Tuesday, December 17, 2013

រឿង បុរសចេះថ្នាំពិសពស់


មាន​ថ្ងៃ​មួយ​ បុរស​ឈ្មោះ​​ សុខ​ ធ្វើ​ដំណើរ​ទៅ​កាប់​ឧស​ក្នុង​ព្រៃ ។ លុះ​ទៅ​ដល់​ព្រៃ​ ជា​កន្លែង​កាប់​ឧស​នោះ​ហើយ​ ឃើញ​ខ្លា​ធំ​មួយ​ដេកស្លាប់​នៅ​ជើង​ដំបូក​ក្បែរ​ច្រក​ផ្លូវ​ចូល ។ ចៅ​សុខ​ពិនិត្យ​មើល​ហេតុ​សព្វ​គ្រប់​ទៅ​ឃើញ​ថា​ ខ្លា​នេះ​ស្លាប់​ដោយ​ពស់​ចឹក​ ព្រោះ​នៅ​ខាង​ក្រោម​ខ្លា​នោះ​មាន​រន្ធ​ពស់​មួយ ។ បុរស​នោះ​មាន​ចិត្ត​សប្បុរស​ចំពោះ​សាកសព​សត្វ​នោះ​ណាស់​ ក៏​ស្រាយ​ថង់​យាម​យក​ថ្នាំ​មក​ដុះ​លាប​ស្រឡាប​ឲ្យ ។ លុះ​បាន​មួយ​ស្របក់​ខ្លា​ដឹង​ខ្លួន​ឡើង​ឃើញ​ខ្លួន​ប្រ​ឡាក់​សុទ្ធ​តែ​ថ្នាំ​ល​លាប​ ក៏​មាន​សេចក្ដី​ទោមនស្ស​នឹង​បុរស​ដែល​លាប​ថ្នាំ​ឲ្យ​ ហើយ​ស្ដី​ឲ្យ​ថា​ហេតុដូចម្ដេច​បាន​ជា​អ្នក​ឯង​ហ៊ាន​យក​អ្វី​មក​ប្រឡាក់​ខ្លួន​អញ​យ៉ាង​នេះ ! ។ បុរស​នោះ​ឆ្លើយ​ថា​យើង​ដើរ​មក​ បាន​ឃើញ​បង​ឯង​ស្លាប់​ដោយ​ពស់​ចឹក​ ហើយ​យើង​ដុះ​ថ្នាំ​ស្រឡាប​លាប​ឲ្យ​បង​ឯង​រស់​តើ ! ។ ខ្លា​ថា​អញ​មាន​ស្លាប់​អី​ ពស់​ចឹក​អញ​កាលណា ! អញ​កំពុង​ដេក​លក់​ស្រួល​ទេ​តើ ! បើ​ដូច្នោះ​ អញ​ត្រូវ​ប្រហារ​ជីវិត​ឯង​ធ្វើ​ជា​អាហារ ។ ចៅ​សុខ​មាន​សេចក្ដី​តក់​ស្លុត​ នឹង​សេចក្ដី​ស្លាប់​ជា​ខ្លាំង​ ក៏​អង្វរ​ខ្លា​ថា​បង​អើយ ! អាណិត​យើង​ផង​ កុំ​អាល​ពិឃាដ​យើង​ក្នុង​គ្រា​នេះ​ ចាំ​យើង​ទៅ​រក​អ្នក​ប្រាជ្ញ​ណា​ឲ្យ​​គេ​ជំនុំ​ជម្រះឲ្យ​ បើ​រក​ទៅ​ឃើញ​ថា​យើង​ខុស​ សឹម​បង​ប្រហារ​ជីវិត​យើង​ បើ​យើង​ត្រូវ​ត្រូវ​ទុក​ជីវិត​យើង ។ ខ្លា​ក៏​ព្រម​តាម​សេចក្ដី​អង្វរ​របស់​ចៅ​សុខៗ​វិល​មក​វិញ​ ប្រទះ​សេះ​នឹង​ក្របី​នៅ​ក្បែរ​ផ្លូវ​ក៏​និយាយ​ថា​ បង​ទាំង​ពីរ​អាណិត​ជួយ​យក​អាយុ​យើង​ផង​ ព្រោះ​ខ្លា​ដែល​ពស់​ចឹក​បាន​រស់​ឡើង​ ដែល​យើង​ដាក់​ថ្នាំ​ឲ្យ​ តែ​វា​ប្រាថ្នា​ប្រហារ​ជីវិត​យើង​ ថា​យើង​ធ្វើ​ឲ្យ​វា​ភ្ញាក់​ ហើយ​ធ្វើ​ឲ្យ​ប្រឡាក់​ខ្លួន​វា​អស់ ។ សត្វ​ទាំងពីរ​ដឹង​សេចក្ដី​សព្វគ្រប់​ ក៏​ពិចារណា​ទៅ​ឃើញ​ថា​ តាម​ពិត​ត្រូវ​តែ​ទៅ​កាត់​សេចក្ដី​ឲ្យ​បុរស​នេះ​ឈ្នះ​ខ្លា​ ប៉ុន្តែ​បើ​អញ​ឲ្យ​បុរស​នេះ​ឈ្នះ​ទៅ​ មុខ​ជា​ខ្លា​គុំ​អញ​ ស៊ី​អញ​ជា​អាហារ​ពុំ​លែង​ ក៏​ប្រាប់​ទៅ​ចៅ​សុខ​ថា​ បង​ឯង​ខុស​មែន​ហើយ​ត្រូវ​ឲ្យ​ខ្លា​ស៊ី​ទៅ ។ ចៅ​សុខ​រឹត​តែ​ភ័យ​ឡើង​ក៏​លា​សេះ​និង​ក្របី​ ដើរ​យ៉ាង​លឿន​ទៅ​ទៀត​ លុះ​ប្រទះ​និង​សុភាទន្សាយ​ ចៅ​សុខ​ក៏​ប្ដឹង​តាម​ដំណើរ ។ សុភា​ទន្សាយ​ដឹង​រឿង​សព្វគ្រប់​ ក៏​ប្រាប់​សុខ​ថា​ឲ្យ​ទៅ​និយាយ​អង្វរ​ខ្លា​ទៀត​ទៅ​ សឹម​យើង​ទៅ​ជួប ។
គ្រា​ដែល​បុរស​នោះ​ កំពុង​ជជែក​នឹង​ខ្លា​ សុភាទន្សាយ​ទៅ​ដល់​ ក៏​ធ្វើ​ជា​សួរ​ថា​បង​ឯង​ទាំងពីរ​នាក់​ទាស់​គ្នា​ពី​រឿង​អ្វី ! ។ ខ្លា​និង​ចៅ​សុខ​ ក៏​បាន​ប្ដឹង​តាម​ដំណើរ​រៀងៗ​ខ្លួន ។
សុភាទន្សាយ​ កាត់​សេចក្ដី​ថា​ បើ​ដូច្នេះ​ត្រូវ​បង​ខ្លា​ឯង​ទៅ​ដេក​នៅ​ត្រង់​កន្លែង​ដដែល​ ឲ្យ​យូរ​ដូច​ពី​មុន​ បើ​ដល់​ពេល​​ ត្រូវ​ភ្ញាក់​ហើយ​ពុំ​ស្លាប់​ទេ​ សឹម​បង​ឯង​មក​ពិឃាដ​មនុស្ស​នេះ​​ធ្វើ​ជា​អាហារ​ចុះ ។
ខ្លា​ទៅ​ដេក​តាម​បង្គាប់, ពស់​ក៏​ចេញ​ពី​រន្ធ​មក​ចឹក​ខ្លា​នោះ​ស្លាប់​ទៅ ។ សុភាទន្សាយ​ឃើញ​ខ្លា​ស្លាប់​ហើយ​ក៏​ប្រាប់​ទៅ​បុរស​នោះ​ថា​ បង​ឯង​កុំ​លាប​ថ្នាំ​ឲ្យ​វា​ទៀត​ប្រាប់​ហើយ​ក៏​លា​ចៅ​សុខ​ទៅ​លំនៅ​វិញ ។

