Monday, June 3, 2013

មាយាស្ត្រី


ពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន ដល់យូរទៅប្រពន្ធ​នោះ​មានសាហាយ នាំមកដេកជាមួយក្នុងផ្ទះតែសព្វថ្ងៃ។ ថ្ងៃមួយប្ដីទៅ​ជីកដំឡូវក្នុងព្រៃ​ដល់ថ្ងៃក្ដៅ​ចូល​អាស្រ័យនៅខ្ទមអ្នកតា មួយ។ ប្រពន្ធរៀបឥវ៉ាន់ទៅបន់អ្នកតានោះ អោយទៅធ្វើប្ដីអោយ​ស្លាប់ នឹងយកសាហាយធ្វើប្ដី រៀបស្រេច ហើយ ក៏យកអីវ៉ាន់នោះ ដើរចូលទៅក្នុងខ្ទមអ្នកតា។ប្ដី​ឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថា «ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ» គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតា លបស្ដាប់ប្រពន្ធ ។
ឯប្រពន្ធក៏ចូលទៅអុចទៀនធូប ហើយនិយាយបន់អ្នកតាថា៖«ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដី​​ទៀត សូម អ្នកតាកាច់ប្ដីខ្ញុំអោយស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូក១។ប្ដីលឺដូច្នោះ ក៏ឆ្លើយឡើង​ពីក្រោយ​​ ​​អ្នកតា​ថា « អើបើនាង មានសាហាយ ហើយចង់អោយអញកាច់ប្ដីនាង អោយស្លាប់នោះងាយ​ទេ វិលទៅផ្ទះវិញត្រូវរកមាន់ក្រាប  ទាំងមេទាំងពងមួយសំបុកស្ងោរអោយប្ដីនាងស៊ី​ទៅវាស្លាប់​ហើយ» មេនោះលឺដូច្នោះស្មានថា អ្នកតាបង្គប់ ក៏ប្រញាប់វិលទៅផ្ទះ រកទិញបានមេមាន់ក្រាប​មួយ​សំបុកស្ងោរទុកអោយប្ដីស៊ី ដើម្បីអោយស្លាប់ ហើយនឹង យកសហាយ ។
លុះដល់ព្រលប់ប្ដីមកពីជីកដំឡូងដល់ហើយសួរថា៖ «កេហ៍អើយ !បានអីស៊ីបាយ?»។ មេ​នោះឆ្លើយថា៖ «ខ្ញុំបានមាន់ក្រាបមួយសំបុកស្ងោរទុកអោយអ្នក» ប្ដីថា «រៀបបាយមកស៊ី » ។ ប្រពន្ធក៏​លើកបាយ​ទាំងមាន់ ក្រាបមកអោយប្ដីស៊ី ប្ដីស៊ីអស់មាន់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឹៗ ។ មេនោះអរណាស់ គិតស្មានថាប្ដីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយដ្បិតលឺថ្ងូរ ឯប្ដីក៏ធ្វើជា​ដេកទៅ មេនោះគិតស្មានថាប្ដីស្លាប់ ក៏បើកទ្វារនាំយក សាហាយចូលទៅដេកជាមួយ។អ្នកទាំង​​​​​ពីរកំពុងតែនិយាយគ្នាប្ដីក៏ក្រោកឡើងអង្អុយហៅប្រពន្ធមក ប្រាប់ ថា៖«រងារណាស់»។ ឯបុរស​សាហាយ​ឃើញប្ដីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុង ពាងធំមួយ នៅខាងដំនេក សំងំចាំប្ដីនោះដេកខ្លួននឹងចេញពីពាងនោះទៅដេកនឹងស្រីនោះទៀត។
ប្ដីបានឃើញតែធ្វើជាមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា៖ « រងារណាស់ ឯងដាំទឹកអោយគ្នា​មុជ​បន្តិច នឹង អាលស្លាប់ »មេនោះលឺថា ចង់ស្លាប់ដូច្នោះអរណាស់ ដ្បិតត្រូវ នឹង ពាក្យដែល​ទៅបន់​អ្នកតា។ លុះប្រពន្ធដាំ ទឹកពុះហើយ ប្ដីថា៖ «ទៅដងទឹកត្រជាត់បាន ១ក្អមមក យកមក​លាយ នឹងទឹកក្ដៅនេះ »។ ប្រពន្ធលឺប្ដីប្រើ ដូច្នោះក៏យកក្អមចេញទៅដងទឹក។ ប្ដីឃើញប្រពន្ធ​ទៅបាត់ក៏​ក្រោកឡើង ដើរទៅលើកទឹកពុះ១ខ្ទះនោះ​យក ទៅស្រោចលើ​សាហាយ​​នៅក្នុងពាង​នោះស្លាប់ទៅហើយចូលទៅដេកធ្វើជាឈឺថ្ងូរហ៊ឹៗទៀត។
មេនោះវិលពីដងទឹកវិញ មើលទៅឃើញសាហាយត្រូវទឹកក្ដៅរួញសសៃដូចគេដកកចេញ​ពី​ពាង​មកក៏ អោនខ្សឹបថា៖«ថ្វីក៏មិនអោនទៅ វាមិនទាន់ដេកទេ»។ អានោះនៅឆ្ងក់ដដែល មេនោះ​យកដៃ​ទៅចាប់ច្រមុះ ទៅត្រូវស្លឹកត្រចៀករហែកជ្រុះទាំងសក់ ទើបដឹងថាប្ដីស្រេចទឹកក្ដៅ​ស្លាប់​សាហាយទៅហើយ ក៏ពុំស្ដីយក គ្របពាងមកគ្រប ហើយយកទឹកមកអោយប្ដីងូត។ ឯប្ដីក៏មិនស្ដី​ទឹកក៏មិនងូត ប្រាប់ប្រពន្ធថាអញគ្រាន់បើ ហើយ ហើយហៅប្រពន្ធចូលដេកទៅ ។
លុះព្រឹកព្រហាមឡើង មេនោះពុំដឹងធ្វើដូចម្ដេច នឹងយកខ្មោចចេញអោយរួចផុតពីផ្ទះ ក៏នឹក​ឃើញថា «ក្នុងស្រុកនេះមានចោរ ៤នាក់តែងតែលបលូចអីវ៉ាន់អ្នកផងតែសព្វថ្ងៃគ្រប់ភូមិ ដូច្នេះ​អញនឹងគិតឲ្យចោរ  ទាំង ៤នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃអោយ​បាន»គិត​ ហើយក៏ដើរខ្ចីសំពត់ហូលអាវ ព្រែគេយកមកហាលជុំផ្ទះ។ឯចោលទាំង ៤នាក់នោះឃើញ​ហើយ​​​គិតថា «ជើ !មេនេះមានណាស់តើ !យប់ នេះយើង នឹងទៅលួចវាអោយបានកុំខាន​សព្វថ្ងៃយើង​ស្មានតែវាក្រ » ។
មេនោះក៏ហាលសំពត់ហាលអាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជួនគេវិញហើយ​យក​ខ្សែចងរិត រួចពាង ខ្មោចនោះអោយជាប់ទុកអោយចោរចូលមកសែងយកទៅ។ ឯចោរ ៤នាក់​លុះ​យប់ក៏បបួលគ្នាទៅ លួច ចូលទៅរករបស់ទាំងនោះពុំឃើញៗតែពាងមួយ​ចងមាត់ចាប់​បើក​ពុំរួច។ ចោរទាំង ៤នាក់និយាយគ្នា ថា៖ «របស់អស់នេះវាដាក់ក្នុងពាងនេះហើយ បើដូច្នេះ​យើង​ត្រូវ​សែងពាង​នេះ» ថាហើយក៏នាំគ្នាសែងពាង នេះទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល។ អា១​លូកដៃទៅត្រូវសក់ ថាវ៉ឹយសូត្រ ដកដៃចេញ។ អា១លូក   ដៃ ទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែកច្រមុះ ស្រែកថា វ៉ឹយខ្មោចទេ ។ អា ១ មិនជឿក៏ល្អដៃទៅទៀតត្រូវ ដើមទ្រូង ដឹងថាខ្មោចមែន ក៏ស្ទះរត់​ចោល ហើយខឹងណាស់ថាដ្បិតមេនោះបញ្ឆោតអោយសែងខ្មោចចោលបាន។ចោរទាំង ៤នាក់​​គិតគ្នាថា « យើងឃ្លាំមើលមេនោះ បើឃើញវាដើរម្នាក់វាត្រូវគ្នាយើងចោមរោមចាប់វាវាយ   ឲ្យ​វា​រាង កុំអោយវាបញ្ឆោតយើងទៀត ។
ចួនជាថ្ងៃមួយ មេនោះចុះទៅរកទិញអីវ៉ាន់ ដ្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ។មេ​នោះដើរដល់ ពាក់កណ្ដាលផ្លូវ ក៏ជួបចោរទាំង ៤នាក់នេះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវា បញ្ឆោតនោះ។ មេនោះឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំក៏អិតប្រ​យោជន៍​ដែរ ដ្បិតខ្ញុំទៅទារប្រាក់ពីនាយ សំពៅ ដូច្នេះមក ! អញ្ជើញទៅ នឹងខ្ញុំៗ ទារប្រាក់បាន​ចែកគ្នាចាយលេង »។
ចោរទាំង ៤ នាក់ថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ ។ មេនោះផ្ដាំចោរទាំង ៤នាក់ថា៖ «អស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះអ្នកចុះទៅ​ចុះ បានប្រាក់ហើយ»។ មេនោះនិយាយផ្ដាំចោរទាំង៤ នាក់ហើយ ក៏ចុះទៅសំពៅនិយាយ​នឹង​នាយសំពៅលក់ចោរទាំង ៤ នាក់ វាថាចោរនោះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំពៅ​ថា៖ « នុ៎ះហ្ន៎ ! វាទាំង ៤ នាក់បើវាចុះមក ខ្ញុំ    ឡើង ទៅលើគោក សូមអ្នកចាប់វាដាក់ច្រវាក់អោយ​ជាប់​ទៅ កុំអោយវារត់រួចបាន»។ នាយសំពៅព្រម    ហើយ សួរថា៖ «ខ្ញុំនាងអែងទាំង ៤ នាក់លក់​ថ្លៃប៉ុន្មាន?»។ មេនោះថា៖«ម្នាក់ថ្លៃ២ ណែន»។ នាយសំពៅ អោយ ១ណែនកន្លះ វាក៏ព្រម​លក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង ៤នាក់។ ចោរទាំងនាក់គិត   ស្មានថាវាហៅអោយ​ទៅ​យកប្រាក់ក៏នាំគ្នា​ចុះទៅ ដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សអោយចាស់ ដាក់ច្រវាក់នៅ​បាតសំពៅទាំងអស់គ្នា។ មេនោះក៏យកប្រាក់ឡើងមកបាត់ ។
បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញ ដល់កណ្ដាលផ្លូវចូលចួនជាយប់ពុំហ៊ានដើរទៅ​ទៀត​ក៏ឡើង ទៅដេកលើដើមឈើធំមួយនៅប្របផ្លូវនោះ។ឯចោរ ៤នាក់នាយសំពៅដាក់​ច្រវាក់​​​ជាប់​ហើយ​ក៏និយាយគ្នា ថា៖«ជើ!មេនោះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតអោយយើងសែង​ខ្មោច​​​​​ទៅចោលក្នុងព្រៃ ហើយឥលូវវាលក់ យើងបានទៀត» ។ ចោរទាំង៤នាក់ខឹងណាស់កាច់ច្រវាក់​បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មក ទាំងយប់នោះ ចួនជាយប់យូរណាស់ក៏​នាំគ្នា​ឡើង ទៅដេកលើដើមឈើធំ ដែលមេនោះដេក ។ ចោរបីនាក់ ឡើងដេកលើមែកដោយខ្លួន ។ ចោរម្នាក់ឡើងទៅក៏ជួបមេនោះ នៅលើចុងឈើ ។ អាចោរនោះថា៖ «អើហង ឯងស្លាប់ហើយ​ម្ដងនេះ ហងឯងធ្លាប់តែបញ្ឆោតយើងអិលូវហងឯងរត់ចុះបើរួច ។ មេនោះលើកប្រាក់បង្ហាញ​ហើយខ្សឹបថា៖«ណ្ហើយអ្នកកុំស្ដី កុំអោយអ្នកទាំង ៣នាក់ដឹងយើងត្រូវយកគ្នាជាប្ដីប្រពន្ធ​ហើយ​​យកប្រាក់ នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអី» ។ អាចោរដូច្នេះក៏មិន ស្ដីខិតចូល​ទៅជិតលូកដៃអោប កៀកមេនោះថា៖ «អើ! ប្អូនឯងហៅប្រាជ្ញធំ បញ្ឆោតបងពីរដងហើយ ឥលូវ​បងបាននាងជាប្រពន្ធដោយ សារព្រេងសំណាងយើង» និយាយហើយក៏អោបថើបៗ ។ មេនោះ​ពុំប្រកែហើយថា៖ «ខ្ញុំក្រែងអ្នកស្រលាញ់ ខ្ញុំមិនស្មោះ ឯខ្ញុំស្រលាញ់អ្នកស្មោះចិត្តមួយហើយ»។ អាចោរនោះថា៖ «បងស្រលាញ់ស្មោះហើយនាងពុំ   ដឹងចិត្តបងចង់អោយបងស្បថ​រឺអោយបង​ធ្វើ​ម្ដេច?»។ មេនោះថា៖ «បើស្រលាញ់ចិត្តមួយនឹងគ្នា មានតែ   លិទ្ធ អណ្ដាតគ្នា»ទើបមេនោះលៀន​​​អណ្ដាតហើយអោនទៅរកអាចោរនោះ។ ឯអាចោរលិទ្ធអណ្ដាតមេ​នោះ ហើយ​លៀនអណ្ដាតឲ្យ​មេនោះលិទ្ធវិញ។ មេនោះខាំអណ្ដាតអាចោរនោះដាច់អស់មួយកំណាត់ ហើយច្រាន ទំលាក់ពី​លើចុងឈើធ្លាក់ដល់ដីស្រែកលឺតែឡុលៗ។ ឯចោរ​៣នាក់គិតស្មានថា​នាយសំពៅចោមចាប់ ក៏ លោតពីរមែកឈើរត់ទៅហើយស្រែកហៅគ្នាថា៖«វ៉ើយគ្នាយើងរត់នាយសំពៅដេញហើយ»។ អាចោរដែល ដាច់អណ្ដាតនោះស្រែកហៅគ្នាវាថា៖«មេនោះ នៅលើចុងឈើត្រូវមកចាប់»ប៉ុន្ដែ​វា​ដាច់អណ្ដាតនិយាយមិន ច្បាស់ឮតែឡុលៗ គ្នាវាគិតស្មានថា​គេដេញចាប់ចេះតែរត់យក​ប្រាស​​​​​​អាយុរៀងៗខ្លួន ។
ឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះអោយប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខ​សប្បាយ​ទៅ ។

