Saturday, July 26, 2014

«គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ»


(បទកាកគតិ)

គោដំបៅខ្នង ចេញវាលរាល់ដង ចេះតែរអែង
ឃើញបក្សីសត្វ ហើរឆ្វាត់នឹកក្រែង ចុះមកទុំក្លែង
ប្រឡែងដំបៅ។

កុកក្រកក្រសា សេកសារិកា បក្សាក្អែកខ្មៅ
តែងទុំខ្នងគោ ក្រោមថ្ងៃកម្ដៅ សម្លឹងវាលស្មៅ
ចាំចឹកចំណី។

ហេតុនេះសត្វគោ គំនិតគិតធ្លោ គ្មានក្រៅពីអ្វី
បារម្ភចំពុះ របស់បក្សី ខ្វេះខ្វាយក្រញី
ចឹកឆីដំបៅ។

ដូច្នេះពេលណា មានសត្វបក្សា ហើរលើសំដៅ
វាសាយកន្ទុយ បក់រុយបង្អៅ បំបាត់ហ្មងសៅ
នៅក្នុងចិត្តវា។

អ្នកមានកំហុស ដែលធ្លាប់ធ្វើខុស បើទោះបីជា
គ្មានអ្នកណាដឹង គង់នឹងរេរា ចិត្តច្របល់គ្នា
ជារៀងរាល់ថ្ងៃ។

អារម្មណ៍ពិភាល់ គំនិតគិតយល់ សម្គាល់ស្រមៃ
ចេះតែរអៀស រង្កៀសចិត្តក្រៃ រសើបរាល់ថ្ងៃ
ម៉ៃមិនឈប់ឈរ។

ឮគេស្ដីថា រឿងផ្សេងឯណា តវ៉ាបន្ទរ
ការពារខ្លួនឯង ក្រែងកើតវឹកវរ បញ្ជាក់ជំហរ
រក៍លេសគ្រប់យ៉ាង។

ស្ដាប់ពាក្យចាស់ផ្ដាំ ងាយនឹងចំណាំ ចាំជាសម្អាង
ធ្វើការសង្កេត យកហេតុភស្ដុតាង អំណះអំណាង
រូបរាងអ្នកខុស។

រ័ត្នន៍ សេនា (ភូមិកាព្យ)

Tuesday, July 22, 2014

អាទិត្យ


គោបាត់ទើបធ្វើរបង...


(បទពាក្យ ៨ បន្ទាប់ធម្មតា)

វេលាគោបាត់ចាត់ធ្វើរបង
ដល់រៀបប្រឡងទើបប៉ងខ្វល់ខ្វាយ
ពាក្យចាស់បូរាណបានបរិយាយ
ដល់សម័យអាយវាក្លាយជាត្រូវ។

កាលខ្លួននៅរៀនឃ្លានតែដើរលេង
វីវក់វង្វេងលេងហ្គេមដងផ្លូវ
មេរៀនសាលាគឺថាមិនសូវ
សម្ដីម៉ែឪពុំសូវស្ដាប់ទេ។

ប្រឡងមកដល់អំពល់ពេកពិត
ដូចភ្នែកងងិតឥតយល់អ្វីទេ
ជើងត្បូងលិចកើតអើតលបមើលគេ
លួចលាក់គ្នាន់គ្នេសំណេរចម្លង។

គប្បីប្រយ័ត្នមធ្យ័តរៀងរាល់
ទើបផុតអំពល់កង្វល់សៅហ្មង
ស្ថិតស្ថេរគង់វង្សឥតបាត់បង់ផង
ខកខានបំណងម្ដងវេលាណា។

ឧស្សាហ៍រៀនសូត្ររហូតបានចេះ
ជំនាញចំណេះតម្រិះប្រាជ្ញា
មានភាពងាយស្រូលសម្រួលអាត្មា
មិនលំបាកការនាអនាគត។
...................................

(បទពាក្យ ៩ បែបជាប់ទង)

ដល់គោបាត់ចាត់ចែងឈើធ្វើរបង
ពេលកន្លងម្តងមិនខ្វល់ដល់វាឡើយ
ប្រហែសណាស់ចាស់បានផ្តាំចាំទុកហើយ
បែរកន្តើយស្បើយប្រយ័ត្នបាត់គោស្ញេញ។

កាលនៅរៀនឃ្លានតែដើរអើអូនបង
ជិតប្រឡងហ្មងសៅចិត្តគិតមិនចេញ
ខំខ្នះខ្នែងស្វែងរៀនរកយកចំណេញ

ដល់ពេលចេញវិញ្ញាសារហាចង្គ្រុង។ 

Wednesday, July 16, 2014

«សូវស្លាប់បាកុំឱ្យតែស្លាប់មេ សូវលិចទូកកណ្ដាលទន្លេកុំឱ្យតែភ្លើងឆេះផ្ទះ»


