Monday, March 10, 2014

អណ្ដាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្ដាត



រាល់ការប្រាស្រ័យស្ដីទាក់ទង
ទំនាក់ទំនងតោងតម្រូវ
អណ្ដាតនេះហើយអ្នកនាំផ្លូវ
ពាក្យខុសឬត្រូវនៅលើវា។

គួរគិតឲ្យមាំមុននិយាយ
ទម្លាយវាចាហាសន្ទនា
ទៅកាន់អ្នកផងគ្រប់វេលា
ទើបវាពុំមានភ្លាត់វាចា។

រនាបបាក់យករនាបជួស
សម្ដីជ្រុលជ្រួសហួសហាថា
ទោះខំសុំទោសមិនអស់ការ
គង់នៅសង្កាជាពុំខាន។
                                                                                   
អណ្ដាតជាអាទិ៍ឲ្យសុខទុក្ខ
រាល់ថ្ងៃទៅមុខមកដល់ប្រាណ
ហេតុនេះគប្បីស្មឹងស្មាធិស្មាន

ប្រមាណឲ្យច្បាស់មុននឹងស្ដី។

មនុស្សឃ្លានកុំឲ្យដាំបាយ...


(បទពាក្យ ៧)

អ្នកឃ្លានមានចិត្តគិតទាន់ហន់
ចង់បានឆ្អែតឆ្អន់បន្ទាន់ភ្លាម
ដៃជើងឆ្លេឆ្លាមិននៅស្ងៀម
លូកលរវាមទាមទារឆី។

បើឲ្យដាំបាយច្បាស់ជាយ៉ាប់
ព្រោះចង់ឆ្អិនឆាប់គ្មានគិតអ្វី
រោចរុកឧសភ្លើងចង្រ្កានដី
ឃ្មាតខ្មីបង្ខំឲ្យឆាបឆេះ។

បើកគ្របចុះឡើងមើលពិនិត្យ
ខ្វល់គិតថាម៉េចក្រពុះម៉្លេះ
រុញភ្លើងបន្ថែមរិតតែឆេះ
អង្កររីកប្រេះប្រែឆៅខ្លោច។

ពេលវាល់អង្ករកំពប់ខ្ចាយ
ពុំគិតខ្វល់ខ្វាយធ្លាក់ជ្រុះហោច
ព្រោះចិត្តរហន់ទាញរោចបោច
ប្រយោជន៍ខាតបង់ពុំខានឡើយ។​​

កំពុងកំហឹងខឹងទោសា
ចិន្ដាមិនស្ងប់ស្ងៀមល្ហែល្ហើយ
ប្រើឲ្យលាងចានពុំកើតឡើយ
ទង្គិចបែកស្បើយអស់អន្តរាយ។

ទ្រគោះបោះបោកទង្គិចច្រាន
បែកស្រាំពុំខានចានហូបបាយ
របស់ងាយបែកទុកឲ្យឆ្ងាយ
ដល់ពេលរសាយចាំគិតទៀត។

រីមនុស្សទោសៈទាំងប្រុសស្រី
ធ្វើអ្វីក៏តែងចិត្តចង្អៀត
-ចង្អល់មួរម៉ៅខ្លៅជូរជាតិ
ចោលម្សៀតរមែងតែងទុក្ខា។

អ្នកដែលស្រេកឃ្លានល្មោភលោភលន់
មិនស្កប់គ្រប់គ្រាន់វេលាណា
អំពើធ្វើតាមតម្រូវការ
សម្រាប់អាត្មាអញតែម្នាក់។

ពុំគិតប្រយោជន៍អ្នកដទៃ
លកលៃបន្លំកេងលួចលាក់
បណ្ដាលទៅតាមចិត្តលោភ
លង់ក្នុងអន្ទាក់នៃចំណង់។

Monday, March 3, 2014

ធ្វើស្រែទាន់ក្ដៅដី..


ភ្លៀងធ្លាក់ដើមឆ្នាំ រដូវដុះដាំ ដំណាំស្រូវស្រែ
ធ្វើកសិកម្ម ប្រចាំហូរហែ និគមជនខ្មែរ
ស្រុកស្រែចម្ការ។

ដីពេញសំណើម ភ្លៀងជោគជាំសើម ចាប់ផ្ដើមកិច្ចការ
ភ្ជួររាស់ព្រោះសាប សំណាបវស្សា ឲ្យស្រេចបាច់ការ
នៅនារដូវ។

បើជ្រុលវេលា ទិន្នផលពូជធារ ក៏វាពុំសូវ
ព្រោះទឹករីងស្ងួត ហួតអស់ពីស្រូវ កណ្ដាលរដូវ
ត្រូវភ្លៀងរាំងស្បើយ។

ប្រុសៗទាំងអស់ ពេញវ័យកម្លោះ ស្ទុះចិត្តឥតល្ហើយ
ចង់បានភរិយា ជាគូកៀកកើយ បានរៀបការហើយ
ទើបស្ងប់ចិន្ដា។

ធម្មជាតិបែបហ្នឹង បើខ្លួនសម្លឹង ឃើញស្រីមួយណា
ដែលពេញហឫទ័យ លៃលកស្នេហា ឆាប់ប្រាប់មេបា
យាត្រាចូលស្ដី។

បើសិនទុកយូរ នាងនឹងដល់គូ មិនមែនអត់អី
ប្រុសច្រើនគគោក មានជោគសិរី រៀបការនឹងស្រី
លែងអីយើងអត់។

ច្នេះបើចំណង់ ចូលទាន់ចិត្តចង់ ដណ្ដឹងប្រាកដ
តាមចិត្តវាក្ដៅ កុំនៅបែនបត់ ប្រយ័ត្នវាអត់
មកសំកុកយំ។

តែកុំចង់ផ្ដាស របៀបរហ័ស ច្បាស់វីវរធំ
ទុំមុនស្រគាល នាឡិតូចជាងនំ ល្បីអស់ទាំងឃុំ
សើចយំចំអក។

រីសព្វការងារ ស្រូតទាន់វេលា ទើបវាពុំខក
ទុកយូរនៅគរ គំនរការស្កក កើនឡើងឥតស្រក
ធ្វើមិនងាយស្រេច។

រ័ត្នន៍ សេនា (ភូមិកាព្យ)


ចូលព្រៃទាន់នៅព្រឹក


(បទពាក្យ ៧)

វេលាព្រហាមចូលព្រឹក្សា
ផលានុផលមានមិនខ្វះ
បុប្ផាផ្កាព្រៃរីកស្អេកស្កេះ
ច្រើនណាស់ឥតខ្វះសព្វផ្លែឈើ។

កន្លងព្រឹកទៅកម្ដៅខ្លាំង
ចែងចាំងចំចូលពីខាងលើ
នឹងស្លោកស្វិតក្រៀមជ្រុះរង្គើ
អនុផលឈើច្រើនអន្តរាយ។

ការងារទាំងពួងមនុស្សប្រុសស្រី
គប្បីខំប្រឹងប្រែងចិត្តកាយ
ស្វះស្វែងគំនិតគិតខ្វល់ខ្វាយ
ប្រែក្លាយប្រយោជន៍ជាចាំបាច់។

ដំបូងបើសិនមិនខិតខំ
រៀបចំចាត់ចែងឲ្យរួចស្រេច
ថ្ងៃក្រោយក៏ពុំបានសម្រេច
ដូច្នេះចាំបាច់ប្រឹងខ្មីឃ្មាត។

បព្វជិតអ្នកបួសក្នុងសាសនា
នឹងចាកសិក្ខាវិលវិញញាតិ
រស់ក្នុងជីវភាពសង្គមជាតិ
មិនឃ្លាតអំពីរកភរិយា។

អាយុនៅក្មេងកបប្រសើរ
ដើរហើររកស៊ីធ្វើការងារ
មិនទាន់ទ្រុឌទ្រោមកាយគ្រាំគ្រា
សុខជាកូនចៅក៏នៅមាន។
..................................

(១) សឹកៈ ផ្លាស់ភេទពីបព្វជិត មកជាគ្រហស្ដវិញ,
លែនៅជាសង្ឃ (លាចាកសិក្ខាបទ)។

ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