Friday, April 5, 2013

ចោលឈូង



ល្បែងឈូង ជាល្បែងមួយយ៉ាង របស់មនុស្សកម្លោះក្រមុំ ឬមនុស្ស​ចំ ណាស់ៗ ប្រុស ស្រី ទូ​ទាំង​កម្ពុជ​​រដ្ឋ គេ​តែង​លេង​នៅ​វេលាយប់ ខែភ្លឺក្នុង​រដូវ​ចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ) ។ គេចែកគ្នា ២​ពួក​ប្រុស ១​ ពួក ស្រី ១​ពួក ។ ក្នុង ១ ពួកៗមានគ្នាចំនួនពី ១០នាក់ ឬ ២០នាក់ ឡើងទៅ ឈរ​ត្រៀម​​​​ជា​​២​ជួរ ទល់​មុខ​គ្នា ឃ្លាតពីគ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ ។ គេយកក្រមា​ ឬ​កន្សែង​មក​ឆ្មូល​ឲ្យ​មូល​ ចង​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុកឲ្យ​ មាន​កន្ទុយ​បន្តិច​ហៅ​ថា “ឈូង” សម្រាប់កាន់បោះ ឬ​ចោល​ទៅ​មក​រក ​គ្នា ។
សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ៖
ឈូងមាន ២បែប៖
      ១- ឈូងច្រៀងរាំ
       ២- ឈូងលោះខ្ញុំ
១- ឈូងច្រៀងរាំ  មុនដំបូង ពូកខាងប្រុសបោះ​ឈូងទៅ​ឲ្យពួក​ខាង​ស្រី ពូកខាង​ស្រី​ប្រុង​ចាប់​កុំ​ឲ្យ​ធ្លាក់​ដល់​ដី  បើធ្លាក់ដល់ដី  គេចាត់ជាស្អុយ ហើយ​គេ​ផ្តើម​បោះទៅឲ្យខាងប្រុសវិញ ពួកខាង​ប្រុស​​ប្រុង​​ចាប់​​កុំ​​ឲ្យ​​ធ្លាក់​​ដល់​​ដី ។ កាលចាប់បានហើយ  ចោលសំដៅទៅពូកខាងស្រី គឺសំដៅ​នាង​​ណា​​​ដែល​ខ្លួន​ស្ម័គ្រ​ បើចោលខុសគេចាត់ទុក ស្អុយ រួចគេ​ផ្តើមបោះ​ជាថ្មី​ទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​​ច្រៀង​​រាំយក​ឈូង​ទៅ ​ជូន​ខាង​ប្រុស ហៅថា ច្រៀងរាំជូនឈូង។ របៀប​ច្រៀង​រាំ​នោះ ម្នាក់​  កាន់​ឈូង​នាំ​មុខ ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា ៖ «ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងប្រុសស្ងួន ទទួលឈូងទៅ»។
ពូកស្រីៗក្រៅពីនោះគ្រប់គ្នាទទួលថា ៖«ឱណាកែវ កែវពិអា ឱណាកែវ​អឺយ អឺអឺងអឺយ!»​  រួចហើយហុចឈូងនោះទៅខាងប្រុសៗ ទទួលយក ហើយក៏ផ្តើម បោះ​ឈូង​នោះ​ទៅ​ឲ្យ​ខាង​ពួក​ស្រីៗ​ចាប់វិញ។
បើពូកស្រីៗចាប់ឈូងបានក៏ចោលសំដៅទៅពូកខាងប្រុស បើ​ចោល​​ត្រូវប្រុសណា  ប្រុស​នោះ​ត្រូវ​រាំ​នាំ ឈូងទៅជូនខាងពូកស្រីៗ ​ ដោយ​​​​ ច្រៀង​ជាទំនុកថា៖ «បងចាប់ឈូងបាន បងបី​ត្រកង ព្រលឹងមាសបង ទទួល ឈូង ទៅ»។ ពូកប្រុសៗ គ្រប់គ្នាទទូលបន្ទរថា៖«ឱណាកែវ កែវ​ពិអា ឱណាកែវអឺយ អឺអឺងអឺយ !» ហើយហុច ឈូងនោះទៅខាងស្រីៗ ទទួលយក ទើបផ្តើមបោះតទៅទៀត ។