((បទពាក្យ ៧))

កូនតូចកូនធំជុំក្នុងគ្រួ
គាប់គួរកក់ក្ដៅនៅនឹងម្ដាយ
ក្រសាវក្រសោបឱបជាប់កាយ
ទោះទីជិតឆ្ងាយខ្វាយខ្វល់ណាស់។

ដូចមេមាន់ប្រុងក្រុងក្រួញក្រាប
ខ្លាចក្រែងខ្លែងឆាបចាប់យកច្បាស់
មេខំតតាំងឃាំងលោតច្រាស
បម្រះស៊ូប្ដូរនឹងសត្រូវ។

ម្ដាយលោកថ្នាក់ថ្នមបីបមស្និទ្ធ
តែងនៅកៀកកិតជិតជាងឪ
ការងារពុកឆ្ងាយចម្ងាយផ្លូវ
តម្រូវអ្នកម្ដាយកាយចិត្តក្បែរ។

ពួកកូនកក់ក្ដៅនៅជិតម្ដាយ
ចំណាយវេលាការពារថែ
ត្រកាលស្នាលស្និទ្ធត្បិតក្ដីស្នេហ៍
ព្រោះអីអ្នកម៉ែនៅក្បែរជាប់។

ឯទូកលិចលង់ក្នុងទន្លេ
ក៏ទេសូន្យសោះអស់ធនទ្រព្យ
យ៉ាងហោចសេសសល់ផលគួរគាប់
នៅជាប់នឹងខ្លួនចួនទីផ្សេង។

បើសិនផ្ទះឆេះផេះផង់ហើយ
គ្មានសល់អ្វីឡើយរលីងធេង
ពេញដោយកង្វល់កលវង្វេង
មិនមែនលេងៗដូចលិចទឹក។

តែសុំចៀសវាងឃ្លៀងទាំងពីរ
សុខដុមរមណីរាល់ល្ងាចព្រឹក
គ្រោះអគ្គីភ័យទូកលិចទឹក
អាសន្នពន្លឹកកុំនឹកនា។

ទាំងមេទាំងបាមហាក្រៃ
គុណលោកថ្លាថ្លៃស្មើៗគ្នា
តោងប្រណិប័តណ៍ថ្វាត់វន្ទា
សួគ៌ាពុំស្មើអើគុណលោក។

រ័ត្នន៍ សេនា

Tuesday, July 15, 2014

ខ្លះៗ អំពី សុភាសិត ពាក្យទំនឹមទំនៀម របស់ខ្មែរ!!


បទពាក្យ ៨ (បន្ទាប់ធម្មតា)

ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ
មានផ្លូវប្រឡាយទើបទឹកហូរលក
ត្រឡាចវារទៅទើបល្ពៅវារមក
មានកើតពីរកសន្សំទុកនៅ។

កុំស៊ីតាមឃ្លានកុំហ៊ានតាមចង់
ផ្លូវវៀចកុំបង់ផ្លូវត្រង់កុំទៅ
ទីទឹកត្រជាក់ត្រីកុំកុះនៅ
ភ្លើងឆេះឆាបទៅតម្រូវមានផ្សែង។

ខិតខំធ្វើគុណមួយរយសំពៅ
ទោសមួយចូលនៅអាស្រូវជាក់ស្ដែង
កាំបិតមិនអាចចិតដងខ្លួនឯង
ហារស្លាក់ខ្ជាក់ស្លែងស្តោះហើយលេបវិញ។

សំណាបយោងដីស្រីយោងបុរស
គុណច្រើនមិនអស់បានទោសទោម្នេញ
មាយាដកខ្ញីគេស្តីជម្រេញ
ទុកមិនចំណេញដកចេញមិនខាត។

ភូតនៅលើហោរចោរនៅលើជាង
ពាក្យចាស់រៀបរៀងទំនៀមបទបាទ
ដំរីជើងបួនគង់មានពេលប្លាត
អ្នកប្រាជ្ញពេញខ្នាតភ្លេចបង់អសារ។

គោលឿនសឹកកស្រីល្អសឹកគូថ
អ្នកពោលពាក្យភូតច្រើនចាញ់អាត្មា
ស្រមោចក៏អាចផ្ដួលដំរីសា
មិនកាន់ច្រវារាទឹករំខាន។

សម្តីសរជាតិមាយាទសរពូជ
មិនអាចគេចរួចពីភ្នែកសណ្តាន
លេងក្មេងបាក់យសលេងពស់មិនខាន
ពស់ចឹកក្ស័យប្រាណលែងបានរស់នៅ។

(បទជាប់ទង)