 យោងពីសៀវភៅប្រជុំរឿងព្រេងខ្មែរ


ក្រពើរមិលគុណ

មាន​បុរស​ឳពុក​និង​កូន​បរទេះ​ចេញ​ទៅ​ជួញ​ជួប​និង​ក្រពើ​មួយ​ដែល​ភ្លើង​ព្រៃ​ រោល​រលាក​ជើង​ទាំង៤ និង​ដើរ​រក​ចំណី​ឆី​ពុំ​បាន​អត់​អាហារ​ស្គម​រីងរៃ។ បុរស​ឳពុក និងកូន​បាន​ឃើញ​ក្រពើ​នោះ​​រលាក​ជើង​ទាំង ៤ ស្គម​ទាំង​ខ្លួន​និង​វា​ពុំ​បាន​ដូច្នោះ​ហើយ បុរស​នោះ​អាសូរ​ក្រពើ បាន​កាប់​ឈើ​មក​ចង​អម​ក្រពើ​នោះ​រឹង​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ លុះ​ដល់​បឹង​មួយ​ធំ​ជា​ទី​សុខ​សប្បាយ បុរស​នោះ​ដាក់​ក្រពើ​ចុះ​ក្នុង​ទឹក​ក្រពើ​នោះ​បាន​ផឹក​ទឹក​អក​ភក់​ឆ្អែត​ហើយ គិត​នឹង​ខាំ​បុរស​នោះ​វិញ បុរស​នោះ​ថា៖ «ព្រះ​ស្ដែង​កុំ​ខាំ​អញៗ មាន​គុណ​លើ​ព្រះ​ស្ដែង» ក្រពើ​នោះ​ថា៖​ «មាន​គុណ​នឹង​អញ​ឯ​ណា បើ​ចង​អញ​ស្ទើរ​ស្លាប់​ដូច្នោះ អញ​ឆី​ព្រះ​ស្ដែង​ឲ្យ​ទាល់​តែ​បាន» ។
ឯ​បុរស​ថា៖ «ព្រះ​ស្ដែង​កុំ​អាល​ខាំ​អញ មក​យើង​នឹង​នាំ​គ្នា​ទៅ​រក​អ្នក​ប្រាជ្ញ លោក​កាត់​សេចក្ដី​នេះ​ឲ្យ​យើង»។ ទើប​បុរស​និង​ក្រពើ នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ ដោយ​នូវ​ដំណើរ​ទី​ទៃៗ ។ ក្រពើ​ក្រាប​បង្គំ​ថា៖ «ខ្ញុំព្រះ​បាទ​អម្ចាស់​នៅ​ទី​មួយ​ស្ងៀមៗ ស្រាប់​តែ​ចៅ​នេះ​មក​ចង​អប​ខ្លួន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បម្រះ​ពុំ​រួច ព្រោះ​តែ​ធ្វើ​ទុក្ខ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ខាំ​បុរស​នេះ​ឆី»។ បុរស​ក្រាប​បង្គំ​ថា៖«ក្រពើនេះ​ភ្លើង​ព្រៃ​រោល​រលាក​ជើង​ទាំង​ ៤ វារ​ពុំ​រួច ​បាន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​អាសូរ ទើប​យក​ឈើ​ចង​អប​ហើយ​​លើក​ដាក់​លើ​រទេះ​បរ​ទៅ​ដល់​បឹង​ទើប​ស្រាយ​លែង ​ហើយក្រពើ​នេះ​ចុះ​ទៅ​ក្នុង​ទឹក​បាន​ផឹក​ទឹក​អក​ភក់​មាន​កម្លាំង​ហើយគិត​ខាំ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​វិញ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ព្រះ​បាទអម្ចាស់​ ទាំង ២ នាំ​គ្នា​មក​ក្រាប​បង្គំ​ទូល​ព្រះ​អង្គ សូម​ទ្រង់​កាត់​សេចក្ដី​នេះ បើ​ព្រះ​អង្គ​ពុំ​ជឿ​សុំ​ទ្រង់​ទត​ជើង​ក្រពើ​ទាំង ៤ ចុះ»
ព្រះ​មហាក្សត្រ​ទ្រង់​ពិចារណា​ថា «ក្រពើ​នេះ​ឥត​ធម៌​ពុំ​ដឹង​គុណ​គេ​ឡើយ»  ទើប​ព្រះ​អង្គ​កាត់​ថា៖«បើ​ដូច្នេះ​មាន​តែ​ព្រះ​ស្ដែង​ ឲ្យ​គេ​ចង់ព្រះ​ស្ដែង​ដូច​អំពី​មុន​នោះ​សិន​ហើយ សឹម​អញ​ពិចារ​ណា​ឲ្យ​ព្រះ​ស្ដែង» ទើប​ព្រះ​អង្គ​ឲ្យ​បុរស​នោះ​ទៅ​ចង​ក្រពើ​នោះ​ជាប់​ដូច​អំពី​មុន ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖«ព្រះ​ស្ដែង​នាំ​ទៅ​ផ្ទះ​ចុះ ថ្ងៃ​ក្រោយ​ព្រះ​ស្ដែង​កុំ​ធ្វើ​គុណ​នឹង​សត្វ​តិរច្ឆាន ព្រោះ​លោក​​ថា​ពុំ​ត្រូវ​ទុក​ចិត្ត​សត្វ​មាន​ចង្កូម​មាន​ពិស​ទេ» ។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ​បុរស​នោះ​ចូល​ចិត្ត​ហោង ។


យោងតាម សៀវភៅប្រជុំរឿងព្រេងខ្មែរ

Saturday, June 1, 2013

អាខ្វាក់អាខ្វិន


កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់ ម្នាក់​ខ្វាក់ ម្នាក់ខ្វិន នៅ​ខ្ញុំ​ចិន​ទាំង​ពីរ​នាក់ អស់​អ្នក​ស្រុក​គេ​ហៅ​អាខ្វាក់​អាខ្វិន ប៉ុន្តែ​នៅ​ម្ចាស់​ដោយ​ខ្លួន អាខ្វាក់​នៅ​នឹង​ចិន​ផ្ទះ​មួយ អាខ្វិន​នៅ​នឹង​ចិន​ផ្ទះ​មួយ​ទៀត​ជិត​គ្នា ។ អាខ្វាក់​អាខ្វិន​យក​គ្នា​ជា​សំឡាញ់ ។ ឯអាខ្វាក់ៗ ភ្នែក​ទាំង​ពីរ មើល​មិន​ឃើញ​អាខ្វិនៗ​ជើង​ទាំង​ពីរ ដើរ​មិន​រួច បើ​នឹង​ទៅ​ណា​បាន​តែ​កិល​នឹង​គូថ។ ចិន​ជា​ម្ចាស់​ប្រើ​អាខ្វាក់​អាខ្វិន គ្មាន​ប្រណី​អាណិត​ថា​ខ្វាក់​ថា​ខ្វិន​សោះ។ អាខ្វាក់​អាខ្វិន​នឿយ​លំបាក់​ណាស់ ក៏​គិត​គ្នា​ថា «យើង​នឿយ​ហត់​លំបាក់​ណាស់ នឹង​ទ្រាំ​នៅ​ជា​ខ្ញុំ​ចិន​នេះ​មិន​បាន​ទេ មាន​តែ​យើង​គិត​​រត់​​» ហើយ​អាខ្វាក់​សួរ​អាខ្វិន​​ថា«បើ​ដូច្នោះយើង​នឹង​គិត​ដូច​ម្តេច?»។អាខ្វិន​ឆ្លើយ​ឡើង​ថា« អញ​​​​​​​​ឃើញ​ទូក​គេ​នៅ​កំពង់​នោះ​មាន យើង​ត្រូវ​រត់​ទៅ​ដោយ​ទូក​នោះ ទើប​រួច»។ អាខ្វាក់​អាខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​យប់​ក៏បបួល​គ្នា​ចុះ​តៅ​កំពង់​ហើយ​ចេញ​ទូក​ពី​កំពង់​ទៅ ប៉ុន្តែ​អាខ្វាក់​អាខ្វិន ជា​មនុស្ស​មិន​ចេះ​អុំ​ទូក ក៏​អង្គុយ​ម្នាក់​ឯក្បាល ម្នាក់​ឯកន្សៃ ឈម​មុខ​ទល់​គ្នា ប្រឹង​អុំ​ទូក​ទៅ​ ។ អា​ខ្វាក់​មើល​មិន​ឃើញ​អាខ្វិន​ជា​មនុស្ស​មិន​ដែល​អុំ​ទូក​សោះ ហើយ​យប់​ងងឹត​មើល​មិន​ឃើញ គិត​ស្មាន​ថាទូក​លឿន​ទៅ​មុខ    តែ​ទូក​ចេះ​តែ​វិល​នៅ​ត្រង់​កំពង់​នោះ​ឯង     លុះ​អុំ​យូរ​ទៅ​ដល់​ពាក់​កណ្តាល​​​​អាធ្រាត្រ ឮសម្លេងសត្វ​អក​យំ អាខ្វាក់​អាខ្វិន​និយាយ​គ្នា​ថា «​យើង​ប្រឹង​អុំ​ទូក​ឡើងដល់​​កន្លែង​អន្លង់​អក​ហើយ»។ អាខ្វាក់​អាខ្វិន ខំអុំ​ទៅ​ទៀត លុះ​ដល់​ពេល​មាន់​រងាវ ហើយ​និយាយ​គ្នា​ថា « យើង​ជិត​ដល់​ស្រុក​គេ​ហើយ ប្រឹង​អុំ​ឡើង​ក្រែង​គេ​តាម​ទាន់» ។ អា​ខ្វាក់​អាខ្វិន​ក៏​ប្រឹង​អុំ លុះ​ត្រា​តែ​មាន​រងាវ​កុះឮសម្លេង​តាវ៉ៅយំភ្លឺ​ព្រាង​ៗ​ពីឯកើត អាខ្វិន​ក៏​និយាយ​​ប្រាប់​ទៅ​អាខ្វាក់​ថា « ដូច​ជា​កំពង់​ផ្ទះ​យើង» ។ លុះ​ភ្លឺ​បន្តិច​ឡើង​ម្ចាស់​ចុះ​មក​ដង​ទឹក ឃើញ​អាខ្វាក់​អាខ្វិន​អង្គុយ​អុំ​ទូក​ឈម​មុខ​ទល់​គ្នា ហើយ​គេ​ហៅ​ឲ្យ​អុំ​ទូក​ចូល​មក គេ​ដឹង​ថា « អាខ្វាក់​អាខ្វិន​រត់ ប៉ុន្តែ​គេ​គិត​ថា វា​នឹង​រត់​ទៅ​ឯណា បើ​វា​ខ្វាក់​ខ្វិន​ដូច្នេះ» គេ​ក៏​ឲ្យ​ឡើង​ទៅ​ផ្ទះ​វិញ គេ​មិន​បាន​ជេរ​វាយ​ទេ ។ អា​ខ្វាក់​អាខ្វិន​ទៅ​នៅ​ដូច​ពី​ដើម​វិញ ។   

