Wednesday, May 29, 2013

ដើមកំណើតរន្ទះ


ពី​ព្រេងនាយ មាន​បិសាច​មួយឈ្មោះ ​រាមាសូរ និង​នាង​អារក្ខ​ទេវី​មួយ​ឈ្មោះ មេខលា ។ ​អ្នក​ទាំងពីរ​បាន​នៅ​បម្រើ​មហា​ឫសី​ដ៏​មាន​ទ្ធិ​ម្នាក់ ដើម្បី​នឹង​រៀន​វិជ្ជា​មន្ត​អាគមគាថា ។ បិសាច និង​នាង​មេខលា​បាន​ខំ​រៀន​ប្រណាំង​ប្រជែង​គ្នា​ដើម្បី​បំពេញ​ចិត្ត​គ្រូ​រៀងខ្លួន ហើយ​អ្នក​ទាំងពីរ​ប្រកប​ដោយ​បញ្ញា​វៃ​ក្រៃលែង​ដូច​គ្នា ។ តាបស​ក៏​ស្រឡាញ់​អ្នក​ទាំងពីរ​នោះ​ស្មើ​គ្នា ។ កាល​បើ​តាបស​បាន​បង្រៀន​សិស្ស​លោក​ចប់​គ្រប់​មុខ​វិជ្ជា​ហើយ លោក​ក៏​ចង់​ល្បង​វិជ្ជា​សិស្ស​មើល​ថា តើ​អ្នក​ណា​មួយ​ប៉ិន​ប្រសប់​ជាង​គេ ។ ទើប​លោក​និយាយ​ទៅ​កាន់​សិស្ស​ថា «បើ​អ្នក​ណា យក​កែវ​មួយ​មាន​ទឹក​សន្សើម​ពេញ​មក​ឲ្យ​ខ្ញុំ​បាន នោះ​ខ្ញុំ​នឹង​ធ្វើ​ទឹក​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​កែវ​មនោហរា ហើយ​ដោយ​គុណភាព​នៃ​រតន​វត្ថុ​នោះ អ្នក​ម្ចាស់​កែវ​អាច​ប្រាថ្នា​ធ្វើអ្វី ឬ​ចង់​បាន​អ្វី ចេះ​តែ​បាន​សម្រេច​ទាំងអស់» ។

រាមាសូរ ក៏​យក​កែវ​មួយ​ទៅ​ត្រង​ទឹក​សន្សើម​ដែល​ទើ​នៅ​ស្លឹក​ឈើ និង​ស្មៅ​ផ្សេងៗ ។ វា​បាន​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ​ជា​ច្រើន​ព្រឹក ប៉ុន្តែ​ឥត​បាន​ផល​ល្អ​សោះ ។ ចំណែក​ឯ​នាង​ ​មេខលា ដែល​ជា​ស្រី​គិត​វែង​ឆ្ងាយ​ក៏​រើស​យក​បណ្ដូល​ឈើ​មួយ​យ៉ាង​ទន់​ស្ពោតៗ ហើយ​យក​ទៅ​ដាក់​ផ្ដិត​លើ​ទឹក​សន្សើម ដែល​ដក់​នៅ​លើ​ស្លឹក​ឈើ និង​នៅ​លើ​ស្មៅ ទាល់​តែ​ដុំ​ឈើ​នៅ​ជក់​ទឹក​ពេញ​ទាំងអស់ ។ បន្ទាប់​មក​នាង​មេខលា​បាន​យក​ដុំ​ឈើ​នៅ​ទៅ​ច្របាច់​ទឹក​ដាក់ក្នុង​កែវ ។ អាស្រ័យ​ដោយ​ហេតុ​ដូច្នេះ នាង​ក៏​រក​ទឹក​សន្សើម​ដាក់​កែវ​បាន​ពេញ ហើយ​ក៏​យក​កែវ​នោះ​ទៅ​ជូន​មហា​តាបស ។ ហេតុ​ដូច្នេះ បាន​ជា​នាង​អារក្ខ​ទេវី​ត្រូវ​បាន​តាបស​សម្គាល់​ថា ប៉ិន​ប្រសប់​ជាង​បិសាច ។

