Tuesday, July 15, 2014

ខ្លះៗ អំពី សុភាសិត ពាក្យទំនឹមទំនៀម របស់ខ្មែរ!!


បទពាក្យ ៨ (បន្ទាប់ធម្មតា)

ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ
មានផ្លូវប្រឡាយទើបទឹកហូរលក
ត្រឡាចវារទៅទើបល្ពៅវារមក
មានកើតពីរកសន្សំទុកនៅ។

កុំស៊ីតាមឃ្លានកុំហ៊ានតាមចង់
ផ្លូវវៀចកុំបង់ផ្លូវត្រង់កុំទៅ
ទីទឹកត្រជាក់ត្រីកុំកុះនៅ
ភ្លើងឆេះឆាបទៅតម្រូវមានផ្សែង។

ខិតខំធ្វើគុណមួយរយសំពៅ
ទោសមួយចូលនៅអាស្រូវជាក់ស្ដែង
កាំបិតមិនអាចចិតដងខ្លួនឯង
ហារស្លាក់ខ្ជាក់ស្លែងស្តោះហើយលេបវិញ។

សំណាបយោងដីស្រីយោងបុរស
គុណច្រើនមិនអស់បានទោសទោម្នេញ
មាយាដកខ្ញីគេស្តីជម្រេញ
ទុកមិនចំណេញដកចេញមិនខាត។

ភូតនៅលើហោរចោរនៅលើជាង
ពាក្យចាស់រៀបរៀងទំនៀមបទបាទ
ដំរីជើងបួនគង់មានពេលប្លាត
អ្នកប្រាជ្ញពេញខ្នាតភ្លេចបង់អសារ។

គោលឿនសឹកកស្រីល្អសឹកគូថ
អ្នកពោលពាក្យភូតច្រើនចាញ់អាត្មា
ស្រមោចក៏អាចផ្ដួលដំរីសា
មិនកាន់ច្រវារាទឹករំខាន។

សម្តីសរជាតិមាយាទសរពូជ
មិនអាចគេចរួចពីភ្នែកសណ្តាន
លេងក្មេងបាក់យសលេងពស់មិនខាន
ពស់ចឹកក្ស័យប្រាណលែងបានរស់នៅ។

(បទជាប់ទង)

ខ្មែរភាសិត ស្ថិតនៅនា ជាបន្ទាល់
គ្រប់រូបរាល់ ស្គាល់អត្ថន័យ នៃពាក្យពេចន៍
បុរាណប្រៀប ធៀបសេចក្ដី ស្ដីរំលេច
ន័យជានិច្ច ពេចន៍ឃ្លោងឃ្លា ជាប្រយោគ។

ពាក្យទំនឹម ទឹមទំនៀម បៀមខ្លឹមសារ
ពីដូនតា ចារលៃលក មកគគោក
ជីកកកាយ ស្រាយបញ្ជាក់ គតិលោក
ជាទ្រព្យភោគ លោកបន្សល់ ដល់សព្វថ្ងៃ។


រ័ត្នន៍ សេនា (ភូមិកាព្យ)

ដើរឲ្យមានបី ស្រីដីឲ្យមានបួន


(បទពាក្យ ៧)

ដើរឲ្យមានបីន័យម៉្យាងថា
អាត្មាសម្របស្របទង្វើ
តាមបីមជ្ឈដ្ឋានលំអានធ្វើ
សំដៅទៅលើអំពើខ្លួន។

ទីមួយគោរពមនុស្សថ្នាក់ខ្ពស់
មានទ្រព្យធនយសខ្ពស់មាំមួន
បើប្រណិប័តណ៍បានសមសួន
គាប់ជួនថ្ងៃក្រោយឲ្យអាស្រ័យ។

ទីពីរគឺអ្នកថ្នាក់កណ្ដាល
ស្និទ្ធស្នាលសប្បុរសស្មោះដួងចៃ
រាប់អានឲ្យច្រើនកើនរាល់ថ្ងៃ
អាសន្នយប់ថ្ងៃជួយអាសា។

ទីបីថ្នាក់ទាបក្រោមបង្គាប់
តោងរាប់អានគ្នាជាធម្មតា
ផ្ដល់ឲ្យរង្វាន់គ្រាន់ប្រើការ
កាន់តែឧស្សាហ៍ធ្វើការងារ។

ស្រដីមានបួនជូនបន្ទាប់
គួរគាប់រាប់ដល់រាល់វេលា
កាលៈទេសៈត្រូវសន្ទនា
នេះជាទង្វើធ្វើឲ្យបាន។

ទីមួយចេះស្ដីសសើរគេ
ទីពីរតោងរេគិតប៉ាន់ស្មាន
ហ៊ានស្ដីជំទាស់ដោយក្លាហាន
ឲ្យបានប្រពៃលៃតាមកាល។

ទីបីស្រដីឲ្យងាយយល់
គេអស់ពិភាល់រាល់តំណាល
ទីបួនចេះស្ដីស្របតាមកាល
សម្របសម្រាលកាលជាក់ស្ដែង។
...........................................