២- ឈូងលោះខ្ញុំ ដើមដំបូង ខាងប្រុសគេផ្តើមច្រៀង ១ទំនុកជាមុខ ។ ឯទំនុក​ច្រៀង​ឈូង​មាន​ច្រើន​បែប ប្លែក​ទៅ​តាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង​និង​តាមស្រុក ។ ទីនេះស្រង់យកតែទំនុកធម្មតា ដែលអ្នកលេង​ឈូងគ្រប់ ស្រុកគេតែងច្រៀងគ្រប់គ្នាថា៖ «បងបោះឈូងទៅអូន​​អើយ កំពស់​ចុង​ដូង (ស្ទូន) ក្រមុំឈរច្រូង អូនអើយទទួលឈូងបង» ឬថា «បងបោះឈូងទៅ ឈូង​បែក​​ជាបួន ស្រីណាមានខ្លូន ទទួលឈូងបង» ។ល។  ច្រៀង​ហើយ​គេ​ស្រែក ប្រាប់ថា «ឈូង​អើយ​ឈូង!» ហើយអ្នក ផ្តើម​ទំនុក​ក៏បោះ​ឈូង​ទៅ​លើ​ពួក​ស្រីៗ ឲ្យពួកស្រីៗចាប់  ។ ខាងស្រី​    ចាប់​ឈូង បាន គេចោល​សំដៅ​ទៅ​រក​ប្រុស​ណាដែលគេត្រូវចិត្ត បើ ចោលទៅត្រូវប្រុសណា គេ​ទៅ​​ចាប់​​យក​ប្រុស​នោះមកទុកខាងពូកគេ។ បើចោលមិនត្រូវទេ ខាង​ប្រុស​នោះ​ចាប់​ឈូង​នោះ ចោល​សំដៅមក រកស្រីណាដែលគេស្ម័គ្រ បើខាង ប្រុស​ចោល​មកត្រូវខាងស្រីហើយ             ប្រុស​ម្នាក់​ដែល​ត្រូវ​ចាប់​យក​ទៅ​ទុក​មុន​នោះ ត្រូវបាន​មក​រូចខ្លួន បើ ប្រុសចោល មិនត្រូវស្រីវិញទេ ប្រុស​ម្នាក់នោះ​ត្រូវនៅ​ខាង​ស្រីដដែល ។ បើខាងណាប៉ុនប្រសប់ចោលយកខាងម្ខាងទាល់តែអស់ កាល​​ណា​អស់​គ្នាហើយគេផ្តើម លេងសាជាថ្មី ដោយឲ្យ​ខាងស្រី​បោះ​ឈូង​ទៅ​ឲ្យ​ប្រុស គេស្រែក​ច្រៀង​ថា៖ «អូនបោឈូងទៅ បងអើយ កំពស់ចុងស្លាប្រុសឈរ ប្រៀបត្រា បងអើយ​ទទួល​ឈូង​អូន» ។ល។ ច្រៀងហើយគេ ស្រែក​​ថា៖ “ឈូងអើយ ឈូងអើយ” ហើយគេបោះឈូងទៅ​លើពូក​ប្រុសៗ។ឯខាង ​ប្រុសបើគេចាប់បានឈូងខាងស្រីបានហើយ គេចោល​ឈូង​នោះ​សំដៅ ខាងស្រីៗ កាល​ត្រូវលើស្រី ណាម្នាក់ គេចាប់ស្រីនោះ​មក​ទុក​ខាង​គេ។ បើខាងណាអស់មនុស្ស គេចែ​គ្នាលេង​សា​រ​ជាថ្មី។មនុស្សដែល​គេចាប់ បាននោះ ជូនកាលគេចងទុកឲ្យជិតលេងឲ្យរត់​ទៅ​កាន់​ទីផ្សេងៗ ជា​ការ​កំសាន្ត សប្បាយ ។
របៀបលេងបែបទី២ នេះ ជូនកាលអ្នកលេង គេច្រូតកាត់មិនបាច់​ច្រៀង ស្រាប់តែ​ចោល​តែម្តង​ក៏​មាន។
ល្បែងនេះ រាប់ចូលក្នុងពួកការហាត់ភ្នែកឲ្យវៃ ហាត់ដៃឲ្យត្រង់ផងជាការ កំសាន្តសប្បាយ ដោយ​មាន​ការ រាំច្រៀងលាយជាមួយផង៕

