Tuesday, July 15, 2014

ដើរឲ្យមានបី ស្រីដីឲ្យមានបួន


(បទពាក្យ ៧)

ដើរឲ្យមានបីន័យម៉្យាងថា
អាត្មាសម្របស្របទង្វើ
តាមបីមជ្ឈដ្ឋានលំអានធ្វើ
សំដៅទៅលើអំពើខ្លួន។

ទីមួយគោរពមនុស្សថ្នាក់ខ្ពស់
មានទ្រព្យធនយសខ្ពស់មាំមួន
បើប្រណិប័តណ៍បានសមសួន
គាប់ជួនថ្ងៃក្រោយឲ្យអាស្រ័យ។

ទីពីរគឺអ្នកថ្នាក់កណ្ដាល
ស្និទ្ធស្នាលសប្បុរសស្មោះដួងចៃ
រាប់អានឲ្យច្រើនកើនរាល់ថ្ងៃ
អាសន្នយប់ថ្ងៃជួយអាសា។

ទីបីថ្នាក់ទាបក្រោមបង្គាប់
តោងរាប់អានគ្នាជាធម្មតា
ផ្ដល់ឲ្យរង្វាន់គ្រាន់ប្រើការ
កាន់តែឧស្សាហ៍ធ្វើការងារ។

ស្រដីមានបួនជូនបន្ទាប់
គួរគាប់រាប់ដល់រាល់វេលា
កាលៈទេសៈត្រូវសន្ទនា
នេះជាទង្វើធ្វើឲ្យបាន។

ទីមួយចេះស្ដីសសើរគេ
ទីពីរតោងរេគិតប៉ាន់ស្មាន
ហ៊ានស្ដីជំទាស់ដោយក្លាហាន
ឲ្យបានប្រពៃលៃតាមកាល។

ទីបីស្រដីឲ្យងាយយល់
គេអស់ពិភាល់រាល់តំណាល
ទីបួនចេះស្ដីស្របតាមកាល
សម្របសម្រាលកាលជាក់ស្ដែង។
...........................................

មានការបកស្រាយមួយបែបទៀតថា៖ ដើរឲ្យមានបីៈ ទោះបីទៅរស់នៅទីណា
ក៏ដោយ  ដើរទៅកន្លែងណាក៏ដោយ គប្បីកាន់សីលធម៌ ៣ ប្រការខាងក្រោម
ឲ្យជាប់ (កុំឲ្យដាច់) គឺ៖
- កុំកាប់សម្លាប់គេ
- កុំលួច
- កុំសេពកាមគុណ ជាមួយ «កូន-ប្រពន្ធ-ប្តី» របស់គេ ឬថា  « កុំលួចកូន-ប្រពន្ធ
ឬ ប្តី » របស់គេ ។

ស្រដីឲ្យមានបួនៈ សីលធម៌ ៣ ប្រការខាងលើ មិនទាន់គ្រប់គ្រាន់ទេយើងត្រូវកាន់
សីលធម៌ ៤ ប្រការទៀត សម្រាប់ «វាចា» របស់យើង ទើបអាចទទួល «សុខ»
ពេញលេញបាន ។ សីលធម៌ទាំង ៤ នោះគឺ៖
១- កុំនិយាយកុហក (ភូតភរបោកប្រាស)
២- កុំញុះញង់ (ឲ្យគេបែកបាក់គ្នា)
៣- កុំនិយាយដើមគេ
៤- កុំនិយាយពាក្យរោយរាយ (ពាក្យឥតខ្លឹមសារ)។


រ័ត្នន៍ សេនា (ភូមិកាព្យ)

No comments:

Post a Comment