ខ្មែរភាសិត ស្ថិតនៅនា ជាបន្ទាល់
គ្រប់រូបរាល់ ស្គាល់អត្ថន័យ នៃពាក្យពេចន៍
បុរាណប្រៀប ធៀបសេចក្ដី ស្ដីរំលេច
ន័យជានិច្ច ពេចន៍ឃ្លោងឃ្លា ជាប្រយោគ។

ពាក្យទំនឹម ទឹមទំនៀម បៀមខ្លឹមសារ
ពីដូនតា ចារលៃលក មកគគោក
ជីកកកាយ ស្រាយបញ្ជាក់ គតិលោក
ជាទ្រព្យភោគ លោកបន្សល់ ដល់សព្វថ្ងៃ។


រ័ត្នន៍ សេនា (ភូមិកាព្យ)

ដើរឲ្យមានបី ស្រីដីឲ្យមានបួន


(បទពាក្យ ៧)

ដើរឲ្យមានបីន័យម៉្យាងថា
អាត្មាសម្របស្របទង្វើ
តាមបីមជ្ឈដ្ឋានលំអានធ្វើ
សំដៅទៅលើអំពើខ្លួន។

ទីមួយគោរពមនុស្សថ្នាក់ខ្ពស់
មានទ្រព្យធនយសខ្ពស់មាំមួន
បើប្រណិប័តណ៍បានសមសួន
គាប់ជួនថ្ងៃក្រោយឲ្យអាស្រ័យ។

ទីពីរគឺអ្នកថ្នាក់កណ្ដាល
ស្និទ្ធស្នាលសប្បុរសស្មោះដួងចៃ
រាប់អានឲ្យច្រើនកើនរាល់ថ្ងៃ
អាសន្នយប់ថ្ងៃជួយអាសា។

ទីបីថ្នាក់ទាបក្រោមបង្គាប់
តោងរាប់អានគ្នាជាធម្មតា
ផ្ដល់ឲ្យរង្វាន់គ្រាន់ប្រើការ
កាន់តែឧស្សាហ៍ធ្វើការងារ។

ស្រដីមានបួនជូនបន្ទាប់
គួរគាប់រាប់ដល់រាល់វេលា
កាលៈទេសៈត្រូវសន្ទនា
នេះជាទង្វើធ្វើឲ្យបាន។

ទីមួយចេះស្ដីសសើរគេ
ទីពីរតោងរេគិតប៉ាន់ស្មាន
ហ៊ានស្ដីជំទាស់ដោយក្លាហាន
ឲ្យបានប្រពៃលៃតាមកាល។

ទីបីស្រដីឲ្យងាយយល់
គេអស់ពិភាល់រាល់តំណាល
ទីបួនចេះស្ដីស្របតាមកាល
សម្របសម្រាលកាលជាក់ស្ដែង។
...........................................

មានការបកស្រាយមួយបែបទៀតថា៖ ដើរឲ្យមានបីៈ ទោះបីទៅរស់នៅទីណា
ក៏ដោយ  ដើរទៅកន្លែងណាក៏ដោយ គប្បីកាន់សីលធម៌ ៣ ប្រការខាងក្រោម
ឲ្យជាប់ (កុំឲ្យដាច់) គឺ៖
- កុំកាប់សម្លាប់គេ
- កុំលួច
- កុំសេពកាមគុណ ជាមួយ «កូន-ប្រពន្ធ-ប្តី» របស់គេ ឬថា  « កុំលួចកូន-ប្រពន្ធ
ឬ ប្តី » របស់គេ ។

ស្រដីឲ្យមានបួនៈ សីលធម៌ ៣ ប្រការខាងលើ មិនទាន់គ្រប់គ្រាន់ទេយើងត្រូវកាន់
សីលធម៌ ៤ ប្រការទៀត សម្រាប់ «វាចា» របស់យើង ទើបអាចទទួល «សុខ»
ពេញលេញបាន ។ សីលធម៌ទាំង ៤ នោះគឺ៖
១- កុំនិយាយកុហក (ភូតភរបោកប្រាស)
២- កុំញុះញង់ (ឲ្យគេបែកបាក់គ្នា)
៣- កុំនិយាយដើមគេ
៤- កុំនិយាយពាក្យរោយរាយ (ពាក្យឥតខ្លឹមសារ)។


រ័ត្នន៍ សេនា (ភូមិកាព្យ)

រនាបបាក់យករនាបជួស..