ភូមិកាព្យ ៤
(យោងឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ)


ទាញព្រ័ត្រ



ល្បែង​ទាញព្រ័ត្រ ជា​ល្បែង​លេង​កំសាន្ត​របស់​យុវជនខ្មែរ​ទាំង​បុរស ទាំង​ស្ត្រី ក​ម្លោះ
ក្រមុំ ។ ល្បែង​នេះ គេ​លេង​ដោយ​ប្រើ​កម្លាំង​កាយ​ជា​មូលហេតុ ហើយ​គេ​លេង​តែ​នៅ
​រដូវចូលឆ្នាំ​ខ្មែរ គឺ​ខែ​ចែ​ត្រ​-​ពិសាខ ប៉ុណ្ណោះ ។ គេ​ច្រើន​និយម​លេង​ក្នុង​វត្ត​អារាម ក្នុង
​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ព្រោះ​វត្ត​មាន​ទីវាល​ធំ​ទូលាយ ងាយ​ដល់​ការលេង​ល្បែង​នេះតែ​
អាច​លេង​នៅ​តាម​ភូមិ​ក៏បាន បើ​ប្រសិន​ជា​ភូមិ​នេះ​មាន​មនុស្ស​នៅ​ផ្ដុំ​គ្នាច្រើន ហើយ​
មាន​ទីវាល​ល្មម​លេង​កើត ។ ល្បែង​នេះ​គេ​ច្រើន​លេង​នៅ​ពេល​ថ្ងៃ តែបើ​ប្រសិន​ជាមាន
​ចង្កៀង​យ៉ាង​ភ្លឺ ឬ​ពន្លឺ​ព្រះ​ចន្ទ​ភ្លឺ​ថ្លា​ល្អ គេ​អាច​លេង​នៅពេល​យប់​ក៏​បាន ។

សមាសភាព​នៃ​អ្នកលេង ល្បែង​នេះ គេ​ចែក​មនុស្ស​អ្នកលេង​ជា ២ ក្រុម ម្ខាងៗ យ៉ាង
តិច​ត្រឹម ៥ នាក់ ឬ ១០ នាក់​ឡើងទៅ​តាម​ដែល​គេ​រក​គ្នា​បាន​ប៉ុន្មាន ក៏​លេង​ប៉ុណ្ណោះ
 តែ​តាម​ទម្លាប់​អ្នកស្រុក​បើ​មាន​មនុស្ស​ស្រី​ចូល​លេង​ផង គេ​ឲ្យ​ស្រីៗ​នៅ​ម្ខាង ប្រុសៗ
​នៅ​ម្ខាង ហើយ​គេ​យល់ថា ភេទ​ស្រី​តែង​មាន​កម្លាំង​ខ្សោយ​ជាង​បុរស គេ​តែង​ដាក់​ខាង
​ស្រី​ឲ្យមាន​ចំនួន​ច្រើន​លើ​សខាង​ប្រុស យ៉ាងតិច​ត្រឹម ២ នាក់​ជា​ដរាប គឺ​បើ​ខាង​ប្រុស
៨ នាក់ គេ​ដាក់​ខាង​ស្រី ១០ នាក់ ។​

​​គ្រឿង​ប្រដាប់​សម្រាប់​លេង គេ​យក​ខ្សែព្រ័ត្រ​ធ្វើ​ពី​ស្បែក​គោ ស្បែក​ក្របី​ធ្វើ​ជា​ព្រ័ត្រ ឬ
​គេ​យក​ពួរ​ធ្វើ​ដូង​ជា​ព្រ័ត្រ សម្រាប់​ទាញ ប្រវែង​យ៉ាងខ្លី​ពី ២០ ហត្ថ​ឡើងទៅ ទំហំ​ប៉ុនក
ដៃ​ក្មេង ហើយ​និង​យក​សម្កោរ ឬ​គង​ម៉ង ឬក៏​រគាំង ១ សម្រាប់​ទះ ឬ​សម្រាប់​វាយ នៅ
​ពេល​ដែល​ទាញ​ដំបូង ។​

