Monday, January 13, 2014

រឿង ដើមកំណើតសត្វផ្សោត


កាលពីព្រេងនាយជាយូរអងែ្វងណាស់មកហើយ មានដើមជ្រៃធំមួយមានមែកត្រសុំត្រសាយសាខា មហាជនទូទៅនៅភូមិជិតខាងគេរាប់​អានកោតខ្លាចរុក្ខជាតិនេះណាស់ក្នុងសម័យនោះ។ គេធ្វើខ្ទមរូបចំលាក់ថ្មជាភេទប្រុសមួយស្រីមួយ ដាក់អោយអង្គុយលើផែនថ្មក្នុងខ្ទមនោះ។ គេតែងបួងសួង បន់ស្រន់ ថ្វាយក្រយ៉ាបូជាសុំសេចក្តីសុខ ក៏ធ្លាប់បានសុខរៀងមក គេសន្មត់ថា អ្នកតាម្ចាស់ស្រុក។
មានរុក្ខទេវតាមួយមានអាយុវែងមិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេ ស្ថិតនៅលើដើមជ្រៃធំនោះជាសេ្តចនៃឈើ។ យូរទៅមានស្រីម្នាក់មក​ចាប់​បដិសន្ធិជាកូនអ្នកស្រុក ដែលរាប់អានដើមរុក្ខជាតិនោះ។ លុះធំពេញ វ័យជំទង់ដល់រដូវត្រូវសែនព្រេនថ្វាយក្រយ៉ាបូជាជូនអ្នកតាម្ចាស់ស្រុក នាងនោះក៏ទូលថាសបាយនំចំណី ទៅសែនជួសឪពុកម្តាយ។ រុក្ខទេវតាក្រឡេកឃើញដូចេ្នះចេះតែមានចិត្តអាណិតអាសូរស្រលាញ់នាងនោះ ហាក់ដូចជាព្រាត់គ្នាពីកាលណាមកហើយ ទើបបាននឹងបានជួបមុខគ្នាថ្មីៗ។ រុក្ខទេវតានោះកាន់តែវិតក្កចិត្ត អាណិតនាងខ្លាំងណាស់ ទ្រាំពុំបាន​ក៏ហោះទៅទូលសួរព្រះឥន្ធតាមដំណើរ។ ព្រះឥន្ធទ្រង់រំពឹងដោយ ញាណទិព្វទៅឃើញថា នាងនោះកាលពីជាតិមុនជាប្រពន្ធរុក្ខទេវតានេះ បាន​សាងប្រាថ្នាជាមួយគ្នាមកថា «ទោះបីទៅកើតជាតិណា ភពណាសូមឲ្យជួបបានជាប្តីប្រពន្ធនិងគ្នា កុំឃ្លាតគ្រប់ៗជាតិ» លុះចាស់រៀងខ្លួន រុក្ខ​ទេវតានោះសុំលា​ទៅបួសជាតាបសអស់​ជីវិតដោយខ្លួនពីគ្នាទៅ។ តាបសមកកើតជារុក្ខទេវតានេះ ប្រពន្ធទៅកើតជានាងទេពធីតា បែកគ្នា ទៅ​ឆ្ងាយមិនជួបជុំ នាងប្រពន្ធច្យុតពីទេពធីតាមកកើតជិតទីកនែ្លង ដែលទេវតាជាប្តីនៅ។
មកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះ ទើបបណ្តាលឲ្យរុក្ខទេវតាចេះតែស្រលាញ់អាណិតអាសូរនាង។ តែមកពីរុក្ខទេវតានោះមានពៀរ​ដែល​​គេចទៅបួសចោលប្រពន្ធ ឲ្យព្រួយទុក្ខវេទនាអស់សង្ខារទៅមិនឲ្យជួបមុខ បានជាច្យុតទៅកើតជាមនុស្សវិញមិនជួបគ្នា។ ព្រះឥន្ធសមែ្តង​ប្រាប់រុក្ខទេវតា ដូចរៀបរាប់មកនេះ រុក្ខទេវតាបានដឹងសព្វគ្រប់ហើយ ក៏លាព្រះឥន្ធមកវិញគិតពិចារណាថា៖ «ឥឡូវនឹងទៅថ្វាយបង្គំលាព្រះ​ឥន្រ្ទា ធិរាជសុំច្យុតទៅកើតជាមនុស្សឃើញថាការមិនគួរ ព្រោះប្រពន្ធទៅកើតធំពេញក្រមុំទៅហើយ ហើយ សង្ខាររបស់មនុស្សខ្លីណាស់​មិន​ដូចទេវតាទេ»។ ទេវតាគិតចុះគិតឡើងមិនធ្លុះធ្លាយត្រង់ណាសោះ។ ហេតុដែលមានពៀរដែលគេចទៅបួសជាតាបសមិនឲ្យឃើញមុខ​លុះត្រា​តែ​សូន្យសង្ខារ​រៀងខ្លួន។ រុក្ខទេវតា ព្រួយខ្លាំងណាស់ក៏ប្រថុយប្រាណ ប្រថុយប្រាណប្រថានព្រេងថា «ណ្អើយចុះអញទៅប្រាប់ប្រពន្ធ​ឲ្យដឹង​ខ្លួន អញជាប្តីគូព្រេងទៅចាប់ជាតិជារុក្ខទេវតា នាងឥតមានគូព្រេងទៀតទេ បើនាងបានដឹងថា ខ្លួនអញជាប្តី នាងមុខជាលែងយកប្តីអស់មួយ​ជាតិ​នេះហើយ»។ គិតស្រេចពេលរាត្រីស្ងាត់ក៏និមិ្មតខ្លួនធ្វើជាពស់ថ្លាន់ ចូលទៅឱបរឹតនាង។ នាងភ្ញាក់ឡើងបម្រះពុំរួច ពស់ថ្លាន់និយាយ​លួង​លោមសព្វគ្រប់មិនជឿថា បើប្តីជារុក្ខទេវតា ហេតុមេ្តចក៏មកជាពស់ថ្លាន់ដូចេ្នះវិញ។ រុក្ខទេវតាជាប្តីថា »បើនាងមិនជឿបង បងនឹងប្រែរូបឲ្យ​នាងមើល»។ រុក្ខទេវតាក៏ផ្លាស់រូបជាទេវតាវិញភ្លាមៗ នាងក្រេឡកឃើញក៏ស្រលាញ់ពេញចិត្ត ជឿជាក់ថាប្តីខ្លួនជាទេវតាមែន ព្រោះរកមនុស្ស​ណានិងឲ្យល្អដូចពុំបាន។ រុក្ខទេវតានិយាយប្រាប់នាងថាខ្លួនបងបើមិននិម្មិត ខ្លួនជាសត្វបែបនេះទេ មិនអាចមកនៅជិតនាងបានឡើយ​ត្រូវតែ​និម្មិត​រូបជាសត្វផេ្តសផ្តាស់ទើបនៅជាមួយនាងបាន។ និយាយរួចក៏និម្មិត​ខ្លួនជា​ពស់ថ្លាន់វិញ។ ពស់ថ្លាន់នេះគ្រាន់តែនៅជាមួយនាងប៉ុណ្ណោះទេ ប៉ុនែ្តមិនដែលរួមសង្វាស់ជាមួយនិងនាងនោះឡើយ ហើយហាមប្រពន្ធថាកុំនិយាយប្រាប់ម៉ែឪបងប្អូននិង អ្នកស្រុកឲ្យថាជាទេវតា ឲ្យថាតែពស់​ថ្លាន់ ពេលថៃ្ងបងមិននៅជាមួយនាងទេ បងមកលេងតែយប់ៗ សឹមផ្លាស់រូបជាទេវតាឲ្យឃើញម្តងៗ។ ជិតភ្លឺហើយលឺមាត់និយាយគ្នា ឪពុក​ម្តាយ​​​ចូលទៅមើលឃើញពស់ថ្លាន់ពេនទ្រេលពេញលែ្វងផ្ទះ ក៏ភ្ញាក់ច្រេឡាតស្រែក រុក្ខទេវតាភៀសខ្លួនបាត់ទៅ។ ឪពុកម្តាយហៅកូនស្រី​មក​សួរ​​កូននិយាយសារស័ព្ទប្រាប់រឿងពីដើមចប់ដល់ចុង។
ឪពុកទាល់ប្រាជ្ញមិនដឹងធ្វើមេ្តចក៏ដកដង្អើមធំសួរកូនថា ឥឡូវពស់ថ្លាន់ទេវតានោះទៅណាបាត់ហើយ។ កូនប្រាប់ថា ពេលថៃ្ងមិនមកទេ យប់​ទើបមក។ នាងប្រាប់ឪពុកម្តាយថា ទេវតាជាប្តីហាមមិនឲ្យប្រាប់គេថា ទេវតាទេ ឲ្យថាតែពស់ថ្លាន់បានហើយ។ លុះពេលរាត្រីស្ងាត់ រុក្ខទេវតាក៏មកដល់ ប្រពន្ធនិមិ្មតរូបជាទេវតា ឲ្យនាងមើលតាមសេចក្តីសន្យា។ នាងក៏អុជភ្លើងភ្លឺឡើងស្ទុះទៅអោបប្តី ដោយសេចក្តី​មេត្រី​សេ្ន​ហា។ លឺមាត់និយាយគ្នាឪពុកម្តាយចូលទៅលបមើលឃើញទេវតាល្អណាស់ ក៏ស្រលាញ់ពេញចិត្តនិងរុក្ខទេវតានោះ ក្រៃលែង រុក្ខទេវតា​ដឹង​ថាឪពុកម្តាយលបមើលផ្លាស់រូបទៅជាពស់ថ្លាន់វិញភ្លាម ឃើញធំទ្រេលពេញ បន្ទប់ផ្ទះ។
ទៀបភ្លឺរុក្ខទេវតាប្រាប់ប្រពន្ធឲ្យនាំឪពុកម្តាយទៅជីកយកកំណប់ក្នុងដំបូកមួយ មានមាសប្រាក់ ពេជ្រ កែវកង តុ ថាស ចាន ជញ្ជូនមក​ដាក់ពេញផ្ទះ ឡើងទៅជាអ្នកមានធំ។ យូរទៅដឹងជ្រួតជ្រាប​ដល់អ្នក ស្រុកមកមើលឈូរឆរ ពិតជាពស់ថ្លាន់ពេនទ្រេលនៅជាមួយនិងនាង។ និយាយពីបុរសប្តីប្រពន្ធ មានកូនក្រមុំមួយនៅភូមិផេ្សងពីនាងមានប្តីពស់ថ្លាន់ ទេវតានោះចេះតែរំភើបក្នុងចិត្ត នាំប្តីប្រពន្ធសរសើរថា «វាសនា​អ្វីគេក៏ល្អមេ្លះ ពីដើមជាអ្នកក្រដូចគេឯងសោះ ឥឡូវមានផ្ទះធំខ្វាត់ខែ្វងត្រឈឹងត្រឈៃ មានគោក្របី ដំរី សេះ ខ្ញុំកំដរប្រើគគ្រឹកគគ្រេងល្បីឈ្មោះ​ថា ចៅសួស្តិ៏សេដ្ឋី នេះមកពីកូនគេមានប្តីពស់ ថ្លាន់ ពស់ថ្លាន់ឲ្យកំណប់ព្រេង »។ បុរសនោះតូចចិត្តនិងខ្លួនឯងណាស់ចេះតែដកដង្អើមធំ ចេះតែ​ទនេ្ទញទាំង យប់ទាំងថៃ្ង។ ប្រពន្ឋឃើញប្តីកើតទុក្ខដូចេ្នះ ក៏និយាយប្រាប់ប្តីថា «ខ្ញុំបានលឺចាស់ទុំនិយាយរៀងៗមកថា សត្វពស់ថ្លាន់មិនដូច​ពស់​ទាំងពួងទេ តែមានដម្បូកធំៗក្នុងព្រៃ ហើយច្រើនមានពស់ថ្លាន់ទៅព័ទ្ធពេននៅ ទីនោះ។ គេថាពស់រក្សាកំណប់ព្រេង»។ ប្តីថា «បើដូចេ្នះព្រឹក​សែ្អក​​ឯង​​ដាំបាយឲ្យបងពីព្រឹកកុំឲ្យអ្នកណាដឹង បងនឹងដើរសែ្វងរកពស់ថ្លាន់ព័ទ្ធដំបូកក្នុងព្រៃធំៗ បើឃើញបងនិងចាប់យកមកធ្វើជា​ប្តីកូន​យើង »។ ប្រពន្ធពេញចិត្តក៏ព្រមពៀ្រងគ្នា ព្រឹកឡើងដាំបាយវិចជាសំណុំ ព្រមទាំងទឹកបំពង់ប្រគល់ឲ្យប្តី ប្តីក៏ដើរសែ្វងរកពស់ថ្លាន់។ បុរស​នោះចូលក្នុងព្រៃធំមិនយូរប៉ុន្មាន​ក៏បានប្រទះដំបូក​មួយធំក្នុងព្រៃទួល មានបន្លាស្អិតនិងវល្លិ៏រវីមរវាម វារពាក់ព័ន្ធលើគ្នា។ បុរសចូលទៅអើត​ឈ្ងោកមើលឃើញពស់ថ្លាន់ពេនទ្រេលលើក្បាលដំបូក។ ពស់នោះរស់នៅក្នុងព្រៃដំបូកនោះ អស់កាលជាយូរអងែ្វងណាស់មកហើយ វាមិន​ដែលទៅកាន់ទីណាសោះ ទោះបីអត់ឃ្លានយ៉ាងណា ក៏ស៊ូរទ្រាំនៅក្នុងទីនោះ។ ពស់ក៏មិនរើប៉ុន្មានព្រោះវាស្គាំងស្គមអស់កំលាំងស្ទើរតែ កម្រើក​ខ្លួនមិនរួច។ បុរសយកឈើគោះមើលក៏មិនទាំងកំរើកខ្លួនផង។ បុរសនោះនឹកត្រេកអរក្នុងចិត្តណាស់ គិតថា ពស់ថ្លាន់នេះ ពិតជាមានកំណប់​ហើយបានជាស្លូតម៉េ្លះ ក៏បោចវល្លិ៏ស្រាក់ស្រួតជាប់។ បុរសលើកស្ពាយទាំងភែ្ននមក។ 
ដោយធ្ងន់ខ្លាំងពេកក៏ឈប់សំរាកតាមផ្លូវទល់ព្រលប់ទើបមកដល់ផ្ទះ ស្រែកហៅប្រពន្ធនិងកូនក្រមុំពីក្រៅរបងឲ្យ ទៅជួយទទួល។ ប្រពន្ធ​និងកូនក្រមុំក៏ចុះទៅទទួលប្តី ឪពុកស្ពាយពស់ថ្លាន់ទាំងភេ្ននក៏ត្រេកអរឥតឧបមា។ លុះយកមកដាក់ ដល់លើផ្ទះអួតប្រាប់ប្រពន្ធថា «ពស់នេះ​ស្លូត​​ណាស់ត្រូវចិត្តបងហើយ។ បើភានឯងមិនជឿទៅចាប់ស្ទាប អងែ្អលមើលចុះ ស្ទើរតែមិនកំរើកខ្លួនប្រាណផង»។ ប្រពន្ធលូកដៃទៅពាល់​មើលឃើញមិនកំរើកមែន ក៏ចេះតែបបោសអងែ្អលសរសើរថា «កូនអើយ! ពណ៌‌សំបុរអ្នកអីក៏ល្អម៉េ្លះ ដូចគេទើបនិងទីបមាសថ្មីៗ ទោះបីជា​ហូល​​​​ដែលជាងចេះចងគាតយ៉ាងណា ក៏មិនល្អមិនដូចអ្នកដែរ»។ ពស់ថ្លាន់ដោយជាប់ចំណងផង​ហើយហេវអស់កំលាំង​និងអត់អាហារយូរថៃ្ង​ផង ក៏ធ្វើតែភែ្នកភ្លឹះៗ លិទ្ធអណ្តាតភែ្លមៗ ប្រហែលជាក្នុងចិត្តវាដែលឃ្លានប្រុងតែលេបមនុស្ស។ ប្តីតាំងបង្គាប់ប្រពន្ធនិងកូនក្រមុំឲ្យវាយមាន់ ស្លដណ្តាំបាយឲ្យឆាប់ និងរៀបសែនព្រេន ប្តឹងជីដូនជីតារៀបផ្សំផ្គុំឲ្យកូនយកប្តីពស់ថ្លាន់។ ប្តីរត់ទៅទិញស្រាបានមក ប្រពន្ធដាំបាយស្លឆ្អិន​ដួស​ដាក់តុថាស ហៅបងប្អូនជិតខាងឲ្យមកជួយសែនព្រេន បង្គាប់កូនក្រមុំឲ្យរៀបចំដំណេកបង្គុយអ្នកស្រុកជិតខាងដែលមានបញ្ញាវាងវៃ។ គេ​លាន់​មាត់និងបុរសនោះ ថាឆ្កួត ថាព្រើលគ្រប់ៗគ្នា អ្នកខ្លះក៏រកពុទ្ធោ អ្នកដែលត្រូវស្រា អរឲ្យតែគេហៅឲ្យចូលទៅជួយសែន និងបាន​ស៊ីផឹក​សប្បាយ ។
លុះទៅជួបជុំគ្នា លើកពស់ថ្លាន់ដាក់លើកំរាលសំពត់ស ស្រាយចំណងឲ្យកូនក្រមុំទៅអង្គុយទន្ទឹម ពស់នោះ ក៏នៅស្ងៀមដោយគ្នាអត់​អាហារមកយូរថៃ្ងហើយ។ បុរសបង្គាប់ឲ្យគេលើកបាយសម្លរ ទៅដាក់អុជ ទៀនធូប សំបូងសង្រូងប្តឹងជីដូនជីតា ច្រូចស្រា៣ដងរួចសែន​ចាប់សំណែននំចំណី បាយសម្លរគ្រប់មុខ ដាក់ច្រឡូកចូលគ្នាមួយចាន យកទៅចាក់នៅមុខផ្ទះ ហៅពួកអង្រឹង​ជើងសែ្នងឲ្យស៊ី ព្រោះជីដូន​ជីតាពិសា រួចហើយ ហើយលើកតុ ថាស ចេញមកក្រៅ លត់ភ្លើងទុកកូនក្រមុំឲ្យនៅជាមួយពស់ថ្លាន់ក្នុងបន្ទប់។ នាងនោះប្រហែលជាខ្លាច​ពស់ដែរ ប៉ុនែ្តនិងចេញមកក្រៅខ្លាចឪពុកម្តាយ ព្រោះផ្សំដំណេកឲ្យពស់ថ្លាន់ហើយ ក៏ចេះតែអត់ទ្រាំទៅ។ ចំណែកឪពុកម្តាយនាំញាតិ​មិត្តស៊ី​មាន់ផឹកស្រាឯលែ្វងខាងក្រៅ។ ពស់នោះកាលមនុស្ស​នៅស៊ីផឹកមាត់អ៊ូអែវានៅតែស្ងៀមធ្វើហាក់ដូចជាមិនដឹងខ្លួន។
លុះគេស៊ីផឹករួចទៅស្ងាត់អស់ប្រហែលពាក់កណ្តាល អាធ្រាតវាលាខ្លួនខ្សាក។ វាឥតរឹតរួតនាងនោះទេ ព្រោះពស់នោះវាធំល្មមលេប​នាង​នោះបានតែម្តង។ វាគ្រាន់តែយកកន្ទុយស៊ករុំកដៃ​នាងនោះជាប់ងាកក្បាលមកក្រោមកៀវជើងប្រមូលផ្ទឹមគ្នា វាហារមាត់ ប្រញ្ចកជើងនាងទាំង​ពីរតែម្តង។ ពីដំបូងនាងនោះស្មានថា ពស់ថ្លាន់ប្រុងរួមបវេណីនិងខ្លួនបានជានាងនៅ ស្ងៀមមិនមាត់ ព្រោះដេកជាមួយគ្នាតាំងពីល្ងាចមិនអីសោះ បែបជាទុកចិត្តពស់បន្តិចទៅហើយ។ លុះវាលេបស្រឺតៗដល់ក្បាលជង្គង់នាងនឹកសង្ស័យថា ពស់ថ្លាន់ច្បាស់ជាលេបអញពិតហើយ គិតនិង​ក្រោក ក៏ក្រោកមិនរួច កន្ទុយពស់វារឹតដៃនាងជាប់ នាងភ័យណាស់ស្រែកហៅម្តាយថា «ពស់ថ្លាន់វាលេបហើយ»។ ម្តាយលឺមាត់កូន​ស្រែក​ហៅ ក៏ស្រែកសន្ធាប់ទៅវិញថា «ខ្មោចមេចំកួត ប្តីប្រលែងផងបានតែព្រើលៗ»។ ឪពុកស្រវឹងស្រាដេកសន្លប់ហៀរទឹកមាត់កក្លាក់ លុះពស់​លេបដល់ចងេ្កះនាងស្រែកហៅម្តាយថា «ម៉ែៗ ជួយកូនផង ពស់លេបដល់ចងេ្កះហើយ»។ ម្តាយរឹតតែបញ្ជោរពីក្រៅមកស្តីបន្ទោសថា «កូន​អីក៏ចង្រៃ មិនចេះខ្មាស់គេឯង មិនច្រឡំនិងអ្នកស្រុក តិចអញចូលទៅវាយក្បាលក្នុងដំណេកបែកឥឡូវ»។ នាងនោះចេះតែស្រែកថា «ម៉ែអើយ​ជួយកូនផង ពស់លេបដល់ចុងដង្អើមហើយ» បន្តិចស្រែកថា «លេបដល់កហើយ»
ម្តាយលឺកូនស្រែកញយៗពេកមិនខ្ចីទាំងតបផង គិតតែពីសង្ងំដេក។ លុះលេបដល់បបូរមាត់ក៏ស្រែកលា ឪពុកម្តាយថា «បើឪម៉ែមិន​ជួយ​កូនទេ កូនសូមលាស្លាប់ហើយ»។ ម្តាយស្តាប់ទៅលឺមាត់កូនង៉ុលៗ ក្នុងមាត់ពស់ថ្លាន់ដែលវាលេបគ្របបបូរមាត់ទៅហើយនោះ។ លុះបាត់ឮ​មាត់កូន ម្តាយសង្ស័យក៏អុជភ្លើង ចូលទៅមើល បាត់កូនឃើញតែពោះពស់ធំកំពីង តាំងពីក្រោមរហូតដល់ជិតពាក់កណ្តាលខ្លួន។ នាងម្តាយ​នោះក៏ស្រែកទួញងោង ផ្អើលឆោឡោដល់អ្នកស្រុកអ្នកភូមិ ផ្ទះអ្នកជិតខាងទាំងពាក់កណ្តាលអាធ្រាត។ ឪពុកភ្ញាក់ឡើង​ហៅអ្នកស្រុកមកជួបជុំ ចោមចាប់ពស់ថ្លាន់ទាក់កចងសន្ធឹង យកកាំបិតព្រា វះយកកូនបានមកសន្លប់សូន្យឈឹងដូចជាស្លាប់។ តែខ្លួននៅក្តៅប្រឡាក់សុទ្ធតែរំអិល​ពស់​ពេញទាំងខ្លួនទាំង ក្បាលនិងដៃជើងឆ្អាបកខ្វក់ នាំគ្នាដងទឹកមកលាង លាងមិនជ្រះ ដាំទឹកក្តៅយកមកលាងក៏មិនជ្រះ លុះគេ ស្រោចទឹកក្តៅអ៊ុនៗ​លាងឲ្យមួយស្របក់ នាងក៏ដឹងខ្លួនឡើងវិញ។ មើលឃើញបងប្អូនមាមីងជួបជុំតៀ្របត្រា មើលមកខ្លួនឯងសុទ្ធតែរំអិលពស់ឆ្អាបគគ្រុក។ ក្រោកឡើងកន្រ្តាក់បានផ្តិលទឹកមួយ លើកគ្របទទូលក្បាល​ដើរទៅមាត់សមុទ្រដងទឹកងូតលាងដូចមេ្តច​ក៏មិនជ្រះរំអិលពោះនោះគិតថា ឱ​ខ្លួន​អញអើយម៉េ្លះទៅហើយ នៅជាមនុស្សក៏ខ្មាស់គេ បើស្លាប់ទៅវិញប្រសើរជាង ក៏យកផ្តិលទទួលក្បាលដើរទៅត្រង់មាត់​ច្រាំងអន្លង់ជ្រៅនឹកប៉ង​ក្នុងចិត្តថា «អញនឹងលោតទឹកសំលាប់ខ្លួនឯងចោល»។ គិតដូច្នោះហើយក៏លោតប្រូងទៅ ក្លាយខ្លួនទៅកើតជាផ្សោតញីភ្លាម មុជក្នុងទឹកហែល​ចាប់ត្រីស៊ីព្រងើយ។ ឪពុកម្តាយរត់តាមទៅមើលកូន ឯមាត់កំពង់ទឹករកពុំឃើញ ក៏នាំគ្នាយំសោកអាឡោះអាល័យរៀបរាប់​រឿងផេ្សងៗ​នៅ​មាត់ទឹក។ 
លុះត្រលប់មកផ្ទះវិញបបួលប្តីប្រពន្ធអូសពស់ថ្លាន់យកទៅចោលក្នុងព្រៃធំមួយដោយស្មានថា ពស់ថ្លាន់វាស្លាប់ ព្រោះវះពោះរយះជាពីរ​ទៅហើយតែធម្មតាពស់ថ្លាន់តែងមានប្រមាត់រស់គ្រាន់តែវះពោះប៉ុណ្ណឹងមិនស្លាប់ទេ។ លុះត្រាតែកាប់ដាច់ជាពីរជាបីកំណាត់ទើបស្លាប់។ យូរៗ​ទៅពស់ថ្លាន់សះជារស់ឡើងវិញហើយតាំងចិត្តលែងស៊ីមនុស្ស និងសត្វណាដែលគ្មានរោម គ្មានមមីស ការដែលពស់ថ្លាន់លែងស៊ីមនុស្ស និង​សត្វគ្មាន​រោមក៏ជាទំនៀមទំលាប់​ពីត្រឹមនោះមករហូតដល់ឥឡូវនេះ។ ឯផ្សោតក៏កើតមានពីត្រឹមនាងប្រពន្ធពស់ថ្លាន់ រហូតមកដល់សព្វថៃ្ងនេះ ក្បាលផ្សោតក៏ត្រងោលដូចជា របៀបទទូរផ្តិល សរីរាវៈយវៈរបស់ផ្សោត មិនខុសគ្នាពីមនុស្សប៉ុន្មានទេដូចជា ដោះ ប្រដាប់កេរខ្មាស និងសរី​រាវៈយវៈឯទៀតខ្លះសឹងតែដូចមនុស្សទាំងអស់ គ្មានតែដៃជើងប៉ុណ្ណោះទេ។