តាបស ​ជប់​ទឹក​សន្សើម​នោះ​ឲ្យ​កើត​ទៅ​ជា​កែវ ហើយ​ប្រគល​ទៅ​ឲ្យ​នាង​មេខលា​ដោយ​ប្រាប់​ថា «កែវ​នេះ​មាន​គុណភាព​ខ្លាំង​ណាស់ បើ​អ្នក​មាន​បំណង​អ្វី​មួយ គ្រាន់​តែ​លើក​កែវ​នេះ​គ្រវី​ឡើង នោះ​មួយ​រំពេច សេចក្ដី​ប្រាថ្នា​របស់​អ្នក​នឹង​បាន​សម្រេច​ភ្លាម មួយ​ទៀត​ដោយ​គុណភាព​នៃ​កែវ​នេះ អ្នក​អាច​ហោះកាត់​អាកាស​កប់​ពពក​ជ្រក​អាចម៍​ជន្លេន​ទៅ​កាន់​កន្លែង​ណា​ក៏​បាន​ទាំងអស់»

នាង​អារក្ខ​ទេវី ក៏​ទទួល​យក​កែវ​នោះ​មក​លើ​គ្រវី​ឡើង​លើ ស្រាប់​តែ​ហៅ​វឹង​ទៅ​លើ​មេឃ​តម្រង​ទៅ​មហា​សាគរ ។ ចំណែក​ឯ​រាមាសូរ អាស្រ័យ​ដោយ​ការ​ព្យាយាម​ដ៏​យូរ ក៏​រក​ទឹក​សន្សើម​ដាក់​បាន​ពេញ​កែវ ហើយ​យក​ទៅ​ថ្វាយ​មហា​ឫសីៗ ពោល​ថា «ចៅ​ឯង​យក​របស់​នេះ​មក​យឹត​យូរ​​​ពេក ហួស​ពេល​តា​ត្រូវការ ឥឡូវ​តា​បាន​ឲ្យ​រតន​វត្ថុ​នោះ​ទៅ​នាង​មេខលា​ទៅ​ហើយ មន្ត​អាគម​គាថា​របស់​តា អាច​ជប់​វត្ថុ​បែប​នេះ​បាន​តែ​មួយ​ដង​ទេ»។

កាល​បើ​បាន​ឮ​មហា​តាបស​ថា​ដូច្នេះ រាមាសូរ​ក៏​កើត​សេចក្ដី​ទោមនស្ស​ពន់​ប្រមាណ ហើយ​ក៏​ស្រែក​យំ​អណ្ដើក​អណ្ដក​យ៉ាង​ខ្លាំង ។ ដើម្បី​លួង​ចិត្ត​បិសាច តាបស​ក៏​ប្រាប់​ថា «​ចូរ​ចៅ​កុំ​កើត​ទុក្ខ​​ខ្លាំង​ពេក ចាំ​តា​ឲ្យ​ពូថៅ​មួយ ពូថៅ​នេះ​អ្នក​អាច​យក​ទៅ​ឈ្លោះ​ដណ្ដើម​យក​កែវ​ពី​នាង​អារក្ខ​ទេវី​មេខលា​បាន នាង​មេខលា​នេះ ចូល​ចិត្ត​ហោះ​ហើរ​លេង​នៅ​លើ​អាកាស ដើម្បី​មុជ​ទឹក​ភ្លៀង​ដែល​មាន​ភ្លៀង​ម្ដងៗ ចូរ​អ្នក​ចោល​ពូថៅ​នេះ​ទៅ​លើ​វា វា​នឹង​បោះ​ចោល​កែវ​ដ៏​មាន​តម្លៃ​នោះ ប៉ុន្តែ​នៅ​ពេល​ប្រយុទ្ធ​គ្នា​នោះ ចៅ​ឯង​ឃើញ​វា​លើក​កែវ​ឡើង​គ្រវី ចូរ​ចៅ​ឯង​បិទ​ភ្នែក​ភ្លាម មុន​នឹង​ចោល​ពូថៅ​ទៅ​លើ​វា» ។

កាលបើ​រាមាសូរ​បាន​ពូថៅ​មក​កាន់​នៅ​នឹង​ដៃ​ហើយ វា​ក៏​ហោះ​ស្វែង​រក​នាង​មេខលា ដើម្បី​ដណ្ដើម​កែវ​មនោហរា ប៉ុន្តែ​កាល​បើ​បាន​ឃើញ​នាង​កាល​ណា នាង​ក៏​យល់​ឃើញ​ភ្លាម​ថា បិសាច​នេះ​ប្រាកដ​ជា​មក​មាន​បំណង​ធ្វើ​អាក្រក់​មក​លើ​នាង​ពុំខាន ទើប​នាង​លើក​កែវ​គ្រវី​ឡើង ហោះ​ទៅ​លើ​អាកាស​វេហា​ខ្ពស់​ក្រៃលែង​ខ្ពស់ ។ កាល​បើ​ក្រឡេក​ឃើញ​ពន្លឺ​ចាំង នៃ​កែវ​មាន​សិល្ប៍​ភ្លាម បិសាច​ក៏​បិទ​ភ្នែក​វា​ជិត​រួច​គ្រវែង​អាវុធ​វា​ទៅ។ អាវុធ​នោះ ក៏​ហោះ​យ៉ាង​លឿន​ឮ​សូរ​សម្បើម​ ​ក្រៃលែង ប៉ុន្តែ​ឥត​ត្រូវ​នាង​មេខលា​ទេ ។

ចាប់​តាំង​ពី​ពេល​នោះ​មក ទើប​នៅ​ពេល​មាន​ភ្លៀង​ផ្គរ​គេ​ឃើញ​ចាំង​ពន្លឺ​កែវ​ហើយ​ឮ​សូរ​សម្លេង​​យ៉ាង​ខ្លាំង​នៃ​អាវុធ​នោះ ។ អាស្រ័យ​ហេតុ​នេះ​ហើយ បាន​ជា​ក្នុង​ភាសា​ខ្មែរ​យើង​ឲ្យ​ឈ្មោះ​ដុំ​ថ្ម​ទាំង​ឡាយ​ណា ដែល​ឃើញ​មាន​រាង​ដូច​ផ្លែ​ពូថៅ ឬ​ចប​កាប់​ក្បាល​ស្រួច ឬ​ដូច​កាំបិត​ថា “កាំ​រន្ទះ” ហើយ​សន្មត​របស់​ទាំងនេះ​ថា ជា​ព្រួញ​របស់​យក្ស​បាញ់ នៅ​លើ​មេឃ​ធ្លាក់​មក​ដី។

(ឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ) 

Friday, May 24, 2013

ព្រះរាជពិធីច្រត់ព្រះនង្គ័ល


ពិធី​ច្រត់ព្រះនង្គ័ល ដែល​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​ពិសាខ
ឯ​វាល​ព្រះ មេរុ ស្ថិតនៅ​ពី​ខាងជើង​នៃ​ព្រះបរមរាជវាំង​សព្វថ្ងៃ នេះ គឺ​មាន​ប្រវត្តិ​ដ៏​យូរ
លង់​ណាស់​មកហើយ ។​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​យើង ប្រភព​ឥណ្ឌា​នៃ​ព្រះរាជ​ពិធី​នេះ​អាច​គូស
បញ្ជាក់​ប្រាប់​យើង​តាមរយៈ​រឿង​រាមា​យ​ណៈ​ឥណ្ឌា  និង​រឿង​រាមកេរ្តិ៍៑​ខ្មែរ ដែល​ជា​
ភស្តុតាង​ប្រវត្តិសាស្ត្រ​មួយ​កាត់ថ្លៃ​ពុំ​បាន​ឡើយ ។ រាល់​ការបកស្រាយ​ខុស​ពី​នេះ គឺ
ជា​ការភាន់ច្រឡំ​មួយ​យ៉ាងធ្ងន់ធ្ងរ ហើយ​វា​ក៏​មាន​លក្ខណៈ​បញ្ច្រាស​ពី​ប្រវត្តិសាស្ត្រ​ពិត
ផង​ដែ​រ ។​