សកម្មភាព​នៃ​អ្នកលេង ដូច​ក្នុង​រូបភាព​នេះ​:

​​របៀប​លេង មុនដំបូង គេ​រើស​រក​ប្រុស​ម្នាក់ ស្រី​ម្នាក់ មាន​មាឌធំ​មាំ ស្មា​គាង កម្លាំង​
ច្រើន ឲ្យ​ជា​អ្នក​ឈរ​កាន់​ចុង​ព្រ័ត្រ គឺ​ប្រុស​កាន់​ចុង​ម្ខាង ស្រី​កាន់​ចុង​ម្ខាង ហើយ​ឲ្យ
​ប្រុស​ម្នាក់​ស្រី​ម្នាក់​ទៀត​មាន​មាឌ​ធំ មាន​កម្លាំង ឈរ​កណ្ដាល​ព្រ័ត្រ ត្រង់​កន្លែង​ដែល​
ពួក​ទាំង ២ ឈរ សម្រាប់​នៃ​ពួក​ខ្លួន​ឲ្យ​ខំ​ទាញ​តែ​រៀងខ្លួន ឯ​មនុស្ស​មាឌតូចៗ​ស្គមៗ
​កម្លាំង​ខ្សោយៗ គេ​ឲ្យ​ឈរ​កណ្ដាល​គេ ។ លុះ​រៀបចំ​រួចហើយ​,​គេ​ឲ្យ​មនុស្ស​ប្រុស​ម្នាក់
​កាន់​សម្ភោរ ឬ​គង​ម៉ង ឬក៏រ​គាំង​ឈរ​ត្រង់​កណ្ដាល​ទី ជិត​អ្នក​ទាំង​ពីរ​ដែល​កាន់​ខ្សែ​ឈរ
​ប្រទល់​មុខ​គ្នា​នោះ​ ផ្ដើមស្រែកឡើងថា យក្សអរ !! ឬយ៉ាងខ្លាំងៗ ធ្វើសំឡេងវែងៗ
រលាក់រលៃកយ៉ាងគ្រលួច ។ ហើយអ្នកប្រុងទាញព្រ័ត្រទាំងប៉ុនា្មនជួយស្រែក​ទទួល
​ឡើងព្រមគ្នាថា ហ៊ោវ៉ឺៗ ៣ ដង ទាញប្រុងយកជ័យជំនះតែរៀងខ្លួន ។ ក្នុងពេលពួក
​អ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សម្ភោរ ឬគងម៉ង់ គេចេះតែបញ្ជើតសម្ភោរ
ឬគងម៉ង់ ឬក៏រគាំងរឿយៗឮសូរតាក់ទឹងៗ ឬម៉ូងៗម៉ឺងៗជាដរាប ទាល់តែឃើញចាញ់
ឃើញឈ្នះម្ខាងៗទើបឈប់បញ្ជើត ។

ពេលលេងម្ដងៗ អស់ថេរវេលាពី ៥-៦ នាទី ១០ នាទី ឡើងទៅ ទើបឃើញឈ្នះឃើញ
​ចាញ់ម្ខាងៗ ។កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារ
ជា​​​ថ្មីតទៅទៀត ដរាបដល់ហត់តែរៀងៗខ្លួនទើបឈប់ ។

ល្បែងនេះ ចាក់ទុកជាការហាត់កម្លាំង ហាត់ប្រាណ​ឲ្យរាងកាយមានកម្លាំងមានសុខ
​ភាពល្អ ៕

ភូមិកាព្យ ៤
(យោងឯកសារ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ)