ធ្វើ​គុណ​ បាន​ទោស​

យោងពីសៀវភៅប្រជុំរឿងព្រេងខ្មែរ

Sunday, December 15, 2013

រឿង បុរសពីរនាក់ចង់បានប្រពន្ធគេ


មាន​រឿង​មួយ​ថា​ មាន​បុរស​ម្នាក់​ មាន​ប្រពន្ធ​ល្អ​ ទើប​តែ​រៀប​ការ​ថ្មីៗ​ បណ្ដើរ​គ្នា​ទៅ​សួរ​ញាតិ​ មាន​កម្លោះ​ពីរ​នាក់​ បាន​ឃើញ​ ក៏​ស្រឡាញ់​ចង់​បាន​ វា​គិត​ថា «យើង​ធ្វើ​ដូចម្ដេច​នឹង​បាន​អេះ ? »។ ចៅ​ម្នាក់​ ឆ្លើយ​ថា​ «ងាយ​ទេ​ ឯង​គិត​ទៅ​រក​ខ្ចី​រទេះ​គោ​មក​បរ​ ប៉ុន្តែ​ឯង​មិន​ស្គាល់​អញ​ បើ​អញ​សួរ​ឯងៗ​ កុំ​ប្រាប់​ថា​រទេះ​ ចូរ​ឯង​ប្រាប់​ថា​ចន្ទោល​ ថា​នឹម​ទៅ​វិញ »។ ទើប​កម្លោះ​ម្នាក់​ទៅ​ខ្ចី​រទេះ​គេ​មក​បរ​ឲ្យ​ជួប​នឹង​បុរស​បណ្ដើរ​ប្រពន្ធ​ នោះ​ដើរ​មក​ដល់, ក៏​កម្លោះ​ម្នាក់​នោះ​វា​សួរ​ថា «នែ​អ្នក ! អញ្ជើញ​មក​អាយ​ ឈប់​និយាយ​គ្នា​លេង​បន្តិច​សិន » ។ បុរស​ការ​ប្រពន្ធ​ថ្មី​ ក៏​ចូល​ទៅ​អង្គុយ​លេង ។ លុះ​កម្លោះ​ម្នាក់​ បររទេះ​មក​ដល់​វា​ធ្វើ​ជា​សួរ​ថា « នេះ​ហៅ​អ្វីអ្នក?»។ បុរស​ប្ដី​ប្រពន្ធ​ ឆ្លើយ​ប្រាប់​ថា «​ គេ​ហៅ​រទេះ»។ មែន​ឬ​អ្នក ? បុរស​នោះ​ថា មែន  «បើ​មែន​អ្នក​ហ៊ាន​ភ្នាល់​នឹង​ខ្ញុំ​ទេ»។បុរស​នោះ​សួរ​ថា «អ្នក​ឯង​មាន​ទ្រព្យ​អ្វី​ភ្នាល់​នឹង​យើង ? ។ កម្លោះ​នោះ​ថា បើ​ខ្ញុំ​ចាញ់​ ខ្ញុំ​នៅ​ជា​ខ្ញុំ​អ្នក​ បើ​ខ្ញុំ​ឈ្នះសុំ​តែ​ប្រពន្ធ​អ្នក ។ បុរស​នោះ​គិត​ថា​ ប្រាកដ​ជា​គេ​ហៅ​រទេះ​មែន​នឹង​ខ្លាច​អ្វី​ ក៏​ព្រម​ភ្នាល់​នឹង​គេ​ទៅ ។ ទើប​កម្លោះ​ដែល​ឈរ​ សួរ​ទៅ​អ្នក​បររទេះ​ចង្អុល​ទៅ​សួរ​ទៅ​ចន្ទោល, កម្លោះ​អ្នក​បររទេះ​ប្រាប់​ថានេះ​គេ​ហៅ​ចន្ទោល។ ចង្អុល​សួរ​ទៅ​នឹម​ថា នេះ​គេ​ហៅ​នឹម  «នេះ​គេ​ហៅ​ទូក ,នេះ​គេ​ហៅ​ទ្រាយ,នេះ​គេ​ហៅ​ប្រែក, នេះ​គេ​ហៅ​កង់, នេះ​គេ​ហៅខ្នង​កង់, នេះ​គេ​ហៅ​ត្រពង។ ដល់​ឆ្លើយ​រួច​សព្វគ្រប់​ កម្លោះ​នោះ​សួរ​ទៅ​បុរស​ជា​ប្ដី​ថា ឥឡូវ​ គេ​មិន​ហៅ​រទេះ​ទេ​ បើ​ដូច្នោះ​តើ​អ្នក​ឯង​ព្រម​ចាញ់​យើង​ឲ្យ​ប្រពន្ធ​មក​យើង​ឬ​ម្ដេច ? បុរស​ជា​ប្ដី​នោះ​មិន​ព្រម, ដល់​ប្រកែក​ទៅ​មិន​ឈ្នះ​គេៗ​ ដណ្ដើម​យក​ប្រពន្ធ​ទៅ​បាន ។ បុរស​នោះ​មិន​សុខ​ចិត្ត​ទៅ​ប្ដឹង​ចៅ​ក្រមៗ​ ឲ្យ​ទៅ​កោះ​ចៅ​ទាំង​ពីរ​នោះ​មក​ជំនុំ, កម្លោះ​ទាំង​ពីរ​នាក់​នោះ​វា​សូក​ចៅ​ក្រមៗ​កាត់​សេចក្ដី​ថា ត្រូវ​ចាញ់​គេ​ហើយ​ ត្រូវ​ឲ្យ​ប្រពន្ធ​ទៅ​គេ​ហើយ ។ បុរស​នោះ​ខឹង​ណាស់​ ត្បិត​គេ​យក​ប្រពន្ធ​ទៅ​បាន​ ដើរ​ផង​ យំ​ផង, ដើរ​បន្តិច​ទៅ​ប្រទះ​សុភាទន្សាយៗ​សួរ​ថា ថ្វី​បាន​ជា​យំ​បង ? ៗ បុរស​នោះ​ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់ ។ សុភាទន្សាយ​ថា បើ​ដូច្នោះ​បង​ឯង​កុំ​ភ័យ​ រក​តែ​ចេក​មក​ឲ្យ​យើង​ស៊ី​សិន​ យើង​ទៅ​ជួយ​ជំនុំ​ឲ្យ​បាន​ប្រពន្ធ​មក​វិញ ។ បុរស​នោះ​អរណាស់​ ខំ​ទៅ​រក​ចេក​មក​ឲ្យ​សុភាទន្សាយៗ​ ស៊ី​ចេក​រួច​ហើយ​ ដើរ​ទៅ​ជាមួយ​បុរស​នោះ​ ទៅ​ដល់​សួរ​ចៅក្រម​ថា លោក​កាត់​សេចក្ដី​គេ​នោះ​ តើ​ដូចម្ដេច​ខ្លះ ? ។ ចៅក្រម​ ឆ្លើយ​ប្រាប់​តាម​ដំណើរ​សព្វគ្រប់ ។ សុភាទន្សាយ​ថា លោក​កាត់​សេចក្ដី​ មិន​ទាន់​អស់​ទេ​ បើ​ដូច្នេះ​ខ្ញុំ​សូម​កាត់​សេចក្ដី​នេះ​ផង​ ឲ្យ​សុខ​ចិត្ត​ទាំងពីរ​ខាង។ សុភា​ទន្សាយ​ សួរ​កម្លោះ​ដែល​យក​ប្រពន្ធ​គេ​មក​នោះ​ថា អ្នក​ទាំងពីរ​នាក់​កាល​ភ្នាល់​គ្នា​ថា​ដាក់​អ្វី ? ។ បុរស​នោះ​ឆ្លើយ​ថា ដាក់​ប្រពន្ធ ។ សុភាទន្សាយ​ សួរ​ទៅ​កម្លោះ​នោះ​ថា ត្រង់​ណា​ហៅ​ប្រពន្ធ បើ​អ្នក​រក​ឃើញ​យក​ទៅ​ចុះ​ បើ​រក​មិន​ឃើញ​ទេ​ ឲ្យ​ប្រពន្ធ​ទៅ​គេ​វិញ​ទៅ។ កម្លោះ​នោះ​ចាប់​ត្រង់​ដៃ, សុភាទន្សាយ​ប្រាប់​ថា​ នេះ​គេ​ហៅ​ថា​ដៃ​ទេ​ វា​ចាប់​ត្រង់​ជើង​ សុភា​ទន្សាយ​ថា នេះ​គេ​ហៅ​ជើង​ទេ វា​ចាប់​ត្រង់​នេះ​ ក៏​ថា​មិនមែន, ត្រង់​នោះ​ក៏​ថា​មិនមែន​ ហើយ​ប្រាប់​ថា​រួម​ទាំងអស់​គ្នា​ទៅ​ទើប​គេ​ហៅ« ប្រពន្ធ » ឯ​រទេះ​ក៏​ដូច​គ្នា​គឺ​គេ​ហៅ​ចន្ទោល​ នឹម​ ទូក​ ទ្រាយ​ ប្រែក​ ធ្នង់​ ត្រពង​ រួម​ទាំងអស់​នេះ​ទៅ​ ទើប​ហៅ​ថា​« រទេះ» បើ​ដូច្នេះ​ ឯង​យក​ប្រពន្ធ​គេ​ មិន​បាន​ទេ​ ឲ្យ​មក​គេ​វិញ ។ សុភាទន្សាយ​ឲ្យ​កម្លោះ​នោះ​ យក​ប្រពន្ធ​មក​វិញ។ សុភាទន្សាយ​ស្ដី​ឲ្យ​លោក​ចៅក្រម​ថា បង​កាត់​សេចក្ដី​នេះ​ស៊ី​តែ​សំណូក​គេ​ គ្មាន​ត្រង់​តាម​ព្រះ​ច្បាប់​សោះ។ បុរស​នោះ​ប្រាប់​ប្រពន្ធ​មក​វិញ​ ក៏​អរណាស់​ លើក​ដៃ​សំពះ​សុភាទន្សាយ​ថា លោក​បង​កាត់​សេចក្ដី​នេះ​ ពេញ​ហៅ​ត្រង់​ហើយ​ ឲ្យ​លោក​បាន​សម្បត្តិ​សួគ៌​និព្វាន 