​​ពិធី​ច្រត់ព្រះនង្គ័ល ​គឺជា​ព្រះរាជ​ពិធី​មួយ​យ៉ាង​សំខាន់​បំផុត បន្ទាប់​ពី​ព្រះរាជា​អភិសេក​
 ជាពិធីមួយ ស្ថិតក្នុងចំណោម​ពិធី​ផ្សេងៗ ឯទៀត​ប្រចាំឆ្នាំ ។ នៅ​ប្រទេស​ឥណ្ឌា​បុរាណ
 និងនៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​យើង ការប្រកប​របរ​កសិកម្ម​ជាមុខរបរ​ចម្បង ដោយ​ពឹង
ពាក់​ទាំងស្រុង​លើ​ស្រូវ​អង្ករ និង​ភោគ​ផល ដំណាំ​ដទៃៗ​ទៀត ។​

ចំណាស់​នៃ​ព្រះរាជ​ពិធី​នេះ​ក៏​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ តាមរយៈ​វិស័យ​បដិមា​សាស្ត្រ​បុ
រាណ​ខ្មែរដូចជា​ចម្លាក់​នា​នានៅសម័យ​បុរេ​អង្គរ និង​អង្គរ ​មានដូចជា​រូបសំណាក​តំណាង
​ព្រះរាម​កាន់​ព្រះ​នង្គ័ល​នៅ​នឹង​ដៃ ដែលគេ​ហៅ​ថា​ពល​រាម ឬ​រាម​ទេព​ ។ យើង​សូម​រំលឹក
​ថា ចម្លាក់​ពល​រាម​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​បាត​ប្រាសាទភ្នំដា ស្ថិត​ក្នុង​អំឡុង​សតវត្ស
​ទី ៥-៦ នៃ​គ្រិស្ត​សរាជ ហើយ​សព្វថ្ងៃ​នេះ​​កំពុងស្ថិតក្រោមការ​ថែរក្សា​នៅក្នុង​សារមន្ទីរ​ជាតិ
​នៅក្នុង​ទីក្រុងភ្នំពេញ​ ។ ចម្លាក់​របស់​ព្រះ​អាទិទេ​ពខាង​លើ​នេះ​ក៏​ត្រូវបាន​គេ​ឆ្លាក់​ នៅលើ​
ក្បាច់​ហោ​ជាង នៃ​ប្រាសាទ​បន្ទាយស្រី ដែល​ត្រូវបាន​សាងសង់​ឡើង​នៅក្នុង​ឆ្នាំ​៩៦៧ នៃ​
គ្រិស្តសករាជ​ដែរ ។ ទាំងនេះ​ជា​ឯកសារ ប្រយោល​នៃ​ការ​​​ ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះ
នង្គ័ល​យ៉ាង​ប្រក្ស​ត្រ ។​

​សេចក្តី​កត់សម្គាល់​ខាងលើ​នេះ​មិន​បាន​ធ្វើឲ្យអ្នក​បុរាណវិទ្យា ​យើង​ភ្ញាក់ផ្អើល​នោះ ទេ ។
ពីព្រោះ​លទ្ធិ​ព្រហ្មញ្ញសាសនា ដែល​បាន​ចាក់​ឫសគល់​យ៉ាងជ្រៅ​ទៅ​ហើយ​នៅ ក្នុង​ព្រះរាជា
ណាចក្រ​នគរ​ភ្នំ (​ហ្វូណន​) ប្រមាណ​ជា ២.០០០ ឆ្នាំ​មកហើយ​នោះ បាន​នាំមក​នូវ​ប្រពៃណី​
ពី​ឥណ្ឌា ដែល​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​សាសនា និង​របប​គ្រប់គ្រង​រៀបចំ​ប្រទេស​តាម​បែប​រាជា
ធិបតេយ្យ ៘ ប្រពៃណី​បែប​ឥណ្ឌា​និយម​ទាំងនោះ​ក៏​បាន​ក្លាយទៅជា​ប្រពៃណី​ខ្មែរ​សុទ្ធ
សាធ ដោយ​មាន​ការ​វិវឌ្ឍន៍​បន្តិច​ម្តងៗ តាម​ផ្នត់គំនិត​ខ្មែរ​រហូត​ដល់​បច្ចុប្បន្ន ។​

​សេចក្តី​ដែល​បាន​អះអាង​ខាងលើ​នេះ​​ជា​សក្ខីកម្ម​មួយ​​ ចង្អុលបង្ហាញ​នូវ​ឥទ្ធិពល​នៃ​លទ្ធិ​
ព្រហ្មញ្ញសាសនា និង​ពិធី​កម្ម​មួយចំនួន​បែប​ព្រាហ្មណ៍​និយម​របស់​ឥណ្ឌា​លើ​សង្គម​ខ្មែរ
​យើង ។​

​​នៅក្នុង​សម័យ​បុរេ​អង្គរ ឬ​អង្គរ ​ជាពិសេស​ក្រោយមកនៅសម័យ​ឧដុង្គ គេ​ឃើញ​ព្រះមហា
ក្សត្រ​ខ្មែរ ដែល​ជា​ម្ចាស់​ដែនដី​នៃ​កម្ពុជ​រដ្ឋ ទ្រង់​ប្រារព្ធ​ព្រះរាជ​ពិធី​ដ៏​សំខាន់​ខាងលើ​នេះ​
ផ្ទាល់​ហើយ​មុន​គេ​នៅ​ក្នុង​ខែ​ពិសាខ គឺ​ក្នុង​ពេល​ដែល​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​តិចៗ ជា​បណ្តើរៗ
​លើ​ប្រថពី ។ ថ្វី​ត្បិត​តែ​ការ​ប្រារព្ធ​ពិធី​នេះគ្រាន់តែ​ជា​និមិត្តរូប​ក៏ពិត មែន (ពីព្រោះ​ព្រះរាជា
​យាង​ច្រត់ព្រះនង្គ័ល​តែ​បី​ជុំ​នៅលើ​វាល​ព្រះ​ស្រែ​តែប៉ុណ្ណោះ) ក៏ប៉ុន្តែ​ពិធី​នេះ​បង្កប់​ទៅ​ដោយ
​នូវ​អត្ថន័យ​យ៉ាង​ស៊ីជម្រៅ​គួរឲ្យ​ចាប់អារម្មណ៍​ក្រៃលែង ។​

ប្រការនេះបានរំលឹក​អំពី​ទឹក​ព្រះទ័យ​របស់​ហ្លួង​ក្នុង​វិស័យ​កសិកម្ម​​ ។ការណ៍​ដែល​ព្រះមហា
ក្សត្រ​ខ្មែរ ឬក៏​តំណាង​ព្រះរាជា​(ស្តេច​មាឃ)  និង​ព្រះ​អគ្គមហេសី(​នាង​មេ​ហួ)​បើក​រដូវ​ភ្ជួរ
ស្រែ​ចម្ការ​មុនគេ​បង្អស់​នោះ ​វាគឺជា​ការបង្ហាញ​នូវ​ការ​យក​ព្រះទ័យ​ទុកដាក់​យ៉ាង​ខ្លាំងក្លា​
របស់​ទ្រង់​លើ​វិស័យ​កសិកម្ម ដែល​ជា​អាទិភាព​ចម្បង​របស់​ជាតិ​។ទោះ បីជា​ត្រូវបាន​គេ​រក
ឃើញ​នៅក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ននេះ​ក៏ដោយ វត្តមាន​របស់​គំនូរ​ខ្មែរ​​មួយចំនួននាសម័យ
បុរេអង្គរ(​សម័យ​ចេនឡា) ដែល​គេ​បាន​ឆ្លាក់​លើ​កុលាលភាជន៍​​មាន​រូប​ព្រះរាជា​កំពុង​ភ្ជួរ​ស្រែ
 ក៏​ស្ថិត​ក្នុង​បរិបទ​វប្បធម៌​បែប​ព្រាហ្មញ្ញ​សាសនា​ដែរ។ ទាំងនេះ​ជា​ទិន្នន័យ​ប្រយោល​ស្តី​ពី​
និរន្តរភាព​នៃ​ពិធីបុណ្យ​ច្រត់​ព្រះន័ង្គ​លរបស់​ជនជាតិខ្មែរ ដែល​គេ​មិន​អាច​បដិសេធ​បាន
​ជាដាច់ខាត ។ ម្យ៉ាងវិញទៀត​គេ​ក៏​ជ្រាប​ផងដែរ​ថា ទាំង​ទម្លាប់​ ទាំង​គំនូរ​បុរាណ ពោល​គឺ​
សិល្បៈ​ក្នុង​សង្គម​ខ្មែរ ដែល​ត្រូវបាន​ផលិត ឬ​សូន្យ​ឡើង​នោះគឺ​សុទ្ធសឹងតែ​ពាក់ព័ន្ធ​ទៅ
នឹង​​ជំនឿ​សាសនា ដែល​មាន​ទំនៀមទម្លាប់​ប្រជាប្រិយ​ជា​គ្រឹះ​ដ៏​រឹងមាំ ។​

