Friday, May 31, 2013

ក្អែក ១ ជាក្អែក ១០


កាលពីព្រេងនាយមានមានបុរស២នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពី
គ្នា គំនិតដោយខ្លួន។ អាខូចជុះអាចម៏ដាក់១ពាង ហើយយកអាចម៏​ល័ក្ខបិទភ្ជិតយ៉ាងល្អ​មិនឲ្យ
ក្លិនចេញក្រៅបាន។ អាខិលធ្វើកាំបិត១ផែ្ល ប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងមួយ​
លូក។ អាខិលស្ពាយកំាបិតនោះដើរលក់ អាខូចក៏ពុនពាងអាចម៏ នោះដើរទៅលក់ដែរ។ អា​
ខិល​​ទៅពីនេះ អាខូចមកពីនោះ ជួបគ្នាកណ្តាលផ្លូវ អាខូចពពាយនាយថា៖«អ្នកអើយ ទិញផ្អក​
របស់ខ្ញុំទៅពិសារ ផ្អកចាវយ៉ាងល្អ ស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់»។ អាខិលឆ្លើយថា៖
«ទាស់តែលក់ដាវមិនដាច់គ្មានលុយទិញ បើខ្ញុំដូរជាដាវនេះព្រមដូរទេ?»។ អាខូចឃើញដាវនេះ​
វែង ក៏ឆ្លើយថា៖​ «ដូរក៏ដូរ» ។​អាខិលប្រគល់ដាវឲ្យអាខូចហើយអួតថា៖ «ដាវខ្ញុំនេះមុតបំផុត
មេដែករបស់ខ្ញុំផង បើត្រូវការម្តងចាំហូតកាប់ អ្នកឯងកុំប្រញាប់ហូតមើល បើហូតលព្រើលៗ
ស៊កទៅវិញមិនចុះទេ ដាវខ្ញុំពូកែ ខ្ញុំស្តាយរបស់ខ្ញុំ បើកុំតែខែនេះក្រម្អូបណាស់កុំអីខ្ញុំមិនដូរទេ»។
អាខូចក៏ប្រគល់ពាងអាចម៏ទៅឲ្យអាខិល ហើយហាមថា៖ «ផ្អកខ្ញុំក៏នឹងដែរ ដល់ពេលស៊ីចាំបើក​
យកមកចំហុយកុំអាលបើកមើលក្រែងវាស្អុយរុយបែង ក្រែងវាស្អុយក្មសស៊ី​មិនទាន់អស់វាទៅ​
ជាខានឆ្ងាញ់ នឹកឃើញ ជីដូនជីតាបានតែខ្វាស៊ីឆៅ» ។ អ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួន
ហើយតឿនប្រពន្ធថា៖ «ដណ្តាំបាយទៅអញបានផ្អក» ប្រពន្ធថា៖ «បានផ្អកពីណា?»។អាខិល​
ថា៖ «ដូរដាវគេៗថាផ្អកចាវឆ្ងាញ់ពិសារណាស់»។ ប្រពន្ធក៏ពេញចិត្តនឹកថា៖​«ប្តីចេះធ្វើកាំបិតដូរ​
ផ្អក» ស្ទុះភែ្លតទៅលាងចានដួសបាយ ហើយកាន់កាំបិត​យ៉ាងកំរិលក៏កិលទៅ ជិតពាងផ្អកយក​
កាំបិតគាស់អាចម៏ល័ក្ខនោះ បើកឡើងហើយលូកបាន១ក្តាប់ ដាក់ផ្លាប់ទៅក្នុងចាន សល់នៅ​
ក្នុង​ដៃ​ប៉ុន្មានក៏ដាក់ផ្លប់ភ្លក់មើល ងើបមុខឡើងលើ់ថា «យើ ផ្អកចាវអ្វីក៏ស្អុយដូចអាចម៏គ្មានឆ្អឹង
គ្មានសាច់​ កខ្វិចកខ្វក់ ហ្មត់ផងយ៉ាងហ្នឹង ធ្វើផ្អកត្រីអ្វី?»។ ប្តីថា៖«ក្រែងត្រីពោ»​ប្រពន្ធ​ក៏លូក​​​​ កូរាវរកក្បាល លូកបានពាក់កណ្តាល ក្អួតចង្អោរជាង២០វ៉ក​ ​ដឹងជាក់ជាអាចម៏មិនមែន​ផ្អក មក​
បន្ទោសទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួច ។

និយាយពីអាខូចត្រេកអរណាស់ ដើរ​ទៅ​ផ្ទះអួតប្រាប់ប្រពន្ធថា «អាចម៏មួយពាងដូរបានដាវ​មួយ​
ដែរ» ទទួលខឹងនឹងឆែ្កវាច្រាសស្លឹក​គ្រៃ កន្រ្តាក់ដាវនោះលោតដល់ដីបំរុងនឹងកាប់ឆែ្កសំលាប់ ក៏​
ចាប់ដកដាវហូតខ្វាច់ឃើញផែ្លដាវ​នេះខ្លីក្ងិត គេចឡើងទៅលើផ្ទះបង្អាញប្រពន្ធមើលសើច​ទាំង​
ពីរ​នាក់ សើចហើយប្រាប់ប្រពន្ធថា «ប្រាជ្ញអានេះស្មើនឹងអញៗទៅបបួលវាធ្វើសម្លាញ់ គ្រាន់រក​
ស៊ីពីរនាក់នឹងបានមាសប្រាក់​ដោយ​​ងាយ»។

លុះទៅប្រទះនឹងអាខិល ដើរពីនាយសើចពព្រាយនិយាយសួរថា៖ «ឯងទៅណា?»។ អាខិល​​ ​​
ឆ្លើយថា៖ «អញមកសុំឯងធ្វើសម្លាញ់»។ អាមួយក៏ថា៖«អញមកសុំឯងធ្វើក្លើដែរ»​ហើយ​ក៏សុខ​
ចិត្តដើរពីនាក់​ទៅដល់ផ្ទះមហាសេដ្ធីម្នាក់​ចាស់ជរាឈឺស្លាប់ គេដាក់ក្នុងក្តារមឈូស បំរុងបូជា​​
ថៃ្ងសែ្អក ចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នា វេលានោះអាទាំងពីរស៊ើបសួរអ្នក​ដើរ​ខាង​
ក្រៅថា «អ្នកណាស្លាប់បានជាគេយំ?» គេប្រាប់ថា «មហាសេដ្ធីស្លាប់»។ អាទាំងពីនាក់គិត​គ្នា
ថា៖​ «ឯងត្រូវកែ្លងសំបុត្រមួយច្បាប់ទៅប្រាប់គេថា មហាសេដ្ធីឲ្យមកយកទ្រព្យរបស់អញ​បន្លំ​
លបចូលដេក​ក្នុងមឈូសពីលើខ្មោចសេដ្ធីស្តីត​នឹងអ្នកឯង»។ អាមួយក៏ទៅបន្លំដេកដូចគំនិត។
អ្នកនៅជិតមិនបានឃើញមិនបានដឹង ដ្បិតភែ្នកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំង សូត្រព្រះធម៌
កូនចៅតួចធំរវល់តែយំសោក។ អាខូចដើរកក្រដាស់បានធ្វើសំបុត្រ កែ្លងកាន់ដើរទៅសំដែង​
សូត្រ​ឲ្យគេស្តាប់ថាសំបុត្រពីមហាសេដ្ធីមកប្រាប់ថា៖ «ចៅខូចកំសត់តាំងពីតូចជាកូនធម៌ឥឡូវ​
អាពុកជរាហើយ កូនអើយចូរទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចុះ»។

កូនចៅប្រុស​ស្រីគេមិនសុខចិត្ត ព្រោះត្បិតគ្មានត្រា គ្មានហត្ថលេខាសេដ្ធី ។ អាខូចឆ្លើយថា៖
«ខ្ញុំសូមសន្យា​នឹង​​អស់កូនចៅ អញ្ចើញទៅហៅទៅសួរលោកចុះ បើលោកស្តីនោះ ខ្ញុំត្រង់ពិត
បើលោកស្ងៀម​នោះខ្ញុំកែ្លងបព្ឆោតទេ»។ កូនសេដ្ធីស្ទុះភ្លាមទៅស្រែកហៅឪពុក។ អាខិលឆ្លើយ​
ថា៖«អើ!»។កូនសួរថា៖ «ឪពុកបានឲ្យកូនធម៌‌មកយករបស់មែនឬ?» អាខិលឆ្លើយថា «អើ!
កូនអញឈ្មោះអា​ខូច​វា​មកហើយឬ?»។ កូនឆ្លើយថា «ទានប្រុស ! មកហើយ »។ អាខិលថា
«អើ! មើលយក​រទេះ​​​មួយធំ ក្របីមួយនឹម ទឹមរទេះនោះហើយយកមាសប្រាក់កែវកងសំពត់អាវ
វាល់ផ្ទុកក្នុង​រទេះ​ឲ្យល្មមតែក្របីនោះ​អូសរួចបានប៉ុន្មានឲ្យវាយកចុះ»។