Tuesday, June 24, 2014

បណ្ឌិតអក្សរសាស្ត្រ អភិធជ មហារដ្ឋ គរុ



បណ្ឌិតអក្សរសាស្ដ្រ អភិធជ មហារដ្ឋ គរុ (ប.អ.រ)

ប្រហែលជាអ្នកខ្លះ មិនធ្លាប់ឃើញពាក្យនេះទេ លើកលែងតែអ្នកដែល
ឧស្សាហ៍អានសៀវភៅ ឬឯកសារនានា ទាក់ទងនឹងសម្ដេចព្រះសង្ឃរាជ
ជួន ណាត ទើបធ្លាប់បានឃើញ ។ ជួនកាល ធ្លាប់បានឃើញ ប៉ុន្តែមិន
បានយល់អត្ថន័យនៃពាក្យនេះក៏ថាបាន។

នេះជាគោរមងារ នៃឥស្សរិយយសខ្ពស់បំផុត (លើថ្នាក់អគ្គមហាបណ្ឌិត)
ជាសមណស័ក្ដិរបស់រដ្ឋាភិបាលភូមា សម្រាប់ថ្វាយ ប្រគេន ជូនចំពោះ
ព្រះមហាថេរជាអ្នកប្រាជ្ញ។ រីឯព្រះមហាថេរ ដែលរដ្ឋាភិបាលសហភាព
មីយ៉ាន់ម៉ា (ភូមា) ចាត់ទុកជាកំពូលអ្នកប្រាជ្ញលើផ្នែកអក្សរសាស្ត្រ របស់
ប្រទេសរបស់ខ្លួន កាលពីអំឡុងពេលជិត ៦០ ឆ្នាំមុន ហើយដែលត្រូវ
ទទួលបាននូវឥស្សរិយយសដ៏កំពូលនេះ មិនមែនជាជនជាតិភូមាទេ 
នោះគឺ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ព្រះ
សង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាយើងនេះឯង (តាមឯកសារបាន
មានបញ្ជាក់ទុកមកថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ក៏ជាអ្នកជួយរៀប
ចំអក្សរសាស្ត្រ សម្រាប់ជាតិ ភូមា ផងដែរ)។

បណ្ឌិតអក្សរសាស្ដ្រ អភិធជ មហារដ្ឋ គរុ, អានថា«អៈភិធៈជៈ មៈហារ័ត
ឋៈគុរុ» បា. សំ. ស.; បា. ( ន. ) (អភិទ្ធជ + មហា + រដ្ឋ + គរុ; អភិធ្វជ + 
មហា+ រាឞ្រ្ត + គុរុ) គ្រូនៃមហារដ្ឋដូចជាទង់ដ៏ខ្ពស់។ 

Monday, March 24, 2014

មានកម្លាំងដូចស្រមោច



មាឌស្ដួចតូចល្អិតចិត្តឧស្សាហ៍
រវើកអាត្មាពុំទំនេរ
ខ្វេះខ្វាយកកាយប្រឹងគ្នាន់គ្នេរ
មិនច្រអូសទេរិះរេប្រឹង។

តូចពិតតែឥតខ្សោយឡើយណា
អស្ចារ្យជាងមនុស្សយើងអញ្ចឹង
ពិសោធន៍សាកល្បងគង់បានដឹង
ពេលហ្នឹងប្រាកដច្បាស់ជាក់ស្ដែង។

កាត់ម្ជុលទំហំប៉ុនខ្លួនវា
កម្រិតស្មើគ្នាទាំងប្រវែង
លាបស្ករទឹកឃ្មុំគ្រប់កន្លែង
ស្រមោចតែឯងពាំដោយស្រួល។

រួចរើសមនុស្សម្នាក់ណាដែលខ្លាំង
កម្លាំងមាំទាំឲ្យទទួល
ជាអ្នកលើកលីដុំដែកមូល(២)
គឺថាពុំស្រួលដូចស្រមោច។

វាសបញ្ជាក់ឲ្យឃើញថា
សត្វនេះខ្លាំងក្លាមិនមែនហោច
បើមានកម្លាំងដូចស្រមោច
បានផលប្រយោជន៍សម្បើមណាស់។

ធំខ្ពស់ជ្រងោមិនអំណត់
នឹងខ្សោយប្រាកដដូចពាក្យចាស់
ស្រមោចល្អិតល្អោចតូចតាចណាស់
ពេលខ្លះអាចផ្ដួលសត្វដំរី។

(១) នេះ គឺជាពាក្យមួយក្នុងចំណោមពាក្យ ៣ ឃ្លា របស់
សុភាសិតខ្មែរ៖ «សូមឲ្យកម្លាំងដូចស្រមោច, មានឫទ្ធិដូចខ្មោច,
ចិត្តមុតដូចស្រី» ដែលខ្ញុំធ្លាប់បកស្រាយច្រើនគា្រមកហើយ។

(១) ធ្វើដុំដែកមូលមានទំហំ និងប្រវែងស្មើនឹងមនុស្សម្នាក់
ដូចជាម្ជុលដែលមានទំហំ និងប្រវែងស្មើនឹងស្រមោចដែរ។


Friday, March 21, 2014

ជាងដែកហែកនឹងដៃ ជាងកន្ត្រៃសក់កន្ទ្រើង

ឧបករណ៍ជាងដែកមានមិនខ្វះ
សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ
រណាញញូពូថៅដៃ
ដែកស្បែងកន្ត្រៃច្រើនសព្វសារ។ 

ទុកចោលរាយប៉ាយមិនប្រយ័ត្ន
លិចកប់បង់បាត់ខ្ចាត់អសារ
ឬមានអ្នកខ្ចីយកទៅណា
ដល់ខ្លួនត្រូវការកាច់នឹងដៃ។ 

រីជាងកាត់សក់កញ្ចក់ឆ្លុះ
ឱនងើបឡើងចុះឃើញរាល់ថ្ងៃ
សក់ក្បាលខ្លួនឯងវែងក្រាស់ក្រៃ
កន្ត្រៃរវល់កាត់ក្បាលគេ។ 

យកលេសថាគ្មានអ្នកកាត់ឲ្យ
រង់ចាំថ្ងៃក្រោយពេលទំនេរ
ចាំកាត់ឲ្យបានស្អាតបាតនឹងគេ
តែពុំសូវទេនៅជាក់ស្ដែង។

ឧបមេយ្យសេដ្ឋីមានទ្រព្យា
វេលាត្រូវការខ្វះអំបែង (១)
ចង់លីងអំបុកខ្ចីគេឯង
នេះថ្លែងដូចពាក្យសុភាសិត។

(១) សុំរកអានរឿង «សេដ្ឋីខ្វះអំបែង» នឹងបានយល់

អំពីរឿងនេះ។

គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ


អន្សមបើស្ងោរកុំបង្ខំ
គ្របផ្ងំរម្ងាស់តាមដំណើរ
ដុតភ្លើងឲ្យឆេះកម្ដៅស្មើ
ឆ្អិនល្អប្រសើរស្អិតល្មួតសាច់។

អ្នកស្ងោរត្រឹមម្នាក់គ្រប់គ្រាន់ហើយ
ពុំសូវនឿយឡើយគង់សម្រេច
រួចរាល់ចង្ក្រានជាការស្រេច
មិនបាច់នៅឃ្លាំនាំតែហត់។

បើមានគ្នាច្រើនអាចនឹងយ៉ាប់
ចង់ឆាប់បានឆីមិនអំណត់
ទាញរុញចុះឡើងភ្លើងរលត់
ប្រាកដណាស់បើកគ្របម្នាក់ម្ដង។

អន្សមនឹងឆ្អិនមិនបានល្អ
ចំហរគម្របញឹកញយដង
ដំណើបជួនឆ្អិនជួនឆៅផង
ឬខ្លោចតែម្ដងនៅបាតឆ្នាំង។

ការងារខ្លះមិនប្រាកដថា
គ្នាច្រើនអាត្មារួមតតាំង
សម្រុកជួយគ្នាជាកម្លាំង
ចាត់ទុកថាខ្លាំងនឹងសម្រេច។

ជួនកាលគ្នាច្រើនដូចស្រមោច
អន្សមឆៅខ្លោចឆ្អិនមិនស្រេច
ដូច្នេះពេលខ្លះពុំចាំបាច់
សម្រេចគ្នាតិចងាយស្រួលជាង។

Monday, March 10, 2014

អណ្ដាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្ដាត



រាល់ការប្រាស្រ័យស្ដីទាក់ទង
ទំនាក់ទំនងតោងតម្រូវ
អណ្ដាតនេះហើយអ្នកនាំផ្លូវ
ពាក្យខុសឬត្រូវនៅលើវា។

គួរគិតឲ្យមាំមុននិយាយ
ទម្លាយវាចាហាសន្ទនា
ទៅកាន់អ្នកផងគ្រប់វេលា
ទើបវាពុំមានភ្លាត់វាចា។

រនាបបាក់យករនាបជួស
សម្ដីជ្រុលជ្រួសហួសហាថា
ទោះខំសុំទោសមិនអស់ការ
គង់នៅសង្កាជាពុំខាន។
                                                                                   
អណ្ដាតជាអាទិ៍ឲ្យសុខទុក្ខ
រាល់ថ្ងៃទៅមុខមកដល់ប្រាណ
ហេតុនេះគប្បីស្មឹងស្មាធិស្មាន

ប្រមាណឲ្យច្បាស់មុននឹងស្ដី។

មនុស្សឃ្លានកុំឲ្យដាំបាយ...


