស់យាយនេះ ដែរឬទេ
?» ។
«ចៅអើយ! (យាយម៉បនោះឆ្លើយ) នៅក្នុងស្រុកភូមិនេះ មិនឃើញមានស្ដ្រីណាម្នាក់ដែលសក្ដិសមនឹងចៅទេ ប៉ុន្ដែ
ជី​ដូនធ្លាប់បានឃើញស្ដ្រីម្នាក់ដែរ នាងនោះជាកូនមហាចោរ នៅក្នុងព្រៃដាច់ស្រយាលឯណោះ។ យាយម៉បក៏និ​
យាយ​រាប់រៀបអំពើដំណើររឿងដែលគាត់បានទៅឃើញនាងនោះ និងបានសង្កេតឃើញឫកពារសមរម្យ។ឮពាក្យ​​
សរសើររបស់យាយម៉ប មាណពនោះអន្ទះសារចង់ឃើញរូបនាង ក៏អង្វរឱ្យយាយជូនទៅ។ «ទេចៅ (យាយម៉បប្រ
កែក) យាយជូនទៅមិនបានទេ ព្រោះយាយខ្លាចមហាចោរនោះណាស់ ធម្មតាចិត្ដមហាចោរ តែដល់មានការអ្វី
ស្រួលមិនស្រួលកើតឡើង វាមុខជាមកសម្លាប់យាយចោលហើយ!។ យាយចាស់ហើយ តែយាយនៅចង់រស់នៅ​
ឡើយ។ ចូរចៅជឿជាក់ថា យាយចង់ឱ្យចៅនិងនាងនោះ បានគ្នាជាប្ដីប្រពន្ធណាស់ ព្រោះតាំងតែពីកាលយាយ
បានឃើញនាងមក ទោះពេលយាយចេញដើរទៅផ្សា ទៅកាន់ភូមិនានា ទៅសង្គ្រោះគេក្ដី យាយតែងតែគយគន់
សម្លឹងមើលរាល់ថ្ងៃ តែមិនប្រទះឃើញបុរសកម្លោះណាម្នាក់ ឱ្យសមល្មមនិងចិត្ដ យាយសោះ ទើបតែពេលនេះ
ចៅ​មកដល់ចំជាមហាលាភហើយ ចៅគេងឱ្យស្រួលទៅ ព្រឹកស្អែកចាំចៅចេញដំណើរទៅរកនាង»។ នៅពេល
យប់នោះ បុរសចេះតែគិតសព្វគិតគ្រប់ ដេកក៏មិនលក់ ដោយប្លែកកន្លែងផង ទន្ទឹងឱ្យតែភ្លឺឆាប់ផង ណាមួយគិត
បារម្ភអំពីដំណើរក្នុងព្រៃតែម្នាក់ឯង ណាមួយគិតដល់គ្រោះថ្នាក់ជាមួយនឹងមហាចោរ លុះយប់យន់ទើបបុរសគេង
លង់លក់ទៅ ។  ពេលមាន់រងាវភ្លឺស្រាងៗ  យាយម៉បក្រោកដាំបាយ  រកម្ហូបក្រៀមក្រោះ  ទឹកបំពង់ទុកបម្រុងជា
ស្បៀង ឱ្យមាណពធ្វើដំណើរ ។ លុះមាណពក្រោកឡើងហើយ យាយក៏ឱ្យស្រស់ស្រូប រួចប្រគល់កញ្ចប់អាហារ
សម្រាប់តាមផ្លូវហើយនាំបង្ហាញតម្រុយដើមឪឡឹកឱ្យចៅមាណពធ្វើដំណើរចេញទៅ។ «នែចៅ! (យាយម៉បប្រាប់​
) ចូរចៅដើរទៅតាមជួរដើមឪឡឹកនេះទៅចុះ
 ! ចៅនឹងបានទៅដល់ផ្ទះនាងនោះហើយ តែថាចូរចៅប្រយ័ត្នខ្លួនឱ្យ
មែនទែនណា
 ! ចៅទៅចុះ ! សូមឱ្យបានសេចក្ដីសុខ ឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា បើមានសត្រូវមកពីមុខឱ្យ​
រំលង បើមកពីខ្នងឱ្យរលាយណាចៅណា ។ មាណពក្រាបប្រណិប័តន៍ លាលោកយាយហើយកចេញដំណើរទៅ​
។ ថ្ងៃជ្រេបន្ដិច ទើបទៅដល់សំណាក់មហាចោរ ។ គាប់ជួនពេលនោះ មហាចោរមិននៅ ចេញទៅរកប្លន់គេបាត់
ទុកតែកូនស្រីឱ្យនៅចាំផ្ទះតែម្នាក់ឯង។ នាងកំពុងតែដើរតត្រុក បោសច្រាសសម្អាតផ្ទះសម្បែងតាមទម្លាប់ ពុំមាន​
គិតក្រែងអ្វីឡើយ។ ឯចៅមាណពនោះ ទៅលបគយគន់ឃើញ សព្វគ្រប់ហើយដឹងថា នាងនៅម្នាក់ឯង ក៏ប្រថុយ
ស្រែកហៅ។ នាងឮសូរមាត់មនុស្សចំលែក នឹកភ័យណាស់គិតថា «តើអ្នកណា
! ហ៊ានចូលមក ដល់ទីនេះ?» ប៉ុន្ដែ​
នាងក្រឡេកទៅឃើញយុវបុរសជាអ្នកមានឬកពាសុភាព រាបសារល្អ មិនគួរឱ្យខ្លាច នាងក៏បើកទ្វារ ហៅឱ្យបុរស
ចូល ហើយនិយាយសាកសួរគ្នាទៅវិញទៅមក មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលរាក់ទាក់សំណេះសំណាលតាមផ្លូវ
លោកីយ៍ ដោយសុខចិត្ដសុខកាយលើកជាស្វាមី ហើយនាំយកទៅលាក់ មិនឱ្យមហាចោរជាឪពុកដឹងឡើយ ។
ប៉ុន្ដែក្នុងកាលជាបន្ទាប់មក មហាចោរសង្កេតឃើញឫកពារកូនស្រី របស់ខ្លួនប្លែកពីធម្មតា គឺឃើញនាងតែងខ្លួនជា
និច្ចកាល ធ្វើការងារសព្វសារពើក្នុងផ្ទះ ដោយមិនបាច់ឪពុកតឿនឡើយ ដូចជាចង់ផ្គាប់ផ្គុនមនុស្សណាម្នាក់ ដែល
ជាទីពេញចិត្ដ។ មហាចោរនឹកសង្ស័យថា «នាងនេះច្បាស់ជាមានប្រុសសហាយហើយ!» ក៏នឹកតូចចិត្ដនិងកូនស្រី
លាយនិងសេចក្ដីខ្មាសអៀនអាសហាយនាងនោះផង ក៏ដើរចោលទីកន្លែងនោះទៅ។ ឯទាំងពីរអ្នកប្ដីប្រពន្ធនៅ
ក្នុងព្រៃយូរបន្ដិចទៅ មិនឃើញមហាចោរនោះត្រឡប់មកវិញ ក៏នាំគ្នាចុះមករកភូមិស្រុកនិងគេ។ លុះមកដល់ភូមិ
ស្រុកហើយ ក៏ចូលទៅអរគុណនិងយាយម៉ប ព្រមទាំងជូនរង្វាន់គាត់ខ្លះទៀតផង ។ យាយម៉បមានចិត្ដត្រេកអរ
ណាស់ ដើរប្រាប់អ្នកជិតខាងឱ្យមកមើលនាង ដោយថ្លែងបូរបាច់ប្រាប់គេថា »នាងនេះមានរូបឆោមលោមពណ៌
សាច់ជិតល្អ មកអំពីគេនៅតែក្នុងម្លប់ ដល់ចេញពីម្លប់ក៏មានប្ដីតែម្ដង »។ អ្នកស្រុកឃើញដូច្នោះ ក៏នាំគ្នាយកកូន
ដែលដល់អាយុគ្រប់ការ ទៅឃាំងក្នុងម្លប់ ដើម្បីឱ្យបានល្អដូចគេ ក៏ជាប់ជាទំនៀមរហូតមក ។

សម្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ


No comments:

Post a Comment