Thursday, April 4, 2013

ល្បែងចាប់កូនខ្លែង ឬខ្លែងឆាបកូនមាន់



​ល្បែង​ចាប់កូនខ្លែង ជា​ល្បែង​មួយ​របស់​កុមារា​កុមារី​ជំទង់ៗ តែង​លេង​ក្នុង​វេលាយប់​ខែ
ភ្លឺ នៅ​រដូវចូលឆ្នាំ ឬ​នៅពេល​ទំនេរ​។ ល្បែង​នេះ ពេល​លេង​គេ​ចាត់​ម្នាក់​ដែលមាន​មាឌ
ធំ ឱ្យធ្វើជា​មេហ្វូង​ហៅថា​មេមាន់​ចាត់​ច្រើន​នាក់​អ្នក​ឱ្យធ្វើជា​កូន​មាន់​ ហើយ​គេ​ចាត់​ម្នាក់
ទៀត​ឱ្យធ្វើជា​ខ្លែង ចាំ​ចាប់កូនមាន់​។ ម្នាក់​គេ​យក​ក្រមា​ក្រវាត់​ចង្កេះ​រឹត​ឱ្យ​តឹង​ណែនការ
ពារ​កុំឱ្យ​របូត​សំលៀកបំពាក់​។ គេ​នាំគ្នា​បង្កាត់ភ្លើង​ឱ្យ​បានជា​ភ្នក់​១​តូច ដោយ​​កំទេច​អុស
ហើយ​ម្នាក់​ដែល​ធ្វើ​មេមាន់​បញ្ជា​ឱ្យ​កូន​របស់ខ្លួន​តោង​ចង្កេះ​តៗ​គ្នា​ រហូតដល់​អស់ដោយ​
ឈរ​ជា​ជួរ​រួច​ដើរ​ក្រឡឹង​ព័ទ្ធ​ជុំ​ភ្នក់ភ្លើង​។​ជាមួយគ្នានេះ​មេមាន់​ ពោល​ពាក្យ​ចំអក​ឡក
ឡឺ​យ​ទៅ​ខ្លែង​ថា​៖

ចាប់កូនខ្លែង​ប្រលែង​កូន​អក​  ​ពពេច​ញ៉ែកញ៉ក​ ​កូន​អញ​តែមួយ​។
​ជីក​អន្លុង​ដាំ​ត្រកួន​  ​ទន្សាយ​រត់​ពួន​ ​ត្រកួន​ឡើង​លាស់​។​
​ទៀន​១​គូ​តាំងយូ​បាំង​ព្រះ​ លើកដៃ​សំពះ​ ​ដូនៗ​សុំ​ភ្លើង​។​

​ចំណែក​ម្នាក់​ដែល​ធ្វើ​ខ្លែង​ឈរ​ធ្វើ​ព្រងើយ កាល​បានឮ​មាន់​និង​កូន​មាន់​ស្រែក​ដូច្នេះក៏​ដើរ
ចូល​ទៅរក​ភ្នក់ភ្លើង ហើយ​និយាយ​សុំ​ភ្លើង​ថា «​ដូនៗ​សុំ​ភ្លើង​!»​។មាន់​ឆ្លើយថា  «​រលត់​»​។
 ខ្លែង​សុំ​ថា : «​សុំ​មួយ​អង្កត់​»​។​ខ្លែង​កាល​បានឮ​មេមាន់​ថា ឱ្យ​កូន​ណា​កំបាក់​បែក​ដូច្នេះ ក៏​
តាំង​ដេញចាប់​បេះយក​កូន​ណា​ដែល​នៅក្រោយ​គេ​ឯ​មេមាន់​ខំ​ការពារ​កូន​ របស់ខ្លួន​កុំឱ្យ​
គេ​បេះយក​បាន ឯ​កូន​មាន់​ក៏​ខំប្រឹង​តោង​ចង្កេះ​គ្នា​យ៉ាង​ជាប់ រត់​ពេន​ចុះ​ពេន​ឡើង ខ្លាច​ខ្លែង
​ចាប់​បេះយក​ខ្លួន​ម្នាក់ៗ​បាន​។ ជួន​ខ្លែង​បេះយក​កូន​បាន​ម្ខ​ង​១ ២ ទាល់តែ​អស់ ជួន​ក៏​បេះ​
បានតែ​១​។​តែ​គេ​មាន​លក្ខ​ខ័​ណ្ឌ​មួយ​ថាបើ​កូន​ណា​របូត​ចេញពី​មេ ​ព្រោះ​ប្រឹង​គេច​ខ្លាំង​ហើយ
​កូន​នោះគេ​ក្រាប​ទៅ​និង​ដី​នោះ​មេ​ខ្លែង​ មិនត្រូវ​ចាប់​គេ​ទេ​។​កាល​អស់កំលាំង​ហត់​រៀងខ្លួន
​ហើយក៏​ឈប់សម្រាក​បន្ដិច​ ហើយ​ផ្លាស់ប្ដូរ​គ្នា​លេង​តទៅទៀត​គេ​លេង​តែង​របៀបនេះ​រហូត
ដល់ពេល​ឈប់​។ ប៉ុន្ដែ​ល្បែង​ដូចគ្នានេះ នៅ​ស្រុក​ខ្លះ គេ​ហៅ​តម្រូវ​ន័យ​តាមរបៀប​លេង​ថា 
«​ល្បែង​ខ្លែង​ចាប់កូនមាន់​»​ក៏មាន​។​ ល្បែង​នេះ​ជាការ​បង្ហាត់​មនុស្ស​ឱ្យ​ចេះ​ប្រុង​ស្នៀត​ប្រុងស្មា
រតី​ឱ្យរ​ ហ័យរ​ហួន ចេះ​ការពារ​ខ្លួន​និង​គ្រួសារ​ផង​។​