(បទពាក្យ ៧)

អ្នកឃ្លានមានចិត្តគិតទាន់ហន់
ចង់បានឆ្អែតឆ្អន់បន្ទាន់ភ្លាម
ដៃជើងឆ្លេឆ្លាមិននៅស្ងៀម
លូកលរវាមទាមទារឆី។

បើឲ្យដាំបាយច្បាស់ជាយ៉ាប់
ព្រោះចង់ឆ្អិនឆាប់គ្មានគិតអ្វី
រោចរុកឧសភ្លើងចង្រ្កានដី
ឃ្មាតខ្មីបង្ខំឲ្យឆាបឆេះ។

បើកគ្របចុះឡើងមើលពិនិត្យ
ខ្វល់គិតថាម៉េចក្រពុះម៉្លេះ
រុញភ្លើងបន្ថែមរិតតែឆេះ
អង្កររីកប្រេះប្រែឆៅខ្លោច។

ពេលវាល់អង្ករកំពប់ខ្ចាយ
ពុំគិតខ្វល់ខ្វាយធ្លាក់ជ្រុះហោច
ព្រោះចិត្តរហន់ទាញរោចបោច
ប្រយោជន៍ខាតបង់ពុំខានឡើយ។​​

កំពុងកំហឹងខឹងទោសា
ចិន្ដាមិនស្ងប់ស្ងៀមល្ហែល្ហើយ
ប្រើឲ្យលាងចានពុំកើតឡើយ
ទង្គិចបែកស្បើយអស់អន្តរាយ។

ទ្រគោះបោះបោកទង្គិចច្រាន
បែកស្រាំពុំខានចានហូបបាយ
របស់ងាយបែកទុកឲ្យឆ្ងាយ
ដល់ពេលរសាយចាំគិតទៀត។

រីមនុស្សទោសៈទាំងប្រុសស្រី
ធ្វើអ្វីក៏តែងចិត្តចង្អៀត
-ចង្អល់មួរម៉ៅខ្លៅជូរជាតិ
ចោលម្សៀតរមែងតែងទុក្ខា។

អ្នកដែលស្រេកឃ្លានល្មោភលោភលន់
មិនស្កប់គ្រប់គ្រាន់វេលាណា
អំពើធ្វើតាមតម្រូវការ
សម្រាប់អាត្មាអញតែម្នាក់។

ពុំគិតប្រយោជន៍អ្នកដទៃ
លកលៃបន្លំកេងលួចលាក់
បណ្ដាលទៅតាមចិត្តលោភ
លង់ក្នុងអន្ទាក់នៃចំណង់។

Monday, March 3, 2014

ធ្វើស្រែទាន់ក្ដៅដី..


ភ្លៀងធ្លាក់ដើមឆ្នាំ រដូវដុះដាំ ដំណាំស្រូវស្រែ
ធ្វើកសិកម្ម ប្រចាំហូរហែ និគមជនខ្មែរ
ស្រុកស្រែចម្ការ។

ដីពេញសំណើម ភ្លៀងជោគជាំសើម ចាប់ផ្ដើមកិច្ចការ
ភ្ជួររាស់ព្រោះសាប សំណាបវស្សា ឲ្យស្រេចបាច់ការ
នៅនារដូវ។

បើជ្រុលវេលា ទិន្នផលពូជធារ ក៏វាពុំសូវ
ព្រោះទឹករីងស្ងួត ហួតអស់ពីស្រូវ កណ្ដាលរដូវ
ត្រូវភ្លៀងរាំងស្បើយ។

ប្រុសៗទាំងអស់ ពេញវ័យកម្លោះ ស្ទុះចិត្តឥតល្ហើយ
ចង់បានភរិយា ជាគូកៀកកើយ បានរៀបការហើយ
ទើបស្ងប់ចិន្ដា។

ធម្មជាតិបែបហ្នឹង បើខ្លួនសម្លឹង ឃើញស្រីមួយណា
ដែលពេញហឫទ័យ លៃលកស្នេហា ឆាប់ប្រាប់មេបា
យាត្រាចូលស្ដី។

បើសិនទុកយូរ នាងនឹងដល់គូ មិនមែនអត់អី
ប្រុសច្រើនគគោក មានជោគសិរី រៀបការនឹងស្រី
លែងអីយើងអត់។

ច្នេះបើចំណង់ ចូលទាន់ចិត្តចង់ ដណ្ដឹងប្រាកដ
តាមចិត្តវាក្ដៅ កុំនៅបែនបត់ ប្រយ័ត្នវាអត់
មកសំកុកយំ។

តែកុំចង់ផ្ដាស របៀបរហ័ស ច្បាស់វីវរធំ
ទុំមុនស្រគាល នាឡិតូចជាងនំ ល្បីអស់ទាំងឃុំ
សើចយំចំអក។

រីសព្វការងារ ស្រូតទាន់វេលា ទើបវាពុំខក
ទុកយូរនៅគរ គំនរការស្កក កើនឡើងឥតស្រក
ធ្វើមិនងាយស្រេច។

រ័ត្នន៍ សេនា (ភូមិកាព្យ)


ចូលព្រៃទាន់នៅព្រឹក


(បទពាក្យ ៧)

