Thursday, January 30, 2014

វត្ត សំពៅប្រាំ


វត្ដសំពៅប្រាំ ស្ថិតនៅទីខ្ពង់់រាបនៃភ្នំបូកគោ ដែលសព្វថ្ងៃនេះរាជការបានតាំងជាទីក្រុងទេសចរណ៏មួយយ៉ាង
សំខាន់សម្រាប់យកខ្យល់អាកាសស្អាតស្អំនៅមាត់សមុទ្រ។ ភ្នំនេះឋិតនៅក្នុងពួកភ្នំកំចាយ ពីដើមនៅក្នុងឃុំកោះ
តូច ស្រុកកំពត ខេត្ដកំពត ប៉ុន្ដែសព្វថ្ងៃគេកាត់ចេញដោយឡែកជាបុរីមួយ ដោយមានការគ្រប់គ្រងពិសេសដាច់
ចេញពីខេត្ដកំពត ។  សព្វថ្ងៃទីក្រុងថ្មីនេះ បានរៀបចំជាថ្មីឱ្យទាន់សម័យ  ឯផ្ងូវថ្នល់ដែលលូនក្រវេចក្រវៀនតាម
ចង្កេះ​ភ្នំ កាត់ជ្រោះឡើងទៅខ្ពង់បុព្វតានេះ ក៏បានក្រាលថ្មចាក់ជ័រយ៉ាងស្អាតបាត រថយន្ដតូចគ្រប់ធុនបើកបរគ្មាន
លំបាកទេ  លើកលែងតែរថយន្ដធំវែងៗបើកបរពុំបាន  ត្បិតបត់បែនពុំកើត ព្រោះផ្លូវនេះក្ងិកក្ងក់ពេក។  ផ្លូវឡើង
នេះ​មានចម្ងាយចាប់ តាំងពីត្រង់បែកចេញពីផ្លូវជាតិលេខ៣ (ផ្លូវនៅកំពតវាលរិញ) ទៅមាន៣២គ.ម ប៉ុនែ្ដដោយ
ផ្លូវបត់បែន ហើយត្រូវឡើងជាដ៏រាបផង រថយន្ដបើកពុំសូវលឿនប៉ុន្មានទេ។ ពីដើមខ្ពង់រាបបូកគោជាកន្លែងយក
ខ្យល់អាកាសសម្រាប់ជនជាតីអ៊ឺរ៉ុប ដែលជាអាណាព្យាបាលស្រុកយើង គឺលោកហ្វ្រង់ស្វា-បូដ្វាំង ជារេស៊ីដង់សុ
ប៉េរេយើ
 នៅប្រទេសកម្ពុជាបានចាត់កសាង  ហើយសម្ពោធផ្លូវការកាលពីឆ្នាំ១៩២៥។ ​​​ កាលពីសម័យកសាង
នោះដោយទ្រង់ថា បារាំងរៀបចំធ្វើទីសំណាក់អាស្រ័យយកធាតុត្រជាក់សម្រាប់ពួកគេ ដូច្នេះព្រះមហាក្សត្រខ្មែរ
យើង ក៏ព្រះអង្គទ្រង់ព្រះតំរិះដល់ព្រះពុទ្ធិសាសនាភ្លាមដែរ គឺព្រះអង្គទ្រង់សាងអារាមមួយ ដោយមានកូនវិហារ
តូចមួយនិងចេតិយឡើងមួយដែរ ។  សំណង់់វត្ដនេះតាំងលើដីខ្ពស់  ជាកំពូលភ្នំដ៏មានផែនថ្មធំៗនៅពាសពេញ
ចម្លែក​ជាងគេគឺផែនថ្មជាបន្ទះៗ មានទំហំបណ្ដោយប្រមាណជាជាង១០មែត្រ និងកំពស់ប្រហែលជិត១០មែត្រ
ដែរ។ ទ្រង់ទ្រាយផែនថ្មនេះ មានភាពសំប៉ែតខ្ពស់ ទ្រទុងនៅតំរៀបគ្នា ជាប្រាំសន្លឹក មានសណ្ឋានដូចក្ដោងសំ​
ពៅត្រដាង។ ដោយឃើញរូបភាពនៃថ្មទាំងប្រាំផែននេះ មានសណ្ឋានដូចសំពៅ៥ កំពុងបើកក្ដោង ហើយការក
សាងក៏ត្រូវធ្វើនៅជាប់ផែនថ្មនេះទៀត ទើបអ្នកផងហៅទីនេះតាមសន្មត់ថា«វត្ដសំពៅប្រាំ»។ កាលបើបានឈ្មោះ​
នេះហើយ អ្នកផងក៏ប្រឌិតបានជារឿងព្រេងមួយឡើង ដែលដកស្រង់ពីរឿងមានស្រាប់មកហើយ គឺរឿង «ព្រះ​
ថោង​នាងនាគ»
នោះឯង ៖
 ក្នុងកាលកន្លងយូរមកហើយ កាលនោះមានសេ្ដចខ្មែរយើងមួយអង្គ ព្រះនាមព្រះថោង។ រឿងដើមនៃក្សត្រ
អង្គនេះ គឺព្រះអង្គជាព្រះអង្គម្ចាស់មួយព្រះអង្គ មានការតូចព្រះទ័យនិងបិតា ដែលតម្រូវឱ្យព្រះអង្គគោរពបូជាព្រះ
អនុជពៅ ម្ល៉ោះហើយទ្រង់យាងចាកចេញពីព្រះរាជវាំងជាមួយស្ម័គ្របក្សពួកចេញ ឆ្ងាយពីរាជវាំងទៅដល់ឆ្នេរ
ខ្សាច់​មួយ មានដើមធ្លកមួយដើមដុះនាកណ្ដាលវាលខ្សាច់នោះ។ ព្រះអង្គបញ្ឈប់ពលរេហ៍ នៅទីនោះសម្រាក
ព្រះកាយនៅក្រោមដើមធ្លក។ ពេលព្រលឹមស្វាងឡើង ព្រះអង្គយាងមួយព្រះអង្គឯង លំហែរកាយ តាមមាត់ស
មុទ្រកាន់តែឆ្ងាយទៅៗ ស្រាប់តែឮសំលេងមនុស្សអ៊ូអរ ព្រះអង្គក៏យាងទៅជិតបានជួបនឹងនាងនាគ ដែលកំពុង
នាំភិលៀងមកកំសាន្ដឆ្នេរសមុទ្រនេះ។ ព្រះអង្គបានលួងលោមប្រតិព័ទ្ធ នាងនាគក៏យល់ព្រម តែសូមឱ្យព្រះអង្គ
តោងកន្ទុយនាគ ដើម្បីជ្រែកទឹកទៅកាន់ឋាននាគ ថ្វាយបង្គំព្រះភុជង្គនាគជាព្រះបិតា។ លុះព្រះអង្គតាមព្រះនាង
ទៅដល់ឋាននាគអស់រយៈ៧ថ្ងៃ ក៏សូមលាព្រះបិតាក្មេកនាំមហេសីមកឋានមនុស្សវិញ។ កាលនោះព្រះបាទភុជ​
ង្គនាគ បានរៀបចំប្រដាប់ប្រដា ជាទ្រព្យមានតំលៃចំនួន៥សំពៅ ដើម្បីដង្ហែព្រះរាជបុត្រមកគ្រប់គ្រងរាជ្យនៅឋាន
មនុស្សលោក។ សំពៅទាំង៥នោះ បើកក្ដោងសំដៅមាត់សមុទ្រជាយដែនប្រទេស ហើយក៏ចូលចតតម្រៀមគ្នា
រើប្រដាប់ប្រដាចេញពីសំពៅ ហើយដឹកជញ្ជូនយកទៅរកទីណាមួយមានទីទួលខ្ពស់រៀបចំកសាងជាទីក្រុងឡើង​
។ ឯសំពៅទាំងប្រាំនោះក៏បញ្ឈរទុក សម្រាប់ព្រះអង្គមានដំណើរទៅណាមកណា ទ្រង់គង់ក្រសាលតាមព្រះចិន្ដា​
។ ពលរេហ៍ទាំង៥០០នាក់ ក៏ដង្ហែព្រះថោងនិងនាងនាគ ទៅចាប់ស្ថាបនាទីក្រុងរាជនិវេសន៏ទាំងអស់គ្នាទៅ នៅ
សល់តែសំបកសំពៅ លុះអស់កាលជាយូរលង់ក្រោយមក ឆ្នេរសមុទ្រចេះតែស្រុតស្រកឆ្ងាយទៅៗ ដីក៏កាន់តែ
ដុះខ្ពស់ឡើងៗ សំពៅទាំងប្រាំនោះក៏ កឿងនៅជាប់នឹងច្រាំង ហើយយូរៗទៅក៏រឹងទៅជាថ្មលិចបាត់តួសំពៅទៅ
ក្នុងដី នៅសល់តែក្ដោងទាំង៥ ដែលគេ ឃើញសព្វថ្ងៃនេះ។ នេះហើយជារឿងព្រេងដែលអ្នកស្រុកប្រឌិត ភ្ជាប់
នឹងស្ថានភាពវត្ដនៅលើភ្នំបូកគោ។
ប៉ុនែ្ដបើតាមការស្រាវជ្រាវវិញ វត្ដនេះពុំមែនជាវត្ថុបុរាណណាស់ណាទេ ក៏ជាវត្ដថ្មីមួយដែលព្រះករុណាព្រះ​
បាទព្រះស៊ីសុវត្ថិមុនីវង្ស ព្រះចៅប្រទេសកម្ពុជាទ្រង់កសាងឡើងកាលពី គ.ស ១៩២៤ គឺនៅគ្រាដែលរាជការ
អាណាព្យាបាលបារាំង គេស្ថាបនាទីតំបន់បូកគោធ្វើជាទីលំម្ហែ សម្រាប់យកខ្យល់ត្រជាក់តាមធាតុអាកាសស្រុក​
អ៊ឺរ៉ុប។ កាលនោះរាជការបារាំង គេបានថ្វាយចំពោះព្រះកុរណាជាអង្គម្ចាស់ជីវិត នូវទីកន្លែងមួយសម្រាប់ព្រះអង្គ
ស្ថាបនាជាព្រះដំណាក់មួយនៅបូកគោនោះ ដូច្នោះហើយព្រះអង្គក៏ផ្ដួចផ្ដើមព្រះទ័យកសាងជាវត្ដមួយនេះឡើង
ដោយជ្រើសរើសយកទីទួលដែលជាប់នឹងផែនថ្ម៥សន្លឹកធំៗនោះ សង់ជាព្រះវិហារមួយតូចតែស្អាតស្អំ និងចេតិ​
យមួយទៀតនៅពីមុខព្រះវិហារនេះ ហើយសន្មត់យកនាភាភិធេយ្យថា «វត្ដសំពៅប្រាំ» គឺយកតាមលំនាំទីកន្លែង
លើទួលនោះ ដែលមានសន្លឹកផែនថ្មធំៗ ដូចជាក្ដោងសំពៅប្រាំផ្ទាំង ឋិតនៅត្រង់នោះស្រាប់។ សព្វថ្ងៃបូកគោជា
ទីមនោរម្យមួយសម្រាប់ទេសចរណ៏ ធ្វើដំណើរទៅលម្ហែ សម្រាកកាយនៅគ្រប់ពេលឈប់សម្រាក ម្លោះហើយវត្ដ
សំពៅប្រាំ ក៏ទៅជារមណីយដ្ឋានមួយដែលគេស្គាល់ច្រើនដែរ។
(សម្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)


Wednesday, January 29, 2014

រឿង ភ្នំយ៉ាត


            មុននឹងចូលទៅដល់រឿងព្រេង យើងសូមណែនាំមិត្ដអ្នកអាន ឱ្យស្គាល់ភូមិភាគបរប៉ៃលិនបន្ដិចសិន
ព្រោះ​ជា ភូមិភាគនៅឆ្ងាយពីរាជធានី ហើយដែលទំនៀមទំលាប់ប្លែកណាស់ផង។ ដើមឡើយអ្នកស្រុកប៉ៃលិន
សុទ្ធសឹងតែជាជនជាតិកុឡាទាំងអស់ មករស់នៅដោយសារការប្រាថ្នាមកជីកត្បូងដែលមានកប់ក្នុងដីត្រង់ជ្រ​
លងនៃភ្នំភូមិភាគនោះ។ តាមប្រវិត្ដិពង្សាវតារ នៃស្រុកប៉ៃលិនថា ពួកកុឡាទាំងនេះ ចាប់ផ្ដើមមកប្រតិស្ថានកជា
ភូមិស្រុកនៅតំបន់នេះតាំងពី គ.ស ១៨៧៦មក។ ប៉ុន្ដែដំបូងពួកកុឡាទាំងនេះគ្មានបង់ពន្ធដារចុះចូលក្នុងរាជការ
ទេ ព្រោះពិតមែនតែដីត្រង់នេះ ជាដីខ្មែរដែលកាលនោះនៅក្នុងអំណាចសៀមនៅឡើយ ក៏រាជការសៀមពុំបាន
ចាប់ភ្លឺកនឺងពួកអ្នកស្រុកនេះដែរ។ លុះត្រាតែមកដល់ គ.ស ឬ ១៨៨១ ដោយសារតែពួកនេះទាស់ទែងគ្នា ទើប
នាំឱ្យលេចឮរឿងនេះ ទៅដល់រាជការសៀម នៅខេត្ដចន្ទបុរី «ចន្ទបុរៈ» រាជការសៀមក៏ចាត់ឱ្យមេភាស៊ីហូតពន្ធ
លើអ្នកមកជីកត្បូងទាំងនេះ។ មេភាស៊ីនេះមានឈ្មោះថា ម៉ុង ឃុនទី ដែលជាមេក្រុមពួកកុឡាដែលធ្វើដំណើរ
មកស្វែងរកឃើញកន្លែងនៅទីនោះ។ ដើមហេតុគឺ ម៉ុង ឃុនទី បាននាំយកត្បូងទៅដល់ក្រុងបាងកក ហើយទាក់​
ទងនឹងកុងសុលអង់គ្លេស សុំឱ្យកុងសុលនោះ នាំខ្លួនទៅគាល់ ព្រះចៅសៀម ទើបព្រះចៅសៀម តែងតាំងឱ្យធ្វើ
មេភាស៊ីហូតពន្ធ ហើយជាមេក្រុមនៃពួកកុឡាទាំងអស់ផង ដោយតាំងងារជា ហ្លួងមណី យុទ្ធនា គឺហ្លួងមណីនេះ​
ហើយដែលបានកសាងវត្ដអារាមជាច្រើនកន្លែងនៅក្នុងតំបន់ប៉ៃលិន។ រហូតមកដល់គ.ស ១៩០៤ ដែលរាជការ​
សៀម ត្រូវប្រគល់ដីខេត្ដបាត់ដំបង ម្លូព្រៃ ស្ទឹងត្រែង ថ្វាយមកព្រះចៅផែនដីខ្មែរ ព្រះកុរណាព្រះបាទសមេ្ដចព្រះ
ស៊ីសុវត្ថិវិញនោះ ផែនដីប៉ៃលិនត្រូវរាជការបារាំងគេទៅកាន់កាប់ ដោយតាំងប្រតិភូនៃរ៉េស៊ីដង់ប្រចាំខេត្ដបាត់ដំ​
បង (
Delegue au Resident de la province) ហើយប្រតិភូនេះ មើលកាន់កាប់ហូតពន្ធដារ ក្នុងការប្រកបអា​ជី
វកម្មយកត្បូងនេះ។ មិនតែប៉ុណ្ណោះ គេក៏រៀបធ្វើថ្នល់មកកាន់ទីប្រជុំជនបាត់ដំបង ជាថ្នល់ដែលមាននៅសព្វថ្ងៃ។
ប៉ុនែ្ដកាលនោះគេគ្រាន់តែយកពន្ធដារពុំបានគិតពីអ្វីៗ ជាឧត្ដមប្រយោជន៏ដល់អ្នកស្រុកភូមិភាគនេះទេ រហូតមក
ដល់សម័យសង្គមរាស្រ្ដនិយម ទើបទីប្រជុំជនប៉ៃលិនបានផ្លាស់ប្ដូរ រូបយ៉ាងឆាប់រហ័សនរណាខានទៅតែពីរឆ្នាំ
លុះទៅម្ដងទៀតស្ទើរតែពុំស្គាល់។ គេឃើញផ្ទះរាជការក៏ស្អាតៗ សង់ពីបាយអមានសាលារៀន មន្ទីរឃោសនា
ការផ្សាយ ក៏សុទ្ធតែធ្វើពីបាយអល្អៗដែរ។ ផ្ទះអ្នកផ្សារក៏រៀបរយ ល្អគួជាទីសមរម្យដូចទីប្រជុំជនធំៗដែរ។ អា​
ស្រ័យដោយការរៀបចំស្អាតយ៉ាងនេះ នាំឱ្យមានទេសចរណ៏ចេញចូលទៅទស្សនាលំហែរកាយ នៅទីនោះរឹតតែ
ច្រើនឡើង។ ដូច្នេះការចង់ដឹងចង់ឮពីប្រវត្ដិពង្សាវតារ នៃភូមិភាគនេះក៏រឹតតែច្រើនឡើងដែរ។ សេចក្ដីពណ៌នា
របស់យើងទាំងប៉ុន្មាននេះ ក៏គ្រាន់តែជាការឆ្លើយតបនឺងសេចក្ដីត្រូវការទាំងនេះឯង។ ប៉ុនែ្ដជាធម្មតាណាស់ នៅ
ស្រុកខ្មែរយើងតែពោលពីប្រវត្ដិត្រង់ណាមួយ ពិតជាកើតមានរឿងព្រេងផ្សំជាមួយការពិតមិនខាន។ បើទីណា
មានដើមកំណើតឆ្ងាយ រឿងព្រេងនោះក៏បែបយារឆ្ងាយ សឹងតែរកជឿមិនកើត ឯទីណាទើបនឹងកើតថ្មី រឿងព្រេង
ក៏ថ្មីលាយឡំការពិតចូលក្នុងនោះច្រើនទៀតដូចជា ភូមិភាគប៉ៃលិន ជាអាទិ៍ដោយសារតែប៉ៃលិនទើបតែកើតមាន ឈ្មោះមានបោះសម្លេងក្នុងរវាង គ.ស ១៨៨១ ប៉ុណ្ណោះ រឿងព្រេងនៅតំបន់នេះ ក៏ស្រដៀងៗនឹងរឿងមែនទែន
គ្រាន់តែមានលាយជំនឿព្រះឥន្ទ ទេវតា ខ្មោច អារក្ស អ្នកតា ចូលច្របល់ជាមួយផងប៉ុណ្ណោះ។

            យើងលើកយករឿងព្រេងភ្នំយ៉ាត មកអធិប្បាយដូចតទៅនេះ ៖ កាលណោះមានប្ដីប្រពន្គពីរនាក់ មាន
ឈ្មោះយ៉ាតដូចគ្នា គឺប្ដីក៏ឈ្មោះយ៉ាត ប្រពន្ធក៏ឈ្មោះយ៉ាតរស់នៅប្រកបរបរជីកត្បូងនៅស្រុកប៉ៃលិននេះ។ លុះ
ចាស់ជរាហើយគាត់ពុំអាចទៅធ្វើការធ្ងន់ៗដូចសព្វដងបាន គាត់ក៏ទៅធ្វើធម៌នៅលើ ភ្នំមួយ (ដែ់់់់លយើងហៅថា
វត្ដភ្នំយ៉ាតសព្វថ្ងៃ) ទាំងពីរនាក់ប្ដីប្រពន្ធ។ អ្នកផងក៏នាំគ្នាសន្មត់យកឈ្មោះគាត់ ធ្វើជាឈ្មោះ ភ្នំនេះឡើង ព្រោះ
ការសន្មត់នេះ គេពុំអាចនឹកនារកន័យយ៉ាងណាៗទេ គ្រាន់តែឱ្យស្រួលហៅ ស្រួលសម្គាល់ប៉ុណ្ណោះ ត្បិតនៅប៉ៃ​
លិនមានកំពូលភ្នំខ្ពស់ៗឡើងជាច្រើនកន្លែង ដូច្នេះបើទីណាមានភាពសម្គាល់ដូចមេ្ដច គេក៏នាំគ្នាសន្មត់យក តាម​​
ភិនភាគនោះធ្វើជាឈ្មោះឡើង។ នៅពេលនោះអ្នកស្រុកប៉ៃលិនខ្លះ ដែលធ្លាប់យកត្បូងទៅលក់ឯស្រុកសៀម
ញឹក​ញាប់ ហើយគេធូរធារប្រាក់កាសផង គេក៏ទិញកាំភ្លើងដៃខ្លះ កាំភ្លើងវែងខ្លះ សម្រាប់យកការពារទ្រព្យសម្បត្ដិ
ភូមិឋានរបស់គេ។ តែនៅពេលអផ្សុក អ្នកទាំងនោះតែងយកកាំភ្លើងទៅបាញ់សត្វពេញតែព្រៃ ដោយស្រុកនោះ
សម្បូរព្រៃស្ដុកៗណាស់ផង។ ការបរបាញ់សត្វនេះនាំឱ្យផ្អើលដល់ពពួកអារក្ស អ្នកតានៅក្នុងព្រៃនោះ។ ថ្ងៃមួយ
អ្នកតាមួយដ៏មានឬទ្ធិជាងគេ បានតំណែងខ្លួនមកជួបជាមួយតាយ៉ាត និង យាយយ៉ាត ដើម្បីផ្ដាំផ្ញើរឱ្យនិយាយ
នឹងពពួកអ្នកបាញ់ទាំងនោះថា កុំឱ្យដើរបាញ់ទៀតនាំពពួកអ្នកតាទាំងអស់ភ័យរត់ខ្ចាត់ខ្ចាយ កូនចៅវង្វេងវង្វាន់
គ្នាអស់ហើយ ដូច្នេះសូមឱ្យតែលែង បាញ់ចុះយើងនឹងជួយពួកនេះ ឱ្យរកឃើញត្បូងថ្មយ៉ាងថ្លៃៗ ឱ្យបានធ្វើអ្នក
មានច្រើនគ្នាឡើងៗ ប៉ុនែ្ដបើបានជាមានហើយ ត្រូវនាំគ្នាកសាងវត្ដមួយនៅលើទីកន្លែងភ្នំនេះ មិនតែប៉ុណ្ណោះត្រូវ
លេងភ្លេងរាំក្ងោករៀងរាល់ថ្ងៃសិលផង។ ផ្ដាំផ្ញើររួចហើយ អ្នកតាក៏អន្ដរធានខ្លួនបាត់ទៅវិញភ្លាម។ ឯយាយយ៉ាត
តាយ៉ាត ក៏នាំរឿងនេះទៅផ្សាយប្រាប់ពួក អ្នកស្រុកទាំងអស់ឱ្យដឹងគ្រប់គ្នា។ អ្នកស្រុកក៏ព្រមគោរពតាមបំណង
អ្នកតានោះរហូតមក។ នេះជារឿងមួយដែលទាក់ទងនឹង ភ្នំយ៉ាត ឯរឿងមួយទៀតដែលមានទាក់ទងនឹងឈ្មោះ
«ប៉ៃលិន» មានដោយឡែកផ្សេងទៅទៀត។ តាមអ្នកស្រុកឱ្យការណ៏ថាពាក្យ «ប៉ៃលិន» នេះក្លាយមកពីពាក្យ ភេ
លេង
ព្រោះមានគេនិទានរឿងដើម បញ្ជាក់ផងថាៈ កាលនោះមាន អ្នកប្រមាញ់ដេញតាមដានសត្វព្រៃចេះតែ
ឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថ្ងៃ ដែលគ្រានោះនៅជាព្រៃស្រោង មានវាលចន្លោះខ្លះត្រង់ប្រឡាយ
ទឹកដែលហៅថា «អូរ» មានអូរទុងជាដើម ក្បែរមាត់អូរនេះ អ្នកប្រមាញ់បានប្រទះ ឃើញសត្វភេកំពុងហែលទឹក
លុះឃើញមនុស្សមកដល់ ភេក៏រត់បាត់អស់ទៅ។ អ្នកប្រមាញ់ ចូលទៅមើលត្រង់កន្លែង ភេប្រឡែងគ្នានោះ ក៏
ឃើញដុំថ្មតូចៗ មានពន្លឺផ្លេកៗ ក៏នាំគ្នារើសយកម្នាក់មួយដុំទុក យកទៅបង្ហាញញាតិមិត្ដឯស្រុកខ្លួនវិញ។ លុះ
ទៅដល់ស្រុកមានអ្នកស្រុកនោះ (តាមនិយាយថាពូកកុឡា ដែលមករស់នៅខេត្ដចន្ទប៊ុន ស្រុកសៀម) ស្គាល់ថា
ថ្មនេះមានតំលៃគេក៏យកទៅវាយបំបែក រួចច្នៃជាត្បូងឡើង ក៏ឃើញថា មានទឹកល្អ។ កាលបើដូច្នេះក៏នាំគ្នា ទៅ
សួរទិញពីពួកប្រមាញ់នោះទៀត។ ពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយ ហើយក៏ព្យាយាមឆ្ពោះទៅយកថ្មនេះពី
កន្លែងមុនជាញឹកញាប់។ ការទៅមកញឹកញាប់នេះហើយទើបអ្នកទាំងនោះ សន្មត់ឈ្មោះទីកន្លែងត្រង់នេះថា
«កន្លែងភេលេង» ដោយយកតាមសភាពដែលគាត់បានប្រទះឃើញជាដំបូងនោះ។ ប៉ុនែ្ដដោយពួកទាំងនេះនៅ
ស្រុកសៀម ក៏អានពាក្យនេះក្លាយទៅតាមសម្លេងសៀមបន្ដិចទៅ គឺ «ភេ» ទៅជា »ផេ» ឯលេងទៅជា «ឡេន»
 ឬ «ឡិន» ដូច្នេះរូមមក ហៅថា «ផេឡិន» ។ លុះសម័យបារាំងទៅកាន់កាប់ តំបន់នេះគេសសេរឈ្មោះនេះជា
អក្សររ៉ូម៉ាំងតាមសម្លេងផង តាមរូបសាស្រ្ដពាក្យផងជា
PHAILIN
គឺ PH ជាអក្សរ ផ, AI ជាស្រៈ អេ, L ជាអ-
ក្សរល,
I ជាស្រៈ អិ នឹង N អក្សរ ។ ចំណេរតមក ដើម្បីកុំឱ្យពិបាកសរសេរ គេក៏ភ្ជាប់ លែងឱ្យមានសហសញ្ញា
Trait d’union ក៏ក្លាយទៅជា Phailin ហើយតៗមក ដោយបារាំងអានដោយគ្មានខ្យល់ អក្សរ H គេក៏លុប H
ចោលទៅ នៅសល់តែ
PAILIN ។ សេចក្ដីអធិប្បាយមកនេះ មានទំនងជាដើមកំណើតស្រុក (Monographie)
ជារឿងព្រេង ដើម្បីជាប្រយោជន៏ដល់ អ្នកស្រាវជ្រាវទៅពេលមុខៗទៀត ប៉ុនែ្ដមានទំនងខ្លះ ចង់ទៅជារឿងព្រេង
ដែរ ត្បិតមានលាយឡំជំនឿ ខ្មោច អារក្ស អ្នកតាជាមួយផង។ ការណ៏នេះយើងសង្ឃឹមថា លោកអ្នកអានណា
ចេះចាំរឿងព្រេងនៅភូមិភាគនោះវែងឆ្ងាយទៅទៀត ក៏សួមបញ្ជូន មកឱ្យយើងផងដើម្បីកែសម្រួលទៅលើកក្រោ
យ។

            (សម្រង់ពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)