ប្រាជ្ញ​ឯង​ ឲ្យ​ក្រែង​ប្រាជ្ញ​គេ

យោងពីប្រជុំរឿងព្រេងខ្មែរ

Friday, December 13, 2013

រឿង ដង្កូវ និងក្អែក


មាន​និទាន​មួយ​ថា​ សត្វ​ដង្កូវ​កំពុង​ស៊ី​ស្លឹក​ឈើ​ មាន​សត្វ​ក្អែក​មួយ​ហើរ​រក​ចំណី​​ទៅ​ប្រទះ​នឹង​ដង្កូវ​នោះ ។ ក្អែក​ថា «ពេល​នេះ​ មាន​លាភ​បាន​ដង្កូវ​ស៊ី» ក៏​ហើរ​ទៅ​ជិត​ដង្កូវ ។ ដង្កូវ​ក្រឡេក​ឃើញ​ក្អែក​ក៏​នឹក​ថា «ខ្លួន​អា​ក្អែក​នេះ​ ចិត្ត​ឃោរ​ឃៅ​នឹង​ចឹក​អញ​ស៊ី​ឥឡូវ​ហើយ»។ ដង្កូវ​សួរ​ក្អែក​ថា «មក​រក​អ្វី ?»។ ក្អែក​ប្រាប់​ទៅ​ដង្កូវ​វិញ​ថា «អញ​មក​ស៊ី​ដង្កូវ​ឯង»។ ដង្កូវ​ថា «លុះ​តែ​ក្អែក​ឯង​ រក​ប្រស្នា​អញ​ឃើញ​ទើប​ស៊ី​អញ​បាន, បើ​រក​ប្រស្នា​អញ​មិន​ឃើញ​ ស៊ី​អញ​មិន​បាន​ទេ»។ ក្អែក​សួរ​ថា « ប្រស្នា​ដង្កូវ​ឯង​យ៉ាង​ដូចម្ដេច​សួរ​មក​ចុះ​​អញ​នឹង​រក​ឲ្យ​ឃើញ» ។ ដង្កូវ​សួរ​ទៅ​ក្អែក​ ដូច​មាន​ត​ទៅ​នេះ៖
១  ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ផ្អែម​ជាង​គេ​បំផុត ?
២  ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ជូរ​ចត់​ជាង​គេ​បំផុត ?
៣ ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ស្អុយ​ជាង​គេ​បំផុត ?
៤  ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ក្រអូប​ជាង​គេ​បំផុត ?