លុះ​នៅ​យូរ​ទៅ  អាខ្វាក់​អាខ្វិន​បបួល​គ្នា​រត់​ទៀត  អាខ្វិន​និយាយ​​នឹង​អាខ្វាក់​ថា « យើង​រត់​ម្តង​នេះ​ទៀត កុំ​ឲ្យ​ម្ចាស់​គេ​តាម​ទាន់ យើង​កុំ​ទៅ​ជើង​ទឹក ទៅ​ចើង​គោក​វិញ» ។ អាខ្វាក់​ឆ្លើយ​ថា «ទៅ​ដូច​ម្តេច​នឹង​បាន​ជើង​គោក​នោះ បើ​អញ​ខ្វាក់ ឯង​ខ្វិន​នឹង​រត់​ទៅ​ឯណា​រួច» ។ អាខ្វិន​ឆ្លើយ​ឡើង​ថា « ឯង​កុំ​ព្រួយ​ចិត្ត ឯង​ឲ្យ​អញ​ជិះ​លើ​ឯង ហើយ​អញ​បង្ហាញ​ផ្លូវ» ។ អាខ្វាក់​អាខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​ដល់​យប់​ស្ងាត់​គេ​ដេក​លក់​អស់​អាខ្វាក់​​​លើក​អាខ្វិន​ឲ្យ​ជិះ​លើ​ស្មាដើម្បី​ឲ្យ​បង្ហាញ​​ផ្លូវ​នឹង​ដើរ​ទៅ ។ ឯម្ចាស់​លុះ​ព្រឹក​ឡើង មិន​ឃើញ​អា​ខ្វាក់​អាខ្វិន ដឹង​ថា​អាខ្វាក់​អាខ្វិន​រត់​ ប៉ុន្តែ​គិត​ថា​« មនុស្ស​ខ្វាក់​ខ្វិន​វា​នឹង​រត់​ទៅ​ណា​រួច» គេ​ក៏​មិន​ទៅ​តាម ។ អាខ្វាក់​អាខ្វិន​ខំរត់​ទៅ​ពីរ​បី​ថ្ងៃ​បាន​ដល់​ស្រុក​មួយ ស្រុក​នោះ មាន​ខ្លា​សាហាវ​អ្នក​ស្រុក​គេ​ហាម​ប្រាម កូន​ចៅ​គេ​ថា « ព្រលប់​យប់​ងងឹត​ហើយ​កុំ​លេង​នៅ​ដី​ខ្លាច​ខ្លា» ។ អាខ្វាក់​អាខ្វិន​ទៅ​ដល់​ស្រុក​នោះ ជួន​ជា​ព្រលប់​យប់​ងងឹត​ហើយ​គិត​គ្នា​ថា « យើង​ដល់​ស្រុក​គេ​ហើយ បើ​ដូច្នេះ យើង​គិត​ធ្វើ​ស្រែ តើ​យើង​បាន​នង្គ័ល​រនាស់​ក្របី​គោ​ពី​ណា នឹង​ធ្វើ​ស្រែ​នឹង​គេ​មាន​តែ​យើង​គិត​លួច​គេ​ទើប​បាន»។ អាខ្វិន​បញ្ចេះ​អា​ខ្វាក់​ឲ្យ​ដើរ​ចូល​ទៅ​ភូមិ​គេ អស់​អ្នក​ស្រុក​គេ​ឃើញ គេ​ប្រាប់​ថា « ស្រុក​នេះ​មាន​ខ្លា​សាហាវ​ខ្លាំង​ណាស់»។ អាខ្វិន​ឆ្លើយ​ឡើង​ថា « ឃ្លេ​មិន​ខ្លាច​ទៅ​ខ្លាច​ខ្លា»។ ខ្លា​ក៏​ជួន​ជា​មក​លប​ខាំ​គោ​ពេល​នោះ​ដែរ ដល់​ឮ​អាខ្វាក់​ថា « ឃ្លេ​មិន​ខ្លាច​ទៅ​ខ្លាច​ខ្លា» ក៏​គិត​គ្នា​ថា « ពី​ដើម​គេ​ខ្លាច​តែ​អញ ឥឡូវ​មាន​ឃ្លេ​ផ្សេង គេ​ខ្លាច​ជាង​អញ​ទៅ​ទៀត អញ​មិន​ដែល​ឃើញ​មិន​ដែល​ឮសោះ​ទេ​ឃ្លេ​នោះ បើ​ដូច្នេះ​អញ​ចាំ​លប​មើល​ឲ្យ​ឃើញ​ច្បាស់​ប្រាកដ»។ អាខ្វិន​​ឃើញ​ក្រោល​គោ​គេ ហើយ​ប្រាប់​អា​ខ្វាក់​ថា « ឯង​ទៅ​លួច​គោ​ចុះ អញ​ចាំ​ឯង​នៅ​ក្រោយ​របង​នេះ» ។ អាខ្វាក់​ដាក់​អាខ្វិន​ចុះ ហើយ​ដើរ​ស្ទាប! ចូល​ទៅ​ជួន​ជា​ជួប​នឹង​ខ្លា ។ ខ្លា​ឃើញ​អាខ្វាក់ គិត​ស្វាន​ថា​ជា​ឃ្លេ ក៏​ខ្លាច​មិន​ហ៊ាន​កំរើក​ខ្លួន​អាខ្វាក់​ស្ទាប់​អស់​ទាំង​ខ្លួន​ខ្លា​គិត​ស្មាន​ថា​គោ ហើយ​ស្ទាប​ទៅ​លើ​ក្បាល​ខ្លា មិន​ឃើញ​ស្នែង​នឹក​អរ​ថា «គោ​នេះ​ស្នែង​នប់​ធាត់​ល្អ​ណាស់ អញ​ទុក​ជា​អានប់​កូន​ក្រោល» អាខ្វាក់​ក៏​ចាប់​ទាញ​ខ្លា​ដឹក​យក​មក​នឹង​ខ្លុះ ។ ឯខ្លា​គិត​ខ្លាច​អាខ្វាក់​ដោយ​ស្មាន​ថា​ឃ្លេ អាខ្វាក់​ធ្វើ​ម្តេច​ក៏​ចេះ​តែ​ទៅ​តាម​អាខ្វាក់​ដឹក​មក​ដល់​ក្រៅ​របង ហើយ​ប្រាប់​ទៅ​អាខ្វិន ឲ្យ​យក​កន្លុះ​មក​នឹង​ខ្លុះ​អានប់​កូន​ក្រោល អាខ្វិន​ឃើញ​ហើយ​ប្រាប់​អាខ្វាក់​ថា «អាខ្វាក់​! ខ្លា​ទេ! »។ អាខ្វាក់​ឆ្លើយ​ថា « បើ​ឯង​ខ្លាច ឯង​ឲ្យ​កន្លុះ​មក​អញៗ នឹង​ចាក់​ច្រមុះ​យក​ទៅ​ភ្ជួរ​ស្រែ» ។ អាខ្វិន​ក៏​ហុច​កន្លុះ​ទៅ​ឲ្យ​អាខ្វាក់ ។ បាន​កន្លុះ​ហើយ​ចាក់​ច្រមុះ​ខ្លា។ ខ្លា​ឈឺ​ច្រមុះ​ទ្រាំ​មិន​បាន ក៏​ស្ទុះ​ច្រឡោត​ស្រែក​ឮ​តែ​រ៉ូមៗ ហើយ​​រត់​ទៅ។ ក្នុង​ពេល​នោះ អាខ្វិន​ខ្លាច​ស្ទើរ​នឹង​ស្លាប់ ប៉ុន្តែ​អាខ្វាក់​មិន​ព្រមចេះ​តែ​ទន្ទេញ​ថា«ស្តាយ​​​អានប់​កូន​ក្រោល​អញ​ធាត់​ល្អ​ណាស់ » ហើយ​ក៏​ទៅ​តាម ។ លុះ​ទៅ​ដល់​កណ្តាល​ស្រែ បាន​ឃើញ​ខ្ទម​ស្រែ​គេ​មួយ​ មាន​ទាំង​រនាស់​ហើយ ឃើញ​អណ្តើក​មួយ អាខ្វិន​ឃើញ​ហើយ​និយាយ​ប្រាប់​អាខ្វាក់​ថា « វ៉ីយ​អាខ្វាក់​មាន​ខ្ទម​ស្រែ​គេ ហើយ​មាន​ខ្សែ​ពួរ និង​ចង្អេរ សន្ធឹក​ផង » ។ អា​ខ្វាក់​ថា « ចេះ​តែ​យក​ឲ្យ​អស់ » ។ អាខ្វិន​ប្រកែក​ថា « យក​ធ្វើ​អ្វី​ធ្ងន់​ឥត​អំពើ » ។ អាខ្វាក់​ថា « ធ្ងន់​អី​ឯង ធ្ងន់​តែ​អញ​ទេ ចេះ​តែ​យក​ទៅ»។ ហើយ​អាខ្វាក់​អាខ្វិន​យក​របស់​ទាំង​អស់​មាន​បាយ​​មួយ​ឆ្នាំ​ដែល​គេ​ដាំ​តុក​នៅ​ជើង​ក្រាន​ផង អាខ្វិន​លាល​កាន់​យក​របស់​សព្វ​គ្រប់​អស់​ហើយ ក៏​ឡើង​​​ជិះ​លើ​អាខ្វាក់​ទៀត ។ អាខ្វាក់​ជាមនុស្ស​មាន​កម្លាំង​ខ្លាំង​ក៏​យក​របស់​ទាំង​អស់​ទៅ លុះ​ដើរ​ចូល​ព្រៃ​លេច​វាល​ទៅ​ត្រា​តែ​ភ្លឺ បាន​ជួប​មនុស្ស​ម្នាក់​គេ​មក​យក​ឃ្មុំ​ ។ អាខ្វិន​ឃើញ​ប្រាប់​អាខ្វាក់​ថា « នៃ​វើយ​មាន​គេ​មក​យក​ឃ្មុំ» អាខ្វាក់​ឮ​ហើយ​ស្រែក​ហៅ​ទៅ​អ្នក​យក​ឃ្មុំ​ថា « វើយ​ចែក​ឃ្មុំ​គ្នា​ស៊ីផង» អ្នក​យក​ឃ្មុំ​ឆ្លើយ​ថា «គ្នា​ស៊ី​តែ​ទឹក​ទេ ទុក​កាក​ឲ្យ​ឯង» ហើយ​អ្នក​យក​ឃ្មុំ​ដោះ​ទុក្ខ​សត្វ​ធំ​ដាក់​បំពង់​ចុក​ជិត​យក​ទៅ​ឲ្យ​អាខ្វាក់​អាខ្វាក់​កាន់​យក​ទៅ​ លុះ​ដើរ​លេច​វាល​ចូល​ព្រៃ ថ្ងៃ​ណាស់​​​ហើយ​ឃ្លាន​បាយ ទើប​និយាយ​គ្នា​ថា «យើង​ស៊ី​បាយ​សិន ឲ្យ​មាន​កម្លាំង​សឹម​ទៅ​ទៀត» ។ អា​ខ្វាក់​ដាក់​អាខ្វិន​ចុះ ហើយ​ដាក់​របស់​ចេញ​ពី​ខ្លួន​ យក​បំពង់​ឫស្សី​ដែល​អ្នក​យក​ឃ្មុំ​ឲ្យ​នោះ ដោយ​ស្មាន​ថា​ជា​សាច់​ឃ្មុំ​មក​ស៊ី​នឹង​បាយ​ ដល់​ដក​ឆ្នុក​ឡើង​ធំ​ស្អុយ​លាមក អាខ្វាក់​ថា កន្លែង​សំណាក់​នេះ​ស្អុយ​លាមក​ហើយ​យើង​ទៅ​រក​ដំណាក់​ឈប់​ឯមុខ​ទៀត​» ។ អាខ្វាក់​ចុក​បំពង់​លាមក​ហើយ ក៏​បបួល​អាខ្វិន​ទៅ​ឈប់​ឯមុខ​ទៀត​ដល់​បន្តិច​ទៅ​អាខ្វាក់​ថា « អស់​កម្លាំង​ឃ្លាន​បាយ​ណាស់ រក​កន្លែង​ឈប់​ស៊ី​បាយ» អាខ្វិន​ក៏​មើល​ឃើញ​ម្លប់​ល្អ ហើយ​មាន​ទឹក​ត្រពាំង​ល្មម​ស៊ី​បាយ​បាន​អា​ខ្វិន​​ទះ​កំភ្លៀង​អាខ្វាក់​ឲ្យ​តម្រង់​ចូល​ទៅ​កន្លែង​ម្លប់​ឈើ​នោះ​ឯង​ ដល់​ហើយ​អាខ្វាក់​ដក​ឆ្នុក​បំពង់​នោះ​ឡើង ធុំ​ស្អុយ​ទៀត​ អាខ្វាក់​ប្រាប់​ទៅ​អាខ្វិន​ដូច​មុន អាខ្វាក់​អាខ្វិន​ចេះ​តែ​ស្អុយ​ដូច្នេះ​ឯង​ពីរ​បីដង ។ ក្រោយ​ទៀត​អាខ្វាក់​ឃ្លាន​បាយ​ណាស់​បបួល​អាខ្វិន​ឈប់ ហើយ​ដក​ឆ្នុក​បំពង់​យក​ដៃ​លូក​ទៅ​ធុំ​ស្អុយ​លាមក​ដឹង​ថាលាមក​ក៏​ប្រាប់​ទៅ​អាខ្វិន​ថា «វ៉ីយ​អាខ្វិន!​អាដែល​យក​ឃ្មុំ​នោះ​វា​បញ្ឆោត​យើង ជុះ​លាមក​ដាក់​បំពង់​ហើយ​ចុក​មាត់​បំពង់​ឲ្យ​មក​យើង»។ អាខ្វាក់​ខឹង​ណាស់លាង​​​​ដៃ​រួច​ហើយ​ស៊ី​បាយ​ពីរ​នាក់​នឹង​អាខ្វិន​និយាយ​គ្នា​ថា» យើង​ស៊ី​បាយ​ឲ្យ​មាន​កម្លាំង រួច​ហើយ​យើង​ទៅ​តាម​សម្លាប់​អាចង្រៃ ដែល​វា​បញ្ឆោត​ឲ្យ​លាមក​យើង ឲ្យ​វា​ស្លាប់​កុំ​ឲ្យ​វា​ធ្លាប់ តែ​បញ្ឆោត​យើង​ដូច្នេះ» ។ អាខ្វាក់​អាខ្វិន​ស៊ី​បាយ​ហើយ​ប្រញាប់​ទៅ​រក​អ្នក​យក​ឃ្មុំ​នោះ លុះ​ទៅ​វង្វេង​ផ្លូវ​មិន​ដឹង​ជា​ទៅ​ឯណា ។ អាខ្វាក់​ឮ​សត្វ​សសេះ​ចោះ​ដើម​ឈើ​យក​កណ្ឌៀ​ស៊ី គិត​ស្មាន​ថា​អ្នក​យក​ឃ្មុំ​ ក៏ស្រែក​ហៅ​ថា « ឯង​មាន​ចិត្ត ឯង​ចុះ​ពី​លើ​ដើម​ឈើ​មក​។ លុះ​ដើរ​ទៅ​ដល់​អាខ្វិន​ប្រាប់​ថា «សត្វ​សសេះ​ចោះ​ដើម​ឈើ​ទេ មិន​មែន​មនុស្ស​ទេ» ។
អាខ្វាក់​អាខ្វិន​ដើរ​លេច​វាល​ចូល​ព្រៃ លេច​ព្រៃ​ចូល​វាល ទៅ​ឆ្ងាយ​ណាស់​ក៏​បាន​ដល់​ស្រុក​គេ​មួយ ស្រុក​នោះ​ឯង​ មាន​ស្តេច​គង់​នៅ​នោះ​ហើយ​មាន​យក្ខ​តែង​មក​ស៊ី​មនុស្ស​នៅ​សាលា​។ ថ្ងៃ​ដែល​អាខ្វាក់​អាខ្វិន​ទៅ​ដល់​នោះ ស្តេច​ឲ្យ​យក​នាង​ពៅ​ជា​ព្រះ​រាជបុត្រី​ក្រមុំ​តែ​មួយ ជា​បុត្រី​សម្លាញ់ ប៉ុន្តែ​យក្ខ​វា​ចង់​ស៊ី បើ​មិន​ឲ្យ​នាង​ពៅ​ទៅ​យក្ខ​ស៊ី នោះ​យក្ខ​វា​នឹង​ស៊ី​មនុស្ស​ក្នុង​នគរ ទាំង​នាហ្មឺន​ទាំង​ស្តេច ។ នាង​ពៅ​អាណិត​អស់​រាស្រ្ត នូវ​នាហ្មឺន​និង​ស្តេច បាន​ជា​មក​ឲ្យ​យក្ខ​ស៊ី ។ ជួន​ជា​ថ្ងៃ​នោះ​ឯង​អាខ្វាក់​ខ្វិន​ទៅ​ដល់​សាលា​នោះ ហើយ​អាខ្វិន​ប្រាប់​អាខ្វាក់​ថា « យើង​ដល់​សាលា​សំណាក់​ដែល​គេ​ឈប់ យើង​ក៏​ល្មម​ពេល​នឹង​ឈប់» ហើយ​អាខ្វាក់​អាខ្វិន​ចូល​ទៅ​ក្នុង​សាលា ។ ឯនាង​ពៅ​នៅ​ក្នុង​ស្គរ ឮមាត់​អាខ្វាក់​អាខ្វិន​ចូល​ទៅ​ក្នុង​សាលា ។ ឯនាង​ពៅ​នៅ​ក្នុង​ស្គរ ឮមាត់​អាខ្វាក់​អាខ្វិន​និយាយ​ហើយ​សួរ​ទៅ​ថា «អ្នក​មក​ពីណា ត្បិត​សាលា​នេះ ស្តេច​ធ្វើ​សម្រាប់​ដាក់​មនុស្ស​ឲ្យ​យក្ខ​វា​ស៊ី​សព្វ​ថ្ងៃ តែ​ដល់​ព្រលប់​យក្ខ​វា​ហោះ​មក​ឮសន្ទឹក​ដូច​ជា​ផ្គរ វា​មក​ស៊ី​មនុស្ស​នៅ​សាលា​នេះ ឯខ្លួន​ខ្ញុំ​មក​ឲ្យ​ជា​ចំណី​យក្ខ ដូច្នេះ​ចូរ​អ្នក​ចេញ​ទៅ​ជា​ឆាប់ ខំតែ​នៅ​មុខ​ជា​យក្ខ​វា​ស៊ី​ជា​ចំណី​វា​មិន​ខាន​ទេ» ។ ឯអាខ្វាក់​ហេតុ​តែ​ជា​មនុស្ស​ខ្វាក់​ពី​កំណើត​មិន​ចេះ​ខ្លាច​អ្វី​ផង មាន​កម្លាំង​មាន​កម្លាំង​មាន​រឹទ្ធិផង ឮ​ហើយ​ក៏​ឆ្លើយ​ថា ខ្លាច​អីយក្ខ​នោះ បើ​វា​មក យើង​មិន​ចេះ​កាប់​វា​ឲ្យ​ស្លាប់​ទៅ​នាង​ឯង​នៅ​ឲ្យ​តែ​ស្ងៀម យក​បាយ​ចំណី​ចំណុក​មក​ឲ្យ​យើង​ស៊ី មាន​កម្លាំង​នឹង​កាប់​យក្ខ​នោះ​ឲ្យ​ស្លាប់ នាង​ឯង​រក​តែ​ដាវ​ឲ្យ​មុត​ល្អ យើង​នឹង​កាប់​យក្ខ​នោះ» ។ នាង​ពៅ​ឮ​អាខ្វាក់​ថា​ដូច្នោះ ក៏​ប្រាប់​ទៅ​ថា «បើ​អ្នក​សម្លាប់​យក្ខ​នោះ​បាន របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​គេ​យក​ឲ្យ​យក្ខ​នោះ ខ្ញុំ​ជូន​អ្នក​ទាំង​អស់​» ។ អាខ្វាក់​បាន​ឮ​ដូច្នោះ​អរ​ណាស់ បង្គាប់​ទៅ​អាខ្វិន​ថា «ឲ្យ​យក​បាយ​ចំណី​ចំណុក​មក​ស៊ី​ឲ្យ​មាន​កម្លាំង​នឹង​អាល​សម្លាប់​យក្ខ»។អាខ្វិន​ឮ​នាង​ពៅ​ថា​«យក្ខ​​​​​វា​នឹង​មក​ស៊ី»ក៏​ភ័យ​ស្ទើរ​នឹង​ស្លាប់​។ អាខ្វាក់​ស៊ី​បាយ​ឆ្អែត​ហើយ​ បិទ​ទ្វារ​សាលា​ទាំង​អស់។
