Monday, January 27, 2014
ភូតលើហោរ ចោរលើជាង
រាល់ពាក្យទំនាយគ្រូទាយប្រាប់
កុំឆាប់ជំនឿជឿងប់ងល់
តោងគិតពិចារ-ណាសម្គាល់
នូវរាល់សម្ដីគ្រូស្ដីថា។
គូ្រទាយខ្លះពោលបញ្ចូលចិត្ត (១)
ក៏ឥតមានឆ្គងម្ដងត្រង់ណា
ខុសឬត្រូវខ្លះច្បាស់ខាងថា
អ្នកស្ដាប់ខំហាមាត់ងក់ក្បាល។
ចោរនៅលើជាងឃ្វាងពីគ្នា
មិនមែនលួចទ្វារ,ដែកធ្ងន់ស្រាល
គឺលួចចំណុចចុចកណ្ដាល (២)
លើសខ្វះសម្រាលសម្រេចយក។
មួយហ៊ុនមួយលីស៊ីមិនដឹង
កាត់តក្រឡឹងអញ្ចឹងមក
ឃើញស្មើជាក់ស្ដែងកន្លែងលក
មិនផតមិនពកយកជាការ។
(១) ពាក្យបញ្ចេញបញ្ចូលមានត្រូវខ្លះខុសខ្លះនេះហើយ ដែលបុរាណាចារ្យ
លោកពោលថា គឺជាពាក្យភូត។ គ្រូទាយខ្លះ គឺនិយាយទៅតាមអ្វីដែលអ្នក
ទៅទាយប្រាប់តែប៉ុណ្ណោះ (គឺគ្រូ ទាយបណ្ដើរ សួរនេះសួរនោះបណ្ដើរ ហេតុ
នេះអាចដឹងព័ត៌ច្រើនអំពីខ្លួន)។ គ្រូទាយភាគច្រើន ចេះជំនាញចិត្តសាស្រ្ត
ខ្ពស់ បើពុំដូច្នេះទេនាពេលកន្លងមក គ្រូទាយមួយចំនួន មិនអាចបោកយក
ប្រយោជន៍ពីអ្នករងគ្រោះអស់មិនស្ទើរទេ។ ការជឿលើគ្រូទាយ ជាជំនឿរបស់
មនុស្សម្នាក់ៗ មិនមានការហាមឃាត់ទេ (ឯខ្លួនខ្ញុំផ្ទាល់ មិនជឿទេ)។
(២) ចាស់ពោលសំដៅលើជាងផ្ទះជាដើម។ បើសសរ រនង ឬផ្សេងៗ.. ដែល
វាវៀច វាជ្រៀង វាលើស វាខ្វះ (តិចតួច) ជាងតែងកែច្នៃសម្រេចសម្រួលវា
យកជាការតែម្ដង (ឧទា៖ «ហ៎! លួចខាងឆ្វេងបន្តិច, ខាងស្ដាំបន្តិចទៅត្រូវគ្នា
ហើយ...» «ឯងកាត់ចុងតំណផ្ទោងនេះ វាស្ទើរ ១ ហ៊ុនហើយ..ណើ្ហយ លួច
វាចេញបន្តិច ហើយវាយស្នៀតបិទភ្ជិតវាទៅបានហើយ កុំវែងឆ្ងាយ..» ជា
ដើម..។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment