Tuesday, January 21, 2014

រឿង ទាក់ទងនឹងទំនៀមទម្លាប់ចោះត្រចៀកកូនស្រី


​​​         ​​​  តាមទំនៀមទម្លាប់ពីបរមបុរាណកាលមក ក្មេងស្រីៗសុទ្ធតែចោះត្រចៀកគ្រប់ៗគ្នាទាំងអស់។​
រហូតមកដល់​​សម័យបច្ចុប្បន្ននេះ ក៏នៅតែធ្វើចំពោះត្រចៀកដែរ គឺគេចោះត្រចៀកទុកសម្រាប់ពាក់
គ្រឿងអលង្កាផ្សេងៗមាន កាវ កបិត (ទំហូ) ជាដើម។ ឯក្មេងប្រុសៗមិនមានចោះត្រចៀកទេ។ ទំនៀម
ចោះត្រ​ចៀកនេះ មានរឿងព្រេងមួយ​ដំណាលថា ៖ កាលពីកន្លងទៅយូរយារណាស់មកហើយ មាន
កុដុម្ពីក៏ម្នាក់ជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ មានខ្ញុំកំដរស្រីប្រុសជាច្រើន មានមាសប្រាក់កែវកង
ពិទូរ្យសូរ្យកានសព្វបែបយ៉ាង ។ កុដុម្ពីក៍នោះក៏មានចិត្ដក្បត់ និងភរិយារបស់ខ្លួន ហើយទៅសហា​យ​
ស្មន់និងខ្ញុំបំរើស្រីម្នាក់។លុះយូរទៅ ប្រពន្ធដើមដឹងរឿង តែមិនដឹងធ្វើម៉េចនឹងធ្វើបាបខ្ញុំបំរើស្រីនោះ
បាន។ ថ្ងៃមួយកុដុម្ពីក៍មានដំ​ណើរទៅស្រុកក្រៅពេញមួយថ្ងៃ ប្រពន្ធដើមបានឱកាសក៏នាំទា​​សីដទៃ
ទៀតរបស់ខ្លួន ទៅចាប់នាងស្រីជាសហាយរបស់ប្ដីនោះ មកធ្វើបាបវាយដំច្រំធាក់ និងជេរបញ្ចោរ
ច្រាសឆ្អេះ​​យ៉ាងអស្ចារ្យ រួចយកដែកគោលមកបោះត្រង់ចុងស្លឹកត្រចៀកទាំងពីររបស់នាងនោះ 
ហើយ​ទុកចោលនៅលើផ្ទះនោះទៅ។ លុះវេលាល្ងាចកុដុម្ពីក៍ត្រលប់មកពីស្រុក​​ក្រៅវិញ​ឃើញ​​​ដូច្នេះ​
ក៏សួរទៅនាងសហាយនោះថា«យ៉ាង​​​​ម៉េច! បានជាគេយកដែកគោលបោះស្លឹកត្រចៀកដូច្នេះ?»។
នាងក៏ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់។ ប្ដីក៏ដកដែកគោលចេញ​​​រកថ្នាំលាបស្រួលបួលហើយឱ្យ​
ទៅនៅផ្ទះមួយឆ្ងាយពីគ្នា។ ចាប់តាំងពីថ្ងៃនោះមក នាងសហាយនោះមាន​សេចក្ដីអៀនខ្មាស់គេ​ជា​
ច្រើន ព្រោះត្រចៀកខ្លួនមានស្នាមប្រហោង។ នាងចេះតែនិយាយនិងប្ដីថា ឱ្យជួយធ្វើយ៉ាងណា​ដើម្បី
ឱ្យបាត់ស្នាមប្រហោងត្រចៀកនាង ។  កុដុម្ពីក៍ធានារាប់រងថា  នឹងរកមធ្យោបាយធ្វើឱ្យបាត់ស្នាម 
ហើយ​ឱ្យបានល្អទៀតផង ។ នៅយប់មួយ កុដុម្ពីក៍ដេកសញ្ជឹងគិតឃើញថា បើអញយកមាសទៅ​
ឱ្យជាងរចនាធ្វើជារបស់អ្វីមួយមានរបៀបដូចដែកគោល ហើយយកមកឱ្យនាងពាក់បិទត្រង់រន្ធ
ស្នាមនោះ ប្រហែលនិងបានល្អ ។

            លុះគិតហើយ ទើបកុដុម្ពីក៏ចាត់ឱ្យជាងធ្វើបានដូចបំណង ដោយបង្គាប់ឱ្យធ្វើមានកញ្ចាំងដាំត្បូង
ពេជ្រ រំ​លេចដោយក្បាច់រចនាផ្សេងៗ យ៉ាងល្អវិចិត្រគួរឱ្យចង់បាន។នាងសហាយក្រោយដែលបានពាក់
ដែកគោលមាស​​​ (កាវ) ដាំត្បូងពេជ្រ ក៏ឃើញមានលម្អប្លែក នាំឱ្យនាងមានចិត្ដរីករាយយ៉ាងក្រៃលែង ។ 
លុះថ្ងៃក្រោយមក នាងប្រ​ពន្ធដើមបានឃើញត្រចៀកនាងសហាយដែលខ្លួនបោះដែកគោលនោះ  មាន
ពន្លឺភ្លឺផ្លេកៗ  គួរឱ្យស្រលាញ់ក៏សួរនាង​​​​នោះថា៖«នាងបានអ្វីមកពាក់នៅត្រចៀកនោះក៏ល្អម្លេះ?»។ នាង
សហាយឆ្លើយថា«ខ្ញុំពាក់ដែកគោលដាំត្បូង​ពេជ្រ ជំនួសដែកគោលដែលអ្នកបានបោះកាលពីថ្ងៃមុននោះ
» ។ នាងប្រពន្ធដើមបានដឹងហើយ ក៏រកមធ្យោបាយចោះត្រចៀកខ្លួន ហើយឱ្យជាងធ្វើដែកគោលដាំត្បូង
ពេជ្រពាក់ ដូចនាងប្រពន្ធចុងដែរ ។ ចាប់តាំងពីសម័យនោះមក  ស្រីៗឯទៀតក៏នាំគ្នាចោះត្រចៀកកូន
ស្រី  តាំងពីនៅក្មេងតូចៗទុកសម្រាប់ពាក់គ្រឿងអលង្កាផ្សេងៗ ជាប់រហូត​មកដល់សព្វថ្ងៃនេះ ។

            (សម្រង់ពីប្រជុំរឿងព្រេងខ្មែរ)

Monday, January 20, 2014

រឿង ទាក់ទងនឹងពិធីបញ្ចូលម្លប់កូនស្រី


មានរឿងដំណាលថា កាលនោះមានមហាចោរម្នាក់ពុំមានភរិយា បានសង់ផ្ទះមួយខ្នងយ៉ាងល្អផ្ដាច់ នៅក្នុង
ព្រៃ​ស្មសាន ដើម្បីនឹងទុកដាក់របស់ទ្រព្យមាន មាស ប្រាក់ សំពត់ អាវសាវស្បែជាដើម ដែលខ្លួនទៅលួចប្លន់គេ
បានពីទីផ្សេងៗមក។ មហាចោរនោះលុះកាលជាចំណេរក្រោយមក ក៏រំពឹងគិតថា «អាត្មាអញមាន ទ្រព្យសម្បត្ដិ
ច្រើនដល់ម្លឹង ដែរហើយ តែទាស់ត្រង់គ្មានអ្នកណាថែរក្សា គិតសព្វគ្រប់ទៅការខំប្រឹងរបស់អញនេះ ដូចជាគ្មាន
បានការអ្វីសោះ
 ! ព្រោះថា បើកាលណាអាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះ នឹងក្លាយទៅជារបស់អាសារឥត
ការគួរឱ្យស្ដាយ បើមានកូនប្រពន្ធគ្រាន់នឹងស៊ីមរតកនោះទៅរ៉ា អាត្មាអញនិងមិនសូវជាស្ដាយពេក»។ គិតហើយ
មហាចោរក៏ដើរទៅក្រវែលភូមិអ្នកស្រុក រំពៃគយគន់មើលក្មេងស្រី-ប្រុស ដែលនាំគ្នាលេងខ្ញៀវខ្ញា នៅក្រោមម្លប់
ឈើ។ លុះគយគន់ទៅឃើញនាងតូចមួយនោះ មានរូបឆោមស្អាតសមរម្យ មានសាច់ឈាមថ្លា ថ្លៃថ្នូរគួរឱ្យស្រ​
-
លាញ់ ក៏និយាយលួងលោមកូននោះ ឱ្យបែកចេញពីហ្វូង ហើយក៏បញ្ឆោតនាំយកទៅដល់ផ្ទះផងខ្លួន។ដោយខ្លាច
កូនក្មេងនោះលួចរត់ទៅរកម៉ែឪវាវិញ ព្រមទាំងការពារកុំឱ្យម្ដាយឪពុកវាតាមទៅរកឃើញ មហាចោរក៏យកក្មេង
នោះទៅលាក់ទុកក្នុងបន្ទប់ ចាក់សោយ៉ាងខ្ជាប់ខ្ជួន។ រាល់ពេលបាយ ឬពេលបានចំណី អាហារឆ្ងាញ់មក មហា
ចោរតែងហុចតាមបង្អួចមួយតូចទៅឱ្យនាងបរិភោគ ។ ក្មេងស្រីនោះនៅក្នុងម្លប់ ក៏ចេះតែចម្រើនសាច់ឈាមរាល់
ថ្ងៃជាលំដាប់ ។ លុះនាងពេញវ័យក្រមុំ ការដែលនាងមិនមានត្រូវពន្លឺព្រះអាទិត្យ និងមិនបានជាន់ដី បណ្ដាលឱ្យ
នាងមានជំងឺស្គមស្គាំងស្លេកស្លាំង ។ មហាចោរភ័យណាស់មិនដឹងជាកូនមានជំងឺអ្វី ក៏ត្រាច់ទៅក្នុងភូមិមួយឆ្ងាយ
ទើបបានជួបនិងដូនចាស់ម្នាក់ ធ្លាប់ធ្វើឆ្មប ក៏និយាយអង្វរសុំអញ្ជើញដូនឱ្យមកជួយមើលកូនខ្លួន។យាយម៉បនោះ​
មកដល់ ចូលទៅសួរសុខទុក្ខនាងហើយយល់ការណ៍ ក៏ប្រាប់នាងថា៖ «ចៅយាយអើយ! ចូរចៅកុំព្រួយអ្វី! ចៅឈឺ
នេះគ្មានអ្វីក្រៅពីជំងឺគ្រប់ការទេ គឺពេលដែលនាងផ្លាស់វ័យនេះឯងហើយ ដែលធ្វើឱ្យនាងចេះតែរសាប់រសល់ ចុក​​
ខ្នង ចុកចង្កេះ ល្ហិតល្ហៃ ទន់ដៃទន់ជើង កុំព្រួយអ្វីណាចៅ
 ! ចាំយាយផ្សំថ្នាំសង្កូវឱ្យនាងញ៉ាំ ឱ្យបានធូរស្រាលឆាប់
រហ័ស»។ ថាហើយ យាយម៉បក៏ទៅរកស្ទោះសំបកឈើមកផ្សំថាំ ដាំឱ្យនាងនោះអាស្រ័យ ហើយផ្ដាំថា «ចៅអើយ​
! ចៅយកថ្នាំនេះទៅហាលថ្ងៃឱ្យស្ងួត ហើយរកថូ ឬឆ្នាំងអ្វីដាក់ទុកទៅ ពេលនាងដឹងថា ជិតដល់រដូវកាលហើយ
ចូរនាងយកមួយកញ្ចប់ មកដាំញ៉ាំ ៤-៥ថ្ងៃទៅ នោះនាងនឹងបានធូរស្រាលក្នុងខ្លួន ដូចបំណង ហើយសាច់ឈាម
ពណ៌សម្បុររបស់នាង ក៏រិតតែល្អឡើងដែរ»។លុះកូនស្រីមហាចោរផឹកថ្នាំ បានធូរស្រាលស្បើយរោគហើយយាយ​​
ម៉បក៏ចូលទៅសំពះសុំលាមហាចោរ ត្រលប់ទៅមើលផ្ទះសំបែងវិញ។ មហាចោរបានយកមាសប្រាក់ជូនជាទ្រនឹប​
រង្វាន់យាយម៉ប ហើយជូនត្រឡប់ដល់ផ្ទះវិញ ។ ពេលរៀបចេញដំណើរពីផ្ទះ មហាចោរទៅយាយម៉បនឹកក្នុងចិត្ដ​
ថា «កន្លែងមហាចោរនេះ ឆ្ងាយដាច់ស្រយាលពីភូមិស្រុកគេណាស់ ឯព្រៃទៀតសោតក៏ញឹកស្ងាត់ជ្រងំ គួរឱ្យខ្លាច
ប្រសិនបើអញត្រូវការចង់ មករកទីនេះវិញ ធ្វើម្ដេចនិងរកផ្លូវមកឃើញ!» នឹកសព្វគ្រប់ហើយ គាត់ក៏រកបានគ្រប់
ឪឡឹកមួយបង្វិចយកមកតាមខ្លួន ដើរបណ្ដើរចាប់គ្រាប់ឪឡឹករោយបណ្ដើរ រហូតមកដល់ផ្ទះគាត់។
តទៅនេះ នឹងថ្លែងចាប់សារដើមបន្ដិច អំពីពេលដែលយាយម៉បបានទៅនៅថែទាំងកូនចោរនោះមក គាត់តែង​
តែសង្កេតមើលឫកពារ និងរូបឆោមកូននោះឃើញល្អ ក៏ចេះតែគួចចិត្ដទុក និងសម្លឹងរកកម្លោះរូបណាមួយឱ្យសម
គ្នានិងនាង ។ ថ្ងៃមួយអាស្រ័យបច្ច័យហេតុផលពីបុព្វេបណ្ដាលចិត្ដមាណពម្នាក់ ដែលត្រឡប់ពីរៀនវិជ្ជាការឱ្យចង់​​
ចូលទៅសុំសម្រាកនៅផ្ទះយាយម៉បនោះសិន ត្បិតថ្ងៃកាន់តែជ្រេរ កម្លាំងក៏អស់ហេវបាយ ផ្លូវទៅមុខក៏ឆ្ងាយក្រែង​​
យប់កណ្ដាលផ្លូវ ក៏រូតរះចូលទៅសំពះដូនចាស់សុំសំណាក់មួយយប់ ។ ដូនចាស់កំពុងតែរៀបចំ និងដាំបាយបរិ​
-
ភោគ ជួនក្រឡេកឃើញមាណពចូលមកសំពះសុំស្នាក់ ក៏មានចិត្ដសប្បុរសទទួលឱ្យនៅ ហើយដាំបាយបណ្ដើរ
សំណេះសំណាល់សួរអំពីពូជពង្សបណ្ដើរ។ លុះអាស្រ័យបាយរួច និងទុកដាក់ចានក្បានស្រេច យាយម៉បដែល
ចេះតែលបសង្កេតរូបឆោមមាណពនោះតាំងតែពីចូលមក ក៏បង្ហើបសំណួរថា «ចៅអើយ
 ! ពីកាលដែលចៅលា
ឪពុកម្ដាយមកស្វែងរកតម្រឹះវិជ្ជានេះ តើឪពុកម្ដាយចៅមានស្ដីដណ្ដឹងកូនចៅអ្នកឯណាទុកឱ្យ ចៅហើយឬនៅ
?»។
ចៅមាណពតបថា «មិនទាន់មាននៅឡើយទេ!» ហើយបន្ដសម្ដីថា «ខ្ញុំនឹកថា ប្រសិនបើនៅពេលដែលខ្ញុំធ្វើដំ​
ណើរកាត់ស្រុកភូមិគេនេះ បានជួបស្រីណាមួយមានលក្ខណៈសម្បត្ដិសមរម្យល្អ ខ្ញុំនឹងយកគេធ្វើប្រពន្ធហើយ!
តើលោកយាយមានបានស្គាល់កូនចៅលោកអ្នកណា ដែលល្អនៅក្នុងស្រុកភូមិរបស់យាយនេះ ដែរឬទេ
?» ។
«ចៅអើយ! (យាយម៉បនោះឆ្លើយ) នៅក្នុងស្រុកភូមិនេះ មិនឃើញមានស្ដ្រីណាម្នាក់ដែលសក្ដិសមនឹងចៅទេ ប៉ុន្ដែ
ជី​ដូនធ្លាប់បានឃើញស្ដ្រីម្នាក់ដែរ នាងនោះជាកូនមហាចោរ នៅក្នុងព្រៃដាច់ស្រយាលឯណោះ។ យាយម៉បក៏និ​
យាយ​រាប់រៀបអំពើដំណើររឿងដែលគាត់បានទៅឃើញនាងនោះ និងបានសង្កេតឃើញឫកពារសមរម្យ។ឮពាក្យ​​
សរសើររបស់យាយម៉ប មាណពនោះអន្ទះសារចង់ឃើញរូបនាង ក៏អង្វរឱ្យយាយជូនទៅ។ «ទេចៅ (យាយម៉បប្រ
កែក) យាយជូនទៅមិនបានទេ ព្រោះយាយខ្លាចមហាចោរនោះណាស់ ធម្មតាចិត្ដមហាចោរ តែដល់មានការអ្វី
ស្រួលមិនស្រួលកើតឡើង វាមុខជាមកសម្លាប់យាយចោលហើយ!។ យាយចាស់ហើយ តែយាយនៅចង់រស់នៅ​
ឡើយ។ ចូរចៅជឿជាក់ថា យាយចង់ឱ្យចៅនិងនាងនោះ បានគ្នាជាប្ដីប្រពន្ធណាស់ ព្រោះតាំងតែពីកាលយាយ
បានឃើញនាងមក ទោះពេលយាយចេញដើរទៅផ្សា ទៅកាន់ភូមិនានា ទៅសង្គ្រោះគេក្ដី យាយតែងតែគយគន់
សម្លឹងមើលរាល់ថ្ងៃ តែមិនប្រទះឃើញបុរសកម្លោះណាម្នាក់ ឱ្យសមល្មមនិងចិត្ដ យាយសោះ ទើបតែពេលនេះ
ចៅ​មកដល់ចំជាមហាលាភហើយ ចៅគេងឱ្យស្រួលទៅ ព្រឹកស្អែកចាំចៅចេញដំណើរទៅរកនាង»។ នៅពេល
យប់នោះ បុរសចេះតែគិតសព្វគិតគ្រប់ ដេកក៏មិនលក់ ដោយប្លែកកន្លែងផង ទន្ទឹងឱ្យតែភ្លឺឆាប់ផង ណាមួយគិត
បារម្ភអំពីដំណើរក្នុងព្រៃតែម្នាក់ឯង ណាមួយគិតដល់គ្រោះថ្នាក់ជាមួយនឹងមហាចោរ លុះយប់យន់ទើបបុរសគេង
លង់លក់ទៅ ។  ពេលមាន់រងាវភ្លឺស្រាងៗ  យាយម៉បក្រោកដាំបាយ  រកម្ហូបក្រៀមក្រោះ  ទឹកបំពង់ទុកបម្រុងជា
ស្បៀង ឱ្យមាណពធ្វើដំណើរ ។ លុះមាណពក្រោកឡើងហើយ យាយក៏ឱ្យស្រស់ស្រូប រួចប្រគល់កញ្ចប់អាហារ
សម្រាប់តាមផ្លូវហើយនាំបង្ហាញតម្រុយដើមឪឡឹកឱ្យចៅមាណពធ្វើដំណើរចេញទៅ។ «នែចៅ! (យាយម៉បប្រាប់​
) ចូរចៅដើរទៅតាមជួរដើមឪឡឹកនេះទៅចុះ
 ! ចៅនឹងបានទៅដល់ផ្ទះនាងនោះហើយ តែថាចូរចៅប្រយ័ត្នខ្លួនឱ្យ
មែនទែនណា
 ! ចៅទៅចុះ ! សូមឱ្យបានសេចក្ដីសុខ ឱ្យបានសម្រេចដូចសេចក្ដីប្រាថ្នា បើមានសត្រូវមកពីមុខឱ្យ​
រំលង បើមកពីខ្នងឱ្យរលាយណាចៅណា ។ មាណពក្រាបប្រណិប័តន៍ លាលោកយាយហើយកចេញដំណើរទៅ​
។ ថ្ងៃជ្រេបន្ដិច ទើបទៅដល់សំណាក់មហាចោរ ។ គាប់ជួនពេលនោះ មហាចោរមិននៅ ចេញទៅរកប្លន់គេបាត់
ទុកតែកូនស្រីឱ្យនៅចាំផ្ទះតែម្នាក់ឯង។ នាងកំពុងតែដើរតត្រុក បោសច្រាសសម្អាតផ្ទះសម្បែងតាមទម្លាប់ ពុំមាន​
គិតក្រែងអ្វីឡើយ។ ឯចៅមាណពនោះ ទៅលបគយគន់ឃើញ សព្វគ្រប់ហើយដឹងថា នាងនៅម្នាក់ឯង ក៏ប្រថុយ
ស្រែកហៅ។ នាងឮសូរមាត់មនុស្សចំលែក នឹកភ័យណាស់គិតថា «តើអ្នកណា
! ហ៊ានចូលមក ដល់ទីនេះ?» ប៉ុន្ដែ​
នាងក្រឡេកទៅឃើញយុវបុរសជាអ្នកមានឬកពាសុភាព រាបសារល្អ មិនគួរឱ្យខ្លាច នាងក៏បើកទ្វារ ហៅឱ្យបុរស
ចូល ហើយនិយាយសាកសួរគ្នាទៅវិញទៅមក មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលរាក់ទាក់សំណេះសំណាលតាមផ្លូវ
លោកីយ៍ ដោយសុខចិត្ដសុខកាយលើកជាស្វាមី ហើយនាំយកទៅលាក់ មិនឱ្យមហាចោរជាឪពុកដឹងឡើយ ។
ប៉ុន្ដែក្នុងកាលជាបន្ទាប់មក មហាចោរសង្កេតឃើញឫកពារកូនស្រី របស់ខ្លួនប្លែកពីធម្មតា គឺឃើញនាងតែងខ្លួនជា
និច្ចកាល ធ្វើការងារសព្វសារពើក្នុងផ្ទះ ដោយមិនបាច់ឪពុកតឿនឡើយ ដូចជាចង់ផ្គាប់ផ្គុនមនុស្សណាម្នាក់ ដែល
ជាទីពេញចិត្ដ។ មហាចោរនឹកសង្ស័យថា «នាងនេះច្បាស់ជាមានប្រុសសហាយហើយ!» ក៏នឹកតូចចិត្ដនិងកូនស្រី
លាយនិងសេចក្ដីខ្មាសអៀនអាសហាយនាងនោះផង ក៏ដើរចោលទីកន្លែងនោះទៅ។ ឯទាំងពីរអ្នកប្ដីប្រពន្ធនៅ
ក្នុងព្រៃយូរបន្ដិចទៅ មិនឃើញមហាចោរនោះត្រឡប់មកវិញ ក៏នាំគ្នាចុះមករកភូមិស្រុកនិងគេ។ លុះមកដល់ភូមិ
ស្រុកហើយ ក៏ចូលទៅអរគុណនិងយាយម៉ប ព្រមទាំងជូនរង្វាន់គាត់ខ្លះទៀតផង ។ យាយម៉បមានចិត្ដត្រេកអរ
ណាស់ ដើរប្រាប់អ្នកជិតខាងឱ្យមកមើលនាង ដោយថ្លែងបូរបាច់ប្រាប់គេថា »នាងនេះមានរូបឆោមលោមពណ៌
សាច់ជិតល្អ មកអំពីគេនៅតែក្នុងម្លប់ ដល់ចេញពីម្លប់ក៏មានប្ដីតែម្ដង »។ អ្នកស្រុកឃើញដូច្នោះ ក៏នាំគ្នាយកកូន
ដែលដល់អាយុគ្រប់ការ ទៅឃាំងក្នុងម្លប់ ដើម្បីឱ្យបានល្អដូចគេ ក៏ជាប់ជាទំនៀមរហូតមក ។

សម្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ


រឿង ឆ្កែមើលឃើញខ្មោច


តាមចាស់ៗ តែងនិទានថា ៖ បើឮឆ្កែលូ ឬព្រុសនៅពេលកណ្ដាលអធ្រាត្រស្ងាត់ នៅភូមិណា ស្រុកណាដែល​​
ក្រៅអំពីក្រុង  ព្រោះពុំសូវមានមនុស្សកុះករក្នុងពេលយប់ ស្រុកភូមិនោះ  ច្រើនកើតជំងឺពុំសូវបានសេចក្ដីសុខទេ
ក្បិត​ខ្មោចបិសាច វាដើររាតត្បាតធ្វើមនុស្សឱ្យឈឺចាប់សឹងតែគ្រប់ៗគ្នា ព្រោះឆ្កែមើលឃើញខ្មោច។ ដំណើរចាស់​
ៗថា ឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថា​៖យូរយារណាស់មកហើយ មានបុរសម្នាក់ដើរទៅមើល​
គេលៀងមេមត់ ប៉ុន្ដែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទូលមួយដែលមានព្រៃស៊ុបទ្រុប គេកប់ខ្មោចក្នុង
ព្រៃនោះជាច្រើន។ លុះដល់ទន្ទឹមព្រៃមានខ្មោចស្រែកហៅគាត់ថា ៖ ពូៗផ្ដាំទៅប្រាប់ ប្រពន្ធខ្ញុំឱ្យមកផង។ បុរស
នោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់ គាត់ធ្វើព្រងើយ ហើយឆ្លើយទៅវិញថា ៖  ប្រពន្ធឯង
នៅឯណា
 ? ខ្មោចឆ្លើយវិញថា ៖  ប្រពន្ធខ្ញុំ នៅឯផ្ទះលៀងអារក្សឯណោះ! បុរសឮហើយ សួរទៅវិញថា ៖ ចុះឯង
ឱ្យអញប្រាប់ម៉េចបាន
 ? បើអញមើលប្រពន្ធឯងមិនឃើញនោះ ! ក្នុងពេលនោះខ្មោចក៏ឱ្យប្រទាលប្រហោង គឺថ្នាំ
សម្រាប់មើលខ្មោចឃើញទាំងអស់។ ខ្មោចឱ្យប្រទាលនោះទៅ ហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផង។ បុរសនោះ
កាលបើបានប្រទាលប្រហាងនោះហើយ  មើលឃើញខ្មោចនៅពេញតែព្រៃ  គាត់ចេះតែដើរទៅៗ  គ្មានភិតភ័យ
ខ្លាច​​​អ្វីឡើយ។ គាត់ដើរតម្រង់ទៅរកផ្ទះដែលគេលៀងអារក្ស លុះដល់ផ្ទះនោះ គាត់ឃើញខ្មោចស្រីៗ កំពុងស៊ីពែ
សំណែន ដែលគេសែននៅពោរពេញជាច្រើនគ្នាណាស់។ បុរសនោះស្រែកហៅ ទៅតាមឈ្មោះដែលប្ដីវាផ្ដាំមក
ហើយបោយដៃហៅចំពីមុខនិយាយថា ៖ ប្ដីហងឱ្យទៅឱ្យឆាប់ ព្រោះកូនយំខ្លាំងណាស់
 ! ខ្មោចនឹកឆ្ងល់ណាស់
ម៉េចក៏បុរសនេះមើលឃើញអញ ទើបដើរសំដៅហើយសួរថា ៖ ចុះអ្នកឯង ម៉េចក៏មើលអញឃើញ
? បុរសនោះក៏
បង្ហាញប្រទាលប្រហាងហើយឆ្លើយថា ៖ នេះប្រទាលដែលប្ដីហងឱ្យអញ បានអញមើលឃើញ។ ខ្មោចនោះគ្រាន់
តែឃើញប្រទាលភ្លាម ស្ទុះទៅដណ្ដើមយក ប៉ុន្ដែបុរសពុំព្រមឱ្យ ក៏មានការប្រវាយប្រតប់គ្នាដណ្ដើម ប្រទាលប្រ​
ហោងនោះ។ បុរសចេះតែស្រែកហៅឱ្យគេឯងជួយ ប៉ុន្ដែអ្នកណាក៏មើលទៅមិនឃើញជាប្រយុទ្ធជាមួយនរណា
សោះ ឃើញតែស្ទុះស្ទាតែម្នាក់ឯង ម្លោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត។ លុះប្រតាយប្រតប់
អស់មួយសន្ទុះធំ បុរសក៏រសាយដៃរបូតប្រទាលនោះពីដៃទៅ។ ខ្មោចស្ទុះប្រុងមករើសយកតែពេលនោះឆ្កែឃើញ​​​
ភ្លាមស្ទុះភ្លែតមក ត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ។ ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ។ ដោយ​
សារមានរឿងនិទានយ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវា
ឃើញខ្មោចដើរ។ មួយវិញទៀត មានមនុស្សច្រើនណាស់ ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហាង ដើ​ម្បីយកមកប្រើការស័ក្ដិសិទ្ធផ្សេងៗ។


(សម្រង់ពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)


Thursday, January 16, 2014

រឿង ប្រាសាទនៅឃុំស្វាយអង្គ


នៅក្នុងឃុំស្វាយអង្គ ស្រុកស្វាយរៀង ខេត្ដស្វាយរៀង ចម្ងាយប្រមាណជា ១០ គ.ម អំពីថ្នល់ជាតិលេខ១ (គឺ
ថ្នល់​​ពីភ្នំពេញទៅស្វាយរៀង) មានទួលមួយខ្ពស់មិនដែលលិចទឹកទេ ។ អ្នកស្រុកជំនាន់មុនៗមក  បានសន្មត់
ឈ្មោះ​ថា «ទួលស្វាយអង្គ» ទួលនេះហើយ ដែលជាគោលសន្មត់នាមនៃឈ្មោះឃុំនេះ។ នៅលើទួលនេះ​ មាន
កំ​ពែង និងប្រាសាទថ្មបុរាណមួយមានសណ្ឋាណជាព្រះវិហារ មានក្បាច់ចម្លាក់របៀបរចនាបុរាណ គួរឱ្យចាប់អា
រម្មណ៏ ដែលគេ តាក់តែងឡើងដោយឥដ្ឋខ្លះ
ដោយថ្មបាយក្រៀមខ្លះ មានបណ្ដោយប្រមាណជា ៨៣ម ទទឹង ៤៦ម។
សព្វថ្ងៃប្រាសាទ នេះបែកបាក់អស់ទៅហើយ នៅមានសល់តែកំទេចឥដ្ឋថ្ម និងសណ្ឋានខ្លះតែប៉ុណ្ណោះ។ នៅចំ
កណ្ដាលទួលមានដើមជ្រៃមួយដើមធំ និងពីខាងមុខប្រាសាទបាក់បែកនេះ គេឃើញមានអង្គលិង្គព្រះឥសូរ ឬ(សិវ
លិង្គ)។ អ្នកផងធ្វើដំណើរទៅកាន់បុរាណដ្ឋាននេះបានងាយស្រួលតែនៅរដូវរំហើយ គឺរដូវដែលអស់ភ្លៀង ទៅ
បានតែផ្លូវជើង និងផ្លូវលំប៉ុណ្ណោះ។ រឿងព្រេងដែលមានទាក់ទងដោយនាម «ស្វាយអង្គ» មានដូចតទៅ៖ មាន
សេចក្ដីដំណាលថា កាលពីរាជធានីនៅលង្វែកមានបុរសម្នាក់ឈ្មោះ«សំរិទ្ធ» ជាអ្នកខ្លាំងពូកែអង់អាចណាស់មាន​​​
ទំលំនៅលើទួលនេះ។ កាលដែលស្រុក កើតមានចម្បាំងជាមួយសៀម ព្រះរាជាក៏ទ្រង់អំពាវនាវដល់អាណាប្រ​ជា​​
នុរាស្រ្ដគ្រប់ខេត្ដខ័ណ្ឌ បើនរណាខ្លាំងពូកែ អង់អាចនោះ សូមឱ្យចូលខ្លួនទៅបម្រើក្នុងកងទ័ព ដើម្បីបង្ក្រាបខ្មាំង
សៀម ដែលចូលមករាតត្បាតអាណាខេត្ដខ្មែរ ឯតំបន់ប្រទល់ដែនក្នុងខេត្ដបាត់ដំបង និងសៀមរាប។ បុរសសំរិទ្ធ
ក៏ស្ម័គ្រចិត្ដចូលខ្លួនទៅតាមព្រះរាជតម្រាអំពាវនាវនោះ។ គាត់បានប្រុងប្រៀបរៀបចំខ្លួន និងប្រដាប់ប្រដា មាន
គ្រឿងសាស្រ្ដាវុធ និងអាវតេជៈជាដើមរួចស្រេច លាប្រពន្ធកូនធ្វើដំណើរឆ្ពោះទៅកាន់រាជធានីលង្វែក ដោយដំ​
ណើរថ្មើរជើងទទេ។ លុះទៅដល់លង្វែកហើយ គាត់បានទៅរកជួបមេទ័ព ដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការ។
ឯលោកមេទ័ព កាលបើបានពលរេហ៍ល្មមគ្រប់គ្រាន់ហើយ ក៏តាំងបុរសសំរិទ្ធជាមេទ័ពធំ ឱ្យលើកព្យុះហយាត្រា
ឆ្ពោះទៅបាត់ដំបង ដើម្បីកំចាត់ពួកសត្រូវ។ លុះទៅដល់សមរភូមិ បុរសសំរិទ្ធក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់ លុះ
ត្រាតែទ័ពសៀមបរាជ័យរត់ខ្ចាត់ខ្ចាយអស់។ ដោយឬទ្ធីតេជៈរបស់បុរស សំរិទ្ធ ទ័ពសៀមក៏បាក់បបខ្លបខ្លាច លែង
ហ៊ានចូលមករុករាតត្បាតទឹកដីខ្មែរតទៅទៀត  ស្រុកក៏បានសាន្ដត្រាណ។  បុរស សំរិទ្ធ ក៏លើកទ័ពមករាជធានី
លង្វែកវិញ ហើយបានទួលព្រះរាជាតាមដំណើរដែលខ្លួនបានទទួលជ័យជំនះលើទ័ពសៀម ហើយសុំព្រះរាជានុ
ញ្ញាតក្រាបទូល ត្រឡប់ទៅស្រុកកំណើតវិញ។ ព្រះរាជាទ្រង់ព្រះរាជានុញ្ញាតតាមការសុំ។ បុរស សំរិទ្ធបានធ្វើដំ​
ណើរត្រឡប់ឆ្ពោះទៅ ស្វាយរៀងវិញ មកដល់ភូមិដូនពេញុក៏ឈប់សំរាកនៅទីនោះ១យប់ ទើបធ្វើដំណើរ តទៅ
ទៀត ទៅដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់ស្រាយសំពាយរបស់គាត់មើល។ លុះស្រាយទៅទើបដឹងថា សំពាយនេះ មិនមែនជារបស់គាត់ទេ នៅក្នុងបង្វិចនេះឃើញមានតែសំពត់១ និងផ្លែស្វាយទុំ២-៣តែប៉ុណ្ណោះ។ គាត់ក៏ដឹងថា
បង្វិចនេះច្រឡំក្នុងពេលដែលមកពីច្បាំង ហើយឈប់សម្រាកនៅអង្គរនោះហើយព្រោះពេលនោះមានការច្រឡូក
ច្រឡំគ្នាខ្លះ ហើយផ្លែស្វាយនេះទៀត ក៏ជាផ្លែស្វាយដែលបានពីអង្គរដែរ។ បុរសសំរិទ្ធក៏ខំរូតរះធ្វើដំណើរទៅដល់
លំនៅ អាត្មាដោយសុខសាន្ដ។ កាលដែលបានទៅដល់ហើយប្រពន្ធគាត់បានយកគ្រាប់ស្វាយដែលទុំរលួយសាច់
អស់នៅក្នុងបង្វិចគាត់ ទៅកប់ដាំនៅជាយរបង មិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធាង មានផ្កាផ្លែជាហូរហែ
រៀងមក។ ស្វាយនេះអ្នកស្រុក នាំគ្នាហៅថា «ស្វាយអង្គរ» ព្រោះជាពូជស្វាយបានមកពីអង្គរ ប៉ុនែ្ដតៗមកពាក្យ
«អង្គរ» ហៅកាត់ខ្លីមកនៅត្រឹម«អង្គ» បានជាជាប់ពាក្យថា «ស្វាយអង្គ» ដល់សព្វថ្ងៃ។ ខាងក្រោយមកបុរសសំរិទ្ធ
និងភរិយាក៏ស្លាប់បាត់ទៅ នៅតែតំណកូនចៅរបស់គាត់។ កូនចៅនេះខ្លះក៏ទៅនៅឯនោះ ខ្លះក៏ទៅនៅឯនេះ បែក​​
គ្នាទៅនៅតាមប្ដីតាមប្រពន្ធ លុះយូរៗទៅទីភូមិរបស់គាត់នេះ ក៏លែងមានមនុស្សនៅ។ អ្នកស្រុកក៏នាំគ្នាសាងជា
វត្ដអារាមមួយឡើង ដាក់នាមថា «វត្ដស្វាយអង្គ» ដោយមានលោកគ្រូចៅអធិការជាអ្នកគ្រប់គ្រង ព្រមទាំងមាន
ភិក្ខុ-សាមណេរគង់នៅជា ច្រើន។ កន្លងមកទៀតដោយមានការទទើសទទែងក្នុងទីវត្ដផង មានសត្វស្លាបផ្សេងៗ
ទុំនៅលើដើមស្វាយនោះ នាំឱ្យមិនស្អាតផង មានការខ្វះខាតគ្រឿងសេនាសនៈផង លោកគ្រូចៅអធិការក៏ឱ្យភិក្ខុ-
សាមណេរ កាប់រលំដើមស្វាយនោះ
  តែដោយឫទ្វដើមស្វាយធំនោះ   ភិក្ខុ-សាមណេរកាប់ ១ថ្ងៃ បានតែពាក់​
កណ្ដាល​​ដើម នៅសល់ប៉ុន្មាននឹងកាប់ថ្ងៃខាងមុខទៀត លុះព្រឹកឡើងស្រាប់តែស្នាមកាប់ទាំងប៉ុន្មាន ដែលបាន
កាប់ខ្លះទៅហើយនោះក៏ដុះសាច់ ដុះសំបកគ្រប់ជិតដើមវិញ។ គួរឱ្យអស្ចារ្យណាស់ លោកគ្រូក៏ឱ្យលោក ភិក្ខុ-សា​
មណេរកាប់ទៀត។ កាប់១ថ្ងៃ ទល់ល្ងាច ដោយខំយ៉ាងណាក៏បានត្រឹមតែពាក់កណ្ដាលដើម លុះព្រឹកឡើង ឃើញ​​
ដុះសាច់ ដុះសំបកដូចដើមដដែលទៀត។ លោកគ្រូចង់ទាល់គំនិត។ ថ្ងៃមួយលោកបានឱ្យភិក្ខុ-សាមណេរយ៉ាង
ច្រើន ដោយមានពូថៅនឹងដឹងគ្រប់ដៃ ហើយលោកប្រាប់ថា នាំគ្នាកាប់ឱ្យរលំក្នុងថ្ងៃនេះឱ្យហើយស្រេចតែម្ដង។
ដើមស្វាយទ្រាំមិនបាននឹងពូថៅ-ដឹងច្រើនពេកក៏រលំ។ រលំហើយ ស្លឹកវាក៏មិនស្រពាប់ស្រពោនទៀត បែរទៅជា
ដុះមែកខ្នែងចេញផ្លែផ្កា ដូចធម្មតា។ នៅពេលយប់គេឮសូរតែសព្ទភ្លេងពិណពាទ្យ ប្រគុំយ៉ាងលន្លងលន្លោច ធ្វើឱ្យ
អ្នកស្រុកស្ងើចអស្ចារ្យ មិនយូរប៉ុន្មាន លោកគ្រូចៅអធិការក៏កើតជំងឺឈឺជាខ្លាំង រវើរវាយរហូតដល់ក្លាយទៅជាឆ្កួត
វង្វេងអស់។ ចំណែកភិក្ខុ-សាមណេរ កាលបើឃើញហេតុអស្ចារ្យដូច្នេះ ក៏រត់ចោលអារាមនោះអស់ទៅ។ ឧបា​
-

សក ឧបាសិកា ក៏នាំគ្នាទៅកសាងវត្ដថ្មីទៀតនៅចម្ងាយប្រមាណជា១គ.ម អំពីវត្ដស្វាយអង្គ ចាស់នេះ ដែលសព្វ
ថ្ងៃគេឱ្យឈ្មោះថា «វត្ដស្វាយផ្អែម » វិញ។ ឯកន្លែងវត្ដចាស់នោះវិញ សព្វថ្ងៃនៅមានដើមស្វាយ ជំនាន់ក្រោយៗ
មក និងដើមឈើព្រមទាំងកូនឈើឯទៀតៗ ជាច្រើនដុះស៊ុបទ្រុបទៅវិញ។ រឿងរ៉ាវនេះហើយជាប្រភព នៃបុរាណ
ដ្ឋានទាំងនេះ តាមបែបរឿងព្រេងតែ បើសង្កេតតាមប្រវត្ដិទីកន្លែងផ្ទាល់ទៅវិញ ឃើញពាក្យថា «អង្គ» នេះពុំសម
ក្លាយមកពីពាក្យអង្គរទេ គឺមកពីទិនេះជាសរណដ្ឋានបុរាណ ខាងសាសនាព្រាហ្មណ៏ ដោយមានសាងជាសិវលិង្គ
តម្កល់ធ្វើជាវត្ថុសក្ការៈក្នុងគ្រានោះ។ សីវលិង្គនេះហើយដែលអ្នកស្រុកហៅថា «អង្គ» បានជាក្រោយៗមក គ្រា
ដែល យើងវិលត្រឡប់មកគោរពព្រះពុទ្ធសាសនាវិញ ទីសក្ការៈរបស់លទ្ធិព្រាហ្មណ៏ទាំងអម្បាលនេះ ក៏ត្រូវផ្លាស់
ប្ដូរជាអារាម ពុទ្ធសាសនាទៅវិញ តែនៅសល់ជាប់ឈ្មោះទីនោះៗថា «អង្គៗ» រហូតមកដូចនេះដែរ ដូចជាអង្គប្រា​
សាទ អង្គប្រិយ អង្គស្នួល។ ល។


(សម្រង់ពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)


Wednesday, January 15, 2014

រឿង ភូមិស្ដីបិតមាស


នៅក្នុងឃុំត្រញំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ មានភូមិមួយឈ្មោះភូមិស្ដីបិតមាស តាំងនៅតាមមាត់
ស្ទឹង។ បានជាមាននាមភូមិស្ដីបិតមាស ដោយមានរឿងព្រេងដំណាលថាៈ កាលកន្លងយូរអង្វែងឆ្នាំមកហើយមាន
មេ ធ្នោះមួយគ្រួគឺប្ដីប្រពន្ធ និងកូនក្រមុំមួយមានរូបស្រស់ឆើតឆាយ សំចតនៅព្រែកធ្វើនេសាទនៅក្បែរខ្ទមអ្នក​តា​​​​
ជាដើមស្ដី។ ការនេសាទរបស់មេធ្នោះនេះ ចេះតែចម្រើនរៀងរាល់ឆ្នាំ រហូតទាល់តែបានក្លាយទៅជាអ្នកមានទ្រព្យ​​​
សម្បតិ្ដ  ស្ដុកស្ដម្ភដោយរបរនេសាទរបស់ខ្លួន ។  តំបន់នោះជាតំបន់មានមូសច្រើនអនេក ថ្ងៃមួយនៅពេលទៀប​​

យប់ មេធ្នោះបានជួបជុំនិងគ្រួសារខ្លួនផងនិងកូនឈ្លួលខ្លួនផង ក៏និយាយទៅកាន់កូនឈ្នួលជាពាក្យនិយាយលេង
ថាៈ ក្នុងបណ្ដាអ្នកទាំង អស់គ្នាមាននរណាហ៊ានដេក ហាលមូស​ ១យប់ទេ ។ ពេលនោះ មានកូនឈ្នួលកំលោះ
ម្នាក់​ប្រកបដោយរូបឆោម និងប្រាជ្ញាឈ្លាសវៃ បានឆ្លើយទទួលខ្លួនថា ខ្ញុំហ៊ានបើខ្ញុំដេកហាលមូស១យប់បាន តើ
លោកដង្ខៅឱ្យអ្វីខ្ញុំ?។ មេធ្នោះបែបអន់ចិត្ដក៏ និយាយតបវិញថា ៖ «អាចោលម្សៀតឯងចេះតែអួតគេ និយាយសួរ
ឯណានោះ ក៏ឯងនិយាយរ៉ាប់រងដែរ»។ កូនឈ្នួលកំលោះនោះក៏និយាយតបវិញថា «បើខ្ញុំអួតនោះ​ សូមឱ្យដង្ហៅ
ភ្នាល់ជាមួយខ្ញុំទៅ ហ៊ានដាក់អ្វីក៏ហ៊ានដាក់ដែរ»។ដង្ខៅរឹតខឹងនិយាយថា«អញដាក់របស់ទ្រព្យដែលអញមានទាំង​​
អស់ អញចុះចេញតែខ្លួនទេ ឱ្យតែឯងហ៊ានឱ្យ អញចងឯងទុកហាលមូស១យប់ទាល់ភ្លឺ ចុះបើឯងពុំហ៊ាន ឬទ្រាំ
មិនបានវិញ តើឯងសុខចិត្ដនៅបម្រើធ្វើខ្ញុំអញអស់មួយជីវិតឬ
?» កូនឈ្នួលឆ្លើយថាខ្ញុំសុខចិត្ដធ្វើ តែបើដង្ខៅសុខ
ចិត្ដ ត្រូវឱ្យកូនក្រមុំដង្ហៅមកខ្ញុំទៀតផង កាលបើខ្ញុំឈ្នះ។ ដង្ខៅថា «អញសុខចិត្ដមិនខ្លាចទេ បើដូច្នេះត្រូវពពួក
កម្មករទាំងអស់ ចាប់វាចងមកភ្លាមឱ្យជាប់នឹងដើមស្ដីក្រោយខ្ទមអ្នកតានេះចុះ អញសុខចិត្ដហើយ អញចង់ឈ្នះ
អានេះម្ដង កម្មករទាំងអស់គ្នាត្រូវជួយធ្វើបន្ទាល់អញផង»។ កូនឈ្នួល នោះក៏សុខចិត្ដឱ្យគេចងភ្ចាប់និងដើមស្ដី។

​​
    ដល់គេទាំងអស់គ្នាត្រឡប់មកលំនៅវិញ កូនឈ្នួលកំឡោះនោះក៏បន់ស្រន់ អ្នកតាដែលនៅទីនោះថា «សូមឱ្យ
លោកតាជួយខ្ញុំផង ខ្ញុំបានជាភ្នាល់ជាមួយដង្ខៅធ្នោះទៅហើយ សូមកុំឱ្យមានមូសខាំខ្ញុំឱ្យសោះ សូមឱ្យខ្ញុំបានរស់​​
ជីវិត ហើយឱ្យបានកូនក្រមុំមេធ្នោះ និងមានទ្រព្យសម្បតិ្ដ បើបានដូចប្រាថ្នាមែន ខ្ញុំសន្យាថានឹងទិញមាសបិទដើម
ស្ដីនេះ តាំងពីគល់រហួតដល់ចុង ហើយធ្វើខ្ទមគ្រឿងឈើប្រក់ក្បឿង ថ្វាយលោកតាទៀតផង»។ ចំណែកមេធ្នោះ
នឹក​ថា អាកូនឈ្នួលដែលវាហ៊ានឱ្យចងហាលមូសនេះ មុខជានឹងស្លាប់ដោយមូសខាំ ដោយខ្សោះឈាមមិនខាន​។
តែបើវាទ្រាំមិនបាន វាហៅឱ្យស្រាយពាក់កណ្ដាលអាធ្រាតនោះ វាមុខជានៅធ្វើខ្ញុំបម្រើអញអស់មួយជីវិត មិន

ខាន។ នៅពេលយប់នោះអ្នកតាដើមស្ដី លេងបៀចាញ់អ្នកតាឯទៀត យកមូសទៅសងគេអស់ មូសដែលធ្លាប់តែ
មានដូច គេបាចអង្កាមក្លាយទៅជាស្ងាត់់ឈឹង ឥតសេសសល់បន្ដិចបន្ដួចឡើយ ហើយឈ្នួលនេះទៀតក៏គ្មានមូស
ខាំបន្ដិចសោះដែរ ដោយហេតុតែវាមាននិស្ស័យត្រូវជាគូរព្រេងជាមួយនិងកូនក្រមុំមេធ្នោះ ហើយត្រូវវាឡើងធ្វើជា​​
អ្នកមានផង។ លុះភ្លឺឡើងដង្ខៅធ្នោះ និងកូនឈ្នួលឯទៀតនឹកថា «អាកូនឈ្នួលដែលចងនៅដើមស្ដីនោះវាស្លាប់
ស្រេចទៅហើយ» ក៏បបួលគ្នាដើរទៅមើល ស្រាប់តែឃើញអានោះសើចដាក់ដង្ខៅ និងកូនឈ្នួលឯទៀតទៅវិញ។
ពេលនោះអ្នកឃើញទាំងប៉ុន្មានក៏កោតស្ងប់ស្ងែង ខ្លាចអំណាចកូនឈ្នួលនោះគ្រប់ៗគ្នា។ ដង្ហៅនឹកអស់សង្ឃឹម និ​
យាយនិងកូនឈ្នួលឯទៀតថា «កិច្ចសន្យាដែលអញនិយាយគ្នាពីល្ងាចនោះ ឥឡូវទុកជាកូនឈ្នួលនេះឈ្នះអញ
ហើយ ត្រូវអញលើកទ្រព្យសម្បតិ្ដ និងកូនក្រមុំអញផ្សំផ្គុំឱ្យវា» ។ ក្នុងថ្ងៃដដែលនោះមេធ្នោះឱ្យកាប់ជ្រូក មាន់ទា
ធ្វើស្បៀងអាហាររៀបការកូនឈ្នួល និងកូនក្រមុំរបស់ខ្លួន រួចប្រគល់ទ្រព្យសម្បត្ទិ និងមុខរបរដង្ខៅ ឱ្យកូនប្រុស
ស្រី​កាន់កាប់តទៅ។ ដង្ខៅនោះក៏នាំប្រពន្ធ ចុះចេញទៅនៅលំនៅដើមវិញ។ ដង្ខៅធ្នោះថ្មី (ប្ដីប្រពន្ធ) និយយគ្នាថា
«យើងត្រូវឱ្យគេទិញមាសសន្លឹកមកបិទដើមស្ដី ហើយធ្វើខ្ទមឱ្យលោកតា តាមតែបងបានបន់ស្រន់បួងសួង»។លុះ
​​​ធ្វើស្រេចហើយអ្នកតាទីនោះ ក៏មានឫទ្ធានុភាពពូកែ ហើយមិនត្រឹមតែមេធ្នោះប៉ុណ្ណោះទេដែលគោរព ទោះបីអ្នក
ស្រុកឬអ្នកដំណើរតាមដងស្ទឹង ក៏គោរពអ្នកតានោះយកជាទីពឹងពំនាក់ដែរ។ អ្នកតានោះក៏មានឈ្មោះថា «អ្នកតា
ដើមស្ដីបិតមាស
» តាំងពីត្រឹមនោះមក។ តែសម័យឥឡូវនេះ ដើមស្ដីនោះងាប់បាត់ទៅហើយ ឯខ្ទមដែលមេធ្នោះ
ធ្វើនោះ ក៏ពុកបាក់បែកបាត់ទៅហើយដែរ នៅសល់តែកន្លែងដើមស្ដី នឹងខ្ទមអ្នកតាប្រក់ស្បូវប៉ុណ្ណោះ។ព្រោះហេតុ​
ដូចរៀបរាប់នេះ បានជាភូមិនៅតាមមាត់ស្ទឹងក្បែរខ្ទមអ្នកតាទាំងអស់ បានជាប់ឈ្មោះថា «ភូមិដើមស្ដីបិតមាស»
ហៅក្លាយមកត្រឹមតែ «ភូមិស្ដីបិតមាស» ជាប់រហូតមកដល់សព្វថ្ងៃនេះឯង។

(សម្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ) 

Tuesday, January 14, 2014

រឿង ត្រពាំងបឹងតេ


នៅឃុំសង្កែសាទម ស្រុកថ្ពង​ ខេត្ដកំពង់ស្ពឺ មានត្រពាំងមួយអ្នកស្រុកហៅថា «ត្រពាំងបឹងតេ»។​ ត្រពាំង នេះ
មានផលក្ខណៈប្លែកដែលនាំឱ្យអ្នកស្រុកជិតខាង និងអ្នកដំណើរណាដែលបានទៅដល់ទីនោះ ចាប់អារម្មណ៏គ្រប់
ៗគ្នា។ ទំហំត្រពាំង មិនជាធំប៉ុន្មានទេ ប្រមាណជាមាត់រង្វះ​ ១០០ ម៉ែត្រប៉ុណ្ណោះ។ មាត់ត្រពាំងជុំវិញ មានកក់ដុះ
ខ្នាន់ខ្នាប់ ពុំដែលមានសត្វធាតុណាមួយចូលទៅស៊ីរុករានឡើយ ឯដីត្រង់កក់ដុះនោះមានសភាពទន់ជ្រាយល្មម
ដើរបានឥតផុងជើងទេ តែទៅដល់កណ្ដាលត្រពាំងបែរជាមានត្រឹបមួយដុំ ដុះស្មៅខ្លះ កក់ខ្លះ ហើយដីនោះជាភក់
មមោកស្មោះ។ បើគេ ចង់ឆ្លងត្រឹបនោះ ទាល់តែយកឈើវែងៗដាក់គងរួចដើរសួរពីលើឈើនោះទើបបាន។ មាន
អ្នកស្រុកនិយាយបន្ថែមទៀតថា កាលជំនាន់បារាំងនៅជាអាណាព្យាបាលប្រទេសខ្មែរ កាលនោះបារាំងទៅពិនិត្យ
មើលប្រុងនឹងធ្វើស្ពានឆ្លង ហើយបុកសសរស្ពានចំកណ្ដាលត្រពាំង។ ពេលនោះ គេឃើញមានផ្សែងហុយៗចេញ
ពីត្រឹបនេះមក។ លុះគេពិនិត្យ សង្កេតក្នុងត្រឹបកណ្ដាលនេះ ឃើញមានថ្មខាងក្នុងពណ៌សក្បុស ហើយនៅចន្លោះ
ៗថ្មនោះមានទឹកថ្លាហូររហែងៗចេញ ពីរន្ឋថ្មផង។ គម្រោងការស្ថាបនាស្ពានពីជំនាន់នោះ ក៏ពុំបានសំរេចឡើយ។ 


ដោយឃើញមានលក្ខណះប្លែក ហើយជាធម្មតានៅស្រុកខ្មែរយើង តែមានទីកន្លែងប្លែកៗយ៉ាងនេះ ប្រាកដជា​មានរឿងព្រេងនិទានប្រចាំទីកន្លែងនោះជាមិនខាន ហេតុនេះក្រុមជំនុំទំនៀមទំលាប់ខ្មែរ ដែលត្រូវរាវរកឯកសារ
តម្កល់ទុក ក៏បានអំពាវនាវស៊ើបសួររករឿងព្រេង ស្ដីពី ត្រពាំងបឹងតេនេះឡើង។ ជាភ័ព្វល្អលោក ខា ញ៉ុញ ស្នង
ការក្រុមព្រះនរគរបាលជាតិ លោកបានយកចិត្ដទុកដាក់ ជួយរាវរករឿងនោះផង ព្រោះលោកធ្លាប់ទៅឃើញផ្ទាល់
នឹងភ្នែក កាលដែលលោកទៅបំពេញមុខការនៅខេត្ដកំពង់ស្ពឺ។ មិនយូរប៉ុន្មានលោកយកប្រដាប់ថតសម្លេងមួយ
មកចាក់ជូនក្រុមជំនុំស្ដាប់ ដែលលោកបានថតសំលេងរបស់លោក ទូច-វ៉ាន់ ភ្នាក់ងាររបស់ក្រុមព្រះនគរបាលក្រុង
កំពង់ស្ពឺ និទានជាហូរហែរអំពី រឿងព្រេងនិទាននេះ។ ដំបូងលោក ទូច វ៉ាន់ បញ្ជាក់ពីពេលវេលាថា កាលនោះ
លោកត្រូវបានរាជការខេត្ដ ចាត់ឱ្យទៅបំពេញបេសកម្មតាមស្រុកនានាក្នុង ខេត្ដកំពង់ស្ពឹ ជាមួយដំណើរពិនិត្យការ
នៃលោកប្រមុខខេត្ដ។ ពេលយប់មួយនៅសំណាក់ឃុំសង្កែសាទម លោកក៏បាន ទៅសួរអ្នកស្រុកដែលបានមក
ចោមរោមថា ពូ មីង ណាចេះចាំរឿងរ៉ាវអ្វី សុំនិទានមកចែកចាយគ្នាស្ដាប់កែអផ្សុក។ កាលនោះមានតាម្នាក់អាយុ
៧០បា្លយបានឆ្លើយថា គាត់ចេះរឿងត្រពាំងបឺងតេ ព្រោះគាត់ធ្លាប់ស្ដាប់ម្ដាយគាត់ និទាន ពីដើមមក។ រឿងនោះ
មានសេចក្ដីសង្ខេបដូចតទៅនេះ ៖ កាលពីបុរាណព្រេងព្រឺទ្ឋយូរយារណាស់មកហើយ មានសេដ្ឋីម្នាក់មានទ្រព្យ
យ៉ាងស្ដុកស្ដម្ភ មានភូមិកររស់នៅត្រពាំងបឺងតេនេះ។ សេដ្ឋីទាំងពីរនាក់ប្ដីប្រពន្ឋពិតមែនតែមានសម្បតិ្ដ ប៉ុន្ដែមាន​ចិត្ដកំណាញ់ពន់ពេកណាស់។ ភោគសម្បតិ្ដចូលមកទាំងអម្បាលម៉ាន មិនងាយចំណាយឱ្យរបេះទៅវិញទេ ទោះ
បីជាការចំណាយនោះ ជាការចំណាយចាំបាច់ក៏ដោយ ហើយពុំសូវចេះយោគយល់មុខអ្នកក្រខ្សត់ទាំងឡាយផង
។ សេដ្ឋីមាន កូនពីរនាក់ ប្រុសបង ស្រីប្អូន ដែលជាទីពេញចិត្ដណាស់ ទៅណាមកណាម្ដងៗមានរទេះពិសេស
ដែល​​បិទ មាសដាំពេជ្រដាំត្បូងភ្លឺឆ្អិនឆ្អៅ ជាហេតុនាំឱ្យអ្នកស្រុកទូទៅនឹកស្ងើចដល់ភោគសម្បតិ្ដសេដ្ឋីនោះពន់
ពេកណាស់ មានមនុស្សជាបរិវារ​ ៥០០នាក់ ព្រមទាំងគោ រទេះសេះ ដំរី៥០០ មួយមុខៗជាធនធានផង នៅក្នុង
ស្រះខាងក្រោយផ្ទះ ដែលទឹកថ្លាឆ្វេងសំរាប់ជាទីសំរាកលំហែរទុក្ខនៃគ្រួសារនេះ មានចិញ្ចឹមក្រពើមួយយ៉ាងធំ។
ប្របមាត់ស្រះដីទួលមួយ កន្លែងដែលជាទីតាំងខ្ទមអ្នកតារក្សាក្រពើរក្សាភូមិករនោះទាំងមូល។ គ្រួសារសេដ្ឋីកី្ដ
គ្រួ សារអ្នកព្រៀងលានជិតខាងក្ដី រមែងមកបែរបន់អ្នកតានេះ ឱ្យបានសម្រេចសមប្រាថ្នារៀងៗខ្លួន។ ថ្ងៃមួយ
សេដ្ឋី
និយាយពិគ្រោះនិងភរិយាថាៈ ឱភាណអើយ! កូនប្រុស កូនស្រីយើងធំល្មមមានគូស្រកររៀងខ្លួនហើយ
ប៉ុនែ្ដខ្ញុំគិតទៅឃើញថា បើយើងទៅដណ្ដឹងកូន អ្នកដទៃមកផ្សំផ្គុំនឹងកូនប្រុសយើង ឬកូនស្រីយើងជាគូនឹងកូន
អ្នកដទៃទៅឃើញថា យើងពិតជាលំបាកខាតបង់ ចែករំលែកទ្រព្យសម្បត្ដិជាមិនខាន។ ហេតុនេះ កុំឱ្យលំបាក
គួរតែយើងរៀប
ផ្សំផ្គុំកូនស្រីកូនប្រុសយើងទាំងពីរជាប្ដីប្រពន្ឋ តែម្ដងទៅ ដើម្បីនៅថែទាំសម្បត្ដិយើងតទៅ។ កាល
បើប្រពន្ឋបាន
ស្ដាប់ប្ដីហើយ សមនឹងចិត្ដមច្ចរិយៈកំណាញ់របស់គាត់ផងក៏ព្រមព្រៀងតាមប្ដី ហើយក៏ចាត់ការធ្វើ
រោងក្រសាល
អញ្ជើញភ្ញៀវជិតឆ្ងាយ មកក្នុងពិធីអាពាព៍ពិពាហ៍កូនប្រុសស្រីនេះ។ កាន់តែជិតដល់ថ្ងៃ់ណាស់ហើយ
ប្រពន្ឋសេដ្ឋី
នឹកស្ដាយប្រាក់កាសដែលនឹងចំណាយទិញ ម្ហូបអាហារក្នុងពេលរៀបចំការកូន ទើបគាត់នឹកឃើញគំ
និតមួយនិ
យាយពិគ្រោះទៅវិញថា៖ ឱភាណអើយ!! ក្នុងពេលរៀបការកូនយើងនេះ ខ្ញុំសា្ដយប្រាក់កាសទិញម្ហូប
អាហារណាស់ បើយើងកាប់គោ ក្របីក៏ឃើញថានឹងខាតបង់សត្វដែលជួយធ្វើការរកស៊ីយើង។ ដូច្នេះខ្ញុំយល់ថា
បើយើងសម្លាប់ក្រពើដែលយើងចិញ្ចឹមនៅក្នុងស្រះក្រោយផ្ទះ យកវាមកធ្វើជាម្ហូបលៀងភ្ញៀវវិញ ខ្មុំយល់ថាមិន
ខាតបង់ឡើយ ព្រោះក្រពើសព្វថ្ងៃគ្មានបានរកស៊ីអ្វីយើងទេ។ សេដ្ឋីឮពាក្យប្រពន្ឋនិយាយដូច្នេះ ពេញចិត្ដណាស់
ទើបម្នី​ម្នាចាត់ឱ្យសំលាប់ក្រពើធ្វើអាហារទទួលភ្ញៀវ។ យប់មួយនាងតីយល់សប្ដិឃើញ អ្នកតារក្សាក្រពើមកប្រាប់
ថា «តីឯងកុំស៊ីការកូនសេដ្ឋីឱ្យសោះណា! ព្រោះការនេះគេកាប់ក្រពើយកសាច់លៀងភ្ញៀវ ហើយតីឯងចាំមើលចុះ
អ្នកណាស៊ីការនេះខ្លះ នឹងឃើញទាន់ ហន់ភ្លាមជាមិនខាន»
។ នាងតីភ្ញាក់ឡើងរួចសញ្ជឹងគិតតែម្នាក់ឯង។ លុះដល់
ថ្ងៃគេរៀបការគគ្រឹកគគ្រេង មានភ្ញៀវជិតខាងមកអ៊ូអរ នាងតីគេចវេះចេញពីផ្ទះបាត់ទៅ។ ពេលកំពុងស៊ីផឹកអ៊ូអរ
ជួបជុំគ្នានោះ ស្រាប់តែព្រះធរណីស្រុតទាំងផែន ចំត្រង់ផ្ទះសេដ្ឋី ដែលកំពុងការកូនលិចបាត់អស់។ នាងតី កាល
បើឃើញហេតុអស្ជារ្យដូច្នេះ នាងព្រួយចិត្ដរលឹកអាល័យដល់ចៅហ្វាយក្មេងៗទាំងពីនាក់ ដែលធ្លាប់មានចិត្ដស
ន្តោសមេត្ដាដល់ខ្លួនកាលមុនរៀងមក។ ស្វាងពីសោកសៅហើយ នាងនឹកដល់គុណអ្នកតាដែលបានមកប្រាប់
នាងឱ្យជៀសផុតគ្រោះថ្នាក់។ ម្ល៉ោះហើយនាងក៏កោរសក់ថ្វាយអ្នកតា ជាការតបស្នងសងគុណអ្នកតាវិញ។ មុន
នឹងកោរ នាងចុះទៅក្នុងស្រះ កក់សក់ឱ្យជោក គឺស្រះជាលំនៅរបស់ក្រពើប្របនឹងខ្ទមអ្នកតា។ ហេតុនេះហើយ
ទើបបានជា ស្រះនេះសព្វថ្ងៃអ្នកស្រុកហៅថា «ត្រពាំងកក់» គឺជាត្រពាំងដែលនាងតីកក់សក់។ រូចនាងឡើងទៅ
លើទួលកោរសក់ទៀត បានជាទួលនោះគេឱ្យឈ្មោះថា «ទួលកោរសក់ នាងតី» ដែលក្លាយមកថា «ទួលកោរ
នាងតីៗ
» ជាប់រហូតមក សព្វថ្ងៃ។ ដោយនឹកអាល័យម្ចាស់ស្រី-ប្រុស ពុំមានភ្លេច នាងតីក៏ទៅតាំងលំនៅក្បែរកន្លែង
ព្រះធរណីស្រូបផ្ទះសេដ្ឋី ដែលស្រុតទៅជាត្រពាំងធំមួយ គឺជាត្រពាំងដែលគេហៅថា «ត្រពាំងបឹងតេ» សព្វថ្ងៃ
នេះ។ មិនយូរប៉ុន្មានមានបុរស ម្នាក់មកទាក់ទងស្ដីដណ្ដឹងនាងតីធ្វើជាប្រពន្ធ បាននៅជាមួយគ្នាជាសុខសាន្ដ
ប្រកបរបរដំណាំដាំដុះផ្សេងៗ។ ដល់នាងតី មានផ្ទៃពោះបាន ៦ខែ បុរសនោះក៏នឹកឃើញការនឿយណាយក្នុង
កងទុក្ខនាលោកិយ៏ ក៏លួចរត់ចោលប្រពន្ធទៅបួស ធ្វើជាអ្នកសច្ចំនៅឯភ្នំខ្ចោល។ ចំណែកនាងតី នាងនៅតែម្នាក់
ឯង រហូតដល់គ្រប់ខែហើយក៏សម្រាលបានកូនប្រុសមួយ។ វេលាប្រសូត្របុត្រ អ្នកភូមិជិតខាងមកជួយអបអរ
សាទរ ក៏សន្មត់នាមកូនប្រុសនេះថា
បុត្ដកុមារ។ កាលបើចម្រើន វ័យបាន១៣ឆ្នាំ បុត្ដកុមារចេះតែសួររកឪពុក
លុះសួរញឹកញាប់ពេក ម្ដាយក៏ប្រាប់តាមត្រង់ថា «ឪពុកឯងទៅបួស ចម្រើនភាវនាឯភ្នំខ្ចោលនោះទៅហើយ បើ
ឯងចង់ឃើញត្រូវដើរស្វែងរកក្នុងព្រៃនោះ កាលបើឃើញហើយ ឯងត្រូវ លើកពីរឿងដើមរបស់ម្ដាយនៅពេល
ដែលជួបនឹងឪពុកឯងកាលពីដំបូងនោះប្រាប់ឱ្យហូរហែរទើបស្គាល់
»។ នាងនិយាយរឿងដើមប្រាប់កូនសព្វគ្រប់
ហើយ កូនក៏លាចេញទៅ។ បុត្ដកុមារស្វែងរកឪពុកអស់ពេលយ៉ាងយូរក្នុងព្រៃ ទើបបានប្រទះឃើញតាបសមួយ
អង្គ គង់ភាវនានៅក្រោមដើមឈើលើផែនថ្មមួយផ្ទាំងធំ។ កុមារថ្វាយបង្គំហើយក៏រ៉ាយរ៉ាប់ សព្វគ្រប់ ឱ្យតាបសស្ដា
ប់។ តាបសមិនទាន់ជឿថាកូនទេ ក៏អធិដ្ឋានថា
ប្រសិនបើកុមារនេះជាកូនខ្ញុំមែន កាលណាខ្ញុំ ទះកុមារមួយដៃ
ទៅសុំឱ្យកុមារអណែ្ដតមកលើស្មាខ្ញុំ។ ថាហើយតាបសយកដៃស្ដាំទះទៅ ស្រាប់តែកុមារអណែ្ដតមកនៅលើស្មា
ឆ្វេងដូចសេចក្ដីប្រាថ្នា ទើបតាបសជឿថាជាកូនខ្លួនពិតតាំងពីនោះមក។ តាបសចាប់បង្រៀនវិជ្ជាសិល្ប៍សាស្រ្ដ
ដល់កូនជារៀងរាល់ថ្ងៃ លុះប្រមាណជាច្រើនឆ្នាំតមក កូនក៏សុំលាឪពុកទៅរកម្ដាយវិញ ឪពុកគ្មានអ្វីជាប្រសើរ
ទុកជា កេរឡើយ មានតែគ្រាប់ត្រសក់បីគ្រាប់ហុចទៅឱ្យកូន ហើយផ្ដាំថា «គ្រាប់ត្រសក់បីគ្រាប់នេះ» នឹងផ្ដល់កិត្ដិ្ដ
យសយ៉ាងធំឱ្យកូននៅពេលខាងមុខជាប្រាកដ ដល់កូនដាំទៅហើយបានជាផ្លែដំបូង ត្រូវតែបេះផ្លែនេះយកទៅ
ថ្វាយសេ្ដចកុំខាន ឯកន្លែងដាំត្រូវដាំនៅមាត់ត្រពាំង ដែលជាលំនៅដ្ឋានរបស់ម្ដាយឯង ហើយត្រូវសន្មត់កន្លែង
នោះថា «បឹងតីៗ» តាម ឈ្មោះម្ដាយឯងរហូតទៅ។ កុមារថ្វាយបង្គំឪពុកបីដង លាធ្វើដំណើរចេញទៅរកម្ដាយ
ដែលកាន់តែចាស់ ហើយក៏ប្រាប់ម្ដាយឱ្យសន្មត់នាមត្រពាំងក្បែរផ្ទះនេះហៅថា បឹងតីៗ តាមបណ្ដាំពុកបានជា
សព្វថ្ងៃនេះ ក្លាយទៅជា «បឹងតេ» ទៅវិញ។ រឿងរ៉ាវដើមនៃបឹងតេ មានតែប៉ុណ្ណេះឯង គឺកើតមកពីបណ្ដាំតាបស
ឬសី សន្មត់តាមឈ្មោះនាងតី ដែលជាអ្នកស្ថិតនៅមាត់ត្រពាំង គឺជាកន្លែងដែលព្រះធរណីស្រុត ស្រូបយកពួក
សេដ្ឋីទ្រឹស្មូរខុសប្រពៃណី នេះឯង។