ទន្ទឹមនឹងនេះ​ដែរ យើង​ក៏​ត្រូវ​ដឹង​ទៀត​ថា ជំនឿ​ប្រជាប្រិយ​ខ្មែរ រមែងតែងតែ​សង្កត់ធ្ងន់
​លើ​លក្ខណៈ​វិសេសវិសាល​របស់​ព្រះរាជា​ខ្មែរ ដែល​ប្រកបដោយ​អច្ឆរិយ​ភាព ។ ឈរ​លើ​
ទស្សនៈ​នេះ អ្នកស្រុក​ភូមិ​ដែល​ជា​កសិករ​ជឿថា ព្រះរាជា​មាន​លទ្ធភាព​នឹង​បញ្ជា​លើ​
ធម្មជាតិ​តាម​អំណាច​ស័ក្តិសិទ្ធិ ដែល​ទ្រង់មាន​ដើម្បី​នាំមក​នូវ​ភោគផល​ដ៏​ជាទី​ប្រសើរ​
បំផុត ។ ក្នុងន័យ​នេះ​ការដែល​ព្រះមហាក្សត្រ​ខ្មែរ ដែល​ជា​មហា​បុរស​រដ្ឋ​ភ្ជួរស្រែ​មុន
ដំបូង​គេ ឬ​បើ​និយាយ​ម្យ៉ាងទៀត​ការដែលព្រះអង្គប្រកាស​បើក​ពិធី​ដា​ស្រូវ​មាន ន័យថា
ព្រះអង្គ​នឹង​ធ្វើឲ្យ​ធញ្ញជាតិ​លូតលាស់​មាន​ផ្លែផ្កា ។ នោះ​គឺជា​អ្វីមួយ ដែល​ជា​សេចក្តី
ត្រូវការ និង​សង្ឃឹម​របស់​សង្គម​មនុស្ស ។​

ឯកសារយោងៈ
- ឯកសារព្រះរាជពិធីទ្វារទសមាស
- បណ្ឌិត មីសែល ត្រាណេ

រ័ត្នន៍ សេនា

Monday, May 20, 2013

វិសាខ​បូជា



យល់ដឹងអំពីបុណ្យ វិសាខបូជា


វិសាខបូជា គឺ​ជា​ពិធី​បុណ្យ​ប្រពៃណីសាសនា ដែលពុទ្ធ​សាសនិក​ជន
ចាត់​ទុក​ថា ជាពិធីមាន​សារ​សំខាន់​បំផុត​ក្នុង​ ចំណោម​ពិធីបុណ្យ​ឯ
ទៀតដទៃ​ ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ពិធីនេះ ជា​ការ​គោរព​រំឭក​នឹក​ដល់​
ព្រឹត្តិការណ៍​ធំ​ៗ​បី​ នៃ​សម័យ​កាល​របស់​ព្រះ​សម្មាសម្ពុទ្ធ​សមណគោតម
បរមគ្រូនៃយើងៈ ​ថ្ងៃ​ដែល​ព្រះ​អង្គ​ទ្រង់​បាន​ប្រសូត, បាន​ត្រាស់​ដឹង និង​
បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ ​បានកើត​ឡើង​​ចំ​ថ្ងៃ ១៥​កើត ពេញ
​បូណ៌មី ដែល​មាន​ព្រះ​ចន្ទ្រ​ពេញ​វង់ ​ស្ថិតក្នុង​ខែ​ពិសាខ​ដូចៗ​គ្នា ខុស​តែ
​ឆ្នាំ​ប៉ុណ្ណោះ។

បើតាមសៀវភៅ « ព្រះរាជ​ពិធី​ទ្វាទស​មាស »  ដែល​ជា​ការ​បោះពុម្ព​
ផ្សាយ​របស់​វិទ្យាស្ថាន ពុទ្ធ​សាសន​បណ្ឌិត្យ ក្នុង​គ្រិស្ត​សករាជ ១៩៥១
បាន​សរសេរ​កត់ត្រា​មកថា បន្ទាប់​ពី​ព្រះ​ពុទ្ធ​ទ្រង់​បាន​រំលត់​ខន្ធ​ចូល​
កាន់​បរិនិព្វាន​អស់​រយៈពេល​ជា​ច្រើន​រយ​ឆ្នាំទៅ​ហើយនោះ ទើប​គេ​
សង្កេត​ឃើញ​មានពិធីបុណ្យ​វិសាខ​បូជា​នេះ ​ប្រារព្ធ​ឡើង​នៅ​ក្នុង​ប្រទេស
​ឥណ្ឌា។

ចំណែកឯ​ទំនៀម​ទម្លាប់​ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​ នៅ​ក្នុង
​ប្រទេស​កម្ពុជា​យើងវិញ សៀវភៅ « ព្រះ​រាជ​ពិធី​ទ្វាទស​មាស » ឬ « ពិធី​
បុណ្យ​ទាំង​១២​ខែ»  ដែល​រៀបរៀង​ដោយ​លោក​ឧកញ៉ា ឈឹម ក្រសេម
និង ឃុនឧត្តមប្រីជា ចាប ពិន ក៏​បាន​កត់ត្រា​ឲ្យ​ដឹង​ផង​ដែរ​ថា គឺ​បាន​ផ្ដើម
​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេច​ព្រះ​ហរិរក្សរាមា ឥស្សរាធិបតី ​អង្គ​ ឌួង ​គង់​
នៅ​ក្រុង​ឧដុង្គ ក្នុង​ពុទ្ធ​សករាជ ២៣៩៧ ​គ្រិស្ត​សករាជ ១៨៥៤។

១១​ឆ្នាំ​ក្រោយ​មក នៅ​ពេល​ដែល​ព្រះ​អង្គ​ បាន​លើក​ទីក្រុង​មក​តាំង​នៅ
​ភ្នំពេញ ក្នុង​ពុទ្ធ​សករាជ ២៤០៨ ពិធី​បុណ្យ​វិសាខ​បូជា ក៏​ត្រូវ​បាន​ប្រារព្ធ
​ធ្វើ​ជា​ទូទៅ​នៅ​គ្រប់​វត្ត​អារាមជាប់​ជា​ទំនៀម​មក​ដល់​បច្ចុប្បន្ន​នេះ។


រៀបរៀងៈ រ័ត្នន៍ សេនា (ភូមិកាព្យ)

Sunday, May 5, 2013

ទឹកអង្គបំពង់ខ្ចី


មានការយល់ច្រឡំជាហូរហែមកទល់នឹងសព្វថ្ងៃនេះ ដោយការយល់
អត្ថន័យមិនច្បាស់តៗគ្នា ពំពីពាក្យទំនៀមឱ្យពរជ័យពីមាតាបិតា ចាស់
ព្រឹទ្ធាចារ្យ ពិសេសលោកអាចារ្យតែម្ដង គឺមិនសូវចោលទេនូវពាក្យសា
ធុការពរមួយឃ្លា... «.. សូមឱ្យរកស៊ីមានបាន កើតកាលវាគុម្ព(?) ត្រជាក់
ត្រជំ ដូចទឹក(អប់)បំពង់ខ្ចី»។ មានលោកគ្រូអាចា​រ្យចំនួនតិចនាក់ណាស់
ដែលយល់​ន័យ និងអានត្រូវច្បាស់ ក្រៅអំពីនោះភាគច្រើន អានមិនចំ
ពាក្យសោះ ហើយបន្តពីមួយជំនាន់ទៅមួយជំនាន់។