លុះ​ដល់​ព្រលប់​ងងឹត​បន្តិច ល្មម​វេលា​យក្ខ​មក​ស៊ី​មនុស្ស យក្ខ​ហោះ​មក​ឮ​សន្ធឹក​ដូច​ព្យុះ​លាន់​ខ្ទរ​ទាំង​ដី ​។ អាខ្វិន​ភ័យ​ណាស់ ស្ទើរ​នឹង​លេច​អាចម៍​លេច​នោម, នាង​ពៅ​ក៏​សន្លប់​នៅ​ក្នុង​ស្គរ ។ អាខ្វាក់​ឮ​សន្ធឹក​យក្ខ​មក​មិន​ខ្លាច​សោះ អង្គុយ​ចាំ​នៅ​មាត់​ទ្វារ លុះ​ដល់​យក្ខ​មក​ហើយ​ ឃើញ​ទ្វារ​សាលា​បិទ យក្ខ​ស្រែក​សន្ទាប់​ដូច​រន្ទះ​ថា « នរណា​បិទ​ទ្វារ​សាលា​អញ? ។ អាខ្វាក់​គ្មាន​ខ្លាច​ស្រែក​តប​វិញ​ថា «​អញ​បិទ​ទ្វារ​សាលា​អញ​ខ្លាច​អី​ឯង» ។ យក្ខ​ឆ្លើយ​ថា «មនុស្ស​មក​ពី​ណា​ចិត្ត​ធំ​ដល់​ម្ល៉េះ? » អញ​សុំ​មើល​ថ្លើម​ឯង​ប៉ុនណា បាន​ជា​ឯង​ចិត្ត​ធំ​ដល់​ម៉្លេះ? » ។ អាខ្វាក់​បោះ​ចង្អេរ​គ្រាង​ធំ​ទៅ​ឲ្យ យក្ខ​វា​មើល​ខើញ​ចង្អេរ​គ្រាង​ហើយ គិត​ក្នុង​ចិត្ត​ថា « ថ្លើម​អានេះ​ធំ​ណាស់​ សម​ខ្លួន​វា​ធំ​ជាង​ខ្លួន​អញ «ហើយ​យក្ខ​ថា « បើ​ថ្លើម​ឯង​ធំ​ប៉ុណ្ណេះ​ចៃ​ឯង​ធំ​ប៉ុនណា? ។ អាខ្វាក់​បោះ​អណ្តើក​ទៅ​ឲ្យ​យក្ខ​មើល ។ យក្ខ​ស្មាន​ថា ជា​ចៃ​មែន ហើយ​គិត​ក្នុង​ចិត្ត​ថា « ចៃ​វា​ធំ​ប៉ុណ្ណេះ​សម​ខ្លួន​វា​ធំ​មែន» យក្ខ​សួរ​ទៅ​ទៀត​ថា «រោម​ជើង​ឯង​ធំ​ប៉ុនណា»? ។ អាខ្វាក់​បោះ​ពួរ​ដែល​គេ​ទាក់​ក្របី​ទៅ​ឲ្យ​យក្ខ​មើល​ហើយ​ថា​«រោម​ជើង​អញ​ប៉ុណ្ណេះ» ។ យក្ខ​ភិត​ភ័យ​រត់​ត្រឡប់​ទៅ​វិញ ។ អាខ្វាក់​អាខ្វិន​ប្រាប់​ទៅ​នាង​ពៅ​ថា « យក្ខ​វា​ត្រឡប់​ទៅ​វិញ ។ ត្បិត​វា​ខ្លាច​យើង​បើ​ដូច្នេះ​នឹង​មាន​យក្ខ​មក​ទៀត​ឬ​ទេ? » ។ នាង​ពៅ​ក្រោក​ពី​ភ័យ​សន្លប់​ឡើង ប្រាប់​ទៅ​អាខ្វាក់​ថា « នៅ​មាន​យក្ខ​ញី​មួយ​ទៀត យប់​បន្តិច​វា​នឹង​មក» ។ អាខ្វាក់​ឮនាង​ពៅ​ប្រាប់​ដូច្នោះ ក៏​ប្រាប់​ទៅ​អាខ្វិន​ថា «ឯង​ទៅ​រើស​ថាវ​មួយ ឲ្យ​មុត​ធំ​វែង​ល្មម​នឹង​កម្លាំង​អញ» ។ អាខ្វិន​ទៅ​រើស​ដាវ​ឲ្យ​អាខ្វាក់ ។ លុះ​យប់​យូរ​បន្តិច​ទៅ យក្ខ​ញី​វា​ហោះ​មក​ឮ​សន្ធឹក​ដូច​ផ្គរ ។ អាខ្វាក់​ឮ​សន្ធឹក​យក្ខ​មក​ដូច្នោះ ក៏​ឈរ​កាន់​ដាវ​ចាំ​នៅ​មាត់​ទ្វារ ហើយ​បិទ​ទ្វារ​ទុក លុះ​យក្ខ​នោះ​មក​ដល់​ហើយ វា​ច្រាន​ទ្វារ​អើត​កចូល​មក អាខ្វាក់​ឮសន្ធឹក​យក្ខ​ច្រាន​ទ្វារ​កាប់​ស្មាន​ទៅ ត្រូវ​យក្ខ​ដាច់​ក​ស្លាប់​នៅ​ទី​នោះ​ឯង ។
អាខ្វាក់​អាខ្វិន​ដឹង​ថា យក្ខ​ស្លាប់​ហើយ​ក៏​បបួល​គ្នា​យក​ទ្រព្យ​មាស​ប្រាក់​នោះ​ទៅ ។ លុះ​ព្រឹក​ឡើង​អាខ្វាក់​ដាក់​អាខ្វិន​លើក​ហើយ​ដើរ​ទៅ ឃើញ​ដើម​ក្រសាំង​មួយ​ប្រាប់​អាខ្វាក់​ឲ្យ​ចូល​ទៅ​នឹង​ចែក​របស់​គ្នា លុះ​ដល់​ហើយ​ អាខ្វាក់​ដាក់​អាខ្វិន​ចុះ​ពី​លើ​ក​យក​របស់​មក​ចែក​គ្នា អាខ្វិន​ជា​មេ​ចំណែក​រើស​របស់​ល្អ​នៅ​មុខ​ខ្លួន អាក្រក់​ដាក់​នៅ​មុខ​អាខ្វាក់ ហើយ​សួរ​ទៅ​អាខ្វាក់​ថា «ឯង​យក​របស់​ខាង​មុខ​ឯង ឬ​របស់​ខាង​មុខ​អញ?» ។ អាខ្វាក់​មាន​ប្រាជ្ញា​គិត​ថា អាខ្វិន​វា​យក​របស់​អា​ក្រក់​​ដាក់​មុខ​ខ្លួន ក៏​ប្រាប់​ទៅ​អាខ្វិន​ថា «អញ​យក​របស់​នៅ​មុខ​ឯង» ។ អាខ្វិន​ដឹង​ថា​អាខ្វាក់​យក​របស់​ល្អ​ក៏​ប្រាប់​ទៅ​អាខ្វាក់​ថា «ចែក​ម្តង​ទៀត ចែក​មុន​នោះ​មិន​ស្មើ​ទេ» ហើយ​អាខ្វិន​យក​របស់​ចែក​ម្តង​ទៀត ដល់​ចែក​ក្រោយ​ទៀត អាខ្វិន​យក​របស់​ល្អ​ដាក់​នៅ​មុខ​អាខ្វាក់​ហើយ​សួរ​ថា «អាខ្វាក់​ឯង​យក​របស់​ខាង​ណា?» ។ អាខ្វាក់​គិត​ថា «ម្តង​នេះ​អាខ្វិន​យក​របស់​ល្អ​មក​ដាក់​នៅ​មុខ​ខ្លួន​» ហើយ​យក​ដៃ​ស្ទាប់​របស់​នៅ​មុខ​នោះ​ក៏​ប្រាប់​អាខ្វិន​ថា «អញ​យក​របស់​នៅ​មុខ​អញ» ។ អាខ្វិន​ឃើញ​អាខ្វាក់​បាន​របស់​ល្អ​ក៏​ឆ្លើយ​ឡើង​ថា «ចែក​មិន​ត្រូវ​ទេ ចែក​ម្តង​ទៀត»។​អាខ្វាក់​ឆ្លើយ​ថា «ឯង​ចែក​ខ្លួន​ឯង​ហើយ​ឯង​ថា​មិន​ត្រូវ» ។ អាខ្វិន​យក​របស់​ចែក​ជា​ថ្មី​ទៀត ហើយ​ឲ្យ​អាខ្វាក់​ថា​ដូច​ពី​មុន ។ អាខ្វាក់​ថា​ត្រូវ​តែ​លើ​របស់​ល្អ ។ អាខ្វិន​ប្រាប់​អាខ្វាក់​ថា «មិន​ត្រូវ​ទេ ចែក​ម្តង​ទៀត» ។ អាខ្វាក់​អាខ្វិន​ប្រកែក​គ្នា​ទៅ​វិញ​តៅ​មក ពេល​នោះ​ផ្លែ​ក្រសាំង​ជ្រុស​មក​ត្រូវ​ក្បាល​អាខ្វាក់ៗ​គិត​ស្មាន​ថា​អាខ្វិន​វាយ​ក៏​ឆ្លើយ​ថា «និយាយ​តែ​ត្រឹម​មាត់​មិន​អស់​ចិត្ត ដៃ​ដល់​ផង​ទៀត»​ហើយ​អាខ្វាក់​ស្ទុះ​ទៅ​ធាក់​ដាល់​អាខ្វិន​ទាល់​តែ​ទាខ្វិន​ត្រង់​ដៃ​ត្រង់​ជើង​ទាំង​អស់ ឯអាខ្វិន​ស្ទុះ​ទៅ​ដាល់​អាខ្វាក់​ត្រូវ​ភ្នែកៗ​ក៏​ជា​ភ្លឺ​ទាំង​ពីរ​ឡើង អ្នក​ទាំង​ពីរ​ក៏​បបួល​គ្នា​ចែក​របស់​តាម​ល្អ​តាម​អាក្រក់​ស្មើ​គ្នា​ទាំង​ពីរ​នាក់​ ហើយ​បបួល​គ្នា​ដើរ​ទៅ​ទៀត ។
និយាយ​ពី​នាង​ពៅ កាល​ក្រោយ​អាខ្វាក់​អាខ្វិន​ទៅ ដល់​ព្រឹក​ភ្លឺ​មែន​ទែន​ឡើង​អស់​មនុស្ស​ម្នា​គេ​មក​មើល​នាង​ពៅ​នៅ​សាលា ឃើញ​នាង​នៅ​រស់ យក្ខ​ពុំ​ស៊ី​បាន​ឃើញ​ឯ​យក្ខ​ស្លាប់​ចង្រ្គាង​នៅ​មាត់​ទ្វារ អស់​មនុស្ស​ម្នា​គេ​ទៅ​ក្រាប​ទូល​ស្តេច​តាម​ដំណើរ ស្តេច​ទ្រង់​ឲ្យ​ទៅ​យក​នាង​ពៅ​ពី​ក្នុង​ស្គរ​មក ទ្រង់​មាន​ព្រះទ័យ​ត្រេក​អរ​ណាស់​ព្រោះ​ព្រះ​រាជធីតា​បាន​រួច​ពី​ស្លាប់ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​នាង​ពៅ​ថា «ដូច​ម្តេច​បាន​ជា​កូន​រួច​ពី​ស្លាប់ ហើយ​ឃើញ​ឯ​យក្ខ​ស្លាប់​ទៅ​វិញ?» ។ នាង​ពៅ​ក្រាប​ទូល​ព្រះ​បិតា​តាម​ដំណើរ​សព្វ​គ្រប់ ។ ព្រះរាជបិតា​បាន​ឮ​ព្រះ​រាជធិតា​ក្រាប​ទូល​ដូច្នេះទ្រង់​​​​ឲ្យ​ប៉ាវ​គង​រក​អ្នក​ណា​ដែល​សម្លាប់​យក្ខ​នោះ ទ្រង់​នឹង​ព្រះ​រាជទាន​ព្រះ​រាជធិតា​ជា​ប្រពន្ធ​ ហើយ​ឲ្យ​សោយ​រាជ្យ ។ ឯអ្នក​ប៉ាវ​គង​ទៅ​ក្នុង​ស្រុក​តូច​ធំ​ជួប​នឹង​ចៅ​ខ្វាក់​ចៅ​ខ្វិន ហើយ​ចៅ​ខ្វាក់​ចៅ​ខ្វិន​សួរ​ថា « មាន​កលយុគ​កលិយាក​អី​បាន​ជា​ស្តេច​ឲ្យ​ប៉ាវ​គង?» ។ អ្នក​ប៉ាវ​គង​ប្រាប់​ថា «ស្តេច​ឲ្យ​ប៉ាវ​គង​រក​អ្នក​សម្លាប់​យក្ខ​នឹង​យក​ទៅ​ឲ្យ​សោយ​រាជ្យ» ។ ចៅ​ខ្វាក់​ចៅ​ខ្វិន​ឮ​ក៏​ត្រេក​អរ​ណាស់​ប្រាប់​ថា « ខ្ញុំ​នេះ​ហើយ​សម្លាប់​យក្ខ កាល​ដើម​ខ្ញុំ​ខ្វាក់​ខ្វិន ឥឡូវ​ជា​ហើយ មិន​ជឿ​សោត​មាន​ទាំង​របស់​ដែល​ខ្ញុំ​យក​មក​ជា​សម្គាល់​ផង» ។ អ្នក​ប៉ាវ​គង​នាំ​ចៅ​ខ្វាក់​ចៅ​ខ្វិន​ទៅ​ថ្វាយ​ស្តេច​លុះ​ទៅ​ដល់​ហើយ​ចៅ​ខ្វាក់​ចៅ​ខ្វិន យក​ទាំង​របស់​ដែល​យក​អំពី​សាលា​ចូល​ទៅ​គាល់​ស្តេច​គ្រាន់​ជា​សម្គាល់ៗ ចៅ​ខ្វាក់​ចៅ​ខ្វិន​ក្រាប់​ថ្វាយ​បង្គំ​ស្តេច ស្តេច​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា «ចៅ​ឯង​ឬ​ដែល​​​​សម្លាប់​យក្ខ? » ។ ចៅ​ខ្វាក់​ចៅ​ខ្វិន​ក្រាប​ទូល​តាម​ដំណើរ​សព្វ​គ្រប់ ។ ស្តេច​ទ្រង់​ឲ្យ​ហៅ​នាង​ពៅ​មក​ឲ្យ​មើល ហើយ​ទ្រង់​សួរថា «ចៅ​នេះ​ឬ​ដែល​សម្លាប់​យក្ខ?»។ នាង​ពៅ​ក្រាប​ទូល​ថា «អ្នក​នេះ​ហើយ​ដែល​សម្លាប់​យក្ខ ប៉ុន្តែ​កាល​ពី​មុខ​គាត់​ខ្វាក់​ខ្វិន ឥឡូវ​នេះ​មិន​ខ្វាក់​ទេ»។ ស្តេច​ទ្រង់​ជ្រាប ទ្រង់​ផ្សំ​នាង​ពៅ​ឲ្យ​ជា​ជាយា​ចៅ​ខ្វាក់ ឲ្យ​សោយ​រាជ្យ​ជំនួស​ព្រះ​អង្គ ។ ដល់​ចៅ​ខ្វាក់​បាន​សោយ​រាជ្យ​ហើយ ឲ្យ​ចៅ​ខ្វិន​ធ្វើ​ជា​ឧបរាជ ត្បិត​ជា​មនុស្ស​កំសត់​កម្រ​ផង​គ្នា ក៏​បាន​សេចក្តី​សុខ​រៀង​រាប​ដរាប​ទៅ ។
ភ្នែក​សាច់​មិន​សម្រេច​ដូច​ភ្នែក​ប្រាជ្ញា