(ដកស្រង់ពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)


Friday, January 10, 2014

រឿង អណ្ដើក និងស្វា


មាន​រឿង​និទាន​មួយ​ថា​ អណ្ដើក​ និង​ស្វា​ វា​សុំ​ធ្វើ​ដន្លង​គ្នា​ តែ​គ្មាន​កូន​ចៅ​ទៅ​ចង​ព័ន្ធ​អ្វី​ទេ​ គ្រាន់​តែ​និយាយ​ថា​ សុំ​គ្នា​ធ្វើ​ដន្លង ។ សត្វ​ទាំង​ពីរ​ ស្រឡាញ់​រាប់អាន​គ្នា​ ដូច​ដន្លង​អ្នក​ទាំង​ពួង​នោះ​ដែរ ។ លុះ​ចំណេរ​យូរ​ទៅ​ ដន្លង​ខាង​ស្វា​នោះ​ គេ​មាន​កូន​ត្រូវ​រៀប​ការ​ គេ​ហៅ​ភ្ញៀវ​ពួក​ស្វា​ សន្មត​ថ្ងៃ​នឹង​ស៊ី​ការ​ ទើប​នឹក​ឃើញ​អណ្ដើក​ជា​ដន្លង​ថាយើង​ការ​កូន​នេះ​ ហៅ​ភ្ញៀវ​អស់​ហើយ​ នៅ​តែ​អណ្ដើក​ជា​ដន្លង​ មិន​ទាន់​បាន​ទៅ​ប្រាប់​ឥឡូវ​ ជិត​ថ្ងៃ​ការ​ណាស់​ទៅ​ហើយ​ បើ​ដូច្នោះ​ឲ្យ​បំរើ​ទៅ​អញ្ជើញ​គាត់​ផង​ បំណាច់​យើង​រាប់អាន​គ្នា​ យូរ​ឆ្នាំ​ណាស់​មក​ហើយ!  គិត​ហើយ​ក៏​ចាត់​បំរើ​ឲ្យ​ទៅ​អញ្ជើញ ។ ថ្ងៃ​ដែល​គេ​ប្រជុំ​ញាតិ​ស៊ី​ការ​នោះ​ អណ្ដើក​ក៏​ទៅ​ដល់​ដែរ​ តែ​នឹង​ឡើង​ទៅ​ស៊ី​ផឹក​នឹង​គេ​មិន​រួច ។ ពួក​ស្វា​បាន​ឃើញ​ ក៏​ទៅ​ប្រាប់​ដន្លង​ស្វា​ថា  ត្បិត​ដន្លង​អណ្ដើក​មក​ដល់​ហើយ​ នៅ​ឯ​ក្រោម​ដើម​ឈើ !។ ដន្លង​ស្វា​ចុះ​មក​ ឃើញ​អណ្ដើក​ក៏​ប្រាប់​ថា​ដន្លង​ឯង​ ឡើង​មិន​រួច​នឹង​គេ​ មាន​តែ​ដន្លង​ឯង​ខាំ​វល្ល៍​នេះ​ចុះ​ យើង​នឹង​ស្រាវ​ឡើង​ ប៉ុន្តែ​បើ​មិន​ទាន់​ដល់​ទៅ​កន្លែង​ដែល​យើង​អង្គុយ​ទេ​ ដន្លង​ឯង​កុំ​និយាយ​ឲ្យ​សោះ​ ទោះ​បី​ឃើញ​អ្វី​ ឬ​គេ​ថា​អ្វី​ក៏​ដោយ, តែ​និយាយ​ធ្លាក់​មក​ស្លាប់​ហើយ ។ អណ្ដើក​ទទួល​បណ្ដាំ​ដន្លង​នោះ​សព្វ​គ្រប់​ហើយ​ ក៏​ទទួល​ខាំ​វល្លិ៍ ។ ពួក​ស្វា​ទាំង​ប៉ុន្មាន​ ក៏​ស្រាវ​វល្លិ៍​នោះ​ឡើង​ នាំ​អណ្ដើក​ទៅ​ឯ​ថ្នាក់​លើ ។ លុះ​ទៅ​ជិត​ដល់​កន្លែង​ ដែល​គេ​នឹង​ដាក់​នោះ​ ជួន​ជា​ដន្លង​ស្រី​ស្វា​ ឃើញ​អណ្ដើក​ ក៏​សួរ​ដោយ​រាប់អាន​ថា « ដន្លង ! សុខ​សប្បាយ​ទេ​ឬ ? » ។ អណ្ដើក​ភ្លេច​ពាក្យ​បណ្ដាំ​ ហា​មាត់​ស្ដី​ទៅ​នឹង​ដន្លង​ ក៏​របូត​មាត់​ ធ្លាក់​ខ្លួន​ដល់​ដី​បែក​ស្នូក​ដូច​គេ​បោក​នឹង​ថ្ម​ ស្លាប់​នៅ​វេលា​នោះ​ ខាន​ស៊ី​ការ​នោះ​ទៅ ។