កាល​បើ​ក្អែក​ បាន​ឮ​ដង្កូវ​សួរ​ប្រស្នា​ទាំង​៤​បទ​នេះ​ហើយ​ មាន​សេចក្ដី​ត្រេកអរ​ជា​ទី​បំផុត​ ក៏​ស្រែក​ហ៊ោ​កញ្រ្ជៀវ​លេង​ ដោយ​គិត​ថា «ប្រស្នា​ដង្កូវ​ទាំង​៤​បទ​នេះ​ អញ​មុខ​ជា​រក​ឃើញ​ឥឡូវ​ហើយ​ នឹង​បាន​​ស៊ី​ដង្កូវ​នេះ​មិន​ខាន » ទើប​ក្អែក​ឆ្លើយ​ដោះ​ស្រាយ​ប្រស្នា​ដូច​មាន​ត​ទៅ​នេះ ។
១ -ដែល​គេ​ហៅ​ថា​ផ្ងែម​នោះ​ គឺ​មាន​ស្ករ​ និង​ឃ្មុំ​ ផ្អែម​ជាង​អ្វី​ទាំង​ពួង ។
 - ដែល​គេ​ហៅ​ថា​ជូរ​ចត់​នោះ​ គឺ​មាន​ម្ជូរ​ក្រូច​ឆ្មារ,អម្ពិល,ម្ជូរ​សណ្ដាន់,ម្ជូរ​ក្រសាំង,និង​ទឹក​ខ្មេះ ។
៣-ដែល​គេ​ហៅ​ថា​ស្អុយ​ជាង​គេ​នោះ​ គឺ​អាចម៍​ និង​គម្រង់​ខ្មោច​សត្វ​ទាំង​ពួង ។
៤- ដែល​គេ​ហៅ​ថា​ ក្រអូប​ជាង​គេ​នោះ​ គឺ​ផ្កា​រំដួល​ ផ្កា​ម្លិះ​ និង​ទឹក​អប់ ។

ក្អែក​បាន​ដោះ​ស្រាយ​ប្រស្នា​ទាំង​៤​បទ​នេះ​ ប្រាប់​ទៅ​ដង្កូវ ។ ដង្កូវ​ថា « ក្អែក​ ដោះ​ប្រស្នា​នេះ​ មិន​ត្រូវ​ទេ » ។ ក្អែក​ក៏​ដាក់​មុខ​ស្រងូត​ និយាយ​ទៅ​ដង្កូវ​វិញ​ថា « បើ​ដង្កូវ​ឯង​ថា​ខុស​ សុំ​ឲ្យ​ដង្កូវ​ប្រាប់​ប្រ​ស្នា​នេះ​មក​អញ​ឲ្យ​បាន​ដឹង​ផង »។ ដង្កូវ​ប្រាប់​ទៅ​ក្អែក​វិញ​ថា « ប្រាប់​បាន​ តែ​ក្អែក​ឯង​កុំ​ស៊ី​អញ​​ទើប​អញ​ប្រាប់» ។ ក្អែក​ថា «ឲ្យ​តែ​ប្រាប់​ចុះ​ អញ​មិន​ស៊ី​ដង្កូវ​ឯង​ទេ» ។ លុះ​បាន​ខ​សន្យា​ព្រម​ព្រៀង​គ្នា​យ៉ាង​ហ្នឹង​ហើយ, ដង្កូវ​ក៏​ដោះ​ស្រាយ​ប្រស្នា​ប្រាប់​ទៅ​ក្អែក​ ដូច​មាន​ពាក្យ​ត​ទៅ​នេះ៖
១​ - ដែល​គេ​ហៅ​ថា​ ផ្អែម​នោះ​ មិន​មែន​ផ្អែម​ស្ករ​ទឹក​ឃ្មុំ​នោះ​ទេ​ គឺ​ផ្អែម​ពាក្យ​សម្ដី​ ដែល​និយាយ​ទៅ​មក​រក​គ្នា​ ដោយ​ពាក្យ​ពិរោះ​ស្មោះ​ត្រង់​រក​គ្នា, នេះ​ហើយ​ហៅ​ថា​ ផ្អែម​ជា​ទី​បំផុត ។
២ - ដែល​គេ​ហៅ​ថា​ ជូរ​ចត់​នោះ​ មិន​មែន​ជូរ​ចត់​ អម្ពិល​ សណ្ដាន់​ ក្រូចឆ្មារ​ ទឹក​ខ្មេះ​នោះ​ទេ​ គឺ​ពាក្យ​ផរុសវាទ​ ឃោរឃៅ​ ឥត​គួរ​ ឥត​សម​ ដែល​និយាយ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក, នេះ​ហើយ​ហៅ​ថា «ជូរ​ចត់​លើស​ជូរ​ចត់​អ្វី​ទាំង​ពួង» ។
៣ - ដែល​គេ​ហៅ​ថា​ ស្អុយ​នោះ​ មិន​មែន​ស្អុយ​អាចម៍​ ឬ​ស្អុយ​គម្រង់នោះ​ទេ​ គឺ​ស្អុយ​កេរ្ត៍​ ស្អុយ​ឈ្មោះ​ ដែល​ប្រព្រឹត្ត​អាក្រក់​ក្នុង​លោក , នេះ​ហើយ​ហៅ​ថា « ស្អុយ​ច្រាស​ខ្យល់»
៥ - ដែល​គេ​ហៅ​ថា​ ក្រអូប​នោះ​ គឺ​មិន​មែន​ក្រអូប​ក្លិន​ផ្កា​ ឬ​ទឹក​អប់​នោះ​ទេ​ គឺ​ក្រអូប​កេរ្ត៍​ឈ្មោះ​ ដែល​ប្រតិបត្តិ​ល្អ, នេះ​ហើយ​ហៅ​ថា «ក្រអូប​ជាង​គ្រឿង​ក្រអូប​ទាំងពួង »
ក្អែក​បាន​ស្ដាប់​ប្រស្នា​ទាំង​នេះ​ហើយ​ ឈប់​ស៊ី​ដង្កូវ​ទៅ ។

យោងពីសៀវភៅប្រជុំរឿងព្រេងខ្មែរ...