(សម្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)

Monday, January 13, 2014

រឿង សួស្ដី និងអពមង្គល


សម័យ​មួយ​សិរី​សួស្ដី និង អព្វ​មង្គល​ជួប​និយាយ​គ្នា អព្វមង្គល​សួរ​ទៅ​សិរី​សួស្ដី​ថា «លោក​មាន​រិទ្ធ​អំណាច​ដូចម្ដេច​ខ្លះ ?» ។ សិរី​សួស្ដី​ប្រាប់​ទៅ​អព្វ​មង្គល​ថា៖រិទ្ធ ​អំណាច​អញ​ជា​សិរី​សួស្ដី​នេះ​ខ្លាំង​ពូកែ​ណាស់ សូម្បី​តែ​មនុស្ស​ខ្ញុំ​គេ គេ​ស្អប់​គេ​មិន​មេត្តា តែ​អញ​ទៅ​ស្ថិត​កាលណា​ឲ្យ​អ្នក​ខ្លះ​ស្នេហា ទំនុក​បម្រុង​ទាល់​តែ​បាន​រាជ​សម្បត្តិ ។
ឯ​សិរី​សួស្ដី​សួរ​ទៅ​អព្វ​មង្គល​ថា «រិទ្ធ​អំណាច​ឯង​ដូចម្ដេច​ខ្លះ ?» ។ អព្វ​មង្គល​ឆ្លើយ​ថា «រិទ្ធ​អំណាច​ខ្ញុំ​នេះ បើ​ស្ថិត​នៅ​ឈ្មោះ​ណា​បណ្ដាល​ឲ្យ​គេ​ស្អប់​គេ​ខឹង ខូចខាត​សម្បត្តិ​ទ្រព្យ​វិនាស​អន្តរាយ សូម្បី​តែ​បាន​រាជ​សម្បត្តិ​ហើយ ក៏​គង់​ថ្លោះ​ធ្លោយធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​គេ​បាន» ។ អព្វ​មង្គល​ចង់​ដឹង​រិទ្ធិ​សិរី​សួស្ដី​ក៏​ប្រាប់​ថា «ខ្ញុំឃើញ​ខ្ញុំ​សេដ្ឋី​ម្នាក់​ឈ្មោះ អាតុល សេដ្ឋី​ប្រើ​ឲ្យ​ឃ្វាល​គោ​ក្របី សព្វ​ថ្ងៃ​នេះ​សេដ្ឋី​ខឹង​នឹង​អាតុលជេរ​វាយ​តែ​សព្វ​ថ្ងៃ​ថា ពុំ​មើល​ថែ​រក្សា​ក្របី​ឲ្យ​ស្គម​អស់។ ខ្ញុំ​ចង់​ឲ្យ​លោក​សិរិ​សួស្ដី​ទៅសណ្ឋិត​នៅ​អាតុល​ខ្ញុំ​សេដ្ឋី​នោះ បើ​វា​បាន​រាជ​សម្បត្តិ​ខ្ញុំ​ក៏​ជឿ​ថា​លោក​មាន​រិទ្ធិខ្លាំង​ពូកែ​ប្រាកដ​មែន»។ សិរី​សួស្ដី​ប្រាប់​ទៅ​អព្វ​មង្គល​វិញ​ថា «ឯងចាំ​មក​គន់​មើល​ចុះ ថ្ងៃ​ស្អែក​នេះ​អញ​ចូល​ទៅ​ស្ថិត​លើ​រូប​អាតុល​ខ្ញុំ​សេដ្ឋី​ហើយ តែ​អញ​ចូល​ទៅ​នៅ​កាល​ណា​យូរ​បន្តិច​ទៅ​មុខ​ជា​អាតុល​ខ្ញុំ​សេដ្ឋី​នោះ វា​បាន​សោយរាជ​សម្បត្តិ​មិន​ខាន។
លុះ​ព្រឹក​ឡើង​ដល់​ពេល​អាតុល​បញ្ចេញ​គោ​ក្របី អំពី​ក្រោល​យក​ទៅ​ឃ្វាល នោះ​សិរី​សួស្ដី​ចូល​ទៅ​ស្ថិត​នៅ​រូប​អាតុលៗ ក៏​រីករាយ​សប្បាយ​ក្នុង​ចិត្ត​ប្លែក​ពីថ្ងៃ​មុន ។ ដល់​ពេល​ល្ងាច​កៀង​គោ​ក្របី​ត្រឡប់​មក​បញ្ចូល​ក្រោល​នៅ​ផ្ទះ​វិញ ។ សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ​ឈរ​មើល​គោ​ក្របី​ត្រឡប់​មក​បញ្ចូល​ក្រោល​ឃើញ​ អាតុល​រាំង​ទ្វារ ក្រោល​គោ​ក្របី​ជាប់​ហើយ ទើប​ឡើង​ទៅ​អង្គុយ​លើ​ផ្ទះ​សេដ្ឋី​ជា​ចៅ​ហ្វាយ​នៅ​កន្លែង​ខ្លួន​ដូច​សព្វ​ដង ។ សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ​កាល​ឃើញ​អាតុល​ហើយ ក៏​នឹក​ក្នុង​ចិត្ត​អាណិត​ថា «ឱ​អាតុល​អើយ!​កាល​ឃើញ​អាតុល​ទៅ​ឃ្វាល​ក្របី អត់​បាយ​ទល់​ល្ងាច​ទើប​បាន​បាយ​បរិភោគ​ម្ល៉េះ​សម​វា​ឃ្លាន​យ៉ាង​ណា​ទៅ ?» គិតហើយ​ក៏​ដាស់​តឿន​ខ្ញុំ​កំដរ​ស្រីៗ​ឲ្យ​​ដួស​បាយ​ស៊ី​រាល់​គ្នា ។ ខ្ញុំ​ស្រី​ក៏​​ដួស​ភោជហារ​ណា​ដែល​មានឱជារស​យក​ទៅ​ដាក់​ជូន​សេដ្ឋី ហើយ​ប្រជុំ​គ្នា​បរិភោគ ។ សេដ្ឋី​ប្ដី​ប្រពន្ធ​ហៅ​អាតុល​មក​ជិត​ចាប់​ម្ហូប​ដែល​មាន​ឪជារស ឲ្យ​បរិភោគៗរួច​សេដ្ឋី​ប្ដី​ប្រពន្ធ​គន់​មើល​កិរិយា​ឫកពារ​អាតុល​នោះ​រក​ទាស់​ចិត្ត​ត្រង់​ណា​គ្មាន ។ បណ្ដា​ជន​ទាំង​ស្រីប្រុស តែ​បាន​ឃើញ​រូប​អាតុល​កាល​ណា ក៏​មាន​ចិត្ត​ស្នេហាមេត្ត​ពន់​ប្រមាណ ។ ឯ​សេដ្ឋី​ប្ដី​ប្រពន្ធ​ជា​ចៅ​ហ្វាយ​អាតុល​នោះ​និយាយ​គិត​គ្នា​ថា "យើងសព្វ​ថ្ងៃ​នេះ​ឥត​កូន ទ្រព្យ​សម្បត្តិ​ក៏​មាន​ច្រើន អំណឹះ​តទៅ បើ​ឥត​ពី​យើង ទ្រព្យ​សម្បត្តិ​នឹង​អន្តរាយ​អាសារ​ឥតការ គួរ​យើង​លើក​អាតុល​ឡើង​ដំកើង​ធ្វើ​ជា​កូន កុំ​ឲ្យ​វា​ឃ្វាល​គោ​ក្របី ត្បិត​អាតុល​នេះ​សាច់​ឈាម​ឫកពារ ល្អ​ណាស់ ល្មម​សមគួរ​ជា​កូន​យើង​បាន" ។ ដល់ពេល​ល្ងាច​អាតុល​ត្រឡប់​មក​ពី​ឃ្វាល​គោ​ក្របី​វិញ សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ ឃើញ​អាតុល​រឹត​តែ​ស្នេហា​ពន់​ពេក ក៏​ហៅ​ឲ្យ​បិរភោគ​បាយ​ជាមួយ មិន​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ខ្លួន គោ​ក្របី​មិន​ឲ្យ​ឃ្វាល​ពី​ថ្ងៃ​នោះ​តទៅ។ សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ​យក​សំលៀក​បំពាក់ គ្រឿង​មាស​ប្រាក់​មក​តុបតែង ឲ្យ​អាតុល​ហើយ​ប្រាប់​ថា «ពី​ថ្ងៃ​នេះ​ទៅ​អញ​ទុក​ឯង​ជា​កូន ទ្រព្យ​សម្បត្តិ​ទាំ​ប៉ុន្មាន អំណឹះ​តទៅ នៅ​លើ​ដៃ​កូន​ឯង​ទាំង​អស់» ។ អាតុល​ក៏​រីករាយ​សប្បាយ​ចិត្ត​ជា​ទី​បំផុត ។
លុះ​អាតុ​ល​ចម្រើន​អាយុ ពេញ​រូបរាង​ឡើងដោយ​អំណាច​សិរី​សួស្ដី រឹងរិត​តែ​ល្អ​រក​បុរស​ឯ​ណា​នឹង​មក​ប្រៀប​ផ្ទឹម​ស្មើ​ពុំបាន ។ សេដ្ឋី តែង​ចូល​គាល់​ព្រះ​មហាក្សត្រ​ព្រឹក​ល្ងាច ពុំ​ដែល​លោះ​ខាន​ក៏​នាំ​យក​អាតុល​ជា​កូន​ទៅ​គាល់​ផង ។ ព្រះ​រាជា​មាន​បុត្រី​តែ​មួយ ព្រះ​អង្គ​ស្ដេច​ចេញ​ប្រថាប់​នៅ​ក្រឡា​ព្រះ​គំនាល់ ព្រះរាជ​បុត្រី​ក៏​ដិត​ដោយ​ក្រោយ​ព្រះ​អង្គ​មក ។ កាល​មហា​សេដ្ឋី​នាំ​កូន​ចូល​ក្រាប​បង្គំ​គាល់ ព្រះ​មហា​ក្សត្រ​ធ្មៀង​ព្រះ​នេត្រ​ឃើញ​សេដ្ឋី​និង​កូន​អង្គុយ​គាល់​ទន្ទឹម​គ្នា ទ្រង់​ត្រាស​សួរ​ថា កូន​សេដ្ឋី​ឬ ? សេដ្ឋី​ទូលថា៖​ កូន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ។ ស្ដេច​ទ្រង់​សសើរ​ថា៖ កូន​សេដ្ឋី​មាន​រូប​មាន​ឫក​ល្អ​ណាស់ ។ ព្រះ​រាជ​បុត្រី​ក៏​នឹក​ក្នុង​ព្រះទ័យ​ថា៖«កូន​សេដ្ឋី​នេះ​មាន​លំអ​នឹង​រក​បុរស​ណា​មក​ផ្ទឹម​ពុំ​បាន ធ្វើ​ម្ដេច​នឹង​បាន​ជា​ស្វាមី​អញ ?»
ដល់ពេល​គួរ ស្ដេច​និង​រាជ​បុត្រី​នោះ​យាង​ចូល​ទៅ​ខាង​ក្នុង​វិញ សេដ្ឋី​ក្រាប​ថ្វាយ​បង្គំ​លា​នាំ​កូន​ត្រឡប់​មក​ផ្ទះ។ ដល់​ផ្ទះ​កូន​និយាយ​នឹង​សេដ្ឋី​ថា សូម​លោក​ឳ​លោក​ម៉ែ​មេត្តា កូន ទៅ​ដណ្ដឹង​ព្រះ​រាជ​បុត្រី​ស្ដេច​ឲ្យ​ខ្ញុំ​ត្បិត​កាល​ខ្ញុំ​ចូល​គាល់​ជាមួយ ​លោក​ឳពុក នោះ​ខ្ញុំ​បាន​ឃើញ​ច្បាស់ ព្រះ​រាជ​បុត្រី​នោះ​ល្អណាស់ បើ​មិន​ដណ្ដឹង​ឲ្យ​ខ្ញុំ​ទេ ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន។ សេដ្ឋី​ប្ដី​ប្រពន្ធ​ដោយ​ស្នេហា​កូន​ពេក ក៏​ប្រថុយ​ខ្លួន​រៀប​តុ​មាស​ប្រាក់​ដាក់​គ្រឿង​បណ្ណការ​ជា​ដង្វាយ សុទ្ធ​តែ​ពេជ្រ​ពេញពាស​ច្រើន​តុ ។ លុះ​ព្រឹក​ឡើង​នាំ​ដង្វាយ​នោះ​ទៅ​រៀបចំ​ក្នុង​ទី​ព្រះ​រាជរោង ។ ព្រះ​មហាក្សត្រ​ស្ដេច​ចេញ​មក​ឲ្យ​នាហ្មឺន​ធំ​តូច​គាល់ នៅ​ជិត​គ្រឿង​បណ្ណាការ​ដង្វាយ​នោះ ស្ដេច​ត្រាស់​សួរ​ថា សេដ្ឋី​ដង្វាយ​នេះ​ប្លែក​ណាស់ មាន​ការ​អ្វី ?។ សេដ្ឋី​ប្ដី​ប្រពន្ធ​ក្រាប​បង្គំ​ទូល​ថា  សូម​ព្រះ​តេជះ​តម្កល់​លើ​ត្បូង សូម​ទ្រង់​ជ្រាប​ក្រោម​ល្អង​ធូលី​ព្រះបាទ សូម​ទ្រង់​ប្រោស​ព្រះរាជ​ទាន​ព្រះ​រាជ​បុត្រី​ផ្សំ​នឹង​កូន​ប្រុស​ទូល​ព្រះបង្គំ​ជា​ខ្ញុំ ។ ស្ដេច​ទ្រង់​ជ្រាប ទ្រង់​ព្រះរាជានុញ្ញាត ទ្រង់​ចាត់​មុខ​ក្រសួង​ឲ្យ​រៀប​ព្រះរាជ​ពិធី​សមរម្យ ហោរា​ថ្វាយ​ឫក្ស ទ្រង់​ផ្សំ​ព្រះរាជ​បុត្រី​និង​កូន​សេដ្ឋី ហើយ​ផ្ទេ​រទាំង​រាជ្យ​សម្បត្តិ​ឲ្យ​គ្រប់គ្រង​ផង ។ ស្ដេចតុល​និង​ព្រះ​នាង​មហេសី លុះ​បាន​រាជ​សម្បត្តិ​ហើយ ក៏​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ឥត​ទុក្ខា មហាប្រសើរ​រៀង​ទៅ ។
និយាយ​ពី​រឿង​អព្វ​មង្គល​វិញ កាល​ជួប​និង​សិរី​សួស្ដី​ក៏​សួរ​ថា លោកសិរី​សួស្ដី​ខ្ញុំ​ជឿ​ហើយ ឃើញ​ថា​លោក​មាន​រិទ្ធិ​ជួយ​ស្ដេច​តុល​ឲ្យ​បាន​រាជ​សម្បត្តិ​មែន ដូច្នេះ​លោក​មើល​រិទ្ធិ​ខ្ញុំ​ម្ដង សូម​លោកលែង​សណ្ឋិត​រូប​ស្ដេចតុល​ទៅ ។ សិរី​សួស្ដី​ក៏​ថយ​ចេញ​ពី​រូប​ស្ដេច​តុលៗ​ចេះ​តែ​មួម៉ៅ​ក្ដៅ​ក្រហាយ ព្រះ​នាង​មហេសី ស្រី​បរិវា​ក៏​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​គោរព​ប្រណិបត្តិ បណ្ដាល​ចិត្ត​ឲ្យ​ខឹង​ស្អប់​ស្ដេចតុល អស់​លោក​ចតុស្ដម្ភ​ទាំង​ប៉ុន្មាន ក៏​ពុំ​សូវ​ចូលចិត្ត គិត​ចង់​ឲ្យ​ព្រះរាជ​បិតា​ក្មេក​យក​រាជ​សម្បត្តិ​វិញ ។ ចំណែក ស្ដេចតុល​ចេះ​តែ​ក្ដៅ​ក្រហាយ អន្ទះ​អន្ទែង​ចង់​ទៅ​ក្រសាល​ទី​ទំនាប​មាត់​បឹង​ក្រៃ​ពេក ក៏​នាំ​ព្រះនាង​មហេសី​ស្រី​បរវា​ចេញ​ទៅ​ក្រសាល លុះ​ទៅ​ដល់​ក៏​ចាត់​ឲ្យ​ធ្វើ​ព្រះ​ពន្លា​ស្នាក់​ក្រសាល ។ ទីមាត់​បឹង​នោះ​ឮ​តែ​សព្ទ​ត្រដោក​ក្របី ស្ដេចតុល​ក៏​ភ្នក​នឹក​អាណិត​ខ្លួន​កាល​នៅ​ជា​ខ្ញុំ​មហាសេដ្ខី​ដែល​គេ​ប្រើ​ ឲ្យ​ឃ្វាល​ក្របី​ហើយ​ទ្រង់​ព្រះ​កន្សែង​ខ្សឹកខ្សួល ។ ព្រះនាង​មហេសី​សួរ​ថា ម្ចាស់​បង​ហេតុ​អ្វី​ក៏​ទ្រង់​ខ្សឹកខ្សួល​ម្ល៉េះ ?  ស្ដេចតុល​ប្រាប់​ព្រះនាង​មហេសី​តាម​ត្រង់​ថា៖ លាក់បាំង​អី​អ្នក​អូន​អើយ ខ្លួន​បង​នេះ​មិន​មែន​ជា​កូន​សេដ្ឋី​ទេ ពី​ដើម​បង​ជា​ខ្ញុំ​សេដ្ឋីៗ​គេ​ប្រើ​ឲ្យ​ឃ្វាល​គោ​ក្របី ឥឡូវ​ឮ​ត្រដោក​ក្របី បង​នឹក​ស្រងេះស្រងោច​អាណិត​ខ្លួន​បាន​ជា​បង​យំ។ ព្រះនាង​មហេសី​បាន​ឮ​ហើយ ក៏​នឹក​ទោមនស្ស​ក្នុង​ព្រះទ័យ​ជា​ពន់ពេក​ថា៖ ឱ​ព្រះ​បិតា ពុំ​គួរ​ផ្សំផ្គុំ​កូន​ផ្ទេរ​ទាំង​រាជ​សម្បត្តិ​ឲ្យ​ទៅ​ខ្ញុំ​គេ​សោះ ខ្ញាល់​ហើយ​ក៏​នាំ​ស្ដេច​តុល និង​ស្រី​បរវា​ដែល​ទៅ​តាម​ហែ​ទាំង​ប៉ុន្មាន ត្រឡប់​ចូល​ព្រះរាជ​វាំង​វិញ ចូល​ក្រាប​ទូល​ព្រះវររាជ​បិតា​មាតា​វិញ តាម​រឿង​ដែល​ស្ដេចតុល​យំ​គ្រប់ការ ។ សម្ដេច​វរបិតា​ទ្រង់​ជ្រាប​ហើយ ទ្រង់​ព្រះ​ក្រោធ​ពន់​ប្រមាណ ទ្រង់ត្រាស់​ឲ្យ​សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ​មក​ដៀល​ត្មះ​ជា​ទម្ងន់ ហើយ​ប្រគល់​ស្ដេចតុល​ឲ្យ​ទៅ​សេដ្ឋី​ប្ដី​ប្រពន្ធ​នាំ​យក​ទៅ​ផ្ទះ​វិញ ។ ឯរាជ​សម្បត្តិ​ស្ដេច​ទ្រង់​គ្រប់គ្រង​វិញ ។ សេដ្ឋី​ប្ដី​ប្រពន្ធ​នាំ​អាតុល​ទៅ​ដល់​ផ្ទះ ហើយ​ជេរ​វាយ​ត្មិះ​តិះដៀល​លែង​រាប់​អាន​ជា​កូន ឲ្យ​អាតុល​ឃ្វាល​គោ​ក្របី​ទុក​ជា​ខ្ញុំ​ដូចដើម ។
មាយាទថ្លៃឲ្យយក មាយាទថោកឲ្យវៀរ