កូនចៅស្រីប្រុស ចាញ់ឧបាយកល​អាខិលអាខូច ក៏ខឹងនឹងខ្មោចសេដ្ធីស្លាប់ហើយចេះស្តីហៅ​
អស្ចារ្យ ឥឡូវនឹងបើកក្តារឲ្យច្បាស់ ចាស់​ៗហាមប្រាមថា «មើលមុខខ្មោច​មិនបានខ្លាចដេក​
យប់​មមើមមាយ ម្លោះហើយក៏ជឿជាក់ យក​សំពត់ អាវស្លៀកពាក់ និងកនេ្ទលពូកខ្នល់ខ្នើយ
ហើយថែមតុថាសចានល្អៗ អំបិលប្រហុក៤​ក្រឡ អង្ករ៥ការុង ដាក់ផ្លុកទៅឲ្យ​អាខូចអាខិល
បង្វិលរទេះយ៉ាងធំ​ជជែកយំទឹកភែ្នក​ឲ្យដោយ​ខឹងដោយបញ្ឆោតទាំងស្រីប្រុស ហើយក៏ដឹក​
ក្របី១នឹមទឹមរទេះ​ប្រគល់ទៅឲ្យអាខូច។ អានោះត្រេកអរឡើងបរទេះចេញទៅ អ្នកទាំងអស់​
ដែលនៅតែ ជ្រួលមិនស្រួលចិត្ត ព្រោះត្បិតខឹងនិងស្តាយ។ អាខិលលួចមើល​នាយអាយលប​ចេញប្រិច រត់តាមទៅបន្តិចក៏ទាន់រទេះ ហើយនិយាយគ្នាថា «យើងបានទ្រព្យ​របស់តែទាស់​
ឃ្លាន​បាយ បើឈប់ដណ្តាំបាយ​នៅរៀងអាយ ក្រែងមិនស្ងាត់ ខ្លាចចោរតាមមកប្លន់យកទ្រព្យ​
១រទេះ បើដូចេ្នះឯងឈប់ចាំអញៗទៅសុំបាយគេខ្លះយកមកឲ្យឯង»។ អាមួយព្រម ហើយអា​
មួយក៏ដើរទៅរកថ្នាំ​តាម​ផ្លូវ យកមកលាយបាយឲ្យពុលស្លាប់អន្តរាយ​នឹងយកទ្រព្យរបស់​នោះ
តែម្នាក់ឯង។ ឯអាមួយនៅចាំរទេះក៏ធ្វើខ្នារដាក់ស្ទាក់ផ្លូវបម្រុង​ឲ្យត្រូវអានោះស្លាប់​នឹងយកទ្រព្យ​
តែម្នាក់ឯងដែរ។ វេលានោះ អាមួយទៅសុំបាយគេស៊ីៗរួចហើយ សុំមួយចានផ្ញើរសម្លាញ់ គេ​
មិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផង។ អានោះក៏លាគេដើរចេញមក​ហើយ​
យក​​ថ្នាំប្រឡាក់បាយ​មកដល់ខាងអាយក៏ត្រូវនឹងខ្នារនោះស្លាប់ អាមួយដើរ ប្រញាប់ចាប់យក​
បាយ​​ស៊ី​មិន​ដឹងថាមានថ្នាំពុល ក៏ពុលស្លាប់បន្ទាប់គ្នា។

ឯក្របីនោះក៏អូសរទេះចូលក្នុងព្រៃ រតេករតាកទៅជ្រក​ក្នុងទឹកត្រពាំងដាច់ខែ្សទាមដេក​ត្រាំទឹក​
នៅទីនោះទៅ។ ដល់វេលាព្រឹក​មានបុរសម្នាក់ដើរទៅ ឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃ
នឹក​ម្តងភ័យនឹកម្តងអរថា ឯងអ្នកក្រ​មិនដែលប្រទះ​ទ្រព្យច្រើនដូចនេះទេ ដូចេ្នះបើលៃលកយក​
ទៅធ្វើជារបស់ខ្លួនក្រែងពុំបានសុខ ក៏រុញរទេះសំរុកទៅទុកក្នុងព្រៃ ចងក្របីជាប់ត្រឡប់ទៅផ្ទះ​
វិញ ហើយក៏ពិសោធន៏មាយាទប្រពន្ធដោយគិតថា «បើប្រពន្ធមាយាទល្អ​នឹងយកទ្រព្យនោះ​ទុក​​
ជារបស់ខ្លួន បើនិយាយអ្វីមិនចេះលាក់​នឹងយករបស់ទាំងនោះទៅជូនរាជការផែនដី​ប្រយោជន៏​
ដើម្បីឲ្យសុខខ្លួន»។

គិតហើយទៅដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថា «អញជុះអាចម៏មិញៗ មានសត្វកែ្អកមួយហើរ​
ចេញ​ពីក្តិត តែឯងអាណិតបិទមាត់ឲ្យឈឹង កុំឲ្យនរណាគេដឹងមួយជាពីរ តែចូលត្រចៀក​គេវា​
បែកការណ៏អាក្រក់ណាស់ កើតមានជំនុំជម្រះសួរទៅសួរមក ហើយគ្មានទាំងសាក្សី​បានដឹង​
នឹង​អាងក្រែង​គេយកអញទៅឆ្កាង ឬយកទៅដាក់គុក»។ ប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថា
«មានកែ្អកពីរហើរ​ចេញពីក្តិតប្តីអញ តែឯងកុំមាត់»។ មេមួយទៀតមិនអត់ទៅប្រាប់គេថែមថា
កែ្អក​៥ប្រាប់លើសៗតគ្នា ដរាបដល់កែ្អក១០។ រឿងនោះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រ ទ្រង់​
ចាត់​ប្រើ​អាមាត្យឲ្យ​ស្រាវជ្រាវរក​ដល់បុរសនោះ បុរសនោះក៏ថ្វាយបង្គំគាល់សេ្តចទ្រង់ឆ្ងល់​
ត្រាស់​​សួរថា «មែនឬមិនមែន»។ បុរសក្រាបទូលថា «ទួលព្រះបង្គំ កុហកប្រពន្ធចង់​ដឹងចិត្ត​
ព្រោះ​ដ្បិតឃើញទ្រព្យច្រើន"។ បុរសនោះក្រាបទួលដូចខាងលើ ហើយក្រាបបង្គំលាទៅទឹម
រទេះយកទៅ​ថ្វាយសេ្តចៗសេ្តច​ទ្រង់ព្រះរាជទាន​​ឲ្យបុរសនោះពាក់កណ្តាលៗដាក់ឃ្លាំង។


ដកស្រង់ពី ប្រជុំរឿងព្រេងខ្មែរ!!