Tuesday, December 10, 2013

រឿង ចចក


កាលពីព្រេងនាយមានចចកត្រោសធំមួយ។ ដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹក ដើម្បី​​​​ ចាប់ត្រីស៊ី។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយ ឃើញសុទ្ធតែភក់ មានត្រី កំពឹស បង្កង ក្តាមជាច្រើនណាស់ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា «ថៃ្ងនេះអញ មានលាភធំណាស់ ជាលាភចម្លែកជាងសព្វថៃ្ង»។ ឯកំពឹសមានប្រាជ្ញាឮចចកថា​ដូចេ្នះហើយ ក៏និ យាយលួងលោមចចកថា «យើង​ទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុនែ្ត យើង ប្រឡាក់ភក់ណាស់ បងឯងស៊ីយើង​ទាំងប្រឡាក់ភក់ ដូចេ្នះមិនធ្ងាញ់ពិសាទេ»។​ ចចកធ្លើយ  ថា «ធើ្វដូចមេ្តចនឹងឆ្ងាញ់ពិសា?» កំពឹសថា «ត្រូវ បងចចកឯងយកយើងទៅលាងទឹកឲ្យជ្រះស្អាត ហើយសឹមស៊ីទើបឆ្ងាញ់ពិសា»។  ចចកថា «ធើ្វដូចមេ្តច នឺងយកទៅលាងទឹកបាន​ បើច្រើនដល់ មេ្លះ?» កំពឹសថា «បងចចកកុំព្រួយចិត្ត ខ្ញុំធានាគិតឲ្យ បងឯងបាន ស្រួលប៉ុនែ្តត្រូវបងឯងតាមខ្ញុំ» ចចកឆ្លើយថា «បងឯងធ្វើដូចមេ្តចក៏ខ្ញុំតាមទាំងអស់» កំពឹសថា «បើដូចេ្នះ ចូរបងឯងចុះមកដេក ននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឺងបានតោងខាំរោមបងឯង​ បងនាំ យើងទៅរកស្ទឹង បឹងបួរ ឯណាមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត ហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ ពិសា តាមចិត្តចុះ»។
ឯចចក ជាសត្វល្មោភហើយល្ងង់ ក៏ធ្វើតាមពាក្យកំពឹស កំពឹស នឹងត្រីបបួលគ្នា តោងរោមចចក ទៅ។ លុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រី និងកំពឹសលោតទៅ ក្នុងទឹក​បឹង​​​ប្រាប់​ថា «បងចចកឯង ទៅជញ្ជូនមកឲ្យអស់សិនសិមមកស៊ីឲ្យឆែ្អតតែម្តង យើងនៅចាំ បងនៅទីនេះ»។​ ចចក​ក៏ទៅជញ្ចូនត្រីនឹងកំពឹសមក​លុះត្រាតែអស់ពីត្រពាំងនោះ។ ពួកត្រី ក្តាម ខ្ចង ដឹងថាចចកជញ្ចូនអស់​ហើយ នាំគ្នា មុជក្នុងទឹកជ្រៅបាត់អស់។ ឯចចកដឹងថាកំពឹស បពោ្ឆតដូចេ្នះ ខឹងណាស់ ដើរទៅបបួល​អស់​សត្វធំតូច ដំរី រមាសខ្លា គ្រប់ភាសាសត្វទាំងពស់ថ្លាន់ ពស់ធំ ពស់  តូច ទាំងអស់បបួលគ្នាមកបាច​ ទឹកបឹង​នោះឲ្យរីង នឹងចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់។ ចចកបាន ឲ្យពស់ថ្លាន់ធើ្វទំនប់ទឹក។ អស់សត្វឯ ទៀតក៏​បបួលគ្នាបាច សត្វក្នុងបឹងដឹងថា ចចកបបួលគ្នាបាច ទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថា  «ខ្ញុំឮគេ​និយាយថា បង សុភា ទន្សាយជាអ្នកមានប្រាជ្ញា​ចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់។  បើដូចេ្នះ​ខ្ញុំនិងទៅពឹងបង សុភាទន្សាយឲ្យមកជួយ ដោះទុក្ខអស់យើង»
ពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទន្សាយ។ ត្រីក្រាញ់ប្រឹងននៀលទៅ លុះ ដល់​​ត្រូវ​ ថៃ្ងកៀ្រមស្រកាអស់។ ដល់យប់សុភាទន្សាយចេញមករកស៊ី បានឃើញត្រីក្រាញ់ននៀល ដូច្នោះក៏សួរថា  «បងត្រីក្រាញ់ទៅណា?»​ ត្រីក្រាញ់ឃើញសុភាទន្សាយហើយ  មានចិត្តត្រេកអរ ណាស់ និយាយអង្វរថា «បង​សុភាទន្សាយអាណិត ដ្បិតត្រីទាំងអស់ក្នុងបឹង គេប្រើឲ្យខ្ញុំអញ្ជើញ  បង សុភាទៅដ្បិតឮទាំង មនុស្សនិយាយ​​​ ថា បងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខគេ បើ អ្នកឯណាកើតទុក្ខបងតែងទៅ ជួយដោះទុក្ខគេមិន ដែលខាន។ ឥឡូវមាន ដំរី ក្របី គោ រមាស  រមាំង ជ្រូក ពស់ធំ ពស់តូច ទាំងសត្វ ហើរគឺ កុក ក្រៀល ​ចង្ក្រៀល ខ្យង ទុកង ទោម ក្អែកទឹក    ប្រវឹក ស្មោញ ទាំងប៉ុន្មាន បានបបួលគ្នាមកបាច ទឹកបឹង ឲ្យរីងនឹង បានចាប់អស់ត្រី អណ្ដើក កន្ធាយ ស៊ីជាចំណីឲ្យអស់ពីក្នុងបឹងនេះ។ គេឲ្យពស់​ថ្លាន់ ពស់តូច ធ្វើជាទំនប់ទប់បឹងនេះឯង។ បើ ដូចេ្នះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់បងប្អូន ឲ្យបានរួចពីភ័យ ម្តងនេះនឹង បានល្បី កេរ្តិ៏ឈ្មោះតទៅ។ អស់យើង នឹងតបគុណបង សុភាទន្សាយឯង យើងមិនភេ្លចគុណដ៏រាបអស់ ជីវិត»។ ឯទន្សាយលឺត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយ ថា »បងត្រី​ក្រាញ់ទៅមុនចុះ ទៅប្រាប់ បងប្អូន កុំឲ្យភ័យភិតចាំជួយដោះឲ្យរួចកុំបារម្ភឡើយ»
ត្រីក្រាញ់ក៏ត្រឡប់ទៅវិញ។ ឯទន្សាយលុះព្រឹកព្រហ៊ាមឡើងទៅមាត់បឹងទៅឃើញអស់សត្វ កំពុងតែបាចទឹក ក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះៗមកធ្វើជាសំបុត្រហើយស្រែកហៅ​អស់សត្វ ទាំងនោះថា «នែ! បងប្អូន ទាំងអស់គ្នា ចាំស្តាប់ខ្ញុំ។ ដ្បិតព្រហ្មឥន្រ្ទឲ្យខ្ញុំនាំសំបុត្រមកប្រាប់គ្រប់គ្នា​​ ថា ព្រះឥន្រ្ទលោកនឹងមកកាច់ជើង ត្រុំ ប្រមុំ ជើងអក កាច់ក្បាលចចក ដកភ្លុកដំរីស» អស់សត្វឮ​​   ថា សំបុត្រព្រះឥន្រ្ទដូច្នោះ ភ័យ ណាស់ផ្អើល ជាន់លើគ្នា ដំរី ក្របី រមាស រមាំង ស្ទុះបោលទៅជាន់ លើពស់ថ្លាន់ជាទំនប់ ដាច់ខ្លួនជាពីរបីកំណាត់ ធ្លាយ ទំនប់លិចទឹកស្លាប់អស់។ សត្វទាំងនោះក៏ជា ចំណីត្រីវិញ។ តាំងអំពីថៃ្ងនោះមកអស់សត្វ ទាំងពួងកោត ខ្លាចប្រាជ្ញាសុភាទន្សាយសុភាទន្សាយ ជាគ្រូបាអាចារ្យ ជាគ្រូបាអាចារ្យទាំងអស់គ្នា។