Tuesday, January 28, 2014

រឿង បុរសកម្ជិលមានប្រពន្ធគ្រប់លក្ខណ៍



មានរឿង​ព្រេង​មួយ​ដំណាល​ថាៈ មាន​បុរស​កម្ជិលម្នាក់​ មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​ មាន​កិរិយា​មារយាទ​ល្អ​
ចេះ​​គោរព​ប្រណិប័តន៍​ប្ដី។ តាំង​ពី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​មក បុរស​កម្ជិលចេះ​តែ​ពី​ដេក​ ដល់​ឃ្លាន​បាយ​ ទើប​ក្រោក​​
ឡើង​ស៊ីៗ​ រួច​ដេក​ទៅ​វិញ​ សូម្បី​ថ្នាំ​ជក់​ក៏​ប្រពន្ធ​មូរ​ឲ្យ​ដែរ។ ប្រពន្ធ​ជា​មនុស្ស​គោរព​ប្រណិប័តន៍​ប្ដី​ មិន​មាន​ពាក្យ​​
អាក្រក់​ទៅ​លើ​ប្ដី​សោះ​ លើក​បាយ​ទឹក​និង​របស់​អ្វី​ឲ្យ​ប្ដី​ សុទ្ធ​តែ​សំពះ
, ដល់​ទៅ​យូរ​ទៅ​ មាន​សេចក្ដី​ក្រីក្រ​ខ្លាំង​
ណាស់​ នាង​នោះ​រក​អ្វី​ចិញ្ចឹម​ពុំ​បាន​សោះ​ឡើយ
, ថ្ងៃ​មួយ​នាង​រៀប​ស្លា​៥​ម៉ាត់​ បារី​៥​ចូល​ទៅ​ក្រាប​សំពះ​ប្ដី​ហើយ​
ថា «ខ្ញុំ​សុំ​ទោស​​​​អ្នក​ប្ដី​ ត្បិត​យើង​សព្វ​ថ្ងៃ​ក្រ​ណាស់​ យើង​មិន​បាន​រក​ស៊ី​ គ្មាន​ទទួល​ទាន​ទេ​ សុំ​ឲ្យ​អ្នក​ទៅ​កាប់​
ឈើ​ ធ្វើ​នង្គ័ល​ រនាស់​ធ្វើ​ស្រែ​នឹង​គេ​ ត្បិត​ដល់​រដូវ​ធ្វើ​ស្រែ​ហើយ » ។ ប្ដី​ថា​ «បើ​ដូច្នោះ​ ឲ្យ​នាង​ដាំ​បាយ​ វេច​ជា​
សំណុំ​ចុះ​ ប្ដី​នឹង​ទៅ​រក​កាប់​ឈើ​ធ្វើ​នង្គ័ល​ រនាស់ » ។ ប្រពន្ធ​ក្រោក​ពី​យប់​ដាំ​បាយ​ វេច​ជា​កញ្ចប់​ មាន​ទាំង​ដឹង​
ពូថៅ​ទៅ​ផង ។ បុរស​កម្ជិលដេក​ទាល់​តែ​ថ្ងៃ​រះ​ ប្រពន្ធ​ពុំ​ហ៊ាន​ដាស់​ ចាំ​ឲ្យ​ក្រោក​ខ្លួន​ឯង
, ដល់​ក្រោក​ហើយ​ ប្រ​
ពន្ធ​ដង​ទឹក​ ទៅ​លប់​មុខ​ឲ្យ​ រួច​ស្រេច​ នាង​ក៏​ហុច​ស្លា​បារី​ នឹង​បាយ​កញ្ចប់​ ព្រម​ទាំង​គ្រឿង​ប្រដាប់​ទៅ​ឲ្យ​ប្ដី ។ បុ​
រស​នោះ​ ក៏​ចុះ​ពី​លើ​ផ្ទះ​ទៅ​ ចូល​ក្នុង​ព្រៃ​រក​ឈើ
, បាន​ឃើញ​ឈើ​មួយ​ដើម​ មាន​មែក​សាខា​ម្លប់​ត្រជាក់​ ក៏​ដាក់​
បាយ​សំណុំ​ ដឹង​ ពូថៅ​ ហើយ​ដេក​គង​អន្ទាក់​ខ្លា​ មើល​ទៅ​លើ​និយាយ​តែ​ម្នាក់​ឯង​ថា « មែក​ឈើ​នេះ​ ត្រូវ​ធ្វើ​ជា​
ផ្នៀងនង្គ័ល
, មែក​នេះ​ត្រូវ​ធ្វើ​ជា​យាម, មែក​​នេះ​ត្រូវ​ធ្វើ​ជា​ដង​ មែក​នេះ​ត្រូវ​ជា​នឹម​ មែក​នេះ​ត្រូវ​ធ្វើ​ជា​រនាស់ ។
គ្រាន់​តែ​ដេក​ថា​ប៉ុណ្ណឹង​ ពេល​ឃ្លាន​បាយ​ក្រោក​ឡើង​ស្រាយ​បាយ​សំណុំ​ស៊ីៗ​រួច​ ដេក​ថា​ដូច​មុន​ទៀត
,ថ្ងៃ​រសៀ​-
ល​​ត្រឡប់​មក​ផ្ទះ​វិញ ។ ប្រពន្ធ​ឃើញ​រត់​ទទួល​យក​គ្រឿង​ប្រដាប់​ នាំ​ប្ដី​ឡើង​ទៅ​លើ​ផ្ទះ​ យក​ទឹក​លាង​ជើង​ឲ្យ​ប្ដី​
ហើយ​សួរ​ថា «អ្នក​ទៅ​បាន​ការ​ដូចម្ដេច​ខ្លះ
 ? ប្ដី​ថា​មិន​ទាន់​បាន​ទេ​នាង! ចាំ​ស្អែក​សឹម​ទៅ​ទៀត​ ដល់​កន្លែង​ដើម​​
ឈើ​នោះ​ហើយ
, រុក្ខ​ទេវតា​ដែល​អាស្រ័យ​នៅ​ទី​នោះ​ ឮ​បុរស​កម្ជិលថា​ដូច្នោះ​ ក៏​ភ័យ​ ខ្លាច​រក​កន្លែង​នៅ​គ្មាន​ ក៏​
គិត​គ្នា​នឹង​តាម​ទៅ​វាយ​សម្លាប់​បុរស​កម្ជិល​នោះ​ ឲ្យ​ស្លាប់​នៅ​មាត់​ជណ្ដើរ​ផ្ទះ​ កុំ​ឲ្យ​វា​មក​កាប់​ឈើ​នេះ​បាន ។ បុ​
រស​នោះ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ រុក្ខទេវតា​ តាម​មក​ដល់​មាត់​របង​ ឃើញ​ប្រពន្ធ​រត់​ទៅ​ទទួល​ប្ដី​ដល់​មាត់​ជណ្ដើរ​
យក​ទឹក​លាង​ជើង​ប្ដី ។ ដោយ​សិរី​សួស្ដី​ប្រពន្ធ​នោះ​ ទេវតា​ចូល​មិន​ចុះ​ មិន​ហ៊ាន​វាយ។ បុរស​នោះ​រួច​ពី​អន្ត​រាយ​
ក៏​ឡើង​ទៅ​លើ​ផ្ទះ​ ប្រពន្ធ​សួរ​ និយាយ​ដូច​មុន​ទៀត​ថា «បាន​សព្វ​​គ្រប់​អស់​ហើយ​ ព្រឹក​នឹង​ទៅ​កាប់ » ។ ទេវតា​
ភ័យ​ណាស់​ថា « បុរស​នោះ​ មុខ​ជា​កាប់​ហើយ​ព្រឹក​នេះ » ក៏​នាំ​គ្នា​មក​និយាយ​អង្វរ​ថា « សុំ​កុំ​កាប់​ឈើ​នោះ»។
បុរស​ថា «អញ​មិន​ព្រម​ទេ​ ព្រឹក​នេះ​អញ​ទៅ​កាប់​ហើយ » ។ ទេវតា​ភ័យ​ណាស់​ ក៏​នាំ​គ្នា​និយាយ​សូក​ ដោយ​
ប្រាប់​ទី​កន្លែង​កំណប់​មាស​ប្រាក់​ ឲ្យ​បុរសៗ​សួរ​ថា « ឲ្យ​កំណប់​ប៉ុន្មាន​កន្លែង
 ? » ។ ទេវតា​ថា​ពីរ​កន្លែង​ បុរស​
ថា «មិន​ព្រម​ទេ
, បើ​៤​កន្លែង​ទើប​ព្រម​ ហើយ​ឲ្យ​ដាក់​ឈើ​សម្គាល់​ឲ្យ​ផង »។ ទេវតា​ក៏​ព្រម​ធ្វើ​តាម​ កុំ​ឲ្យ​តែ​កាប់​​​
ដើម​ឈើ​នោះ ។ បុរស​ថា « បើ​ដូច្នោះ​ ខ្ញុំ​លែង​កាប់
, តែ​ថា​ព្រឹក​នេះ​ ខ្ញុំ​ទៅ​គាស់​កំណប់​នោះ​ហើយ »។ ទេវតា​
ថា « ទៅ​ចុះ​ខ្ញុំ​ដោត​ឈើ​សម្គាល់​ទុក​ឲ្យ »។ ព្រឹក​ឡើង​ប្ដី​ប្រពន្ធ​ នាំ​គ្នា​ទៅ​គាស់​កំណប់​ដែល​​ទេវតា​ឲ្យ
, ក្នុង​កំ​
ណប់​មួយ​ៗ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​ជញ្ជូន​បី​ថ្ងៃ​ បាន​សុទ្ធ​តែ​មាស​និង​ប្រាក់​ចាក់​គរ​ពេញ​ផ្ទះ។នាង​​​នោះ​ ក៏​រៀប​
ចំ​ដាក់​ហិប​ ដាក់​ឡាំង​ មិន​ឲ្យ​អ្នក​ណា​ឃើញ​ ហើយ​ក៏​ជួល​ជាង​ឲ្យ​ធ្វើ​គ្រឿង​ប្រដាប់​ លក់​ជា​ជំនួញ​រឹត​តែ​មាន​​​​
ឡើង​ៗ​ បាន​ជា​សេដ្ឋី​ មាន​មនុស្ស​កុះករ​មូល​មក​នៅ​ពឹង​ពាក់​ជា​ច្រើន​ រាប់​មិន​អស់ ។
ទ្រព្យ​គង់​ត្បិត​ស្រី​ ចេះ​សំចៃ​ទុក 
​ផ្ទះ​ធំ​ស្រណុក​ ត្បិត​ល័ក្ខណ៍​ស្រី​ជា

(ស្រង់ពីប្រជុំរឿងព្រេងខ្មែរ)


Monday, January 27, 2014

ភូតលើហោរ ចោរលើជាង


រាល់ពាក្យទំនាយគ្រូទាយប្រាប់
កុំឆាប់ជំនឿជឿងប់ងល់
តោងគិតពិចារ-ណាសម្គាល់
នូវរាល់សម្ដីគ្រូស្ដីថា។

គូ្រទាយខ្លះពោលបញ្ចូលចិត្ត (១)
ក៏ឥតមានឆ្គងម្ដងត្រង់ណា
ខុសឬត្រូវខ្លះច្បាស់ខាងថា
អ្នកស្ដាប់ខំហាមាត់ងក់ក្បាល។

ចោរនៅលើជាងឃ្វាងពីគ្នា
មិនមែនលួចទ្វារ,ដែកធ្ងន់ស្រាល
គឺលួចចំណុចចុចកណ្ដាល (២)
លើសខ្វះសម្រាលសម្រេចយក។

មួយហ៊ុនមួយលីស៊ីមិនដឹង
កាត់តក្រឡឹងអញ្ចឹងមក
ឃើញស្មើជាក់ស្ដែងកន្លែងលក
មិនផតមិនពកយកជាការ។