Thursday, May 30, 2013

ជាតិជាខ្លាធំ


កាល​ពីព្រេងនាយ​ មាន​ព្រះមហាក្សត្រិយ៍​មួយ​ព្រះអង្គ​ សោយ​រាជ​សម្បត្តិ​នៅ​នគរ​មួយ​ មាន​អគ្គមហេសី​ ជា​ចមស្រ្តី​ មាន​មន្រ្តី​ចតុស្ដម្ភ​៤​នាក់​ មាន​ហោរា​មួយ​នាក់​ ជា​តំណាង​ព្រះនេត្រ​ ព្រះ​កាណ៌​ព្រះអង្គ​ មាន​មន្រ្តី​និង​ស្រី​ស្នំ​ជា​រាជ​បរិពារ​ ពេញ​កិត្តិយស​ជា​ម្ចាស់​ផែន​ដី​ តាម​ព្រះរាជ​ប្រពៃ ណី​អំពី​បុរាណ​រៀង​មក ។ ប៉ុន្តែ​ព្រះមហាក្សត្រិយ៍​និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ ពុំ​បាន​រៀន​វេទមន្ត​ ខាង​ការ​ពិជ័យ​សង្រ្គាម​ ដូច​ព្រះរាជា​មុនៗ​មក​ឡើយ​ ព្រះអង្គ​តែង​ទ្រង់​ព្រួយ​បារម្ភ​នឹង​ព្រះមហា​នគរ​ជា​អនេក។ ដោយ​ព្រះរាជានុភាព​របស់​ព្រះអង្គ​ ចេះ​តែ​ទន់ទាប​ចុះ​ទ្រង់​ក៏​រំពឹង​ថា « បើ​ប្រសិន​ជា​មាន​​​សឹក​សត្រូវ​ ចូល​មក​លុកលុយ​ដណ្ដើម​ព្រះ​នគរ​ អញ​មុខ​ជា​ព្រះនគរ​នឹង​បាន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​បច្ចាមិត្រ​ដោយ​ងាយ​ពុំ​ខាន​ឡើយ»
ថ្ងៃ​មួយ​ វេលា​ម៉ោង​៨​ព្រឹក​ ព្រះអង្គ​ទ្រង់​យាង​ចេញ​កាន់​ចុង​ព្រះរាជ​រោង​ ដោយ​មាន​ព្រះអគ្គ​មហេសី​គង់​អែប​នែប​ជិត​ព្រះអង្គ​ ហើយ​ដោយ​មាន​ហោរា​ចតុស្ដម្ភ​ទាំង​៤​នាក់​ និង​មន្រ្តី​ឯ​ទៀត​ ក្រាប​បង្គំ​គាល់​តាម​ធម្មតា ។ ពេល​នោះ​ទ្រង់​ភ្នក​ព្រះទ័យ​ ចង់​ទៅ​រៀន​សិល្បសាស្រ្ត​ក្នុង​សំណាក់​អាចារ្យទិសាបាមោក្ខ​ ឯ​នគរ​តក្កសិលា ។ ទ្រង់​ក៏​ជំនុំ​ជាមួយ​ព្រះអគ្គមហេសី​ ក៏​សុំ​តាម​ទៅ​ផង ។ ឯ​ហោរា​និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ ក៏​សុំ​តាម​ហែ​ព្រះអង្គ​ទៅ​ដែរ​ ដើម្បី​នឹង​រៀន​មន្ត​វិជ្ជា​ឲ្យ​ជំនាញ​ ដើម្បី​​រក្សា​ព្រះ​នគរ ។ ព្រះអង្គ​ក៏​ទ្រង់​ព្រះរាជានុញ្ញាត ។ ជំនុំ​ស្រេច​ហើយ​ មាន​ថ្ងៃ​មួយ​ព្រះអង្គ​នាំ​អគ្គមហេសី​ ហោរា​ និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ចេញ​ចាក​ព្រះនគរ ។ គម្រប់​៧​ថ្ងៃ​ ដល់​នគរ​តក្តសិលា​ បាន​ជួប​នឹង​អាចារ្យ​ទិសាបាមោក្ខ​ ក៏​សុំ​រៀន​សិល្ប​វេទ ។ អាចារ្យ​ទិសាបាមោក្ខ​ទទួល​ភារៈ​បង្រៀន​ព្រះអង្គ ។ ព្រះអគ្គមហេសី​ និង​ហោរា​ព្រម​ទាំង​ចតុស្ដម្ភ​បាន​រៀន​ចេះ​ចប់​សព្វគ្រប់​​ទោះ​នឹង​ចង់​ក្លែង​ខ្លួន​ជា​សត្វ​តិរច្ឆាន​ ឬ​ជា​យក្ស​គន្ធព្វសុបណ្ណា​ ក៏​បាន​ដោយ​ងាយ ។ រៀន​ចេះ​ចប់​ស្រេច​ ស្ដេច​សុំ​លា​លោក​អាចារ្យ​ វិល​ត្រឡប់​មក​ព្រះនគរ​វិញ ។ អាចារ្យ​ក៏​អនុញ្ញាតិ​ព្រះរាជា​ និង​ព្រះអគ្គមហេ​សី​​បាន​ធ្វើ​ព្រះរាជ​ដំណើរ​ ត្រឡប់​មក​វិញ​ ព្រម​ដោយ​ហោរា​ នូវ​ចតុស្ដម្ភ​ទាំង​បួន​នាក់ ។ ទ្រង់​ចេញ​ចាក​ក្រុង​តក្កសិលា​មក​បាន​៣​ថ្ងៃ​ ហេតុ​តែ​ផលកម្ម​នាំ​ឲ្យ​វង្វេង​ផ្លូវ​ ទ្រង់​យាង​ត្រាច់​កាត់​ព្រៃ​ អស់​ស្បៀង​អាហារ​ សោយ​តែ​មើម​ឈើ​ និង​ផ្លែ​ឈើ ។ ព្រះរាជា​ទ្រង់​ស្ដាយ​ព្រះជន្ម​ ទ្រង់​ក៏​ជំនុំ​គិត​ជា​មួយ​ហោរា​ ចតុស្ដម្ភ​ទាំង​៤​នាក់​ព្រម​ទាំង​ព្រះអគ្គមហេសី​ថា «ឥឡូវ​នេះ​ យើង​ជិត​ដល់​នូវ​ការ​អស់​អាយុ​សង្ខារ​គ្រប់​គ្នា​ហើយ​ ព្រោះ​គ្មាន​អាហារ​នឹង​ចិញ្ចឹម​ជីវិត​ តើ​អស់​លោក​យល់​ឃើញ​ដូចម្ដេច»? ។ ហោរា​ទូល​ព្រះ​អង្គ​ថា «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ យល់​ឃើញ​ថា​មន្ត​វិជ្ជា​ដែល​យើង​បាន​រៀន​មក​ សឹង​ចេះ​សព្វ​គ្រប់​ដូច​គ្នា​ ហេតុនេះ​ បើ​កាឡា​ខ្លួន​ជា​សត្វ​ខ្លា​ធំ​ ហើយ​នឹង​ចាប់​សត្វ​ឯ​ទៀត​​ធ្វើ​ជា​អាហារ​ទំរាំ​តែ​ទៅ​ដល់​ព្រះ​នគរ​ សឹម​កាឡា​ខ្លួន​ជា​មនុស្ស​វិញ​ក៏​បាន»។ ព្រះរាជា​ ព្រះ​មហេសី​នូវ​ចតុស្ដម្ភ​ ក៏​ព្រម​តាម​ហោរា ។ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា « ឥឡូវ​រូប​ខ្លា​ទាំង​មូល​នេះ​ លោក​ណា​ត្រូវ​កាឡា​ខ្លួន​ធ្វើ​ជា​អ្វី?» ។ ចតុស្ដម្ភ​សុំ​ធ្វើ​ជា​ជើង​ខ្លា​ទាំង​បួន ។ ហោរា​សុំ​ធ្វើ​ជា​កន្ទុយ ។ ព្រះ​អគ្គមហេសី​សុំ​ធ្វើ​ជា​ខ្លួន​ខ្លា ។ រូប​ខ្លា​ទាំង​មូល​នេះ​ឃើញ​នៅ​សល់​តែ​ក្បាល​ គឺ​តួ​ព្រះមហាក្សត្រិយ៍ ។ ជំនុំ​រួច​ស្រេច​ក៏​សូត្រ​មន្ត​វិជ្ជា​កាឡា​ខ្លួន​កើត​ជា​ព្យគ្ឃរាជ (ស្ដេច​ខ្លា) បាន​ដូច​សេចក្ដី​ប្រាថ្នា​ ស្ទុះ​បោល​ដេញ​ចាប់​​​សត្វ​ប្រើស​ ក្ដាន់​ជា​អាហារ ។ លុះ​អំឡុង​ទៅ​ ក៏​កើត​មាន​សេចក្ដី​សប្បាយ​ ភ្លេច​រាជ​សម្បត្តិ​ និង​ព្រះ​មហានគរ​ពុំ​ស្ដាយ​សោះ ។
ហេតុ​នេះ​ បាន​ជា​សត្វ​ខ្លា​ មាន​កម្លាំង​ជាង​សត្វ​ឯ​ទៀត​ ហើយ​សត្វ​ខ្លា​នេះ​ កាល​នឹង​ចាប់​សត្វ​ជា​អាហារ​ គឺ​ដឹង​ដោយ​សារ​កន្ទុយ​ជា​មុន​​ព្រោះ​ជា​ហោរា ។ ដង​ខ្លួន​ដែល​ទន់​ភ្លន់​គឺ​ព្រះ​អគ្គមហេសី​ជា​ស្រ្តី​ភាព ។ ឯ​ក្បាល​ដែល​មើល​ឃើញ​សម្បើម​អស្ចារ្យ​ គឺ​តួ​អង្គ​ព្រះមហាក្សត្រិយ៍​ ដែល​មាន​មហិ​ទ្ធិ ឫទ្ធិ​ជាង​គេ​ទាំងអស់។ឯ​ជើង​ទាំង​៤​ដែល​មាន​កម្លាំង​ខ្លាំង​ហើយ​មាន​ក្រចក​មុត​គឺ​ចតុស្ដម្ភ​ទាំង​៤។


យោងពីៈ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ

Wednesday, May 29, 2013

តម្លង់ ៧ សន្ដាន


កាល​ពី​ព្រេង​នាយ មាន​បុរស​ប្តី​ប្រពន្ធ នាំ​គ្នា​ទៅ​សួរ​បង​ប្អូន​នៅ​ភូមិ​ត្រៃ​សណ្តែក​ដើរៗ ទៅ​ប្រទះ​នឹង​អាតម្លង់ ៧ សន្តាន កំពុង​តែ​ទឹម​គោ​ភ្ជួរ​ស្រែ ។ បុរស​ប្តី​ប្រពន្ធ​នោះ សួរ​ថា «អ្នក​អើយ​អ្នក! ផ្លូវ​ណា​កាត់​ត្រង់​ទៅ​លើ​ភូមិ​ព្រៃ​សណ្តែក ត្បិត​ខ្ញុំ​ខាន​មក​យូរ​ឆ្នាំ​ហើយ មិន​ដឹង​ជា​ផ្លូវ​ណា​គាត់​ទៅ​ឲ្យ​ត្រង់?»។
«កូន​ក្រោល​បង្គោល​ស្នឹង អាក្រហម​មួយ​នេះម្តាយ​ក្មេក​គាត់​ចែក ឯ​អា​ស្នែង​កន្ទែកឪ​អញ​គាត់​ឲ្យ អញ​មិន​លួច​គោ​របស់​អាណា​មក​ទឹម​ទេ» ។
ឯបុរស​ប្តី​ប្រពន្ធ​ដែល​សួរ​ផ្លូវ​នោះ ឮហើយ​និយាយ​គ្នា​ថា«អ្នក​នេះ យើង​សួរ​ផ្លូវ​គាត់ៗ​​និយាយ​ ​​ពី​គោ ហើយ​ស្តី​គំរោះ​គំរើយ​ឲ្យ​យើង​ផង ណ្ហើយ​គេហ៍! យើង​កុំ​ខ្ចី​សួរ​វា យូរ​ឆាប់​គង់​តែ​នឹង​ទៅ​ដល់​ផ្ទះ​បង​ប្អូន​មិន​ខាន» ហើយ​ក៏​បណ្តើរ​គ្នា​ហួស​ទៅ ។
ឯអាតម្លង់​៧ សន្តាន​នោះ ក៏​ខំ​ភ្ជួរ​ស្រែ​មិន​ឈប់ ដល់​ពេល​ថ្ងៃ​ជិត​ត្រង់ មេ​តម្លង់​ជាប្រពន្ធ​ក៏​ទូល​បាយ​ទៅ​ឲ្យ​ប្តី​បរិភោគ លុះ​ទៅ​ដល់​ក៏​ដាក់​ល្អី​បាយ​ក្រោយ​ម្លប់​ឈើនៅ​ភ្លឺ​ស្រែ ។ ប្តី​ឃើញ​ប្រពន្ធ​យក​បាយ​មក​ឲ្យ ក៏​ឈប់​ភ្ជួរ​ស្រែបរិភោគ​បាយនិយាយ​ទាំង​ខឹង​ប្រាប់​ប្រពន្ធ​ថា៖
«មាន​បុរស​ប្តី​ប្រពន្ធ​បណ្តើរ​គ្នា​មក​ពី​ណា​ចោទ​ប្រកាន់​ថា អញ​លួច​គោ​វា ឯគោ ១ នឹម​នេះ ប្រាកដ​ជា​ម៉ែ​ឪឯងយើង​ចែក​មក» ។
ប្រពន្ធ​ឃើញ​មាត់​ប្តី​និយាយ​ម្ហបៗ នឹក​ស្មាន​ថា​ស្តី​ឲ្យ​ខ្លួន ស្រាប់​តែ​ខឹង ហើយ​ឆ្លើយ​តបទៅ​វិញ​ថា
«អញ​គិត​ថា​ប្តី​មក​ភ្ជួរ​ស្រែ​ទាល់​ថ្ងៃ​ត្រង់ ខំ​ប្រញាប់​ប្រញាល់​ទូល​បាយ​មក​ឲ្យ​ស៊ី ឥឡូវ​ទៅ​ជា​ថា ឯង​មាន​សហាយ អញ​សហាយ​នឹង​ឈ្មោះ​អាណា គាត់​រក​មុខ​ឲ្យ​ឃើញមក» ។
ឯប្តី​មិន​ទាល់​តែ​ពម​បាយ​អស់​មួយ​កូន​ល្អី ប្រពន្ធ​ថា​អ្វី​ក៏​មិន​ឮ​ផង ។ លុះ​ប្តី​បរិភោគ​រួច ប្រពន្ធ​កន្រ្តាក់​យក​ល្អី ។
ប្តី​សួរ​ថា៖ «ឯង​មាន​ការ​អ្វី​ឯផ្ទះ បាន​ជា​ប្រញាប់​ម្ល៉េះ?»
ប្រពន្ធ​ថា៖ «អញ​មុខ​ជា​ប្រាប់​ម៉ែ​ឪអញ​មិន​ខាន»
ហើយ​កណ្តៀត​ល្អី​ត្រឡប់​ទៅ​ដល់​ផ្ទះ ជួប​នឹង​ម្តាយ និយាយ​ទាំង​ខឹង​មុខ​ក្រហម​ប្រាប់​ម្តាយ​ថា៖ «កូន​ប្រសា​ម៉ែ​ឯង​វា​ល្អ​ហើយ! ខ្ញុំ​ទូល​បាយ​ទៅ​ឲ្យ​ស៊ី ដាក់​ល្អី​ស្ទើរ​តែ​មិន​ទាន់ វា​ស្តី​ឲ្យ​ខ្ញុំ​ថា​មាន​សាហាយ» ។
ចំណែក​ម្តាយ​នោះ ខឹង​ញ័រ​ឡើង​ថា៖ «ហង​ឯង ដូច្នេះ​ទេ​តើបាន​ជា​មុខ​ក្រហម អញ​ថា​កូន​ថា​ចៅ បាន​ជា​ចាំ​ផ្ទះ​ឲ្យ​វា ឥឡូវ​វា​ថា​ឯងលួច​ថ្នាំ​វា​យក​ទៅ​ដូរ​ដូង មេ​អន្តរធាន​ឯង​ក្រោយៗ កុំ​និយាយ​ដូច្នេះ មិន​ត្រូវ​ទេ សូម្បី​តែ​ថ្នាំ​១​ឆ្នុក ក៏​អញ​មិន​លួច​យក​ផង បើ​ទុក​ជា​អញ​យក​មែន ម្តាយ​នឹង​កូន​មិន​ត្រូវ​ហង​ឯង​ពោល​ឲ្យ​អញ​ខ្មាស​គេ​ទេ ចាំ​ឪហង​ឯង​មក អញ​ប្រាប់​ឲ្យ​ជេរ​វាយ​ប្រដៅ​ហង​ឯង​មិន​ខាន» ។
លុះ​យូរ​បន្តិច ប្តី​មក​ពី​កាប់​បង្គោល​ធ្វើ​របង​បង្ការ​មិន ឲ្យ​គោ​ក្របី​ចូល​ស៊ី​សំណាប​សន្ទូង ប្រ​ពន្ធ​និយាយ​ប្រាប់​ប្តី​ថា៖ «កូន​ស្រី​យ់ង​វា​យក​បាយ​ទៅ​ឲ្យប្តី ខ្ញុំ​ចាំ​ផ្ទះ​ឲ្យ​វា លុះ​មក​វិញ វា​ថា​ខ្ញុំ​ជា​ម្តាយ​លួច​ថ្នាំ​វា​ដូរ​ដូង ខ្ញុំ​ខឹង​ណាស់» ។
ប្តី​ស្តាប់​មិន​ឮ ខឹង​នឹង​ប្រពន្ធ​ក៏​ជេរ​ថា៖«មេ​ចោរ​គ្រហរ! ហង​ឯង​ប្រចណ្ឌ​អញ​អី​ម៉្លេះ! អញ​មាន​ស្លៀក​ពាក់​តែង​តួ​ដើរ​លេង​ចង់​ស្រី​ឯណា អញ​ទៅ​កាប់​ឈើ​ធ្វើ​បង្គោល​របង​ទេ​តើ! អញ​អត់​តែ​ម្តង​នេះ ក្រោយៗ​បើ​ហង​ឯង​នៅ​តែ​ស្តី​ប្រចណ្ឌ​អញ​ទៀត មុខ​ជា​អញ​ធាក់​ឲ្យ​ដួល​ទាំង​ជំហរ​មិន​ខាន» ហាម​ប្រពន្ធ​ហើយ បរិភោគ​បាយ រួច​ទៅ​ចង​សន្ទួច​បាន​ត្រី ត្រឡប់​មក​ផ្ទះ​វិញ ។
វេលា​ថ្ងៃ​ល្ងាច ប្រពន្ធ​ក៏​ធ្វើ​ត្រី​ស្ល​អាំង​ឲ្យ​ប្តី​បរិភោគ​ខ្លះ រំ​លែក​ទុក​ព្រឹក​ខ្លះ ដើម្បី​នឹង​ធ្វើ​សម្រាប់​យក​ទៅ​ប្រគេន​លោក​កូន​ឯ​វត្ត និង​កូន​ប្រុស​តូច​ម្នាក់​ឲ្យ​នៅ​រៀន​អក្សរ​ជា​មួយ​នឹង​លោក​បង​នោះ ។
លុះ​ព្រឹក​ឡើង ម្តាយ​នោះ​ដាំ​បាយ​ដួស​ដាក់​ចាន មាន​ម្ហូប​ពី​ល្ងាច​ស្រាប់ ទូល​យក​ទៅ​ដល់​កុដិ​ប្រគេន​លោក​កូន ហើយ​និយាយ​ថា៖
« ខ្ញុំ​ព្រះ​ករុណា​រលឹក​លោក​កូន​ណាស់! មួយ​ទៀត​ប្អូន​តូច​វា​រៀន​អក្សរ​ក្រាន់​បើ​ទេ?» ។​
លោក​កូន​នោះ​ប្រាប់​ថា៖ «ចម្រើន​ពរ​ញោម! អាត្មា​សព្វ​ថ្ងៃ​នេះ កុំ​ពុង​ស្រឡាញ់​សីល​ផ្នួស​ណាស់, អាត្មា​មិន​សឹក​ទេ» ។
ម្តាយ​ក៏​ហៅ​កូន​តូច​ដែល​នៅ​បម្រើ​បង​នោះ​ថា៖ «អានាង! លា​លោក​បង​ទៅ​ផ្ទះ​នឹង​ម្តាយ​បាន​មួយ​ថ្ងៃ​សិន ត្បិត​ឪពុក​ឯងរឭក​ណាស់» ។
កូន​តូច​ឆ្លើយ​ប្រាប់​ម្តាយ​ថា៖ «ត្រី​ងៀត​លោក​បងនៅ​ពីរ​កន្ទុយ​ទុក​ក្នុង​កុដិ, ពេល​ល្ងាចខ្ញុំ​យក​​ពីរ​ចម្រៀក​ដុត​ស៊ី​បាយ ដែល​សល់​ពី​លោក​ឆាន់​ពេល​ព្រឹក​នោះ» ។
ឯលោក​សង្ឃ ដែល​គង់​នៅ​ជិត​កុដិ​ទាំង​ប៉ុន្មាន បាន​ឮ​ម្តាយ​នឹង​កូន​និយាយ​តែ​ដោយ​ខ្លួន មិន​ទទួល​សម្រុង​គ្នា​ដូច្នើ លោក​ទាំង​អស់​ទប់​ពុំ​បាន ក៏​សោច​ទ្រហឹង​អឺង​អាប់ ។
សិកា​នោះ ក៏​សំពះ​លា​លោក​កូន​ត្រឡប់​មក​ដល់​ផ្តះ​វិញ ហើយ​លុត​ជង្គង់​ជូន​បុណ្យ​ប្តី​ថា៖«ខ្ញុំ​ជូន​បុណ្យអ្នក​ផង» ។
ប្តី​ឆ្លើយ​ថា៖ «អើ!អញ​ឃើញ​បាយ​សម្ល​ខ​អាំង ព្យួរ​ទុក​នៅ​សង្រែក អញ​ស៊ី​អស់​ទៅ​ហើយ» ។
ប្រពន្ធ​ក៏​មើល​មុខ​ប្តីៗ មើល​មុខ​ប្រពន្ធ ប៉ប្រិច​ភ្នែក​ម៉ក់ៗ ធ្វើ​វា​ហឺ​តែ​ដោយ​ខ្លួន ។
លុះ​យូរ​បន្តិច ស្រាប់​តែ​ប្អូន​ស្រី​បង្កើត​ខាង​ប្តី នៅ​ភូមិ​ដទៃ​ឆ្ងាយ​មក​ដល់ បាន​ផ្លែ​ពង្រ​មួយ​ផ្តិល​និង​ស្លឹក​ប្រស់​ស្វា​មួយ​សំណុំ​មក​ផ្ញើ​បង និយាយ​សួរ​បង​ថា៖ «បង​បាន​ភ្ជួរ​រាស់​ដក​ស្ទួង​បាន​ស្រែ​ប៉ុន្មាន​ហើយ?» ។
បង​ទាំង​ប្តី​ប្រពន្ធ​ឆ្លើយ​ប្រាប​ទៅ​ប្អូន​ស្រី​វិញថា៖ «អើ​ហង! ល្មម​ទុក​ដាក់​ឲ្យ​វា​មាន​ប្តី​ទៅ​ចុះ តែ​ហង​មើល​កុំ​ឲ្យ​តែ​ចេះ​លេង​បៀ​ផឹក​ស្រា​ជក់​អាភៀន» ។
ប្អូន​ស្រី​ស្ងាប់​មិន​ឮ​ទៀត ក៏​ប្រាប់​ទៅ​បង​ទាំង​ពីរ​នាក់​ថា«ខ្ញុំ​ស្តាយ​ត្រឡាច​ខ្ញុំ​មួយ​ទ្រើង​ណាស់ កំពុង​តែ​ផ្កា​ក្តិប​តូចៗ ស្រាប់​តែ​មេ​ជ្រូក​វា​ទៅ​ឈ្មួស​គល់​ដាច់​ងាប់​អស់» ។
បង​ទាំង​ពីរ​នាក់​ថា៖ «អើ​ហង! ល្មម​ទៅ​ផ្ទះ​ក៏​ទៅ​ចុះ ល្ងាច​ណាស់​ហើយ ក្រែង​កូន​វា​យំ​រក»។
ប្អូន​ស្រី​នោះ ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។
ព្រោះ​អ្នក​ទាំង ៧ នាក់ គឺ​បុរស-ស្រី្ត ប្តី​ប្រពន្ធ, ម្តាយ​ឪពុក, លោក​ភិក្ខុ-កុមារ​ជា​កូន​និង​ប្អូន​ស្រី សុទ្ធ​តែ​ថ្លង់​និយាយ​មិន​ចុះ​សម្រុង​គ្នា បាន​ជា​រឿង​នេះ​គេ​ហៅ​ថា រឿង​តម្លង់​៧​សន្តាន ។
«ស្តាប់​មិន​ទាន់ជាក់ កុំ​អាល​ញាក់​ចិញ្ចើម»
សម្រង់ពីក្រុមជំនុំទំនៀមទម្លាប់ខ្មែរ