យោងឯកសារប្រជុំរឿងព្រេងខ្មែរ


Tuesday, December 3, 2013

មាយាដកខ្ញី


មានបុរសម្នាក់ និងស្ដ្រីម្នាក់ជាប្ដីប្រពន្ធ នៅក្នុងស្រុកមួយ ប្ដីជាមនុស្សចិត្តត្រង់ តែគ្មានប្រាជ្ញា ឯនាងប្រពន្ធនោះ ជាស្រីចិត្តមិនត្រង់នឹងប្ដី តែងមានមាយាច្រើន ។ ថ្ងៃមួយនាងប្រពន្ធប្រាថ្នា​ចង់​ជួបនឹងសាហាយណាស់ ដោយឃ្លាតគ្នាយូរហើយ តែមិនដឹងជាធ្វើដូចម្ដេចនឹងទៅជួបបាន​ដោយ​ភូមិនោះឆ្ងាយពីគ្នា បើដើរទៅគេថាខ្មោចលង។ នាងប្រពន្ធក៏និយាយនឹងប្ដីខ្លួនថា៖ «អ្នក! ល្ងាចនេះ​យើងគិតទៅរកទិញមាន់មួយមកធ្វើស៊ីបានម្ដង អ្នកចង់ស៊ីទេ?។ ប្ដីតបវិញថា «ចង់ស៊ីដែរ» ប្រពន្ធថា «ខ្ញុំចង់ស៊ីខួរខ្ញី »។ ប្ដីថា «អើ ! អញក៏ចង់ស៊ីខួរខ្ញីដែរ» ថាហើយក៏បបួលគ្នា​ចុះដើរទៅរកទិញ​មាន់​អ្នកស្រុកនៅភូមិជិតផ្ទះសាហាយនោះ។
ប្ដី និង ប្រពន្ធបបួលគ្នាសួររកទិញគ្រប់តែផ្ទះ។ នាងប្រពន្ធដើរបែកពីប្ដីទៅជួប នឹងសាហាយវា​និយាយកិច្ចកលផ្សេងៗ រួចមកជួបនឹងប្ដីវិញហើយប្រាប់ប្ដីថា អ្នក!ផ្ទះឯណោះគេមានមាន់លក់​គេ​ប្រាប់ខ្ញុំម៉ិញ»។ ប្ដីព្រមទៅតាមប្រពន្ធប្រាប់ក៏ទិញបានមេមាន់មួយយួរត្រលប់ទៅផ្ទះវិញ។ ពេលនោះ​​​ ជាពេលព្រលប់ ទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែនាងប្រពន្ធធ្វើមាយាគត់ទ្រូងថា «ឱ! អ្នក​អើយ​ភ្លេច​​ដូចគេលត់ទៅហើយ»។ ប្ដីសួរថា «ភ្លេចអ្វី ?»។ ប្រពន្ធថា «ភ្លេចខ្ញីទៅហើយអ្នក បើដូច្នោះ​អ្នក​អែងនៅនេះសិនចុះ ខ្ញុំរត់ទៅវាឆាប់» ហើយនាងនោះរត់ទៅ ប្ដីក៏ឈរចាំប្រពន្ធ។
ឯនាងប្រពន្ធកាលណាឃ្លាតពីប្ដីហើយ ក៏គេចទៅជួបប្រុសសាហាយខ្លួន ហេតុតែរឭកសា​​​ហាយ​ខ្លាំងណាស់ក៏ប្រះដេកទៅដី មិនរកផ្ទះសំបែងទេ ដោយប្រញាប់ទៅជួបប្ដីវិញ។ ឯប្រុស​សាហាយ​នោះក៏ទទួលភារ:នាងនោះទៅរួច នាងនោះយកខ្ញីពីសាហាយ ហើយផ្ដាំថា «ល្ងាចនេះ​អោយអ្នក​ឯងចាំមើល បើមានពេលស្រួលចូលទៅដេកម្ដងទៀតចុះ» និយាយកិច្ចការសព្វគ្រប់​  ហើយ​នាង​នោះ​ក៏ត្រលប់មកឯប្ដីដើម។
កាលដែលនាងប្រះដេកនោះ ដីក៏នៅប្រលាក់ជាប់ នឹងខ្នងមិនទាន់បោសនៅឡើយ ព្រោះដើរមក​​​ដោយប្រញាប់ លុះដើរមកដល់ប្ដីខ្លួនហើយក៏សើចក្អាកក្អាយ និយាយទៅកាន់ប្ដីខ្លួនថា «អ្នក​ឃើញ​ម៉ិញប្រហែលជាសើចដាច់ខ្យល់ហើយ»។ ប្ដីសួរថា «សើចអី ?»។ ប្រពន្ធតបថា «ឯអ្នកមើល​ខ្នងខ្ញុំ បោសអោយបន្តិចណា! ហ្នឹងហើយខ្ញុំដកខ្ញីទៅ វារបូតដៃទាំងអស់មក ខ្ញុំដួលផ្ងារទៅក្រោយ​បះ​ជើងច្រោង បានជាប្រលាក់ខ្នងខ្ញុំអស់»។ 
ប្ដីមិនដឹងក៏បោសខ្នងអោយប្រពន្ធទៅរួចហើយនាំគ្នាដើរទៅផ្ទះ ធ្វើបាយ និងធ្វើមាន់ស៊ី ធ្វើរួច​ហើយពេល​ងងឹតស៊ីបាយរួច​ប្រពន្ធនិយាយនឹងប្ដីថា «អ្នកផ្លុំប៉ីទៅខ្ញុំនឹងស្ដាប់» ប្ដីក៏យកប៉ីមកផ្លុំ។ ប្រពន្ធដេកស្ដាប់ៗ បន្តិចទៅក៏កិលមកដេកលើភ្លៅប្ដីហើយថា «ពិរោះណាស់អ្នក ! អ្នកផ្លុំប៉ី​មើលរន្ធ​ដែររឺទេ ? បើអ្នកមិនមើលរន្ធ ធ្វើម្ដេចនឹងចាប់បើកបិទត្រូវទំនុក ?»។ ប្ដីតបថា «ទេមិនបាច់មើលរន្ធទេ ព្រោះដៃចាំស្ទាត់ហើយ ចំនាំរន្ធផង»។ ប្រពន្ធថា «បើដូច្នេះខ្ញុំបិទភ្នែកអ្នកទាំងពីរមើល​អ្នកនៅ​តែផ្លុំ​ពិរោះដដែលរឺទេ?។ ប្ដីតបថា «បិទចុះ ផ្លុំក៏នៅពិរោះដូចមុនដែរ»។ 
ប្រពន្ធយកដៃបិទភ្នែកប្ដីខ្លួនទាំងពីរ រួចហើយក៏កន្ធែកជើងអោយសាហាយនោះឃើញ។ ប្រុស​សាហាយឃើញ សាហាយខ្លួនបិទភ្នែកប្ដីបានហើយ កន្ធែកជើងអោយសញ្ញាដូច្នោះ ក៏ចូលទៅ​រួម​សង្វាសនឹងនាងនោះទៀត ។ លុះសាហាយនោះថយចេញ ទើបប្រពន្ធលែងបិទភ្នែកប្ដី។ ប្ដីនោះ​ក៏មិនដឹងដល់ កិច្ចកលនោះឡើយ ។ ព្រោះហេតុនេះ បានជាមានពាក្យបុរាណថា មាយាដកខ្ញីមាន​​ទាំងទំនុកច្រើនផងថា ៖
 «ស្រីអើយនាងស្រី ស្រស់ទៅដកខ្ញី ដកដួលទាំងខ្លួន
កាលដកលើកមុន តូចតន់លាក់ខ្លួន ដកក្រោយសំនួន
ផ្ទួនឲ្យប្ដីស្ដាប់។ ប្ដីនាងអ្នកផ្លុំ នាងសុំធ្វើត្រាប់
បន្ទរអឺងអាប់ ចប់បទអុំទូក»

កុំពត់ស្រលៅ កុំប្រដៅស្រីខូច


(សម្រង់ចេញពី សៀវភៅប្រជុំរឿងព្រេងខ្មែរ)

