Tuesday, April 2, 2013

កម្លាំងដូចស្រមោច ឬទ្ធិដូចខ្មោច ចិត្តមុតដូចដូចស្រី!


មាននិទានដែលទាក់ទងនិងពាក្យបីឃ្លានេះថា៖
កាលនោះ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (?) បានប្រារព្ធព្រះរាជពិធី
ចម្រើនព្រះជន្មករុណា។ នាហ្មឺនសព្វមុខមន្ត្រី គហបតី សេដ្ឋីតាមឋានា
នុក្រម បានត្រូវរាជានុញ្ញាតិឲ្យចូលថ្វាយព្រះពរ និងគ្រឿងដង្វាយផ្សេងៗ
ដ៏ពោរពាស។

មានព្រះរាជគ្រូមួយអង្គ ស្ថិតក្នុងត្រកូលព្រាហ្ម ក៏ចូលទៅថ្វាយព្រះពរ
ព្រះមហាក្សត្រដែរ។ តែអ្វីដែលចម្លែកនោះ គឺព្រាហ្មបានថ្វាយទៅព្រះ
កូរណានូវពាក្យបីឃ្លានេះថា៖ «សូមឲ្យព្រះអង្គមានកម្លាំងដូចស្រមោច
មានឫទ្ធិដូចខ្មោច ចិត្តមុតដូចមនុស្សស្រី»។ គ្រាន់តែបានឮពាក្យព្រាហ្ម
ពោលដូច្នេះ ព្រះអង្គទ្រង់ខ្ញាល់យ៉ាងខ្លាំង បញ្ជាឲ្យគេចាប់ព្រាហ្មអង្គនេះ
ទៅឃុំរង់ចាំប្រហារជីវិត។

លុះព្រឹកស្អែក ដោយព្រាហ្មមានគុណមកលើរាជបល្ល័ង្គផងដែរ ក៏ត្រាស់
បង្គាប់ឲ្យនាំព្រាហ្មមកដើម្បីសាកសួរមុននឹងប្រហារជីវិត។ ព្រាហ្មក៏ទូល
ថ្វាយព្រះមហាក្សត្រ ដើម្បីសុំធ្វើការពិសោធន៍លើពាក្យថ្វាយពររបស់ខ្លួន
ទ្រង់ក៏យល់ព្រម។

ទី១ ព្រាហ្មឲ្យគេកាត់ម្ជុលដេរដែលមានទំហំប្រវែវប៉ុនសត្វស្រមោច រួច
ហើយក៏ជ្រលក់ទឹកឃ្មុំទុកមួយសន្ទុះ ស្រាប់តែមានស្រមោចមួយក្បាល
មកពាំយកកំណាត់ម្ជុលនេះទៅបាត់តែម្ដង។ ព្រាហ្មឲ្យគេដំដុំដែកមាន
ទំហំនិងប្រវែងប៉ុនរាជអង្គរក្សដែលមានកម្លាំងខ្លាំងក្លា រួចហើយបញ្ជាឲ្យ
រាជអង្គរក្សនោះលើក តែមិនអាចលើករួចឡើយ។ ការពិសោធន៍នេះ
ឃើញថាទំហំដែលប៉ុនខ្លួនអ្នកលើកដូចគ្នា តែមនុស្សមិនអាចលើករួច
ទេ គឺស្រមោចលើករួច «មានកម្លាំងដូចសត្វស្រមោច»។

ទី ២ រៀបចំទីទួលមួយឆ្ងាយពីផ្ទះសម្បែង រួចយកសាកសពខ្មោចតៃ
ហោង ៧ បែប (លង់ទឹក,ចងក,រន្ទះបាញ់,ធ្លាក់ចុងឈើ,សម្រាលកូន
មិនរួច,..ជាដើម) យកទៅកប់នៅទីនោះ ឲ្យគ្រូខ្មោចធ្វើពិធីដាស់ព្រ
លឹងខ្មោចឲ្យកាន់តែសាហាវផង រួចយកគ្រឿងផ្តិលមាស ប្រាស់ កែវ
កងជាដើម យកទៅកប់ក្បែរផ្នូវនោះផងដែរ ហើយប្រកូកប្រកាសថា
យប់នេះបើមានអ្នកណាចង់បានរបស់របរមានតម្លៃនោះ ឲ្យទៅយក
ចុះ។ រយៈពេលបីយប់ គ្មានអ្នកណាហ៊ានចូលទៅយកឡើយ នេះ
បង្ហាញថា ខ្មោចពិតជាមានឫទ្ធិមែន មិនមានលងក៏ដោយ ក៏គ្មាន
អ្នកណាហ៊ានចូលទៅជិតឡើយ «មានឫទិ្ធដូចខ្មោច»។

