Saturday, February 22, 2014

ខ្មោចស្រុកឲ្យដៃ...


ពាក្យទំនឹមទំនៀម សុភាសិតខ្មែរ!!
«ខ្មោចស្រុកអោយដៃ ទើបខ្មោចព្រៃហ៊ានធ្វើ»
(នៅទីនេះ គឺខ្ញុំធ្វើការបកស្រាយបែបដូច្នេះ)
................................................
(បទពាក្យ ៧)

អំពើអំពាន់មន្តអាគម (១)
រងោករងំយំរំអួយ
ខ្មោចព្រាយបីសាចកាច់រងួយ
រកគ្រូមកជួយពុំងាយជា។

បើជាខ្មោចព្រៃទីទៃឆ្ងាយ
លបកាយសណ្ឋិតចិត្តមនុស្សម្នា
ត្រូវកាខ្មោចស្រុកឲ្យដៃវា
ធានាណែនាំចាំមើលផ្លូវ។

ខ្មោចស្រុកនេះហើយឲ្យដំណឹង
វាដឹងមនុស្សណាអាចធ្វើត្រូវ
ព្រោះអីគ្មានគ្រូកាន់កាប់ផ្លូវ
តម្រូវងាយស្រូលនឹងចូលណាស់។

មិនខុសពីចោរជនខិលខូច
ប្រដូចខ្មោចព្រៃយ៉ាងនេះច្បាស់
ក្លែងដល់ក្នុងស្រុកតែងស្វែងស្វះ
រកដៃគូខ្លះចិត្តដូចគ្នា។

ព្រោះអ្នកខាងក្នុងស្គាល់កន្លែង
ដែលម្ចាស់ទ្រព្យតែងលាក់នៅនា
អាចផ្ដល់ដំណឹងដឹងដល់វា
យប់យន់សន្ធ្យាជាឱកាស។

ច្នេះចោរក្រៅស្រុកស្រណុកចូល
ប្រមូលគ្មានសល់យល់ទីច្បាស់
របស់អ្វីៗត្រង់ណាខ្លះ
ងាយណាស់បានចោរស្រុកឲ្យដៃ។
...............................................................

(១) ជំនឿរបស់ខ្មែរ រហូតដល់ពេលបច្ចុប្បន្ន ក៏នៅតែមាន
មិនទាន់សាបរលាបទេ អំពីអបិយជំនឿ អំពើអំពាន់ ខ្មោច
ព្រាយបីសាចជាដើម...។

រ័ត្នន៍ សេនា

No comments:

Post a Comment