យោងពីប្រជុំរឿងព្រេងខ្មែរ

បុរសចាក់ស្មុគ


កាល​ពី​ដើមម្នាក់​ចេះ​ចាក់​ស្មុគ ។ បុរស​នោះ ចង់​បាន​ខ្ញុំ​ប្រើ ក៏​ឡើង​ទៅ​ចាក់​ស្មុគ
លើ​ចុង​ត្នោតហើយ​គិត​តែ​ម្នាក់​ឯង​ថា «បើ​អញ​ចាក់​ស្មុគបាន១ លក់​បាន ១០ 
សេន, បើ​ចាក់​បាន ១០០០នឹង​លក់​ទៅ​បាន ១០០ រៀល រួច​អញ​លោះ​មនុស្ស​ប្រើ
បើ​ប្រើ​មិន​បាន​ដូច​ចិត្ត អញ​នឹង​ធាក់​វាយ​​វា»។ បុរស​នោះ​មិន​គ្រាន់​តែ​គិតក្នុង​ចិត្ត 
ក៏​ងារ​ដៃ​លើក​ទាំង​ជើង ធាក់​ធាង​ត្នោត ក៏​របូត​ខ្លួន​ធ្លាក់​ពី​លើ​ចុង​ត្នោត តែ​បាន​ដៃ​
ប្រវា​ចាប់​ស្លឹក​ត្នោត​ជាប់​តាន់​គ៏​នៅ​តែ​កតោកៗ ដូច​ជា​គេ​ព្យួរ ។

គ្រា​នោះ មាន​ទ្រមាក់​ដំរី​ម្នាក់ ជិះ​ដំរី​មក​ជិត​នោះ ។ បុរស​នោះ​ស្រែក​ថា «បើ​អ្នក​
ណា​ជួយ​ដាក់​ខ្ញុំ​ពី​ចុង​ត្នោត​បាន ខ្ញុំ​សុខ​ចិត្ត​ចូល​ទៅ​បម្រើ​លោក​អស់ ១ ជីវិត»​
 ទ្រមាក់​ដំរី​ឮ​ហើយ មាន​ចិត្ត​ត្រេក​​អរ បរ​ដំរី​ចូល​ទៅ​ដល់​ក្រោម​ដើម​ត្នោត ឈរ​
លើ​ខ្នង​ដំរី​ដៃ​តោង​ជើង​បុរស​នោះ​ជាប់ ដូច​ជា​អង្រួន​ខ្នង​ដំរី​នោះ ដំរី​ក៏​ដើរ​ទៅ ។ 
ទ្រមាក់​ដំរី​ក៏​ព្យួរ​ជា​មួយ​នឹង​បុរស​នោះ ។ គ្រា​នោះ​មាន​មនុស្ស​ទំពែក​ ៤ នាក់ ដើរ​
ស្វែង​រក​មនុស្ស​ទៅ​បម្រើ​ប្រពន្ធ​គ្រប់​គ្នា លុះ​ដើរ​ទៅ​ដល់​ក្រោម​ដើម​ត្នោត​នោះ ទ្រ
មាក់​ដំរី​និង​បុរស​ចាក់​ស្មុគ្រ​ស្រែក​ថា « បើ​លោក​អ្នក​ណា​ជួយ​ខ្ញុំ​ឲ្យ​បាន​រួច​ពី​ចុង​
ត្នោត​នេះ ខ្ញុំ​ទាំង​ពីរ​នាក់ សុខ​ចិត្ត​ទៅ​នៅ​បម្រើ​លោក​អស់​១​ជីវិត»។ ទំពែក​ទាំង 
៤ នាក់​នោះ​ឮ​ហើយត្រេក​អរ​ណាស់ គិត​ថាបាន​ដូច​សេចក្តី​ប្រាថ្នា ក៏​ស្រែក​ថា
«យើង​ទាំង​៤នាក់​នឹង​ជួយ​អ្នក​ឲ្យ​រួច»
ទំពែក​ទាំង ៤ ឈ​ក្រោម​ដើម​ត្នោត យក​សំពត់​ចង​ក​ខ្វែង​ទល់ មុខ​គ្នា​ជា ៤ ជ្រុង 
ហើយ​ស្រែក​ប្រាប់​ទៅ​បុរស​ចាក់​ស្មុគ្រ និង​ទ្រមាក់​ដំរី​ថា « ចូរ​អ្នក​ទាំង​ពីរ​នាក់​
ទម្លាក់​ខ្លួន​ពី​លើ​ចុង​ត្នោត​នោះ​មក​ចុះ!»។ បុរស​ចាក់​ស្មុគ្រ​និង​ទ្រមាក់​ដំរី​ទម្លាក់​
ខ្លួន​ទាំង​បីរ​នាក់ មក​លើ​សំពត់​ដែល​បុរស​ទំពែក​​ទាំង ៤នាក់​ចង​នោះ ដូច​ជា​គេ​
ទាញ​សំពត់​ជាប់​នឹង​ក​ទំពែក​ទាំង ៤ ជល់​ក្បាល​គ្នា​ស្លាប់​ទាំង​បួន​​​​​នាក់​​​ទៅ ។ ឯ
ទ្រមាក់​ដំរី​និង​បុរស​ចាក់​ស្មុគ្រ ឃើញ​ទំពែក​ទាំង ៤ នាក់​ស្លាប់​ដូច្នោះ ភ័យ​ណាស់
 ទៅ​និយាយ​នឹង​យាយ​ចាស់​ម្នាក់​ថា « បើ​យាយ​គិត​ដូច​ម្តេច​ឲ្យ​បាន​សុខ យើង​
ទាំង​ពីរ​នាក់នឹង​នៅ​បម្រើ​យាយ ទាល់​អស់​ជីវិត » ។ យាយ​ចាស់ មាន​ចិត្ត​ត្រេក​
អរ ដោយ​ប្តី​ខ្លួន​ទៅ​កាប់​ចម្ការ​ឯព្រៃ ហើយ​និយាយ​ថា«បើ​ដូច្នោះ អ្នក​ទៅ​យក​
ខ្មោច​ទាំង ៤នោះ​មក​ដាក់​ក្នុង​ផ្ទះចង​រុំ​ឲ្យ​ស្រេច»រួច​យាយ​ចាស់​ឲ្យ​យក​ខ្មោច ១ 
ចេញ​ពី​ផ្ទះ​មក គាត់​ស្រែក​យំ។ អ្នក​ស្រុក​សួរ, គាត់​ប្រាប់​ថា « ប្តី​គាត់​ស្លាប់» អ្នក​
ស្រុក​ក៏​ជួយ​យក​ខ្មោច​នោះ​ទៅ​ដុត, យាយ​ចាស់​ប្រាប់​ថា «សូម​អ្នក​ទាំង​អស់​ដុត​
ធ្វើ​ឲ្យ​ល្អ ត្បិត​ប្តី​ខ្ញុំ​គាត់ ស្រឡាញ់​ខ្ញុំ​ណាស់ កាល​ដែល​គាត់​នៅ​រស់»។ លុះ​គេ​យក​
ខ្មោច ១ ទៅ​ដុត​ហើយ​យាយ​ចាស់​ស្រែក​ថា« ប្តី​គាត់​ទៅ​ផ្ទះ​ទៀត​ហើយ»។ អ្នក​
ស្រុក ក៏​ទៅ​យក​មក​ដុត​ទៀត។ លុះ​ដុត​ទៅ​គម្រប់ ៤ លើក ទើប​ឃើញ​តា​ចាស់​
ប្តី​យាយ​នោះ​ចេញ​មក​ពី​ព្រៃ​ចម្ការ មាន​ខ្លួន​នោះ​ប្រឡាក់​សុទ្ធ​តែ​ធ្យូង ពួក​អ្នក​ស្រុក​
ឃើញ ក៏​នាំ​គ្នា​ដេញ​ចាប់​តា​ចាស់​នោះ យក​ទៅ​ដុះ​ទាំង​រស់​ឲ្យ​ស្លាប់​ទៅ ។