ទី ៣ ព្រាហ្មឃើញគូស្រករក្មេងវ័យមួយគូមិនទាន់មានកូនចៅទេ តែ
ក្រលំបាកតោកយ៉ាកណាស់។ ព្រាហ្មសុំឲ្យមន្ត្រីណាម្នាក់ ក្លែងខ្លួន​
ទៅជួបប្ដីដោយស្ងាត់ៗ ហើយនិយាយថា « បើចៅឯងហ៊ានសម្លាប់
ប្រពន្ធចៅឯងចោល ចៅឯងនឹងទទួលបានទ្រព្យសម្បត្តិ បុណ្យស័ក្តិ
ជាមិនខាន ព្រោះប្រពន្ធចៅឯងជាស្រីចង្រៃឧត្បាទ ទើបក្របែបនេះ»
ក្រោយពីគិតមួយសន្ទុះ បុរសនេះឆ្លើយតបវិញថា « ខ្ញុំនិងប្រពន្ធត្រូវ
បានឧពុកម្ដាយរៀបចំទុកដាក់ទៅតាមប្រពៃណី រស់នៅកំសត់កម្រ
ជាមួយគ្នា បើទោះនាងជាស្រីចង្រៃបែបណា ជីវភាពធ្លាក់ទៅជាយ៉ាង
ណា ក៏មិនដាច់ចិត្តសម្លាប់នាងដែរ។ ថ្ងៃក្រោយក មន្ត្រីដដែលបាន
លួចទៅជួបនាងជាប្រពន្ធម្ដងហើយប្រាប់នាងថា « បើនាងចង់បាន
ទ្រព្យសម្បត្តិ និងក្លាយខ្លួនទៅជាភរិយារបស់ខ្ញុំដែលជាមន្ត្រីក្នុងព្រះ
បរមរាជវាំង តើនាងហ៊ានសម្លាប់ប្ដីក្រីក្ររបស់នាងនេះចោលទេ?»
គិតមួយស្របក់នាងតបថា «ខ្ញុំហ៊ាន»។ មន្ត្រីរូបនេះ ក៏នាំដំណឹង
នេះមកទូលថ្វាយព្រះរាជាទ្រង់ព្រះសណ្ដាប់ ទើបជឿថា ស្រីពិតជា
ចិត្តដាច់ (ចិត្តមុត) មែនទើបទទួលយកពាក្យថ្វាយព្រះពររបស់ព្រាហ្ម
ហើយដោះលែងឲ្យមានសេរីភាពវិញ ប្រទានទ្រព្យសម្បត្តិ និងបាន
ឲ្យគេសាងប្រាសាទមួយថ្វាយព្រាហ្មផងដែរ។

រ័ត្នន៍ សេនា

Tuesday, January 22, 2013

ពាក្យទំនៀម



«កុំទុកចិត្តបរទេស »

​​ជនបរទេសគេមានជាតិ,របៀប,បែបបទ,ប្រពណី, ទំនៀមទន្លាប់ផ្សេងគ្នា។ មិនមែនមិនឲ្យសេពគប់រាប់ជាមិត្តនោះទេ តែកុំឲ្យអស់ពីក្នុងចិត្តពេក (កុំស្លាប់គំនិតពេកនឹងវាពេក)។