ដើមកំណើតរន្ទះ


ពី​ព្រេងនាយ មាន​បិសាច​មួយឈ្មោះ ​រាមាសូរ និង​នាង​អារក្ខ​ទេវី​មួយ​ឈ្មោះ មេខលា ។ ​អ្នក​ទាំងពីរ​បាន​នៅ​បម្រើ​មហា​ឫសី​ដ៏​មាន​ទ្ធិ​ម្នាក់ ដើម្បី​នឹង​រៀន​វិជ្ជា​មន្ត​អាគមគាថា ។ បិសាច និង​នាង​មេខលា​បាន​ខំ​រៀន​ប្រណាំង​ប្រជែង​គ្នា​ដើម្បី​បំពេញ​ចិត្ត​គ្រូ​រៀងខ្លួន ហើយ​អ្នក​ទាំងពីរ​ប្រកប​ដោយ​បញ្ញា​វៃ​ក្រៃលែង​ដូច​គ្នា ។ តាបស​ក៏​ស្រឡាញ់​អ្នក​ទាំងពីរ​នោះ​ស្មើ​គ្នា ។ កាល​បើ​តាបស​បាន​បង្រៀន​សិស្ស​លោក​ចប់​គ្រប់​មុខ​វិជ្ជា​ហើយ លោក​ក៏​ចង់​ល្បង​វិជ្ជា​សិស្ស​មើល​ថា តើ​អ្នក​ណា​មួយ​ប៉ិន​ប្រសប់​ជាង​គេ ។ ទើប​លោក​និយាយ​ទៅ​កាន់​សិស្ស​ថា «បើ​អ្នក​ណា យក​កែវ​មួយ​មាន​ទឹក​សន្សើម​ពេញ​មក​ឲ្យ​ខ្ញុំ​បាន នោះ​ខ្ញុំ​នឹង​ធ្វើ​ទឹក​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​កែវ​មនោហរា ហើយ​ដោយ​គុណភាព​នៃ​រតន​វត្ថុ​នោះ អ្នក​ម្ចាស់​កែវ​អាច​ប្រាថ្នា​ធ្វើអ្វី ឬ​ចង់​បាន​អ្វី ចេះ​តែ​បាន​សម្រេច​ទាំងអស់» ។