(១) ពាក្យបញ្ចេញបញ្ចូលមានត្រូវខ្លះខុសខ្លះនេះហើយ ដែលបុរាណាចារ្យ
លោកពោលថា គឺជាពាក្យភូត។ គ្រូទាយខ្លះ គឺនិយាយទៅតាមអ្វីដែលអ្នក
ទៅទាយប្រាប់តែប៉ុណ្ណោះ (គឺគ្រូ ទាយបណ្ដើរ សួរនេះសួរនោះបណ្ដើរ ហេតុ
នេះអាចដឹងព័ត៌ច្រើនអំពីខ្លួន)។ គ្រូទាយភាគច្រើន ចេះជំនាញចិត្តសាស្រ្ត
ខ្ពស់ បើពុំដូច្នេះទេនាពេលកន្លងមក គ្រូទាយមួយចំនួន មិនអាចបោកយក
ប្រយោជន៍ពីអ្នករងគ្រោះអស់មិនស្ទើរទេ។ ការជឿលើគ្រូទាយ ជាជំនឿរបស់
មនុស្សម្នាក់ៗ មិនមានការហាមឃាត់ទេ (ឯខ្លួនខ្ញុំផ្ទាល់ មិនជឿទេ)។

(២) ចាស់ពោលសំដៅលើជាងផ្ទះជាដើម។ បើសសរ រនង ឬផ្សេងៗ.. ដែល
វាវៀច វាជ្រៀង វាលើស វាខ្វះ (តិចតួច) ជាងតែងកែច្នៃសម្រេចសម្រួលវា
យកជាការតែម្ដង (ឧទា៖ «ហ៎! លួចខាងឆ្វេងបន្តិច, ខាងស្ដាំបន្តិចទៅត្រូវគ្នា
ហើយ...» «ឯងកាត់ចុងតំណផ្ទោងនេះ វាស្ទើរ ១ ហ៊ុនហើយ..ណើ្ហយ លួច
វាចេញបន្តិច ហើយវាយស្នៀតបិទភ្ជិតវាទៅបានហើយ កុំវែងឆ្ងាយ..» ជា
ដើម..។

រឿង កំពង់ខ្សាច់ស


នៅក្នុងឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្ដព្រៃវែង មានភូមិមួយដែលនៅខាងលិចភូមិគោកសណែ្ដក ចម្ងាយប្រមាណ
៣គ.ម គេហៅភូមិនេះថា «កំពង់ខ្សាច់ស»។ កាលពីដើមកំពង់ខ្សាច់ស ជាទីប្រជុំជននៃសាលាស្រុកបាភ្នំ។ដោយ​​
ទឹកជន់លិចជាញឹកញាប់ពេក រាជការក៏រើសាលាស្រុកអំពីកំពង់ខ្សាច់ស ទៅដាក់នៅឃុំឈើកាច់វិញ។ កំពង់ខ្សាច់
សដែលស្ថិតនៅជាប់នឹងមាត់បឹងដ៏ធំមួយ ដែលមានទឹកខួបប្រាំងខួបវស្សា ព្រមទាំងសម្បូណ៌ដោយមច្ឆាជាតិផង​
។ នៅខែវស្សា បឹងខ្សាច់ស មានទឹកល្ហល្ហាចប្រៀបបាននឹងបឹងទន្លេសាបនារដូវប្រាំង ប៉ុនែ្ដនៅរដូវប្រាំងបឹងនេះរូម
មកនៅតូចវិញ។ មុនឆ្នាំ១៩៥០ «កំពង់ខ្សាច់ស» ជាផ្សារមួយយ៉ាងធំមធ្យម ប្រកបដោយសេចក្ដីសប្បាយរុងរឿង
ប៉ុនែ្ដដោយស្រុកមានអសន្ដិសុខក្នុងសម័យនោះ អ្នកផ្សារក៏នាំគ្នារត់ឡើងទៅនៅឯគោគសណែ្ដកខ្លះ ទៅនៅពាម​
រក៍អស់ខ្លះទៅ។ សព្វថ្ងៃកំពង់ខ្សាច់ស ក្លាយជាភូមិអ្នកស្រុកធម្មតា។
បានជាគេហៅថា «កំពង់ខ្សាច់ស» ដោយមានរឿងព្រេងដែលចាស់ៗនិទានតៗមកថាៈ ក្នុងអតីតកាលយូរ
អង្វែង​ណាស់មកហើយ ឮថាមានក្រពើឈ្មោលមួយនៅឯភ្នំជើងម៉ីដែង ក្នុងស្រុកកូសាំងស៊ីន មានមហិទ្ធិឫទ្ធិខ្លាំង
ពូកែណាស់ អាចកាឡាខ្លួនជាមនុស្សក៏បាន ជាលោកសង្ឈក៏បាន។ ថ្ងៃមួយក្រពើនេះ បានកាត់មករកប្រខាំគ្នានឹង
ក្រពើមួយទៀតនៅទន្លេហោះហៀវ ក្នុងឃុំកំពង់ភ្នំ ស្រុកលើដែក (កណ្ដាល) លុះមកដល់ពាម (បាណាម) ដែល
មានទន្លេដែលបែកជាបី ក្រពើនោះរកទន្លេហោះហៀវមិនឃើញ។ ត្រង់នេះគេសន្មត់ហៅថា «ពាមរក៏» រហូតមក
ដល់សព្វថ្ងៃ។ ពេលនោះក្រពើក៏បានឃើញទូកតា និងយាយពីរនាក់ ដែលកំពង់អុំធ្វើដំណើរទៅកំពង់ភ្នំ ក្រពើក៏
កាឡាខ្លួនជាភេទលោកនេន សុំដោយសារទូកតានឹងយាយនោះទៅ។ ក្នុងពេលដែលតានឹងយាយកំពុងអុំទូក
លោក​នេន ក៏សួរតាថាត្រង់ណាគេហៅថាទន្លេហោះហៀវ
? តាឆ្លើយថាបន្ដិចទៀតដល់ហើយ។ អើបើដល់ហើយ
សូមតាប្រាប់អាត្មាផង។ «មិនអីទេចាំករុណាទូលពុទ្ធដីកា»។ លុះតានិងយាយ អុំទូកដល់ទន្លេហោះហៀវ ក៏ប្រាប់​
ថា៖ ត្រង់នេះហើយហៅថាទន្លេហោះហៀវលោកចៅ!
។កាលដែលបានដឹងថាទន្លេហោះហៀវហើយ លោកនេន​​
ក៏កាឡាខ្លួនជាក្រពើភ្លាម លោតចុះទៅក្នុងទឹកភ្លុងបានជួបនឹងក្រពើហោះហៀវនោះ ក៏ចាប់ប្រខាំគ្នាយ៉ាងសម្បើម​
អស្ចារ្យ ដល់ទីបំផុតក្រពើនៅជើងភ្នំម៉ីដែងត្រូវក្រពើហោះហៀវខាំដាច់កន្ទ្ទុយ និងខាំត្រូវកន្លែងឯទៀតយ៉ាងដំណំ​
។ ក្រពើត្រូវរបួសក៏ហែល លាក់ខ្លួនពួនអាត្មាក្នុងបឹងមួយនៅខាងកើតពាមរក៏។ លុះដល់មនុស្សគេឃើញក្រពើកំ​
បុតកន្ទុយនៅក្នុងបឹងនោះ គេក៏សន្មត់នាមបឹងនោះហៅថា «បឹងក្រពើកំបុត» រហូតដល់សព្វថ្ងៃ។ លុះភៀសខ្លួន
ផុតពីអាសន្នធំហើយ ក្រពើនោះក៏វារលូនប្រាថ្នានឹងវិលទៅលំនៅខ្លួនឯជើងភ្នំម៉ីដែងវិញ ដើម្បីនឹងឱ្យបានជួបប្រ​
ពន្ធកូន ប៉ុនែ្ដជាអកុសលលូនមកដល់វាលខាងកើតបឹងនោះ ដែលសព្វថ្ងៃហៅថា «ខ្សាច់ស» ក៏ដាច់ខ្យល់ស្លាប់
ទៅ។ អ្នកស្រុកនាំគ្នាអារយកសាច់ហើយចម្រាញ់យកខ្លាញ់។ដោយហេតុតែក្រពើនោះមានឫទ្ធីអំណាច អ្នកស្រុក
មិនហ៊ានអាស្រ័យ ក៏យកទៅចាក់ចោលនៅវាលខ្សាច់។ សាច់ក្រពើនោះស ក៏សន្មត់ហៅទីនោះថា «សាច់ស»
ដល់​យូរៗទៅហៅក្លាយមកថា «ខ្សាច់ស»។ ខ្លាញ់ក្រពើដែលគេចម្រាញ់បាននោះ គេយកទៅចាក់ចោលនៅបឹង
មួយធំក្នុងឃុំពាមរក៏ ស្រុកពាមរក៏ ហើយសន្មត់ហៅបឹងនោះថា «បឹងចាក់ខ្លាញ់» ទាំងភូមិ និងវត្ដនៅក្បែរមាត់បឹង
នោះក៏ហៅថា «ភូមិចាក់ខ្លាញ់ វត្ដចាក់ខ្លាញ់ដែរ» រហូតដល់សព្វថ្ងៃ។ ចំណែកក្រពើញី កាលបើបាត់ប្ដីយូរពេក
មិនឃើញត្រឡប់ទៅវិញ ក៏លាកូនមកតាមប្ដី។ លុះមកដល់ពាក់កណ្ដាលផ្លូវ បានដឹងថាប្ដីស្លាប់ទៅហើយ ក៏ទ្រោម
ពួនស្លាប់ខ្លូននៅទីនោះទៅ ខ្មោចក្រពើញីនោះឯង ក៏ក្លាយជាថ្មដោយអំណាចឫទ្ធី។ កន្លែងនោះ អ្នកស្រុកសន្មត់
ហៅថា «ថ្មក្រពើទ្រោម» រហូតដល់សព្វថ្ងៃ។ ឯកូនក្រពើទៀតសោត កាលបើបាត់មេបាយូរពេក មិនឃើញត្រឡប់
មកវិញ ក៏តាមមកទៀត មកដល់ពាក់កណ្ដាលផ្លូវក៏បានដឹងថា មេ និង បាខ្លួនស្លាប់អស់ហើយ ក៏ក្រាំងខ្លួនស្លាប់
នៅទីនោះទៀតទៅ ទីក្រាំងខ្លួននោះ ក៏ក្លាយទៅជាថ្មដោយអំណាចឫទ្ធិដែរ។ ត្រង់នោះអ្នកស្រុក ហៅថា «ភូមិថ្ម
ក្រាំង
» ហៅក្លាយមកទៀតថា «ភូមិថ្មទ្រាំង» រហូតសព្វថ្ងៃនេះ។ ចម្ងាយពីថ្មក្រពើទ្រោមទៅភូមិថ្មទ្រាំង ប្រមាណ១
គ.ម នៅ ខាងកើតឆៀងអាគ្នេយ៍ផ្សារគោកសណែ្ដក ក្នុងឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្ដព្រៃវែង។
ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ


Saturday, January 25, 2014

រឿង អ្នកតាឃ្លាំងមឿង



                     ក្នុងអតីតកាលកន្លងទៅក្នុងរាជ្យព្រះចន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែក (គ.ស. ១៥០២) កាលជាន់នោះ ស្រុក ខ្មែរជាស្រុកចំណុះសៀមនៅឡើយ តែងនាំសួយសារអាករឡើងទៅស្រុកសៀម ព្រះចៅសៀមចាត់ព្រះរាជបុត្រមួយ ព្រះអង្គមាននាមមិនប្រាកដ ឱ្យមកនៅស្រុកខ្មែរ ដើម្បីមើលការខុសត្រូវធ្វើ្វ្វជាអ្នកត្រួតត្រាខាងពន្ឋអាករគ្រប់យ៉ាង ក្រែងស្ដេចស្រុកខ្មែរមានចិត្ដមិនត្រង់ បំបាត់សួយសារអាករ យកទៅមិនអស់ ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់ មានចិត្ដមិនត្រង់នឹងរាជការដោយប្រការណាមួយ ទើបប្រើព្រះរាជបុត្រពេញព្រះហឬទ័យ មកនៅដើម្បីជំនួសព្រះ នេត្រព្រះអង្គ ចំណែកព្រះរាជបុត្រមានចិព្ចាឹមសត្វត្មាតមួយ ត្មាតនោះមានមារយាទចេះដឹងប្រហែលមនុស្ស ជា សត្វខុសពីសត្វដទៃធម្មតា ចេះស្រឡាញ់ម្ចាស់ ប្រើនាំសារទៅមករវាងស្រុកខ្មែរ និងស្រុកសៀមបានដោយស្ងាត់ ។ ថ្ងៃមួយ ព្រះចន្ទរាជាព្រួយព្រះទ័យថា ព្រះចៅលោកមិនទុកព្រះហឬទ័យនឹងយើងហើយ បានជាលោកចាត់ព្រះរាជ បុត្រឱ្យមើលការផ្ទាល់ ណាមួយព្រះរាជបុត្រនោះ មានការរំលោភបៀតបៀន មិនមានសេចក្ដីកោតក្រែង បង្គាប់ឱ្យ នាំសួយសារឡើងនគរខ្លួនហួសហេតុ ទ្រង់តូចព្រះហឬទ័យខ្លាំង អត់ទ្រាំពុំបាន ក៏បង្គាប់ពួកពេជ្ឃឃាត ឱ្យចាប់រាជបុត្រ ស្ដេចសៀមយកទៅសម្លាប់ចោលក្ម្នុងព្រៃពេលយប់។ ឯសត្វត្មាត លុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វា។ ហើរចុះ ហើរឡើង រកឃើញខ្មោចនៅក្នុងព្រៃ ត្មាតឃើញព្រះទម្រង់ វាស្គាល់ច្បាស់ជាម្ចាស់វា ក៏ចឹកញំព្រះទម្រង់ទៅ ស្រុកសៀមថ្វាយព្រះបិតា ។ ព្រះចៅទតឃើញព្រះទម្រង់ ទ្រង់យល់ថា ព្រះរាជបុត្ររបស់ព្រះអង្គ ដល់ទីវង្គត់ហើយ រឿងនេះពិតជាស្ដេចស្រុកខ្មែរសម្លាប់។ ទ្រង់ក្រោធខ្លាំងណាស់ កោះប្រជុំពួកសេនាបតីមួយរំពេច មានព្រះបន្ទូលប្រាប់ តាមរឿង រួចបង្គាប់ឱ្យលើកទ័ពមកសងសឹកស្ដេចខ្មែរវិញ ហើយមានព្រះបន្ទូលថា ត្រូវតែសម្លាប់ព្រះចន្ទ័រាជាព្រមទាំង ញាតិសាច់សាលោហិត ទាំងពួកសេនាបតី ហើយរឹបជាន់យកទ្រព្យសម្បត្ដិ និងកៀរពួកបណ្ដារាស្ដ្រមកស្រុកសៀមកុំឱ្យ សល់ ។ ពួកកងទ័ពក៏ចេញមកដល់បន្ទាយលង្វែក ចូលឡោមព័ទ្ឋចាប់ព្រះចន្ទ័រាជាសម្លាប់ ព្រមទាំងព្រះញាតិ។ ចំណែក ព្រះម្នាងប៉ែន ជាស្នំ ក៏ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយ និងសេនាបតីមឿង ព្រមទាំងភរិយានិងបុត្រ៤នាក់ទៀត ។ ពួកកងទ័ពសៀម កៀរមនុស្សអំពីស្រុកខ្មែរ ដោយទាំងព្រះម្នាងទៅជាមួយផង ទាំងព្រះរាជទ្រព្យមានវិញ្ញាណ និង ឥតវិញ្ញាណ ។ ចំណែកមេដំរីសមួយ ឈ្មោះជំទាវប៉ាលហៃ មានកូននៅក្នុងពោះ ដែលជាព្រះទីនាំង ដ៏ប្រសើរ ក៏ត្រូវកងទ័ពសៀមកៀរយកទៅដែរ។ ពួកសៀមជាន់នោះមានសេចក្ដីព្យាបាទធ្វើបាបខ្មែរអស្ចារ្យណាស់ ចាប់មនុស្ស ដោតស្លឹកត្រចៀក ដឹកយកទៅដូចសត្វធាតុ ស្រីណាមានកូនខ្ចីចាប់ច្រកការុងឱ្យដំរីជាន់ វៀរលែងតែមានកូននៅក្នុង ពោះ។ លុះទៅដល់ស្រុកសៀម នាំសេចក្ដីទៅថ្វាយព្រះចៅដោយសព្វគ្រប់។ ដោយសេចក្ដីសងសឹកបានសម្រេចដូចប្រាថ្នា ព្រះចៅទ្រង់បង្គាប់ឱ្យយកពួកខ្មែរទាំងអស់ទៅនៅមួយក្រុមជិតក្រុង ហើយសន្មតឱ្យឈោ្មះថា ក្រុមខ្មែរអ្នកគ្រួរ។ ព្រះម្នាង ប៉ែន ហាក់ជាស្រីមានបុណ្យវាសនា ទុកណាជានាងទទួលគ្រោះថ្នាក់ដោយសៀមយកទៅយ៉ាងហ្នឹងក៏ដោយ នាងគង់នៅជាស្រីប្លែកអំពីស្រីឯទៀតៗ ។ ដោយអំណាចកូនដែលនៅក្នុងគ៌ភ ជាកូនមានឥទ្ធិឬទ្ឋិមានបុណ្យ ក៏បណ្ដាល ឱ្យអ្នកផងជិតខាង មានចិត្ដទោរទន់រាប់អានស្រឡាញ់ ជួយឧបត្ថម្ភយកអាសារនាងគ្រប់យ៉ាង ។ លុះនាងមានគភ៌គ្រប់ ខែ ក៏ប្រសូតបុត្រមកដោយសុខសប្បាយ អ្នកជិតខាងទាំងប្រុសទាំងស្រី ជួយថែទាំផ្ដល់ទឹកក្ដៅទឹកត្រជាក់ អ្នកណាក៏ មកមិនមានខាន ដោយអំណាចគុណបុណ្យតេជៈបារមីនៃទារកនោះ។ លុះប្រសូត្រ បាន៣ថ្ងៃ ពួកក្រុមញាតិមូលមាត់គ្នា ឱ្យឈ្មោះកូននោះថា ឧទេន ។ ចំណែកមេដំរីដែលជាព្រះទីនាំង ក៏កើតកូនក្នុងថ្ងៃដំណាលទារកនោះដែរ តែមេដំរីនោះ ផ្ដាច់ខ្សែទន្លឹង ទៅកើតកូននៅក្នុងព្រៃឆ្ងាយ លាក់មិនឱ្យអ្នកណាដឹងឡើយ ដ៏រាបដល់៣ថ្ងៃទើបនាំកូនមកកាន់ទីកន្លែង ដើមវិញ ។ កូនដំរីនោះ មានពណ៌សម្បុរ ព្រមទាំងរូបរាងល្អប្លែកអំពីដំរីធម្មតា អ្នករក្សាដំរីនាំដំណឹងទៅក្រាបទូលព្រះ ចៅគ្រប់សព្វ ព្រះចៅពេញព្រះហឬទ័យណាស់ ។ ដំណាលពីកុមារឧទេន លុះបានអាយុប្រាំឆ្នាំ ដឹងសេចក្ដីខុសត្រូវខ្លះ នឹកភ្នករកបិតា សួរមា្ដយថា ឪពុកខ្ញុំទៅឯណា ពុំដែលឃើញក្មេងឯទៀតមានម្ដាយ-ឪពុក ខ្ញុំមិនឃើញមានឪពុកដូច គេ?” មា្ដយកាលបើឮកូនសួរដូច្នោះ នាងណែនក្នុងទ្រូងអួលអាក់ខ្លោចផ្សា និយាយប្រាប់កូនមិនរួច ក៏និយាយបន្លែបន្លប់ កុំឱ្យកូនសួរទៀត ពីព្រោះខ្លាចក្រែងរឿងនោះមិនជិតដឹងទូទៅ នឹងដល់នូវសេចក្ដីអន្ដរាយនៃជីវិត។ កូនចេះតែសួរ ញយៗ នាងក៏និយាយបង្វេះពង្វាងមិនឱ្យសួរបានដ៏រាបដល់កូននោះ អាយុ១២ឆ្នាំ ។ ថ្ងៃមួយនាងនឹកថា កូននេះខាន ប្រាប់ពុំបាន ក៏នាំកូនទៅកាន់ទីស្ងាត់តែពីរនាក់ ដំណាលរឿងរ៉ាវតាំងពីដើមដល់ចុង កូនស្ដាប់បានយល់សេចក្ដីសព្វគ្រប់ ប្រាប់ម្ដាយឱ្យអត់ទ្រាំសិនចុះ កូននិងគិតរកមធ្យោបាយមួយ ដើម្បីនឹងវិលទៅនគរវិញ ។ ចំណែកកុមារឧទេន ចាប់តាំង ពីថ្ងៃដែលបានស្ដាប់ពាក្យម្ដាយមក ក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់បែបយ៉ាង មានអក្សរជាដើម ឧទេនជាកុមារឆ្លាតវាងវៃ អង់អាចប្លែកអំពីកុមារធម្មតា ។ ថ្ងៃមួយកុមារឧទេនចូលទៅសេពគប់នឹងពួកហ្មដំរី សុំខ្លួនជាអ្នកបម្រើបោសច្រាសរោង ដំរី ដើម្បីរៀនវិជ្ជាខាងហ្មដំរីឱ្យស្ទាត់ ថ្ងៃមួយព្រះចៅស្ដេចយាងមកទតរោងដំរី ឃើញកុមារនោះជួយធ្វើនេះធ្វើនោះ ដោយយកចិត្ដទុកដាក់ រហ័សរហួនវាងវៃ មានព្រះបន្ទូលសួរថា ក្មេងនេះមកពីណា ហ្មដំរីក្រាបទូលតាមដំណើរដោយ សព្វគ្រប់ ទ្រង់ពេញព្រះហឬទ័យ មានព្រះបន្ទូលប្រាប់ថា ចូរមើលក្មេងនេះផង។ ចាប់ផ្ដើមពីថ្ងៃនោះមក កុមារខំយក ចិត្ដទុកដាក់ធ្វើការដោយហ្មត់ចត់ បោសប្រមូលអាចម៏ដំរី ដុតបំពក់ជាជីរ ដើម្បីយកទៅដាំស្ពៃ ស្ពៃក៏មានគុម្ពធំប្លែក ចម្លែកពីស្ពៃ អ្នកស្រុកធម្មតា ។ លុះស្ពៃនោះធំល្មមដក កុមារឧទេន ដកយកទៅលាងយ៉ាងស្អាតរែកយកទៅថ្វាយ ព្រះចៅ ទ្រង់ទតឃើញមានព្រះបន្ទូលថា នែ ! កុមារឯងបានស្ពៃនេះមកពីណា ប្លែកពីស្ពៃធម្មតាកុមារក្រាបទូល តាមដំណើរសព្វគ្រប់ ព្រះចៅទ្រង់ប្រទានរង្វាន់ និងមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរី ។ ដំរីជាកូនមេដំរីឈ្មោះ ជំទាវប៉ាលប៉ៃ ដែលជាទីនាំងដ៏ប្រសើររបស់ព្រះចៅក៏ស្រាប់តែចុះប្រេង មានកិរិយាខុសប្រក្រតីកាចសាហាវមិនព្រម ស្ដាប់បង្គាប់ ព្រិចហ្មស្លាប់មិនមានអ្នកឯណាមួយអាចដឹកបាន ថែមទាំងធ្វើបាបអ្នក ស្រុកបោចរោចផ្ទះសម្បែងផ្អើល ជ្រួលច្របល់រត់ខ្ចាត់ខ្ចាយចោលទីលំនៅរៀងៗខ្លួន ។ ពួកអ្នកគង្វាលដំរីនាំសេចក្ដី ទៅទូលព្រះចៅៗទ្រង់ចាត់ការឱ្យ ស៊ើបសួររកអ្នកណាដែលអង់អាចក្លាហានហ៊ានទៅចាប់ដំរីនោះបាន ។ ពេលនោះ កុមារឧទេនឆ្លើយថា ខ្ញុំហ៊ានទទួល ចាប់ដំរីនោះបាន ទើបទ្រង់ប្រគល់ការទៅកុមារឧទេន ចាត់ការយ៉ាងណាឱ្យ តែចាប់បានព្រះទីនាំងនោះ។ ឧទេនបង្គាប់ ឱ្យប្រមូលដំរី៥០០មក ដើម្បីនឹងរើសយកដំរីណាគួរយកមកធ្វើធ្នាក់បាន ទើបរើសយកមេដំរីសឈ្មោះ ជំទាវប៉ាល់ប៉ៃ ពេលចេញទៅចាប់ កុមារឧទេនបង្គាប់ឱ្យរៀបពីធីបួងសួងសែនព្រេនអឹកអធិក ។ អ្នកស្រុក ផ្អើលមកមើលអឺងកង ពាសពេញមីរដេរដាស់ លុះសែនព្រេនរួច កុមារឧទេនបង្គាប់ឱ្យយកចេក៣ស្និត អំពៅ៣បាច់ ពេលទៅដល់ព្រះទីនាំង ស្ទុះមករកហាក់ដូចជាប្រុងនិងព្រិច តែបែរជាក្រាបថ្វាយបង្គំវិញ ដោយអំណាចតេជៈបុណ្យ បារមីនៃឧទេនៗនិយាយ ទូន្មានប្រដៅថា ទីនាំងឯងតាំងពីថ្ងៃនេះទៅ លះបង់មារយាទអាក្រក់ចេញទៅ ត្រូវធ្វើឱ្យ ស្លូតល្អដូចពីដើម ឱ្យចេក និងអំពៅស៊ីរួចនិយាយថា ឯងទៅតាមយើង ថាតែប៉ុណ្ណោះស្រាប់តែដំរីដើរតាមទៅដោយស្រួល ឥតបាច់ចាប់ចងអ្វី ឡើយ ហាក់ដូចជាហ្មចាស់យូរមកហើយ ។ ចាប់ដើមតាំងពីថ្ងៃដែលទៅយកព្រះទីនាំងមក ព្រះចៅទ្រង់ប្រទានរង្វាន់ ឱ្យឧទេន និិងប្រទានងារថា ជ័យអស្ចារ្យជាសេនាខាងទ័ពដំរី និងខាងទាក់ដំរីព្រៃ។ ពួកអ្នករាជការទទួលស្គាល់ខ្លាច អំណាចឧទេនថាជាអ្នកមោះមុតស្ទាត់ ជំនាញខាងហ្មដំរី សូម្បីតែពេលចេញទាក់ដំរីព្រៃម្ដងៗមិនចាំមានគ្នាច្រើនប៉ុន្មាន ក៏ទៅទាក់បានដែរ ហាក់ដូចជា ហៅមកបាន ព្រះចៅទ្រង់ពេញចិត្ដ និងទុកព្រះហឬទ័យលើជ័យអស្ចារ្យ ប្រហែលគ្នានឹង ព្រះរាជបុត្ររបស់ព្រះអង្គ ។ លុះដល់អាយុ១៦ឆ្នាំ ជ័យអស្ចារ្យភ្នកនឹកដល់បំណងដើម ក៏រំពឹងគិតរកឧបាយណាមួយ នឹងដោះខ្លួនចេញអំពីកណ្ដាប់ដៃសៀម ហើយទៅនៅស្រុកខ្មែរ សោយរាជ្យស្នងព្រះបិតា និងនាំយកមនុស្សពីស្រុក សៀមទៅស្រុកខ្មែរវិញ ព្រមទាំងទ្រព្យសម្បត្ដិមានវិឭាាណ ឥតវិឭាាណ ទៅឱ្យអស់អំពីស្រុកសៀម ឱ្យបានសម្រេចដូច សេចក្ដីបំណង ។ ទើបដើរនយោបាយចាត់មនុស្ស១៥នាក់ ដែលជាមនុស្សទុកចិត្ដស្និទ្ឋស្នាលដូចបងប្អូនបង្កើត ធ្វើជាល និងឈើជើងដំរីឱ្យយកជាលច្រកអាចម៏ដំរីញត់ឱ្យណែន ទុកឱ្យស្ងួតចាក់រាយតាមស្ទឹង ឬផ្លូវយកឈើជើងដំរីដើរសង្កត់ ជាស្នាមដានដូចជាដំរីដើរមែនៗ ដើម្បីឱ្យអ្នកស្រុកឃើញ ហើយនាំពត៌មាននោះក្រាបទូលព្រះចៅៗនឹងទ្រង់ចាត់ឱ្យ សេនាជ័យ អស្ចារ្យខ្លួន ទៅតាមទាក់មិនខាន ម្យ៉ាងទៀតដើម្បីឱ្យពលដែលព្រះចៅចាត់ឱ្យទៅជាមួួយជឿជាក់ក្នុងចិត្ដ ថា ជាដានដំរីពិតមែន ។ ចំណែកអ្នកស្រុក លុះឃើញដានជើងដំរី និងអាចម៏ធំៗ អណ្ដែតតាមទឹកមកដូច្នោះក៏នាំ សេចក្ដីនោះទៅក្រាប ទូលព្រះចៅៗទ្រង់ប្រើជ័យអស្ចារ្យ ឱ្យទៅតាមទាក់ដំរីព្រៃដែលមានដានជើងធំនោះ។ ជ័យអស្ចារ្យក្រាបទូលថា សូមព្រះមេត្ដាប្រោស បើទ្រង់សព្វព្រះទ័យ ចង់បានដំរីធំបែបនោះ លុះតែមានគ្នាច្រើន នឹងដំរីធ្នាក់ដ៏ច្រើន ហើយ ឱ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប៉ុន្មាន ស្ដាប់បង្គាប់ទូលបង្គំ ទើបធ្វើការនោះបាន ពេលចេញទៅសូម ព្រះអង្គមេត្ដាអនុឭាាតឱ្យធ្វើពីធីបួងសួងផងឱ្យមានជោគជ័យ។ ព្រះចៅទ្រង់អនុឭាាតគ្រប់សំណូម ពរ ប្រគល់ការនោះឱ្យជ័យអស្ចារ្យតាមត្រូវការ ធ្វើបែបណាៗស្រេចនៅលើជ័យអស្ចារ្យចុះ។ លុះរៀបធ្វើពិធីរួច ព្រះចៅប្រទានព្រះខ័ន សឹកឱ្យអំណាចពេញ បើឈ្មោះណាមិនស្ដាប់បង្គាប់ត្រូវសម្លាប់បាន។ លុះចេញទៅបានចំនួន ១៥ថ្ងៃ ដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរ ជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថា សូមទ្រង់មេត្ដាប្រោស ទូលបង្គំជាខ្ញុំតាមទាក់ដំរីនោះ កាន់តែឃើញដានកៀកហើយ តែអស់ស្បៀង សូមព្រះអង្គមេត្ដាប្រោសព្រះរាជទាន បព្ចាូនមកឱ្យឆាប់ ដើម្បីនឹងធ្វើការឱ្យបានសម្រេចដូចបំណង ។ ព្រះចៅទ្រង់ព្រះរាជទានតាមសេចក្ដីសុំដោយរួសរាន់ ដោយបំណងចង់បានដំរីនោះពេកភ្លេចគិតអំពីការបង់ខាតព្រះរាជទ្រព្យ ឬសង្ស័យដោយហេតុណាមួយឡើយ ។ ជ័យអស្ចារ្យ លុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅ ក៏បន្ដដំណើរទៅទៀតចំនួន៥ថ្ងៃក្រោយ មកក៏បានដល់ស្រុក បាត់ដំបងដែលជាដីខ្មែរ មានអ្នកស្រុកជិតឆ្ងាយគ្រប់តំបន់រត់មកចុះចូលថ្វាយខ្លួនជាពលសេនា ព្រមទាំងសេនាចាស់ម្នាក់ ធ្លាប់បំរើព្រះវរបិតាឈ្មោះមឿង និងកូនប្រុស៤នាក់ បានចូលមកថ្វាយខ្លួនដែរ ក៏មានមនុស្សច្រើនល្មមតទល់នឹង ព្រះចៅសៀមបាន។ ជ័យអស្ចារ្យក៏សរសេរសំបុត្រចងនឹងកដំរី ប្រើឱ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែរ រួចចងកូនជំទាវ ប៉ាល់ប៉ៃទៅទទួលម្ដាយ។ មេដំរីទៅដល់ទីកន្លែងម្ដាយ ពេលពាក់កណ្ដាលអធ្រាត្រ មេដំរីវាទម្លាក់បំពង់៣ដង ម្ដាយ ភ្ញាក់នឹកស្មានថាកួនត្រឡប់មកវិញ ក៏អុជភ្លើងបំភ្លឺមើល តែមិនឃើញកូន ឃើញតែសំបុត្រ មើលដឹងសេចក្ដីសព្វគ្រប់ រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ ខំស្រួតឱ្យជួបនឹងកូននៅស្រុកបាត់ដំបង ។ ទើបជ័យអស្ចារ្យប្រកាសខ្លួនឱ្យ អ្នកស្រុកដឹងច្បាស់ថា ខ្លួនហ្នឹងហើយជាព្រះរាជបុត្ររបស់ព្រះចន្ទរាជា គង់នៅបន្ទាយលង្វែក ឥឡូវនេះវិលមកគ្រង រាជ្យស្នងព្រះបិតា។ រឿងនេះមិនបាត់ស្ងាត់ ជ្រាបដល់ព្រះចៅសៀម ទ្រង់ពិរោធយ៉ាងខ្លាំងពន់ពេក និងតូចព្រះទ័យ ក្រៃលែង ទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់ថា ជ័យអស្ចារ្យ ប្រើឧបាយកលបោកបព្ឆោាត យកព្រះខ័នសឹកព្រមទាំង ទ្រព្យមានវិញ្ញាណ ឥតវិញ្ញាណ រត់ទៅស្រុកខ្មែរ ហេតុនេះត្រូវលើកទ័ពតាមទៅដណ្ដើមយកមកវិញឱ្យបាន ហើយចាប់ ជ័យអស្ចារ្យសម្លាប់ឱ្យផុតពូជព្រះចន្ទរាជា ព្រមទាំងពួករាជការទាំងប៉ុន្មានកុំឱ្យសល់។ ជ័យអស្ចារ្យ បានដំណឹងច្បាស់ថា ព្រះចៅលើកទ័ពមកតាមដូច្នោះ ទ្រង់ជំនុំនឹងសេនាបតីថា ឥឡូវពលសេនាយើង និងគ្រឿងអាវុធយុទ្ឋភ័ណ្ឌរបស់យើង ពុំបរិបូណ៌ តើអ្នករាល់គ្នាគិតរកឧបាយកលបែបណាឱ្យមានជ័យជំនះពេលនេះ សេនាទាំងអស់មិនមានអ្នកណាមួយ ហ៊ានឆ្លើយទទួលធានាអះអាងសោះ មានតែសេនាមឿង ឆ្លើយធានាអះអាង ហ៊ានតទល់នឹងទ័ពសៀម ដោយឧបាយ មួយដ៏ចំលែក គឺហ៊ានប្ដូរជីវិតដើម្បីនឹងទៅកែនពលខ្មោច ធ្វើជាទ័ពច្បាំងនឹងពលសៀម។ ទើបបង្គាប់ឱ្យជីករណ្ដៅទំហំ ៤ម៉ែត្រ ៤ជ្រុង ជម្រៅ៤ម៉ែត្រ រួចឱ្យដាក់គ្រឿងសាស្ដ្រាវុធក្នុងរណ្ដៅ នោះដើម្បីនឹងលោតឱ្យជង់ស្លាប់ក្នុងរណ្ដៅ តែនៅ ពេលមុននិងលោតសម្លាប់ខ្លួននោះ សេនាមឿងបង្គាប់ឱ្យពួកពលរដ្ឋ ទាំងអស់មកស្ដាប់ពាក្យឱវាទលោកប្រកាសថា សូមឱ្យអស់លោក ខំប្រឹងយកចិត្ដទុកដាក់ក្នុងរឿងចម្បាំងពេល នេះដើម្បីរំដោះដែនដីខ្មែរ ឱ្យបានរួចអំពីកណ្ដាប់ដៃនៃ បច្ចាមិត្ដ ចំណែកខ្ញុំៗធានាខាងទ័ពខ្មោច សូមអស់លោកសង្ឃឹមទុកចុះបើខ្ញុំស្លាប់ទៅបាន៧ថ្ងៃ ឮសូរសន្ឋឹកហ៊ោកព្ច្រោៀវ បីដូចជាសំឡេងផ្គរលាន់ យើងនឹងមានជ័យហើយ។ លុះផ្ដាំរួចលោតចុះក្នុងរណ្ដៅព្រឹប ប្រពន្ឋឃើញប្ដីលោតដូច្នេះ ក៏លោតទៅជាមួយនឹងប្ដី ព្រមទាំងកូនប្រុសពីរនាក់ស្លាប់ជាមួយគ្នាដល់ថ្ងៃជាគម្រប់៧ថ្ងៃ លាន់ឮសូរសន្ឋឹកដួចការផ្ដាំ មែន។ ទ័ពសៀមចួលដល់បាត់ដំបង ឆ្លងចួលមកដល់អូរមួយ សព្វថ្ងៃហៅថា អូរស្វាយដូនកែវ ជួនគ្នានឹងទ័ពជ័យ អស្ចារ្យទ័ពខ្មោចចេញសម្ដែងឫទ្ឋិ ធ្វើឱ្យពលសៀមវិលមុខចុកពោះ ចុះក្អួត ដួលខ្លួនឯងស្រួលៗ ទ័ពព្រះជ័យអស្ចារ្យ ចូលទៅកាប់សម្លាប់អស់ ពួកកងទ័ពសៀមទប់ទល់មិនបាន ថយទៅដល់បាត់ដំបង ធ្វើសារទៅក្រាបទូលព្រះចៅតាម ដំណើរសព្វគ្រប់ ព្រះចៅទ្រង់ជ្រាបឱ្យទ័ពថយត្រឡប់ស្រុកសៀមវិញ ។ ចំណែកពួកទ័ពព្រះជ័យអស្ចារ្យ នាំគ្នាត្រឡប់ មកកាន់បន្ទាយវិញ សព្វថ្ងៃគេហៅថាបន្ទាយជ័យ ចាប់ផ្ដើមពីពេលនោះមក ព្រះជ័យអស្ចារ្យបានទទួលរាជាភិសេក សោយរាជ្យ និងទទួលនាមថាព្រះជ័យចេស្ដា ព្រះចៅក្រុងកម្ពុជាធិបតី គង់នៅបន្ទាយជ័យ។ លុះព្រះអង្គបានឡើង សោយរាជ្យសម្បត្ដិសុខសាន្ដហើយ ទ្រង់នឹកឃើញដល់គុណូបការៈ សេនាមឿង ដែលស៊ូប្ដូរជីវិតចំពោះព្រះអង្គ និងចំពោះទឹកដីខ្មែរ ទ្រង់ក៏ចាត់ឱ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណខន្ឋ របស់សេនាមឿង យ៉ាងឧឡារិកអស្ចារ្យ ជាប់ជាទំនៀមដរាបដល់មកសព្វថ្ងៃនេះ ហៅថាធ្វើបុណ្យឡើងអ្នកតា ឃ្លាំងមឿងទៅវិញ ។

(សម្រេង់ពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)