វេលាព្រហាមចូលព្រឹក្សា
ផលានុផលមានមិនខ្វះ
បុប្ផាផ្កាព្រៃរីកស្អេកស្កេះ
ច្រើនណាស់ឥតខ្វះសព្វផ្លែឈើ។

កន្លងព្រឹកទៅកម្ដៅខ្លាំង
ចែងចាំងចំចូលពីខាងលើ
នឹងស្លោកស្វិតក្រៀមជ្រុះរង្គើ
អនុផលឈើច្រើនអន្តរាយ។

ការងារទាំងពួងមនុស្សប្រុសស្រី
គប្បីខំប្រឹងប្រែងចិត្តកាយ
ស្វះស្វែងគំនិតគិតខ្វល់ខ្វាយ
ប្រែក្លាយប្រយោជន៍ជាចាំបាច់។

ដំបូងបើសិនមិនខិតខំ
រៀបចំចាត់ចែងឲ្យរួចស្រេច
ថ្ងៃក្រោយក៏ពុំបានសម្រេច
ដូច្នេះចាំបាច់ប្រឹងខ្មីឃ្មាត។

បព្វជិតអ្នកបួសក្នុងសាសនា
នឹងចាកសិក្ខាវិលវិញញាតិ
រស់ក្នុងជីវភាពសង្គមជាតិ
មិនឃ្លាតអំពីរកភរិយា។

អាយុនៅក្មេងកបប្រសើរ
ដើរហើររកស៊ីធ្វើការងារ
មិនទាន់ទ្រុឌទ្រោមកាយគ្រាំគ្រា
សុខជាកូនចៅក៏នៅមាន។
..................................

(១) សឹកៈ ផ្លាស់ភេទពីបព្វជិត មកជាគ្រហស្ដវិញ,
លែនៅជាសង្ឃ (លាចាកសិក្ខាបទ)។

ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ


Saturday, February 22, 2014

ដៃភ្លើង ជើងមាន់


ខ្មោចស្រុកឲ្យដៃ...


ពាក្យទំនឹមទំនៀម សុភាសិតខ្មែរ!!
«ខ្មោចស្រុកអោយដៃ ទើបខ្មោចព្រៃហ៊ានធ្វើ»
(នៅទីនេះ គឺខ្ញុំធ្វើការបកស្រាយបែបដូច្នេះ)
................................................
(បទពាក្យ ៧)

អំពើអំពាន់មន្តអាគម (១)
រងោករងំយំរំអួយ
ខ្មោចព្រាយបីសាចកាច់រងួយ
រកគ្រូមកជួយពុំងាយជា។

បើជាខ្មោចព្រៃទីទៃឆ្ងាយ
លបកាយសណ្ឋិតចិត្តមនុស្សម្នា
ត្រូវកាខ្មោចស្រុកឲ្យដៃវា
ធានាណែនាំចាំមើលផ្លូវ។

ខ្មោចស្រុកនេះហើយឲ្យដំណឹង
វាដឹងមនុស្សណាអាចធ្វើត្រូវ
ព្រោះអីគ្មានគ្រូកាន់កាប់ផ្លូវ
តម្រូវងាយស្រូលនឹងចូលណាស់។

មិនខុសពីចោរជនខិលខូច
ប្រដូចខ្មោចព្រៃយ៉ាងនេះច្បាស់
ក្លែងដល់ក្នុងស្រុកតែងស្វែងស្វះ
រកដៃគូខ្លះចិត្តដូចគ្នា។

ព្រោះអ្នកខាងក្នុងស្គាល់កន្លែង
ដែលម្ចាស់ទ្រព្យតែងលាក់នៅនា
អាចផ្ដល់ដំណឹងដឹងដល់វា
យប់យន់សន្ធ្យាជាឱកាស។

ច្នេះចោរក្រៅស្រុកស្រណុកចូល
ប្រមូលគ្មានសល់យល់ទីច្បាស់
របស់អ្វីៗត្រង់ណាខ្លះ
ងាយណាស់បានចោរស្រុកឲ្យដៃ។
...............................................................

(១) ជំនឿរបស់ខ្មែរ រហូតដល់ពេលបច្ចុប្បន្ន ក៏នៅតែមាន
មិនទាន់សាបរលាបទេ អំពីអបិយជំនឿ អំពើអំពាន់ ខ្មោច
ព្រាយបីសាចជាដើម...។

រ័ត្នន៍ សេនា

តម្ពក់វាទៅ ផ្លែព្នៅវាមក


Friday, February 14, 2014

កោកៗ សឹកមាត់ត្រដោក ឆ្អែតពោះក្របី


មាឃបូជា


«មាឃបូជា»
(បទពាក្យ ៧)