រាមាសូរ ក៏​យក​កែវ​មួយ​ទៅ​ត្រង​ទឹក​សន្សើម​ដែល​ទើ​នៅ​ស្លឹក​ឈើ និង​ស្មៅ​ផ្សេងៗ ។ វា​បាន​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ​ជា​ច្រើន​ព្រឹក ប៉ុន្តែ​ឥត​បាន​ផល​ល្អ​សោះ ។ ចំណែក​ឯ​នាង​ ​មេខលា ដែល​ជា​ស្រី​គិត​វែង​ឆ្ងាយ​ក៏​រើស​យក​បណ្ដូល​ឈើ​មួយ​យ៉ាង​ទន់​ស្ពោតៗ ហើយ​យក​ទៅ​ដាក់​ផ្ដិត​លើ​ទឹក​សន្សើម ដែល​ដក់​នៅ​លើ​ស្លឹក​ឈើ និង​នៅ​លើ​ស្មៅ ទាល់​តែ​ដុំ​ឈើ​នៅ​ជក់​ទឹក​ពេញ​ទាំងអស់ ។ បន្ទាប់​មក​នាង​មេខលា​បាន​យក​ដុំ​ឈើ​នៅ​ទៅ​ច្របាច់​ទឹក​ដាក់ក្នុង​កែវ ។ អាស្រ័យ​ដោយ​ហេតុ​ដូច្នេះ នាង​ក៏​រក​ទឹក​សន្សើម​ដាក់​កែវ​បាន​ពេញ ហើយ​ក៏​យក​កែវ​នោះ​ទៅ​ជូន​មហា​តាបស ។ ហេតុ​ដូច្នេះ បាន​ជា​នាង​អារក្ខ​ទេវី​ត្រូវ​បាន​តាបស​សម្គាល់​ថា ប៉ិន​ប្រសប់​ជាង​បិសាច ។

តាបស ​ជប់​ទឹក​សន្សើម​នោះ​ឲ្យ​កើត​ទៅ​ជា​កែវ ហើយ​ប្រគល​ទៅ​ឲ្យ​នាង​មេខលា​ដោយ​ប្រាប់​ថា «កែវ​នេះ​មាន​គុណភាព​ខ្លាំង​ណាស់ បើ​អ្នក​មាន​បំណង​អ្វី​មួយ គ្រាន់​តែ​លើក​កែវ​នេះ​គ្រវី​ឡើង នោះ​មួយ​រំពេច សេចក្ដី​ប្រាថ្នា​របស់​អ្នក​នឹង​បាន​សម្រេច​ភ្លាម មួយ​ទៀត​ដោយ​គុណភាព​នៃ​កែវ​នេះ អ្នក​អាច​ហោះកាត់​អាកាស​កប់​ពពក​ជ្រក​អាចម៍​ជន្លេន​ទៅ​កាន់​កន្លែង​ណា​ក៏​បាន​ទាំងអស់»

នាង​អារក្ខ​ទេវី ក៏​ទទួល​យក​កែវ​នោះ​មក​លើ​គ្រវី​ឡើង​លើ ស្រាប់​តែ​ហៅ​វឹង​ទៅ​លើ​មេឃ​តម្រង​ទៅ​មហា​សាគរ ។ ចំណែក​ឯ​រាមាសូរ អាស្រ័យ​ដោយ​ការ​ព្យាយាម​ដ៏​យូរ ក៏​រក​ទឹក​សន្សើម​ដាក់​បាន​ពេញ​កែវ ហើយ​យក​ទៅ​ថ្វាយ​មហា​ឫសីៗ ពោល​ថា «ចៅ​ឯង​យក​របស់​នេះ​មក​យឹត​យូរ​​​ពេក ហួស​ពេល​តា​ត្រូវការ ឥឡូវ​តា​បាន​ឲ្យ​រតន​វត្ថុ​នោះ​ទៅ​នាង​មេខលា​ទៅ​ហើយ មន្ត​អាគម​គាថា​របស់​តា អាច​ជប់​វត្ថុ​បែប​នេះ​បាន​តែ​មួយ​ដង​ទេ»។

កាល​បើ​បាន​ឮ​មហា​តាបស​ថា​ដូច្នេះ រាមាសូរ​ក៏​កើត​សេចក្ដី​ទោមនស្ស​ពន់​ប្រមាណ ហើយ​ក៏​ស្រែក​យំ​អណ្ដើក​អណ្ដក​យ៉ាង​ខ្លាំង ។ ដើម្បី​លួង​ចិត្ត​បិសាច តាបស​ក៏​ប្រាប់​ថា «​ចូរ​ចៅ​កុំ​កើត​ទុក្ខ​​ខ្លាំង​ពេក ចាំ​តា​ឲ្យ​ពូថៅ​មួយ ពូថៅ​នេះ​អ្នក​អាច​យក​ទៅ​ឈ្លោះ​ដណ្ដើម​យក​កែវ​ពី​នាង​អារក្ខ​ទេវី​មេខលា​បាន នាង​មេខលា​នេះ ចូល​ចិត្ត​ហោះ​ហើរ​លេង​នៅ​លើ​អាកាស ដើម្បី​មុជ​ទឹក​ភ្លៀង​ដែល​មាន​ភ្លៀង​ម្ដងៗ ចូរ​អ្នក​ចោល​ពូថៅ​នេះ​ទៅ​លើ​វា វា​នឹង​បោះ​ចោល​កែវ​ដ៏​មាន​តម្លៃ​នោះ ប៉ុន្តែ​នៅ​ពេល​ប្រយុទ្ធ​គ្នា​នោះ ចៅ​ឯង​ឃើញ​វា​លើក​កែវ​ឡើង​គ្រវី ចូរ​ចៅ​ឯង​បិទ​ភ្នែក​ភ្លាម មុន​នឹង​ចោល​ពូថៅ​ទៅ​លើ​វា» ។

កាលបើ​រាមាសូរ​បាន​ពូថៅ​មក​កាន់​នៅ​នឹង​ដៃ​ហើយ វា​ក៏​ហោះ​ស្វែង​រក​នាង​មេខលា ដើម្បី​ដណ្ដើម​កែវ​មនោហរា ប៉ុន្តែ​កាល​បើ​បាន​ឃើញ​នាង​កាល​ណា នាង​ក៏​យល់​ឃើញ​ភ្លាម​ថា បិសាច​នេះ​ប្រាកដ​ជា​មក​មាន​បំណង​ធ្វើ​អាក្រក់​មក​លើ​នាង​ពុំខាន ទើប​នាង​លើក​កែវ​គ្រវី​ឡើង ហោះ​ទៅ​លើ​អាកាស​វេហា​ខ្ពស់​ក្រៃលែង​ខ្ពស់ ។ កាល​បើ​ក្រឡេក​ឃើញ​ពន្លឺ​ចាំង នៃ​កែវ​មាន​សិល្ប៍​ភ្លាម បិសាច​ក៏​បិទ​ភ្នែក​វា​ជិត​រួច​គ្រវែង​អាវុធ​វា​ទៅ។ អាវុធ​នោះ ក៏​ហោះ​យ៉ាង​លឿន​ឮ​សូរ​សម្បើម​ ​ក្រៃលែង ប៉ុន្តែ​ឥត​ត្រូវ​នាង​មេខលា​ទេ ។

ចាប់​តាំង​ពី​ពេល​នោះ​មក ទើប​នៅ​ពេល​មាន​ភ្លៀង​ផ្គរ​គេ​ឃើញ​ចាំង​ពន្លឺ​កែវ​ហើយ​ឮ​សូរ​សម្លេង​​យ៉ាង​ខ្លាំង​នៃ​អាវុធ​នោះ ។ អាស្រ័យ​ហេតុ​នេះ​ហើយ បាន​ជា​ក្នុង​ភាសា​ខ្មែរ​យើង​ឲ្យ​ឈ្មោះ​ដុំ​ថ្ម​ទាំង​ឡាយ​ណា ដែល​ឃើញ​មាន​រាង​ដូច​ផ្លែ​ពូថៅ ឬ​ចប​កាប់​ក្បាល​ស្រួច ឬ​ដូច​កាំបិត​ថា “កាំ​រន្ទះ” ហើយ​សន្មត​របស់​ទាំងនេះ​ថា ជា​ព្រួញ​របស់​យក្ស​បាញ់ នៅ​លើ​មេឃ​ធ្លាក់​មក​ដី។

(ឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ) 

Friday, May 24, 2013

ព្រះរាជពិធីច្រត់ព្រះនង្គ័ល


ពិធី​ច្រត់ព្រះនង្គ័ល ដែល​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​ពិសាខ
ឯ​វាល​ព្រះ មេរុ ស្ថិតនៅ​ពី​ខាងជើង​នៃ​ព្រះបរមរាជវាំង​សព្វថ្ងៃ នេះ គឺ​មាន​ប្រវត្តិ​ដ៏​យូរ
លង់​ណាស់​មកហើយ ។​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​យើង ប្រភព​ឥណ្ឌា​នៃ​ព្រះរាជ​ពិធី​នេះ​អាច​គូស
បញ្ជាក់​ប្រាប់​យើង​តាមរយៈ​រឿង​រាមា​យ​ណៈ​ឥណ្ឌា  និង​រឿង​រាមកេរ្តិ៍៑​ខ្មែរ ដែល​ជា​
ភស្តុតាង​ប្រវត្តិសាស្ត្រ​មួយ​កាត់ថ្លៃ​ពុំ​បាន​ឡើយ ។ រាល់​ការបកស្រាយ​ខុស​ពី​នេះ គឺ
ជា​ការភាន់ច្រឡំ​មួយ​យ៉ាងធ្ងន់ធ្ងរ ហើយ​វា​ក៏​មាន​លក្ខណៈ​បញ្ច្រាស​ពី​ប្រវត្តិសាស្ត្រ​ពិត
ផង​ដែ​រ ។​

​​ពិធី​ច្រត់ព្រះនង្គ័ល ​គឺជា​ព្រះរាជ​ពិធី​មួយ​យ៉ាង​សំខាន់​បំផុត បន្ទាប់​ពី​ព្រះរាជា​អភិសេក​
 ជាពិធីមួយ ស្ថិតក្នុងចំណោម​ពិធី​ផ្សេងៗ ឯទៀត​ប្រចាំឆ្នាំ ។ នៅ​ប្រទេស​ឥណ្ឌា​បុរាណ
 និងនៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​យើង ការប្រកប​របរ​កសិកម្ម​ជាមុខរបរ​ចម្បង ដោយ​ពឹង
ពាក់​ទាំងស្រុង​លើ​ស្រូវ​អង្ករ និង​ភោគ​ផល ដំណាំ​ដទៃៗ​ទៀត ។​

ចំណាស់​នៃ​ព្រះរាជ​ពិធី​នេះ​ក៏​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ តាមរយៈ​វិស័យ​បដិមា​សាស្ត្រ​បុ
រាណ​ខ្មែរដូចជា​ចម្លាក់​នា​នានៅសម័យ​បុរេ​អង្គរ និង​អង្គរ ​មានដូចជា​រូបសំណាក​តំណាង
​ព្រះរាម​កាន់​ព្រះ​នង្គ័ល​នៅ​នឹង​ដៃ ដែលគេ​ហៅ​ថា​ពល​រាម ឬ​រាម​ទេព​ ។ យើង​សូម​រំលឹក
​ថា ចម្លាក់​ពល​រាម​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​បាត​ប្រាសាទភ្នំដា ស្ថិត​ក្នុង​អំឡុង​សតវត្ស
​ទី ៥-៦ នៃ​គ្រិស្ត​សរាជ ហើយ​សព្វថ្ងៃ​នេះ​​កំពុងស្ថិតក្រោមការ​ថែរក្សា​នៅក្នុង​សារមន្ទីរ​ជាតិ
​នៅក្នុង​ទីក្រុងភ្នំពេញ​ ។ ចម្លាក់​របស់​ព្រះ​អាទិទេ​ពខាង​លើ​នេះ​ក៏​ត្រូវបាន​គេ​ឆ្លាក់​ នៅលើ​
ក្បាច់​ហោ​ជាង នៃ​ប្រាសាទ​បន្ទាយស្រី ដែល​ត្រូវបាន​សាងសង់​ឡើង​នៅក្នុង​ឆ្នាំ​៩៦៧ នៃ​
គ្រិស្តសករាជ​ដែរ ។ ទាំងនេះ​ជា​ឯកសារ ប្រយោល​នៃ​ការ​​​ ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះ
នង្គ័ល​យ៉ាង​ប្រក្ស​ត្រ ។​

​សេចក្តី​កត់សម្គាល់​ខាងលើ​នេះ​មិន​បាន​ធ្វើឲ្យអ្នក​បុរាណវិទ្យា ​យើង​ភ្ញាក់ផ្អើល​នោះ ទេ ។
ពីព្រោះ​លទ្ធិ​ព្រហ្មញ្ញសាសនា ដែល​បាន​ចាក់​ឫសគល់​យ៉ាងជ្រៅ​ទៅ​ហើយ​នៅ ក្នុង​ព្រះរាជា
ណាចក្រ​នគរ​ភ្នំ (​ហ្វូណន​) ប្រមាណ​ជា ២.០០០ ឆ្នាំ​មកហើយ​នោះ បាន​នាំមក​នូវ​ប្រពៃណី​
ពី​ឥណ្ឌា ដែល​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​សាសនា និង​របប​គ្រប់គ្រង​រៀបចំ​ប្រទេស​តាម​បែប​រាជា
ធិបតេយ្យ ៘ ប្រពៃណី​បែប​ឥណ្ឌា​និយម​ទាំងនោះ​ក៏​បាន​ក្លាយទៅជា​ប្រពៃណី​ខ្មែរ​សុទ្ធ
សាធ ដោយ​មាន​ការ​វិវឌ្ឍន៍​បន្តិច​ម្តងៗ តាម​ផ្នត់គំនិត​ខ្មែរ​រហូត​ដល់​បច្ចុប្បន្ន ។​

​សេចក្តី​ដែល​បាន​អះអាង​ខាងលើ​នេះ​​ជា​សក្ខីកម្ម​មួយ​​ ចង្អុលបង្ហាញ​នូវ​ឥទ្ធិពល​នៃ​លទ្ធិ​
ព្រហ្មញ្ញសាសនា និង​ពិធី​កម្ម​មួយចំនួន​បែប​ព្រាហ្មណ៍​និយម​របស់​ឥណ្ឌា​លើ​សង្គម​ខ្មែរ
​យើង ។​

​​នៅក្នុង​សម័យ​បុរេ​អង្គរ ឬ​អង្គរ ​ជាពិសេស​ក្រោយមកនៅសម័យ​ឧដុង្គ គេ​ឃើញ​ព្រះមហា
ក្សត្រ​ខ្មែរ ដែល​ជា​ម្ចាស់​ដែនដី​នៃ​កម្ពុជ​រដ្ឋ ទ្រង់​ប្រារព្ធ​ព្រះរាជ​ពិធី​ដ៏​សំខាន់​ខាងលើ​នេះ​
ផ្ទាល់​ហើយ​មុន​គេ​នៅ​ក្នុង​ខែ​ពិសាខ គឺ​ក្នុង​ពេល​ដែល​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​តិចៗ ជា​បណ្តើរៗ
​លើ​ប្រថពី ។ ថ្វី​ត្បិត​តែ​ការ​ប្រារព្ធ​ពិធី​នេះគ្រាន់តែ​ជា​និមិត្តរូប​ក៏ពិត មែន (ពីព្រោះ​ព្រះរាជា
​យាង​ច្រត់ព្រះនង្គ័ល​តែ​បី​ជុំ​នៅលើ​វាល​ព្រះ​ស្រែ​តែប៉ុណ្ណោះ) ក៏ប៉ុន្តែ​ពិធី​នេះ​បង្កប់​ទៅ​ដោយ
​នូវ​អត្ថន័យ​យ៉ាង​ស៊ីជម្រៅ​គួរឲ្យ​ចាប់អារម្មណ៍​ក្រៃលែង ។​