«កុំទុកចិត្តអភិនេស្រ្កម៍ (អៈភិនេស)»អភិនេស្រ្កម៍គឺអ្នកបួស។ អ្នកបួសមិនមែនសុទ្ធតែបរិសុទ្ធទាំងអស់នោះទេ។ មានទិនានមួយថា៖ មានតាបស (ព្រាហ្ម) មួយអង្គប្រព្រឹត្តត្រឹមត្រូវល្អណាស់ ធ្វើឲ្យមហាសេដ្ឋីម្នាក់ពេញចិត្តយ៉ាងខ្លាំង គាត់តែងនិមន្ដតាបសមកឆាន់ជារឿយៗ។ វេលាមួយ គាត់និមន្ដតាបសនោះមកឆាន់នៅក្នុងរោងប្រក់ស្បូវមួយ នៃគេហដ្ឋានគាត់។ ពេលចប់កិច្ច តាបសក៏ចេញ​ទៅ មួយស្របក់ក៏ត្រឡប់មកវិញ ធ្វើឲ្យសេដ្ឋីងឿងឆ្ងល់សួរតាបសៗ តបថា៖ ភ្នួងសក់អាត្មា​វាទើសទាក់ដាច់ជាប់ទងស្បូវដំបូលមួយកំណាត់តូចនេះ មិនគួរគប្បីសោះ ពេលនេះអាត្មា​សុំយកមកសងឧបាសកវិញ។ សេដ្ឋីគិតថា « យីអើ ! រួចចុះលោកនេះក៏មានចិត្តត្រង់អីយ៉ាងនេះ សូម្បីតែចុងស្បូវដ៏តូចមួយ ក៏យកមកសងវិញដែរ »។ លុះខាងក្រោយមក មានចោរកម្មកើតឡើងក្នុងស្រុក សេដ្ឋីនិងប្រពន្ធក៏មាសប្រាក់បន្តិចម្ដងៗទៅផ្ញើរនឹងតាបស។ ឯតាបសពេលដែលប្រមូលបានមាសប្រាក់ច្រើនហើយ ក៏វេចបង្វិចយកទៅអស់គ្មានសល់។

«កុំទុកចិត្តអភិប្រាយ»អភិប្រាយ មានន័យស្រដៀងនឹងអធិប្បាយដែរប្រែថា ប្រាថ្នា,បំណង, រាយរាប់សេចក្ដីដោយពិស្ដារ ដោយសព្វគ្រប់។ គឺថាបើសិនជាមានអ្នក ប្រាជ្ញ ចេះដឹងណាមួយគេមករៀបរាប់បរិយាយល្ហល្ហាចនោះ កុំចេះតែជឿពេក កុំគិតថាត្រឹមត្រូវទាំងអស់ឱ្យសោះ។

«ប្រើទំរែងខ្ពស់ រំពឹងឲ្យឆ្ងាយ»ប្រើទំលែងខ្ពស់ ជាពាក្យប្រៀបធៀបដូចជាសត្វទំ លើទ្រនំ។ ទំ ទុកដូចជាការអង្គុយ ជាបង្គុយ​របស់យើង មានន័យថា ពេលមានពិធីឯណានីមួយ ឬក្នុងពិធីបុណ្យការ..មានក្រាលកម្រាល កន្ទេលឬកៅអី មិនមែនភ្លែតឡើង អង្គុយភ្លាមធ្វើហីដោយមិនបានគិតអ្វីមុខក្រោយនោះទេ យើងតោងអង្គុយនៅទីដែលទាប។ បើយើងទៅអង្គុយទីកន្លែងខ្ពស់ភ្លាម (កន្លែងកិត្តិយស) ពេលដែលមានអ្នកមុខអ្នកការគេមកដល់ គេនឹងដេញយើងឱ្យចេញពីកន្លែងនោះវិញមិនខាន ដោយទុកទីនោះឱ្យអ្នកមានមុខមាត់ ពេលនោះយើងនឹងខ្មាស់គេមិនខាន។ បើយើងដាក់ខ្លួនអង្គុយ នៅទីធម្មតាទុកឱ្យគេមកអញ្ជើញទៅកាន់កន្លែងខ្ពង់ខ្ពស់វិញ នោះទើបវាថ្លៃថ្នូរជាង។

«ស្ដាប់ពាក្យបរិយាយបណ្ដាំមេជី»មេជី គឺមេបា មាតា បិតា ចាស់ព្រឹទ្ធាចារ្យ គ្រូបារអាចារ្យដែលយើងត្រូវស្ដាប់ពាក្យឱវាទប្រៀនប្រដៅរបស់លោក គេហៅមេជីនេះឯង។ មនុស្សចាស់ អ្នកបួស អ្នកកាន់សីល គេហៅថាជី ឯអ្នកគ្រប់គ្រងលើជីនេះគេហៅថា មេជី។

រ័ត្នន៍ សេនា

ទុំហូ


ឪពុក