Monday, March 24, 2014

មានកម្លាំងដូចស្រមោច



មាឌស្ដួចតូចល្អិតចិត្តឧស្សាហ៍
រវើកអាត្មាពុំទំនេរ
ខ្វេះខ្វាយកកាយប្រឹងគ្នាន់គ្នេរ
មិនច្រអូសទេរិះរេប្រឹង។

តូចពិតតែឥតខ្សោយឡើយណា
អស្ចារ្យជាងមនុស្សយើងអញ្ចឹង
ពិសោធន៍សាកល្បងគង់បានដឹង
ពេលហ្នឹងប្រាកដច្បាស់ជាក់ស្ដែង។

កាត់ម្ជុលទំហំប៉ុនខ្លួនវា
កម្រិតស្មើគ្នាទាំងប្រវែង
លាបស្ករទឹកឃ្មុំគ្រប់កន្លែង
ស្រមោចតែឯងពាំដោយស្រួល។

រួចរើសមនុស្សម្នាក់ណាដែលខ្លាំង
កម្លាំងមាំទាំឲ្យទទួល
ជាអ្នកលើកលីដុំដែកមូល(២)
គឺថាពុំស្រួលដូចស្រមោច។

វាសបញ្ជាក់ឲ្យឃើញថា
សត្វនេះខ្លាំងក្លាមិនមែនហោច
បើមានកម្លាំងដូចស្រមោច
បានផលប្រយោជន៍សម្បើមណាស់។

ធំខ្ពស់ជ្រងោមិនអំណត់
នឹងខ្សោយប្រាកដដូចពាក្យចាស់
ស្រមោចល្អិតល្អោចតូចតាចណាស់
ពេលខ្លះអាចផ្ដួលសត្វដំរី។

(១) នេះ គឺជាពាក្យមួយក្នុងចំណោមពាក្យ ៣ ឃ្លា របស់
សុភាសិតខ្មែរ៖ «សូមឲ្យកម្លាំងដូចស្រមោច, មានឫទ្ធិដូចខ្មោច,
ចិត្តមុតដូចស្រី» ដែលខ្ញុំធ្លាប់បកស្រាយច្រើនគា្រមកហើយ។

(១) ធ្វើដុំដែកមូលមានទំហំ និងប្រវែងស្មើនឹងមនុស្សម្នាក់
ដូចជាម្ជុលដែលមានទំហំ និងប្រវែងស្មើនឹងស្រមោចដែរ។


Friday, March 21, 2014

ជាងដែកហែកនឹងដៃ ជាងកន្ត្រៃសក់កន្ទ្រើង

ឧបករណ៍ជាងដែកមានមិនខ្វះ
សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ
រណាញញូពូថៅដៃ
ដែកស្បែងកន្ត្រៃច្រើនសព្វសារ។ 

ទុកចោលរាយប៉ាយមិនប្រយ័ត្ន
លិចកប់បង់បាត់ខ្ចាត់អសារ
ឬមានអ្នកខ្ចីយកទៅណា
ដល់ខ្លួនត្រូវការកាច់នឹងដៃ។ 

រីជាងកាត់សក់កញ្ចក់ឆ្លុះ
ឱនងើបឡើងចុះឃើញរាល់ថ្ងៃ
សក់ក្បាលខ្លួនឯងវែងក្រាស់ក្រៃ
កន្ត្រៃរវល់កាត់ក្បាលគេ។ 

យកលេសថាគ្មានអ្នកកាត់ឲ្យ
រង់ចាំថ្ងៃក្រោយពេលទំនេរ
ចាំកាត់ឲ្យបានស្អាតបាតនឹងគេ
តែពុំសូវទេនៅជាក់ស្ដែង។

ឧបមេយ្យសេដ្ឋីមានទ្រព្យា
វេលាត្រូវការខ្វះអំបែង (១)
ចង់លីងអំបុកខ្ចីគេឯង
នេះថ្លែងដូចពាក្យសុភាសិត។

(១) សុំរកអានរឿង «សេដ្ឋីខ្វះអំបែង» នឹងបានយល់

អំពីរឿងនេះ។

គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ


អន្សមបើស្ងោរកុំបង្ខំ
គ្របផ្ងំរម្ងាស់តាមដំណើរ
ដុតភ្លើងឲ្យឆេះកម្ដៅស្មើ
ឆ្អិនល្អប្រសើរស្អិតល្មួតសាច់។

អ្នកស្ងោរត្រឹមម្នាក់គ្រប់គ្រាន់ហើយ
ពុំសូវនឿយឡើយគង់សម្រេច
រួចរាល់ចង្ក្រានជាការស្រេច
មិនបាច់នៅឃ្លាំនាំតែហត់។

បើមានគ្នាច្រើនអាចនឹងយ៉ាប់
ចង់ឆាប់បានឆីមិនអំណត់
ទាញរុញចុះឡើងភ្លើងរលត់
ប្រាកដណាស់បើកគ្របម្នាក់ម្ដង។

អន្សមនឹងឆ្អិនមិនបានល្អ
ចំហរគម្របញឹកញយដង
ដំណើបជួនឆ្អិនជួនឆៅផង
ឬខ្លោចតែម្ដងនៅបាតឆ្នាំង។

ការងារខ្លះមិនប្រាកដថា
គ្នាច្រើនអាត្មារួមតតាំង
សម្រុកជួយគ្នាជាកម្លាំង
ចាត់ទុកថាខ្លាំងនឹងសម្រេច។

ជួនកាលគ្នាច្រើនដូចស្រមោច
អន្សមឆៅខ្លោចឆ្អិនមិនស្រេច
ដូច្នេះពេលខ្លះពុំចាំបាច់
សម្រេចគ្នាតិចងាយស្រួលជាង។