Monday, December 2, 2013

រឿង ចៅអាចម៍សេះ


មាន​បុរស​ម្នាក់​ អ្នក​ស្រុក​គេ​ហៅ​ថា ចៅ​អាចម៍​សេះ ព្រោះ​នៅ​ខ្ញុំ​សេដ្ឋី​គេ​ឲ្យ​ឃ្វាល​សេះ​ប្រហែល​​​​ ជា​៥០​ក្បាល​ គេ​ឲ្យ​ទៅ​សង់​ខ្ទម​នៅ​បៀត​មាត់​ទន្លេ ។ បុរស​នោះ​ព្យាយាម​រំឭក​គុណ​ព្រះ​ពុទ្ធ​ ទោះ​ឃ្វាល​សេះ​ក្ដី​ ធ្វើ​ការ​អ្វី​ក្ដី​ តែង​ទន្ទេញ​ជាប់ «អញ​ទៅ​ដេញ​សេះ​ សម្មា​សម្ពុទ្ធោ​, អញ​ទៅ​លើក​អាចម៍​សេះ​ សម្មា​សម្ពុទ្ធោ» ធ្វើ​ការ​អ្វី​ៗ​ក៏​ទន្ទេញ​ថា​ «សម្មា​សម្ពុទ្ធោ​»​ ដូច្នេះ​ដរាប​ទៅ ។ ឯ​អាចម៍​សេះ​នោះ​ទៀត​បុរស​មិន​លើក​ចោល​ទេ​ តែង​កើប​ច្រក​ការុង​ទុក​ បាន​ជា​ច្រើន ។

ថ្ងៃ​មួយ​ មាន​សំពៅ​ ៥០០​ មក​​​ពី​ស្រុក​ចិន​ នាំ​ទំនិញ​មក​លក់ ។ បុរស​ស្រែក​ហៅ​ថា ឲ្យ​ចូល​មក​ នេះ​សិន។ លុះ​សំពៅ​ចូល​មក​សួរ​ថា « អ្នក​រាល់​គ្នា​ បើក​សំពៅ​មក​ពី​ណា ? »។ នាយ​សំពៅ​ថា «មក​​​​​​  ពី​ស្រុក​ចិន»។ បុរស​ថា « អ្នក​ស្គាល់​ស្ដេច​ក្រុង​ចិន​ទេ ? »។ នាយ​សំពៅ​ថា « ស្គាល់​ ព្រោះ​ខ្ញុំ​នៅ​ជិត​​ព្រះ​រាជ​វាំង​ដែរ »។ បុរស​ថា «ស្ដេច​ក្រុង​ចិន​នោះ​ ជា​ក្លើអញ​ ហើយ​ជា​មិត្រ​សម្លាញ់​ថ្ងៃ​មុន​រៀង​មក​ ​​​​     បើ​អ្នក​ត្រឡប់​ទៅ​ស្រុក​ចិន​វិញ​ អញ​ផ្ញើរ​របស់​ទៅ​ក្លើ​អញ​ផង » ។ នាយ​សំពៅ​នោះ​ឆ្លើយ​ថា​ បាទ ! ហើយ​នាំ​គ្នា​ចេញ​សំពៅ​ទៅ​លក់​ដូរ, មិន​យូរ​ប៉ុន្មាន​ នាយ​សំពៅ​ត្រឡប់​មក​វិញ​ ចូល​ទៅ​រក​បុរស​​​ ​​​​ នោះ​ សួរ​ថា «អ្នក​ឯង​បាន​អ្វី​ផ្ញើរ​ទៅ? យក​មក​ខ្ញុំ​ទៅ​ឥឡូវ​ហើយ » ។ បុរស​ថា​«ខ្វះ​អ្វី​ ខ្ញុំ​រៀប​ដាក់​ក្នុង​ការុង​បម្រុង​ផ្ញើរ​ទៅ»។ នាយ​សំពៅ​ក៏​ប្រើ​ជើង​ឈ្នួល​ឲ្យ​ជញ្ជូន​ដាក់​សំពៅ​ នូវ​របស់​ប្រហែល​​ ៤០០​ការុង​ ដែល​សុទ្ធ​តែ​ការុង​ពេញ​ដោយ​អាចម៍​សេះ​ ហើយ​ក៏​លា​បុរស​នោះ​ ចេញ​សំពៅ​ទៅ​ស្រុក​ចិន, ដល់​ទៅ​ដំណាក់​ផែ​ស្ដេច​ក្រុង​ចិន​ ហើយ​ក៏​បោះ​យុថ្កា​ ឡើង​ទៅ​ក្រាប​ទូល​ថា « មាន​ក្លើ​ព្រះ​អង្គ​ ផ្ញើរ​របស់​ពី​ស្រុក​ខ្មែរ​មក​ថ្វាយ​ ដាក់​នឹង​ការុង​ច្រើន​ណាស់ » ។ ស្ដេច​ក្រុង​ចិន​ឆ្ងល់​ថា » អញ​មិន​ដែល​​​   ទៅ​ស្រុក​ខ្មែរ​ទេ​ អញ​មាន​ក្លើ​ឯ​ណា​នៅ​ស្រុក​ខ្មែរ ? » ក៏​មាន​ព្រះ​បន្ទូល​ឲ្យ​ទៅ​ជញ្ជូន​ការុង​អាចម៍​សេះ​នោះ​ មក​ដាក់​គរ​នៅ​មុខ​ព្រះ​លាន​ ទ្រង់​ឲ្យ​ស្រាយ​មាត់​ការុង​ចាក់​មើល​ តើ​ជា​របស់​អ្វី​ខ្លះ​ ដល់​​​  ស្រាយ​ទៅ​ ឃើញ​សុទ្ធ​តែ​ដុំ​មាស​គ្រប់​ការុង ។ ស្ដេច​មាន​ព្រះ​ទ័យ​ត្រេកអរ​រក​ទី​បំផុត​គ្មាន​ ក៏​ទ្រង់​​  គិត​ក្នុង​ព្រះ​ចិន្ដា​ថា «នឹង​បាន​អ្វី​ផ្ញើរ​ទៅ​គេ​វិញ, មាន​តែ​ព្រះ​រាជ​បុត្រី​មួយ​ ព្រះ​ជន្ម​ ១៨​ ឆ្នាំ​ ព្រះ​រូប​      ព្រះ​ឆោម​ល្អ​លើស​ស្រី​ទាំង​អស់​ គិត​ផ្ញើរ​ទៅ​ឲ្យ​គេ, ហើយ​ក៏​ទ្រង់​ចាត់​ឲ្យ​ជាង​ធ្វើ​ស្គរ​មួយ​យ៉ាង​ធំ​​  ពាស​ស្បែក​សត្វ​ទាំង​សង​ ខាង​ តែ​ឲ្យ​មាន​កន្លែង​បើក​ចេញ​ចូល​ម្ខាង​បាន​ ហើយ​ក៏​ដាក់​ព្រះ​រាជ​   បុត្រី​នោះ​ទៅ​ក្នុង​ស្គរ​ មាន​ទាំង​កន្សែង​បក់​បោយ​មួយ​ផង​ ហើយ​ចាត់​បម្រើ​ឲ្យ​បើក​សំពៅ​យក​ទៅ​   ​ ឲ្យ​ចៅ​អាចម៍​សេះ, បម្រើ​ទៅ​ដល់​ហើយ​ ក៏​ស្រែក​ហៅ​បុរស​នោះ​ថា « ស្ដេច​ក្រុង​ចិន​ជា​ក្លើ​ ផ្ញើ​រស្គរ​ មួយ​មក​ឲ្យ​អ្នក​ឯង​វាយ​លេង » ។ បុរស​ឮ​ដូច្នោះ​ក៏​ត្រេកអរ​ណាស់ ។ អ្នក​បម្រើ​យក​ស្គរ​ទៅ​ចង​ ក្នុង​រោង​សេះ​នោះ ។ បុរស​នោះ​ក៏​ចេះ​តែ​វាយ​លេង​ទាំង​និយាយ​ផង​ថា « ក្លើ​អញ​ ស្រឡាញ់​អញ​ផ្ញើរ​    ស្គរ​នេះ​មក​ឲ្យ​អញ​វាយ​លេង » ។ ថ្ងៃ​មួយ​ បុរស​នោះ​វាយ​ស្គរ​ ហើយ​ចេញ​ទៅ​ឃ្វាល​សេះ ។ នាង​ដែល​នៅ​ក្នុង​ស្គរ​ចេញ​មក​ រៀប​បាយ​ទឹក​ទុក​បម្រុង​ឲ្យ​បុរស​នោះ​ ហើយ​ចូល​ទៅ​ក្នុង​ស្គរ​​វិញ ​ពេល​បុរសនោះត្រលប់មក​វិញ​ឃើញ​បាយ​គិត​ថា «នរណា​អេះ​ មក​រៀប​បាយ​ឲ្យ​អញ​ៗ​ឃ្លាន​បាយ​ អញ​  ស៊ី​ហើយ »។ ឯ​នាង​នោះ​​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ ។ បុរស​នោះ​សង្ស័យ​នឹក​ថា «នរណា​ យក​បាយ​ឲ្យ​អញ​ស៊ី​រាល់​ថ្ងៃ​ម្ល៉េះ ? » ចាំ​លប​មើល​ ក៏​ឃើញ​នាង​ដ៏​មាន​រូប​ល្អ​ឯក​ ចេញ​ពី​ក្នុង​ស្គរ​មក​ ហើយ​បក់​បោយ​កន្សែង​ ឲ្យ​កើត​ជា​អាហារ​ឡើង​មួយ​រំពេច ។ បុរស​នោះ​ក៏​ភ័យ​ស្រែក​ថា «សម្មា​សម្ពុទ្ធោ​ មក​    ពី​ណា​ល្អ​ម្ល៉េះ ? ហើយ​ក៏​រត់​ទៅ ។ នាង​នោះ​ចេញ​តាម​ បុរស​នោះ​ស្រែក​ថា « សម្មា​សម្ពុទ្ធោ​ កុំ​ចាប់​អញ​ អាណិត​អញ​ លែង​អញ​ទៅ » ។ នាង​ថា « ខ្ញុំ​មិន​លែង​ទេ​ អ្នក​ឯង​ជា​ប្ដី​ខ្ញុំ​ហើយ​ ឪពុក​ខ្ញុំ​ ឲ្យ​ខ្ញុំ​   មក​នៅ​ធ្វើ​ជា​ប្រពន្ធ​អ្នក​ឯង​ ព្រោះ​អ្នក​ឯង​បាន​ផ្ញើ​រមាស​ប្រាក់​ ទៅ​ឲ្យ​ឪពុក​ខ្ញុំ​ច្រើន​ណាស់ » ។ បុរស​ ថា «ទេ ! ខ្ញុំ​មិន​យក​ទេ » ។ នាង​នោះ​និយាយ​លួង​លោម​ច្រើន​ដង​ បុរស​ក៏​ស្ងៀម, នាង​ដឹក​ដៃ​បុរស​នោះ​មក​រោង​សេះ​វិញ ។ ក្នុង​វេលា​យប់​នោះ​ នាង​អធិដ្ឋាន​កន្សែង​បក់​បោយ​ ហើយ​បក់​ទៅ​ កើត​ជា​ប្រាសាទ​រាជ​វាំង​ មាន​មនុស្ស​គឹក​កង​រំពង​នៅ​ក្នុង​នោះ។ ចៅ​អាចម៍​សេះ​ ហើយ​និង​នាង​នោះ​ ក៏​នៅ​លើ​ប្រាសាទ​ មាន​មនុស្ស​បម្រើ​ឆ្វេង​ស្ដាំ ។ អ្នក​ស្រុក​ទាំង​ពួង​ឃើញ​ហើយ​ ភ្ញាក់​ផ្អើល​គ្រប់​គ្នា​ ក៏​រត់​ ទៅ​ប្រាប់​សេដ្ឋី​ជា​ចៅហ្វាយ​បុរស​នោះ​ថា « មាន​កើត​ប្រាសាទ​រាជ​វាំង​ ត្រង់​ខ្ទម​ចៅ​អាចម៍​សេះ​នោះ​ច្រើន​ណាស់ » ។ សេដ្ឋី​សង្ស័យ​ រត់​ទៅ​មើល​ឃើញ​ហើយ​ក៏​ភិត​ភ័យ​ រត់​ទៅ​ទូល​ស្ដេច​តាម​រឿង ។