មាត់​អណ្ដើក

(ស្រង់ពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)


Thursday, January 9, 2014

រឿង ចៅតប់ប្រមល់


កាល​ពី​ព្រេង​នាយ មាន​បុរស​ពីរនាក់ បាន​ធ្វើ​កង​ការ​កុសល​ជា​មួយ​គ្នា លុះ​បុរស​ទាំង​ពីរ​រំលាង​ខន្ធ​ទៅ បុរស​ម្នាក់​បាន​ទៅ​កើត​ជា​ព្រះឥន្រ្ទ. បុរស​ម្នាក់​ទៀត​ទៅកើត​ជា​បុរស​កំសត់ មាន​ប្រពន្ធ ក្រលំបាក​ណាស់ រក​ស៊ី​នេសាទ​ដាក់​លប​យក​ត្រី ជា​អម្រស់​អម្រ​ចិញ្ចឹម​ជីវិត ។ គ្រាមួយ ព្រះ​ឥន្រ្ទ​បាន​បើក​ទិព្វ​ចក្ខុ ទត​ឃើញ​បុរស​នោះ វេទ​នា​លំបាក​ដូច្នោះ មាន​សេចក្តី​អាសូរ​ករុណា វេលា​យប់​ព្រះឥន្រ្ទ​យក​មាស​៣បីដុំ ទៅ​ដាក់​ក្នុង​លប​បុរស​នោះ ។ លុះ​ព្រឹក​ឡើង បុរស​នោះ​ទៅ​លើក​លប​មើល ឃើញ​មាស​មិន​ស្គាល់​ជា​មាស សម្គាល់​ថា​ជា​ថ្ម ក៏​ចោល​ទៅ​ក្នុង​ទឹក ហើយ​ដាក់​លប​ទៅ​ក្នុង​ទឹក​វិញ ។ បុរស​បាន​មើល​លប​ទៀត​គម្រប់បីដង ។ ព្រះឥន្រ្ទ​យក​មាស​ដាក់​ក្នុង​លប​ដូច​មុន​ទៀត ។ បុរស​ឃើញ​ដូច្នោះ នឹក​ខឹង ក៏​ចង​មាស​ទាំង​បី ដុំ​នោះ​ពុន​យក​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​ដាំ​បាយ ។ ប្រពន្ធ​បុរស មិន​ស្គាល់​មាស ក៏​យក​ដុំ​មាស​នោះ​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​តាម​បង្គាប់​ប្តី ។

ក្រោយ​នោះ មាន​ព្រះរាជ​អាជ្ញា​មក​ទារ​ពន្ធ មើល​ទៅ​ឃើញ​ដុំ​មាស ដែល​បុរស​នោះ​ធ្វើ​ថ្ម​ជើង​ក្រាន ក៏​ឲ្យ​បុរស​យក​មាស ៣ ដុំ​នោះ​បង់​ពន្ធ ដែល​បុរស​នោះ ជំពាក់​រាជការ ។ បុរស​នោះ នឹក​អរ​ណាស់ ដោយ​ខ្លួន​ទ័ល​ក្រ​ ហើយ​ព្រះរាជអាជ្ញា យក​ដុំ​ថ្ម​ជើង​ក្រាន​ដូច្នោះ ក៏​ព្រម​តាម បាន​ប្រគល់​ថ្ម​ជើង​ក្រាន​ទាំង ៣ ដុំ​នោះ​ទៅ​ឲ្យ​ព្រះរាជ​អាជ្ញា​ភ្លាម ។ លុះ​ព្រះ​អាជ្ញា​បាន​ដុំ​មាស​ពី​បុរស​នោះ​ហើយ ក៏​យក​ ១ ដុំ​ទៅ ថ្វាយ​ព្រះមហាក្សត្រ ។ លុះ​ទ្រង់​សាក​សួរ​ពី​ហេតុ​ផល​បាន​មាស​នោះ ព្រះរាជអាជ្ញា​ទូល​តាម​ដំណើរ ។ ស្តេច​ទ្រង់​ជ្រាប​ថា មាន​មាស​ពី​បុរស​ដូច្នោះ ទ្រង់​ឲ្យ​ហៅ​បុរស​នោះៗ ទៅ​ដល់​ទ្រង់​សាក​សួរ​ទៀត ។ បុរស​ក្រាប​ទូល​ថា «មាស​របស់​ខ្លួន ៣ ដុំ​បាន​ជូន​មក​ព្រះរាជ​អាជ្ញា​ហើយ» ។ ស្តេច​ឲ្យ​ទារ​យក​មាស ២ ដុំ​ពី​ព្រះរាជ​អាជ្ញានោះ ហើយ​ទ្រង់​បង្គាប់​ឲ្យ​បុរស​នោះ រក​មាស​មក​ថ្វាយ​ព្រះ​អង្គ​ថែម​ទៀត ។ បុរស​នោះ​ក្រាប​ទូល​ថា «រក​មាស​ទៀត​ពុំ​បាន​ទេ» ។ ស្តេច​ទ្រង់​ឲ្យ​យក​បុរស​នោះ ទៅ​ឃុំ ។ ព្រឹក​ឡើង នាយ​តម្រួត​ដែល​ជា​អ្នក​រក្សា​នោះ ប្រើ​ឲ្យ​ធ្វើ​ការ​ដោយ​ជេរ​ស្តី​បុរស​នោះ ។ លុះ​ទ្រង់​ជ្រាប​ដល់​ស្តេចៗ ទ្រង់​ឲ្យ​ហៅ​បុរស​នោះ មក​សួរ​ពី​ហេតុ​ធ្វើ​ការ​ឲ្យ​មាន​ទាស់​ចិត្ត​នាយ​តម្រួត ។ បុរស​នោះ​ក្រាប​ទូល​ថា « ទូល​ព្រះ​បង្គំ​មាន​សេចក្តី​តប់​ប្រមល់​នៅ​ក្នុង​ខ្លួន​ខ្លាំង​ណាស់» ។ ស្តេច​ក៏​មាន​ព្រះ​បន្ទូល​ថា «បើ​ដូច្នោះ ត្រូវ​ចៅ​ឯង​រក​សត្វ​តប់​ប្រមល់​នោះ​មក​ឲ្យ​អញ បើ​ឯង​រក​ពុំ​បាន​ទេ អញ​នឹង​ឲ្យ​ពិឃាត​ឯង ក្នុង​គ្រា​នេះ» ។ បុរស​ឮ​ដូច្នោះ​ក៏​ភ័យ គិត​ថា «មុខ​ជា​ស្លាប់​ហើយ​ក្នុង​គ្រា​នេះ មិន​ដឹង​ជា​ទៅ​រក​សត្វ​តប់​ប្រមល់​ឯណា​ទេ» តែ​មិន​ហ៊ាន​ប្រកែក ដោយ​ខ្លាច​អំណាច​ស្តេច ក៏​ក្រាប​បង្គំ​លា​ស្តេច​ដើរ​ចេញ​ទៅ ដោយ​បំណង​ថា នឹង​ដើរ​ឲ្យ​ស្លាប់​ក្នុង​ព្រៃ លុះ​ដើរ​ចូល​ព្រៃ​ឆ្ងាយ​ទៅ ។ ព្រះឥន្រ្ទ បើក​ព្រះនេត្រ​ទិព្វ​មក​ឃើញបុរស​នោះ​មាន​សេចក្តី​វេទនា លំបាក​ដូច្នោះ ក៏និម្មិត្ត​ជា​អាស្រម ១ នៅ​ខាង​មុខ​ទី​ដែល​បុរស​ដើរ​ទៅ ហើយ​ព្រះឥន្រ្ត​កាឡា​ខ្លួន​ធ្វើ​ជា​ព្រះ​មហាឥសី ។ បុរស​ មើល​ទៅ​ឃើញ​អាស្រម​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរ ដើរ​ចូល​ទៅ​ថ្វាយ​បង្គំ​ឥសី​ក្នុង​អាស្រម​នោះ ។ ឥសី​សួរ​ថា «ចៅ​មាន​ហេតុ​អ្វី។ បុរស​នោះ ទូល​ឥសី​តាម​ដំណើរ ដែល​ស្តេច​ឲ្យ​រក​សត្វ​តប់​ប្រមល់​ យក​ទៅ​ថ្វាយ ។ ឥសី​ថា «ចៅ​កុំ​ព្រួយ» រួច​ឥសី​បាន​យក​បំពង់​ពក ១ មក​សែក​មន្ត​វិជ្ជា​សិល្ប​សាស្រ្ត​កើត​ជា​ខ្លា សិង្ហ ដំរី​ ពស់ រមាស សុទ្ធ​តែ​ជា​សត្វ​សាហាវ​ទាំង​អស់ ហើយ​ឥសី​ដែក​ជប់​បង្រួញ​សត្វ​ទាំង​នោះ ច្រក​ក្នុង​បំពង់​ពក ប្រគល់​បំពង់​ពក​នោះ ឲ្យ​ទៅ​បុរស រួច​ផ្តាំ​ថា «ឲ្យ​យក​ទៅ​ថ្វាយ​ស្តេច ប៉ុន្តែ​មុន​នឹង​បើក​​ឆ្នុក ឲ្យ​ស្តេច​ប្រមូល​ព្រះរាជ​វង្សានុវង្ស​មក​ជួប​ជុំ ហើយ​បិទ​ទ្វារ​វាំង​ឲ្យ​ជិត សឹម​បើកឆ្នុក​មើល ព្រោះ​សត្វ​នោះ​រត់​រហ័ស​ណាស់» ។ លុះ​បុរស​នោះ​ទទួល​បណ្តាំ​ឥសី​ស្រេច​ហើយ ក៏​នាំ​យក​សត្វ​ដែល​ច្រក​ក្នុង​បំពង់​ពក ទៅ​ថ្វាយ​ស្តេច ក្រាប​ទូល​ថា «ទូល​ព្រះ​បង្គំ​រក​សត្វ​តប់​ប្រមល់​បាន​ហើយ នៅ​ក្នុង​បំពង់​ពក​នេះ « ហើយ​ក៏​ទូល​តាម​ដំណើរ ដែល​ឥសី​ផ្តាំ​មក ។ ស្តេច​ឲ្យ​ប្រមូល​ព្រះរាជវង្សានុវង្ស​ជួប​ជុំ​ហើយ ទ្រង់​ចាត់​ការ​បិទ​ទ្វារ​កំពែង​វាំង​ស្រេច ទ្រង់​ឲ្យ​អមាត្យ​បើក​ឆ្នុក​បំពង់​ពក​នោះ ។ ខ្លា ដំរី សិង្ហ រមាស ពស់ ក៏​ចេញ​ពី​ក្នុង​បំពង់​ពក​មក​ខាំ ស្តេច​និង​ព្រះរាជវង្សា​នុវង្ស​ទាំង​នោះ ឲ្យ​ដល់​នូវ​មរណភាព​អស់​ទៅ ។
ក្រោយ​មក ពួក​អ្នក​នគរ​បាន​ឃើញ​បុរស​នោះ​មាន​រឹទ្ធានុភាព​ដូច្នោះ ក៏​រៀប​អភិសេក​បុរស​នោះ ឲ្យ​ឡើង​សោយ​រាជសម្បត្តិ​ ជា​ព្រះមហាក្សត្រ​ក្នុង​នគរ​នោះ​ទៅ ។ សត្វ​ទាំង​ឡាយ ក៏​លា​ស្តេច​បុរស​នោះ ចូល​ទៅ​នៅ​ព្រៃផ្តាំ​ថា «បើ​ស្តេច​មាន​ភ័យ​ ឬ​មាន​ការ​អ្វី គ្រាន់​តែ​នឹក​ដល់ នឹង​មក​ជួយ​យក​អាសារ​ជា​ដរាប»
កម្លាំង​អ្វី មិន​ស្មើ​កម្លាំង​កម្ម

(យោងពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)

Tuesday, January 7, 2014

រឿង ចៅសុក្រ និងចៅសៅរ៍


កាលពីព្រេងនាយមានមានបុរស២នាក់សម្លាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅ វត្ដមួយជាមួយគ្នា។ បួសយូរបន្ដិចក៏សឹកមកវិញ ហើយក៏ជាសំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា «បើអ្នកណាក្រត្រូវ ជួយគ្នា » ហើយបុរសទាំងពីនាក់ក៏មានប្រពន្ធកូននៅរកស៊ីទីទៃពីគ្នា។ ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន។ ឯចៅ សៅរ៍ល្ងង់ខ្លៅក្រលំបាកហើយប្រពន្ធមានសហាយផង។ ចៅសុក្រដឹងថាប្រពន្ធចៅសៅរ៍មានសហាយ ហើយក្រលំបាក ដូច្នោះ ទៅសួរចៅសៅរ៍ ទៅដល់ឃើញចៅសៅរ៍ក្រលំបាកមែនក៏បបួលចៅសៅរ៍ទៅរកស៊ី ហើយនិយាយថា ត្រូវឯងតាមពាក្យអញ។ ចៅសៅរ៍ក៏ព្រមតាមពាក្យចៅសុក្រ។ ចៅសុក្រក៏បបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើក្ដារមឈូសលក់។ ចៅសៅរ៍តាមពាក្យចៅសុក្រក៏ព្រមទៅជាមួយគ្នា។ ឯកូនសេដ្ធីដែលមានសហាយនឹងនាងប៉ិចជាប្រ​ពន្ធ ចៅសៅរ៍ឃើញ ចៅសៅរ៍មិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរ៍ រួចហើយវិលមកផ្ទះវិញ។ ចៅសុក្រនិងចៅសៅរ៍ ធ្វើបានក្ដារមឈូស មួយក៏យកមកដាក់ក្នុងផ្ទះហើយទៅធ្វើក្ដារមឈូសទៀត។ កូនសេដ្ធីក៏ទៅដេកនឹងនាងប៉ិចទៀត។ ដល់ពាក់កណ្ដាលផ្លូវ អាធ្រាតចៅសុក្រ និងចៅសៅរ៍មកផ្ទះវិញ។ ចៅសុក្រខំដើរប្រញាប់មកមុន ស្រែកហៅប្រពន្ធចៅសៅរ៍ឱ្យបើកទ្វារ។ ឯកូនសេដ្ធីក៏ភិតភ័យរត់ពុំរួច។ នាងប៉ិចឱ្យសហាយចូលដេកក្នុងក្ដារមឈូស ហើយទៅបើកទ្វារឱ្យចៅសុក្រ ចៅសៅរ៍ ចូលទៅក្នុងផ្ទះ។ នាងប៉ិចសួរថា «ដូចម្ដេចបានជាវិលមកវិញ»​។ ចៅសៅរ៍ប្រាប់ថា ចៅសុក្រឈឺក្បាលហៅវិលមក វិញ។ ហើយចៅសៅរ៍ប្រាប់ទៅនាងប៉ិចឱ្យដណ្ដាំបាយស៊ី ស៊ីបាយរួចហើយ ដោយចៅសុក្រដឹងថាសហាយនាងប៉ិចដេក ក្នុងក្ដារមឈូសក៏ប្រាប់ទៅចៅសៅរ៍ថា « រកផ្ដៅចងក្ដារមឈូសទុកក្រែងចោរលួច » ចៅសៅរ៍ក៏យកផ្ដៅមកចងក្ដារ មឈូសទុកក្រែងចោរលួច ចៅសៅរ៍ក៏យកផ្ដៅទៅចងរួចស្រេច ហើយយកដែកគោលបោះថែមទៀត។ ឯចៅសៅរ៍ពុំ ដឹងថាប្រពន្ធមានសហាយ ក៏ធ្វើតាមពាក្យចៅសុក្របង្គាប់។ លុះព្រឹកឡើងចៅសៅរ៍ ប្រើប្រពន្ធឱ្យទៅទិញឥវ៉ាន់ ហើយនាងប៉ិចហួសទៅប្រាប់សេដ្ធីថា «ឱ្យឪពុកម្ដាយចាំទិញមឈូស ត្បិតកូនសេដ្ធីនៅដេកនឹងខ្ញុំ ប្ដីខ្ញុំមកទាន់វារត់ទៅ ដេកក្នុងមឈូស ឥឡូវនេះប្ដីខ្ញុំសែងយកមកព្រឹកនេះហើយ»។ ប្រាប់ហើយនាងប៉ិចក៏ត្រឡប់ទៅផ្ទះវិញ។ ចៅសុក្រនិង​​ចៅសៅរ៍ស៊ីបាយរួច ក៏សែងមឈូសយកទៅលក់។ សេដ្ធីឱ្យខ្ញុំមួយនាក់ចាំមើលផ្លូវផ្ដាំថា « បើឃើញអ្នកណាសែង ក្ដារមឈូសមកលក់ឱ្យរត់ទៅហៅយើង»។ ចៅសុក្រនិងចៅសៅរ៍សែងក្ដារមឈូសទៅដល់ផ្ទះសេដ្ធី ស្រែកពពាយ នាយថា «អ្នកណាទិញក្ដារមឈូសទេ? »។ សេដ្ធីឮសួរថា « លក់តម្លៃប៉ុ​ន្មាន?»។ ចៅសុក្រប្រាប់ថា ឱ្យចាក់ប្រាក់ពីដី ឡើងស្មើនឹងមឈូស។ សេដ្ធីសុំតម្លៃ ចៅសុក្រមិនព្រម​។ សេដ្ធីក៏ប្រើខ្ញុំកំដរឱ្យទៅយកប្រាក់មកចាក់ស្មើនឹងមឈូស ហើយចៅសុក្រនិងចៅសៅរ៍យកប្រាក់ទៅផ្ទះចែកគ្នា។ សេដ្ធីគាស់មឈូសយកកូនចេញ។ ក្រោយមក ចៅសៅរ៍យក នាងប៉ិចធ្វើប្រពន្ធដូចដដែល​វិញ។


ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងនិទានខ្មែរ

Sunday, January 5, 2014

រឿង កូនបួននាក់មិនបម្រើឪពុក


ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ។ គាត់មានកូនប្រុស ៤នាក់ មាន​អាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំ យកប្រពន្ធទៀតទេ។ នៅ​ជាមួយនិងកូន ប្រុសៗអស់​​ ១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិន អាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង ហើយយកកូន ប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។
លុះរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឲ្យកូនទី២ចែកទ្រព្យមួយចំណែកឲ្យដូចគ្នា។ តមកគាត់ រៀបការ កូនទី៣ចែកទ្រព្យមួយចំណែកឲ្យទៀត។ លុះដល់ឆ្នាំជាគំរប់៤ ក៏រៀបការឲ្យកូនទី៤ចែកទ្រព្យ មួយចំណែកទៀតដែរ។ នៅសល់តែផ្ទះ១ខ្នងពុំបានចែក គាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យ របស់ឲ្យអស់រលីងពីខ្លួន ដូចេ្នះមកពីគិតថា ឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ី ចិញ្ចឹម វិញរហូតដល់ស្លាប់។ 
ប៉ុនែ្តគំនិតគាត់គិតនេះខុសស្រឡះ ។ កាលដែលគាត់នៅជាមួយកូនប្រុស ៤ នាក់ កូនទាំងនោះស្រ ឡាញ់​បងប្អូន ណាស់ ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ។ លុះបានប្រពន្ធមករៀងខ្លួនហើយ ក៏បែកចិត្តគំនិតផេ្សងៗ ពី គ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្កៀបរមាស់ បន្តិចទាស់នេះ បន្តិច ទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើត ទៅ រកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយ ឲ្យនៅតែឯកោអនាថា។ កាលកូនទាំង៤នាក់ ទើបនិងចុះ ចេញពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយហុច ចំណីតឪពុកបន្តិចបន្តួចរាល់ៗថៃ្ង។ លុះមានកូនខ្ចីគ្រប់គ្នា ជួនពេលប្តីរវល់ ដើរទៅជួញស្រុកឆ្ងាយភរិយា នៅផ្ទះអាងតែប្តីមិននៅ និងអាចមានកូនខ្ចីផង ក៏បង្អង់ជូនបាយទឹកឪពុកកេ្មក ដោយមេខ្លះ គិតថាប្រហែល ប្អូនគេឲ្យហើយ មេខ្លះគិតថា បងឯណោះគេឲ្យហើយ កូនប្រសានាំគ្នាគិតដូចេ្នះតែរៀងៗខ្លួន។ យូរៗ ថៃ្ងទៅតានោះអត់បាយ ១ពេលក៏មាន ១ពេលក៏មាន។
វេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះ បានស្តីបន្ទោសប្រពន្ធ នាងភរិយាខ្លះដោះសាថា កូនឈឺ ខ្លះថាខ្លួន ពុំនៅជាប់ រវល់ទៅជួយញាតិជិតខាង ស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណា ប្តីតាមវាទាំងអស់។ ចំណែក តា ពោះម៉ាយ អត់បាយ គ្មានសំពត់អាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគ រងទុក្ខវេទនាពន់ពេក និង លក់ផ្ទះចាស់ៗពុំបានថៃ្លប៉ុន្មានផង ហើយគ្មានជ្រកនៅផង។ 
កាលនោះមានបុរសម្នាក់នៅកម្លោះ មានចិត្តសប្បុរសហើយជាអ្នករៀនសូត្រ ចេះដឹងច្បាប់ទម្លាប់ ស្គាល់គុណទោស ច្រើន ផ្ទះនៅភូមិជិតគ្នាដើរមកឃើញ តានោះវេទនាដូច្នោះ មានចិត្តអាណិតក្រៃពេក ក៏សាកសួរថា «លោកតា ! ខ្ញុំធ្លាប់ ឃើញលោកតាពីដើម ជាអ្នកមានគ្រាន់បើឪពុកម្តាយក៏ធ្លាប់ទីពឹងលោក តាខ្លះដែរ ម៉េចក៏ឥឡូវលោកតា​វេទនាខ្លាំងម៉េ្លះ ។ ក្រែងលោកតាមានកូនប្រុសមានកូនប្រុសៗដល់ ទៅ៤ នាក់ដែរឫមេ្តចក៏កូននោះវាមើល បំណាំមិនថែទាំលោកតា​សោះ ? ក្រែងទ្រព្យរបស់លោកតាមានសល់ទុក ខ្លះដែរ​ឬ មេ្តចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគ ប្រើ​ប្រាស់?​​» តាចាស់ប្រាប់ទៅវិញថា "ឱ ហ្ន៎ ! លោកចៅអើយ ! លាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើ ពិតមែន​ ប៉ុនែ្តតា អាណិតស្រលាញ់កូន ពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅ។ គិតថាឲ្យវាចិញ្ចឹមតាវិញ ឥឡូវពួកវាមានប្រពន្ធ ហើយថែម ទាំងមានកូនទៀត។ វាឃើញឯងអស់ទ្រព្យរលីងពីខ្លួន វាឥតនឹកនារកតាសោះ វាតាមតែប្រពន្ធវាទាញទៅ ចូលរន្ធក្តាមក៏វាចូលដែរ។ ខ្លួនតាសព្វថៃ្ងឈឺផងនៅតែម្នាក់ឯងម៉ង់ៗ វេទនាជាទីបំផុត ដេកសម្រក់​ទឹកភែ្នក ជោក​ខ្នើយ​អស់ទៅហើយ បាយព្រឹកជាបាយល្ងាចជួនកាលអត់មួយ ពេលក៏មាន នឹងធ្វើការរកស៊ីអ្វីក៏ មិន កើតពីព្រោះ​ចាស់ជរា​គ្រាន់​​តែដើរស្ទើរតែមិនរួចទៅហើយ។ ដូចលោកចៅឃើញស្រាប់ តាដេកចាំតែដល់ ថៃ្ងស្លាប់ទេ»។ ចៅកម្លោះ​លាន់មាត់​ថា «យីអើ!កូនតាមានចិត្តអាក្រក់ ដល់ម្លឹងហ្ន៎។ បើអីចឹងលោកតាកុំ ភ័យ។ មានឧបាយមួយធ្វើឲ្យលោកតាបានសុខ​កាយ​​សប្បាយចិត្តដូចពីដើមវិញ។ លោកតាធ្វើតាម ឲ្យ លោកតារកពាងមានមាត់តូចល្មមមួយជុះអាចម៍និងនោម​ឲ្យ​ពេញ​​ហើយរក កំណាត់សំពត់រុំបិទមាត់ឲ្យជិត ជីកកប់ក្នុងដីជិតជើងសសរទ្រូងផ្ទះ ហើយបើមានអ្នកណាដើរមកឲ្យ លោកតានិយាយប្រាប់គេថា ខ្ញុំនៅ សល់កំណប់ប្រាក់មាស១ពាងកប់ទុក ពុំទាន់ចែកឲ្យកូនណានៅឡើយ ចាំមើល​កូនណាចិត្តបានដឹងគុណ បើខ្ញុំជិតស្លាប់ ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះ។ លោកតានិយាយប្រាប់មនុស្ស ដែលជួបកុំខាន ក្នុងរវាង ប៉ុន្មានថៃ្ងខែខាងមុខនេះ កុំឲ្យលោកតាដើរសុំទានគេទៀត ចាំខ្ញុំយកបាយទឹក មកជូនពិសារ កុំព្រួយ»។ តាចាស់ក៏តាំងធ្វើតាមចៅចិត្តសប្បុរសទាំងអស់។
លុះបានប្រហែល៥ថៃ្ង សំដីតានោះបានដឹងដល់កូនប្រុស និងកូនប្រសាទាំង៨នាក់។ វាមានចិត្តលោភ លន់ចង់​បាន​កំណប់ តែរៀងខ្លួន ក៏នាំគ្នាយកបាយទឹកនំចំណីផែ្លឈើទុំខ្ចីគ្រប់មុខ និងខោអាវក្រមា មក ផ្គាប់ផ្គន់ជូនតាឪពុករៀងរាល់​ថៃ្ង ពុំមានខ្វះថៃ្ងណាមួយឡើយ។ តាចាស់បានសះជារោគមានសាច់ឈាម ស្រស់បស់ មានកំលាំងពលាំង សុខ កាយ​សប្បាយចិត្ត តាំងពីថៃ្ងនោះមករហូតដល់អស់អាយុ។ លុះតា ស្លាប់ហើយ កូនក៏នាំគ្នាធ្វើបុណ្យអធិក អធមតាមទំនៀម​រួចស្រេច កូនទាំង​៤នាក់ និងកូនប្រសាគិតនាំគ្នា គាស់ពាងកំណប់ចែកគ្នា ប៉ុនែ្តក្រែងចែក មិនស្មើភាគនាំឈ្លោះប្រកែក​គ្នា ក៏ទៅរកគ្រូហ្មម្នាក់ឲ្យជួយចែក។ លោកគ្រូនោះទទួលព្រម ប៉ុនែ្តគាត់លឺថា កំណប់មាសប្រាក់ច្រើនដល់ទៅ១ពាង គាត់ចង់បានមួយ ចំ ណែកដែរ ហើយគាត់គិតក្នុងចិត្តថា «គាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផង»។ គាត់​ក៏ដើរ រូតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំជូត ក្បាលធំទើងមើងធ្វើឲ្យខូងកណ្តាល​ដូចគេទូល ជើងឆ្នាំង​ផ្ងារ ក៏តាំងអង្គុយពែនភែ្ននលើដី រាបរលីង ធេ្មចភែ្នកសង្រួមស្មឹងស្មាធិ៏ ឈរមុខត្រង់ទៅទិសខាង កើត ហើយគាត់ប្រាប់​កូនទាំង៤នាក់ឲ្យទៅ គាស់យកពាងកំណប់មក។ ប៉ុនែ្តគាត់ហាមថា កុំអាលស្រាយ មាត់ពាងក្រែងខុសត្រណមចាំគាត់​បង្គាប់សិន។ លុះយកពាងមកដល់ហើយគាត់ឲ្យកូនទាំង៤នាក់ឈរ គ្រប់ទិសទាំង៤ ធេ្មចភែ្នកយកដៃទាំងអស់គ្នាចាប់ លើកពាងទ្រស្ទួយបិទទូលលើក្បាល ហើយសឹមស្រាយ ចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់ មកលើ​ក្បាល​គាត់។ បើកំណប់ជ្រុះទៅទិសណា ប៉ុន្មានៗ ត្រូវបានទៅអ្នកឈរកំណាន់ទិសនោះ បើកំណប់ណា នៅសល់ទើរ​លើឆ្នូតក្បាលគាត់ត្រូវបានជា រង្វាន់លោកគ្រូទាំងអស់។ 
កូនទាំង៤នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យល្អៀង។ ភរិយាទាំង ៤ នាក់ឈរកាន់កញ្ជើរ រៀងខ្លួន ចាំ​កើប។ ក្នុងពេលដែលចែកកំណប់នោះ មានអ្នកស្រុកជិតខាងទៅចាំមើលផងដែរ។ និមិត្តតែ​គេលើកពាងបិទទូលរួច ស្រាយមាត់ពាង​ផ្អៀងចាក់ឈូរមក ទឹកម៉ាំត្រាំលាមកច្រើនខួប ហូរឆ​ស្រោចលើ​ក្បាលលោកគ្រូពេញកំពុង ហើយខ្ចាត់​បាចសាចចេញទៅគ្រប់ទិសប្រឡាក់ប្រឡូស ពាសពេញមុខមាត់​និងសំពត់អាវ រហូតដល់នាងប្រពន្ធទាំង៤នាក់ទៀត។ លោកគ្រូបានចំណែកច្រើនជាងគេ ធុំក្លិនខ្មោះថា​មិន​ត្រូវ គេឃើញលោកគ្រូស្រមូវៗ បាត់មុខមាត់រូបរាងអស់ ខំក្រោក​ឡើងសោះកគ្រោះ ខ្មាសអស់ពួក​បរិស័ទ​ដែលឈរចាំមើល។ ពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះ​រៀងៗខ្លួន ទើបលោក​គ្រូស្រែកជេរកែសំនួនទោកូនទាំង៤នាក់ និងកូនប្រសាថា »ខ្មោចមេដែង អាដែងទាំងអស់គ្នា អា​មេអស់​នេះ បានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅ បានជាកំណប់មាសប្រាក់អន្តរាយ ក្លាយទៅ​ជាអាចម៍​នោមប្រឡាក់ខ្លួនអញ់អស់ដូចេ្នះយី ! ខ្មោចអាផេះ មេកំផេះអស់នេះខូចមែន» លោក គ្រូនិងកូន​សិស្ស​នាំគ្នារត់រហ័ស លោតទំលាក់ខ្លួនទៅក្នុងទនេ្លប្រូងខំត្រាំទឹកលាងបាបអស់១ម៉ោងម្នាក់ៗ រួចនាំគ្នា​ឡើងទៅលើផ្ទះរៀងៗខ្លួន បាន​សេចក្តី​ក្តៅក្រហាយស្តាយក្រោយ ខ្មាសគេតកូនតចៅ។

(យោងពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)



Friday, January 3, 2014

រឿង បុរសកុហក ៤ នាក់


កាល​ពីព្រេងនាយ​ មាន​បុរស​កុហក​៤​នាក់​ មក​ជួប​ជុំ​គ្នា​ រួម​គំនិត​ គិត​ដើរ​ទៅ​រក​ឆរ​បោក​បញ្ឆោត​ យក​ទ្រព្យ​សម្បត្តិ​គេ​ នៅ​គេហដ្ឋាន​ ឆ្ងាយ​ពី​លំនៅ​របស់​ខ្លួន , ព្រមព្រៀង​គ្នា​ស្រេច​ហើយ​ ក៏​នាំ​គ្នា​ដើរ​ទៅ, លុះ​ទៅ​យូរ​បន្តិច​បាន​ជួប​ប្រទះ​នឹង​តា​ចាស់​ដូន​ចាស់​ពីរ​នាក់​ ជា​អ្នក​ធ្វើ​ចម្ការ​កប្បាស​ នៅ​ក្បែរ​មាត់​ទន្លេ​មួយ​​ ដាច់​ឆ្ងាយ​ពី​ស្រុក​ភូមិ​គេ ។ បុរស​កុហក​៤​នាក់​នោះ​ បាន​ដឹង​ដំណឹង​ថា​ តា​ចាស់​ ដូន​ចាស់​ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​​ច្រើន​គ្រាន់​បើ​ ក៏​គិត​គ្នា​ថា « យើង​ត្រូវ​នាំ​គ្នា​ឈប់​ទៅ​ទី​នេះ​ ដើម្បី​ភូត​កុហក​ យក​ទ្រព្យ​សម្បត្តិ​តា​ចាស់​ ដូន​ចាស់​នេះ​ឲ្យ​បាន » បុរស​៤​នាក់​នោះ​ ទៅ​ដល់​សួរ​តា​ចាស់​ដូន​ចាស់​ថា «  ! តា​យាយ​អើយ ! យើង​ខ្ញុំ​ទាំង​៤​នាក់​នោះ​ មក​ពី​ស្រុក​ឆ្ងាយ​ណាស់​ ខំ​ត្រាច់​ដើរ​រក​អ្នក​ឯ​ណា​ដែល​ចេះ​ដឹង​ ព្រោះ​យើង​ខ្ញុំ​ចង់​ដឹង​រឿង​ព្រេង​ពី​បុរាណ​នាយ​មក, តែ​វេលា​នេះ​ បាន​មក​ជួប​នឹង​តា​យាយៗ​ ប្រហែល​ជា​ចេះ​ដឹង​រឿង​បុរាណ​មក​ខ្លះ​មិន​ខាន​ បើ​ដូច្នេះ​ សូម​តា​យាយ​មេត្តា​និទាន​រឿង​ព្រេង​អ្វី​មួយ​ ឲ្យ​ចៅ​ស្ដាប់​បន្តិច » ។ តា​ចាស់​ដូន​ចាស់​ ក៏​ឆ្លើយ​តប​ទៅ​បុរស​ទាំង​៤​នាក់​វិញ​ថា « ចៅ​អើយ​ ចៅ ! តាំង​ពី​ក្មេង​ដល់​ចំណាស់​ប៉ុណ្ណេះ​ហើយ​ តា​យាយ​គ្មាន​ចេះ​រឿង​ព្រេង​អ្វី​ទេ​ សូម​ចៅ​អញ្ជើញ​ទៅ​រក​សួរ​អ្នក​ឯ​ទៀត​ចុះ » ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ថា «  ! តា​យាយ​អើយ ! បើ​ប្រសិន​ជា​មាន​គេ​ចេះ​រឿង​ព្រេង​នោះ​ តា​យាយ​ចង់​ស្ដាប់​ឬ​ទេ ?  «  ! ចៅ​អើយ ! តា​យាយ​ ចង់​ស្ដាប់​ណាស់​តែ​រក​អ្នក​ណា​ចេះ​គ្មាន » ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ដោយ​កិច្ចកល​ ប៉ង​នឹង​បោក​យក​ទ្រព្យ​សម្បត្តិ​ តា​ចាស់​ដូន​ចាស់​នោះ​ ឲ្យ​បាន​ដោយ​ងាយ​ថា «​យើង​ខ្ញុំ​ទាំង​៤​នាក់​នេះ​ ចេះ​ខ្លះ​ដែរ​ ព្រោះ​បាន​ដឹង​ពី​ជីតា​ខ្ញុំ​ គាត់​និទាន​ប្រាប់, តែ​រឿង​នេះ​ បើ​និយាយ​ទៅ​កាលណា​ តា​យាយ​ត្រូវ​តែ​ជឿ​​ទើប​ខ្ញុំ​និទាន​ប្រាប់​បាន » ។ តា​យាយ​ ក៏​ព្រម​ព្រៀង​ឲ្យ​បុរស​ទាំង​៤​នាក់​នោះ​ និយាយ ។
បុរស​ទី​១​ ចាប់​អធិប្បាយ​រឿង​កុហក​ជា​ដំបូង​ឡើង​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​បាន​ចំនួន​៣​ខែ​ ម្ដាយ​ខ្ញុំ​ គាត់​ចង់​ពិសា​ផ្លែ​ធុរេន​នៅ​មុខ​ផ្ទះ​ខ្ញុំ​ ដើម​វា​ មាន​កំពស់​ប្រហែល​៨​ព្យាម​ ហើយ​មាន​ផ្លែ​តែ​មួយ​ផង​ គាត់​មិន​ដឹង​ជា​គិត​ដូចម្ដេច​ នឹង​បាន​ផ្លែ​ឈើ​នោះ​មក​ពិសា ។ លុះ​ខ្ញុំ​បាន​ដឹង​ថា​ គាត់​ចង់​ពិសា​ផ្លែ​នោះ​ខ្ញុំ​ក៏​ចេញ​ពី​ផ្ទៃ​គាត់​ តាម​ទ្វារ​មាស​ ទៅ​ឡើង​បេះ​ធុរេន​នោះ​ យក​មក​ជូន​គាត់​ពិសា, រួចស្រេច​ ខ្ញុំ​ត្រឡប់​ចូល​ទៅ​ក្នុង​ផ្ទៃ​គាត់​វិញ។
បុរស​ទី​២​ថា ៖ កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​ បាន​ចំនួន​៦​ខែ​ ឃើញ​គាត់​នឿយ​ហត់​លំបាក​នឹង​ធ្វើ​ស្រែ​ ចម្ការ​ ច្បារ​ដំណាំ​ពេក​ ខ្ញុំ​ចេញ​ពី​ផ្ទៃ​គាត់​មក​ នៅ​ធ្វើ​ស្រែ​ចម្ការ​ ឃ្វាល​គោ​ ក្របី​ ដណ្ដាំ​បាយ​ ដង​ទឹក​ ជំនួស​គាត់​ ពី​ព្រឹក​ព្រហាម​ លុះ​ល្ងាច, អស់​ការ​ធ្វើ​ ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ជា​រៀង​រាប​ដរាប​មក ។
បុរស​ទី​៣​ថា៖   ! តា​យាយ​អើយ​ ខ្លួន​ខ្ញុំ​នេះ​ ជា​ទេវបុត្រ​ ច្បុត​ចុះ​មក​ចាប់​បដិសន្ធិ​នឹង​ម្ដាយ​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​ចេញ​ពី​ទ្វារមាស​វេលា​ណា បាន​មក​បម្រើ​គាត់​សព្វ​សារពើ, ដល់​ខ្ញុំ​ចាស់​ទៀប​នឹង​ស្លាប់​ ខ្ញុំ​សុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ដើម្បី​កុំ​ឲ្យ​ស្លាប់​ទាន់​ ហើយ​កើត​ម្ដង​ទៀត​ឲ្យ​បាន​ជា​ក្មេង​ឡើង​វិញ ។
បុរស​ទី​៤​ថា : ខ្លួន​ខ្ញុំ​នេះ​ ចាប់​តាំង​តែ​ចេញ​ពី​ផ្ទៃ​ម្ដាយ​កាលណា​មក​ ខ្ញុំ​រក្សា​សីល​៥​ ចាំ​សីល​៨​ តែ​សីល​ខ្ញុំ​ ប្លែក​ពី​សីល​អ្នក​ទាំងពួង​ចង់​ផឹក​ស្រា​ ជក់​អាភៀន​ សម្លាប់​ជីវិត​គេ​ក៏​បាន , លុះ​ដល់​ខ្ញុំ​ស្លាប់​ទៅៗ​ កើត​ជា​ទេវតា​ សោយ​រាជ​សម្បត្តិ​នៅ​ឋាន​សួគ៌ ។
បុរស​ទាំង​៤​នាក់​នោះ​ និយាយ​ភូត​កុហក​គ្រប់​គ្នា​ហើយ​ ក៏​សួរ​ទៅ​តា​ចាស់​ដូន​ចាស់​ថា ៖ រឿង​ខ្ញុំ​និទាន​ជំរាប​ទាំង​ប៉ុន្មាន​នេះ​ តើ​តា​យាយ​ជឿ​ឬ​ទេ ? តា​យាយ​ ឆ្លើយ​តប​ទៅ​វិញ​ថា « រឿង​នោះ​តា​យាយ​ ជឿ​ហើយ​ចៅ ! » ។ តែ​ក្នុង​គំនិត​គាត់​ទាំង​២​នាក់​ គិត​ឃើញ​ជា​ស្រេច​ថា « បុរស​ទាំង​នេះ​ សុទ្ធ​តែ​និយាយ​កុហក​ទាំង​អស់ » 
ដល់​បុរស​ទាំង​៤​នាក់​នោះ​ ទាល់​ប្រាជ្ញា​ ក៏​ឲ្យ​តា​នោះ​ និយាយ​រឿង​ប្រាប់​ម្ដង​វិញ, ប៉ុន្តែ​មុន​នឹង​និយាយ​រឿង​តា​ចាស់​នោះ​ គាត់​បាន​សន្យា​ដូច​បុរស​ទាំង​៤​នាក់​នោះ​ដែរ , លុះ​ព្រម​ព្រៀង​ទាំង​អស់​គ្នា​ ទើប​តា​ចាស់​និយាយ ។
តា​ថា «  ! ចៅ​អើយ ! កាល​តា​និយាយ​ មក​ធ្វើ​ចម្ការ​កប្បាស​នេះ​បាន​ ៥ - ៦ ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​ប្រាក់​មាស​ ល្មម​នឹង​ចិញ្ចឹម​ចៅ​ទាំង​៤​នាក់​នេះ​បាន , តែ​នៅ​ឆ្នាំ​មួយ​មុន​នោះ​ កប្បាស​មិន​ផ្លែ​សោះ​ មិន​ដឹង​ជា​រឿង​ហេតុ​អ្វី, មាន​មួយ​ថ្ងៃ​ តា​ដើរ​រុក​ក្នុង​ចម្ការ​ទៅ​ ឃើញ​ដើម​កប្បាស​១​ដើម​ ទំហំ​ប៉ុន​ដើម​ត្នោត​ មាន​ផ្លែ​មួយ​ធំ​ តា​ក៏​ឡើង​បេះ​យក​មក​ផ្ទះ, ដល់​តា​និង​យាយ​នាំ​គ្នា​មក​មើល​ ឃើញ​មាន​គ្រាប់​៤​ ក្នុង​មួយ​គ្រាប់ៗ​ មាន​កុមារ​​ ម្នាក់​ៗ​ គ្រប់​គ្រាប់​ទាំង​៤, តា​បាន​ឲ្យ​យាយ​គាត់​បំបៅ​បី​បាច់​រក្សា, លុះ​ដល់​កុមារ​ទាំង​៤​នាក់​នោះ​ ធំ​វេលា​ ណា​ឡើង​ ក៏​នាំ​គ្នា​រត់​ចោល​តា​និង​យាយ​ទាំង​អស់​ទៅ, ឥឡូវ​តា​ឃើញ​ចៅ​ទាំង​៤​នាក់​នេះ​ត្រឡប់​មក​វិញ​ហើយ ។
បុរស​ទាំង​៤​នាក់​ ភិត​ភ័យ​ខ្លាំង​ ក៏​នាម​គ្នា​ឆ្លើយ​ប្រកែក​ទៅ​នឹង​តា​ចាស់​ ដូន​ចាស់​វិញ​ថា ` មិន​មែន​ទេ » ។ តា​យាយ​សួរ​ទៅ​វិញ​ថា « ហេតុ​អ្វី​ ក៏​ចៅ​ថា​មិន​មែន, បើ​ចៅ​ចេះ​តែ​ប្រកែក​យ៉ាង​នេះ​ នុះ​ឃើញ​ថា​​ទាស់​ខុស​នឹង​កិច្ច​សន្យា​ហើយ, បើ​ដូច្នេះ​ ត្រូវ​ចៅ​ទាំង​៤​នាក់​ មក​នៅ​បម្រើ​តា​ ទើប​ត្រូវ​នឹង​ពាក្យ​សន្យា » ។ បុរស​កុហក​៤​នាក់​ គេច​មិន​រួច​ ក៏​នៅ​បម្រើ​តា​យាយ​ទៅ ។

