Friday, September 28, 2012

ស្ទឹងមានជ័យ


ពីដើមឡើយហៅថា «ស្ទឹងទទឹងថ្ងៃ»។​ មកដល់រាជ្យព្រះជ័យចេស្តា នាពេលមួយ
ចៅពញាភក្តីសង្រ្គាម ហុក បានក្រាបបង្គុំទូលថ្វាយនៅ«ទូលព្រះស្រី»​ ថា កាល
ដែលច្បាំងឈ្នះផ្តាច់ព្រ័ទ្ធ គឺនៅត្រង់ស្ទឹងទទឹងថ្ងៃនេះឯង សម្លាប់សត្រូវងាប់ស្អុយ
ទឹក កន្លែងនោះគេក៏ហៅថា «អន្លង់ក្បាលយួន» រហូតមកដល់សព្វថ្ងៃនេះ។ ទើប
បានហ្លួងមានព្រះរាជឱង្ការថា បើចឹងយើងហៅទីនេះថា «ស្ទឹងមានជ័យ» ទៅវិញ
ចុះ (ព្រោះទ័ពយើងច្បាំងឈ្នះ នៅត្រង់ស្ទឹងទទឹងថ្ងៃនេះ)។

ឯទូលព្រះស្រី (ក៏ស្ថិតនៅក្នុងរាជធានីភ្នំពេញដែរ តែខ្ញុំមិនច្បាស់ថានៅត្រង់ណាទេ
ព្រោះសព្វថ្ងៃ វាបាត់ដានអស់ទៅហើយ)។ គឺព្រះបាទបរមរាជា ពញាយ៉ាត​កាល​
ព្រះអង្គយាងមកសាងវាំងប្រាសាទ ក៏ឲ្យគេធ្វើដំណាក់មួយប្រទាន ព្រះស្រីរាជា
ជាព្រះរាជបុត្រ នៅលើទូលមួយនោះ ក៏ហៅទូលនោះថា ទូលព្រះស្រីរាជា តែ​
ក្រោយមកក៏បាត់ពាក្យរាជា ហៅនៅត្រឹមទូលព្រះស្រីៗ ជួនក៏មានអ្នកមិនអានថា
ព្រះស្រី ទៅជា ទូលប្រស្រីៗ រៀងមក។


រ័ត្នន៍ សេនា (ភូមកាព្យ)

ផ្លែ បំពេញរាជ្យ


ផ្លែ «បំពេញរាជ្យ» ដែលជាទូទៅគេនាំគ្នាហៅថា «កំពីងរាជ»
ឬ«ក្រពីងរាជ» ឈ្មោះខាងដើមរបស់វាហៅថាផ្លែ «លោះ»
(យោងតាមសម្តីចាស់ទុំ មិនមានបញ្ជាក់ក្នុងពង្សាវតាខ្មែរទេ)។
មានពាក្យតំណាលថា ព្រះបាទសម្តេចព្រះឧទ័យរាជា «ព្រះអង្គ
ចន្ទរាជា» (ក្សត្រិយ៍កម្ពុជរដ្ឋ) ទ្រង់សព្វព្រះរាជហឫទ័យនឹងផ្លែ
នេះណាស់ ទាំងសំបករបស់វា ក៏អាចយកជ្រក់ ឬស្លសម្លម្ជូរ...
បានយ៉ាងឆ្ងាញ់ពិសារទៀតផង។

ទើបទ្រង់ប្រោសព្រះរាជទានឈ្មោះផ្លែ «លោះ» នេះទៅជាជាផ្លែ
«បំពេញរាជ្យ» វិញ (ព្រោះផ្លែនេះ ជាទីពេញចិត្តរបស់រាជ្យ «ស្ដេច»)
ជាប់ដរាបរៀងមកដល់សព្វថ្ងៃនេះ។

សៀម លាវ ហៅផ្លែនេះថា «កៈថន=កាក់ថន, ឬ «សៈថន់=សាក់
ថន» ខ្មែរក៏មានហៅ »កាថនៗ» ខ្លះដែរ; គួរហៅតាមសម្ដីខ្មែរថា
«បំពេញរាជ្យ» វិញ ។

រ័ត្នន៍ សេនា (ភូមិកាព្យ ៦)

ប្រេត ១២ ពួក