ស្ដេច​ទ្រង់​ជ្រាប​ ទ្រង់​ចាត់​បម្រើ​ ឲ្យ​ទៅ​ពិនិត្យ​មើល​ ឃើញ​ពិត​ដូច្នោះ​មែន​ ក៏​មាន​ព្រះ​ទ័យ​ទោម​នស្ស​ជា​ខ្លាំង​ថា « ឈ្មោះ​ណា​ ហ៊ាន​មក​សាង​ប្រាសាទ​រាជ​វាំង​ក្នុង​នគរ​អញ​ មាន​តែ​អញ​ទេ​ជា​ស្ដេច​ក្នុង​នគរ​នេះ » ទើប​ទ្រង់​ប្រជុំ​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ មាន​ព្រះ​បន្ទូល​ចាត់​ឲ្យ​រៀប​រេហ៍​ពល​ លើក​ទៅ​ ចាប់​ទាំង​ព្រះ​អង្គ​ក៏​ស្ដេច​យាង​ជា​មួយ​ផង ។ វេលា​នោះ​មាន​បម្រើ​ទៅ​ប្រាប់​ចៅ​អាចម៍​សេះ​ហើយ​   នឹង​ប្រពន្ធ​ចៅ​អាចម៍​សេះ​បាន​ឮ​ ក៏​មាន​សេចក្ដី​ភិត​ភ័យ​ណាស់ ។ នាង​ប្រាប់​ប្ដី​ថា « កុំ​ឲ្យ​ភ័យ​ទុក​    ងារ​ឲ្យ​ខ្ញុំ​ច្បាំង​នឹង​ស្ដេច​នេះ​វិញ​ នាង​ក៏​រៀប​ខ្លួន​ចេញ​ទៅ​ ហើយ​អធិដ្ឋាន​កន្សែង​បក់​ កន្សែង​បោយ​  ឲ្យ​ស្ដេច​បរាជ័យ​ ព្រម​ទាំង​រេហ៍ពល ។
ចៅ​អាចម៍​សេះ​និង​នាង​នោះ​ បាន​សោយ​រាជ្យ​ជា​ស្ដេច​ ដោយ​អំណាច​ដឹង​គុណ​ព្រះ​ពុទ្ធ ។

«ការ​ខំ​ប្រឹង​ប្រែង​ តែង​មាន​ផល​ច្រើន » ​

(ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)

រដូវ