ពាក្យ​ច្រើន​ភូត​ ចាញ់​អាត្មា​
(យោងពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)


Thursday, January 2, 2014

អន្ទង់​វែង​ឆ្នាំង​វែង


ក្នុង​កាល​កន្លង​ទៅ​ហើយ មាន​មនុស្ស​ពីរ​នាក់ ជា​ប្តី​ប្រពន្ធ។ ថ្ងៃ​មួយ ប្តី​ចេញ​ទៅ​រក​អន្ទង់​ដើម្បី​ជា​អាហារ បាន​អន្ទង់​១ យក​មក​ប្រគល់​ឲ្យ​ប្រពន្ធ ប្រាប់​ថា៖ «ចូរ​ឯង​យក​អន្ទង់​នេះ​ទៅ​ស្ល​ស៊ី»។ ប្រពន្ធ​ឆ្លើយ​ថា «ចុះ​បើ​អន្ទង់​នេះ​វែង​ម្ល៉េះ បាន​ឆ្នាំង​វែង​ពី​ណា​នឹង​យក​មក​ស្ងោរ​អន្ទង់​នេះ​បាន។ ប្តី​ឮ​ហើយ នឹក​ក្នុង​ចិត្ត​ថា «ប្រពន្ធ​អញ​ល្ងង់​អី​ម្ល៉េះ!» ហើយ​ប្រាប់​ប្រពន្ធ​ថា «បើ​ឯង​រក​ឆ្នាំង​វែង​ពុំ​បាន​ទេ ឯង​យក​អន្ទង់​នេះ​ទៅ​ព្យួរ​ទុក​ទៅ!» ។ ប្រពន្ធ​ក៏​យក​អន្ទង់​ទៅ​ព្យួរ​ទុក ហើយ​គេច​ទៅ​ដេក​បំបៅ​កូន​ក្នុង​មុង​ទៅ ។ ប្តី​ក៏​យក​អន្ទង់​នោះ​មក​កាប់​ចិញ្រ្ចាំ ហើយ​យក​ឆ្នាំង​មក​ដាក់​ស្ល-កកូរ,  លុះ​ឆ្អិន​ក៏​ដោះ​ដួស រួច​ហៅ​ប្រពន្ធ​ឲ្យ​មក​ស៊ីៗ ​ រួច​លាង​ចាន​ទុកតែ​សម្ល​អន្ទង់​នោះ​សល់​បន្តិច​នៅ​បាត​ឆ្នាំង, ប្តី​មិន​លាង​ឆ្នាំង​នោះ​ទេ ហើយ​ចេញ​ទៅ​ភ្ជួរ​ស្រែ​បាត់​ទៅ។ ឯប្រពន្ធ ដឹង​ថា​ប្តី​ចេញ​ទៅ​បាត់​ហើយ នឹក​ដល់​សម្ល-​កកូរ​អន្ទង់​ដែល​ឆ្ងាញ់ ក៏​ស្ទុះ​ក្រោក​ឡើង ទៅ​យក​ឆ្នាំង​នោះ​មក​លិទ្ធ, ដល់​ខំ​លិទ្ធ​ណាស់​ទៅ ក្បាល​នាង​នោះ ចូល​ទៅ​ក្នុង​ឆ្នាំងៗ គ្រប​ជាប់​ពី​លើ, មិន​ដឹង​ធ្វើ​ដូច​ម្តេច​នឹង​យក​ឆ្នាំង​នោះ​ចេញ​បាន ក៏​វា​រទៅ​ពួន​ក្នុង​មុង ។ លុះ​ប្តី​ត្រឡប់​មក​ពី​ភ្ជួរ​ស្រែ​វិញ រក​ប្រពន្ធ​ពុំ​ឃើញ​ក៏​ស្រែក​ហៅ ឮ​សូរ​ឆ្លើយ​សម្លេងនោះ​គ្រលរ ហាក់​ដូច​ជា​ចំឡែក​ណាស់, ប្តី​ដើរ​ចូល​មក​រក​មើល ទើប​រក​ដំបង​វាយ​ឆ្នាំង​នោះ​បំ​បែក​ទៅ ។ ប្រពន្ធ​លាន់​មាត់​ស្រែក​ថា «យ៉ា!​អញ​ពួន​នឹង​គាត់​ឯង​សោះ» ។ ប្តី​នឹក​អស់​សំណើច ក៏​ដើរ​ចេញ​ទៅ ។
អន្ទង់​វែង​ឆ្នាំង​វែង

 (យោងពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)