ប្រការនេះបានរំលឹក​អំពី​ទឹក​ព្រះទ័យ​របស់​ហ្លួង​ក្នុង​វិស័យ​កសិកម្ម​​ ។ការណ៍​ដែល​ព្រះមហា
ក្សត្រ​ខ្មែរ ឬក៏​តំណាង​ព្រះរាជា​(ស្តេច​មាឃ)  និង​ព្រះ​អគ្គមហេសី(​នាង​មេ​ហួ)​បើក​រដូវ​ភ្ជួរ
ស្រែ​ចម្ការ​មុនគេ​បង្អស់​នោះ ​វាគឺជា​ការបង្ហាញ​នូវ​ការ​យក​ព្រះទ័យ​ទុកដាក់​យ៉ាង​ខ្លាំងក្លា​
របស់​ទ្រង់​លើ​វិស័យ​កសិកម្ម ដែល​ជា​អាទិភាព​ចម្បង​របស់​ជាតិ​។ទោះ បីជា​ត្រូវបាន​គេ​រក
ឃើញ​នៅក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ននេះ​ក៏ដោយ វត្តមាន​របស់​គំនូរ​ខ្មែរ​​មួយចំនួននាសម័យ
បុរេអង្គរ(​សម័យ​ចេនឡា) ដែល​គេ​បាន​ឆ្លាក់​លើ​កុលាលភាជន៍​​មាន​រូប​ព្រះរាជា​កំពុង​ភ្ជួរ​ស្រែ
 ក៏​ស្ថិត​ក្នុង​បរិបទ​វប្បធម៌​បែប​ព្រាហ្មញ្ញ​សាសនា​ដែរ។ ទាំងនេះ​ជា​ទិន្នន័យ​ប្រយោល​ស្តី​ពី​
និរន្តរភាព​នៃ​ពិធីបុណ្យ​ច្រត់​ព្រះន័ង្គ​លរបស់​ជនជាតិខ្មែរ ដែល​គេ​មិន​អាច​បដិសេធ​បាន
​ជាដាច់ខាត ។ ម្យ៉ាងវិញទៀត​គេ​ក៏​ជ្រាប​ផងដែរ​ថា ទាំង​ទម្លាប់​ ទាំង​គំនូរ​បុរាណ ពោល​គឺ​
សិល្បៈ​ក្នុង​សង្គម​ខ្មែរ ដែល​ត្រូវបាន​ផលិត ឬ​សូន្យ​ឡើង​នោះគឺ​សុទ្ធសឹងតែ​ពាក់ព័ន្ធ​ទៅ
នឹង​​ជំនឿ​សាសនា ដែល​មាន​ទំនៀមទម្លាប់​ប្រជាប្រិយ​ជា​គ្រឹះ​ដ៏​រឹងមាំ ។​

ទន្ទឹមនឹងនេះ​ដែរ យើង​ក៏​ត្រូវ​ដឹង​ទៀត​ថា ជំនឿ​ប្រជាប្រិយ​ខ្មែរ រមែងតែងតែ​សង្កត់ធ្ងន់
​លើ​លក្ខណៈ​វិសេសវិសាល​របស់​ព្រះរាជា​ខ្មែរ ដែល​ប្រកបដោយ​អច្ឆរិយ​ភាព ។ ឈរ​លើ​
ទស្សនៈ​នេះ អ្នកស្រុក​ភូមិ​ដែល​ជា​កសិករ​ជឿថា ព្រះរាជា​មាន​លទ្ធភាព​នឹង​បញ្ជា​លើ​
ធម្មជាតិ​តាម​អំណាច​ស័ក្តិសិទ្ធិ ដែល​ទ្រង់មាន​ដើម្បី​នាំមក​នូវ​ភោគផល​ដ៏​ជាទី​ប្រសើរ​
បំផុត ។ ក្នុងន័យ​នេះ​ការដែល​ព្រះមហាក្សត្រ​ខ្មែរ ដែល​ជា​មហា​បុរស​រដ្ឋ​ភ្ជួរស្រែ​មុន
ដំបូង​គេ ឬ​បើ​និយាយ​ម្យ៉ាងទៀត​ការដែលព្រះអង្គប្រកាស​បើក​ពិធី​ដា​ស្រូវ​មាន ន័យថា
ព្រះអង្គ​នឹង​ធ្វើឲ្យ​ធញ្ញជាតិ​លូតលាស់​មាន​ផ្លែផ្កា ។ នោះ​គឺជា​អ្វីមួយ ដែល​ជា​សេចក្តី
ត្រូវការ និង​សង្ឃឹម​របស់​សង្គម​មនុស្ស ។​

ឯកសារយោងៈ
- ឯកសារព្រះរាជពិធីទ្វារទសមាស
- បណ្ឌិត មីសែល ត្រាណេ

រ័ត្នន៍ សេនា

Monday, May 20, 2013

វិសាខ​បូជា



យល់ដឹងអំពីបុណ្យ វិសាខបូជា


វិសាខបូជា គឺ​ជា​ពិធី​បុណ្យ​ប្រពៃណីសាសនា ដែលពុទ្ធ​សាសនិក​ជន
ចាត់​ទុក​ថា ជាពិធីមាន​សារ​សំខាន់​បំផុត​ក្នុង​ ចំណោម​ពិធីបុណ្យ​ឯ
ទៀតដទៃ​ ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ពិធីនេះ ជា​ការ​គោរព​រំឭក​នឹក​ដល់​
ព្រឹត្តិការណ៍​ធំ​ៗ​បី​ នៃ​សម័យ​កាល​របស់​ព្រះ​សម្មាសម្ពុទ្ធ​សមណគោតម
បរមគ្រូនៃយើងៈ ​ថ្ងៃ​ដែល​ព្រះ​អង្គ​ទ្រង់​បាន​ប្រសូត, បាន​ត្រាស់​ដឹង និង​
បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ ​បានកើត​ឡើង​​ចំ​ថ្ងៃ ១៥​កើត ពេញ
​បូណ៌មី ដែល​មាន​ព្រះ​ចន្ទ្រ​ពេញ​វង់ ​ស្ថិតក្នុង​ខែ​ពិសាខ​ដូចៗ​គ្នា ខុស​តែ
​ឆ្នាំ​ប៉ុណ្ណោះ។

បើតាមសៀវភៅ « ព្រះរាជ​ពិធី​ទ្វាទស​មាស »  ដែល​ជា​ការ​បោះពុម្ព​
ផ្សាយ​របស់​វិទ្យាស្ថាន ពុទ្ធ​សាសន​បណ្ឌិត្យ ក្នុង​គ្រិស្ត​សករាជ ១៩៥១
បាន​សរសេរ​កត់ត្រា​មកថា បន្ទាប់​ពី​ព្រះ​ពុទ្ធ​ទ្រង់​បាន​រំលត់​ខន្ធ​ចូល​
កាន់​បរិនិព្វាន​អស់​រយៈពេល​ជា​ច្រើន​រយ​ឆ្នាំទៅ​ហើយនោះ ទើប​គេ​
សង្កេត​ឃើញ​មានពិធីបុណ្យ​វិសាខ​បូជា​នេះ ​ប្រារព្ធ​ឡើង​នៅ​ក្នុង​ប្រទេស
​ឥណ្ឌា។

ចំណែកឯ​ទំនៀម​ទម្លាប់​ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​ នៅ​ក្នុង
​ប្រទេស​កម្ពុជា​យើងវិញ សៀវភៅ « ព្រះ​រាជ​ពិធី​ទ្វាទស​មាស » ឬ « ពិធី​
បុណ្យ​ទាំង​១២​ខែ»  ដែល​រៀបរៀង​ដោយ​លោក​ឧកញ៉ា ឈឹម ក្រសេម
និង ឃុនឧត្តមប្រីជា ចាប ពិន ក៏​បាន​កត់ត្រា​ឲ្យ​ដឹង​ផង​ដែរ​ថា គឺ​បាន​ផ្ដើម
​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេច​ព្រះ​ហរិរក្សរាមា ឥស្សរាធិបតី ​អង្គ​ ឌួង ​គង់​
នៅ​ក្រុង​ឧដុង្គ ក្នុង​ពុទ្ធ​សករាជ ២៣៩៧ ​គ្រិស្ត​សករាជ ១៨៥៤។

១១​ឆ្នាំ​ក្រោយ​មក នៅ​ពេល​ដែល​ព្រះ​អង្គ​ បាន​លើក​ទីក្រុង​មក​តាំង​នៅ
​ភ្នំពេញ ក្នុង​ពុទ្ធ​សករាជ ២៤០៨ ពិធី​បុណ្យ​វិសាខ​បូជា ក៏​ត្រូវ​បាន​ប្រារព្ធ
​ធ្វើ​ជា​ទូទៅ​នៅ​គ្រប់​វត្ត​អារាមជាប់​ជា​ទំនៀម​មក​ដល់​បច្ចុប្បន្ន​នេះ។


រៀបរៀងៈ រ័ត្នន៍ សេនា (ភូមិកាព្យ)