រៀបចំឯកសារឡើងវិញ ភូមិកាព្យ ៣
យោងប្រជុំរឿងព្រេងខ្មែរ

Friday, May 31, 2013

ក្អែក ១ ជាក្អែក ១០


កាលពីព្រេងនាយមានមានបុរស២នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពី
គ្នា គំនិតដោយខ្លួន។ អាខូចជុះអាចម៏ដាក់១ពាង ហើយយកអាចម៏​ល័ក្ខបិទភ្ជិតយ៉ាងល្អ​មិនឲ្យ
ក្លិនចេញក្រៅបាន។ អាខិលធ្វើកាំបិត១ផែ្ល ប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងមួយ​
លូក។ អាខិលស្ពាយកំាបិតនោះដើរលក់ អាខូចក៏ពុនពាងអាចម៏ នោះដើរទៅលក់ដែរ។ អា​
ខិល​​ទៅពីនេះ អាខូចមកពីនោះ ជួបគ្នាកណ្តាលផ្លូវ អាខូចពពាយនាយថា៖«អ្នកអើយ ទិញផ្អក​
របស់ខ្ញុំទៅពិសារ ផ្អកចាវយ៉ាងល្អ ស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់»។ អាខិលឆ្លើយថា៖
«ទាស់តែលក់ដាវមិនដាច់គ្មានលុយទិញ បើខ្ញុំដូរជាដាវនេះព្រមដូរទេ?»។ អាខូចឃើញដាវនេះ​
វែង ក៏ឆ្លើយថា៖​ «ដូរក៏ដូរ» ។​អាខិលប្រគល់ដាវឲ្យអាខូចហើយអួតថា៖ «ដាវខ្ញុំនេះមុតបំផុត
មេដែករបស់ខ្ញុំផង បើត្រូវការម្តងចាំហូតកាប់ អ្នកឯងកុំប្រញាប់ហូតមើល បើហូតលព្រើលៗ
ស៊កទៅវិញមិនចុះទេ ដាវខ្ញុំពូកែ ខ្ញុំស្តាយរបស់ខ្ញុំ បើកុំតែខែនេះក្រម្អូបណាស់កុំអីខ្ញុំមិនដូរទេ»។
អាខូចក៏ប្រគល់ពាងអាចម៏ទៅឲ្យអាខិល ហើយហាមថា៖ «ផ្អកខ្ញុំក៏នឹងដែរ ដល់ពេលស៊ីចាំបើក​
យកមកចំហុយកុំអាលបើកមើលក្រែងវាស្អុយរុយបែង ក្រែងវាស្អុយក្មសស៊ី​មិនទាន់អស់វាទៅ​
ជាខានឆ្ងាញ់ នឹកឃើញ ជីដូនជីតាបានតែខ្វាស៊ីឆៅ» ។ អ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួន
ហើយតឿនប្រពន្ធថា៖ «ដណ្តាំបាយទៅអញបានផ្អក» ប្រពន្ធថា៖ «បានផ្អកពីណា?»។អាខិល​
ថា៖ «ដូរដាវគេៗថាផ្អកចាវឆ្ងាញ់ពិសារណាស់»។ ប្រពន្ធក៏ពេញចិត្តនឹកថា៖​«ប្តីចេះធ្វើកាំបិតដូរ​
ផ្អក» ស្ទុះភែ្លតទៅលាងចានដួសបាយ ហើយកាន់កាំបិត​យ៉ាងកំរិលក៏កិលទៅ ជិតពាងផ្អកយក​
កាំបិតគាស់អាចម៏ល័ក្ខនោះ បើកឡើងហើយលូកបាន១ក្តាប់ ដាក់ផ្លាប់ទៅក្នុងចាន សល់នៅ​
ក្នុង​ដៃ​ប៉ុន្មានក៏ដាក់ផ្លប់ភ្លក់មើល ងើបមុខឡើងលើ់ថា «យើ ផ្អកចាវអ្វីក៏ស្អុយដូចអាចម៏គ្មានឆ្អឹង
គ្មានសាច់​ កខ្វិចកខ្វក់ ហ្មត់ផងយ៉ាងហ្នឹង ធ្វើផ្អកត្រីអ្វី?»។ ប្តីថា៖«ក្រែងត្រីពោ»​ប្រពន្ធ​ក៏លូក​​​​ កូរាវរកក្បាល លូកបានពាក់កណ្តាល ក្អួតចង្អោរជាង២០វ៉ក​ ​ដឹងជាក់ជាអាចម៏មិនមែន​ផ្អក មក​
បន្ទោសទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួច ។

និយាយពីអាខូចត្រេកអរណាស់ ដើរ​ទៅ​ផ្ទះអួតប្រាប់ប្រពន្ធថា «អាចម៏មួយពាងដូរបានដាវ​មួយ​
ដែរ» ទទួលខឹងនឹងឆែ្កវាច្រាសស្លឹក​គ្រៃ កន្រ្តាក់ដាវនោះលោតដល់ដីបំរុងនឹងកាប់ឆែ្កសំលាប់ ក៏​
ចាប់ដកដាវហូតខ្វាច់ឃើញផែ្លដាវ​នេះខ្លីក្ងិត គេចឡើងទៅលើផ្ទះបង្អាញប្រពន្ធមើលសើច​ទាំង​
ពីរ​នាក់ សើចហើយប្រាប់ប្រពន្ធថា «ប្រាជ្ញអានេះស្មើនឹងអញៗទៅបបួលវាធ្វើសម្លាញ់ គ្រាន់រក​
ស៊ីពីរនាក់នឹងបានមាសប្រាក់​ដោយ​​ងាយ»។

លុះទៅប្រទះនឹងអាខិល ដើរពីនាយសើចពព្រាយនិយាយសួរថា៖ «ឯងទៅណា?»។ អាខិល​​ ​​
ឆ្លើយថា៖ «អញមកសុំឯងធ្វើសម្លាញ់»។ អាមួយក៏ថា៖«អញមកសុំឯងធ្វើក្លើដែរ»​ហើយ​ក៏សុខ​
ចិត្តដើរពីនាក់​ទៅដល់ផ្ទះមហាសេដ្ធីម្នាក់​ចាស់ជរាឈឺស្លាប់ គេដាក់ក្នុងក្តារមឈូស បំរុងបូជា​​
ថៃ្ងសែ្អក ចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នា វេលានោះអាទាំងពីរស៊ើបសួរអ្នក​ដើរ​ខាង​
ក្រៅថា «អ្នកណាស្លាប់បានជាគេយំ?» គេប្រាប់ថា «មហាសេដ្ធីស្លាប់»។ អាទាំងពីនាក់គិត​គ្នា
ថា៖​ «ឯងត្រូវកែ្លងសំបុត្រមួយច្បាប់ទៅប្រាប់គេថា មហាសេដ្ធីឲ្យមកយកទ្រព្យរបស់អញ​បន្លំ​
លបចូលដេក​ក្នុងមឈូសពីលើខ្មោចសេដ្ធីស្តីត​នឹងអ្នកឯង»។ អាមួយក៏ទៅបន្លំដេកដូចគំនិត។
អ្នកនៅជិតមិនបានឃើញមិនបានដឹង ដ្បិតភែ្នកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំង សូត្រព្រះធម៌
កូនចៅតួចធំរវល់តែយំសោក។ អាខូចដើរកក្រដាស់បានធ្វើសំបុត្រ កែ្លងកាន់ដើរទៅសំដែង​
សូត្រ​ឲ្យគេស្តាប់ថាសំបុត្រពីមហាសេដ្ធីមកប្រាប់ថា៖ «ចៅខូចកំសត់តាំងពីតូចជាកូនធម៌ឥឡូវ​
អាពុកជរាហើយ កូនអើយចូរទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចុះ»។

កូនចៅប្រុស​ស្រីគេមិនសុខចិត្ត ព្រោះត្បិតគ្មានត្រា គ្មានហត្ថលេខាសេដ្ធី ។ អាខូចឆ្លើយថា៖
«ខ្ញុំសូមសន្យា​នឹង​​អស់កូនចៅ អញ្ចើញទៅហៅទៅសួរលោកចុះ បើលោកស្តីនោះ ខ្ញុំត្រង់ពិត
បើលោកស្ងៀម​នោះខ្ញុំកែ្លងបព្ឆោតទេ»។ កូនសេដ្ធីស្ទុះភ្លាមទៅស្រែកហៅឪពុក។ អាខិលឆ្លើយ​
ថា៖«អើ!»។កូនសួរថា៖ «ឪពុកបានឲ្យកូនធម៌‌មកយករបស់មែនឬ?» អាខិលឆ្លើយថា «អើ!
កូនអញឈ្មោះអា​ខូច​វា​មកហើយឬ?»។ កូនឆ្លើយថា «ទានប្រុស ! មកហើយ »។ អាខិលថា
«អើ! មើលយក​រទេះ​​​មួយធំ ក្របីមួយនឹម ទឹមរទេះនោះហើយយកមាសប្រាក់កែវកងសំពត់អាវ
វាល់ផ្ទុកក្នុង​រទេះ​ឲ្យល្មមតែក្របីនោះ​អូសរួចបានប៉ុន្មានឲ្យវាយកចុះ»។

កូនចៅស្រីប្រុស ចាញ់ឧបាយកល​អាខិលអាខូច ក៏ខឹងនឹងខ្មោចសេដ្ធីស្លាប់ហើយចេះស្តីហៅ​
អស្ចារ្យ ឥឡូវនឹងបើកក្តារឲ្យច្បាស់ ចាស់​ៗហាមប្រាមថា «មើលមុខខ្មោច​មិនបានខ្លាចដេក​
យប់​មមើមមាយ ម្លោះហើយក៏ជឿជាក់ យក​សំពត់ អាវស្លៀកពាក់ និងកនេ្ទលពូកខ្នល់ខ្នើយ
ហើយថែមតុថាសចានល្អៗ អំបិលប្រហុក៤​ក្រឡ អង្ករ៥ការុង ដាក់ផ្លុកទៅឲ្យ​អាខូចអាខិល
បង្វិលរទេះយ៉ាងធំ​ជជែកយំទឹកភែ្នក​ឲ្យដោយ​ខឹងដោយបញ្ឆោតទាំងស្រីប្រុស ហើយក៏ដឹក​
ក្របី១នឹមទឹមរទេះ​ប្រគល់ទៅឲ្យអាខូច។ អានោះត្រេកអរឡើងបរទេះចេញទៅ អ្នកទាំងអស់​
ដែលនៅតែ ជ្រួលមិនស្រួលចិត្ត ព្រោះត្បិតខឹងនិងស្តាយ។ អាខិលលួចមើល​នាយអាយលប​ចេញប្រិច រត់តាមទៅបន្តិចក៏ទាន់រទេះ ហើយនិយាយគ្នាថា «យើងបានទ្រព្យ​របស់តែទាស់​
ឃ្លាន​បាយ បើឈប់ដណ្តាំបាយ​នៅរៀងអាយ ក្រែងមិនស្ងាត់ ខ្លាចចោរតាមមកប្លន់យកទ្រព្យ​
១រទេះ បើដូចេ្នះឯងឈប់ចាំអញៗទៅសុំបាយគេខ្លះយកមកឲ្យឯង»។ អាមួយព្រម ហើយអា​
មួយក៏ដើរទៅរកថ្នាំ​តាម​ផ្លូវ យកមកលាយបាយឲ្យពុលស្លាប់អន្តរាយ​នឹងយកទ្រព្យរបស់​នោះ
តែម្នាក់ឯង។ ឯអាមួយនៅចាំរទេះក៏ធ្វើខ្នារដាក់ស្ទាក់ផ្លូវបម្រុង​ឲ្យត្រូវអានោះស្លាប់​នឹងយកទ្រព្យ​
តែម្នាក់ឯងដែរ។ វេលានោះ អាមួយទៅសុំបាយគេស៊ីៗរួចហើយ សុំមួយចានផ្ញើរសម្លាញ់ គេ​
មិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផង។ អានោះក៏លាគេដើរចេញមក​ហើយ​
យក​​ថ្នាំប្រឡាក់បាយ​មកដល់ខាងអាយក៏ត្រូវនឹងខ្នារនោះស្លាប់ អាមួយដើរ ប្រញាប់ចាប់យក​
បាយ​​ស៊ី​មិន​ដឹងថាមានថ្នាំពុល ក៏ពុលស្លាប់បន្ទាប់គ្នា។

ឯក្របីនោះក៏អូសរទេះចូលក្នុងព្រៃ រតេករតាកទៅជ្រក​ក្នុងទឹកត្រពាំងដាច់ខែ្សទាមដេក​ត្រាំទឹក​
នៅទីនោះទៅ។ ដល់វេលាព្រឹក​មានបុរសម្នាក់ដើរទៅ ឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃ
នឹក​ម្តងភ័យនឹកម្តងអរថា ឯងអ្នកក្រ​មិនដែលប្រទះ​ទ្រព្យច្រើនដូចនេះទេ ដូចេ្នះបើលៃលកយក​
ទៅធ្វើជារបស់ខ្លួនក្រែងពុំបានសុខ ក៏រុញរទេះសំរុកទៅទុកក្នុងព្រៃ ចងក្របីជាប់ត្រឡប់ទៅផ្ទះ​
វិញ ហើយក៏ពិសោធន៏មាយាទប្រពន្ធដោយគិតថា «បើប្រពន្ធមាយាទល្អ​នឹងយកទ្រព្យនោះ​ទុក​​
ជារបស់ខ្លួន បើនិយាយអ្វីមិនចេះលាក់​នឹងយករបស់ទាំងនោះទៅជូនរាជការផែនដី​ប្រយោជន៏​
ដើម្បីឲ្យសុខខ្លួន»។

គិតហើយទៅដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថា «អញជុះអាចម៏មិញៗ មានសត្វកែ្អកមួយហើរ​
ចេញ​ពីក្តិត តែឯងអាណិតបិទមាត់ឲ្យឈឹង កុំឲ្យនរណាគេដឹងមួយជាពីរ តែចូលត្រចៀក​គេវា​
បែកការណ៏អាក្រក់ណាស់ កើតមានជំនុំជម្រះសួរទៅសួរមក ហើយគ្មានទាំងសាក្សី​បានដឹង​
នឹង​អាងក្រែង​គេយកអញទៅឆ្កាង ឬយកទៅដាក់គុក»។ ប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថា
«មានកែ្អកពីរហើរ​ចេញពីក្តិតប្តីអញ តែឯងកុំមាត់»។ មេមួយទៀតមិនអត់ទៅប្រាប់គេថែមថា
កែ្អក​៥ប្រាប់លើសៗតគ្នា ដរាបដល់កែ្អក១០។ រឿងនោះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រ ទ្រង់​
ចាត់​ប្រើ​អាមាត្យឲ្យ​ស្រាវជ្រាវរក​ដល់បុរសនោះ បុរសនោះក៏ថ្វាយបង្គំគាល់សេ្តចទ្រង់ឆ្ងល់​
ត្រាស់​​សួរថា «មែនឬមិនមែន»។ បុរសក្រាបទូលថា «ទួលព្រះបង្គំ កុហកប្រពន្ធចង់​ដឹងចិត្ត​
ព្រោះ​ដ្បិតឃើញទ្រព្យច្រើន"។ បុរសនោះក្រាបទួលដូចខាងលើ ហើយក្រាបបង្គំលាទៅទឹម
រទេះយកទៅ​ថ្វាយសេ្តចៗសេ្តច​ទ្រង់ព្រះរាជទាន​​ឲ្យបុរសនោះពាក់កណ្តាលៗដាក់ឃ្លាំង។


ដកស្រង់ពី ប្រជុំរឿងព្រេងខ្មែរ!!

Thursday, May 30, 2013

ជាតិជាខ្លាធំ


កាល​ពីព្រេងនាយ​ មាន​ព្រះមហាក្សត្រិយ៍​មួយ​ព្រះអង្គ​ សោយ​រាជ​សម្បត្តិ​នៅ​នគរ​មួយ​ មាន​អគ្គមហេសី​ ជា​ចមស្រ្តី​ មាន​មន្រ្តី​ចតុស្ដម្ភ​៤​នាក់​ មាន​ហោរា​មួយ​នាក់​ ជា​តំណាង​ព្រះនេត្រ​ ព្រះ​កាណ៌​ព្រះអង្គ​ មាន​មន្រ្តី​និង​ស្រី​ស្នំ​ជា​រាជ​បរិពារ​ ពេញ​កិត្តិយស​ជា​ម្ចាស់​ផែន​ដី​ តាម​ព្រះរាជ​ប្រពៃ ណី​អំពី​បុរាណ​រៀង​មក ។ ប៉ុន្តែ​ព្រះមហាក្សត្រិយ៍​និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ ពុំ​បាន​រៀន​វេទមន្ត​ ខាង​ការ​ពិជ័យ​សង្រ្គាម​ ដូច​ព្រះរាជា​មុនៗ​មក​ឡើយ​ ព្រះអង្គ​តែង​ទ្រង់​ព្រួយ​បារម្ភ​នឹង​ព្រះមហា​នគរ​ជា​អនេក។ ដោយ​ព្រះរាជានុភាព​របស់​ព្រះអង្គ​ ចេះ​តែ​ទន់ទាប​ចុះ​ទ្រង់​ក៏​រំពឹង​ថា « បើ​ប្រសិន​ជា​មាន​​​សឹក​សត្រូវ​ ចូល​មក​លុកលុយ​ដណ្ដើម​ព្រះ​នគរ​ អញ​មុខ​ជា​ព្រះនគរ​នឹង​បាន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​បច្ចាមិត្រ​ដោយ​ងាយ​ពុំ​ខាន​ឡើយ»
ថ្ងៃ​មួយ​ វេលា​ម៉ោង​៨​ព្រឹក​ ព្រះអង្គ​ទ្រង់​យាង​ចេញ​កាន់​ចុង​ព្រះរាជ​រោង​ ដោយ​មាន​ព្រះអគ្គ​មហេសី​គង់​អែប​នែប​ជិត​ព្រះអង្គ​ ហើយ​ដោយ​មាន​ហោរា​ចតុស្ដម្ភ​ទាំង​៤​នាក់​ និង​មន្រ្តី​ឯ​ទៀត​ ក្រាប​បង្គំ​គាល់​តាម​ធម្មតា ។ ពេល​នោះ​ទ្រង់​ភ្នក​ព្រះទ័យ​ ចង់​ទៅ​រៀន​សិល្បសាស្រ្ត​ក្នុង​សំណាក់​អាចារ្យទិសាបាមោក្ខ​ ឯ​នគរ​តក្កសិលា ។ ទ្រង់​ក៏​ជំនុំ​ជាមួយ​ព្រះអគ្គមហេសី​ ក៏​សុំ​តាម​ទៅ​ផង ។ ឯ​ហោរា​និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ ក៏​សុំ​តាម​ហែ​ព្រះអង្គ​ទៅ​ដែរ​ ដើម្បី​នឹង​រៀន​មន្ត​វិជ្ជា​ឲ្យ​ជំនាញ​ ដើម្បី​​រក្សា​ព្រះ​នគរ ។ ព្រះអង្គ​ក៏​ទ្រង់​ព្រះរាជានុញ្ញាត ។ ជំនុំ​ស្រេច​ហើយ​ មាន​ថ្ងៃ​មួយ​ព្រះអង្គ​នាំ​អគ្គមហេសី​ ហោរា​ និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ចេញ​ចាក​ព្រះនគរ ។ គម្រប់​៧​ថ្ងៃ​ ដល់​នគរ​តក្តសិលា​ បាន​ជួប​នឹង​អាចារ្យ​ទិសាបាមោក្ខ​ ក៏​សុំ​រៀន​សិល្ប​វេទ ។ អាចារ្យ​ទិសាបាមោក្ខ​ទទួល​ភារៈ​បង្រៀន​ព្រះអង្គ ។ ព្រះអគ្គមហេសី​ និង​ហោរា​ព្រម​ទាំង​ចតុស្ដម្ភ​បាន​រៀន​ចេះ​ចប់​សព្វគ្រប់​​ទោះ​នឹង​ចង់​ក្លែង​ខ្លួន​ជា​សត្វ​តិរច្ឆាន​ ឬ​ជា​យក្ស​គន្ធព្វសុបណ្ណា​ ក៏​បាន​ដោយ​ងាយ ។ រៀន​ចេះ​ចប់​ស្រេច​ ស្ដេច​សុំ​លា​លោក​អាចារ្យ​ វិល​ត្រឡប់​មក​ព្រះនគរ​វិញ ។ អាចារ្យ​ក៏​អនុញ្ញាតិ​ព្រះរាជា​ និង​ព្រះអគ្គមហេ​សី​​បាន​ធ្វើ​ព្រះរាជ​ដំណើរ​ ត្រឡប់​មក​វិញ​ ព្រម​ដោយ​ហោរា​ នូវ​ចតុស្ដម្ភ​ទាំង​បួន​នាក់ ។ ទ្រង់​ចេញ​ចាក​ក្រុង​តក្កសិលា​មក​បាន​៣​ថ្ងៃ​ ហេតុ​តែ​ផលកម្ម​នាំ​ឲ្យ​វង្វេង​ផ្លូវ​ ទ្រង់​យាង​ត្រាច់​កាត់​ព្រៃ​ អស់​ស្បៀង​អាហារ​ សោយ​តែ​មើម​ឈើ​ និង​ផ្លែ​ឈើ ។ ព្រះរាជា​ទ្រង់​ស្ដាយ​ព្រះជន្ម​ ទ្រង់​ក៏​ជំនុំ​គិត​ជា​មួយ​ហោរា​ ចតុស្ដម្ភ​ទាំង​៤​នាក់​ព្រម​ទាំង​ព្រះអគ្គមហេសី​ថា «ឥឡូវ​នេះ​ យើង​ជិត​ដល់​នូវ​ការ​អស់​អាយុ​សង្ខារ​គ្រប់​គ្នា​ហើយ​ ព្រោះ​គ្មាន​អាហារ​នឹង​ចិញ្ចឹម​ជីវិត​ តើ​អស់​លោក​យល់​ឃើញ​ដូចម្ដេច»? ។ ហោរា​ទូល​ព្រះ​អង្គ​ថា «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ យល់​ឃើញ​ថា​មន្ត​វិជ្ជា​ដែល​យើង​បាន​រៀន​មក​ សឹង​ចេះ​សព្វ​គ្រប់​ដូច​គ្នា​ ហេតុនេះ​ បើ​កាឡា​ខ្លួន​ជា​សត្វ​ខ្លា​ធំ​ ហើយ​នឹង​ចាប់​សត្វ​ឯ​ទៀត​​ធ្វើ​ជា​អាហារ​ទំរាំ​តែ​ទៅ​ដល់​ព្រះ​នគរ​ សឹម​កាឡា​ខ្លួន​ជា​មនុស្ស​វិញ​ក៏​បាន»។ ព្រះរាជា​ ព្រះ​មហេសី​នូវ​ចតុស្ដម្ភ​ ក៏​ព្រម​តាម​ហោរា ។ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា « ឥឡូវ​រូប​ខ្លា​ទាំង​មូល​នេះ​ លោក​ណា​ត្រូវ​កាឡា​ខ្លួន​ធ្វើ​ជា​អ្វី?» ។ ចតុស្ដម្ភ​សុំ​ធ្វើ​ជា​ជើង​ខ្លា​ទាំង​បួន ។ ហោរា​សុំ​ធ្វើ​ជា​កន្ទុយ ។ ព្រះ​អគ្គមហេសី​សុំ​ធ្វើ​ជា​ខ្លួន​ខ្លា ។ រូប​ខ្លា​ទាំង​មូល​នេះ​ឃើញ​នៅ​សល់​តែ​ក្បាល​ គឺ​តួ​ព្រះមហាក្សត្រិយ៍ ។ ជំនុំ​រួច​ស្រេច​ក៏​សូត្រ​មន្ត​វិជ្ជា​កាឡា​ខ្លួន​កើត​ជា​ព្យគ្ឃរាជ (ស្ដេច​ខ្លា) បាន​ដូច​សេចក្ដី​ប្រាថ្នា​ ស្ទុះ​បោល​ដេញ​ចាប់​​​សត្វ​ប្រើស​ ក្ដាន់​ជា​អាហារ ។ លុះ​អំឡុង​ទៅ​ ក៏​កើត​មាន​សេចក្ដី​សប្បាយ​ ភ្លេច​រាជ​សម្បត្តិ​ និង​ព្រះ​មហានគរ​ពុំ​ស្ដាយ​សោះ ។
ហេតុ​នេះ​ បាន​ជា​សត្វ​ខ្លា​ មាន​កម្លាំង​ជាង​សត្វ​ឯ​ទៀត​ ហើយ​សត្វ​ខ្លា​នេះ​ កាល​នឹង​ចាប់​សត្វ​ជា​អាហារ​ គឺ​ដឹង​ដោយ​សារ​កន្ទុយ​ជា​មុន​​ព្រោះ​ជា​ហោរា ។ ដង​ខ្លួន​ដែល​ទន់​ភ្លន់​គឺ​ព្រះ​អគ្គមហេសី​ជា​ស្រ្តី​ភាព ។ ឯ​ក្បាល​ដែល​មើល​ឃើញ​សម្បើម​អស្ចារ្យ​ គឺ​តួ​អង្គ​ព្រះមហាក្សត្រិយ៍​ ដែល​មាន​មហិ​ទ្ធិ ឫទ្ធិ​ជាង​គេ​ទាំងអស់។ឯ​ជើង​ទាំង​៤​ដែល​មាន​កម្លាំង​ខ្លាំង​ហើយ​មាន​ក្រចក​មុត​គឺ​ចតុស្ដម្ភ​ទាំង​៤។