ពាក្យដែលត្រឹមត្រូវនោះគឺ «ទឹក(អង្គ)បំពង់ខ្ចី» មិនមែនទឹក(អប់)​ បំពង់
ខ្ចីនោះឡើយ (( ...ត្រជាក់ត្រជំ ដូចទឹកអង្គបំពង់ខ្ចី...))។

អង្គ (អង់) គឺសំដៅដល់អង្គជាតព្រះឥសូរសិវលិង្គ។ ខ្មែរសម័យ
បុរាណហៅថ្មដែលធ្វើជារូបសិវលិង្គថា អង្គ (មកពីពាក្យអង្គជាត),
ហៅថ្មរូបឧមាយោនី (និមិត្តរបស់នាងឧមា) ថា បំពង់ខ្ចី។ គេយកទឹក
ទៅស្រោចពីលើថ្មទាំងពីរប្រភេទនោះ ពេលទឹកដែលហូរចុះមកខាង
ក្រោម គេត្រងយកទឹកនោះ មកធ្វើជាទឹកអម្រិត សម្រាប់ប្រោះព្រំឲ្យ
ពរជ័យនោះហៅថា ទឹកអង្គបំពង់ខ្ចី (ទឹកដែលចេញពីបំពង់សិវលិង្គ
«ទឹកអង្គជាតិ» របស់ព្រះឥសូរ និងបំពង់ខ្ចីគឺ ឧមាយោនី) ។

សម័យកាលដែលខ្មែរយើងនៅកាន់ព្រាហ្មញ្ញសាសនា,​ គឺគេនិយមជីក
ស្រះសាងអង្គទុកជាទីគោរពក្នុងទីប្រជុំជនមួយ នៅមានជាប់ឈ្មោះ
មកដល់សព្វថ្ងៃនេះច្រើនកន្លែងណាស់ នៅគ្រប់ស្រុកខេត្ត ក្នុងព្រះរាជា
ណាចក្រកម្ពុជា តួយ៉ាងដូចជាៈ អង្គតាសោម, អង្គស្វាយ, អង្គស្នួល,
អង្គក្ដួច អង្គតាសូរ ជាដើម។ 

«ត្រជាក់ត្រជុំទឹកអប់បំពង់ខ្ចី» ទឹកអប់ឯណាធ្វើឱ្យត្រជាក់ត្រជំនោះ?
តាមជំនឿខ្មែរ ត្រជាក់ត្រជំមានតែទឹកអម្រិត, អម្រិតនោះ ន័យម៉្យាង
គឺទឹកដែលគឹធ្វើការប្រសិទ្ធីផ្សេងៗ ដូចជាទឹកអង្គនេះជើម។

ហេតុនេះ សូមកុំច្រឡំ ពិសេសលោកអាចារ្យដែលតែងប្រើពាក្យនេះ
សូមអានឱ្យច្បាស់ (សិក្សារន័យរបស់វាផង) កុំចេះតែស្មានៗ ដូចខ្ញុំធ្លាប់
លើកឡើងអំពីអាចារ្យដែលខ្លួនឯងយល់អក្សរសាស្ត្រខ្មែរមិនច្បាស់ ទៅ
ជាថា ផ្លែឬដើមមៀន តំណាងឱ្យភាពមានបាន ព្រោះគាត់យល់ថា មៀន
គឺជា «មាន» នាំបរិស័ទឱ្យយល់ច្រឡំតាមពាសពេញប្រទេស ដូចករណី
ទឹកអង្គបំពង់ខ្ចី នេះឯង។
..............
រ័ត្នន៍ សេនា (ភូមិកាព្យ)