មានការបកស្រាយមួយបែបទៀតថា៖ ដើរឲ្យមានបីៈ ទោះបីទៅរស់នៅទីណា
ក៏ដោយ  ដើរទៅកន្លែងណាក៏ដោយ គប្បីកាន់សីលធម៌ ៣ ប្រការខាងក្រោម
ឲ្យជាប់ (កុំឲ្យដាច់) គឺ៖
- កុំកាប់សម្លាប់គេ
- កុំលួច
- កុំសេពកាមគុណ ជាមួយ «កូន-ប្រពន្ធ-ប្តី» របស់គេ ឬថា  « កុំលួចកូន-ប្រពន្ធ
ឬ ប្តី » របស់គេ ។

ស្រដីឲ្យមានបួនៈ សីលធម៌ ៣ ប្រការខាងលើ មិនទាន់គ្រប់គ្រាន់ទេយើងត្រូវកាន់
សីលធម៌ ៤ ប្រការទៀត សម្រាប់ «វាចា» របស់យើង ទើបអាចទទួល «សុខ»
ពេញលេញបាន ។ សីលធម៌ទាំង ៤ នោះគឺ៖
១- កុំនិយាយកុហក (ភូតភរបោកប្រាស)
២- កុំញុះញង់ (ឲ្យគេបែកបាក់គ្នា)
៣- កុំនិយាយដើមគេ
៤- កុំនិយាយពាក្យរោយរាយ (ពាក្យឥតខ្លឹមសារ)។


រ័ត្នន៍ សេនា (ភូមិកាព្យ)

រនាបបាក់យករនាបជួស..


Tuesday, June 24, 2014

បណ្ឌិតអក្សរសាស្ត្រ អភិធជ មហារដ្ឋ គរុ



បណ្ឌិតអក្សរសាស្ដ្រ អភិធជ មហារដ្ឋ គរុ (ប.អ.រ)

ប្រហែលជាអ្នកខ្លះ មិនធ្លាប់ឃើញពាក្យនេះទេ លើកលែងតែអ្នកដែល
ឧស្សាហ៍អានសៀវភៅ ឬឯកសារនានា ទាក់ទងនឹងសម្ដេចព្រះសង្ឃរាជ
ជួន ណាត ទើបធ្លាប់បានឃើញ ។ ជួនកាល ធ្លាប់បានឃើញ ប៉ុន្តែមិន
បានយល់អត្ថន័យនៃពាក្យនេះក៏ថាបាន។

នេះជាគោរមងារ នៃឥស្សរិយយសខ្ពស់បំផុត (លើថ្នាក់អគ្គមហាបណ្ឌិត)
ជាសមណស័ក្ដិរបស់រដ្ឋាភិបាលភូមា សម្រាប់ថ្វាយ ប្រគេន ជូនចំពោះ
ព្រះមហាថេរជាអ្នកប្រាជ្ញ។ រីឯព្រះមហាថេរ ដែលរដ្ឋាភិបាលសហភាព
មីយ៉ាន់ម៉ា (ភូមា) ចាត់ទុកជាកំពូលអ្នកប្រាជ្ញលើផ្នែកអក្សរសាស្ត្រ របស់
ប្រទេសរបស់ខ្លួន កាលពីអំឡុងពេលជិត ៦០ ឆ្នាំមុន ហើយដែលត្រូវ
ទទួលបាននូវឥស្សរិយយសដ៏កំពូលនេះ មិនមែនជាជនជាតិភូមាទេ 
នោះគឺ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ព្រះ
សង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាយើងនេះឯង (តាមឯកសារបាន
មានបញ្ជាក់ទុកមកថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ក៏ជាអ្នកជួយរៀប
ចំអក្សរសាស្ត្រ សម្រាប់ជាតិ ភូមា ផងដែរ)។

បណ្ឌិតអក្សរសាស្ដ្រ អភិធជ មហារដ្ឋ គរុ, អានថា«អៈភិធៈជៈ មៈហារ័ត
ឋៈគុរុ» បា. សំ. ស.; បា. ( ន. ) (អភិទ្ធជ + មហា + រដ្ឋ + គរុ; អភិធ្វជ + 
មហា+ រាឞ្រ្ត + គុរុ) គ្រូនៃមហារដ្ឋដូចជាទង់ដ៏ខ្ពស់។