ព្រះរាជពិធីទ្វារទសមាស 
ឱភាសពេញបូណ៌មីចន្ទ្រា 
ជាកាលកំណត់មាឃបូជា 
វេលាតែមួយអត្ថន័យពីរ។
ទី ១ មហាសន្និបាត 
អរហន្ត(១)សង្វាតពីទិសទី 
មកជួបជុំគ្នាដ៏មូលមីរ 
ក្នុងទីនៃព្រះសម្ពុទ្ធម្ចាស់។
សព្វញ្ញុពុទ្ធទ្រង់សម្ដែង 
បាដិមោក្ខថ្លែងដីកាត្រាស់ 
ជាលើកដំបូងប្រាកដច្បាស់ 
នាឆ្នាំបានត្រាស់ពោធិញាណ។
ទី ២ ថ្ងៃព្រះបរមសាស្ដា 
ទ្រង់ដាក់សង្ខារចូលនិព្វាន (២) 
សល់បីខែទៀតអស់ធរមាន 
ពេលនោះនឹងគ្មានព្រះគោតម។ 
ហៃ!សាធុជនក្នុងសាសនា 
គប្បីជ្រះថ្លាបែរឆ្ពោះចំ 
គោរពបូជាថ្វាយប្រណម្យ 
ឲ្យសមជាអ្នកពុទ្ធសាសនិក។

(១) ចតុរង្គសន្និបាត( ការប្រជុំសាវ័កប្រកបដោយអង្គ៤) 
ដែលមានតែម្តងគត់នៅក្នុងព្រះពុទ្ធសាសនា ហើយការ
ជួបជុំប្រកបដោយអង្គ៤ នោះមានដូចជា ៖
- ទី១ ជាថ្ងៃពេញបូរមីទី១៥ កើត ខែមាឃ 
- ទី២ ការជួបជុំនោះមានភិក្ខុចំនួន១.២៥០រូប 
- ទី៣ ការជួបប្រជុំភិក្ខុទាំង១.២៥០រូប គឺជាការ
ជួបដោយឯកឯង មិនមានការណាត់ទុកជាមុន។
- ទី៤ អង្គប្រជុំសាវ័កសុទ្ធតែជាព្រះអរហន្ត ដែល
បានសម្រេចនូវអភិញ្ញាណ៦ មានន័យថា អង្គសា
វ័កសុទ្ធតែជាអ្នកចេះហោះហើរទាំងអស់ ។
អរហន្ត១២៥០អង្គ (ក្រុមបុរាណជដិល១០០០ 
ក្រុមអគ្គសាវ័ក២៥០) ដែលមកពីទីផ្សេងៗ មក
ជួបជុំគ្នាក្នុងទីព្រះពុទ្ធបានត្រាស់ដឹង ក្នុងវេលា
ឆ្នាំដំបូង នៅពេលជួបជុំគ្នា ព្រះពុទ្ធទ្រង់បាន
សម្តែងឱវាទប្បាតិមោក្ខ ហើយទ្រង់តាំងសារីបុត្រ
ជាបឋមសាវ័កព្រះ មោគ្គល្លានជាទុតិយសាវ័ក។
(២) ក្នុងបច្ឆិមវ័យ លុះព្រះជន្មគម្រប់៨០វស្សា 
មុនថ្ងៃបរិព្វាន៣ខែ គឺនៅថ្ងៃពេញបូណ៌មីខែមាឃ 
មានមារមកនិមន្តព្រះពុទ្ធឱ្យចូលនិពា្វន ព្រះអង្គ
ទ្រង់ឆ្លើយប្រាប់មារថា ព្រះអង្គនឹងទ្រង់បរិព្វាន
នៅ៣ខែទៀត គឺដល់ថ្ងៃពេញបូណ៌មី ខែពិសាខ
ខាងមុខ។ នៅពេលព្រះអង្គទ្រង់ដាក់ ព្រះជន្មាយុ
សង្ខារនោះ មានការកក្រើកញាប់ញ័រផែនដីយ៉ាង
ខ្លាំង ព្រមទាំងផ្គរលាន់កងរំពងផ្ទៃមេឃ។
អាស្រ័យដោយថ្ងៃពេញបូណ៌មីខែមាឃ ជាថ្ងៃ
អស្ចារ្យ ២ បែបនេះហើយ (ប្រជុំអរហន្ត និងដាក់
អាយុសង្ខារ) បានជាពុទ្ធបរិស័ទនាំគ្នារៀបចំគ្រឿង
សក្ការៈបូជាព្រះរតនត្រ័យរំលឹក ដល់ថ្ងៃខួបនោះ
ជាប្រពៃណី។ នៅប្រទេសខ្មែរគេផ្តើមធ្វើបុណ្យ
មាឃបូជានៅឆ្នាំប្រហែលគ្នា នឹងបុណ្យពិសាខ
បូជាដែរ។

រ័ត្នន៍ សេនា