យោងពីៈ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ

Wednesday, May 29, 2013

តម្លង់ ៧ សន្ដាន


កាល​ពី​ព្រេង​នាយ មាន​បុរស​ប្តី​ប្រពន្ធ នាំ​គ្នា​ទៅ​សួរ​បង​ប្អូន​នៅ​ភូមិ​ត្រៃ​សណ្តែក​ដើរៗ ទៅ​ប្រទះ​នឹង​អាតម្លង់ ៧ សន្តាន កំពុង​តែ​ទឹម​គោ​ភ្ជួរ​ស្រែ ។ បុរស​ប្តី​ប្រពន្ធ​នោះ សួរ​ថា «អ្នក​អើយ​អ្នក! ផ្លូវ​ណា​កាត់​ត្រង់​ទៅ​លើ​ភូមិ​ព្រៃ​សណ្តែក ត្បិត​ខ្ញុំ​ខាន​មក​យូរ​ឆ្នាំ​ហើយ មិន​ដឹង​ជា​ផ្លូវ​ណា​គាត់​ទៅ​ឲ្យ​ត្រង់?»។
«កូន​ក្រោល​បង្គោល​ស្នឹង អាក្រហម​មួយ​នេះម្តាយ​ក្មេក​គាត់​ចែក ឯ​អា​ស្នែង​កន្ទែកឪ​អញ​គាត់​ឲ្យ អញ​មិន​លួច​គោ​របស់​អាណា​មក​ទឹម​ទេ» ។
ឯបុរស​ប្តី​ប្រពន្ធ​ដែល​សួរ​ផ្លូវ​នោះ ឮហើយ​និយាយ​គ្នា​ថា«អ្នក​នេះ យើង​សួរ​ផ្លូវ​គាត់ៗ​​និយាយ​ ​​ពី​គោ ហើយ​ស្តី​គំរោះ​គំរើយ​ឲ្យ​យើង​ផង ណ្ហើយ​គេហ៍! យើង​កុំ​ខ្ចី​សួរ​វា យូរ​ឆាប់​គង់​តែ​នឹង​ទៅ​ដល់​ផ្ទះ​បង​ប្អូន​មិន​ខាន» ហើយ​ក៏​បណ្តើរ​គ្នា​ហួស​ទៅ ។
ឯអាតម្លង់​៧ សន្តាន​នោះ ក៏​ខំ​ភ្ជួរ​ស្រែ​មិន​ឈប់ ដល់​ពេល​ថ្ងៃ​ជិត​ត្រង់ មេ​តម្លង់​ជាប្រពន្ធ​ក៏​ទូល​បាយ​ទៅ​ឲ្យ​ប្តី​បរិភោគ លុះ​ទៅ​ដល់​ក៏​ដាក់​ល្អី​បាយ​ក្រោយ​ម្លប់​ឈើនៅ​ភ្លឺ​ស្រែ ។ ប្តី​ឃើញ​ប្រពន្ធ​យក​បាយ​មក​ឲ្យ ក៏​ឈប់​ភ្ជួរ​ស្រែបរិភោគ​បាយនិយាយ​ទាំង​ខឹង​ប្រាប់​ប្រពន្ធ​ថា៖
«មាន​បុរស​ប្តី​ប្រពន្ធ​បណ្តើរ​គ្នា​មក​ពី​ណា​ចោទ​ប្រកាន់​ថា អញ​លួច​គោ​វា ឯគោ ១ នឹម​នេះ ប្រាកដ​ជា​ម៉ែ​ឪឯងយើង​ចែក​មក» ។
ប្រពន្ធ​ឃើញ​មាត់​ប្តី​និយាយ​ម្ហបៗ នឹក​ស្មាន​ថា​ស្តី​ឲ្យ​ខ្លួន ស្រាប់​តែ​ខឹង ហើយ​ឆ្លើយ​តបទៅ​វិញ​ថា
«អញ​គិត​ថា​ប្តី​មក​ភ្ជួរ​ស្រែ​ទាល់​ថ្ងៃ​ត្រង់ ខំ​ប្រញាប់​ប្រញាល់​ទូល​បាយ​មក​ឲ្យ​ស៊ី ឥឡូវ​ទៅ​ជា​ថា ឯង​មាន​សហាយ អញ​សហាយ​នឹង​ឈ្មោះ​អាណា គាត់​រក​មុខ​ឲ្យ​ឃើញមក» ។
ឯប្តី​មិន​ទាល់​តែ​ពម​បាយ​អស់​មួយ​កូន​ល្អី ប្រពន្ធ​ថា​អ្វី​ក៏​មិន​ឮ​ផង ។ លុះ​ប្តី​បរិភោគ​រួច ប្រពន្ធ​កន្រ្តាក់​យក​ល្អី ។
ប្តី​សួរ​ថា៖ «ឯង​មាន​ការ​អ្វី​ឯផ្ទះ បាន​ជា​ប្រញាប់​ម្ល៉េះ?»
ប្រពន្ធ​ថា៖ «អញ​មុខ​ជា​ប្រាប់​ម៉ែ​ឪអញ​មិន​ខាន»
ហើយ​កណ្តៀត​ល្អី​ត្រឡប់​ទៅ​ដល់​ផ្ទះ ជួប​នឹង​ម្តាយ និយាយ​ទាំង​ខឹង​មុខ​ក្រហម​ប្រាប់​ម្តាយ​ថា៖ «កូន​ប្រសា​ម៉ែ​ឯង​វា​ល្អ​ហើយ! ខ្ញុំ​ទូល​បាយ​ទៅ​ឲ្យ​ស៊ី ដាក់​ល្អី​ស្ទើរ​តែ​មិន​ទាន់ វា​ស្តី​ឲ្យ​ខ្ញុំ​ថា​មាន​សាហាយ» ។
ចំណែក​ម្តាយ​នោះ ខឹង​ញ័រ​ឡើង​ថា៖ «ហង​ឯង ដូច្នេះ​ទេ​តើបាន​ជា​មុខ​ក្រហម អញ​ថា​កូន​ថា​ចៅ បាន​ជា​ចាំ​ផ្ទះ​ឲ្យ​វា ឥឡូវ​វា​ថា​ឯងលួច​ថ្នាំ​វា​យក​ទៅ​ដូរ​ដូង មេ​អន្តរធាន​ឯង​ក្រោយៗ កុំ​និយាយ​ដូច្នេះ មិន​ត្រូវ​ទេ សូម្បី​តែ​ថ្នាំ​១​ឆ្នុក ក៏​អញ​មិន​លួច​យក​ផង បើ​ទុក​ជា​អញ​យក​មែន ម្តាយ​នឹង​កូន​មិន​ត្រូវ​ហង​ឯង​ពោល​ឲ្យ​អញ​ខ្មាស​គេ​ទេ ចាំ​ឪហង​ឯង​មក អញ​ប្រាប់​ឲ្យ​ជេរ​វាយ​ប្រដៅ​ហង​ឯង​មិន​ខាន» ។
លុះ​យូរ​បន្តិច ប្តី​មក​ពី​កាប់​បង្គោល​ធ្វើ​របង​បង្ការ​មិន ឲ្យ​គោ​ក្របី​ចូល​ស៊ី​សំណាប​សន្ទូង ប្រ​ពន្ធ​និយាយ​ប្រាប់​ប្តី​ថា៖ «កូន​ស្រី​យ់ង​វា​យក​បាយ​ទៅ​ឲ្យប្តី ខ្ញុំ​ចាំ​ផ្ទះ​ឲ្យ​វា លុះ​មក​វិញ វា​ថា​ខ្ញុំ​ជា​ម្តាយ​លួច​ថ្នាំ​វា​ដូរ​ដូង ខ្ញុំ​ខឹង​ណាស់» ។
ប្តី​ស្តាប់​មិន​ឮ ខឹង​នឹង​ប្រពន្ធ​ក៏​ជេរ​ថា៖«មេ​ចោរ​គ្រហរ! ហង​ឯង​ប្រចណ្ឌ​អញ​អី​ម៉្លេះ! អញ​មាន​ស្លៀក​ពាក់​តែង​តួ​ដើរ​លេង​ចង់​ស្រី​ឯណា អញ​ទៅ​កាប់​ឈើ​ធ្វើ​បង្គោល​របង​ទេ​តើ! អញ​អត់​តែ​ម្តង​នេះ ក្រោយៗ​បើ​ហង​ឯង​នៅ​តែ​ស្តី​ប្រចណ្ឌ​អញ​ទៀត មុខ​ជា​អញ​ធាក់​ឲ្យ​ដួល​ទាំង​ជំហរ​មិន​ខាន» ហាម​ប្រពន្ធ​ហើយ បរិភោគ​បាយ រួច​ទៅ​ចង​សន្ទួច​បាន​ត្រី ត្រឡប់​មក​ផ្ទះ​វិញ ។
វេលា​ថ្ងៃ​ល្ងាច ប្រពន្ធ​ក៏​ធ្វើ​ត្រី​ស្ល​អាំង​ឲ្យ​ប្តី​បរិភោគ​ខ្លះ រំ​លែក​ទុក​ព្រឹក​ខ្លះ ដើម្បី​នឹង​ធ្វើ​សម្រាប់​យក​ទៅ​ប្រគេន​លោក​កូន​ឯ​វត្ត និង​កូន​ប្រុស​តូច​ម្នាក់​ឲ្យ​នៅ​រៀន​អក្សរ​ជា​មួយ​នឹង​លោក​បង​នោះ ។
លុះ​ព្រឹក​ឡើង ម្តាយ​នោះ​ដាំ​បាយ​ដួស​ដាក់​ចាន មាន​ម្ហូប​ពី​ល្ងាច​ស្រាប់ ទូល​យក​ទៅ​ដល់​កុដិ​ប្រគេន​លោក​កូន ហើយ​និយាយ​ថា៖
« ខ្ញុំ​ព្រះ​ករុណា​រលឹក​លោក​កូន​ណាស់! មួយ​ទៀត​ប្អូន​តូច​វា​រៀន​អក្សរ​ក្រាន់​បើ​ទេ?» ។​
លោក​កូន​នោះ​ប្រាប់​ថា៖ «ចម្រើន​ពរ​ញោម! អាត្មា​សព្វ​ថ្ងៃ​នេះ កុំ​ពុង​ស្រឡាញ់​សីល​ផ្នួស​ណាស់, អាត្មា​មិន​សឹក​ទេ» ។
ម្តាយ​ក៏​ហៅ​កូន​តូច​ដែល​នៅ​បម្រើ​បង​នោះ​ថា៖ «អានាង! លា​លោក​បង​ទៅ​ផ្ទះ​នឹង​ម្តាយ​បាន​មួយ​ថ្ងៃ​សិន ត្បិត​ឪពុក​ឯងរឭក​ណាស់» ។
កូន​តូច​ឆ្លើយ​ប្រាប់​ម្តាយ​ថា៖ «ត្រី​ងៀត​លោក​បងនៅ​ពីរ​កន្ទុយ​ទុក​ក្នុង​កុដិ, ពេល​ល្ងាចខ្ញុំ​យក​​ពីរ​ចម្រៀក​ដុត​ស៊ី​បាយ ដែល​សល់​ពី​លោក​ឆាន់​ពេល​ព្រឹក​នោះ» ។
ឯលោក​សង្ឃ ដែល​គង់​នៅ​ជិត​កុដិ​ទាំង​ប៉ុន្មាន បាន​ឮ​ម្តាយ​នឹង​កូន​និយាយ​តែ​ដោយ​ខ្លួន មិន​ទទួល​សម្រុង​គ្នា​ដូច្នើ លោក​ទាំង​អស់​ទប់​ពុំ​បាន ក៏​សោច​ទ្រហឹង​អឺង​អាប់ ។
សិកា​នោះ ក៏​សំពះ​លា​លោក​កូន​ត្រឡប់​មក​ដល់​ផ្តះ​វិញ ហើយ​លុត​ជង្គង់​ជូន​បុណ្យ​ប្តី​ថា៖«ខ្ញុំ​ជូន​បុណ្យអ្នក​ផង» ។
ប្តី​ឆ្លើយ​ថា៖ «អើ!អញ​ឃើញ​បាយ​សម្ល​ខ​អាំង ព្យួរ​ទុក​នៅ​សង្រែក អញ​ស៊ី​អស់​ទៅ​ហើយ» ។
ប្រពន្ធ​ក៏​មើល​មុខ​ប្តីៗ មើល​មុខ​ប្រពន្ធ ប៉ប្រិច​ភ្នែក​ម៉ក់ៗ ធ្វើ​វា​ហឺ​តែ​ដោយ​ខ្លួន ។
លុះ​យូរ​បន្តិច ស្រាប់​តែ​ប្អូន​ស្រី​បង្កើត​ខាង​ប្តី នៅ​ភូមិ​ដទៃ​ឆ្ងាយ​មក​ដល់ បាន​ផ្លែ​ពង្រ​មួយ​ផ្តិល​និង​ស្លឹក​ប្រស់​ស្វា​មួយ​សំណុំ​មក​ផ្ញើ​បង និយាយ​សួរ​បង​ថា៖ «បង​បាន​ភ្ជួរ​រាស់​ដក​ស្ទួង​បាន​ស្រែ​ប៉ុន្មាន​ហើយ?» ។
បង​ទាំង​ប្តី​ប្រពន្ធ​ឆ្លើយ​ប្រាប​ទៅ​ប្អូន​ស្រី​វិញថា៖ «អើ​ហង! ល្មម​ទុក​ដាក់​ឲ្យ​វា​មាន​ប្តី​ទៅ​ចុះ តែ​ហង​មើល​កុំ​ឲ្យ​តែ​ចេះ​លេង​បៀ​ផឹក​ស្រា​ជក់​អាភៀន» ។
ប្អូន​ស្រី​ស្ងាប់​មិន​ឮ​ទៀត ក៏​ប្រាប់​ទៅ​បង​ទាំង​ពីរ​នាក់​ថា«ខ្ញុំ​ស្តាយ​ត្រឡាច​ខ្ញុំ​មួយ​ទ្រើង​ណាស់ កំពុង​តែ​ផ្កា​ក្តិប​តូចៗ ស្រាប់​តែ​មេ​ជ្រូក​វា​ទៅ​ឈ្មួស​គល់​ដាច់​ងាប់​អស់» ។
បង​ទាំង​ពីរ​នាក់​ថា៖ «អើ​ហង! ល្មម​ទៅ​ផ្ទះ​ក៏​ទៅ​ចុះ ល្ងាច​ណាស់​ហើយ ក្រែង​កូន​វា​យំ​រក»។
ប្អូន​ស្រី​នោះ ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។
ព្រោះ​អ្នក​ទាំង ៧ នាក់ គឺ​បុរស-ស្រី្ត ប្តី​ប្រពន្ធ, ម្តាយ​ឪពុក, លោក​ភិក្ខុ-កុមារ​ជា​កូន​និង​ប្អូន​ស្រី សុទ្ធ​តែ​ថ្លង់​និយាយ​មិន​ចុះ​សម្រុង​គ្នា បាន​ជា​រឿង​នេះ​គេ​ហៅ​ថា រឿង​តម្លង់​៧​សន្តាន ។
«ស្តាប់​មិន​ទាន់ជាក់ កុំ​អាល​ញាក់​ចិញ្ចើម»
សម្រង់ពីក្រុមជំនុំទំនៀមទម្លាប់ខ្មែរ