ភូមិកាព្យ ៤
(ឯកសារយោងៈ ក្រុមជំនុំតំនៀមទម្លាប់ខ្មែរ)


លាក់កន្សែង



ល្បែង​លាក់កន្សែង ជា​ល្បែង​មួយ​យ៉ាង​របស់​ក្មេង​ខ្មែរ​ក្នុង​បុរាណកាល​តែង​លេង​
សម្រាប់ជាទី​កំសាន្ត​សប្បាយ នៅពេល​យប់​ខែភ្លឺ​ក្នុង​រដូវចូលឆ្នាំ ឬ​នៅ​ពេល​ជា​ចន្លោះ
​ការ​ហត់​នឿយ​ម្ដងៗ ។​

​​មុនដំបូង ពួកក្មេងៗ​គេ​បបួល​គ្នា​បាន​ចំនួន​ពី ៦-៧ នាក់​ឡើងទៅ ឲ្យ​អង្គុយច្រហោង​ដំ​
កង់​ជា​វង់​មូល ដាក់​ដៃ​ទាំង​ពីរ​ទៅមុខ​លើ​ក្បាលជង្គង់​ក្នុង​ទី​ណាមួយ​ដែល​ជា​ទីវាល​ស្រ
​ឡះ​ រាបស្មើ​ល្អ ។ ហើយ​គេ​យក​កន្សែង ឬ​ក្រមា​តូច​មួយ​មក​រុំ​មូល​ឆ្មូល​រឹត​ឲ្យ​តឹង​ណែន
​ល្អ ទុក​ជា​យ​បន្តិច​សម្រាប់​កាន់ យួរ​បាន ស​ន្ម​ត់​ហៅ​ថា កន្សែង មាន​ម្នាក់​ក្រោក​ចេញ
​ទៅ​ក្រៅ​វង់​កាន់​កន្សែង​នោះ ដើរ​ព័ទ្ធជុំវិញ​យ៉ាង​លឿន ពី​ខាងក្រោយ​ខ្នង​អ្នក​អង្គុយ
បញ្ឆោត​អ្នក​អង្គុយ​មិនឲ្យ​ដឹងខ្លួន​ថា គេ​លាក់កន្សែង​ក្រោយខ្នង​អ្នកណា ។​

​សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​ខាងមុខនេះ​ ៖
ល្បែង​នេះ មាន​ត្រណម​យ៉ាង​តឹងរឹង​មិន​ឲ្យ​អ្នកលេង​ងាកក្រោយ ឬ​លូកដៃ​ទៅ​ក្រោយ
ខ្នង បើ​អ្នកណា​មួយ​ហ៊ាន​ងាក ឬ​លូក​ស្ទាប​ខ្នង ក្រោយខ្នង អ្នក​លាក់​គេ​មាន​អំណាច​
ដាក់​ទណ្ឌកម្ម​អ្នកនោះ មិន​ឲ្យ​ឡើង​លាក់កន្សែង ឬ​គេ​ឲ្យ​អ្នក​នោះ​អង្គុយ​ធ្មេចភ្នែក​ក៏
បាន ស្រេច​តែ​គេ​ដាក់ទោស​យ៉ាងណា​តាម​ចិត្ត​គេ​ស្ម័គ្រ ។ អ្នក​លាក់ លុះ​រត់​ក្រឡឹង​
អ្នក​អង្គុយ ២-៣ ជុំ​ហើយ មើល​តែ​អ្នកណា​អង្គុយ​បែប​ភ្លេចខ្លួន គេ​ក៏​ដាក់​កន្សែង​ក្រោយ
​ខ្នង​អ្នក​នោះ​ភ្លាម រួច​គេ​រត់​យ៉ាង​រហ័ស​ព័ទ្ធ​វង់​អ្នក​អង្គុយ ដើម្បី​ឲ្យ​ឆាប់​រក​ដល់​កន្លែង​
កន្សែង​ដែល​គេ​ដាក់​នោះ ។ បើ​អ្នក​ដែល​ត្រូវ​គេ​លាក់កន្សែង​ពីក្រោយ​ខ្នង​នោះ​មិនដឹង​
ខ្លួន លុះ​អ្នក​លាក់​គេ​រត់​ក្រឡឹង​មក​ម្ដង​ទៀត​ចាប់​យក​កន្សែង​នោះបាន​មុន គេ​ទុក​អ្នក
​លាក់​នោះ​ជា​ឈ្នះ ត្រូវ​មាន​អំណោយ​រើស​យក​កន្សែង​ទៅ​គក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ
 ហើយ​គេ​យក​កន្សែង​លាក់ត ។​

​តែ​បើ​អ្នក​អង្គុយ​ដឹងខ្លួន​ថា គេ​លាក់កន្សែង​ចំ​ក្រោយខ្នង​ខ្លួន ហើយ​ចាប់​យក​កន្សែង​
បាន​មុន​អ្នក​លាក់​រត់​មក​ដល់ គេ​ទុក​អ្នក​អង្គុយ​នោះ​ជា​ឈ្នះ ត្រូវ​មាន​អំំណាច​ក្រោក​
ឡើង​ចាប់​កន្សែង​ដេញ​គក់​អ្នក​លាក់​នោះ​វិញ តែបើ​អ្នក​នោះ​គេ​រត់​ទៅ​ដល់​កន្លែង​
ចន្លោះ​អង្គុយ​បាន​ទៅ អ្នក​កាន់​កន្សែង​នោះ មិន​ត្រូវ​គក់​គេ​ទេ ត្រូវរ​ត់​ក្រឡឹង​អ្នក​អង្គុយ​
ដំ​កង់ ដើម្បី​នឹង​លាក់​តទៅទៀត គឺថា អ្នក​លាក់​ពីមុន​ត្រូវ​ទៅ​អង្គុយ​កន្លែង​អ្នក​ចាប់​
កន្សែង​បាន​ក្នុង​វង់​ដដែល ។​

​​គេ​លេង​តែ​របៀប​នេះ​រហូតដល់​ពេល​ឈប់ ។ ជួនកាល​អ្នកខ្លះ​មិន​ដែល​បាន​ឡើង​
លេង​លាក់កន្សែង​នឹង​គេ​ម្ដង​សោះ​ក៏មាន ព្រោះ​គេ​លាក់កន្សែង​ក្រោយខ្នង​ខ្លួន ខ្លួន
​មិនដឹង រវល់​តែ​គេ​គក់​ខ្នង​បាន​រាល់ពេល ។​

ល្បែង​នេះ គេ​លេង​ដើម្បី​ហាត់​ខ្លួន​ឲ្យមាន​ស្មារតី​រឹងប៉ឹង រហ័សរ​ហួន ឲ្យមាន​ប្រាជ្ញា
​វាងវៃ ហាត់​ទម្លាប់ខ្លួន​ឲ្យ​ចេះ​ប្រុងស្មារតី​ជានិច្ច ៕

ភូមិកាព្យ ៤
(ឯកសារយោងៈ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ)